មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2024/05/10 11:27:26 am        228
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Chihoko Asada Miyakawa ឧបការី​អគ្គ​នាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) ចូល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារនា ព្រមទាំងបាន​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរ​អង្វែង​រវាង​អង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ បន្ថែម​លើ​នេះ​លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងនូវការ​អបអរ​សាទរ​ចំពោះ​ការ​សម្រេច​បាន​នូវ​លទ្ធផល​ដ៏ល្អ​​ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការដាក់ចេញនូវ​គោលនយោបាយ​គាំពារ​សង្គមជូ​នដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាក នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩ និងបាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញ​ពី​ចំណាត់​ថ្នាក់​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ។ ទន្ទឹម​នោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ដាក់​ចេញនូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាពិសេសគាំទ្រ​ដល់​សមាគម​នានា​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​វិជ្ជាជី​វៈ​ប្រកប​ដោយ​សុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។ លោកស្រីឧបការីអគ្គនាយក ក៏​បាន​គោរព​ស្នើ​សុំនូវមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុ​ទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី Chihoko Asada-Miyakawa និង​សហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបាន​ថ្លែង​អំណរ​គុណ​ដល់អង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​កន្លង​ម​ក។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយ​តម្លៃខ្ពស់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្រី​ក្នុង​ការ​បន្ត​គាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្តេចធិបតី បាន​សម្តែង​ការគាំទ្រ​ចំពោះ​កម្ម​វិធី​ដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រ​ដល់​វិស័យ​ការងារ​នៅ​កម្ពុជាបន្ថែមទៀត ជាពិសេស​ការកសាង​មូល​ធន​មនុស្ស​ឱ្យ​ឆ្លើយត​ប​ទៅនឹ​ង​តម្រូវ​ការ​ជាក់​ស្តែងរ​បស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យមានជំនាញខ្ពស់ និងជំនាញ​ប្រកប​ដោយ​ភាព​បត់​បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេស​ដែលមានចំណូលខ្ពស់។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តផ្តោត​ការ​យក​ចិត្ត​ទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈ​ការដាក់​ចេញ​នូវ​គោល​នយោបាយ​អាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការកែទម្រង់​ប្រព័ន្ធ​អប់រំ និងកិច្ចគាំពារសង្គម ជាដើម។ ពាក់ព័ន្ធនឹង​ការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និង សហគ្រាស សម្តេចធិបតី បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ជាអាទិភាពលើការកសាងនូវ​សុខុដុមនីយកម្ម​នៅ​តាម​រោង​ចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណាធានា​ឱ្យ​បាន​នូវ​បរិយាកាស​ការងារ​ដ៏​ល្អ​សម្រាប់​និយោជិត និងនិយោជក ក៏ដូចជាការ​ពង្រឹង​នូវ​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ជូន​បង​ប្អូន​កម្មករ​-និយោជិតគ្រប់រូប ហើយរាជរដ្ឋាភិបាល ក៏តែងតែយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព​នៅ​ពេល​មាន​វិវាទ​ការងារ​កើត​ឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបាល​។ ជាទីបញ្ចប់ សម្តេចធិបតី ក៏បានជូនពរ លោកស្រីឧបការីអគ្គនាយក ឱ្យទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

អ៊ីស្រាអែល នឹងទទួលបានសព្វាវុធតម្លៃរាប់ពាន់លានដុល្លារបន្ថែមពីអាមេរិក ទោះមានការផ្អាកក៏ដោយ

2024/05/10 11:24:56 am        103
សព្វាវុធតម្លៃរាប់ពាន់លានដុល្លារអាមេរិក នៅតែស្ថិតលើផ្លូវសម្រាប់អ៊ីស្រាអែល បើទោះបីជាការពន្យារពេលនៃការដឹកជញ្ជូនគ្រាប់បែកមួយលើក និងការពិនិត្យឡើងវិញដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដោយបារម្ភថាការប្រើប្រាស់អាវុធទាំងនោះក្នុងការវាយប្រហារ អាចបង្កការបំផ្លិចបំផ្លាញបន្ថែមទៀតលើជនស៊ីវិលប៉ាឡេស្ទីនក៏ដោយ។មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយនៅសប្តាហ៍នេះថា រដ្ឋបាលបានពិនិត្យលើការផ្តល់អាវុធដែលអ៊ីស្រាអែល អាចប្រើសម្រាប់ការលុកលុយទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា ដែលមានជនស៊ីវិលជាង ១ លាននាក់បានស្វែងរកកន្លែងជ្រកកោន ហើយជាលទ្ធផលបានផ្អាកការដឹកជញ្ជូនគ្រាប់បែកទៅឱ្យអ៊ីស្រាអែល។ព្រឹទ្ធសមាជិក ជីម រីច (Jim Risch) ដែលជាសមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបាននិយាយថា សព្វាវុធថ្មីដែលត្រូវបញ្ជូនទៅអ៊ីស្រាអែលទាំងនោះ មិនត្រូវបានអនុម័តលឿនដូចដែលគួរធ្វើនោះទេ ដោយកត់សម្គាល់ឃើញថាមានមួយចំនួនបានដំណើរការតាំងពីខែធ្នូ មកម្ល៉េះ ខណៈដែលជំនួយសម្រាប់អ៊ីស្រាអែល ត្រូវឆ្លងកាត់ការពិនិត្យឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប៉ុន្តែក៏ប្រហែលជានៅតែត្រូវបានផ្ដល់ឱ្យអ៊ីស្រាអែល ដដែល។ទីក្រុងវ៉ាស៊ីនតោន បានទទូចជាយូរមកហើយថាកុំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឈ្លានពានក្រុងរ៉ាហ្វា ដោយពុំមានការការពារជនស៊ីវិល រយៈពេលប្រាំពីរខែចូលទៅក្នុងសង្រ្គាមដ៏បំផ្លិចបំផ្លាញ។ ក្រុមជំនួយការសភា បានប៉ាន់ប្រមាណតម្លៃនៃការដឹកជញ្ជូនគ្រាប់បែកដែលត្រូវបានពន្យារពេលថាមានតម្លៃ «រាប់សិបលាន» ដុល្លារអាមេរិក៕

ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន៖វិនិយោគិនជប៉ុននឹងបន្តពង្រីកខ្លួនជ្រើសយកកម្ពុជាជាទីតាំងសម្រាប់ការបណ្តាក់ទុនវិនិយោគ

2024/05/10 10:17:23 am        242
ជប៉ុន៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបជាមួយ លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង JETRO ក្នុងការទាក់ទាញ និងជំរុញវិនិយោគនៅកម្ពុជា។ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ JETRO សម្រាប់ការជួយគាំទ្រដល់សកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានាដែលផ្តួចផ្តើមឡើងដោយកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគីមិត្តអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហានានាដែលលើកឡើងដោយក្រុមហ៊ុនជប៉ុនក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើភាគីមិត្តឱ្យបន្តផ្តល់កិច្ចសហការបន្ថែមសំដៅពន្លាតវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការវិនិយោគឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ជាពិសេសការចែករំលែកបទពិសោធអំពីការរៀបចំមជ្ឈមណ្ឌលផ្តល់កិច្ចសម្រួលធុរកិច្ចដែល JETRO បានរៀបចំយ៉ាងជោគជ័យ សំដៅធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់កិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែល្អមួយកម្រិតទៀត។ ជាការឆ្លើយតប លោកប្រធាន JETRO បានសម្តែងនូវសេចក្តីសាទរសម្រាប់ភាពជោគជ័យនៃដំណើរបេសកកម្មគោះទ្វារវិនិយោគិនដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីមកកាន់ប្រទេសជប៉ុន។ ក្នុងស្មារតីនេះ លោកប្រធានបានឯកភាពជាគោលការណ៍តាមសំណើរបស់ភាគីកម្ពុជា និងបង្ហាញក្តីសង្ឃឹមថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងវិនិយោគជប៉ុន ដែលកំពុងមានអត្ថិភាពនៅកម្ពុជានឹងបន្តពង្រីកខ្លួនជាលំដាប់ ហើយវិនិយោគិនជប៉ុនដែលមានបំណងពង្រីកទីផ្សាររបស់ខ្លួននឹងជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់ការបណ្តាក់ទុនវិនិយោគនាពេលអនាគត៕

ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Japan Freight Railway ដើម្បីសិក្សាឈ្វេងយល់អំពីបទពិសោធន៍ការរៀបចំប្រព័ន្ធភស្តុភារកម្ម

2024/05/10 09:50:46 am        231
ជប៉ុន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈប្រតិភូកម្ពុជា បានធ្វើទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុន Japan Freight Railway ក្នុងគោលបំណងសិក្សាឈ្វេងយល់អំពីបទពិសោធន៍នៃការរៀបចំប្រព័ន្ធភស្តុភារកម្ម និងដឹកជញ្ជូនតាមផ្លូវដែកពីភាគីមិត្ត សំដៅពាំនាំមកនូវឧត្តមានុវត្តន៍ និងធាតុចូលល្អៗ សម្រាប់ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា។ជាការកត់សម្គាល់ ក្រុមហ៊ុន Japan Freight Railway គឺជាក្រុមហ៊ុនយក្សនៃប្រទេសជប៉ុនដែលមានប្រតិបត្តិការជាមធ្យម៤១២ជើងក្នុងមួយថ្ងៃ ផ្លូវរត់ប្រវែង៧៨២៩,១គីឡូម៉ែត្រ និងស្ថានីយកុងតឺន័រចំនួន១២២។ បន្ថែមពីនេះ ក្រុមហ៊ុនដ៏លេចធ្លោមួយនេះ ធ្លាប់បានចូលរួមសិក្សាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនផងដែរ។

ហុងគ្រី និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន Xi

2024/05/10 09:27:38 am        308
ហុងគ្រី និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវប្បធម៌រវាងប្រទេសទាំង២កាន់តែល្អប្រសើរថែមទៀត អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់អឺរ៉ុបកណ្តាល ដោយលោកប្រធានាធិបតីចិន Xi Jinping ដែលជាដំណើរឆ្ពោះទៅរកការពង្រឹងជំហរសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងតំបន់នេះ។ ក្រុមមន្ត្រីហុងគ្រី និងចិន បានបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ១៨ ផ្សេងទៀត ប៉ុន្តែមិនមានការវិនិយោគធំណាមួយត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននោះទេ។លោក Xi និងលោកនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អូបាន (Viktor Orbán) បានជួបពិភាក្សាគ្នានៅរដ្ឋធានី ប៊ុយដាប៉ែស (Budapest) ដែលជាផ្នែកមួយនៃការឈប់សំចតចុងក្រោយរបស់មេដឹកនាំចិន ក្នុងដំណើរទៅកាន់ទឹកដីអឺរ៉ុបរយៈពេល៥ថ្ងៃ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ែរប៊ី និងប្រទេសបារាំងផងដែរ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោក Orbán បានសរសើរ ពីមិត្តភាពគ្មានការរំខាន រវាងប្រទេសទាំងពីរចាប់តាំងពីអាណត្តិរបស់លោកបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយបានសន្យាថាហុងគ្រីនឹងបន្តទទួលការវិនិយោគរបស់ចិនបន្ថែមទៀត។ លោក Orbán បាននិយាយ ខ្ញុំសូមធានាចំពោះលោកប្រធានាធិបតី ថាហុងគ្រីនឹងបន្តផ្តល់លក្ខខណ្ឌយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិនដែលវិនិយោគនៅក្នុងប្រទេសរបស់យើង ហើយថាយើងនឹងបង្កើតឱកាសសម្រាប់បច្ចេកវិទ្យាលោកខាងលិចទំនើបបំផុត និងទំនើបបំផុតដើម្បីបំពេញតម្រូវការ និងកសាងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសហុងគ្រី។ ទីក្រុងប៉េកាំងបានវិនិយោគរាប់ពាន់លាននៅក្នុងប្រទេសហុងគ្រី ហើយមើលឃើញថាសមាជិកសហភាពអឺរ៉ុបមួយនេះ គឺជាមូលដ្ឋានដ៏សំខាន់មួយនៅក្នុងប្លុកពាណិជ្ជកម្មដែលមានសមាជិក ២៧ប្រទេស ។ កាលពីខែធ្នូ ហុងគ្រីបានប្រកាសថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដ៏ធំបំផុតមួយរបស់ពិភពលោកគឺ BYD របស់ប្រទេសចិននឹងបើករោងចក្រផលិតរថយន្ត EV នៅអឺរ៉ុបដំបូងរបស់ខ្លួននៅភាគខាងត្បូងនៃប្រទេសនេះ ជាត្រួសត្រាយផ្លូវមួយដែលអាចលើកកម្ពស់ការប្រកួតប្រជែងនៃឧស្សាហកម្មរថយន្តរបស់ទ្វីបនេះ៕

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន MinebeaMitsumi ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន

2024/05/10 09:02:19 am        74
ជប៉ុន៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. អមដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យកាន់តែយល់ចិត្តគ្នាទៅវិញទៅមកបន្ថែមមួយកម្រិតទៀត។ក្នុងកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ Minebea ដែលបានផ្តល់នូវសេចក្តីទុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងទំហំដ៏ច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានចូលរួមសម្តែងនូវសេចក្តីសាទរ​យ៉ាង​ក្លៀវក្លា​ជូនភាគីក្រុមហ៊ុនសម្រាប់ភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ហើយ​សមិទ្ធកម្មនៃភាពជោគជ័យខាងលើស្តែងចេញតាមរយៈការបន្តពង្រីកគម្រោងវិនិយោគរបស់ខ្លួនឱ្យមានកំណើនជាលំដាប់។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿចិត្តថា MinebeaMitsumi នឹង​បន្តចូលរួមចំណែក​យ៉ាងសកម្មក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើន​សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកលូតលាស់ស្រស់បំព្រង។ គួរជម្រាបជូនផងដែរថា ស្របពេលនៃជំនួបពិភាក្សាខាងលើ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែងរបស់ក្រុមហ៊ុន MinebeaMitsumi ផងដែរ។

ការចាប់ខ្លួនមេបក្សកម្លាំងជាតិដោយសារបុគ្គលនេះនិយាយបំភ្លើសការពិតទាក់ទងនឹងការចែកបណ្ណ​ក្រីក្រជូនពលរដ្ឋ

2024/05/10 08:48:23 am        215
អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ដែល​ជា​មេ​បក្ស​កម្លាំងជាតិ​នោះ គឺដោយសារបុគ្គលរូ​ប​នេះបាន​ផ្សព្វផ្សាយព័​ត៌មាន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេស​បុក ដែលមានលក្ខណៈ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង​បាន​ទម្លាក់​កំហុស​ដល់រាជរដ្ឋាភិបាល​ដោយ​អសុទ្ធចិត្ត​ទាក់ទង​នឹង​ការ​ចែក​បណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ជាដើម​។តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ដែលទូរទស្សន៍BTVទទួលបាន នាព្រឹកថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០២៤នេះ បានញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី អំពី​ដំណើរ​រឿង​ពាក់ព័ន្ធ​នឹង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គលរូបនេះ​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​ទៅ​លើ​រាជ​រដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង​ព្រម​ទាំង​បាន​មួល​ប​ង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លើសព័ត៌មាន នាំឱ្យ​ប្រជា​ពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់​ធ្នាប់​សាធារណៈ​ជាដើម​។សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់បន្ថែមថា«ការចាប់ខ្លួននេះ ជាការ​អនុវត្ត​ច្បាប់​ស្រប​តាម​ក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះផងដែរ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ហើយ​ជាការអនុវត្តច្បាប់សុទ្ធសាធ ដោយផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនី​តិវិធី​ព្រហ្ម​ទណ្ឌ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។ ជាមួយគ្នានោះដែរអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការចេញ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ ដោយប្រើពាក្យ “ថ្កោលទោស” ចំពោះការអនុវត្តច្បាប់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​បែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែល​គណបក្ស​នេះ​គប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បី​ធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ។សូមបញ្ជាក់ថា លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពី រសៀល​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ពេលចុះ​ពី​លើ​យន្ត​ហោះ​មក​ពី​ប្រទេសជប៉ុន។ ការចាប់​ខ្លួន​ដោយសារតែបុគ្គលរូបនេះ បង្ហោះតាមបណ្តាញសង្គមហ្វេសបុក នាំឲ្យពលរដ្ឋយល់ច្រឡំ និង​បង្ក​ឲ្យមានភាពវឹកវរក្នុងសង្គមទាក់ទងនឹងការនិយាយគ្មានការពិតបំភ្លើសចោទប្រកាន់ដល់រាជរដ្ឋាភិបាលថា មានភាពរើសអើង ក្នុងការចែកប័ណ្ណក្រីក្រជូនដល់បងប្អូនប្រជាពលរដ្ឋនោះ៕ អត្ថបទ៖ បាន ចក់

ក្រសួងបរិស្ថានគាំទ្រសកម្មភាពរួមចំណែកឆ្លើយតបនឹងភាពស្អាតនៅក្នុងសង្គមកម្ពុជា

2024/05/10 08:02:41 am        292
ក្រសួងបរិស្ថានគាំទ្រយ៉ាងទូលំទូលាយ ចំពោះដៃគូទាំងអស់ដែលធ្វើការក្នុងវិស័យបរិស្ថាន ឆ្លើយតបជាពិសេសនឹងភាពស្អាតក្នុងសង្គមកម្ពុជា ដែលផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសទទួលជួបពិភាក្សាជាមួយ ក្រុមការងារយុវជនបណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងអ្នកសារព័ត៌មាន នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធសាស្ត្រភាពស្អាត មានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក។ ចំពោះភាពស្អាតលើផ្ទៃដី គឺភាពស្អាតដែលកើតចេញពីសណ្តានចិត្ត របស់ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សចំនួន ៨លាននាក់ ចូលរួមយ៉ាងក្លៀវក្លា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការបានបណ្តុះគំនិតឱ្យកុមារស្រឡាញ់បរិស្ថាន និងបានបង្កើតភាពស្អាតនេះ ដែលមិនត្រឹមតែធ្វើឱ្យខ្លួនយើងស្អាត ឬការស្អាតចេញពីក្នុងខ្លួននោះទេ ប៉ុន្តែធ្វើខាងក្រៅខ្លួនមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា នៅពេលនេះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា បានទទួលជោគជ័យ គឺជាមោទនភាពរបស់កម្ពុជាយើង។ យុទ្ធនាការបានឈានដល់ ជំហានទី២ ដែលជំរុញឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ សម្រេចចិត្តចេញមកសម្អាតផ្ទះ ភូមិឋាន ការរៀបចំបែងចែកសំរាម និងទុកដាក់សំរាម ទៅតាមប្រភេទសំរាម។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសយុវជនកម្ពុជា បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយ ពីភាពស្អាត ឱ្យបានច្រើនឡើងថែមទៀត ជាពិសេសជំរុញការចូលរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក ការសំអាត់អនាម័យបរិស្ថាន រួមទាំងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០» ដែលនោះហើយ គឺធ្វើឱ្យកម្ពុជាបង្ហាញភាពស្អាតលើឆាកអន្តរជាតិ រួមមាន ៖ ភាពស្អាតរបស់កម្ពុជាជាមួយដៃគូ ភាពស្អាតរបស់កម្ពុជាក្នុងតំបន់ និងភាពស្អាតរបស់កម្ពុជាលើសកលលោក។សូមបញ្ជាក់ថា យោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំបង្កើតនិងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោលើមុំយុទ្ធសាស្រ្តអាទិភាពចំនួន៣ គឺ ស្អាត បៃតង និងចីរភាព ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់៕

ក្រុមតារាវិទូ រកឃើញភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានបរិយាកាស

2024/05/09 01:21:14 pm        154
ក្រុមតារាវិទូបានស្វែងរកអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ភព ដែលស្ថិតនៅហួសពីប្រព័ន្ធព្រះអាទិត្យជាមួយនឹងបរិយាកាស ដែលជាលក្ខណៈមួយត្រូវបានគេចាត់ទុកថាមានសារៈសំខាន់សម្រាប់លទ្ធភាពនៃការផ្ទុកជីវិតនៅលើនោះ។ នៅទីបំផុត ក្រុមតារាវិទូហាក់ដូចជាបានរកឃើញទីតាំងសមស្របមួយ ប៉ុន្តែភពនេះ ដែលជាក់ស្តែងមានផ្ទៃថ្មរលាយ ហាក់មិនផ្តល់ក្តីសង្ឃឹមសម្រាប់ការរស់នៅឡើយ។ក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃពុធ (០៨ ឧសភា) ថា ភពនេះមានលក្ខណៈជាជា «ភពផែនដីដ៏ធំ» (super-Earth) ព្រោះវាជាពិភពថ្មធំជាងភពផែនដីយើង ប៉ុន្តែតូចជាងភពណិបទូន ហើយវាវិលជុំវិញយ៉ាងគ្រោះថ្នាក់ជិតផ្កាយដែលមានពន្លឺស្រអាប់ និងមានទំហំធំជាងព្រះអាទិត្យរបស់យើងបន្តិច ដោយធ្វើដំណើរក្នុងគន្លងយ៉ាងលឿនរៀងរាល់ ១៨ ម៉ោង ឬលើសពីនេះ។ការសង្កេត ដោយប្រើឧបករណ៍ពីរនៅលើកែវយឺតអវកាស ជេមស៍ វេប (James Webb) នេះបង្ហាញពីវត្តមានរបស់បរិយាកាសដ៏សមស្របមួយចំនួន ប៉ុន្តែមិនអាចទទួលយកបានភាគច្រើន ហើយប្រហែលជាបន្តបំពេញបន្ថែមដោយឧស្ម័នពុល ដែលទំនងជាសម្បូរទៅដោយឧស្ម័នកាបូនឌីអុកស៊ីត ឬឧស្ម័នកាបូនម៉ូណូអុកស៊ីត ដែលបញ្ចេញចេញពីមហាសមុទ្រដ៏ធំនៃម៉ាក់ម៉ា។ទិន្នន័យពីឧបករណ៍ វេប នេះមិនបានបញ្ជាក់ច្បាស់ពីកម្រាស់នៃបរិយាកាសនោះទេ។ អ្នកវិទ្យាសាស្ត្រភព លោក រ៉េនយូ ហ៊ូ (Renyu Hu) បាននិយាយថា បរិយាកាសនៅភពនោះអាចក្រាស់ដូចផែនដី ឬក្រាស់ជាងភពសុក្រ ដែលមានបរិយាកាសពុលក្រាស់បំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ៕

ប្រធានាធិបតីចិន ជួបមេដឹកនាំហុងគ្រី ដើម្បីអបអរសាទរយុគសម័យថ្មី

2024/05/09 01:06:46 pm        132
លោកនាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អូបាន (Viktor Orban) កំពុងទទួលស្វាគមន៍លោកប្រធានាធិបតីចិន Xi Jinping ក្នុងទីក្រុងប៊ូដាប៉េស( Budapest) នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានទៅដល់កាលពីល្ងាចថ្ងៃពុធ ដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់ រវាងក្រុងប៉េកាំង និងសម្ព័ន្ធជិតស្និទ្ធបំផុតរបស់ខ្លួននៅសហភាពអឺរ៉ុបមួយនេះ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហុងគ្រី ពេលនេះគឺជាដំណើរចុងរបស់លោក Xi នៅក្នុងតំបន់អឺរ៉ុប ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក ។ នៅដើមសប្ដាហ៍នេះ មេដឹកនាំចិន រូបនេះ បានចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសបារាំង ជាដំណើរមួយដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ តែក៏បានបង្ហាញភាពតានតឹងផងដែររវាងក្រុងប៉េកាំង និង សហភាពអឺរ៉ុបជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងពាណិជ្ជកម្មពិភពលោក។ ក្នុងការចេញផ្សាយនៅលើសារព័ត៌មានប្រចាំថ្ងៃគាំទ្ររដ្ឋាភិបាលហុងគ្រី ម៉ាកយ៉ា ណេមហ្សេត ( Magyar Nemzet) មុនការទៅដល់របស់លោក ក្នុងទីក្រុងន៊ូដាប៉េស លោក Xi បានកោតសរសើរមិត្តភាពយូរអង្វែងជាមួយហុងគ្រី ដែលលោកបានហៅថាជាភាពទន់ភ្លន់និងមានទ្រព្យសម្បត្តិ ដូចជាស្រា តូកាជី (Tokaji wine) សំដៅដល់តំបន់ផលិតស្រាទំពាំងបាយជូរដ៏ល្បីល្បាញរបស់ហុងគ្រី។ លោកថា យើងបានហែលឆ្លងការលំបាកជាមួយគ្នា និង បានប្រឆាំងឥទ្ធិពលនយោបាយរួមគ្នា ស្របពេលមានភាពផុយស្រួយចំពោះស្ថានភាពអន្ធរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាមានគម្រោងវិនិយោគថ្មី ចុះបញ្ជីដើមទុនលើស ៤,៨០០លានដុល្លារ
04/25/2026 10:04 AM
អ៊ីស្រាអែល បន្តវាយប្រហារលើប្រទេសលីបង់ ទោះបីជាមានការបន្ថែមពេលបទឈប់បាញ់ក៏ដោយ
04/25/2026 10:04 AM
ប្រមុខមន្ទីរបញ្ចកោណ លោក Hegseth និយាយថា អ៊ីរ៉ង់មានឱកាសបង្កើត «កិច្ចព្រមព្រៀងដ៏ល្អ»
04/25/2026 10:04 AM
កម្ពុជាចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ជាមូលដ្ឋាន ខណៈកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអនុស្សរណៈនេះ
04/25/2026 09:04 AM
សហរដ្ឋអាមេរិក បន្ថែមពេលការលើកលែងការដឹកជញ្ជូនដើម្បីជួយដល់ការផ្គត់ផ្គង់ថាមពល
04/25/2026 09:04 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅដល់ប៉ាគីស្ថាន ដែលបង្កើនក្តីសង្ឃឹមសម្រាប់ការចរចាសន្តិភាពជាមួយអាមេរិក
04/25/2026 09:04 AM
ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវ ស្ពានបេតុង និងសំណង់សិល្បការ្យ ចំនួន ២គម្រោង តាមបណ្តោយខ្សែព្រំដែន នៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង
04/25/2026 09:04 AM
ករណីការទន្រ្ទានកាន់កាប់ដីខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវអនុវត្តវិធានការច្បាប់
04/25/2026 09:04 AM
កម្ពុជាសម្រេចបានតាមការគ្រោងទុកក្នុងការលុបបំបាត់នូវជងឺគ្រុនចាញ់ដោយចាប់ពីត្រីមាសទី៤ឆ្នាំ២០២៥មករហូតដល់សព្វថ្ងៃកម្ពុជាអត់មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ
04/25/2026 08:04 AM
លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ
04/24/2026 09:04 PM