សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

មេបញ្ជាការកងទ័ពស៊ូដង់ ជំរុញឲ្យមានសមាជិកភាពឡើងវិញនៅក្នុងសហភាពអាហ្វ្រិក

2024/03/04 09:45:25 pm        218
លោក អាប់ដែល ហ្វាតា អាល់ ប៊ឺហាន(Abdel Fattah Al-Burhan) ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ បានបញ្ជាក់កាលពីថ្ងៃអាទិត្យអំពី ទំនុកចិត្តរបស់ប្រទេសស៊ូដង់នៅក្នុងសហភាពអាហ្រ្វិក (AU) ដោយអំពាវនាវឱ្យមានការស្តារឡើងវិញនូវសមាជិកភាពពេញលេញរបស់ប្រទេសស៊ូដង់ នៅក្នុងអង្គការប្រចាំតំបន់នេះ។ លោក Al-Burhan បាននិយាយដូច្នេះ នៅពេលលោកបានទទួលគណៈប្រតិភូ នៃគណៈកម្មការជាន់ខ្ពស់របស់សហភាពអាហ្វ្រិក ស្តីពីដំណោះស្រាយនៃជម្លោះនៅប្រទេសស៊ូដង់ ដែលដឹកនាំដោយ លោក ម៉ូហាម៉េដ អាយបន ចាំប៉ាស(Mohamed Ibn Chambas) នៅទីក្រុង Port Sudan ជារដ្ឋធានីនៅរដ្ឋសមុទ្រក្រហម។ សេចក្តីថ្លែងការណ៍បាននិយាយថា លោក Al-Burhan បានសម្តែងនូវទំនុកចិត្តរបស់ប្រទេសស៊ូដង់ ចំពោះសហភាពអាហ្រ្វិក និងដំណោះស្រាយដែលខ្លួនអាចផ្តល់ឲ្យ ដោយបានផ្តល់ថា ប្រទេសស៊ូដង់ ដោះស្រាយជាមួយអង្គការនេះខណៈជាសមាជិកពេញសិទ្ធិ។ លោក Al-Burhan បញ្ជាក់បន្ថែមទៀតថា មូលដ្ឋាននៃដំណោះស្រាយ គឺស្ថិតនៅក្នុងការដកកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ចេញពីទីក្រុង និងភូមិនានា ដែលពួកគេបានចូលកាន់កាប់។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក អាយបន ចាំប៉ាស (Ibn Chambas) បានបញ្ជាក់លើតម្រូវការដើម្បីបញ្ឈប់ជម្លោះ សម្រេចបាននូវស្ថិរភាពសម្រាប់ប្រទេសស៊ូដង់ និងប្រជាជនរបស់ខ្លួន។លោកបាននិយាយពីភាពខ្នះខ្នែងរបស់គណៈកម្មការជាន់ខ្ពស់សហភាពអាហ្វ្រិក និងការខិតខំស្វែងរកដំណោះស្រាយចំពោះវិបត្តិ ប្រទេសស៊ូដង់។ កាលពីថ្ងៃទី ១៧ ខែមករា សហភាពអាហ្វ្រិក បានប្រកាសពីការបង្កើតគណៈកម្មាការកម្រិតខ្ពស់ជុំវិញការដោះស្រាយជម្លោះនៅក្នុងប្រទេសស៊ូដង់។ យោងតាមការប៉ាន់ប្រមាណថ្មីៗ ដែលចេញផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានឲ្យដឹងថា ប្រទេសស៊ូដង់ បាននិងកំពុងឃើញការប៉ះទង្គិចគ្នាដ៏ឃោឃៅរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣។ មនុស្សជាង ១៣.០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ។

រដ្ឋមន្ត្រីការបរទេសទួរគី បញ្ជាក់ថា ដល់ពេលចាប់ផ្តើមកិច្ចចរចា ដើម្បីបទឈប់បាញ់នៅអ៊ុយក្រែនហើយ

2024/03/04 09:03:46 pm        221
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានអំពាវនាវឲ្យមានការពិភាក្សាស្តីពីបទឈប់បាញ់នៅអ៊ុយក្រែន ដើម្បីចាប់ផ្តើម បន្ទាប់ពីវេទិកាការទូត នៅទីក្រុង អានតាល់យ៉ា (Antalya) របស់ប្រទេសទួរគី។សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា លោក Fidan បាននិយាយកាលពីថ្ងៃទី៣ ខែមីនា៖«ចំពោះបញ្ហាអ៊ុយក្រែន ទស្សនៈរបស់យើង គឺថាភាគីទាំងពីរ បានឈានដល់ដែនកំណត់នៃអ្វីដែលពួកគេអាចទទួលបានដោយសង្រ្គាម។ យើងគិតថា វាដល់ពេលហើយ ដើម្បីចាប់ផ្ដើមកិច្ចពិភាក្សាមួយសម្រាប់បទឈប់បាញ់»។ លោក Fidan បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃទី១ ខែមីនា ក្នុងអំឡុងវេទិកានេះ ដោយប្រាប់អ្នកសារព័ត៌មានថា អ្នកទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រួមទាំងសង្គ្រាមនៅអ៊ុយក្រែន នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។រដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្ថែមថា ការបើកកិច្ចចរចាបទឈប់បាញ់ «មិនមែនមានន័យថា ការទទួលស្គាល់ការកាន់កាប់ (ដោយរុស្ស៊ី)នោះទេ ប៉ុន្តែបញ្ហានៃអធិបតេយ្យភាព និងបទឈប់បាញ់ គួរតែត្រូវបានពិភាក្សាដោយឡែកពីគ្នា»។លោកFidan បានបញ្ជាក់ថា៖«ការស្លាប់ និងរបួសរបស់មនុស្សជាង ៥០០.០០០ នាក់ និងការបំផ្លិចបំផ្លាញទាំងស្រុងនៃហេដ្ឋារចនាសម្ព័ន្ធ និងរចនាសម្ព័ន្ធទំនើបរបស់ប្រទេសទាំងមូល មិនមែនជាការពិតដែលពួកយើងអាចទ្រាំទ្របាននោះទេ»។

ក្រុមហ៊ុនអូស្រ្តាលី ចង់វិនិយោគលើការកែច្នៃដំណាំស្ពៅនៅកម្ពុជា

2024/03/04 08:34:53 pm        352
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ ក្រុមហ៊ុន ដែលផ្ដោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។ លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងបានបញ្ជាក់ផងដែរថា ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចធិបតី ក៏បានបញ្ចាក់ផងដែរថារាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ និងថ្មីដេីម្បីផលិតថាមពលអគ្គិសនី​ គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត។ រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ឈប់ការផ្តល់ការអនុញ្ញាតឱ្យបង្កេីតនូវរោងចក្រដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែបទៀត​ ផងដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា។ បន្ថែមពីនេះ ឆ្លេីយតបទៅនឹងបំណង​វិនិយោគរបស់ក្រុមហ៊ុន​ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ៕

ក្រុមសង្គ្រោះអ៊ុយក្រែនបញ្ចប់ការស្វែងរក បន្ទាប់ពីការវាយប្រហារដោយយានដ្រូននៅទីក្រុង Odesa សម្លាប់មនុស្ស១២នាក់

2024/03/04 08:27:06 pm        360
ក្រុមអ្នកជួយសង្គ្រោះ បានបញ្ចប់ប្រតិបត្តិការ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើអគារលំនៅឋានមួយកន្លែងក្នុងទីក្រុងOdesa ភាគខាងត្បូង ដោយបានរកឃើញសាកសពចំនួន ៤ នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១២ នាក់។ អភិបាលតំបន់ Odesa លោក Oleh Kiper បានសរសេរនៅលើបណ្តាញតេឡេក្រាម ថា ក្រុមសង្គ្រោះ ធ្វើការកាលពីល្ងាចថ្ងៃអាទិត្យ បានរកឃើញសាកសពក្មេងស្រីអាយុ៨ឆ្នាំម្នាក់ នៅក្បែរសាកសពបងប្រុសរបស់នាង ដែលត្រូវបានរកឃើញមុននោះ។ក្រុមអ្នកជួយសង្គ្រោះ នៅពេលមុនថ្ងៃនោះបានរកឃើញសាកសពម្តាយម្នាក់និងទារក។ លោក Kiper បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ ៥ នាក់នៅក្នុងអគារលំនៅឋាន នៅទីក្រុង Odesa គឺជាទារក ក្មេងបំផុតមានអាយុ ៤ខែ។ យានដ្រូន បានធ្លាក់ចូលទៅក្នុងអគារលំនៅឋាននមួយកន្លែងនៅទីក្រុង Odesa កាលពីថ្ងៃសៅរ៍។ ប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយថា ការស្លាប់និងរងរបួសអាចត្រូវបានបញ្ចៀស ប្រសិនបើ អ៊ុយក្រែនមិនប្រឈមមុខទៅនឹងការពន្យារពេល ក្នុងការដឹកជញ្ជូនសព្វាវុធ។រដ្ឋមន្ត្រីមហាផ្ទៃ លោក អ៊ី ហ ក្លីមីនកូ(Ihor Klymenko) បានបង្ហោះតាមបណ្តាញតេឡេក្រាមថា កងកម្លាំងរុស្ស៊ី បានរងរបួស១៦នាក់ ក្នុងការវាយប្រហារដោយគ្រាប់បែកពីលើអាកាស ទៅលើអគារលំនៅឋានមួយកន្លែងនៅភាគខាងកើតទីក្រុង គូរ៉ាខូវ(Kurakhove) ភាគខាងលិចមជ្ឈមណ្ឌលតំបន់ Donetsk គ្រប់គ្រងដោយរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ អំពាវនាវឲ្យលោកខាងលិច ស្វែងរកប្រាក់សម្រាប់ទិញគ្រាប់ផ្លោងឲ្យអ៊ុយ ក្រែន «ជាបន្ទាន់»

2024/03/04 07:55:02 pm        286
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Häkkänen អំពាវនាវឲ្យលោកខាងលិចបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន និងស្វែងរកប្រាក់សម្រាប់ទិញគ្រាប់ផ្លោង «ជាបន្ទាន់» ។លោក Häkkänen បាននិយាយថា អឺរ៉ុបមិនបានដឹងពីភាពធ្ងន់ធ្ងរនៃសង្រ្គាមតាមរយៈប្រវត្តិសាស្ត្រ ហើយមិនបានផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រគ្រប់គ្រាន់នោះទេ។សហភាពអឺរ៉ុប មានបំណងផ្គត់ផ្គង់អ៊ុយក្រែននូវកាំភ្លើងធំមួយលានគ្រាប់នៅឆ្នាំនេះ។ មុននេះ ប្រទេស ឆេក បានរាយការណ៍ថា ខ្លួនបានរកឃើញគ្រាប់កាំភ្លើងធំចំនួន ៨០០.000 គ្រាប់នៅក្នុងបណ្តាប្រទេសក្រៅសហភាពអឺរ៉ុប។ ប្រទេសនេះ បានស្នើឲ្យប្រទេសសហភាពអឺរ៉ុប និងអង្គការណាតូផ្សេងទៀត ជួយ ផ្តល់ហិរញ្ញប្បទានលើលទ្ធកម្មនេះ។ តម្លៃប៉ាន់ស្មាននៃគ្រាប់រំសេវ គឺប្រហែល ១,៣ ពាន់លានអឺរ៉ូ។ ពុំទាន់មានការសម្រេចចិត្តលើការផ្តល់មូលនិធិ ត្រូវបានធ្វើឡើងនៅឡើយទេ។«មូលនិធិសម្រាប់គាំទ្រសព្វាវុធនៅអ៊ុយក្រែន ត្រូវតែរកឲ្យបានជាបន្ទាន់ »។រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការបង្កើនការផលិតអាវុធ ក្នុងស្រុកនៅក្នុងសហភាពអឺរ៉ុប។ លោក Häkkänen បាននិយាយថា វឌ្ឍនភាពមួយចំនួន ត្រូវបានធ្វើឡើងរួចហើយនៅក្នុងបញ្ហានេះ។លោកបានបន្តថា៖ «បណ្តាប្រទេសនៅអឺរ៉ុប បានគ្រប់គ្រងការបង្កើនផលិតកម្មផ្ទាល់ខ្លួន ហើយពួកគេជិតសម្រេចបានគោលដៅហើយ»។

ហ្វីលីពីន ធ្វើការល្បាតតាមសមុទ្រដើម្បីពិនិត្យវត្តមាននាវាស្រាវជ្រាវរបស់ចិន

2024/03/04 07:30:19 pm        277
ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (០៤ មីនា) នេះបានបញ្ជូននាវាឆ្មាំល្បាតឆ្នេរមួយគ្រឿងដើម្បីបំពេញបេសកកម្មល្បាតរយៈពេលពីរសប្តាហ៍នៅក្នុងដែនទឹកភាគខាងជើង និងខាងកើតនៃប្រទេស ដើម្បីបង្កើនវត្តមានដែនសមុទ្ររបស់ខ្លួន និងត្រួតពិនិត្យលើនាវាស្រាវជ្រាវរបស់ចិន ដែលត្រូវបានគេប្រទះឃើញនៅដែនទឹក បេនហាម រ៉ាយ (Benham Rise)។ដែនទឹក បេនហាម រ៉ាយ ដែលស្ថិតនៅឆ្នេរខាងកើតប្រទេសហ្វីលីពីន គឺជាតំបន់ដ៏ធំមួយដែលបានប្រកាសដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១២ ថាជាផ្នែកមួយនៃតំបន់បាតសមុទ្រទឹករាក់របស់ប្រទេស ហើយទីក្រុងម៉ានីល ក្នុងឆ្នាំ២០១៧ បានប្តូរឈ្មោះដែនទឹកនេះថា «ហ្វីលីពីន រ៉ាយ»។ឆ្មាំល្បាតឆ្នេរសមុទ្រហ្វីលីពីន (PCG) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវារបស់ខ្លួននឹងល្បាតដែនទឹកដើម្បីធ្វើការស្វែងយល់ពីដែនសមុទ្រ បង្កើនវត្តមានរបស់ខ្លួននៅភាគខាងជើងកោះ លូហ្ស៊ូន (Luzon) និងតាមដានអ្នកនេសាទក្នុងតំបន់។ ដែនទឹក បេនហាម រ៉ាយ ដែលសម្បូរទៅដោយជីវចម្រុះ និងស្តុកត្រី មិនមែននៅក្នុងសមុទ្រចិនខាងត្បូងទេ ហើយទីក្រុងប៉េកាំង ក៏មិនបានទាមទារតំបន់នេះដែរ។ទោះបីជាយ៉ាងណាក៏ដោយ ចិនជាប់ពាក់ព័ន្ធក្នុងជម្លោះដែនទឹកផ្សេងទៀតជាមួយហ្វីលីពីន ជុំវិញប្រជុំកោះនៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុង បើទោះបីជាមានសេចក្តីសម្រេចឆ្នាំ២០១៦ ដែលថា ការទាមទាររបស់ខ្លួនមិនមានមូលដ្ឋានច្បាប់នៅក្រោមច្បាប់អន្តរជាតិក៏ដោយ៕

ទាហានកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ ជុំវិញការគំរាមកំហែងរបស់កូរ៉េខាងជើង

2024/03/04 07:26:59 pm        253
ក្រុមមន្ត្រីបាននិយាយថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធនានិទាឃរដូវរបស់ពួកគេនៅថ្ងៃចន្ទ (០៤ មីនា) នេះជាមួយនឹងទាហានចូលរួមមានចំនួនពីរដងបើធៀបនឹងឆ្នាំមុន ខណៈដែលសម្ព័ន្ធមិត្តព្យាយាមទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីល ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។សមយុទ្ធ ខែលការពារសេរីភាព (Freedom Shield) ដែលកំណត់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមីនា នេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើង បន្តអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងបានធ្វើការសាកល្បងប្រព័ន្ធអាវុធផ្សេងទៀត ហើយសមយុទ្ធនេះគឺជាលើកទីមួយ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ កាលពីខែវិច្ឆិកាមក។យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឱ្យដឹងថា ចំនួនកងទ័ពពីភាគីទាំងសងខាងដែលចូលរួមក្នុងសមយុទ្ធនេះ មានចំនួនពីរដងបើធៀបនឹងឆ្នាំមុន នៅក្នុងការហ្វឹកហ្វឺនរួមគ្នាចំនួន ៤៨ ជុំ រួមទាំងការវាយលុក និងការវាយប្រហារតាមអាកាស។អ្នកនាំពាក្យអគ្គសេនាធិការចម្រុះ លោកវរសេនីយ៍ឯក លី សុងជុន (Lee Sung-jun) បាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងជាចម្បងដើម្បីបន្សាបការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំង «កំណត់អត្តសញ្ញាណ និងវាយប្រហារប្រឆាំង» មីស៊ីលតម្រង់គោលដៅ ដែលទីក្រុងព្យុងយ៉ាង បានអះអាងថាអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៕

អ៊ុយក្រែន ត្រៀមខ្លួនទប់ទល់ការវាយប្រហារព័ត៌មានមិនពិតរបស់រុស្ស៊ី លើលោក Zelensky

2024/03/04 07:24:09 pm        351
អាជ្ញាធរអ៊ុយក្រែន ព្រួយបារម្ភថាប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelensky) មានភាពងាយរងគ្រោះចំពោះយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ដែលនឹងព្យាយាមធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាចរបស់លោក។ទីក្រុងគីវ កំពុងត្រៀមខ្លួនសម្រាប់ការនិទានរឿងដែលឧបត្ថម្ភដោយវិមានក្រឹមឡាំង ដែលនឹងកេងយកប្រយោជន៍លើមន្ទិលអំពីជំហររបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីធ្វើឱ្យមានអស្ថិរភាពក្នុងទំនុកចិត្តសាធារណៈ ជាពិសេសក្នុងចំណោមកងទ័ពជួរមុខអ៊ុយក្រែន នេះបើយោងតាមប្រភពអនាមិក។បញ្ហានេះកើតឡើងស្របពេលដែលប្រជាប្រិយភាពមេដឹកនាំអ៊ុយក្រែនរូបនេះបានធ្លាក់ចុះ ខណៈសង្រ្គាមចូលដល់ឆ្នាំទី៣ ហើយកងទ័ពរុស្ស៊ី បានបង្កើនការវាយលុក។ ចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំងនេះ គឺដើម្បីលុបបំបាត់ភាពស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យរបស់លោក ហ៊្សេឡិនស្គី នៅក្នុងក្រសែភ្នែកសាធារណៈជន ខណៈដែលអាណត្តិរយៈពេលប្រាំឆ្នាំរបស់លោកជិតបញ្ចប់ ដោយមិនមានការបោះឆ្នោតឡើងវិញ។មេដឹកនាំអ៊ុយក្រែនរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា លោករំពឹងថាវិមានក្រឹមឡាំងនឹងកេងប្រយោជន៍លើបញ្ហានេះ ទោះបីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែមីនា រៀបចំការបោះឆ្នោតដែលលទ្ធផលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយអាជ្ញាធររុស្ស៊ី ដើម្បីបន្តការគ្រប់គ្រងជិតមួយសតវត្សរបស់ខ្លួនក៏ដោយ៕

លោក Turner៖ ប្រសិនបើអ៊ុយក្រែន មិនទទួលបានជំនួយឥឡូវនេះទេ ពួកគេនឹងចាញ់សង្គ្រាម

2024/03/04 07:12:27 pm        223
ប្រធានគណៈកម្មាធិការចារកម្មសភា លោក Mike Turner បានជំរុញកាលពីថ្ងៃអាទិត្យថា សភាត្រូវតែអនុម័តជំនួយបន្ថែមសម្រាប់អ៊ុយក្រែន។ ប៉ុន្តែលោក បានបង្ហាញក្តីសង្ឃឹមថា សភានឹងផ្លាស់ប្តូរ «យ៉ាងឆាប់រហ័ស» បើទោះជាមានការជំទាស់ពីក្នុងគណបក្សរបស់លោកក៏ដោយ។លោក Turner សមាជិកសភាបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃយ៉ូ (Ohio) បាននិយាយនៅលើកម្មវិធី «Face the Nation»របស់សារព័ត៌មានCBS NEWS កាលពីថ្ងៃអាទិត្យថា៖«នេះ គឺជារឿងសំខាន់។ យើងត្រូវតែគាំទ្រពួកគេឥឡូវនេះ បើមិនដូច្នេះទេពួកគេ នឹងចាញ់សង្គ្រាមនេះ»។អនាគតនៃការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ត្រូវបានចោទជាសំណួរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីព្រឹទ្ធសភា បានអនុម័តកញ្ចប់ថវិកាបន្ថែម ដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផ្សេងទៀត។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រធានសភា Mike Johnson បានបដិសេធមិនបង្កើតច្បាប់សម្រាប់ការបោះឆ្នោត នៅក្នុងសភាជាន់ទាប ដោយជំរុញឲ្យសភា នឹងស្វែងរកផ្លូវឆ្ពោះទៅមុខ។ទោះបីជាការគាំទ្រសម្រាប់ជំនួយបន្ថែមដល់អ៊ុយក្រែន នៅតែរឹងមាំក្នុងចំណោមអ្នកប្រជាធិបតេយ្យ និងសមាជិកសភាមួយចំនួននៃគណបក្សសាធារណរដ្ឋក៏ដោយ ក៏អ្នកអភិរក្សសភាមួយចំនួន ត្រូវបានជំទាស់យ៉ាងដាច់អហង្ការ។ ការជំទាស់នេះ បានដាក់សម្ពាធលើលោក Johnson ដែលត្រូវតែដោះស្រាយបញ្ហាខ្វែងគំនិតគ្នាតិចតួច ហើយជារឿយៗត្រូវបានបែងចែកសំឡេងភាគច្រើន នៅក្នុងសភានេះ។ ប៉ុន្តែលោក Turner បានបញ្ជាក់ថា លោក Johnson ឥឡូវនេះ មានច្រកចេញ និងភាពបត់បែន ដើម្បីលើកយកច្បាប់ជំនួយបរទេសសម្រាប់ការបោះឆ្នោត។

ថ្ងៃនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្តជួបក្រុមអ្នកជំនួញជាបន្តបន្ទាប់នៅប្រទេសអូស្រ្ដាលី

2024/03/04 06:44:39 pm        106
នៅក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រា្តលី សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃនេះបា​ន​បន្ត​ជួប​ក្រុម​អ្នក​ជំនួញ​អូស្រ្ដាលីជា​បន្តបន្ទាប់ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Peter Fox ប្រធាន​ប្រតិបត្តិ ក្រុមហ៊ុន Linfox ។ ក្រុមហ៊ុន Linfox ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ ដែល​មាន​បទ​ពិសោធន៍ ក្នុងវិស័យដឹកជញ្ជូនរយៈពេលប្រមាណ ៦ ទសវត្សរ៍មកហើយ។ ក្រុមហ៊ុននេះ គឺ​ជា​ក្រុមហ៊ុនឈានមុខផ្នែកឡូជីស្ទីកនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និងមាន​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចំនួន១២ ជាមួយនឹង បុគ្គលិកច្រើនជាង ២៤០០០នាក់ នៅអូស្ត្រាលី នូវ៉ែលសេឡង់ និង​អាស៊ី​អាគ្នេយ៍​។បន្ទាប់មកសម្ដេចធិបតី បានជួបជាមួយ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការ​កាត់​បន្ថយ​ការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បី​ផ្តល់​នូវ​ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការ​បង្កើត​ថាមពល​ស្អាត​។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្តជួបជាមួយ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ខណៈក្រុមហ៊ុន SunRice Group ជាក្រុម​ហ៊ុន​ឈាន​មុខ​ក្នុង​ការ​នាំ​ចេញ​អាហារ​របស់​ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និង​មជ្ឈិម​បូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនក៏មានប្រតិបត្តិការ និង​ទីផ្សារ​ជុំវិញ​ពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ ប្រទេសផងដែរ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។សម្ដេចធិបតីក៏បានជួបជាមួយ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ផងដែរ។ ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន Fresh Start Australia ដោយក្រុមហ៊ុន Aegros ធ្វើអាជីវកម្ម​ក្នុង​វិស័យ​សុខាភិបាល ដែលផ្ដោតលើការផលិតឱសថប្លាស្មា ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។ ចំណែក​ក្រុម​ហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុភារកម្ម ហើយ​ក្រុម​ហ៊ុន​បាន​ផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក។សូម​ជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្រ្តីអូស្រ្តាលី សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃ​ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៦ ខែមីនា​នេះ​នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេសអូស្រា្តលី។ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី បានទទួល​ជួប​ជាមួយ​ក្រុម​អ្នក​ជំនួញ វិនិយោគិនអូស្រ្ដាលីជាបន្តបន្ទាប់ ដើម្បីទាក់​ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា។ ក្នុងឱកាសនេះសម្ដេចធិបតីក៏មានជំនួបទ្វេភាគីជាមួយ សមភាគីអាស៊ាន​មួយ​ចំនួន​ទៀត​ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM