សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី៖ អាមេរិក ប្រឈមភាពអាម៉ាស់ ក្នុងសង្រ្គាមអ៊ុយក្រែន ដូចនៅវៀតណាម និងអាហ្វហ្គានីស្ថាន

2024/04/22 04:20:58 pm        209
រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ជំនួយចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន កំពុងលូកដៃចូលកាន់តែជ្រៅទៅក្នុងសង្រ្គាមប្រឆាំងនឹងទីក្រុងមូស្គូ ដែលទីបំផុតនឹងជួបភាពអាម៉ាស់ ដូចទៅនឹងជម្លោះនៅក្នុងប្រទេសវៀតណាម និងអាហ្វហ្គានីស្ថាន។ ការលើកឡើងនេះ កើតឡើងបន្ទាប់ពីសភាសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍បានអនុម័តដោយមានការគាំទ្រពីគណបក្សទាំង២លើកញ្ចប់ជំនួយចំនួន៩៥ពាន់លានដុល្លារ ដែលផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ាណា ហ្សាខារ៉ូវ៉ា(Maria Zakharova)និយាយថា ច្បាស់ណាស់ថាអាមេរិកចង់ឱ្យអ៊ុយក្រែន ប្រយុទ្ធនៅក្នុងទឹកដីចុងក្រោយរបស់អ៊ុយក្រែន រួមទាំងការវាយប្រហារលើទឹកដីអធិបតេយ្យភាពរុស្ស៊ី និងជនស៊ីវិល។លោកស្រី បាននិយាយថា ការជ្រៀតជ្រែកកាន់តែខ្លាំង និងជ្រៅឡើង របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសង្រ្គាមកូនកាត់ប្រឆាំងនឹងរុស្ស៊ី នឹងក្លាយជាភាពអាម៉ាស់ខ្លាំងសម្រាប់សហរដ្ឋអាមេរិក នៅដូចជាសង្គ្រាមនៅវៀតណាម និងអាហ្វហ្គានីស្ថានដែរ។ លោកស្រីបន្តថា ប្រទេសរុស្ស៊ីនឹងផ្តល់ ការឆ្លើយតបដោយគ្មានលក្ខខណ្ឌ និងម៉ឺងម៉ាត់ ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ចូលរួមបន្ថែមទៀតនៅក្នុងសង្គ្រាមអ៊ុយក្រែន។ សហរដ្ឋអាមេរិកបានបាត់បង់បុគ្គលិកយោធាជាង៥៨.០០០នាក់ នៅក្នុងសង្គ្រាមវៀតណាមឆ្នាំ ១៩៥៥ ដល់១៩៧៥ ដែលបានបញ្ចប់ដោយជ័យជម្នះរបស់វៀតណាមខាងជើងកុម្មុយនិស្ត និងការកាន់កាប់ភាគខាងត្បូង ខណៈជនស៊ីវិលរាប់សែននាក់ត្រូវបានសម្លាប់។ នៅក្នុងសង្រ្គាមឆ្នាំ ២០០១ដល់ ២០២១ នៅប្រទេសអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកបានរាយការណ៍ថាមនុស្ស ២.៤៥៩ នាក់ នាក់បានស្លាប់ និងជាង២០.០០០នាក់ បានរងរបួសនៅក្នុងជម្លោះដែលបានបញ្ចប់ដោយការដកកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ហើយក្រុមតាលីបង់ បានវិលត្រលប់ទៅកាន់អំណាចឡើងវិញ។ សហភាពសូវៀតបានបាត់បង់កងទ័ពចំនួន ១៤.៤៥៣នាក់ នៅក្នុងសង្គ្រាមពីឆ្នាំ១៩៧៩ ដល់ ១៩៨៩ នៅប្រទេសអាហ្វហ្គានីស្ថាន៕

សម្តេចធិបតី អញ្ជើញចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក

2024/04/22 03:19:51 pm        152
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២២ មេសា ២០២៤ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ។ សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល នឹងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេស ជាលើកទី១៤ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់ និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងច្រានចោលការដាក់ទណ្ឌកម្មណាមួយលើអង្គភាពយោធា

2024/04/22 03:08:12 pm        200
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថានឹងបដិសេធរាល់ការដាក់ទណ្ឌកម្មលើយោធារបស់ប្រទេសនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិកគ្រោងនឹងកាត់បន្ថយជំនួយដល់អង្គភាពមួយ។ នាយករដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងតតាំងឲ្យអស់ពីកម្លាំងរបស់លោក។ថ្មីៗនេះ គេហទំព័រព័ត៌មាន អាស៊ីអូស (Axios) បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់គោលដៅលើកងវរសេនាតូច ណេតហ្សា យ៉េហ៊ូដា (Netzah Yehuda)របស់អ៊ីស្រាអែល ជុំវិញការចោទប្រកាន់ថាមានការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ West Bank ដែលខ្លួនកាន់កាប់។ទូរទស្សន៍ BBC យល់ថា រាល់ទង្វើនឹងកើតឡើងក្រោមបម្រាមរបស់សហរដ្ឋអាមេរិកលើជំនួយដល់អង្គភាពបរទេសដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពាននានា។នៅពេលត្រូវបានសួរកាលពីសប្តាហ៍មុនអំពីរបាយការណ៍ដែលថាជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អង្គភាពរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) អាចត្រូវបានកាត់បន្ថយ ជុំវិញការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ West Bank រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា លោកបានប្តេជ្ញារួចចិត្តហើយ អ្នកអាចរំពឹងថានឹងឃើញទណ្ឌកម្មនៅប៉ុន្មានថ្ងៃខាងមុខ។ទីក្រុង វ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល មិនដែលផ្អាកជំនួយដល់អង្គភាព IDF កាលពីកន្លងទៅទេ។ យោធាអ៊ីស្រាអែលបាននិយាយថា កងវរសេនាតូច ណេតហ្សា យ៉េហ៊ូដា (Netzah Yehuda) កំពុងធ្វើប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិ។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកចេតនាដាក់ទណ្ឌកម្មលើកងវរសេនាតូចនេះ ដោយនិយាយថា ពេលនេះ ពិភពលោកកំពុងឃ្លាំមើលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់៕

កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី បារម្ភថាម្ដាយខ្លួនត្រូវរបបសឹកមីយ៉ាន់ម៉ា ប្រើជាខែល

2024/04/19 08:50:40 pm        244
កូនប្រុសរបស់អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួន គឺលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា ម្ដាយរបស់លោកត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួននៅពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ ដែលអាចត្រូវរបបសឹកដែលកំពុងកាន់អំណាចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រើប្រាស់ជាខែលការពារខ្លួននៅក្នុងជម្លោះជាមួយនឹងក្រុមតស៊ូ។លោកស្រី ស៊ូជី ត្រូវបានយោធាមីយ៉ាន់ម៉ា ចាប់ឃុំចាប់តាំងពីបានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រីក្នុងរដ្ឋប្រហារឆ្នាំ ២០២១។ ម្ចាស់ពានរង្វាន់ណូបែលវ័យ ៧៨ ឆ្នាំរូបនេះ ត្រូវបានឃុំខ្លួនក្នុងផ្ទះសរុបចំនួន ១៥ ឆ្នាំ ក្រោមរបបយោធាមុន។កូនប្រុសរបស់លោកស្រី គឺលោក គីម អារីស (Kim Aris) ដែលរស់នៅក្នុងទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកបានលឺថា ម្ដាយរបស់លោកកំពុងទទួលរងនូវផលប៉ះពាល់ពីកម្តៅ ប៉ុន្តែហេតុផលផ្លូវការរបស់របបយោធាសម្រាប់ការផ្លាស់ប្ដូរនេះគឺ «មិនទំនងទាល់តែសោះ»។ លោក អារីស បាននិយាយថា លោកគិតថាពួកគេមានហេតុផលផ្ទាល់ខ្លួនក្នុងការផ្លាស់ប្ដូរនេះ ពោលគឺពួកគេចង់ប្រើលោកស្រី ស៊ូជី ជាខែលការពារខ្លួន ឬជាថ្នូរសម្រាប់ការចរចាណាមួយ។អ្នកនាំពាក្យរបស់របបយោធាបាននិយាយនៅសប្តាហ៍នេះថា លោកស្រី ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះជាជំហានមួយដើម្បីការពារលោកស្រី និងអ្នកទោសវ័យចំណាស់ផ្សេងទៀតពីអាកាសធាតុក្តៅ ប៉ុន្តែគេមិនដឹងច្បាស់ទេថា លោកស្រីត្រូវបានគេផ្លាស់ទៅទីណា៕

ប្រធាន CIA ព្រមានថា អ៊ុយក្រែនអាចចាញ់សង្គ្រាមនៅឆ្នាំនេះ បើពុំមានជំនួយយោធាថ្មី

2024/04/19 08:44:48 pm        239
ប្រមុខចារកម្មកណ្ដាល CIA របស់សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា អ៊ុយក្រែន អាចចាញ់សង្រ្គាមក្រោមដៃរុស្ស៊ី នៅចុងឆ្នាំនេះ លុះត្រាតែសហរដ្ឋអាមេរិក បញ្ជូនជំនួយយោធាបន្ថែមទៀតដើម្បីសង្រ្គោះ។ការព្រមានដ៏ក្រៀមក្រំរបស់លោក ប៊ីល ប៊ឺនស៍ (Bill Burns) នេះ បានកើតឡើងនៅពេលដែលសភាតំណាងរាស្រ្តអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃសៅរ៍ (២០ មេសា) លើកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ដែលត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនខែដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលជាសម្ព័ន្ធមិត្តជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ស្របពេលដែលលោកកំពុងស្វះស្វែងរកការបោះឆ្នោតឡើងវិញ។រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានព្រមានថា សម្ព័ន្ធមិត្តដែលគាំទ្រលោកខាងលិចរបស់អាមេរិកមួយនេះអាចបាត់បង់ទឹកដីទៅឱ្យកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បើមិនទទួលបានជំនួយបន្ថែមទៀត ខណៈដែលខ្លួនបានបញ្ចុះបញ្ចូលឱ្យបញ្ជូនគ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតទៅកាន់អ៊ុយក្រែន។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសុន្ទរកថាមួយនៅឯមជ្ឈមណ្ឌល ចច ដាប់ប៊ែលយូ ប៊ុស (George W. Bush) លោក ប៊ឺន បាននិយាយថា ហានិភ័យចាញ់សង្គ្រាមរបស់អ៊ុយក្រែន ឥឡូវនេះគឺកាន់តែខ្ពស់ជាងមុនទៅទៀត។ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelensky) ក៏បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរថា ប្រទេសរបស់លោកនឹងចាញ់សង្រ្គាម បើប្រទេសនេះមិនទទួលបានជំនួយយោធាបន្ថែមទៀតទេ៕

ពលរដ្ឋប៉ូឡូញ ត្រូវបានគេចោទប្រកាន់ពីបទធ្វើចារកម្មឲ្យរុស្ស៊ី ក្នុងផែនការធ្វើឃាតលោកហ្សេឡិនស្គី

2024/04/19 08:25:45 pm        237
រដ្ឋអាជ្ញាជាន់ខ្ពស់នៅក្នុងប្រទេសប៉ូឡូញ និងអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋប៉ូឡូញម្នាក់ ត្រូវបានចាប់ខ្លួនពីបទធ្វើចារកម្មឲ្យរដ្ឋាភិបាលរុស្ស៊ី ដែលជាផ្នែកមួយនៃការប៉ុនប៉ងធ្វើឃាតដ៏សំខាន់ទៅលើប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy)។ ការិយាល័យរដ្ឋអាជ្ញាជាតិប៉ូឡូញ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ពលរដ្ឋប៉ូឡូញដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ជា Pawel K. ត្រូវបានចោទប្រកាន់ពីបទត្រៀមខ្លួន ដើម្បីធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់បរទេសប្រឆាំងនឹងសាធារណរដ្ឋប៉ូឡូញ។លោក Andriy Kostin ដែលជាអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានបញ្ជាក់ថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា «បានបង្កើតទំនាក់ទំនងយ៉ាងសកម្ម» ជាមួយក្រុមតំណាងបញ្ជាការយោធារុស្ស៊ី និង «បានជូនដំណឹងពួកគេអំពីការត្រៀមរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារចារកម្មយោធាបរទេសរបស់សហព័ន្ធ រុស្ស៊ី។មន្ត្រីនគរបាលប៉ូឡូញ និងអ៊ុយក្រែន បាននិយាយថា កិច្ចការរបស់ជនសង្ស័យសម្រាប់រដ្ឋាភិបាលរុស្ស៊ី រួមមានការប្រមូល និងផ្តល់ព័ត៌មានដល់ទីភ្នាក់ងារសន្តិសុខនៃអាកាសយានដ្ឋាន Rzeszów-Jasionka ជាអាកាសយានដ្ឋានអន្តរជាតិ នៅក្នុងភូមិ Jasionka ភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ។លោក Kostin បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ថា៖«ការធ្វើបែបនេះ គឺដើម្បីជួយសេវាកម្មពិសេសរបស់រុស្ស៊ីរៀបចំផែនការធ្វើឃាតដែលអាចកើតមានលើលោកប្រធានាធិបតីអ៊ុយក្រែន ក្នុងអំឡុងពេលវត្តមានរបស់លោក នៅក្នុងប្រទេសប៉ូឡូញ»។

កូរ៉េខាងជើង បញ្ចេញបទចម្រៀងថ្មី ក្រោមចំណងជើងថា"Friendly Father" កោតសរសើរលោក Kimg Jong Un

2024/04/19 08:16:52 pm        263
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ត្រូវបានលើកតម្កើន ជា"friendly father" ឬបិតារួសរាយរាក់ទាក់ របស់ប្រទេសនេះ នៅក្នុងបទចម្រៀងថ្មីមួយដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ នៅសប្ដាហ៍នេះ ។ បទចម្រៀងនេះ ត្រូវបានផ្សាយផ្ទាល់ជាលើកដំបូង ដើម្បីអបអរពិធីបើកការអភិវឌ្ឍន៍លំនៅឋានថ្មីចំនួន១០.០០០ខ្នង នៅក្នុងរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) និយាយថាការសាងសង់បានបញ្ចប់ហើយ ដែលបានចំណាយពេល ក្នុងរង្វង់រយៈពេល១៤ខែ។ ពិធីបញ្ចប់ការសាងសង់លំនៅឋានថ្មីនេះ ត្រូវបានផ្ដាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ដោយមានព្រឹត្តិការប្រគំតន្ត្រីដ៏ធំ អមដោយការហោះហើរយន្តហោះចម្បាំង និងការសកម្មភាពសម្ដែងដោយក្រុមតារាចម្រៀងដ៏ល្បីល្បាញបំផុតរបស់ប្រទេសនេះ ដែលបានបង្ហាញបទចម្រៀងថ្មីនេះគោរពដល់មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ។ បទចម្រៀងក្រោមចំណងជើងថា "friendly father" បានរៀបរាប់ពីការកោតសរសើរលោក Kim សម្រាប់ការដឹកនាំកូរ៉េខាងជើងឆ្ពោះទៅរកអនាគតភ្លឺស្វាង និងបានប្រកាសថា ប្រជាជនជឿជាក់ និងដើរតាមមាគ៌ាដឹកនាំរបស់លោក ។ អមដោយបទចម្រៀងវីដេអូ ឬMV ដែលបានបញ្ចេញកាលពីថ្ងៃពុធ បង្ហាញពីកម្មករ កងទ័ព និងពលរដ្ឋអបអរសាទរពោពេញដោយភាពសប្បាយរីករាយ ការរាំងលេងកម្សាន្ត និងបង្ហាញក្ដីស្រឡាញ់របស់ពួកគេចំពោះលោក Kim៕

សម្ដេចធិបតី៖ ទោះក្នុងតម្លៃណាត្រូវតែរក្សាសន្ដិភាពរបស់កម្ពុជា មិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងឡើយ

2024/04/19 07:46:58 pm        343
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​ក៏បានណែនាំទៅដល់នាយទាហាន ពលទាហានទាំងអស់ទោះក្នុងតម្លៃណាត្រូវតែរក្សាសន្ដិភាពរបស់កម្ពុជា មិនឱ្យមានបដិវត្តន៍ពណ៌ណាមួយកើតឡើងបានឡើយ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា កងកម្លាំងការពារជាតិ គឺត្រូវតែពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្តទាំងក្នុង និងក្រៅប្រទេស។សម្តេចធិបតីបញ្ជាក់ថា ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា។ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រៀបចំបានល្អបង្កភាពសប្បាយរីករាយ ជូនពលរដ្ឋគ្រប់ទីកន្លែង

2024/04/19 07:40:13 pm        296
ភ្នំពេញ៖ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកត់សម្គាល់ឃើញថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះរៀបចំបានល្អ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ក្នុងឱកាសនោះ សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ ដែលបានចូលរួម​សហការ​បំពេញ​ភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខ​សណ្តាប់ធ្នាប់ ​ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ធ្វើឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាព​សប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ។សូមជម្រាបថា «កម្ពុជាមានសន្តិភាពពេញលេញ» ​ទើបអាចមានព្រឹត្តការណ៍ ពិធីបុណ្យចូលឆ្នាំថ្មី​ឆ្នាំនេះ «សង្ក្រាន្តឆ្នាំ២០២៤» នៅទូទាំង ២៥ រាជធានី-ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋដែលចូលរួមលេងកម្សាន្តទាំងនេះបាន។ ហើយលើសពីនេះមិនថា តែប្រជាពលរដ្ឋខ្មែរទេ ​ក្នុងនោះក៏មានភ្ញៀវបរទេសច្រើនកុះករបានមក​លេង​កម្សាន្ត ប្រកប​ដោយភាពសប្បាយរីករាយ និងមានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួនដោយ​មិនមាន​ការ​ភ័យខ្លាចអ្វីទាំងអស់៕អត្ថបទ៖ វ៉ន ដារ៉ា

ប្រទេសចិន បានបើកផ្លូវអាកាសថ្មីនៅជិតកោះរបស់តៃវ៉ាន់

2024/04/19 06:29:49 pm        267
និយតករអាកាសចរណ៍របស់ប្រទេសចិនបាននិយាយនៅថ្ងៃសុក្រ ១៩ មេសាសប្ដាហ៍នេះថា ខ្លួនបានបើកផ្លូវហោះហើរថ្មីទៅកាន់កោះ ហ្ស៊ីអាយមិន (Xiamen) និងកោះ ហ្វ៊ូចូវ (Fuzhou) របស់ចិនជាផ្លូវដែលស្ថិតនៅជិតប្រជុំកោះ គីនមិន (Kinmen) និង កោះម៉ាត់ស៊ូ (Matsu) គ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលទំនងជាសកម្មភាពមួយធ្វើឱ្យទីក្រុងតៃប៉ិខឹង។កោះតៃវ៉ាន់បានបង្ហាញការខឹងសម្បារកាលពីខែមករាកន្លងទៅម្ដងរួចមកហើយ បន្ទាប់ពីប្រទេសចិន បានផ្លាស់ប្តូរផ្លូវហោះហើរជាឯកតោភាគី ដែលហៅថា M503 នៅជិតខ្សែបន្ទាត់មេដ្យានដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ផ្លូវថ្មីទៅកាន់កោះហ្ស៊ីអាយមិន (Xiamen) និងកោះ ហ្វ៊ូចូវ (Fuzhou)តភ្ជាប់ទៅផ្លូវហោះហើរ M503 ។ ខ្សែបន្ទាត់មេដ្យានបានបម្រើការជារបាំងក្រៅផ្លូវការជាច្រើនឆ្នាំរវាងកោះតៃវ៉ាន់ និងចិន ដែលអះអាងសិទ្ធិគ្រប់គ្រងដោយចិនដីគោក ប៉ុន្តែចិននិយាយថា ខ្លួនមិនទទួលស្គាល់កោះនេះទេ ហើយយន្តហោះចម្បាំងរបស់ចិន បច្ចុប្បន្ននេះតែងតែហោះហើរពីលើច្រកសមុទ្រនេះ ទន្ទឹមនឹងទីក្រុងប៉េកាំងព្យាយាមដាក់សម្ពាធលើក្រុងតៃប៉ិ ឱ្យទទួលយកសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ ប្រទេសចិនបាននិយាយកាលពីខែមករាថា ខ្លួនកំពុងបើកផ្លូវហោះហើរពីខាងលិចទៅខាងកើតឬអាចនិយាយម្យ៉ាងទៀតបានថា ក្នុងទិសដៅរបស់តៃវ៉ាន់ នៅលើផ្លូវហោះហើរចំនួនពីរ ពីកោះ ហ្ស៊ីអាយមិន(Xiamen)និង កោះហ្វ៊ូចូវ (Fuzhou) ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់បានប្រកាសថាផ្លូវទាំងនោះនឹងដំណើរការនៅពេលណានោះទេ។ច្បាប់អាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់ខ្លួននៅថ្ងៃសុក្រសប្ដាហ៍នេះថា ផ្លូវទាំងនោះឥឡូវនេះកំពុងដំណើរការហើយដោយបន្ថែមថាចាប់ពីថ្ងៃទី ១៦ ខែឧសភា ខ្លួននឹងធ្វើឱ្យមានសុទិដ្ឋិនិយមបន្ថែមទៀត លើដែនអាកាសជុំវិញអាកាសយានដ្ឋានកោះ ហ្វ៊ូចូវ តែពុំបានបញ្ជាក់លម្អិតទេ។ពុំទាន់មានប្រតិកម្មភ្លាមៗទេ ពីរអាជ្ញាធរកោះតៃវ៉ាន់ ដែលធ្លាប់បានចោទចិនពីការគំរាមកំហែងសុវត្ថិភាពអាកាសចរណ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មហន្តរាយធម្មជាតិ បណ្តាលឱ្យខាតបង់សេដ្ឋកិច្ចសកល​ខ្ទង់ ១០០ពាន់លានដុល្លារ នៅឆមាសទី១ នៃឆ្នាំ២០២៦
08/14/2026 05:08 PM
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
08/14/2026 04:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា
08/14/2026 04:08 PM
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
08/14/2026 04:08 PM
រុស្ស៊ីបដិសេធការរិះគន់របស់ជប៉ុន ជុំវិញ​ដំណើររបស់​លោក Putin ទៅ​កាន់កោះ Kuril
08/14/2026 04:08 PM
ក្រសួងការងារ និងថ្នាក់ដឹកនាំថ្មីនៃទីភ្នាក់ងារ SDC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងមូលធនមនុស្សឱ្យសម្របតាមតម្រូវការទីផ្សារការងារ
08/14/2026 04:08 PM
ប្រេស៊ីលចាប់​ផ្ដើម​ដំណើរការតបតវិញប្រឆាំងនឹងសហរដ្ឋអាមេរិក ជុំវិញ​បញ្ហា​ពន្ធ
08/14/2026 04:08 PM
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តចុះបង្ក្រាបទីតាំងឈ្មោះ «ដារ៉ា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន
08/14/2026 04:08 PM
ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅតែស្រពេច​ស្រពិល​​ ខណៈអ៊ីរ៉ង់ និងអាមេរិក បន្ត​ជំហររឹង​ត្អឹង​
08/14/2026 04:08 PM
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
08/14/2026 04:08 PM