លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

​សម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន

2026/10/20 06:01:27 pm        179
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម Gordan Grlić Radman ដែលបានអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ នឹងក្លាយទៅជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូ អាស៊ីឲ្យកាន់តែរីកចម្រើន។នៅក្នុងឱកាសនោះ ឯកឧត្តម Gordan Grlić Radman បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់មួយក្នុងការកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជាក៏ដូចជាការជំរុញនូវសន្តិភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ។ ឯកឧត្តមក៏បានលើកឡើងថា កម្ពុជាគឺជាដៃគូរដ៏មានសារៈសំខាន់របស់ក្រូអាស៊ី ហើយកម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន បន្ថែមពីលើនេះឯកឧត្តមរដ្ឋមន្ត្រីបានរាយការណ៍ជូនសម្ដេចតេជោអំពីជំនួបរបស់ឯកឧត្តមជាមួយ នឹងឯកឧត្តម ប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជា និងជំនួបជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីផ្លែផ្កាដែលប្រទេសទាំងពីរបានរួមគ្នានៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ីឱ្យកាន់តែរីកចម្រើន។ ជាពិសេសក៏បានចុះហត្ថលេខាចំនួន២ នៅពេលដែលបានជួបជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីពង្រឹកទៅលើផ្នែកពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស រវាងប្រទេសទាំងពីរ ជាពិសេសគឺការបណ្ដុះបណ្ដាលអ្នកការទូតតែម្ដង។សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចំពោះទំនាក់ទំនងរវាងកម្ពុជានិងក្រូអាស៊ី ហើយសម្ដេចក៏គាំទ្រចំពោះការចុះហត្ថលេខា ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន ពោលគឺផ្ដោតទៅលើការពង្រឹងនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទាំងពីរ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យការទូត។សម្ដេចតេជោក៏បានលើកឡើងបន្ថែមទៀតដោយជំរុញឱ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរបង្កើតនូវកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត ហើយអាចនឹងមានការពិចារណាក្នុងការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅពេលខាងមុខ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ រួមទាំងកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម។ សម្ដេចតេជោ ជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរពិចារណានៅពេលខាងមុខ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើននៅក្នុងទំនាក់ទំនងគ្រប់វិស័យ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ទទួលបាននូវភាពជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា៕

ស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​រណប​អរិយក្សត្រ

2026/10/20 12:43:27 pm        507
តាមផែនការគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា ទៅ​កាន់​ទីក្រុង​រណប​មេគង្គ​ឃី ​នឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខនេះ។​ នេះគឺជាគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​យុទ្ធ​សាស្ត្រដ៏មានសារៈសំខាន់ ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មី​សម្រាប់​អភិវឌ្ឍន៍​ប៉ូល​សេ​ដ្ឋកិច្ច​ភាគខាងកើតនៃរាជធានីភ្នំពេញ និងក្រុងអរិយក្សត្រ នៃខេត្តកណ្តាល។ គម្រោង​ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុង​ក្រុង​អរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជ​ធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទាន បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​សាងសង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ជុំវិញ​គម្រោងអភិវឌ្ឍន៍នេះ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាន​បង្ហាញ​ក្តី​រីករាយ និងរំពឹងថា នៅពេលស្ពាននេះសាងសង់រួចរាល់ការធ្វើដំណើរ និងការដឹក​ជញ្ជូន​ទំនិញ និង​កសិផ​ល​របស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល លឿនរហ័ស និងចំណេញពេលវេលា ពី​ព្រោះការធ្វើដំណើរទៅផ្សារ ឬធ្វើការនៅរាជធានីភ្នំពេញនឹងលែងលំបាកដូចមុន មិន​បាច់​រង់​ចាំ​ឡើង​កាណូត ឬវាងទៅស្ពានជ្រោយចង្វារយូរនោះទេ។ ពួកគេ បានឱ្យដឹងទៀតថា ស្ពានថ្មីនេះនឹងដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញ​ការ​អភិវឌ្ឍ​ទី​ក្រុង​កាន់​តែ​ឆាប់​រហ័សលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងសេវាកម្ម ដែលនឹងលើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ច​ជាតិ​ស្រប​តាម​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល​។ ក្នុងកម្មវិធីចុះហត្ថលេខាកាលពីសប្តាហ៍មុន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា​ គម្រោងនេះ​គឺ​ជា​គំនិត​ផ្តួច​ផ្តើ​មប្រ​កប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ផ្លួវ ស្ពានប្រទាក់​ក្រឡា​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១។ ឯកឧត្តមបន្តថា គម្រោងនេះនឹង​ជួយ​ជំរុញ​ការ​តភ្ជាប់​រវាង​ភាគ​ខាង​កើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកក​ស្ទះច​រាចរណ៍​នៅ​ក្នុង​ទី​ក្រុង និងជួយពង្រីកការអភិវឌ្ឍន៍ និងផ្តល់ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ប្រជាជន​រស់​នៅ​ភាគ​ខាង​កើត​រាជធានី​ភ្នំពេញ និងក្នុងខេត្តកណ្តាល៕ អត្ថបទ៖ ធូ វិរៈ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

2026/10/19 04:37:17 pm        150
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួបនេះ, លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគ ដែលធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងគម្រោងនានារបស់ក្រុមហ៊ុនដំណើរការទៅយ៉ាងរលូន, ជោគជ័យ និងបន្តវិវឌ្ឍទៅមុខជាលំដាប់។ លោកស្រីបានបន្តថា ជាមួយនឹងសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់វិនិយោគិន បានផ្ដល់ទំនុកចិត្តយ៉ាងរឹងមាំដល់ជនបរទេស និងវិនិយោគិនអន្តរជាតិ។ បន្ថែមលើនេះ, លោកស្រីក៏បានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។ ជាមួយនឹងកំណើននៃចំណាប់អារម្មណ៍កាន់តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញមកលើទីផ្សារកម្ពុជា, លោកស្រីក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជានាពេលខាងមុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរ​ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។ សម្តេចធិបតី បានគូសរំលេចពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា, ជាមួយនឹងគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដូចជា​ការ​ធ្វើទំនើបកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងអន្តោប្រវេសន៍ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិក​( E-Visa) និងច្រកទ្វារអន្តរជាតិស្វ័យប្រវត្តិ (Smart Gates) នៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា​ ដែលសុទ្ធតែជាកត្តាអំណោយផលដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។ ព្រមជាមួយគ្នានេះ, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបង្កើតកញ្ចប់ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដែលតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។មុននឹងបញ្ចប់, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះការគ្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប៉ូឡូញមកកាន់កម្ពុជានាពេលខាងមុខ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន IM Capital Holding បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ពន្ធកម្ពុជា, ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីពិភាក្សាលម្អិតបន្ថែម សំដៅប្រែក្លាយផែនការ និងគំនិតផ្តួចផ្ដើមខាងលើឱ្យទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង៕

សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ

2026/10/16 07:16:14 pm        145
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើក «វេទិកាធុរកិច្ចកម្ពុជា-តួកគី ឆ្នាំ២០២៦» នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញនូវឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពស្នូលចំនួន ៦ របស់កម្ពុជា ដើម្បីទាក់ទាញធុរជន និងវិនិយោគិនតួកគី ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំធុរកិច្ច និងវិនិយោគិនតួកគីយ៉ាងច្រើនកុះករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្នុងខណៈពេលដែលកម្ពុជា និងតួកគីឈានចូលជំពូកថ្មីនៃភាពជាដៃគូសេដ្ឋកិច្ច កម្ពុជាមានអត្ថប្រយោជន៍ និងសក្តានុពលលេចធ្លោចំនួន ៦យ៉ាង រួមមាន៖ ទី១. កម្លាំងពលកម្មប្រកបដោយថាមវន្ត៖ ប្រជាជនកម្ពុជាប្រមាណ ៦០% មានអាយុក្រោម ៣៥ឆ្នាំ, កម្លាំងពលកម្មកម្ពុជា នៅភាពវ័យក្មេង ថាមវន្ត និងបានរៀនប្រើប្រាស់បច្ចេកវិទ្យបានលឿនដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្មទំនើប។ ទី២. បរិយាកាសធុរកិច្ចអំណោយផល និងមានការលើកទឹកចិត្ត៖ កម្ពុជាផ្តល់នូវកញ្ចប់លើកទឹកចិត្តដ៏មានភាពទាក់ទាញ រួមទាំងការលើកលែងពន្ធរហូតដល់ ១២ឆ្នាំ និងអនុញ្ញាតឱ្យធុរជនជនបរទេសកាន់កាប់កម្មសិទ្ធិអាជីវកម្ម ១០០% ដោយគ្មានការកម្រិតនូវផ្ទេរប្រាក់ចំណេញព្រមទាំងដើមទុនឡើយ។ ទន្ទឹមនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើរតួជាច្រកចេញចូលតែមួយសម្រាប់ការដាក់ទុនវិនិយោគ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ។ ទី៣. ការគាំទ្រ និងការថែទាំពីរាជរដ្ឋាភិបាលកម្ពុជា៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងនូវការវិនិយោគរបស់វិនិយោគិន តាមរយៈសេវាថែទាំក្រោយការវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ។ ទី៤. ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់ក្នុងតំបន់៖ ស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ាន កម្ពុជាផ្តល់នូវបណ្តាញតភ្ជាប់ដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពទូទាំងតំបន់។ បន្ថែមលើនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាប្រវត្តិសាស្ត្រ ដូចជា «ព្រែកជីកហ្វូណនតេជោ» នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែទាប ព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច ដែលជាអាទិភាពធំរបស់កម្ពុជា។ ទី៥. ការទទួលបានទីផ្សារតំបន់ និងសកល ដោយអនុគ្រោះ៖ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន និងជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កម្ពុជាផ្តល់លទ្ធភាពដល់វិនិយោគិនក្នុងការនាំចេញទៅកាន់ទីផ្សារអ្នកប្រើប្រាស់រហូតដល់ ២,២ ពាន់លាននាក់។ លើសពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន (CCFTA) និងកូរ៉េខាងត្បូង (CKFTA) ក៏បានពង្រីកសក្តានុពលទីផ្សារឱ្យកាន់តែធំធេងថែមទៀត។ ទី៦. ការប្តេជ្ញាចិត្តចំពោះចេរភាពថាមពល និងកំណើនបៃតង៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ថាមពលកកើតឡើងវិញ (វារីអគ្គិសនី ពន្លឺព្រះអាទិត្យ និងខ្យល់) ស្រូបយកបានដល់ទៅ ៦៣% នៃល្បាយថាមពលសរុបរបស់កម្ពុជា។ កម្ពុជាកំពុងស្ថិតនៅលើគន្លងឆ្ពោះទៅសម្រេចបាន ៧០% ត្រឹមឆ្នាំ២០៣០ និងឈានទៅសម្រេចបានអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា វេទិកាធុរកិច្ចនាពេលនេះ មិនត្រូវបញ្ចប់ត្រឹមតែការផ្លាស់ប្តូរគំនិតនោះឡើយ ប៉ុន្តែសម្តេចចង់ឃើញការពិភាក្សាប្រែក្លាយទៅជាការចុះទស្សនកិច្ចសិក្សាទីតាំងផ្ទាល់ ភាពជាដៃគូសាជីវកម្ម និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។ ជាមួយគ្នានោះសម្តេចធិបតី បានអញ្ជើញធុរជន និងវិនិយោគិនតួកគី ឱ្យមកចាប់យកឱកាសវិនិយោគដ៏សម្បូរបែបនៅកម្ពុជា និងបានធានាអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រួល និងគាំទ្រដល់ដំណើរការវិនិយោគរបស់វិស័យឯកជន ធានាបាននូវបទពិសោធន៍វិនិយោគដ៏រលូន និងជោគជ័យយូរអង្វែង៕

កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ

2026/10/16 07:11:30 pm        151
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរវាងកម្ពុជា និងតួកគី ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានទៅសម្រេចបានតាមគោលដៅ«១ពាន់លានដុល្លារអាមេរិក» នាពេលខាងមុខ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ៤០០ លានដុល្លារអាមេរិក ដោយកើនឡើងជាង១៨%បើធៀបនឹងឆ្នាំ២០២៤។ការថ្លែងគូសបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-តួកគី ឆ្នាំ២០២៦» នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នសេដ្ឋកិច្ចពាក់ព័ន្ធ និងធុរជន វិនិយោគិនឈានមុខនៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។ថ្លែងទៅកាន់អង្គវេទិកា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គន្លងនៃការកើនឡើងនៃទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២៥ គឺជាសក្ខីភាពបង្ហាញពីសន្ទុះដ៏រឹងមាំឆ្ពោះទៅរកការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ១ពាន់លានដុល្លារ។ ដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតានេះ សម្តេចបវរធិបតីបានរំលេចនូវយន្តការគន្លឹះសំខាន់ៗដែលត្រូវបន្តជំរុញ រួមមាន​គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី, ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-តួកគី និងការិយាល័យពាណិជ្ជកម្មនៃស្ថានទូតតួកគី ដែលជាស្ពានយ៉ាងសំខាន់សម្រាប់រក្សាកិច្ចសន្ទនាជាប្រចាំ សំដៅលុបបំបាត់រាល់ឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគ។សម្តេចបវធិបតីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គឺបង្កើតនូវក្របខ័ណ្ឌគតិយុត្តចាំបាច់ ប៉ុន្តែសហគមន៍ធុរកិច្ចខ្លួនឯងផ្ទាល់ គឺជាកម្លាំងចលករពិតប្រាកដក្នុងការរុញច្រានការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។​ សម្តេចបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នជំរុញការវិនិយោគ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ (រួមទាំងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី - DEİK) ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្គូផ្គងដៃគូធុរកិច្ច ចែករំលែកព័ត៌មានទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍគម្រោងវិនិយោគជាក់ស្តែង។លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យធុរជន មើលឱ្យហួសពីទំហំតួលេខពាណិជ្ជកម្ម ដោយត្រូវផ្តោតលើការធ្វើពិពិធកម្មផលិតផល ការពង្រឹងបណ្តាញធុរកិច្ច និងការតភ្ជាប់សមត្ថភាពឧស្សាហកម្មដ៏រឹងមាំរបស់តួកគី ជាមួយមូលដ្ឋានផលិតកម្មដែលកំពុងរីកចម្រើន និងធនធានកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា។​សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ធុរជន និងវិនិយោគិនតួកគី ឱ្យចាប់យកកាលានុវត្តភាពលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ រួមមាន៖ វិស័យកម្មន្តសាល, កសិកម្ម និងការកែច្នៃកសិផល, ការដឹកជញ្ជូន និងភស្តុភារកម្ម, ថាមពលកកើតឡើងវិញ, បច្ចេកវិទ្យាឌីជីថល និងទេសចរណ៍ប្រកបដោយចីរភាព ដើម្បីបង្កើតតម្លៃបន្ថែម និងផលប្រយោជន៍សេដ្ឋកិច្ចយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2026/10/14 07:39:06 pm        140
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយក្នុងការស្វាគមន៍សម្តេចធិបតីក្នុងដំណើរទស្សនកិច្ចផ្លូវការ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ លោកជំទាវក៏បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងអាស៊ែបៃហ្សង់ និងកម្ពុជាក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ ទាំងគ្រប់កម្រិតរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា ក៏ដូចជាគណបក្សនិងគណបក្ស ដែលការណ៍នេះបង្ហាញអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ ហើយលោកជំទាវសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីផ្ដល់ជាឧត្តមប្រយោជន៍បន្ថែមទៀតដល់ប្រជាជន និងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនសម្តេច និង​ គណៈប្រតិភូកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ នាពេលនេះ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានគូសរំលេចអំពីកិច្ចពិភាក្សាដែលសម្ដេច និងឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ បានឯកភាពគ្នា​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេច​ធិបតី​ និង​លោកជំទាវ​ប្រធាន​សភា​ ក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានលើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់សភា ក្នុងការពង្រឹងភាពជឿជាក់, កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ ជូនដល់ប្រទេស និងប្រជាជនយើងទាំងពីរ តាមរយៈការទាញយកសក្ដានុពលពេញលេញពីទំនាក់ទំនងទ្វេភាគីនេះ៕

អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

2026/10/14 12:08:18 pm        1620
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះថា «ទីបំផុត លោក សម រង្ស៊ី បានបង្ហាញ​ច្បាស់​ហើយ​ថា ​គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទ​ប្រកាន់​កម្ពុជា​ថា​ជា​អ្នក​បង្ក​ហេតុ​មុន​ប្រាកដមែន»។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅលោក Nanthawat Samart អតីតអនុប្រធានការិយាល័យព័ត៌មានវិទ្យាជាតិ និង​ជា​អតីត​លេខា​ធិការ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ ​ដែលជាអ្នកនិយាយប្រាប់សារព័ត៌មាន Top News ដោយស្រង់សម្តីលោក​សម រង្ស៊ី ថា «កម្ពុជា​ជា​អ្នក​បាញ់មុន...» នោះឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី បានបង្វែរការបដិសេធថា មិន​ដែល​​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មានណាឡើយក្នុងអំឡុងពី ៦ទៅ៩ខែចុងក្រោយ ក្រៅ​ពី​ប្រព័ន្ធឃោសនារបស់គាត់។ ឯកឧត្តមអ្នកនាំពាក្យបានបន្តថា តាមពិត លោក Nanthawat Samart មិនបានសំដៅថា លោក សម រង្ស៊ី និយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានណាមួយឡើយ តែ​អតីត​មន្ត្រី​ថៃ​រូប​នោះ​បាន​បញ្ជាក់​ថា លោក សម រង្ស៊ី និយាយក្នុងពេលថ្មីៗនេះ ហើយថែមទាំងបានចាត់ទុកសម្តីលោក សម រង្ស៊ី ថាមានតម្លៃសម្រាប់ថៃយ៉ាងខ្លាំងថែមទៀត។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានបដិសេធ​ត្រង់​ទៅ​អតីត​មន្ត្រីថៃដែលជាអ្នកនិយាយទេ តែបានបង្វែរទៅជារឿងផ្សេង។ ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងទៀតថា លោកសម រង្ស៊ី មិនទៅណាឆ្ងាយពីល្បិច​បង្វែរ​សាច់​រឿង​ដើម្បី​គេច​ពីការប្រឈម​មុខ​ជាមួយការពិត ទៅជាការមួលបង្កាច់ បង្កើតរឿងមួយផ្សេងទៀត​ដើម្បី​ទម្លាក់​កំហុសមកលើកម្ពុជា ​និងការពារថៃ តាមទម្លាប់របស់គាត់ និង​ក្រុមរ​បស់​គាត់​នោះ​ឡើយ។​ លោក សម រង្ស៊ី មិនបាននិយាយសូម្បីមួយម៉ាត់ពីផែនការ «​ចក្រពង្សភូវនាថ»​(Chakraphong Phuwanath Plan) ដែលជាការរៀបចំច្បាស់លាស់ និងមាន​ផែន​ការ​ទុក​ជា​មុន​​រប​ស់ថៃដើម្បីឈ្លានបានទឹកដីកម្ពុជាឡើយ។ លោក សម រង្ស៊ី ក៏មិនបាននិយាយ​ពី​ទាហាន​ខ្មែរ​មួយ​រូប​ គឺលោក សួន រោន អាយុ ៤៨ឆ្នាំ ដែលត្រូវបានទាហានថៃលបចូលមកបាញ់សម្លាប់ នៅ​តំបន់​មុំ​បី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ នៅ​លើ​ទឹក​ដី​កម្ពុជា ដែលការបង្ករឿងយ៉ាងធ្ងន់ធ្ងររបស់ថៃនោះដែរ​។ ប៉ុន្តែ លោក សម រង្ស៊ី បែរជា​បង្វែរ​សាច់​រឿង​មួលបង្កាច់ដើម្បីទម្លាក់កំហុសលើកម្ពុជាថាជាអ្នកបង្កហេតុមុនដដែល ដោយបំភ្លេច​ចោល​ទាំង​ស្រុងនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ និងសម្តេចធិបតី ក៏​ដូច​ជា​វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលខិតខំយ៉ាងខ្លាំង និងយកទ្រូង​ទៅ​ពាំង​ដើម្បី​ការ​ពារ​បូរណ​ភាពទឹកដី។ ឯកឧត្តម​ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​បានបញ្ជាក់ថា លោក សម រង្ស៊ី មិនបានបដិសេធ​ត្រង់​ចំពោះ​អ្វី​ដែលអតីតមន្ត្រីថៃនិយាយទេ។ លោក សម រង្ស៊ី ក៏មិនបានសុំទោសប្រជាពលរដ្ឋខ្មែរ និង​មិន​បាន​បង្ហាញសូម្បី​តែបន្តិចនូវវិប្បដិសារីចំពោះអ្វីដែលគាត់បាននិយាយ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី​ នៅតែបន្តចោទថា កម្ពុជាជាអ្នកបង្កហេតុមុនដដែល និងបានបង្ហាញកាន់តែច្បាស់ថា គាត់​ការពារថៃ ហើយ​ប្រឆាំង​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ​ដែល​ប្រជាជាតិ​ខ្មែរ​មិន​អាច​ទទួល​យក​បាន​ឡើយ។ នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថា លោក សម រង្ស៊ី គឺជា​ជន​ក្បត់​ជាតិ​ដោយមិនអាចប្រកែកបាន។​ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាស​បដិសេធជាថ្មីយ៉ាង​ដាច់​អហង្ការ​ចំពោះការចោទប្រកាន់​របស់លោក សម រង្ស៊ី និងសូមថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ក្បត់​ផលប្រយោជន៍ជាតិរបស់បុគ្គលរូបនេះ និង​សូមបញ្ជាក់ជាថ្មីម្តងទៀតថា ភាគី​ថៃ​គឺ​ជា​អ្នក​បាញ់​មុន ហើយកម្ពុជាគឺជាជនរងគ្រោះ៕

កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/10/13 09:16:33 pm        167
នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយដែលជួបសម្តេចធិបតី​ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច​ នៅ​អាស៊ែបៃហ្សង់​ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៩៤។ តាមរយៈដំណើរទស្សនកិច្ចនេះ, កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យសំខាន់ៗ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រួមទាំងក្នុងវិស័យសន្តិសុខ និងការពារជាតិ។សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ក៏បានបន្តពិភាក្សាគ្នាក្នុងការស្វែងរកនូវលទ្ធភាពក្នុងការជំរុញកសាងទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ តាមរយៈការកសាងសមត្ថភាព, ការហ្វឹកហ្វឺន, និងបណ្ដុះបណ្ដាលជំនាញដល់យោធិន, ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ជាដើម៕

សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

2026/10/09 08:37:53 pm        182
នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន​ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម គួរមើលគ្នាជាគោលដៅទេសចរណ៍ ព្រមទាំងសហការរៀបចំទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពី «ទីផ្សារទីបី»។ ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈធិបតីនៃប្រទេសទាំង២, សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា លើសពីការជំរុញនៃការធ្វើដំណើររវាងប្រជាជន នៃប្រទេសទាំង២ យើងគួរមើលកម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ទាក់ទាញភ្ញៀវពីទីផ្សារទី៣។សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា វិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម មានសក្តានុពលធំធេងណាស់ ប៉ុន្តែប្រទេសទាំងពីរមិនទាន់ទាញយកផលប្រយោជន៍បានពេញលេញនៅឡើយទេ។ សម្តេចបានលើកឡើងថាសម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជំហានបន្ទាប់គឺត្រូវប្រែក្លាយលំហូរទេសចរដែលមានស្រាប់ ឱ្យទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ ដោយមិនត្រូវមើលត្រឹមតែការធ្វើដំណើរឆ្លងដែនទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែត្រូវមើលកម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីទីផ្សារទីបី។ក្នុងស្មារតីនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយរួមគ្នា និងចងក្រងកញ្ចប់ទេសចរណ៍រួម កម្ពុជា-វៀតណាម ដែលផ្សារភ្ជាប់រវាង៖ ទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌពិភពលោក, ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍, ទេសចរណ៍តំបន់ឆ្នេរ និងកោះ និង ទេសចរណ៍ទីក្រុង និងទេសចរណ៍សុខភាព។ គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម មានមូលដ្ឋានរឹងមាំស្រាប់លើវិស័យទេសចរណ៍ ដោយក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមជាង ១,២២ លាននាក់ ដែលធ្វើឱ្យវៀតណាម ឈរនៅលេខរៀងទី១ ក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមគ្នានេះ ពលរដ្ឋកម្ពុជាកាន់តែច្រើនក៏បានជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍ និងសេវាថែទាំសុខភាព ដោយចំនួនភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ បានកើនឡើងប្រមាណ ៤៥% ធៀបនឹងឆ្នាំ២០២៤៕អត្ថបទ៖ KC Virak

សម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ

2026/10/09 08:29:52 pm        173
នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេច មហិច្ឆតារួមក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក និងលើសហ្នឹងទៀត ខណៈប្រទេសទាំង២ មានទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្ដានុពលជាច្រើន។ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈធិបតីនៃប្រទេសទាំង២, សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា វៀតណាម ដាក់ចេញ មហិច្ឆតារួមក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ។ ផ្អែកលើទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្ដានុពលនៃប្រទេសទាំង២ សម្ដេច ជឿជាក់ថា គោលដៅនេះជាជំហានមួយដែលយើងអាចសម្រេចបាន ហើយសក្ដានុពលយើងអាចពង្រីកបានច្រើនជាងនេះថែមទៀត។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្រាប់កម្ពុជា មហិច្ឆតារបស់យើងមិនវាស់ត្រឹមទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ អ្វីដែលសំខាន់គឺគុណភាព និងកម្រិតនៃការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំង២។ កម្ពុជា និងវៀតណាម មានឧត្ដមភាព និងសក្ដានុពលអាចបំពេញគ្នាទៅវិញទៅមក។ វៀតណាមមានមូលដ្ឋានកម្មន្តសាលរីកចម្រើន ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលមានភាពស៊ីជម្រៅ បច្ចេកវិទ្យា និងបណ្ដាញទីផ្សារអន្តរជាតិដ៏ទូលំទូលាយ។ កម្ពុជាក៏កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់ សក្ដានុពល ថាមពលស្អាត ទីតាំងយុទ្ធសាស្ត្រ និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ សម្ដេច សង្ឃឹមថា នឹងមានផលិតផលកាន់តែច្រើនដែលមានខ្សែច្រវ៉ាក់ផលិតកម្មឆ្លងកាត់ប្រទេសយើងទាំង២។ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីសម្រេចបាននូវមហិច្ឆតាទាំងនេះ កត្តាគន្លឹះគឺការតភ្ជាប់ ការសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន កម្ពុជា-វៀតណាម កំពុងធ្វើការរួមគ្នា តភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត របស់កម្ពុជា ទៅនឹងផ្លូវល្បឿនលឿន ម៉ុកបៃ-ហូជីមិញ របស់វៀតណាម និងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិមឿនជ័យ (ខេត្តព្រៃវែង) តឹនណាម(ខេត្តតៃនិញ) ទៅក្នុងកិច្ចព្រមព្រៀង ស្ដីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោកដើម្បីសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពី ការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះកម្ពុជា-វៀតណាម និងការបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី សម្រាប់ឆ្នាំ២០២៧-២០២៨។គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម បានបង្ហាញពីកំណើនឥតឈប់ឈរ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង ១០ ពាន់លានដុល្លារ ដែលជាការកើនឡើង ៥៣,៣៤% បើធៀបនឹងឆ្នាំមុន។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងដំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ៧ ៨០០ លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមុខទំនិញរបស់កម្ពុជា នៅ​តែ​បន្ត​ហក់​ឡើង ខណៈការនាំចូលថមថយបន្តិចបន្ទួច បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៤៕ អត្ថបទ៖ KC Virak

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM
អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់មួយនេះ ជំរុញឲ្យបើកច្រកព្រំដែន Rafahឡើងវិញ
10/30/2026 06:10 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅ​ទីក្រុង​គីវ​ ខណៈ​ជំនួយ​ឆ្ពោះ​ទៅទីក្រុង​​ Oleshky ​របស់​អ៊ុយក្រែន
10/30/2026 06:10 PM
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឲ្យមានទោសប្រហារជីវិតសម្រាប់លោកអតីតប្រធានាធិបតី Yoon
10/30/2026 06:10 PM
ប្រភពនយោបាយជាន់ខ្ពស់រិះគន់ខ្លាំងលើលោក Qassem ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក
10/30/2026 06:10 PM
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
10/30/2026 06:10 PM