ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

UN៖ ការឡោមព័ទ្ធរបស់អ៊ីស្រាអែល ប្រែក្លាយមន្ទីរពេទ្យណាស៊ររបស់ហ្កាហ្សាទៅជាវាលពិឃាដ

2024/02/22 12:43:01 pm        96
ក្រុមមន្ត្រីមកពីអង្គការសហប្រជាជាតិដែលបានធ្វើបេសកកម្មជម្លៀសមនុស្សពីមន្ទីរពេទ្យណាស៊រ (Nasser) របស់តំបន់ហ្កាហ្សា បានហៅថាជាស្ថានភាពដ៏វិនាសកម្មនៅមន្ទីរពេទ្យធំបំផុតទី២ក្នុងតំបន់ត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធនេះ ដោយនិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលបានប្រែក្លាយកន្លែងព្យាបាលអ្នកជំងឺដ៏យ៉ាប់យ៉ឺនទៅជាវាលពិឃាដ។ ការអត្ថាធិប្បាយ នៅក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃពុធ បានកើតឡើង ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងចំពោះអ្នកជំងឺរាប់សិបនាក់ និងបុគ្គលិកពេទ្យ ដែលនៅតែជាប់ក្នុងមន្ទីរពេទ្យ នៅពេលដែលអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកលើតំបន់នោះ។ យោងតាមអង្គការសុខភាពពិភពលោក មន្ទីរពេទ្យនៅក្នុងទីក្រុងខាន់យ៉ូនីសរបស់តំបន់ហ្កាហ្សា បានបញ្ឈប់ដំណើរការកាលពីសប្ដាហ៍មុន បន្ទាប់ពីការឡោមព័ទ្ធរយៈពេលមួយសប្ដាហ៍របស់កងទ័ពអ៊ីស្រាអែលក្រោយការវាយឆ្មក់ ។ទីភ្នាក់ងារសុខភាពសកល រួមជាមួយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) និងសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន(PRCS) បានត្រៀមជម្លៀសអ្នកជំងឺធ្ងន់៣២នាក់ រួមទាំងកុមាររបួស និងអ្នកទាំងឡាយដែលមិនអាចដើរបាន។លោក Jonathan Whittal មន្ត្រីអង្គការ OCHA ដែលបានចូលរួមក្នុងបេសកកម្មជម្លៀសកាលពីថ្ងៃទី១៨ និង១៩កុម្ភៈ បាននិយាយថា អ្នកជំងឺនៅមន្ទីរពេទ្យនេះស្ថិតក្នុងស្ថានភាពអស់សង្ឃឹមហើយ បានជាប់ខ្លួននៅទីនោះដោយគ្មានអាហារ ទឹក និងភ្លើង៕

គណៈកម្មការអឺរ៉ុប បន្តគាំទ្រអ៊ុយក្រែន អំឡុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលជនភៀសខ្លួន

2024/02/22 12:39:42 pm        88
ដោយខួប២ឆ្នាំ នៃសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែនខិតចូលជិតមកដល់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអាល្លឺម៉ង់ លោកស្រី ណានស៊ី ហ្វាស័រ (Nancy Faeser) និងស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប លោកស្រី អ៊ីលវ៉ា ចូហានសុន(Ylva Johansson) បានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលមកដល់សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន នៅអតីតអាកាសយានដ្ឋាន Tegel ទីក្រុងប៊ែកឡាំង កាលពីថ្ងៃពុធ។ អាកាសយានដ្ឋាននេះ ត្រូវបានបិទនៅក្នុងឆ្នាំ២០២០ ហើយភ្លាមៗនោះ បន្ទាប់ពីផ្ទុះសង្គ្រាម វាបានប្រែក្លាយទៅជាមជ្ឈមណ្ឌលចុះឈ្មោះ និងជាទីជម្រកគ្រាអាសន្ន។ លោកស្រី Johannson បានប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ ប្រជាជនអ៊ុយក្រែនជាង១លាននាក់ បានមកដល់ប្រទេសអាល្លឺម៉ង់ ដើម្បីភៀសខ្លួនចេញពីសង្គ្រាម និងដើម្បីកសាងជីវិតថ្មីរបស់ពួកគេ។ លោកស្រី បានអរគុណដល់ការគាំទ្ររបស់អាជ្ញាធរប្រទេសអាល្លឺម៉ង់ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការស៊ីវិល។ លោកស្រី Faeser បានបញ្ជាក់ថា ទីក្រុងប៊ែកឡាំង គឺជាចំណុចមកដល់ដ៏សំខាន់សម្រាប់ជនភៀសខ្លួន ដោយមានប្រជាជនអ៊ុយក្រែនប្រមាណ១៥.០០០នាក់ បានមកដល់ក្នុងមួយថ្ងៃ កាលពីឆ្នាំ២០២២។កាតព្វកិច្ចប្រកបដោយសីលធម៌របស់សហភាពអឺរ៉ុប ត្រូវធ្វើឲ្យប្រាកដថា ប្រជាជនអ៊ុយក្រែនអាចត្រឡប់ទៅវិញនៅថ្ងៃណាមួយ ទៅកាន់ប្រទេសដែលមានសុវត្ថិភាពដើម្បីកសាងប្រទេសរបស់ពួកគេឡើងវិញ និងឈានឆ្ពោះទៅមុខបន្ថែមទៀតលើផ្លូវឆ្ពោះទៅរកការចូលជាសមាជិកភាពរបស់សហភាពអឺរ៉ុប។

ចិន ទាមទារឲ្យកោះតៃវ៉ាន់ ដាក់ទណ្ឌកម្មអ្នកទទួលខុសត្រូវក្នុងឧបទ្ទវហេតុលិចទូកបណ្តាលឲ្យមានអ្នកស្លាប់

2024/02/22 12:36:56 pm        180
រដ្ឋាភិបាលប្រទេសចិន បានអំពាវនាវឱ្យអាជ្ញាធរកោះតៃវ៉ាន់ ប្រាប់ពីការពិត អំពីឧបទ្ទវហេតុលិចទូកបណ្តាលឲ្យមានអ្នកស្លាប់ កាលពីសប្តាហ៍មុន ដែលជាប់ទាក់ទងជាមួយឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ និងត្រូវដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវ។ ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធ។ អ្នកនេសាទជនជាតិចិនពីរនាក់បានស្លាប់ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់ ខណៈត្រូវបានដេញតាមដោយឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់នៅជិតកោះ គីនមឹន(Kinmen) ស្ថិតនៅជិតទីក្រុង ស៊ីមឹន(Xiamen) ក្នុងខេត្ត Fujian ប្រទេសចិន។ ទូរទស្សន៍កណ្តាលរដ្ឋចិន កាលពីថ្ងៃពុធ បានចាក់ផ្សាយបទសម្ភាសន៍ជាមួយអ្នកនេសាទចិនពីរនាក់ដែលនៅរស់រានមានជីវិត ជាអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ម្នាក់ក្នុងចំណោមពួកគេ បាននិយាយថា ទូកនេសាទរបស់ពួកគេបានក្រឡាប់ បន្ទាប់ពីទូកត្រូវបានបុកដោយនាវារបស់កោះតៃវ៉ាន់។ ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ បានបញ្ជាក់ថា ការលើកឡើងរបស់ជនជាតិចិនរូបនេះ ត្រូវបានតាក់តែងដោយអាជ្ញាធរប្រទេសចិន។ កោះតៃវ៉ាន់គ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព កោះ Kinmen ហើយកោះតៃវ៉ាន់ បានកំណត់នូវអ្វីដែលខ្លួនចាត់ទុកថា «ជាដែនទឹកត្រូវបានហាមឃាត់ និង រឹតត្បិត នៅជុំវិញតំបន់នេះ ដើម្បីរារាំងទូកចិន មិនឱ្យចូលមកដោយគ្មានការអនុញ្ញាត។ អាជ្ញាធរកោះតៃវ៉ាន់ បាននិយាយថា ទូកចិន កំពុងធ្វើប្រតិបត្តិការនៅខាងក្នុង ដែនទឹកដែលត្រូវបានហាមឃាត់ ហើយឆ្មាំល្បាតឆ្នេរ បានធ្វើសកម្មភាពស្របទៅតាមច្បាប់។ ប៉ុន្តែប្រទេសចិន បាននិយាយថា គ្មានអ្វីដែលជាដែនទឹកត្រូវបានហាមឃាត់ឬរឹតត្បិតនោះទេ ហើយបន្តរិះគន់សកម្មភាពរបស់កោះតៃវ៉ាន់។ ក្រុមអ្នកសង្កេតការណ៍និយាយថា ប្រទេសចិនកំពុងអះអាងសិទ្ធម្តងហើយម្តងទៀតថា កោះតៃវ៉ាន់ ត្រូវតែដាក់កំហុសចំពោះឧប្បត្តិហេតុនេះ ក្នុងការប៉ុនប៉ងដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃសម្ពាធដែលខ្លួនកំពុងអនុវត្តលើការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន។

ការចំណាយលើការចិញ្ចឹមកូននៅចិន ស្ថិតក្នុងចំណោមការចំណាយខ្ពស់បំផុតនៅលើពិភពលោក

2024/02/22 12:32:14 pm        201
ប្រទេសចិន គឺជាកន្លែងមួយក្នុងចំណោមកន្លែងចំណាយច្រើនបំផុតក្នុងពិភពលោកក្នុងការចិញ្ចឹមកូន ធៀបនឹងតួលេខផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នេះបើយោងតាមការលើកឡើងរបស់ស្ថាប័នគិតគូររបស់ចិនកាលពីថ្ងៃពុធ (២១ កុម្ភៈ) ខណៈដែលស្ថាប័ននេះបានរៀបរាប់លម្អិតអំពីការចំណាយទាំងពេលវេលា និងឱកាសសម្រាប់ស្ត្រីដែលជ្រើសរើសមានកូននៅក្នុងប្រទេសនេះ។របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវចំនួនប្រជាជន អ៊ូវ៉ា (YuWa) ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង បានឱ្យដឹងថា តម្លៃនៃការចិញ្ចឹមកូនម្នាក់រហូតដល់ពួកគេមានអាយុ ១៨ ឆ្នាំ ធៀបនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ គឺប្រហែល ៦,៣ ដងនៅក្នុងប្រទេសចិន ដែលប្រហែលនឹង ៦៨០.០០០យ័ន (៩៤.៥៥៧ ដុល្លារអាមេរិក) ធៀបនឹងចំនួន ២,០៨ ដងក្នុងប្រទេសអូស្ត្រាលី, ចំនួន ២,២៤ ដងនៅបារាំង, ចំនួន ៤,១១ ដងនៅសហរដ្ឋអាមេរិក និងចំនួន ៤,២៦ ដងនៅក្នុងប្រទេសជប៉ុន។ការចិញ្ចឹមកូន ក៏នាំទៅរកការកាត់បន្ថយម៉ោងការងារ និងអត្រាប្រាក់ឈ្នួលរបស់ស្ត្រីផងដែរ ខណៈជីវភាពរបស់បុរសនៅតែមិនមានការផ្លាស់ប្តូរច្រើន។ របាយការណ៍នេះធ្វើឡើងបន្ទាប់ពីចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៣ ខណៈអត្រាកើតបានធ្លាក់ចុះមកនៅត្រឹមពាក់កណ្តាលនៃឆ្នាំ២០១៦។ស្ត្រីជនជាតិចិនកាន់តែច្រើន កំពុងជ្រើសរើសមិនយកកូនដោយសារតែថ្លៃថែទាំកុមារខ្ពស់ខ្លាំងពេក និងការមិនចង់រៀបការ ឬការភ័យខ្លាចថាត្រូវផ្អាកអាជីពការងាររបស់ខ្លួនបន្ទាប់ពីមានកូន ខណៈពេលដែលការរើសអើងយេនឌ័រនៅតែមានច្រើន៕

បណ្ដារដ្ឋមន្ត្រីលោកខាងលិចបានរិះគន់រុស្ស៊ី ជុំវិញសង្រ្គាមអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំ G20

2024/02/22 12:23:18 pm        157
ក្រុមអ្នកការទូតបាននិយាយថា បណ្ដារដ្ឋមន្ត្រីការបរទេសលោកខាងលិច មកពីក្រុមប្រទេសទាំង២០ (G20) ដែលជួបប្រជុំគ្នានៅប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ (២១ កុម្ភៈ) បានប្រើវោហារស័ព្ទវាយប្រហារយ៉ាងខ្លាំងក្លាលើរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែន របស់ខ្លួន ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) អង្គុយស្តាប់យ៉ាងស្ងប់ស្ងៀម។យោងតាមការិយាល័យរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានឱ្យដឹងថា លោករដ្ឋមន្ត្រី ដេវីដ កាមេរ៉ូន (David Cameron) បានប្រាប់កិច្ចប្រជុំបិទទ្វារនេះថា «រុស្ស៊ី ត្រូវតែទទួលខុសត្រូវ និងទូទាត់ការចំណាយសម្រាប់ការឈ្លានពានរបស់ខ្លួនក្នុងអ៊ុយក្រែន»។ ប្រមុខការទូតមកពីសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា អាល្លឺម៉ង់ អ៊ីតាលី បារាំង និងន័រវេស ក៏បានធ្វើការលើកឡើងស្រដៀងគ្នានេះដែរ នៅថ្ងៃដំបូងនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ។រដ្ឋមន្ត្រីការបរទេសន័រវេស លោក អេសស្ពេន បាតអាយដឺ (Espen Barth Eide) បានប្រាប់អ្នកយកព័ត៌មានថា លោក ឡាវរ៉ូវ បានឆ្លើយតបយ៉ាងស្ងប់ស្ងៀមចំពោះការលើកឡើងរបស់លោក កាមេរ៉ូន ដោយប្រាប់ពី «ការពិតដែលគ្មានអ្នកដឹងជាច្រើន» អំពីព្រឹត្តិការណ៍នៅអ៊ុយក្រែន។កិច្ចប្រជុំនេះធ្វើឡើងដើម្បីរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G20 នៅខែវិច្ឆិកា ខាងមុខ។ នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែកញ្ញា បណ្ដាមេដឹកនាំ G20 បានអនុម័តសេចក្តីប្រកាសមួយ ដែលចៀសវាងការថ្កោលទោសដោយផ្ទាល់លើរុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានអំពាវនាវឱ្យរដ្ឋទាំងអស់កុំប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដី៕

អ៊ីរ៉ង់ចោទអ៊ីស្រាអែលថា បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ ក្នុងការវាយប្រហារបំផ្លិចបំផ្លាញ ដោយមិន ផ្តល់ភ័ស្តុតាង

2024/02/22 12:15:02 pm        118
មន្ត្រីអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលកាលពីថ្ងៃពុធថា បានធ្វើកិច្ចប្រតិបត្តិការបំផ្លិចបំផ្លាញ ដែលបានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ កាលពីសប្តាហ៍មុន។រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក ចាវ៉ាដ អូវជីវ (Javad Owji) មិនបានផ្តល់ភ័ស្តុតាងសម្រាប់ការអះអាងរបស់ខ្លួន ទេ ប៉ុន្តែបានប្រាប់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ថា ការវាយប្រហារនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់អ៊ីស្រាអែល ក្នុងការធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់មានអស្ថិរភាព។លោកអូវជី (Owji) បាននិយាយថា៖«ការបំផ្ទុះបំពង់បង្ហូរឧស្ម័ននេះ គឺជាផែនការរបស់អ៊ីស្រា អែល»។ «សត្រូវនេះ មានបំណងរំខានសេវាឧស្ម័ន នៅតាមបណ្តាខេត្ត និងធ្វើឲ្យការចែកចាយឧស្ម័នរបស់ប្រជាជន មានហានិភ័យ»។លោកបានបន្ថែមថា៖«អំពើអាក្រក់ និងផែនការរបស់សត្រូវ ត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ការបំផ្ទុះកាលពីថ្ងៃទី១៤ ខែកុម្ភៈ បានធ្វើឲ្យខូចបំពង់បង្ហូរឧស្ម័នធម្មជាតិ ដែលរត់ចេញពីខេត្តចាហាម៉ា ហាល់ (Chaharmahal) ភាគខាងលិចរបស់ប្រទេសអ៊ីរ៉ង់ និងខេត្តបាកទៀរី ( Bakhtiari) ឆ្ពោះទៅភាគខាងជើង ទៅកាន់ទីក្រុងនានា នៅសមុទ្រកាព្យែន(Caspian)។ បំពង់បង្ហូរឧស្ម័ននេះ មានប្រវែងប្រហែល ១.២៧០ គីឡូម៉ែត្រ (៧៩០ម៉ាយ) ចាប់ផ្តើមនៅតំបន់អាសាលូយ៉េ (Asaluyeh) ដែលជាមជ្ឈមណ្ឌលសម្រាប់តំបន់ឧស្ម័ន South Pars ឈូងសមុទ្ររបស់អ៊ីរ៉ង់។

ការតស៊ូចុងក្រោយរបស់លោក Assange ដើម្បីបញ្ឈប់ការធ្វើបត្យាប័នទៅអាមេរិក បានបញ្ចប់នៅទីក្រុងឡុងដ៍្រ

2024/02/22 10:54:26 am        133
ការតស៊ូចុងក្រោយរបស់លោក ជូលាន អាសាញ(Julian Assange) អតីតស្ថាបនិកគេហទំព័រ WikiLeaks ដើម្បីបញ្ឈប់ការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក បានបញ្ចប់កាលពីថ្ងៃពុធ នៅតុលាការយុត្តិធម៌ទីក្រុងឡុងដ៍្រ។ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក កំពុងស្វែងរកការកាត់ទោសលោក Assange អាយុ ៥២ឆ្នាំ ពីបទទម្លាយព័ត៌មានសម្ងាត់ឯកសារយោធាសហរដ្ឋអាមេរិក និងទូរលេខផ្នែកការទូត ធ្វើឡើងដោយគេហទំព័រ WikiLeaks ។ រដ្ឋអាជា្ញបានអះអាងថា ការបែកធ្លាយនេះ បានធ្វើឲ្យគ្រោះថ្នាក់ដល់ភ្នាក់ងាររបស់ពួកគេ ហើយគ្មានការចោទប្រកាន់សម្រាប់បទព្រហ្មទណ្ឌលើលោក អាសាញ នោះទេ។ មេធាវី និងភរិយារបស់លោក លោកស្រី Stella បាននិយាយថា លោក អាសាញ(Assange) ខ្លួនលោកផ្ទាល់ ជាថ្មីម្តងទៀតមិនស្ថិតនៅក្នុងតុលាការនោះទេ កាលពីថ្ងៃពុធ ហើយក៏មិនបានតាមដានមើលពីចម្ងាយនោះដែរ ដោយសារតែលោកមិនស្រួលខ្លួន។ ការតស៊ូតាមផ្លូវច្បាប់របស់ជនជាតិអូស្ត្រាលីរូបនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១០ ហើយលោក បានចំណាយពេល៧ឆ្នាំនៅក្នុងស្ថានទូតអេក្វាឌ័រ មុនពេលលោកត្រូវបានគេបញ្ចូនទៅដាក់ពន្ធនាគារក្នុងឆ្នាំ ២០១៩ ពីបទបំពានលក្ខខណ្ឌធានាឲ្យនៅក្រៅឃុំ។លោកត្រូវបានគេឃុំឃាំងនៅក្នុងពន្ធនាគារសន្តិសុខកម្រិតខ្ពស់នៅទីក្រុងឡុងដ៍្រ ចាប់តាំងពីពេលនោះមក និងបានរៀបអាពាហ៍ពិពាហ៍នៅទីនោះ ខណៈនៅចុងក្រោយ ចក្រភពអង់គ្លេស បានអនុម័តការធ្វើបត្យាប័នលោកទៅកាន់សហរដ្ឋអាមេរិកនៅ ឆ្នាំ ២០២២។ មេធាវីរបស់លោក Assange និយាយថា លោកអាចត្រូវបានកាត់ទោសជាប់ពន្ធនាគាររហូតដល់១៧៥ឆ្នាំ ប៉ុន្តែទំនងជានៅត្រឹមយ៉ាងហោចណាស់ ៣០ ទៅ ៤០ ឆ្នាំ ក្នុងករណីបទចោទប្រកាន់ចំនួន១៨ករណី។ ប្រសិនបើលោក អាសាញ(Assange) ឈ្នះរឿងក្តីនេះ សវនាការបណ្តឹងឧទ្ធរណ៍ពេញលេញនឹងត្រូវធ្វើឡើង។ ប្រសិនបើលោកចាញ់ ជម្រើសតែមួយគត់របស់លោក គឺនៅតុលាការសិទ្ធិមនុស្សអឺរ៉ុប។ ភរិយារបស់លោក និយាយថា មេធាវីរបស់លោកនឹងដាក់បណ្តឹងទៅតុលាការនោះ ដើម្បីសុំដីកាប្រសិនបើចាំបាច់។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines នឹងបន្តជើងហោះហើរទៅអ៊ីស្រាអែល ឡើងវិញ

2024/02/22 10:40:19 am        178
ក្រុមហ៊ុនអាកាសចរណ៍ យូណាយធីត អ៊ែរឡាញស៍ (United Airlines) បាននិយាយកាលពីថ្ងៃពុធ (២១ កុម្ភៈ) ថាខ្លួនគ្រោងនឹងបន្តជើងហោះហើរត្រង់របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល នៅដើមខែក្រោយនេះ ដោយធ្វើឱ្យខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំបូងគេ ដែលចាប់ផ្តើមសេវាកម្មឡើងវិញចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយពួកសកម្មប្រយុទ្ធហាម៉ាស នៅលើភាគខាងត្បូងអ៊ីស្រាអែលមក។ក្រុមហ៊ុន យូណាយធីត ក្រុមហ៊ុន អាមេរិកកាំង អ៊ែរឡាញស៍ (American Airlines) និងក្រុមហ៊ុន ឌែលតា អ៊ែរឡាញស៍ (Delta Air Lines) បានផ្អាកសេវាកម្មហោះហើរពីអាមេរិកទៅកាន់អ៊ីស្រាអែល ក្នុងខែតុលា បន្ទាប់ពីការវាយប្រហារនោះ។ ក្រុមហ៊ុន យូណាយធីត ដែលមានមូលដ្ឋាននៅទីក្រុង ឈីខាហ្គោ (Chicago) នេះបាននិយាយថា ខ្លួននឹងបន្តជើងហោះហើរពីទីក្រុង នីវ៉ាក (Newark) ទៅទីក្រុង តែលអាវីវ (Tel Aviv) នៅខែក្រោយ ប៉ុន្តែមិនមានគម្រោងចាប់ផ្តើមជើងហោះហើរឡើងវិញពីទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាមេរិកទេ រហូតដល់យ៉ាងហោចណាស់នៅរដូវស្លឹកឈើជ្រុះនេះ។ក្រុមហ៊ុន យូណាយធីត បាននិយាយថាគោលដៅរបស់ខ្លួន គឺដើម្បីបន្តសេវាកម្មហោះហើរត្រង់ប្រចាំថ្ងៃទៅកាន់ទីក្រុង តែលអាវីវ ចាប់ពីថ្ងៃទី០៦ ខែមីនា ពីទីក្រុង នីវ៉ាក លើយន្តហោះ ប៊ូអីង ៧៨៧-១០ (Boeing 787-10)។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានធ្វើការវិភាគលម្អិតអំពីសុវត្ថិភាពក្នុងការសម្រេចចិត្តនេះ រួមទាំងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកជំនាញសន្តិសុខ និងមន្ត្រីរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល និយាយថាមានសញ្ញាវិជ្ជមានដំបូងលើកិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មី

2024/02/22 10:36:57 am        116
សមាជិកគណៈរដ្ឋមន្រ្តីសង្រ្គាមអ៊ីស្រាអែល លោក បេននី ហ្កាន់ស៍ (Benny Gantz) បាននិយាយកាលពីថ្ងៃពុធ (២១ កុម្ភៈ) ថាមាន «សញ្ញាវិជ្ជមានដំបូងនៃវឌ្ឍនភាព» លើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីដោះលែងចំណាប់ថ្នូរចេញពីតំបន់ហ្កាហ្សា ស្របពេលមានកិច្ចចរចាក្នុងតំបន់ដើម្បីទទួលបានការផ្អាកនៅក្នុងសង្គ្រាមដ៏បង្ហូរឈាមនេះ។លោក ហ្កាន់ស៍ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយថា «មានការប៉ុនប៉ងជាបន្តបន្ទាប់ដើម្បីលើកកម្ពស់កិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មីមួយ ហើយមានសញ្ញាវិជ្ជមានដំណាក់កាលដំបូងដែលអាចបង្កើតជាការវិវត្តន៍ថ្មី។ យើងនឹងមិនឈប់ស្វះស្វែងរកមធ្យោបាយ នឹងមិនខកខានឱកាសណាមួយក្នុងការនាំពលរដ្ឋយើងត្រឡប់មកវិញនោះទេ»។សមាជិកគណៈរដ្ឋមន្រ្តីសង្រ្គាមរូបនេះបានបន្ថែមថា ប្រសិនបើមិនមានកិច្ចព្រមព្រៀងថ្មីណាមួយត្រូវបានសម្រេចទេ យោធាអ៊ីស្រាអែល នឹងបន្តការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា ហើយក៏នឹងបន្តប្រយុទ្ធក្នុងខែដ៏ពិសិដ្ឋរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅខែក្រោយនេះផងដែរ»។ការចរចាកិច្ចព្រមព្រៀងចំណាប់ថ្នូរជាច្រើនសប្តាហ៍មិនទទួលបានលទ្ធផលជោគជ័យទេ ដោយអ៊ីស្រាអែលបានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស សម្រាប់ការបញ្ឈប់សង្គ្រាម និងការដកខ្លួនរបស់អ៊ីស្រាអែលចេញពីហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដោយនិយាយថាការទាមទារនោះជារឿងស្រមើលស្រម៉ៃរបស់ក្រុមហាម៉ាស៕

ប្រភព៖ អ៊ីរ៉ង់ បានបញ្ជូនមីស៊ីលបាលិស្ទិករាប់រយគ្រាប់ទៅឱ្យរុស្ស៊ី

2024/02/22 10:32:04 am        214
ប្រភពចំនួនប្រាំមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសអ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ី នូវមីស៊ីលបាលិស្ទិកដែលបាញ់ពីផ្ទៃដីទៅផ្ទៃដី ឬបាញ់ពីផ្ទៃដីទៅសមុទ្រ ដ៏មានអានុភាពមួយចំនួនធំ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក។ប្រភពចំនួនបីរបស់អ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ផ្តល់មីស៊ីលប្រហែល ៤០០ គ្រាប់ទៅរុស្ស៊ី ដែលរួមមានមីស៊ីលប្រភេទ ហ្វាតេហ្វ-១១០ (Fateh-110) នៃសព្វាវុធបាលិស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ដូចជាមីស៊ីល ហ៊្សូលហ្វាកហា (Zolfaghar) ជាដើម។ ក្រុមអ្នកជំនាញបាននិយាយថា មីស៊ីលចល័តតាមដងផ្លូវនេះ មានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយចន្លោះពី ៣០០ គីឡូម៉ែត្រទៅ ៧០០ គីឡូម៉ែត្រ។ប្រភពមួយរបស់អ៊ីរ៉ង់បាននិយាយថា ការដឹកជញ្ជូនបានចាប់ផ្តើមនៅដើមខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំកាលពីចុងឆ្នាំមុន រវាងមន្ត្រីយោធា និងមន្ត្រីសន្តិសុខរបស់អ៊ីរ៉ង់ និងរុស្ស៊ី ដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ។ការរឹតបន្តឹងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការនាំចេញមីស៊ីល យានដ្រូន និងបច្ចេកវិទ្យាផ្សេងទៀតរបស់អ៊ីរ៉ង់ បានផុតកំណត់កាលពីខែតុលា។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានរក្សាការដាក់ទណ្ឌកម្មលើកម្មវិធីមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ ស្របពេលមានការព្រួយបារម្ភអំពីការនាំចេញអាវុធទៅកាន់ក្រុមតំណាងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា និងទៅកាន់ប្រទេសរុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM