រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកប្រធានាធិបតីម៉ាក្រុង៖ បារាំងនិងសម្ព័ន្ធមិត្ត«អាចបញ្ឈប់» អំពើប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤

2024/04/05 12:51:14 pm        92
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចបញ្ឈប់ការប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤ ប៉ុន្តែខ្វះឆន្ទៈក្នុងការធ្វើដូច្នេះ ដែលជាការប្រកាសយ៉ាដាច់ខាតមួយ នៅមុនខួបលើកទី៣០របស់ប្រទេសអាហ្រ្វិកនៃការកាប់សម្លាប់ ដែលបានបណ្តាលឲ្យមនុស្សជាង ៨០០.000នាក់ ស្លាប់។ការិយាល័យរបស់លោកម៉ាក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីបារាំង នឹងបញ្ចេញវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃអាទិត្យ ខណៈដែលប្រទេសរ៉្វាន់ដា ប្រារព្ធពិធីរំលឹកជាឧឡារិកនៃអំពើប្រល័យពូជសាសន៍នេះ។នៅក្នុងវីដេអូនោះ លោកម៉ាក្រុងបានលើកឡើងថា៖«ប្រទេសបារាំង ដែលអាចបញ្ឈប់អំពើប្រល័យពូជសាសន៍ជាមួយសម្ព័ន្ធមិត្តលោកខាងលិច និងអាហ្វ្រិក ខ្វះឆន្ទៈក្នុងការធ្វើដូច្នេះ»។នៅឆ្នាំ ២០២១ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអាហ្រ្វិកកណ្តាល លោកម៉ាក្រុង បានទទួលស្គាល់ «ការទទួលខុសត្រូវ» របស់ប្រទេសបារាំង ក្នុងអំពើប្រល័យពូជសាសន៍ ដែលបានធ្វើឲ្យមនុស្សជាង ៨០០.000នាក់ ស្លាប់ ភាគច្រើនជាជនជាតិភាគតិចTutsis និង Hutus ដែលព្យាយាមការពារពួកគេ។លោកមិនបានសូមទោសទេ ប៉ុន្តែប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame បានផ្តល់សញ្ញាថា ទំព័រមួយ ត្រូវបានបង្វែរនៅក្នុងទំនាក់ទំនងបារាំង-រ្វ៉ាន់ដា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំងជាបន្តបន្ទាប់ដើម្បីជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរ។រដ្ឋាភិបាលប្រទេសរ៉្វាន់ដា បានចោទបារាំងជាយូរមកហើយថា បានបង្កឲ្យមានអំពើប្រល័យពូជសាសន៍។ចាប់តាំងពីលោកបានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ ២០១៧ លោកម៉ាក្រុង បានធ្វើរបាយការណ៍គួរឲ្យកត់សម្គាល់អំពីតួនាទីរបស់ប្រទេសបារាំងមុន និងក្នុងអំឡុងពេលនៃអំពើប្រល័យពូជសាសន៍ ហើយបានសម្រេចចិត្តបង្ហាញឯកសារសំខាន់ៗរបស់ប្រទេសនេះដល់សាធារណជន ចាប់ពីពេលនេះតទៅ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានព្រមានសមភាគីបារាំងប្រឆាំងនឹងការបញ្ជូនកងទ័ព ទៅកាន់អ៊ុយក្រែន

2024/04/05 11:01:01 am        113
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានព្រមានសមភាគីបារាំងប្រឆាំងនឹងការដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃពុធ ហើយបានកត់សម្គាល់ថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចា ដើម្បីបញ្ចប់ជម្លោះ។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា លោក Sergei Shoigu បានប្រាប់រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sébastien Lecornu ថា ប្រសិនបើទីក្រុងប៉ារីស ធ្វើតាមសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីលទ្ធភាពនៃការបញ្ជូនកងយោធាបារាំង ទៅកាន់អ៊ុយក្រែន វានឹងបង្កើតបញ្ហាសម្រាប់បារាំងខ្លួន ឯង។ សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់លម្អិតទេ។ការសន្ទនានេះ បានធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីខែកុម្ភៈ ដែលក្នុងនោះ លោកបាននិយាយថា លទ្ធភាពនៃការបញ្ជូនទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែន មិនអាចត្រូវបានគេច្រានចោលឡើយ។ការអំពាវនាវនេះ គឺជាទំនាក់ទំនងលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងបារាំង ចាប់តាំងពីខែតុលា ឆ្នាំ ២០២២។លោក Shoigu បានបញ្ជាក់អំពី«ការត្រៀមខ្លួនរបស់ទីក្រុងមូស្គូសម្រាប់ការពិភាក្សាអំពីអ៊ុយក្រែន» ដោយសង្កត់ធ្ងន់ថា កិច្ចចរចាសន្តិភាពដែលបានគ្រោងធ្វើនៅទីក្រុងហ្សឺណែវ នឹង «គ្មានន័យ»ប្រសិនបើគ្មានការចូលរួមពីរុស្ស៊ី។ លោកបានបន្ថែមថា លទ្ធភាពចរចានាពេលអនាគត អាចផ្អែកលើឯកសារព្រាងដែលត្រូវបានពិភាក្សា ក្នុងអំឡុងពេលកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែមីនាឆ្នាំ ២០២២។

ការដឹកជញ្ជូននៅកំពង់ផែ បាល់ទីម័រ នឹងបន្តឡើងវិញនៅចុងខែមេសា ជាមួយសមត្ថភាពពេញលេញចុងខែឧសភា

2024/04/05 10:40:09 am        89
អង្គភាពវិស្វករនៃកងទ័ពអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា ខ្លួនរំពឹងថានឹងបើកច្រកថ្មីទៅកាន់កំពង់ផែ បាល់ទីម័រ (Baltimore) នៅចុងខែមេសា ដោយបើកឡើងវិញនូវការដឹកជញ្ជូនពាណិជ្ជកម្មដែលត្រូវបានរារាំងដោយសារស្ពានបាក់រលំ ហើយបន្ទាប់មកស្ដារច្រកចូលកំពង់ផែឱ្យដំណើរការដោយសមត្ថភាពពេញលេញនៅចុងខែឧសភា។បណ្ដាញច្រកចូលសំខាន់ត្រូវបានរារាំងដោយបំណែកស្ពាន ចាប់តាំងពីកប៉ាល់ដឹកទូរកុងតឺន័រ ដាលី (Dali) បានបាត់បង់ថាមពល ហើយបានបុកបង្គោលជំនួយនៃស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key) កាលពីថ្ងៃទី ២៦ ខែមីនា ដោយបានសម្លាប់កម្មករផ្លូវថ្នល់ចំនួន ៦ នាក់ និងបណ្តាលឱ្យស្ពានផ្លូវហាយវេបាក់ធ្លាក់ចូលទៅក្នុងទន្លេ ផាថាបស្កូ (Patapsco)។អង្គភាពកងទ័ព ដែលជាផ្នែកមួយនៃក្រុមចម្រុះដែលឆ្លើយតបទៅនឹងគ្រោះមហន្តរាយ បាល់ទីម័រ បានប្រកាសពីផែនការនេះ មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដោយនិយាយថាក្នុងរយៈពេល ៤ សប្តាហ៍ទៀត ច្រកផ្លូវទឹកនេះនឹងមានលក្ខណៈសមរម្យសម្រាប់នាវាមួយចំនួនក្នុងការចេញចូល ដែលដឹកជញ្ជូនរថយន្ត និងឧបករណ៍កសិកម្ម។កំពង់ផែបាល់ទីម័រ ជាប់ចំណាត់ថ្នាក់លេខ១ នៅសហរដ្ឋអាមេរិក សម្រាប់បរិមាណដែលខ្លួនអាចផ្ទុកយានយន្តស្វ័យប្រវត្តិ និងប្រភេទរថយន្តដឹកទំនិញធុនស្រាល ព្រមទាំងគ្រឿងចក្រកសិកម្ម និងសំណង់ នេះបើយោងតាមរដ្ឋ ម៉ារីលែន (Maryland)។ ភាគច្រើននៃចរាចរណ៍ទាំងនោះត្រូវបានផ្អាកចាប់តាំងពីឧបទ្ទវហេតុមក ទោះបីជាប្រតិបត្តិការស្ថានីយមួយចំនួននៅខាងក្រៅតំបន់ដែលរងផលប៉ះពាល់បានបន្តឡើងវិញក៏ដោយ៕

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ផែនការសន្តិភាពរបស់ចិនលើអ៊ុយក្រែន គឺសមហេតុផលបំផុត រហូតមកដល់ពេលនេះ

2024/04/05 10:36:42 am        105
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រហូតមកទល់ពេលនេះ ប្រទេសចិន បានស្នើផែនការសន្តិភាពដែលសមហេតុផលបំផុតសម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន។ទីក្រុងប៉េកាំង បានដាក់ចេញនូវឯកសារចំនួន១២ចំណុចកាលពីជាងមួយឆ្នាំមុន ដែលបានដាក់ចេញនូវគោលការណ៍ទូទៅសម្រាប់ការបញ្ចប់សង្រ្គាម ប៉ុន្តែមិនបានបញ្ជាក់ពីជាក់លាក់នោះទេ។ ឯកសារនោះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនៅពេលនោះទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសចិន កំពុងបង្ហាញខ្លួនឯងថា ជាអ្នកបង្កើតសន្តិភាព ប៉ុន្តែឆ្លុះបញ្ចាំងពី «ការនិទានរឿងមិនពិត»របស់រុស្ស៊ី និងបរាជ័យ ក្នុងការថ្កោលទោសការឈ្លានពានរបស់ខ្លួន។ទីភ្នាក់ងារសារព័ត៌មានរដ្ឋRIA បានដកស្រង់សម្តីលោកឡាវរ៉ូវ ដោយប្រាប់អ្នកសារព័ត៌មានថា៖«អ្វីដែលសំខាន់បំផុតសម្រាប់យើង គឺថា ឯកសាររបស់ចិន គឺផ្អែកលើការវិភាគអំពីហេតុផលនៃអ្វីដែលកំពុងកើតឡើង និងតម្រូវការ ក្នុងការលុបបំបាត់មូលហេតុឫសគល់ទាំងនេះ។«ផែនការនេះ ត្រូវបានគេរិះគន់ថា មានភាពមិនច្បាស់លាស់...ប៉ុន្តែនេះ គឺជាផែនការដ៏សមហេតុផលដែលអរិយធម៌ចិនដ៏អស្ចារ្យ បានស្នើឡើងឲ្យមានការពិភាក្សា»។លោកឡាវរ៉ូវ គ្រោងនឹងជួបសមភាគីចិន ក្នុងពេលឆាប់ៗនេះ ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមុនថា លោកនឹងពិចារណាអំពីការទៅប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងនៃអាណត្តិ ៦ឆ្នាំថ្មីរបស់ខ្លួន។ប្រទេសរុស្ស៊ី និយាយថា ខ្លួនមានឆន្ទៈក្នុងការចូលរួមក្នុងការពិភាក្សាអំពីអ៊ុយក្រែន ប៉ុន្តែទាំងនេះ ត្រូវតែឆ្លុះបញ្ចាំងពីអ្វីដែលខ្លួនហៅថា «ការពិតថ្មី»ជាក់ស្តែង ដែលកងកម្លាំងរបស់ខ្លួនគ្រប់គ្រងត្រឹមតែ១ភាគ៥នៃប្រទេសនេះ ហើយទីក្រុងមូស្គូ បានទាមទារតំបន់អ៊ុយក្រែនចំនួន៤ ជារបស់ខ្លួន។

ហ្វីលីពីន នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ជាមួយអាមេរិក ជប៉ុន និងអូស្ត្រាលី ខណៈភាពតានតឹងនៅអាស៊ី-ប៉ាស៊ីហ្វិក

2024/04/05 10:32:28 am        85
ប្រភពការទូតចំនួនពីរបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ទី៤មេសា សប្ដាហ៍នេះថាហ្វីលីពីន នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ខណៈប្រទេសទាំងបួនពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែខ្លាំង ដើម្បីទប់ទល់ការរីកសាយឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។សមយុទ្ធនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៧មេសា សប្ដាហ៍នេះ នៅសមុទ្រចិនខាងត្បូងកំពុងមានជម្លោះ ដែលទីក្រុងប៉េកាំងអះអាងសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុង ប៉ុន្មានថ្ងៃមុនលោកប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន នៅថ្ងៃទី១១ខែមេសា សប្ដាហ៍ក្រោយក្នុងទីក្រុង Washington។ ប្រភពការទូតទាំងនោះ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ព្រោះសមយុទ្ធនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ កាលពីដើមសប្តាហ៍នេះ នាវាចម្បាំងអូស្ត្រាលី HMAS Warramunga បានទៅដល់ខេត្តកោះ Palawan របស់ហ្វីលីពីន ដែលប្រឈមមុខនឹងជម្លោះដែនទឹកដ៏ក្តៅគគុក។ យោធាហ្វីលីពីនបាននិយាយថា ដំណើរទស្សនកិច្ចនេះគឺ សំដៅពង្រឹងទំនាក់ទំនងយោធាជាមួយបណ្ដាប្រទេសជាដៃគូ។ភាពតានតឹងក្នុងតំបន់បានកក្រើកឡើងខ្លាំងកាលពីឆ្នាំមុន ដោយសារប្រទេសចិនកាន់តែមានទំនុកចិត្តក្នុងការអះអាងសិទ្ធិកាន់កាប់លើដែនទឹក ដែលអះអាងសិទ្ធិគ្រប់គ្រងដោយហ្វីលីពីន និងជប៉ុន ក៏ដូចជាលើ កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ផងដែរ។ជាការឆ្លើយតប សហរដ្ឋអាមេរិកបានស្វែងរកការពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនក្នុងតំបន់ រួមទាំងជាមួយនឹងសម្ព័ន្ធមិត្តសន្ធិសញ្ញាជប៉ុន និងហ្វីលីពីនផងដែរ។ កិច្ចប្រជុំកំពូលដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែមេសា របស់លោក Biden ជាមួយ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos និងលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅសេតវិមាន នឹងក្លាយជាកិច្ចប្រជុំចុងក្រោយបង្អស់ជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិក៕

អង្គការសហប្រជាជាតិ អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការនាំចេញប្រេងឥន្ធនៈយន្តហោះ ទៅមីយ៉ាន់ម៉ា

2024/04/05 10:06:59 am        109
ស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់អង្គការសហប្រជាជាតិបានឯកភាពកាលពីថ្ងៃព្រហស្បតិ៍ ទី៤មេសា លើវិធានការនានាក្នុងគោលបំណងដាក់សម្ពាធលើរបសឹកសហភាពមីយ៉ាន់ម៉ា និងអ៊ីរ៉ង់ ដែលរដ្ឋាភិបាលរបស់ពួកគេត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាលើប្រជាជនរបស់ខ្លួន។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បង្កើតឡើងដោយមានសមាជិកចំនួន៤៧ប្រទេស គាំទ្រជាឯកច្ឆ័ន្ទនូវវិធានការមួយ ដែលអំពាវនាវឱ្យរដ្ឋាភិបាលនានាបញ្ចៀសការនាំចេញ ឬលក់ឥន្ធនៈយន្តហោះទៅឲ្យសហភាពមីយ៉ាន់ម៉ា ប្រសិនបើពួកគេជឿថារបបយោធាកំពុងកាន់អំណាច អាចប្រើប្រាស់ប្រេងឥន្ធនៈដើម្បីរំលោភសិទ្ធិមនុស្សនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហែកហួរដោយសង្រ្គាម និងភាពចលាចលខាងនយោបាយ។ អង្គការនេះ ក៏បានជំរុញឱ្យបញ្ឈប់ការផ្ទេរអាវុធ គ្រាប់បែក និងឧបករណ៍យោធាផ្សេងទៀតដោយខុសច្បាប់ទៅកាន់សហភាពមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍យោធាលោក មីន អ៊ុងឡាំង (Min Aung Hlaing) ផងដែរ ។ អ្នកជំនាញឯករាជ្យទទួលបន្ទុកដោយក្រុមប្រឹក្សានេះ បានព្រមានកាលពីខែមុនថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងបង្កើនអំពើហិង្សាលើជនស៊ីវិល ខណៈខ្លួនប្រឈមការដើរថយក្រោយបន្ថែមទៀតនៅលើសមរភូមិប្រឆាំងនឹងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ យោធាបានដណ្តើមអំណាចជាងបីឆ្នាំកន្លងទៅពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី(San Suu Kyi) បង្កឲ្យមានការប្រឆាំងអហិង្សាទូទាំងប្រទេស ដែលត្រូវបានវាយទប់ទល់វិញដោយការបង្ក្រាបដ៏ហិង្សាយ៉ាងសាហាវពីសំណាក់កម្លាំងយោធា។ ការគាបសង្កត់បានរុញឱ្យមានការងើបតស៊ូប្រដាប់អាវុធ និងច្រានប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរហូតមកដល់បច្ចុប្បន្ន។ ក្រុមតស៊ូមតិរបស់អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ឈប់ការដឹកជញ្ជូនប្រេងខុសច្បាប់ទៅកាន់សហភាពមីយ៉ាន់ម៉ា ហើយកាលពីខែមករា បានចង្អុលពីទិន្នន័យការដឹកជញ្ជូន ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីជៀសវាងការដាក់ទណ្ឌកម្មនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈអាកាសចរណ៍។អង្គការនេះបានបន្តទៀតថា យ៉ាងហោចណាស់ការដឹកជញ្ជូនប្រេងឥន្ធនៈចំនួនប្រាំពីរលើកបានទៅដល់មីយ៉ាន់ម៉ាកាលពីឆ្នាំមុន ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ចំពោះអង្គភាពស្តុកទុកក្នុងប្រទេសវៀតណាម៕

លោក ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែល នឹងចាត់វិធានការប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីការពារខ្លួន

2024/04/05 09:38:24 am        177
អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) បានត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារសងសឹក បន្ទាប់ពីការសង្ស័យថាខ្លួនបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី ក្នុងសប្តាហ៍នេះ ហើយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រទេសលោកនឹងធ្វើបាប «អ្នកណាដែលចង់ធ្វើបាប ឬមានផែនការធ្វើបាបអ៊ីស្រាអែល» ដើម្បីការពារខ្លួន។ការអត្ថាធិប្បាយនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល បានប្រកាសថាពួកគេកំពុងផ្អាកការចាកចេញសម្រាប់អង្គភាពប្រយុទ្ធទាំងអស់ រយៈពេលមួយថ្ងៃបន្ទាប់ពីបាននិយាយថា ពួកគេកំពុងចល័តកងទ័ពបន្ថែមទៀតសម្រាប់អង្គភាពការពារដែនអាកាស។លទ្ធភាពនៃការសងសឹករបស់អ៊ីរ៉ង់ ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលត្រូវបានសន្មត់ កាលពីថ្ងៃចន្ទ លើបរិវេណស្ថានទូតអ៊ីរ៉ង់ នៅទីក្រុង ដាម៉ាស បានបង្កើនទិដ្ឋភាពនៃសង្រ្គាមកាន់តែទូលំទូលាយ ទោះបីជាប្រភពចំនួនពីររបស់អ៊ីរ៉ង់បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវបានក្រិតតាមខ្នាតដើម្បីជៀសវាងការកើនឡើងនៃជម្លោះក៏ដោយ។ អ៊ីរ៉ង់ ដែលជាសត្រូវដ៏អង់អាចរបស់អ៊ីស្រាអែល បានស្បថសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍ពីរនាក់របស់ខ្លួន រួមជាមួយនឹងទីប្រឹក្សាយោធាចំនួនប្រាំនាក់ នៅក្នុងការវាយប្រហារតាមអាកាសលើបរិវេណការទូតអ៊ីរ៉ង់ មួយក្នុងរដ្ឋធានីស៊ីរី កាលពីថ្ងៃចន្ទ។ អ៊ីស្រាអែលត្រូវបានគេជឿថា បានធ្វើការវាយប្រហារដែលស្ថិតក្នុងចំណោមផលប្រយោជន៍ដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុងតេអេរ៉ង់។ អ៊ីស្រាអែល មិនបានបញ្ជាក់ ឬបដិសេធចំពោះការពាក់ព័ន្ធក្នុងការវាយប្រហារនោះឡើយ៕

ព្រះមហាក្សត្រនៃកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

2024/04/05 08:24:23 am        157
នៅព្រឹកថ្ងៃទី៥ខែមេសានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វ​ព្រះរាជ​ហឫទ័យ​ ស្តេចយាង​ចាកចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ ទៅ​កាន់​ប្រទេសជប៉ុន ដើម្បីបំពេញព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤​នេះតទៅ។ យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចថ្វាយព្រះករុណាស្តេចយាង​ចាកចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ សម្តេចឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ រាជវង្សានុវង្ស និង ឯក​អគ្គ​រាជ​ទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ព្រះរាជ​ទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងទៅកាន់ប្រទេសជប៉ុននេះ បើតាមព្រះរាជសារ របស់​ព្រះអង្គ​ដែលឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៤ ពេលអវត្ត​មាន​របស់​ព្រះអង្គ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថា ទំនាក់ទំនងការទូតរវាងជប៉ុន និង កម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៣ មកម៉្លេះ។ ប៉ុន្តែ​ទំនាក់ទំនងនេះបានជាប់គាំងនៅអំឡុងទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ដោយ​សារ​តែ​សង្គ្រាម​ស៊ីវិល និង​របបប្រល័យពូជសាសន៍នៅកម្ពុជា។ អ្វីដែលជាការទម្រង់ទិស និងការសម្រួច​ទំនាក់ទំនង​ប្រកប​ដោយភាពវិជ្ជមានរវាងកម្ពុជា-ជប៉ុន គឺការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុង​ការ​កសាង​សន្តិភាព និងស្តារប្រទេសកម្ពុជាឡើងវិញ ក្នុងទសវត្ស៨០ និង៩០ក្នុងនោះសម្តេច​តេជោ ហ៊ុន សែន បានចូលរួម​យ៉ាង​សកម្មជាមួយ​នឹង​ការ​រឹតចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ប្រទេសកម្ពុជា និងជប៉ុន គឺជាដៃគូ ដ៏សំខាន់ក្នុងតំបន់ជាច្រើន ហើយមាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ចេញ​ទៅ​សិក្សា ស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន និងមានប្រជាជនជប៉ុន ជាច្រើន​កំពុង​រស់​នៅ​ប្រទេសកម្ពុជា។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគាំទ្រការចូលរួមចំណែកក្នុងតំបន់ និង​សហគមន៍​អន្តរជាតិ។ប្រជាជនកម្ពុជា និងជប៉ុន មានការគោរពស្រឡាញ់ យោគយល់គ្នាយ៉ាងខ្លាំង។ បន្ថែម​ពីនេះ កម្ពុជា និងជប៉ុន ជាប្រទេសដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិដូចគ្នា ដោយ​រដ្ឋាភិបាលជប៉ុន បានយាងព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ទៅប្រទេស​ជប៉ុន​ក្នុង​ឋានៈ​ជា​ភ្ញៀវ​រដ្ឋ​នៅឆ្នាំ១៩៥៥។ ខណៈជាង១០ឆ្នាំមុន ព្រះចៅអធិរាជជប៉ុន ទ្រង់ក៏យាង​មក​កាន់​ទឹកដី​កម្ពុជា​ គ្រួសាររាជវង្សកម្ពុជា និងរាជវង្សជប៉ុន មានទំនាក់ទំនងយ៉ាងល្អ ដែលក្លាយជា​ចំណែក​មួយ​ដ៏សំខាន់​នៃទំនាក់ទំនងទ្វេភាគី។ជាមួយនឹងទំនាក់ទំនងការទូតនេះ ប្រទេសជប៉ុន បានបញ្ជូនអ្នកជំនាញរបស់ខ្លួន មក​ជួយ​ជួស​ជុល ប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ប្រទេស​ជ​ប៉ុន បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋ-សង្គម នៅកម្ពុជា ជាក់ស្តែង មានអ្នក​វិនិយោគិនជប៉ុនជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជប៉ុន ក៏ជា​ប្រទេស​ធំមួយ ក្នុងការផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ជាក់ស្តែង​ការ​ស្ថាបនា​ស្ពាន​ជ្រោយ​ចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង ដែលជាស្ពានឆ្លងទន្លេធំៗនៅកម្ពុជា។កម្ពុជា បានគាំទ្រគោលនយោបាយរបស់ជប៉ុន រួមទាំងនៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ប្រទេស​ទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញ ទៅមកលើឆាកអន្តរជាតិហើយតាមរយៈ ព្រះរាជទស្សន​កិច្ច​របស់​ព្រះអង្គ​ទៅ​កាន់​ប្រទេស​ជប៉ុនជាថ្មី​ម្តង​ទៀត​នេះ​នឹងនាំមកនូ​វផ្លែផ្កា​នៃ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជាច្រើនវិស័យថែមទៀតសម្រាប់ប្រទេសទាំង២៕ អត្ថបទ ៖ មុត សុទ្ធ់

លោក Biden ព្រមានលោក Netanyahu ពីការប្រែប្រួលជំហរអាមេរិក និងជីវិតជនស៊ីវីលហ្កាហ្សា ខណៈសម្ពាធក្នុងប្រទេសកើនឡើង

2024/04/05 08:02:20 am        120
លោកប្រធានាធិបតីអាមេរិក Joe Biden បានព្រមានអ៊ីស្រាអែល អំពីការភាពប្រែប្រួលយ៉ាងខ្លាំងក្នុងគោលនយោបាយរបស់លោកជុំវិញសង្រ្គាម នៅតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ៤មេសា ខណៈមានការអន់ចិត្តកាន់តែខ្លាំងចំពោះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanya hu និងការកើនឡើងសម្ពាធនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ លោក Biden បានឈជាខ្នងបង្អែកយ៉ាងរឹងមាំឲ្យអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាស ហើយរហូតមកដល់ពេលនេះ មានត្រឹមតែការរិះគន់លើរូបលោក ចំពោះការស្លាប់ជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា ពុំបានបញ្ឈប់ទីក្រុងវ៉ាស៊ីនតោន មិនឲ្យផ្គត់ផ្គង់ផ្នែករឹង ឬ hardware ខាងយោធាដល់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួននៅមជ្ឈិមបូព៌ាមួយនេះបានទេ។ ប៉ុន្តែ បច្ចុប្បន្នគណបក្សប្រជាធិបតេយ្យរបស់លោកBiden ប្រឈមការខឹងសម្បារយ៉ាងខ្លាំងពីអ្នកបោះឆ្នោតមូស្លីម និងវ័យក្មេង ចំពោះការគាំទ្ររបស់លោកលើអ៊ីស្រាអែល ហើយសម្ព័ន្ធមិត្តនយោបាយនៅក្នុងសហរដ្ឋអាមេរិក បាននឹងកំពុងជំរុញឱ្យរូបលោកបង្កើតលក្ខខណ្ឌក្នុងការផ្ដល់ជំនួយលើអាកប្បកិរិយារឹងរុសរបស់អ៊ីស្រាអែលដែលបានផ្លាស់ប្តូរ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេល ៣០ នាទីដ៏តានតឹងជាមួយលោក Netanyahu បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកជំនួយចំនួន ៧ នាក់នៅហ្កាហ្សា លោក Biden បានព្រមានថា ជំនួយអាមេរិកទៅឱ្យអ៊ីស្រាអែល ធ្វើទៅបានលុះត្រាតែជនស៊ីវិលមានសុវត្ថិភាពក្នុងតំបន់ហ្កាហ្សា។ សេតវិមានបាននិយាយថា នេះជាលើកដំបូងដែលលោក Biden បានបញ្ជាក់យ៉ាងច្បាស់ថាគោលនយោបាយរបស់សហរដ្ឋអាមេរិកទាក់ទងនឹងតំបន់ហ្កាហ្សា នឹងត្រូវបានកំណត់ដោយការវាយតម្លៃរបស់យើងអំពីសកម្មភាពភ្លាមៗរបស់អ៊ីស្រាអែល ដើម្បីបញ្ចប់ការកាប់សម្លាប់ និងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងដែនដីហែកហួរដោតសង្រ្គាមមួយនេះ។រដ្ឋបាលរបស់លោក Biden ប្រឈមទង្វើតុល្យភាពដ៏លំបាកមួយ ខណៈព្យាយាមកំណត់គោលនយោបាយស្ដីពីសង្រ្គាមនៅហ្កាហ្សា របស់ខ្លួនរវាងអ្វីដែលលោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន ហៅថាការប្តេជ្ញាចិត្ត ដែកថែប ទាំងស្រុងរបស់ខ្លួនចំពោះអ៊ីស្រាអែល និងការបង្កើនការប្រឆាំងសម្ពាធនៅប្រទេសរបស់ខ្លួនចំពោះសង្រ្គាមនេះ៕

នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤

2024/04/04 04:28:41 pm        109
នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ មានបើក​សន្និបាត​បូក​សរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាពឯកឧត្តម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​តំណាងឲ្យឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​និងមានការអញ្ជើញ​ចូលរួមពី​លោក​ស្រី​អភិបាលរងខេត្ត​តំណាងឲ្យអភិបាលខេត្តរួមទាំងមន្រ្តីមកពីស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូបទៀត ​នាព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៤នេះ។ក្នុងអង្គសន្និបាតនោះដែរ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទ បានថ្លែងថា ក្នុង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​បញ្ញាញាណ​របស់​សម្តេចធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​និង​គោល​នយោបាយ ឈ្នះ ឈ្នះ​ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ​របស់​សម្តេចតេជោ ហ៊ុន សែន បាន​ធ្វើឲ្យសង្គមជាតិទាំងមូលមាន​ការអភិវឌ្ឍ​រីកចម្រើនបានយ៉ាង​ឆាប់រហ័សលើគ្រប់វិស័យ។ឯកឧត្តម បាន​ឲ្យដឹងទៀតថា​ រាជរដ្ឋាភិបាលបានដាក់​ចេញនូវ​យុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់​កាលទី១ ដោយផ្តោតទៅលើវិស័យអាទិភាពចំនួន៥ ​គឺ ផ្លូវ​មនុស្ស ផ្លូវទឹក ភ្លើង និង​បច្ចេកវិឡា​ដើម្បីបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ​ជាប្រទេស​ដែលមាន​ចំណូលមធ្យម កម្រិតខ្ពស់ ឆ្នាំ២០៥០​ ជាប្រទេសដែលមានចំណូលខ្ពស់។ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទ ​បាន​បន្តថា​ ការអនុវត្តតាម​គោលការណ៍​រក្សាចាស់ បង្កើនថ្មី ​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ​គឺ​មាន​ឆន្ទៈ​យ៉ាង​មោះមុត​ក្នុងការ​ថែ​រក្សា​សមិទ្ធផល​ដែល​មានស្រាប់ ដែល​កើតចេញ​ពីការ​ចូលរួម​ពលីកម្មគ្រប់បែប​យ៉ាង​របស់​មន្ត្រីរាជការ​ទាំងអស់​រាប់​ទាំងមន្ត្រីដែលបានចូលនិវត្តន៍ ហើយយើងនឹងខិតខំបន្តចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិឱ្យកាន់​តែរីកចម្រើន​ទៅមុខបន្ថែមទៀត ​ដើម្បីរក្សាបាននូវសុខសន្តិភាព​ ស្ថេរភាពសង្គម ព្រមទាំងឱកាស​នៃការអភិវឌ្ឍ​ប្រទេសជាតិផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណានចុះអនុស្សរណៈចំនួន ៥ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ជាមួយគ្នា
08/27/2025 09:08 PM
​ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
08/27/2025 08:08 PM
គ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរ នៅអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមនុស្ស ២៥នាក់ស្លាប់
08/27/2025 08:08 PM
​​រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា»
08/27/2025 08:08 PM
ឯកឧត្តមគង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥
08/27/2025 08:08 PM
គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ អនុម័តសេចក្ដីស្នើច្បាប់ចូលបម្រើយោធាដោយស្ម័គ្រចិត្ត
08/27/2025 08:08 PM
IAEA វិលទៅកាន់អ៊ីរ៉ង់វិញ តែមិនទាន់មានកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យ
08/27/2025 08:08 PM
សម្តេច ប៉ាប ឡេអូ អំពាវនាវឲ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស
08/27/2025 08:08 PM
ចិន និងអារ៉ាប៊ីសាអ៊ូឌីត បើកកិច្ចពិភាក្សាពាណិជ្ជកម្ម និងវិនិយោគ នៅទីក្រុងប៉េកាំង
08/27/2025 08:08 PM
កូរ៉េខាងត្បូងនឹងហាមមិនឲ្យប្រើទូរសព្ទដៃ ក្នុងថ្នាក់រៀន ចាប់ពីខែមីនាឆ្នាំក្រោយ
08/27/2025 08:08 PM