ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយអាវុធថ្មីដល់អ៊ុយក្រែន ជាច្រើនខែក្រោយការព្រមានពីការអស់លុយ

2024/03/13 12:40:55 pm        395
រដ្ឋបាលរបស់លោក Biden បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាមួយផ្សេងទៀតដល់អ៊ុយក្រែនដែលមានទំហំទឹកប្រាក់រហូតដល់៣០០លានដុល្លារកាលពីថ្ងៃអង្គារបន្ទាប់ពីការព្រមានជាច្រើនខែថាមិនមានលុយនៅសល់ទេ ដោយក្រុមមន្ត្រីបាននិយាយថា មូលនិធិថ្មីនេះអាចកើតឡើងបានដោយសារការសន្សំដែលបានធ្វើឡើងនៅក្នុងកិច្ចសន្យាអាវុធ។ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រកាសកញ្ចប់ថវិកានេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានកាលពីរសៀលថ្ងៃអង្គារ។ លោក Sullivan បាននិយាយថា នៅពេលកងទ័ពរុស្ស៊ីរុលទៅមុខ ហើយបាញ់ស្រោចយ៉ាងខ្លាំង អ៊ុយក្រែនមិនមានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់បាញ់តបតវិញទេ។ ដោយសារតែខ្វះអាវុធទើបធ្វើឲ្យបាត់បង់ជីវិតកងទ័ព។ ហើយធ្វើឱ្យយើង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ត្រូវខាតបង់។ ក្រោយមកលោកប្រធានាធិបតី Joe Biden បានបង្ហាញអារម្មណ៍ស្រដៀងគ្នាដោយនិយាយថាកញ្ចប់នេះ "មិនគ្រប់គ្រាន់ទេ" ហើយសភាត្រូវការអនុម័តថវិកាបន្ថែម។ ថ្លែងជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ និងប្រធានាធិបតីប៉ូឡូញលោក Biden បាននិយាយតាមទស្សនៈរបស់ខ្ញុំ យើងត្រូវធ្វើសកម្មភាពមុនពេលអ្វីៗយឺតពេល ព្រោះដូចប៉ូឡូញអញ្ចឹងត្រូវចាំថា រុស្ស៊ីនឹងមិនឈប់ត្រឹមអ៊ុយក្រែនទេ ។ លោក Putin នឹងបន្តទៅមុខ ដោយដាក់អឺរ៉ុប សហរដ្ឋអាមេរិក ពិភពលោកសេរីទាំងមូលប្រឈមនឹងហានិភ័យ ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃអង្គារថា កញ្ចប់ថវិកានេះនឹងរួមបញ្ចូល មីស៊ីលប្រឆាំងយន្តហោះ Stinger គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធបាញ់មីស៊ីល HIMARS កាំភ្លើងធំ១៥៥ មីល្លីម៉ែត្រ រួមទាំងគ្រាប់រំសេវបំផ្ទុះបានខ្ពស់ និង គ្រាប់កាំភ្លើងធំ ១០៥ មីល្លីម៉ែត្រ ប្រព័ន្ធប្រឆាំងរថក្រោះ AT4 គ្រាប់រំសេវអាវុធធុនតូច គ្រាប់រំសេវទូទៅ គ្រាប់រំសេវសម្រាប់បោសសម្អាតឧបសគ្គ គ្រឿងបន្លាស់ ការថែទាំ និងឧបករណ៍បន្ថែមផ្សេងទៀត៕

អ្នកជំនាញ៖ ជើងហោះត្រង់ពីប្រទេសឆ្ងាយៗមកកម្ពុជានឹងកើនខ្លាំង ក្រោយព្រលានយន្តហោះថ្មី​សង់រួច

2024/03/13 12:29:07 pm        436
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ចុះ​ហត្ថលេខា​ព្រមព្រៀងគ្នាជាមួយបណ្តាប្រទេសជាច្រើនលើការតភា្ជប់ជើងហោះហើរត្រង់មកកម្ពុជា ខណៈកម្ពុជា កំពុងស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​នឹង​គ្រោង​ដាក់​ឱ្យប្រើប្រាស់​នៅ​ឆ្នាំក្រោយ​នេះ។ ស្របពេលនេះអ្នកជំនាញក្នុងវិស័យទេសចរណមើលឃើញថា កម្ពុជា​នឹង​មាន​អ្នក​ដំណើរ និងទេសចរ​អន្តរជាតិ​កើន​ឡើង​ខ្លាំង​ក្រោយ​កម្ពុជា​មាន​ភាព​សំបូរ​បែប​ការ​ទទួល​ជើង​ហោះហើរ​អន្តរជាតិធំៗ។លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា ថ្លែង​ប្រាប់ BTVនៅថ្ងៃទី១៣ ខែមីនានេះថា តាមរយៈហេដ្ឋារចនាសម្ព័ន្ធសំបូរបែប នៃព្រលាន​យន្ត​ហោះខ្នាត​ធំ​ជាច្រើន​កន្លែង​របស់​កម្ពុជា​នឹង​អាច​ទទួលជើង​យន្តហោះគ្រប់​ខ្នាត​ទាំងអស់​របស់​ពិភព​លោក ​មកចុះចតនៅកម្ពុជាបាន។ កត្តានេះ គឺជាកិច្ចការដ៏ល្អបំផុត សម្រាប់អ្នកដំណើរអន្តរជាតិ និង​ទេសចរអន្តរជាតិ អាចធ្វើដំណើរហោះត្រង់មកកម្ពុជា ហើយអ្វីដែលកម្ពុជា ត្រូវសហការ​ធ្វើ​បន្ត​នោះ​គឺ​ការទាក់ទាញអ្នកដំណើរ ទេសចរអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើន។ អ្នកជំនាញរូបនេះបន្តថា ដើម្បីជំរុញទាក់ទាញអ្នកដំណើរទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន ស្ថាប័ន​ពាក់ព័ន្ធនានា គួរគាប្បី​សហការគ្នា​លើ​ការ​ផ្សព្វផ្សាយ​អំពី​ទីផ្សារ​គោលដៅ​ទេសចរណ៍​កម្ពុជា។ ការកែទម្រង់ផលិតផលទេសចរណ៍ និងការផ្លាស់ប្តូរ​ផ្នត់​គំនិត​ប្រជាជន​លើ​ការ​ទទួល​ស្វាគមន៍​ទេសចរឲ្យបានល្អ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងថា នៅពេល​ព្រលាន​យន្តហោះអន្តរជាតិតេជោថ្មីបើកដំណើរការ គឺកម្ពុជា​នឹង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ទទួល​ជើង​យន្ត​ហោះគ្រប់ខ្នាតទាំងអស់របស់ពិភពលោក ហោះត្រង់មកកម្ពុជាបាន ហើយ​បច្ចុប្បន្ន​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កំពុងខិតខំសហការជាមួយស្ថាប័នរដ្ឋ ឯកជន និង​បាន​ជួបជាមួយបណ្តាអង្គទូត ថ្នាក់ដឹកនាំស្ថានប័នជំនាញប្រទេសដៃគូ ជំរុញបង្កើន​កិច្ច​សហ​ប្រតិបត្តិតភា្ជប់ជើងហោះត្រង់ ដែលមានភាពចំណិញពេលវេលា និងថវិកា​នៃ​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​៕ អត្ថបទ៖ ស៊ុម សុខជា 

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន តែងតាំងគណៈរដ្ឋមន្ត្រីដែលមានភារកិច្ច បញ្ចប់វិបត្តិសេដ្ឋកិច្ច

2024/03/13 12:22:09 pm        215
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសសមាជិកសំខាន់ៗនៃគណៈរដ្ឋមន្ត្រីរបស់លោក ដោយបានប្រគល់ភារកិច្ចឲ្យពួកគេដឹកនាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយបំណុល អតិផរណាកើនឡើង និងតម្លៃប្រាក់រូពីធ្លាក់ចុះ។រដ្ឋមន្ត្រីថ្មីទាំង ១៩រូបរបស់ប៉ាគីស្ថាន បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីការបោះឆ្នោតមួយត្រូវបានរំខានដោយការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោត។រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Muhammad Aurangzeb ដែលជាប្រធានធនាគារឈានមុខគេរបស់ប៉ាគីស្ថាន ដែលមានប្រវត្តិផ្នែកហិរញ្ញវត្ថុអន្តរជាតិ គឺជាអ្នកបច្ចេកទេសតែមួយគត់ ដែលត្រូវបានតែងតាំងក្នុងចំណោមក្រុមអ្នកស្មោះត្រង់នឹងលោក Sharif ។នាយករដ្ឋមន្ត្រីជាលើកទីពីរលោក Sharif ដឹកនាំសម្ព័ន្ធភាពដ៏ផុយស្រួយ ដែលគាំទ្រដោយគូប្រជែងយូរអង្វែងរបស់គណបក្សសម្ព័ន្ធអ៊ីស្លាមប៉ាគីស្ថាន- Nawaz គឺគណបក្សប្រជាជនប៉ាគីស្ថាន (PPP)។សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន ពឹងផ្អែកលើប្រាក់កម្ចីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីផ្តល់សេវាទូទាត់សងរបស់ខ្លួន ជាកម្មវិធីដែលភ្ជាប់មកជាមួយលក្ខខណ្ឌជាច្រើន។លោក Sharif បានប្រាប់គណៈរដ្ឋមន្ត្រីរបស់ខ្លួនកាលពីថ្ងៃចន្ទថា ពួកគេនឹងត្រូវធ្វើ «ការវះកាត់ដ៏ជ្រៅ» លើបញ្ហាហិរញ្ញវត្ថុរបស់ប្រទេស ដោយបន្ថែមថា «បញ្ហាប្រឈមចម្បងបំផុតដែលប្រទេសរបស់យើងប្រឈមមុខ គឺអតិផរណា»។

ប្រមុខអង្គការសហប្រជាជាតិ ទទួលស្គាល់កិច្ចព្រមព្រៀង ដែលមានគោលបំណង បញ្ចប់វិបត្តិនៅហៃទី

2024/03/13 12:16:05 pm        264
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានបង្ហាញការវាយតម្លៃចំពោះសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប និងដៃគូរបស់ខ្លួនសម្រាប់ការបង្កើតដំណោះស្រាយ ចំពោះវិបត្តិនៅក្នុងប្រទេសហៃទី។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា ប្រមុខអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសហៃទី ធ្វើសកម្មភាពប្រកបដោយ ការទទួលខុសត្រូវ និងមានចំណាត់ការឆ្ពោះទៅរកការអនុវត្តន៍កិច្ចព្រមព្រៀងលើការរៀបចំអភិបាលកិច្ច អន្តរកាល ដើម្បីស្តារ ស្ថាប័នលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការបោះឆ្នោតដោយសន្តិវិធី គួរឱ្យ ទុកចិត្ត និងមានការចូលរួម។ កិច្ចព្រមព្រៀងនេះ រួមមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតី និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ លោក Dujarric បាននិយាយថា លោក Guterres ក៏បានទទួលស្គាល់ការប្រកាសរបស់នាយករដ្ឋមន្ត្រី លោក អារីយ៉ែល ហេនរី(Ariel Henry) ថាលោក នឹងលាលែងពីតំណែង ភ្លាមៗនៅពេលមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល។ អ្នកនាំពាក្យរូបនេះបាននិយាយថាលោកអគ្គលេខាធិការ បានបញ្ជាក់ឡើងវិញ នូវសាមគ្គីភាពមិនផ្លាស់ប្តូរ របស់លោក ជាមួយប្រជាជនហៃទី ដែលត្រូវការសុវត្ថិភាព ទីជម្រក ស្បៀងអាហារ និងការថែទាំសុខភាព ហើយត្រូវរស់នៅក្នុងសេចក្តីថ្លៃថ្នូរ។ វាមានសារៈសំខាន់ដែលសហគមន៍អន្តរជាតិ សហគមន៍តំបន់ សមុទ្រការ៉ាអ៊ីបនិងអ្នកដទៃ គាំទ្រមធ្យោបាយនេះ ហើយយើងសង្ឃឹមថានឹងនាំទៅរកថ្ងៃល្អប្រសើរ សម្រាប់ប្រជាជនហៃទី។ លើផ្នែកមនុស្សធម៌ អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថាប័នពិភពលោក និងដៃគូរបស់ខ្លួន បន្តផ្តល់ជំនួយសង្គ្រោះក្នុងពេលមានអំពើហឹង្សារបស់ក្រុមជនអន្ធពាល។ លោកបាន និយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងដៃគូរបស់ខ្លួន បន្តដំណើរការគ្លីនិកវេជ្ជសាស្រ្តចល័ត នៅតាមទីតាំងសម្រាប់ជនភៀសខ្លួន ហើយកំពុងបង្កើតមន្ទីរពេទ្យបង្អែកសម្រាប់ករណី ងាយរងគ្រោះ បន្ថែមទៀត។

យានចម្លង Space One Kairos របស់ជប៉ុន បានផ្ទុះនៅលើអាកាស ក្រោយការបាញ់បង្ហោះភ្លាមៗ

2024/03/13 12:05:00 pm        194
យានចម្លង Space One Kairosរបស់ប្រទេសជប៉ុន បានផ្ទុះភ្លាមៗក្រោយការបាញ់បង្ហោះនៅថ្ងៃពុធទី១៣មីនានេះ ខណៈដែលក្រុមហ៊ុននេះ បានព្យាយាមក្លាយជាក្រុមហ៊ុនរបស់ជប៉ុនលើកដំបូងដើម្បីដាក់ផ្កាយរណបនៅក្នុងគន្លងតារាវិថី។ យានចម្លងដើរដោយតឥន្ធនៈរឹង ៤ ដំណាក់កាល ប្រវែង១៨ ម៉ែត្រ ឬស្មើ ៥៩ហ្វីត បានផ្ទុះប៉ុន្មានវិនាទីបន្ទាប់ពីបានហោះឡើងនៅម៉ោង១១និង១នាទីព្រឹក ម៉ោងនៅប្រទេសជប៉ុន បង្កឲ្យមានផ្សែងហុយខ្មួលខ្មាញ់ និងឆេះនៅជិតទីតាំងបាញ់បង្ហោះនៅលើចុងឧបទ្វីប គី (Kii)ប្រទេសជប៉ុនភាគខាងលិច។ យានចម្លង Kairos បានដឹកផ្កាយរណប ពិសោធន៍មួយរបស់រដ្ឋាភិបាលដែលអាចជំនួសជាបណ្ដោះអាសន្ននូវផ្កាយរណបចារកម្មបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងគន្លងតារាវិថី ប្រសិនបើផ្កាយរណបទាំងនោះដាច់សេវា ។ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះនេះ ឬមានអ្នករងរបួសនោះទេ។ ជាធម្មតានៅជិតទីតាំងបាញ់បង្ហោះ ពុំមានមនុស្សនៅក្បែរនោះទេ អំឡុងពេលចាប់ផ្តើមដំណើរការ៕

លោកBiden ទទួលបានការតែងតាំងជាបេក្ខជនដែលនឹងជួបគ្នាជាថ្មីទៀត ជាមួយលោកTrump ក្នុងការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ

2024/03/13 11:52:03 am        233
លោកប្រធានាធិបតី Joe Biden បានឈ្នះប្រតិភូរគ្រប់គ្រាន់កាលពីថ្ងៃអង្គារទី១២មីនា ដើម្បីទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវជួបអតីតប្រធានាធិបតីលោក Donald Trump នាពេលខាងមុខជាអ្វីដែលនឹងក្លាយជាការជួបគ្នាជាថ្មីរវាងបេក្ខជនទាំង២ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរយៈពេលជិត៧០ឆ្នាំ។ លោក Biden ត្រូវការប្រតិភូ១.៩៦៨នាក់ ដើម្បីទទួលបានការតែងតាំង ជាចំនួនមួយដែលស្ថាប័នស្រាវជ្រាវ Edison Research បាននិយាយថា លោកទទួលបានសំឡេងលើសចំនួន នៅរាត្រីថ្ងៃអង្គារSuper Tuesday ខណៈទទួលបានលទ្ធផលពីការប្រកួតប្រជែងបឋមក្នុងរដ្ឋចចា មុនលទ្ធផលដែលបានរំពឹងទុកពី នៅរដ្ឋ Mississippi, Washington ដែនដីប្រជុំកោះម៉ារីយ៉ាណាខាងជើង និងអ្នកប្រជាធិបតេយ្យដែលកំពុងរស់នៅបរទេស។ លោក Biden បានចេញសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីទទួលបានដំណឹង ក្នុងបំណងជាអ្វីដែលលោកបានហៅយុទ្ធនាការរបស់លោក Trump ថាជាយុទ្ធនាការពោពេញដោយកំហឹង ការសងសឹក និងការដាក់ទោស ដែលគំរាមកំហែងដល់គ្រប់ផ្នត់គំនិតរបស់សហរដ្ឋអាមេរិក។លោកបាននិយាយថា ពេលនេះ អ្នកបោះឆ្នោតមានជម្រើសអំពីអនាគតរបស់ប្រទេសនេះហើយ។ តើយើងនឹងក្រោកឈរនិងការពារលទ្ធិប្រជាធិបតេយ្យរបស់យើង ឬបណ្ដោយឲ្យអ្នកផ្សេងមកផ្ដួលរំលំ? តើយើងនឹងត្រូវស្ដារសិទ្ធិសេរីភាពរបស់យើងដើម្បីជ្រើសរើសនិងការពារសិទ្ធិសេរីភាពរបស់យើង ឬត្រូវបណ្ដោយឲ្យក្រុមជនជ្រុលនិយមដណ្ដើមយកពីយើងទៅ?។ លោក Trump ត្រូវគេរំពឹងថាឈានទៅកាន់តែជិតទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី សម្រាប់គណបក្សសាធារណរដ្ឋកាលពីល្ងាចថ្ងៃអង្គារ ខណៈរដ្ឋចំនួន៤ បានរៀបចំការប្រកួតប្រជែងរួមទាំងរដ្ឋចចា ជារដ្ឋដ៏ប្រទាញប្រទង់ជាទីដែលលោក Trumpប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌចំពោះការព្យាយាមបង្វែរលទ្ធផលឆ្នោតកាលពីឆ្នាំ២០២០៕

ទ្រព្យរុស្ស៊ី ដែលត្រូវបង្កកដោយសហភាពអឺរ៉ុប នឹងបង្កើតប្រាក់ចំណេញបានរាប់ពាន់លានអឺរ៉ូ រហូតដល់ឆ្នាំ២០២៧

2024/03/13 11:44:38 am        134
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់បាននិយាយថា ទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ទំនងជាអាចទទួលបានពី ១៥ ពាន់លានទៅ ២០ ពាន់លានអឺរ៉ូ នៅក្នុងប្រាក់ចំណេញក្រោយការបង់ពន្ធរហូតដល់ឆ្នាំ២០២៧ អាស្រ័យលើការវិវត្តនៃអត្រាការប្រាក់សកល។មន្ត្រីរូបនេះបានឱ្យដឹងថា ផ្នែកមួយនៃប្រាក់ចំណេញ ក៏ដូចជាពន្ធលើចំនួនសរុប ទំនងជាត្រូវបានផ្ទេរពីសហភាពអឺរ៉ុប ទៅទីក្រុងគីវ ជាទៀងទាត់ ប៉ុន្តែប្រាក់មួយចំនួននឹងត្រូវទុកនៅលោកខាងលិច ដើម្បីបង្កើតការទប់ស្កាត់ប្រឆាំងនឹងការសងសឹកដែលរំពឹងទុករបស់រុស្ស៊ី ដែលអាចធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកមានអស្ថិរភាព។មន្ត្រីសហភាពអឺរ៉ុប ដែលជិតស្និទ្ធនឹងការចរចាស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិនេះបាននិយាយថា «យើងចង់ជួយអ៊ុយក្រែន ប៉ុន្តែយើងក៏នឹងត្រូវតែធានាថាមិនមានការរំលោភលើស្ថិរភាពហិរញ្ញវត្ថុ»។ប្រហែល ៧០ ភាគរយនៃទ្រព្យសកម្មរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅលោកខាងលិច គឺត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាលរបស់ប្រទេសបែលហ្ស៊ិក យ៉ូរ៉ូឃ្លៀ (Euroclear) ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូនៃតម្លៃមូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីផ្សេងៗ៕

នាយករដ្ឋមន្ត្រីបារាំង ព្រមានអំពីចំណុចផ្លាស់ប្តូរដ៏សំខាន់ នៅអ៊ុយក្រែន

2024/03/13 11:41:24 am        230
នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal កាលពីថ្ងៃអង្គារ បានថ្លែងប្រាប់សភាថា ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី បានឈានដល់«ចំណុចផ្លាស់ប្តូរដ៏សំខាន់» ដោយព្រមានអំពី«គ្រោះថ្នាក់ជាក់ស្តែង និងពិតប្រាក» សម្រាប់ប្រទេសបារាំង ប្រសិនបើរុស្ស៊ីទទួលបានជ័យជម្នះលើកងកម្លាំងរបស់ទីក្រុងគីវ។លោក Attal បានចេញនូវទស្សនៈយ៉ាងម៉ឺងម៉ាត់អំពីហានិភ័យនៃការមិនគាំទ្រអ៊ុយក្រែន នៅមុនការបោះឆ្នោតជានិមិត្តរូបនៅក្នុងសភាលើយុទ្ធសាស្ត្រអ៊ុយក្រែនរបស់លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ខណៈដែលភាពតានតឹងក្នុងស្រុក បានផ្ទុះឡើង នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នៅខែមិថុនា។យុទ្ធនាការរបស់លោកម៉ាក្រុង បាននិងកំពុងស្វែងរកនៅក្នុងប្រទេសនូវសារៈសំខាន់នៃការគាំទ្រកាន់តែច្រើនសម្រាប់អ៊ុយក្រែន ដែលកំពុងតែអស់គ្រាប់រំសេវ ដោយទទូចថា សន្តិសុខរបស់អឺរ៉ុប កំពុងប្រឈមនឹងគ្រោះថ្នាក់។បន្ទាប់ពីការជជែកដេញដោល សភាជាន់ទាប បានអនុម័តយុទ្ធសាស្ត្រអ៊ុយក្រែនរបស់រដ្ឋាភិបាល រួមទាំងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដែលចុះហត្ថលេខាដោយលោកម៉ាក្រុង និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីខែមុន។លោក Attal បានថ្លែងកិច្ចប្រជុំសភាថា៖«អ៊ុយក្រែន កំពុងមើលពួកយើង រង់ចាំការបញ្ជាក់ និងសញ្ញានៃការរួបរួមរបស់យើង នៅពីក្រោយពួកគេ»។លោកបានបន្ថែមថា យើងកំពុងឈានដល់ចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងជម្លោះ ហើយថា ជ័យជម្នះរបស់រុស្ស៊ីមាន «គ្រោះថ្នាក់ជាក់ស្តែង» សម្រាប់«ជីវិតប្រចាំថ្ងៃរបស់ប្រជាជនបារាំង»។

ទួរគី ព្រមានប្រឆាំងនឹងការរីករាលដាលជម្លោះអ៊ុយក្រែន ទៅអង្គការណាតូ ដែលធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរ

2024/03/13 11:38:10 am        113
ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃអង្គារ (១២ មីនា) ថារាល់ជំហានដែលនឹងធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរនៅអ៊ុយក្រែន និងអាចរីករាលដាលជម្លោះទៅកាន់អង្គការណាតូ ត្រូវតែជៀសវាង ដោយបន្ថែមថា លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) បន្ទាប់ពីការបោះឆ្នោតនៅចុងខែនេះ។សមាជិកណាតូ ទួរគី គាំទ្របូរណភាពទឹកដីអ៊ុយក្រែន ប៉ុន្តែប្រទេសនេះក៏រក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយរុស្ស៊ី និងបាននិយាយជាទៀងទាត់ជាមួយភាគីទាំងពីរក្នុងជម្លោះ។ ទួរគីបានផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធា និងនយោបាយ ប៉ុន្តែក៏ប្រឆាំងនឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ផងដែរ។លោក អឺដូហ្កាន់ បាននិយាយនៅក្នុងឯកសារយោងទៅកាន់កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលបានគ្រោងទុកនៅប្រទេសស្វីសនៅចុងឆ្នាំនេះថា «ផែនការសន្តិភាពដែលមិនរាប់បញ្ចូលរុស្ស៊ី នឹងមិនផ្តល់លទ្ធផលអ្វីនោះទេ ហើយយើងប្រាកដថា ជំហានដែលនឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ ដែលនឹងរីករាលដាលដល់អង្គការណាតូ ត្រូវតែជៀសវាង»។ប្រទេសទួរគី ធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ប៉ុន្តែចាប់តាំងពីពេលនោះមកបានត្អូញត្អែរថាមិនមានវិធានការការទូតណាមួយត្រូវបានធ្វើឡើងដើម្បីជំរុញកិច្ចពិភាក្សាទាំងនេះទេ៕

សម្ដេចធិបតី៖ ទោះពេទ្យល្អ ព្យាបាលមិនបង់ប្រាក់ក្ដី ក៏គួរជៀសវាងទៅមន្ទីរពេទ្យ

2024/03/13 11:31:02 am        152
មានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែន កោះធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូមរក្សាថែសុខភាពឱ្យបានល្អ ជៀសវាងចូលទៅមន្ទីរពេទ្យ ទោះមន្ទីរពេទ្យនោះរដ្ឋាភិបាលបានដាក់ពង្រាយគ្រូពេទ្យជំនាញ និងផ្ដល់បណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺ ដោយមិនមានបង់ថវិកាក្ដី។ដើម្បីថែរក្សាសុខភាពឱ្យបានល្អ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូម ឧស្សាហ៍ហាត់ប្រាណឱ្យបានជាប្រចាំ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានរំលេចឱ្យដឹងផងដែរថា នៅបណ្ដាប្រទេស ជាច្រើនក្នុងពិភពលោក មានដូចជាអាម៉េរិកក្ដី គេបានចេញច្បាប់មួយ ដើម្បីផ្ដល់ថវិកាសម្រាប់ពលរដ្ឋ ចំណាយលើការហាត់ប្រាណផ្ទាល់ខ្លួន។ ពលរដ្ឋដែលបានហាត់ប្រាណទៀងទាត់មានសុខភាពល្អ ពលរដ្ឋមានសុខភាពល្អ រដ្ឋមិនចំណាយថវិកាលើការព្យាបាលជំងឺជូនពលរដ្ឋនោះទេ។សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការចំណាយថវិកាលើការព្យាបាលជំងឺជូនពលរដ្ឋ គឺច្រើនជាងចំណាយ លើការផ្ដល់ថវិកាសម្រាប់ឱ្យពលរដ្ឋទៅហាត់ប្រាណទៅទៀត៕ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្រុករស់នៅទីក្រុងដាម៉ាសវាយតម្លៃផលប៉ះពាល់ ខណៈការចំណាយកើនឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា
05/01/2026 08:05 PM
សិស្សសាលាស៊ូដង់មិនបានចូលរៀនជាច្រើនឆ្នាំ ដោយសារសង្គ្រាម
05/01/2026 08:05 PM
អ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនដែលរងរបួសធ្ងន់
05/01/2026 08:05 PM
ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទេវហេតុលិចទូកនៅឥណ្ឌា កើនឡើងដល់ ៦នាក់
05/01/2026 08:05 PM
អាមេរិកចាប់ផ្តើមឡើងវិញជើងហោះហើរដឹកអ្នកដំណើរទៅកាន់វេណេស៊ុយអេឡា ក្រោយផ្អាករយៈពេល ៧ឆ្នាំ
05/01/2026 08:05 PM
លោក Trumpនិយាយថា លោកប្រហែលជាដកទាហានសហរដ្ឋអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញ
05/01/2026 08:05 PM
ជំរំរដ្ឋ Texas ជាទីដែលទឹកជំនន់សម្លាប់មនុស្ស ២៨នាក់ ផ្អាកផែនការបើកឡើងវិញក្នុងរដូវក្តៅនេះ
05/01/2026 07:05 PM
ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយមនុស្ស ៦នាក់ រងការចាក់ដោយកាំបិតនៅវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
05/01/2026 07:05 PM
មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ាក្នុងទីក្រុងម៉ានីល នៅទិវាពលកម្មអន្តរជាតិ ដោយទាមទារដំឡើងប្រាក់ខែ និងបញ្ចប់ជម្លោះមជ្ឈិមបូព៌ា
05/01/2026 07:05 PM
នាយករដ្ឋមន្ត្រីស្លូវ៉ាគី និយាយថា EU សួរសំណួរអំពីកិច្ចពិភាក្សារបស់លោកជាមួយលោក PUTIN
05/01/2026 07:05 PM