រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ម៉ាក្រុង និយាយថា ក្រុមរដ្ឋអ៊ីស្លាម ដែលបានវាយប្រហាររុស្ស៊ី បានព្យាយាមវាយប្រហារបារាំង

2024/03/26 08:26:35 am        317
លោកប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron )បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស១៣៧នាក់ ក្នុងសាលប្រគំតន្ត្រីខាងក្រៅទីក្រុងមូស្គូ គឺជាផ្នែកមួយនៃសាខារបស់ក្រុមរដ្ឋអ៊ីស្លាម IS ដែលនៅពីក្រោយការប៉ុនប៉ងពុំបានសម្រេចក្នុងការវាយប្រហារនៅប្រទេសបារាំង កាលពីប៉ុន្មានខែមុន។ លោកម៉ាក្រុង និងលោកនាយករដ្ឋមន្ត្រី ហ្កាប្រ៊ីយ៉ែល អាតាល់ ( Gabriel Attal) បាននិយាយថា នេះជាមូលហេតុដែលរដ្ឋាភិបាលបារាំងកាលពីថ្ងៃអាទិត្យបានដំឡើងការព្រមានផ្នែកសន្តិសុខរបស់ប្រទេសនេះដល់កម្រិតខ្ពស់បំផុត ។ ទាហានជាច្រើនបន្ថែមទៀត នឹងត្រូវដាក់ពង្រាយត្រៀម និងល្បាតតំបន់នានាដែលប្រឈមគ្រោះថ្នាក់ខ្លាំង រួមទាំងសាលារៀនផងដែរ។ ក្រុមរដ្ឋអ៊ីស្លាម បាននិយាយថា ការវាយប្រហារនៅព្រឹត្តិការណ៍ប្រគតន្ត្រីនៅទីក្រុង មូស្គូ គឺជាស្នាដៃរបស់ពួកគេ។ លោកប្រធានាធិបតីបារាំងរូបនេះបាននិយាយថាការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុមរដ្ឋអ៊ីស្លាម ហើយហើយព័ត៌មាននេះ ដូចទៅនឹងទីភ្នាក់ងារចារកម្មរបស់យើង ព្រមទាំង ដៃគូរសំខាន់ៗ របស់យើងដែរ បានបង្ហាញថា គឺជារដ្ឋក្រុមរដ្ឋអ៊ីស្លាម ដែលបានរៀបផែនការ និងបានបើកការវាយប្រហារនេះ ។ លោកបានបន្ថែមថា ក្រុមនេះ ធ្លាប់បានប៉ុនប៉ងវាយប្រហារកាលពីប៉ុន្មានខែមុន នៅលើទឹកដីរបស់យើង ។ ក្រោយមកលោកអាតាល់ បាននិយាយថា ទាំងនេះ រួមបញ្ចូលទាំងកម្រោងវាយប្រហារលើទីក្រុង ស្ត្រាស្បើក (Strasbourg ក្នុងប្រទេសបារាំងភាគខាងកើត៕

អបអរសាទរខេត្តក្រចេះ ត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

2024/03/26 07:26:58 am        276
ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៤ គឹជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារបោសសម្អាតមីន និងសំណល់​ជាតិផ្ទុះ​ពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិបត្តិករចំនួន ៣ រួមមាន មជ្ឈមណ្ឌលជាតិគ្រប់គ្រង​កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម មជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បានបោសសម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន និងសំណល់ជាតិ​ផ្ទុះផ្សេងទៀត​ប្រមាណ ៦ ម៉ឺនគ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ជូន​ប្រជាពលរដ្ឋជិត ៤០ ម៉ឺននាក់។សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀត​ក្នុង​រយៈពេលជាង ៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែក​ហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរដ្ឋធានីវៀងចន្ទន៍

2024/03/26 07:10:50 am        208
នារសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបៃ ដាំឡាត់ (Khambai Damlat) ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនកាន់តែប្រសើរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីមកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗមួយចំនួន និងរចនាសម្ព័ន្ធរបស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរចំពោះឯកឧត្តមប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។ ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀតរបស់ប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្តសមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន៕

រដ្ឋមន្ត្រីហ្វីលីពីន ហ៊ានជំរុញចិន ឱ្យដាក់ការទាមទារអធិបតេយ្យភាពដែនសមុទ្រទៅតុលាការមជ្ឈត្តកម្ម

2024/03/25 02:06:05 pm        109
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅថ្ងៃចន្ទ (២៥ មីនា) នេះ បានរុញឱ្យប្រទេសចិន យកការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ទៅកាន់តុលាការមជ្ឈត្តកម្មអន្តរជាតិ ប្រសិនបើចិនមានភាពក្លាហានធ្វើបែបនោះ បន្ទាប់ពីការប្រឈមមុខដាក់គ្នាមួយទៀតកាលពីចុងសប្តាហ៍ ប៉ុន្តែបាននិយាយថាទីក្រុងម៉ានីល នឹងមិនរាថយចំពោះជំហររបស់ខ្លួនឡើយ។ហ្វីលីពីន បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរចិន ថាបានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងទូកស៊ីវិលដែលផ្គត់ផ្គង់កងទ័ពឈរជើងលើនាវាចម្បាំង មានមូលដ្ឋាននៅដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលមានជម្លោះ ដោយបានធ្វើឱ្យខូចខាតដល់ទូកផ្គត់ផ្គង់ឡើងវិញ និងធ្វើឱ្យនាវិកមួយចំនួនរងរបួស។រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បានប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើចិនមិនខ្លាចក្នុងការបញ្ជាក់ការអះអាងរបស់ខ្លួនទៅកាន់ពិភពលោក ហេតុអ្វីបានជាមិនយកការអះអាងនោះទៅតុលាការមជ្ឈត្តកម្មដើម្បីសម្រេចនៅក្រោមច្បាប់អន្តរជាតិទៅ»។ ប្រទេសចិនបានទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលជាកម្មសិទ្ធិរបស់ខ្លួន រួមទាំងដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ចំងាយ ៣២០ គីឡូម៉ែត្ររបស់ហ្វីលីពីន។ទីក្រុងប៉េកាំង បានដាក់ពង្រាយនាវាឆ្មាំល្បាតឆ្នេររាប់រយគ្រឿងនៅទូទាំងសមុទ្រចិនខាងត្បូង ដើម្បីល្បាតនូវអ្វីដែលខ្លួនចាត់ទុកថាជាទឹកដីរបស់ខ្លួន ទោះបីជាតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍បានបញ្ជាក់យ៉ាងច្បាស់ក្នុងឆ្នាំ២០១៦ ថាការទាមទារដ៏ធំរបស់ខ្លួននេះមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិក៏ដោយ៕

កូរ៉េខាងជើង៖ នាយករដ្ឋមន្រ្តីជប៉ុន បង្ហាញចេតនាចង់ជួបលោក គីម ជុងអ៊ុន កាលពីពេលថ្មីៗនេះ

2024/03/25 02:03:33 pm        101
សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong Un) បាននិយាយនៅថ្ងៃចន្ទ (២៥ មីនា) នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ថ្មីៗនេះបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការជួបមេដឹកនាំកូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ តាមរយៈ «បណ្ដាញមួយផ្សេងទៀត»។លោកស្រី គីម ត្រូវបានដកស្រង់សម្តី ដែលបាននិយាយនៅក្នុងរបាយការណ៍ KCNA ជាភាសាកូរ៉េថា «នាយករដ្ឋមន្ត្រីជប៉ុន គួរតែដឹងថាគ្រាន់តែលោកចង់ និងបានធ្វើការសម្រេចចិត្តលើលទ្ធភាពនៃជំនួបនោះ មិនមានន័យថាលោកអាចជួប ឬមេដឹកនាំនៃប្រទេសរបស់យើងនឹងជួបលោកនោះទេ»។លោក គីស៊ីដា បាននិយាយថា លោកចង់ជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) «ដោយគ្មានលក្ខខណ្ឌណាមួយជាមុន» ហើយកំពុងត្រួតពិនិត្យដោយផ្ទាល់នូវកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចប្រជុំកំពូលមេដឹកនាំបែបនេះជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ដែលបម្រើការនៅក្នុងបក្សពលករដែលកំពុងកាន់អំណាចរូបនេះ កាលពីខែមុន ធ្លាប់បាននិយាយថា លោក គីស៊ីដា ប្រហែលអាចទៅទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃណាមួយ៕

ការចាប់ឆ្នោតលេខរៀងបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្តបានបិទបញ្ចប់ដោយរលូន

2024/03/25 11:52:22 am        191
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការ​ចាប់ឆ្នោត​លេខ​រៀង​របស់​គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌ អាណត្តិទី៤ បានបិទបញ្ចប់ដោយរលូន។ ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពី គ.ជ.ប បានដំណើរការចុះបញ្ជីគណបក្សនយោបាយ និង​ការ​ចុះ​បញ្ជី​បេក្ខជន​ឈរបោះឆ្នោត​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោតជ្រើ​សរើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលបានអនុវត្តរយៈពេលបីសប្តាហ៍មកនេះ គ្រប់​គណៈកម្មការ​រាជ​ធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៥ បានបិទ​បញ្ចប់​រួចរាល់​ទៅ​ដោយ​រលូន​ទាំង​ការ​ចុះ​ប​ញ្ជី​គណបក្ស​នយោបាយ, ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងការចាប់ឆ្នោតលេខរៀង។ ឯកឧត្តម បន្តថា ក្នុងចំណោមគណបក្សនយោបាយទាំង៥ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ​ដែល​បានដាក់ចុះបញ្ជី និងដាក់បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​ខ្លួន​ទៅ​ទូទាំង​ប្រទេស។ បន្ទាប់ពីបិទបញ្ចប់ការចុះបញ្ជីបេក្ខជន និងការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ ឯកឧត្តម បានឱ្យដឹងដែរថា គ.ជ.ប បានចាប់​ផ្តើម​ទទួល​ការ​ស្នើ​សុំ​ចូល​រួម​សង្កេតការណ៍​បោះឆ្នោត​ពី​បណ្តាគណបក្សនយបាយ និងអង្គការមិនរដ្ឋាភិបាល ខណៈមកដល់ពេលនេះ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួនជាង៣០០នាក់។អ្នកនាំពាក្យរូបនេះ លើកឡើងថា ក្រោយពីដំណើរការ​ស្នើ​សុំ​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​បាន​បញ្ចប់​ គ.ជ.ប នឹងត្រៀម​សម្រាប់​ដំណាក់​កាល​ឃោសនា​រក​សំឡេង​ឆ្នោត​ដែ​ល​នឹង​ប្រព្រឹត្ត​នា​ដើម​ខែ​ឧសភាខាងមុខ។សូមជម្រាបថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យ​ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការ​បោះឆ្នោតនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ដោយ​មាន​អង្គ​បោះឆ្នោត​ជា​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ សេក ឧត្តម 

លោក Zelensky និយាយវាយបកបន្ទាប់ពីរុស្ស៊ីភ្ជាប់អ៊ុយក្រែន ទៅនឹងការវាយប្រហារនៅក្រុងមូស្គូ

2024/03/25 11:49:48 am        167
ខណៈព័ត៌មាននៃការវាយប្រហារនៅសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ បានផ្ទុះឡើងកាលពីថ្ងៃសុក្រ ប្រជាជនអ៊ុយក្រែន ដឹងថានឹងមានអ្វីកើតឡើងដែលទីក្រុងគីវ នឹងត្រូវបានដាក់កំហុស។អ្វីដែលគេរំពឹងទុកបន្ទាប់គឺយានដ្រូន និងមីស៊ីលជាច្រើនបន្ថែមទៀតនឹងធ្លាក់មក។ ការចោទប្រកាន់បានចាប់ផ្តើមភ្លាមៗ។ ពួកគេគ្រាន់តែនិយាយពីតម្រុយដំបូងប៉ុណ្ណោះ រហូតដល់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងដោយចំហថា អ្នកដែលបានវាយប្រហារនៅទីក្រុងមូស្គូ បានព្យាយាមរត់ភៀសខ្លួនចូលទៅកាន់ប្រទេសអ៊ុយក្រែន។បន្ទាប់មក មិនយូរប៉ុន្មាន មុនថ្ងៃរះកាលពីថ្ងៃអាទិត្យ សំឡេងផ្ទុះកើតឡើងនៅទីក្រុងគីវ។ នៅពេលដែលលោកPutin បានធ្វើអត្ថាធិប្បាយ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៊ី ក្រុមជ្រុលនិយមរដ្ឋឥស្លាម (IS) បានប្រកាសរួចហើយថាពួកគេ បានធ្វើសកម្មភាពឃាតកម្មនេះ។ នៅពេលនេះ ក្រុមរដ្ឋឥស្លាម(IS) បានបញ្ចេញវីដេអូដ៏លាក់កំបាំងនៃការសម្លាប់រង្គាលរបស់ពួកគេ ដោយថតនៅលើកាមេរ៉ាសុវត្ថិភាព និងរួមទាំងសំឡេងស្រែកថា «ព្រះគឺអស្ចារ្យបំផុត» ពីអ្នកវាយប្រហារ។ នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky មានការខឹងសម្បារយ៉ាងខ្លាំងដែលប្រទេសរបស់លោក ត្រូវបានដាក់កំហុស។ លោកបានចាត់ទុកប្រធានាធិបតីរុស្ស៊ី និងអ្នកដទៃទៀតនៅក្នុងទីក្រុងមូស្គូ ថាជាមនុស្សអាក្រក់សម្រាប់ការផ្សារភ្ជាប់ការវាយប្រហារនៅទីនោះ ជាមួយទីក្រុងគីវ។ លោកបាននិយាយថា មេដឹកនាំរុស្ស៊ីដែល«មិនសប្បាយចិត្ត» មានការព្រួយបារម្ភកាន់តែច្រើនអំពីការវាយប្រហារលើទីក្រុងគីវ ជាជាងការធានាចំពោះពលរដ្ឋរបស់ខ្លួន។ បន្ទាប់មកលោក Zelensky បានបង្វែរនិយាយអំពីទីក្រុងមូស្គូ ដោយនិយាយថា ទីក្រុងនេះបានបញ្ជូន ភេរវកររាប់ម៉ឺននាក់ ទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានពេញលេញ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ កងទ័ពទាំងនោះបច្ចុប្បន្នកំពុងប្រព្រឹត្តយ៉ាងឃោឃៅលើអ៊ុយក្រែន ជាជាងការការពាររុស្ស៊ីប្រឆាំងការគំរាមកំហែងពិតប្រាកដនៃលទ្ធិជ្រុលនិយម។ ពួកគេដុតទីក្រុងរបស់យើង ពួកគេធ្វើទារុណកម្ម និងចាប់រំលោភ។នគរបាលអ៊ុយក្រែន បានបើកសំណុំរឿងឧក្រិដ្ឋកម្មរាប់ពាន់ករណីប្រឆាំងទាហានរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ។

អង់គ្លេសព្រមានពូទីន កុំឲ្យប្រើការវាយប្រហារទៅលើទីក្រុងមូស្គូ ដើម្បីបង្កើនសង្គ្រាមលើអ៊ុយក្រែន

2024/03/25 11:43:06 am        105
ចក្រភពអង់គ្លេស បានព្រមានលោក វ្ល៉ាឌីមៀ ពូទីន កុំឲ្យប្រើការវាយប្រហារភេរវកម្មដ៏សាហាវនៅទីក្រុងមូស្គូជា «លេស»ដើម្បីធ្វើឲ្យសង្រ្គាមកាន់តែខ្លាំងឡើងលើអ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ីរូបនេះ បានប្រើសុន្ទរកថាកាលពីថ្ងៃសៅរ៍ ដើម្បីចោទប្រកាន់ទីក្រុងទីក្រុងពីការព្យាយាមជួយខ្មាន់កាំភ្លើងចំនួន៤ នាក់ឲ្យរត់គេចខ្លួន បន្ទាប់ពីពួកគេបានបើកការបាញ់ប្រហារទៅលើជនរងគ្រោះ នៅក្នុងសាលប្រគុំតន្ត្រី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣០នាក់។ក្រុមរដ្ឋឥស្លាម (IS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះបន្តិចក្រោយមក ខណៈដែលអ៊ុយក្រែន បានបដិសេធការជាប់ពាក់ព័ន្ធណាមួយឡើយ។ ការវាយតម្លៃនោះ ត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក ដែលបានព្រមានកាលពីប៉ុន្មានសប្តាហ៍មុនអំពីការវាយប្រហារភេរវកម្ម ដែលនឹងកើតឡើង នៅទីក្រុងមូស្គូ។កាលពីថ្ងៃសៅរ៍ ក្រុមIS បានចេញផ្សាយរូបថតសែលហ្វីរបស់ក្រុមបុរស ដែលខ្លួនបាននិយាយថា មានការជាប់ពាក់ព័ន្ធជាមួយនឹងព័ត៌មានលម្អិតអំពីរបៀបដែលពួកគេគ្រោង និងប្រតិបត្តិការវាយឆ្មក់ នៅសាលប្រគុំតន្ត្រី Crocus City Hall។ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងវីដេអូរយៈពេល៥នាទីដែលប្រកាសពីការចាប់ខ្លួនជនល្មើស លោកពូ ទីន បាននិយាយថា៖«ពួកគេបានព្យាយាមលាក់ខ្លួន និងគេចខ្លួនទៅប្រទេសអ៊ុយក្រែន ដែលកាលពីមុន មានច្រកមួយ ត្រូវបានរៀបចំសម្រាប់ពួកគេឆ្លងព្រំដែន»។

រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់ លើគម្រោងវិនិយោគទេសចរណ៍ចំនួន១៣ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់...

2024/03/25 11:31:16 am        75
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យនិងវាយតម្លៃរកឃើញថាគម្រោងវិនិយោគ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលក្នុងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលទី១មានផ្ទៃដីទំហំ ៩,៨៦ហិចតា ,ទី២ ផ្ទៃដី៩,៦៧ ហិចតា និង ទី៣មានផ្ទៃដី ៨,៦៧ ហិចតា ,គម្រោង២កន្លែងទៀត នៅជាប់តំបន់ស្នូល ដីទំហំចំនួន ៨,៦២ ហិចតា , មានផ្ទៃដីទំហំ ៧,០៧៩ ហិចតា ,និង៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ ក្រពើពីរ ដែលមានផ្ទៃដីប្រមាណជាង៦០ហិកតា ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដោយមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធាន​ការ​ចុះត្រួតពិនិត្យនិងវាយតម្លៃ លើការគោរពច្បាប់និងធនធានធម្មជាតិ ចំពោះគម្រោងវិនិយោគទេស​ចរណ៍នានា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងបន្ថែមថា ក្រសួងនឹងដកហូតមកវិញ និងធ្វើការដាំស្តារព្រៃឈើ​ឡើងវិញ លើគម្រោងវិនិយោគណា ដែលត្រូវបានពិនិត្យនិងវាយតម្លៃឃើញថា គម្រោងមិនបាន​អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល មិនបានដំណើរការអភិវឌ្ឍ​ជាច្រើនឆ្នាំកន្លងមក ។ សូមបញ្ជាក់ថា អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើមុំចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីទទួលបានភាពបៃតងរបស់កម្ពុជា គឺយើងត្រូវរួមចំណែក ធ្វើយ៉ាងណាដាំដុះដើមឈើ ឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការ ដាំដើមឈើយ៉ាងតិចចំនួន ១លាន ដើមក្នុង១ឆ្នាំ ដោយ ប្រជាពលរដ្ឋ អាចទទួលបានកូនឈើយកទៅដាំ ដោយឥតគិតថ្លៃពីក្រសួងបរិស្ថាន ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមសហគមន៍ លំនៅឋាន សាលារៀន វត្តអារាមជាដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅបំពេញទស្សនកិច្ចនៅឡាវ

2024/03/25 11:28:02 am        64
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ តបតាម​ការ​អញ្ជើញ​របស់​លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។នៅអំឡុងម៉ោងប្រមាណ ១០ ព្រឹក សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​ដឹក​នាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិ Wattay នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមា​និត​ឡាវ និងមានការទទួលបដិសណ្ឋារកិច្ចដោយឯកឧត្តម Alounxai Sounnalath រដ្ឋមន្ត្រី​អម និងឯកឧត្តម Phoxay Khaykhamphithoune អនុរដ្ឋមន្ត្រីការបរទេស ព្រមទាំង ឯកឧត្តម Phouvong Vongkhamsao អភិបាលរងក្រុងវៀងចន្ទន៍។ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដំណើរ​ទស្សន​កិច្ច​ផ្លូវការរបស់សម្តេចធិបតីទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នា​ឱកាស​នេះ​នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតី​ភាព​ជា​អ្នក​ជិត​ខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ផល​ប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ។ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤ វេលាម៉ោង ១៣:៣០ រសៀលនាទី។យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថ ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេច​ធិបតី​ទៅ​កាន់​ប្រទេសឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង​រវាង​ប្រទេស​ទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាព​សម្រាប់​ផល​ប្រយោជន៍​របស់​ប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការងារ៖ បងប្អូនដែលអត់ទាន់មានការងារធ្វើ សូមទូរសព្ទទៅលេខ ១២៩៧
08/25/2025 05:08 PM
អ៊ីស្រាអែលវាយប្រហារមន្ទីរពេទ្យ នៅហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់ រួមមានអ្នកសារព័ត៌មានផងដែរ
08/25/2025 05:08 PM
វៀតណាមប្រឈមនឹងការមកដល់របស់ព្យុះទីហ្វុង Kajiki ខណៈវាបោកបក់ជិតដល់តំបន់ឆ្នេរ
08/25/2025 05:08 PM
អតីតឯកអគ្គរដ្ឋទូតបារាំង៖ អឺរ៉ុបកំពុងបង្ហាញភាពអសមត្ថភាព ក្នុងជម្លោះ នៅអ៊ុយក្រែន
08/25/2025 05:08 PM
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំរុស្ស៊ីនិយាយថា ទីក្រុងញូវដែល្លី នឹងទិញប្រេងពីទីកន្លែងណាដែលអាចទទួលបានកិច្ចព្រមព្រៀងល្អបំផុត
08/25/2025 05:08 PM
ក្រុមសកម្មប្រយុទ្ធវាយប្រហារជំរុំសន្តិសុខ នៅភាគពាយព្យប៉ាគីស្ថាន ដោយបានសម្លាប់មន្ត្រី ៣នាក់ និងបង្កឲ្យរបួស ១៧នាក់
08/25/2025 05:08 PM
រលកកម្តៅចុងក្រោយ នៅអេស្ប៉ាញ គឺ «ក្ដៅខ្លាំងបំផុតក្នុងកំណត់ត្រា»
08/25/2025 05:08 PM
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់និយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលដណ្តើមគ្រប់គ្រងហ្កាហ្សា នឹងក្លាយជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ
08/25/2025 05:08 PM
មន្ត្រីរុស្ស៊ី មើលឃើញវិបត្តិសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ថា ជាលទ្ធផលនៃគោលនយោបាយមិនល្អ
08/25/2025 04:08 PM
អតីតយុទ្ធជន និងពលរដ្ឋភៀសសឹក ២៥គ្រួសារក្នុងខេត្តកំពង់ធំទទួលអំណោយពីសម្ដេចធិបតី
08/25/2025 04:08 PM