ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

អេហ្ស៊ីបសោកស្តាយចំពោះការបរាជ័យរបស់ UNSC ក្នុងការអនុម័តសេចក្តីសម្រេចបទឈប់បាញ់ នៅហ្កាហ្សា

2024/02/21 01:03:57 pm        239
ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអង្គារ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអសមត្ថភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ក្នុងការអនុម័តសេចក្តីសម្រេចដែលទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីសហរដ្ឋអាមេរិកវេតូ។នៅមុនថ្ងៃនេះ សហរដ្ឋអាមេរិក បានវេតូសេចក្តីសម្រេចមួយដែលដាក់ជូនដោយអាល់ហ្សេរីសម្រាប់ក្រុមអារ៉ាប់ នៅទីក្រុងញូវយ៉ក ដែលអំពាវនាវឲ្យមានបទឈប់បាញ់ នៅក្នុងដែនដីប៉ាឡេស្ទីន ដែលមានមនុស្សជាង ២៩.000 នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលបានចោទសួរអំពីភាពជឿជាក់លើច្បាប់ និងយន្តការការងារនៃស្ថាបត្យកម្មអន្តរជាតិបច្ចុប្បន្ន ជាពិសេសក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានប្រគល់ឲ្យនូវការទទួលខុសត្រូវក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ និងបញ្ឈប់សង្គ្រាម។ ប្រទេសអេហ្ស៊ីប បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការជ្រើសរើស និងស្តង់ដាពីរ ក្នុងការដោះស្រាយសង្រ្គាម និងជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់ផ្សេងៗនៃពិភពលោក»។សេចក្តីថ្លែងការណ៍នោះ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសអេហ្ស៊ីប ក្នុងការធានានូវការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាព ទៅកាន់តំបន់ហ្កាហ្សា និងការបដិសេធរបស់ខ្លួនចំពោះវិធានការណាមួយដែលនឹងនាំទៅដល់ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន នៅខាងក្រៅទឹកដីរបស់ពួកគេ។ការវាយប្រហារតាមផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា ជាការសងសឹកចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ កាលពីថ្ងៃទី៧ ខែតុលា។

ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ «ពង្រឹងសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»

2024/02/21 12:30:49 pm        386
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ«ពង្រឹងសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល» នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។លោកជំទាវសាស្រ្តាចារ្យ អ៊ឹង សិទី្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើរបាយការណ៍ទិដ្ឋភាពទូទៅស្តីអំពីស្ថានភាពសុខភាពមាតា ទារក និងកុមារ ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២១ ខែកុម្ភៈ រៀងរាល់ឆ្នាំ ជាទិវាជាតិសុខភាព មាតា ទារក និងកុមារ តាមអនុក្រឹត្យ លេខ២៧ អនក្រ.បក, ចុះ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១។ ការកំណត់នូវទិវាជាតិសុខភាពមាតា ទារក និងកុមារនេះ ធ្វើឡើងបន្ទាប់ពីមានការប្តេជ្ញាចិត្តរួមគ្នាមួយ នៃបណ្តាប្រទេសទាំងអស់ ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រសកល សម្រាប់សុខភាពស្រ្តី និងកុមារ របស់អគ្គលេខាធិការ បាន គីមួន និងបន្ទាប់ពីអង្គការសហប្រជាជាតិ បានប្រគល់លិខិតបញ្ជាក់ការទទួលស្គាល់ សម្តេចកិត្តិព្រឹទិ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រី និងកុមារ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សកម្មភាពការងារ សុខភាពមាតា ទារក និងកុមារ ដែលជាសកម្មភាពចំបងមួយក្នុងចំណោមសកម្មភាព ជាអទិភាពជាច្រើន ក្នុងវិស័យសុខាភិបាល ត្រូវបានពង្រឹង ឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការខិតខំប្រឹងប្រែងនេះ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសមិទ្ធិផលជាច្រើន រួមទាំងការសម្រេចបាននូវការកាត់បន្ថយអត្រាមរណភាព មាតា ទារក និងអត្រាមរណភាព កុមារ ក្រោមអាយុ៥ឆ្នាំ មុនកាលកំនត់។ជាមួយគ្នានោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងសាររបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ថា ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល» ប្រធានបទនេះ មានគោលបំណងរំលេចឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការអនុវត្តវិធានការគន្លឹះក្នុង វិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ការដាក់ចុះវិធានការគន្លឹះដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនេះ ក៏បានគូសបញ្ជាក់ឱ្យឃើញនូវសមិទ្ធផលយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលនីតិកាលទី៦ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តអនុវត្តគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦- ២០២៥ ក្នុងការឆ្លើយតបទៅនឹងវិវត្តន៍ដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិ អន្តរជាតិ, ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាដទៃទៀតបានយ៉ាងល្អប្រសើរ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំកម្មវិធីផ្តល់អាហារតាមសាលារៀន និងកម្មវិធីផ្តល់អត្ថប្រយោជន៍គាំពារសង្គម មួយចំនួនទៀតដូចជា៖ មូលនិធិសមធម៌សុខាភិបាល, មូលនិធិសមធម៌សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅ, កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ព្រមជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវរបបសន្តិសុខសង្គមជាបន្តបន្ទាប់ សម្រាប់មន្ត្រីរាជការសាធារណៈ, អតីតមន្ត្រីរាជការ, អតីតយុទ្ធជន, និយោជិតក្នុងផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ បាននិងកំពុងបន្ត ជួយពង្រឹង និងជួយពង្រីកវិសាលភាពនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានផ្តល់កិតិ្តយសជូនលោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាតំណាងចូលរួមផ្ទាល់ ជាពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្តល់នូវខ្លឹមសារសំខាន់ៗ ជូនដល់បងប្អូនជនរួមជាតិទាំងអស់។ ឯកឧត្តម សាស្រ្តាចារ្យ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំដ៏ក្លាវក្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកទឹកចិត្តគាំទ្រនូវសកម្មភាពផ្សព្វផ្សាយអំពាវនាវ ឲ្យអនុវត្តសកម្មភាពគន្លឹះដើម្បីពង្រឹងការថែទាំសុខភាព មាតា ទារក និងកុមារ ពិសេសការកាត់បន្ថយអាត្រាមរណភាពមាតា ទារក និងកុមារ នៅកម្ពុជា ចាប់ពីឆ្នាំ២០១១ រហូតមក។ ក្រសួងសុខាភិបាល សូមគាំទ្រទាំងស្រុងនូវអនុសាសន៍ទាំងអស់របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមគោរពជូនពរសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរ សម្រេចបានជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុជាតិ មាតុភូមិ៕អត្ថបទ រដ្ឋា

ប្រទេសហុងគ្រី ត្រូវបានគេរំពឹងថា នឹងអនុម័តសមាជិកភាពណាតូរបស់ស៊ុយអែត នៅសប្តាហ៍ក្រោយ

2024/02/21 12:16:58 pm        296
សភារបស់ប្រទេសហុងគ្រី ត្រូវបានគេរំពឹងថា នឹងអនុម័តបំណងរបស់ប្រទេសស៊ុយអែត សម្រាប់សមាជិកភាពចូលជាសម្ព័ន្ធយោធាណាតូ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ប្រទេសហុងគ្រី គឺជាប្រទេសបដិសេធចុងក្រោយគេ លើដំណើរការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងសម្ព័ន្ធឆ្លងកាត់មហាសមុទ្រអាត្លងទិក បន្ទាប់ពីប្រទេសទួរគី បានបោះបង់ចោលការប្រឆាំងរបស់ខ្លួន និងបានផ្តល់សច្ចាប័នចំពោះបំណងនេះ កាលពីខែមករា។សភាប្រទេសហុងគ្រី តាមសេចក្តីរាយការណ៍ មានការត្អូញត្អែរជុំវិញការព្រួយបារម្ភរបស់ប្រទេសស៊ុយអែត ដែលកើនឡើងអំពីស្ថានភាពនយោបាយរបស់ប្រទេសហុងគ្រី។ ប៉ុន្តែកាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចប្រទេសហុងគ្រី បាននិយាយថាលោកបានស្នើសុំទៅប្រធានសភា ដើម្បីបោះឆ្នោត លើបំណងរបស់ប្រទេសស៊ុយអែត នៅថ្ងៃចន្ទក្រោយនេះ។ គណបក្សកាន់អំណាចមានសំឡេងភាគច្រើននៅក្នុងសភា និងបានបង្ហាញការគាំទ្រសម្រាប់បំណងរបស់ប្រទេសស៊ុយអែត។ ប្រទេសស៊ុយអែត បានដាក់ពាក្យស្នើសុំជាសមាជិកសម្ព័ន្ធយោធាណាតូ រួមជាមួយប្រទេសហ្វាំងឡង់ កាលពីខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីការចាប់ផ្តើម ការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន។ប្រទេសហ្វាំងឡង់ បានចូលជាសមាជិកផ្លូវការជាមួយសម្ព័ន្ធយោធាណាតូ កាលពីខែមេសា ឆ្នាំមុន។

យោធាធ្វើសមយុទ្ធដោយមានរថក្រោះ និងឧទ្ធម្ភាគចក្រ នៅអ៊ីស្រាអែលភាគខាងជើង និងតំបន់

2024/02/21 12:04:10 pm        200
កងកម្លាំងយោធាអ៊ីស្រាអែល បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយរថក្រោះនៅតំបន់ Golan Heights គ្រប់គ្រងដោយអ៊ីស្រាអែល និងសមយុទ្ធជម្លៀសអ្នករងរបួសច្រើន តាមរយៈឧទ្ធម្ភាគចក្រនៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ។តំបន់ Golan Heights គឺជាផ្នែកមួយរបស់ប្រទេសស៊ីរី រហូតដល់ឆ្នាំ ១៩៦៧ នៅពេលនោះ អ៊ីស្រាអែលបានដណ្តើមយកតំបន់នេះភាគច្រើន នៅក្នុងសង្គ្រាមរយៈពេល៦ថ្ងៃ ដោយបានចូលកាន់កាប់ និងបានដាក់បញ្ចូលជាឧបសម្ព័ន្ធនៅឆ្នាំ ១៩៨១។ការដាក់បញ្ចូលឧបសម្ព័ន្ធជាឯកតោភាគី មិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះទេ ហើយប្រទេសស៊ីរី បានទាមទារយកទឹកដីមកវិញ។ សមយុទ្ធនេះ បានធ្វើឡើងខណៈសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានប្រើសិទ្ធវ៉េតូម្តងទៀតនូវពង្រៀងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីសង្រ្គាមអ៊ីស្រាអែលនិងក្រុមហាម៉ាស ដោយរារាំងការទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាន់។ ផ្ទុយទៅវិញ សហរដ្ឋអាមរិក បានជំរុញឱ្យស្ថាប័នដែលមានសមាជិក ១៥ ប្រទេសមួយនេះ អំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្នមួយ ទាក់ទងទៅនឹងការដោះលែងចំណាប់ថ្នូរ ដែលបានចាប់ខ្លួនដោយក្រុមហាម៉ាស។

នាវាទេសចរណ៍មួយគ្រឿងទៀតដឹកភ្ញៀវទេសចរ ១៥១នាក់ ចូលកម្សាន្តក្នុងខេត្តព្រះសីហនុ

2024/02/21 11:43:36 am        144
ព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ LE JACQUES CARTIES សញ្ជាតិ FRENCH បានដឹកភ្ញៀវទេសចរ ១៥១នាក់ចូលកម្សាន្តក្នុងខេត្តព្រះសីហនុ។នាវានេះ មានបណ្ដោយប្រវែង ១៣១.៤៦ ម៉ែត្រ និងទទឹងប្រវែង ១៨ ម៉ែត្រ ជម្រៅទឹក ៤.៨ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុវេលាម៉ោង ៧៖៣០នាទីព្រឹក ដោយបានដឹកភ្ញៀវទេសចរ ១៥១ នាក់ ស្រី ៧៦នាក់ មាន ១៤ សញ្ជាតិ និងនាវិកចំនួន ១២១នាក់ ស្រី ២៦នាក់មានចំនួន ៨ សញ្ជាតិ។ បើតាមមន្ទីរទេសចរភ្ញៀវមានចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិ បារាំង ៧៩ នាក់ អាមេរិក ២៧ នាក់និងអេស្ប៉ាញ ចំនួន ១០នាក់ បានធ្វើដំណើមកពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា​ដើម្បីទស្សនាតំបន់ទេសចរណ៍ក្នុងខេត្ត ហើយនាវានេះ នឹងចាកចេញទៅកាន់ប្រទេសវៀតណាម​នៅយប់ថ្ងៃដដែលវេលាម៉ោង ២៣៖០០នាទីយប់៕

កម្ពុជាបានចាប់ផ្តើមដំបូង គម្រោងលក់ទឹកស្អាតទៅឲ្យប្រតិបត្តិករឯកជន ដើម្បីជំរុញផ្គត់ផ្គង់បន្ត

2024/02/21 11:32:16 am        182
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមជាលើកដំបូង នៃការលក់ទឹកស្អាតទៅឲ្យប្រតិបត្តិករ ឯកជន ពោលគឺការបោះដុំជូនដល់វិស័យឯកជន ចំនួនពីរគម្រោង ដើម្បីមានលទ្ធភាពចែកចាយទឹកស្អាតបន្តទៅដល់ប្រជាពលរដ្ឋ ពិសេសនៅទីប្រជុំឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។ជុំវិញការបោះដុំទឹកស្អាតនេះ, ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ ការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ទាក់ទងការចុះ អនុស្សារណៈលើការផ្គត់ផ្គង់ទឹកស្អាតដុំ ជូនប្រតិបត្តិករ​ទឹកស្អាត​ឯកជននេះ ចំពោះគម្រោងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកដល់ ពេលនេះ ស្ថានភាពផ្គត់ផ្គង់​ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​គឺមានសមត្ថភាពពេញលេញ ដើម្បីផ្គត់ផ្គង់​ដល់ប្រតិបត្តិករ ​ឯកជន ដែលជំហានដំបូងនេះជូនដល់ប្រតិបត្តិករឯកជននៅតំបន់ព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ជាក់ស្តែងគិតដល់ ចុងខែកុម្ភៈនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតប្រមាណ ១ លានម៉ែត្រគីប ក្នុងមួយថ្ងៃ។ឯកឧត្តម បន្តថា សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតដុំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោង​បោះដុំជូន​ដល់ប្រតិបត្តិករឯកជន ព្រែកអញ្ជាញ​ ក្នុងទំហំប្រមាណ ២ ម៉ឺនម៉ែត្រ​គីប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ បន្ទាប់ពីការចុះអនុស្សារណៈនេះទៅ ភាគីទាំងពីរ និងធ្វើការសិក្សាបន្ថែម​នៅលើកកម្រិតបច្ចេកទេសផ្សេងៗ តែទោះជាយ៉ាងណាគម្រោងនេះនឹងជំរុញដាក់ឲ្យ​ដំណើរការ​ក្នុងពេល ឆាប់ៗ ខាងមុខ ដើម្បីជំរុញការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន។ជុំវិញការផ្គត់ផ្គង់ទឹកដុំនេះដែរ, ថ្មីៗនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ចំពោះការអភិវឌ្ឍន៍ទឹកស្អាត គឺជាការចំណាយទុនយ៉ាងច្រើន ខណៈការវិនិយោគនៃប្រតិបត្តិករក្នុងវិស័យឯកជន មួយចំនួនមិនអាចធ្វើបាននោះឡើយ ជាពិសេសការបង្កើតប្រព្រឹត្តកម្មទឹកឆៅជាដើម ដែលកិច្ចការនេះមានតែរដ្ឋទើបមានសមត្ថភាព អាចធ្វើបាន និងបោះដុំទៅវិស័យឯកជន ដើម្បីជំរុញផ្គត់ផ្គង់បន្ត។សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករ ទឹក និងប្រតិបត្តិករទឹកស្អាត​ឯកជននៅថ្ងៃម្សិលមិញនេះ ​បានអនុវត្តមានចំនួនពីរគម្រោងរួមមាន៖ ការផ្គត់ផ្គង់ទឹកស្អាតដុំ របស់រដ្ឋាករ ​ទឹកស្វយ័តក្រុងភ្នំពេញ ទៅឲ្យប្រតិបត្តិករឯកជនតំបន់ព្រែកអញ្ចាញ, និងរដ្ឋាករទឹកពោធិ៍សាត់ ជូនដល់ប្រតិបត្តិករឯកជននៅក្នុងឃុំ បឹងខ្នារ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលគម្រោងទាំងនេះ នឹងជំរុញការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋជាពិសេសនៅទីប្រជុំ ឲ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់៕អត្ថបទ៖ សុន រ៉ាឌី,

ជនខុសច្បាប់៧,២ លាននាក់បានចូលសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក Biden ជាចំនួនច្រើនជាងចំនួនប្រជាជននៃរដ្ឋចំនួន៣៦

2024/02/21 11:13:43 am        310
ការវិភាគរបស់សារព័ត៌មានFox News បានរកឃើញថា ក្រុមជនអន្តោប្រវេសន៍ជិត ៧,៣លាននាក់បានឆ្លងព្រំដែនភាគនិរតីដោយខុសច្បាប់ក្រោមការឃ្លាំមើលរបស់លោកប្រធានាធិបតី Biden ច្រើនជាងចំនួនប្រជាជននៃរដ្ឋនីមួយៗចំនួន ៣៦។ តួលេខនោះបានមកពីទីភ្នាក់ងារគយនិងការការពារព្រំដែនអាមេរិកដែលបានរាយការណ៍រួចមកហើយមានមអ្នកលួចឆ្លងព្រំដែនចំនួន ៩៦១.៥៣៧ នាក់ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែតុលាដល់ខែកញ្ញា។ ប្រសិនបើល្បឿនបច្ចុប្បន្ននៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់មិនថយចុះទេ ឆ្នាំសារពើពន្ធ ២០២៤ នឹងបំបែកកំណត់ត្រាកាលពីឆ្នាំមុនដែលមានចំនួន២.៤៧៥.៦៦៩នាក់ ឆ្លងព្រំដែនភាគនិរតីជាចំនួន លើសពីចំនួនប្រជាជននៃរដ្ឋ New Mexico ជារដ្ឋជាស្ថិតនៅតាមព្រំដែន។ ទិន្នន័យទីភ្នាក់ងារគយ និងការពារព្រំដែន បានបង្ហាញចំនួនសរុបអ្នកឆ្លងព្រំដែននៅភាគនិរតីចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងឆ្នាំ២០២១ គឺ៧.២៩៨.៤៨៦នាក់។ បរិមាណនេះច្រើនជាងចំនួនប្រជាជននៃរដ្ឋចំនួន៣៦ របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋអាឡាបាម៉ា អាឡាស្កា អាកានសាស់ ខូឡូរ៉ាដូ ខុននិកធីខិត ដេឡាវែ ហាវ៉ៃ អាយដាហូ អ៊ីនណ្ឌាយ៉ាណា អាយយ៉ូវ៉ា កាន់សាស់ ខិនថាក់គី ល្វីសស៊ីណា ម៉េន ម៉ារីលែន ម៉ាសាឃ្យូសេត មីនេសូតា មីស៊ីស៊ីពី មីសូរី ម៉ុនតាណា ណេប្រាស្កា ណេវ៉ាដា ញូវ ហេមស៊រ ញូវម៉ិកស៊ីកូ ណស ដាកូតា អូក្លាហូម៉ា អូរ៉េហ្គិន រ៉ូតអាយឡិន សោត ខារ៉ូឡាយណា សោតដាកូតា ធិនណេស៊ី យូថា វើម៉ុន វ៉េស វើជីនៀ វីសខុនស៊ីន និងរដ្ឋ វ៉ាយអូមីង ៕

ក្រសួងអប់រំបានបង្កើតកម្មវិធីពង្រឹងអំណាន «អក្ខរា- AKHARA» សម្រាប់ពង្រឹងសមត្ថភាពលើការអានរបស់សិស្ស

2024/02/21 11:09:29 am        325
មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានបង្កើតកម្មវិធីទូរស័ព្ទមួយគឺ វិធីពង្រឹងអំណាន «អក្ខរា- AKHARA»។ កម្មវិធីនេះមានគោលដៅជួយពង្រឹងសមត្ថភាពការអានរបស់សិស្ស ពិសេសសិស្សទើបបញ្ចប់ថ្នាក់បឋមសិក្សា។កម្មវិធី ពង្រឹងអំណាន «អក្ខរា- AKHARA» ជាកម្មវិធីទូរស័ព្ទថ្មី ដែល មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនៃក្រសួងអប់រំ ទើបបានបង្កើតឡើងក្នុងដើមឆ្នាំ ២០២៤នេះ។ កម្មវិធី«អក្ខរា- AKHARA» នេះបច្ចុប្បន្នគឺអាចទាញយកបានពីប្រព័ន្ធទូរស័ព្ទដៃ Android ក៏ដូចជាប្រព័ន្ធ IOS ផងដែរ។ «អក្ខរា- AKHARA» ជាពាក្យកាត់នៃការលើកកម្ពស់ចំណេះដឹង ពង្រឹងសមត្ថភាព និងកែលម្អវិធីសាស្រ្តរៀនវិទ្យា សាស្រ្តនិងបច្ចេកវិទ្យា តាមរយៈការបង្កើនភាពចម្រុះនៃមាតិកាឌីជីថល។ វាជាដំណោះស្រាយក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ដែលឆ្លើយចំពោះបញ្ហាភាពមានកម្រិតនៃសមត្ថភាព អានរបស់សិស្សានុសិស្ស ក៏ដូចជាកង្វះធនធានសិក្សាចម្រុះនិងទំនើបដែលទាក់ទងនឹងការអប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ កម្មវិធីពង្រឹងអំណាន "អក្ខរា AKHARA" មានគោលបំណងលើកកម្ពស់សម្បទាអប់រំនៃសិស្សានុសិស្សនៅកម្រិត មធ្យមសិក្សា លើបំណិនអំណាននឹងការអប់រំវិទ្យាសាស្ត្រនឹងបច្ចេកវិទ្យា តាមរយៈការបង្កើតវេទិកា ឌីជីថលដែលសមស្របការ បង្កើនភាពចម្រុះនៃមាតិកាឌីជីថល និងការដឹកនាំយុទ្ធនាការផ្សព្វផ្សាយឱ្យបានដល់ដៃសិស្សានុសិស្សជាគោលដៅ ដើម្បីរួម ចំណែកលើកកម្ពស់គុណភាព សមធម៌ បរិយាបន្ន និងការអប់រំពេញមួយជីវិតក្នុងបរិការណ៍នៃដំណើរវិវត្តរបស់កម្ពុជាឆ្ពោះ កាន់សង្គមសេដ្ឋកិច្ចឌីជីថល។កម្មវិធីពង្រឹងអំណាន "អក្ខរា - AKHARA" ត្រូវបានបង្កើតឡើងសម្រាប់គាំទ្រដល់ការអភិវឌ្ឍ សមត្ថភាពនៃការអាន ការស្តាប់ និងការសរសេររបស់សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សដែលទើបនឹងបញ្ចប់ថ្នាក់បឋម សិក្សា និងត្រៀមឬកំពុងសិក្សានៅកម្រិតវិទ្យាល័យដែលមានការលំបាកផ្នែកអំណាន។ កម្មវិធីនេះ គឺមានការចងក្រងនូវអត្ថបទអំណានអក្សរសិល្ប៍ខ្មែរសំខាន់ៗដែលដកស្រង់ចេញពីសៀវភៅសិក្សាគោលរួចរៀបចំទៅតាមមេរៀន និងកម្រិតថ្នាក់ ដោយមានជំនួយពីបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)។មុខងារសំខាន់ៗនៃកម្មវិធីពង្រឹងអំណាន “អក្ខរា - AKHARAការរៀបចំបង្កើតកម្មវិធីពង្រឹងអំណាន "អក្ខរា - AKHARA" ត្រូវបានធ្វើឡើងជាលក្ខណៈសាមញ្ញ ងាយស្រួល និងមានមេត្រីភាពជាមួយអ្នកប្រើប្រាស់ (User Friendly) ដោយមានជំនួយពីបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)។ សិស្សានុសិស្សអាចចុះឈ្មោះចូលប្រើប្រាស់កម្មវិធីជាមួយមុខងារសំខាន់ៗរួមមាន៖• ការចុះឈ្មោះបង្កើតគណនីផ្ទាល់ខ្លួន ដើម្បីសម្រួលក្នុងការតាមដានការប្រើប្រាស់របស់ខ្លួន និងទំនាក់ទំនងជាមួយគ្រូឬក្រុមសិក្សា• ការអាន៖ អ្នកប្រើប្រាស់អាចធ្វើការអានដោយខ្លួនឯង ជាមួយអត្ថបទអំណានជ្រើសរើសពិសេសចាប់ពីថ្នាក់ទី៧ដល់ទី១២ ដែលដកស្រង់ចេញពីសៀវភៅសិក្សាគោល• ការពន្យល់ពាក្យពិបាក៖ អនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការចុចទៅលើពាក្យណាមួយដែលមិនយល់អំពីនិយមន័យនៅក្នុងអត្ថបទនោះផ្ទាល់ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធីឬសៀវភៅវចនានុក្រមផ្សេងទៀត។ លើសពីនេះ មានមុខងារជួយបញ្ចេញសំឡេងនូវពាក្យនោះអោយអ្នកប្រើប្រាស់ស្រួលអានតាម។• ការស្ដាប់៖ ក្រៅពីការអាន អ្នកប្រើប្រាស់ក៏អាចធ្វើការស្តាប់អត្ថបទទាំងមូលដែលអានដោយបញ្ញាសិប្បនិម្មិត AI ដើម្បីទទួលបាននូវការបញ្ចេញសម្លេងដែលត្រឹមត្រូវ។• ការអនុវត្តអាន៖ មុខងារនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការរអានតាមអំណាននីមួយៗដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដែលអាចសម្គាល់នូវកម្រិតល្បឿនការអានរបស់អ្នកប្រើប្រាស់ក៏ដូចជាការបញ្ចេញសូរនៃពាក្យនីមួយៗ។• ការធ្វើតេស្តដោយឆ្លើយនូវសំនួរ៖ បន្ទាប់ពីបានអានឫស្ដាប់អត្ថបទ អ្នកប្រើប្រាស់អាចសាកល្បងឆ្លើយនូវសំនួរក្នុងអត្ថបទនីមួយៗដើម្បីបញ្ជាក់ពីកម្រិតនៃការយល់ដឹងទាក់ទងនឹងអត្ថន័យនិងតម្លៃអប់រំ។• ការសរសេរដោយឯរាជ្យ៖ អ្នកប្រើប្រាស់អាចធ្វើការសាកល្បងសរសេរអត្ថបទឡើងវិញ ឬបង្កើតថ្មី ដែលកើតចេញពីការប្រើប្រាស់មុខងារខាងលើ រួចអត្ថបទនោះនឹងត្រូវបានវាយតម្លៃដោយគ្រូបន្ទុក ឬក្លឹបសិក្សា។អត្ថបទ៖គឹមហុក

កាណាដាផ្តល់ថវិកា៣៦ម៉ឺន ដុល្លារកាណាដា គាំទ្រកម្ពុជាដំណើរការកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ២០២៤

2024/02/21 10:43:16 am        293
ភ្នំពេញ៖ ប្រទេសកាណាដា ផ្តល់ថវិកាដល់កម្ពុជាចំនួន ៣៦០.០០០ ដុល្លារកាណាដា ស្មើនឹង​ប្រមាណជា ២៦៦.០០០ ដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ដំណើរការរៀបចំកិច្ច​ប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែល​គ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ឯកឧត្តម អាឡាន់ ប៊ូវមែន(Alan Bowman) អគ្គនា យកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការ បរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដាបានការប្រកាសផ្តល់​ជំនួយនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។ក្នុងជំនួបនោះ ឯកឧត្តម អាឡាន់ ប៊ូវមែន បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន​លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា​ ក៏ដូចជាសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តម អាឡាន់ ប៊ូវមែន បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន ​និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រម ទាំងបានផ្តល់នូវការគាំទ្រដល់ដំណើរការរៀបចំនេះ។តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និង​ប្រជាជនកាណាដា ដែលបានរួមចំណែកដល់ការអភិវឌ្ឍននៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រ​ដល់វិស័យសកម្មភាពមីនមនុស្សធម៌​នៅកម្ពុជា និងផ្តល់ការគាំទ្រដល់ដំណើរប្រព្រឹត្តិ​ទៅនៃការរៀបចំ​កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់អគ្គនាយកនៃក្រសួងការបរទេសកាណដាថា រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី បាន​ផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ការងារបោសសម្អាតមីន​ និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។សូមជម្រាបជូនថា​ កម្ពុជា បានត្រៀមខ្លួចរួចជាសម្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ និង​ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពី ១៦៤ ប្រទេស ​និងស្ថាប័នអន្តរជាតិដទៃទៀត ដែលនឹង​អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព​លោក​មួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន ​បានអំពាវនាវឱ្យមានការចូលរួមគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំកំពូលនេះ ពីសំណាក់ប្រទេសជាមិត្ត ​ដៃគូអភិវឌ្ឍន៍​ សប្បុរសជន ​វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានា​ឱ្យការរៀបចំកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា ឲ្យទទួលបាន​ជោគជ័យ៕អត្ថបទ.ភារម្យ

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ដើម្បីសួរសុខទុក្ខ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ

2024/02/21 10:26:16 am        172
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខ របស់សម្ដេច គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ។ សម្ដេចតេជោ បានបញ្ជាក់ថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ ខ្ញុំគឺ​ឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM