សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមការងារ UPR របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN អនុម័តអនុសាសន៍ដែលបានធ្វើឡើងចំពោះចិន

2024/01/27 10:31:02 pm        337
អនុសាសន៍ដែលបានធ្វើឡើងចំពោះប្រទេសចិនត្រូវបានអនុម័តដោយសម័យប្រជុំលើកទី៤៥ នៃក្រុមការងារត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា)។ប្រទេសចិនបានចូលរួមក្នុងជុំទី៤ នៃកិច្ចប្រជុំរបស់ UPR នាសប្តាហ៍នេះ។ ហើយលោក Chen Xu អ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងហ្សឺណែវ បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើដំណើរឆ្ពោះទៅមុខយ៉ាងជាប់លាប់ និងការពារសិទ្ធិមនុស្ស ហើយនឹងដើរតួនាទីយ៉ាងសកម្ម ក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកល តស៊ូមតិដើម្បីតម្លៃមនុស្សរួម គាំទ្រការបង្កើតសហគមន៍សកលនៃអនាគតរួមគ្នា និងធ្វើការរួមគ្នា ដើម្បីកសាងពិភពលោកឲ្យកាន់តែប្រសើរឡើង។លោក Chen តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វីសនោះ ក៏បាននិយាយផងដែរថា ឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិនកំពុងជំរុញយ៉ាងទូលំទូលាយ ក្នុងការកសាងប្រទេសដ៏រឹងមាំមួយ និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារជាតិឡើងវិញជាមួយនឹងទំនើបកម្មរបស់ចិន។គណៈប្រតិភូរដ្ឋាភិបាលចិនបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ កាលពីថ្ងៃអង្គារ (ទី២៣ ខែមករា) ហើយមាននូវការសន្ទនាក្នុងន័យស្ថាបនាជាមួយតំណាងប្រទេសនានា ក្នុងលក្ខណៈបើកចំហ និងស្មោះត្រង់។ ជាង ១២០ប្រទេស បាននិយាយអំពីវឌ្ឍនភាពដែលចិនសម្រេចបានផ្នែកសិទ្ធិមនុស្ស និងបានទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។សូមបញ្ជាក់ថា UPR ធ្វើតួនាទីជាវេទិកាដ៏សំខាន់ ដើម្បីឲ្យប្រទេសនានាចូលរួមក្នុងការពិភាក្សាប្រកបដោយសមធម៌ និងដោយស្មោះត្រង់លើបញ្ហាសិទ្ធិមនុស្ស ក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា។ ប្រទេសចិនបានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះចំនួន ៣លើកកលាពីមុន ក្នុងឆ្នាំ២០០៩ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ តាមលំដាប់លំដោយ៕

សភាអាមេរិកទំនងជានឹងអនុម័តលើការជំរុញដល់លក់យន្តហោះចម្បាំងទៅឲ្យទួរគី និងក្រិក

2024/01/27 10:02:19 pm        327
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) បានជូនដំណឹងជាផ្លូវការដល់សភាអំពីបំណងរបស់ខ្លួន ក្នុងការបន្តលក់យន្តហោះចម្បាំង F-16 តម្លៃ ២៣ពាន់លានដុល្លារទៅឲ្យប្រទេសទួរគី ដោយនេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ដំណើរការដែលត្រូវបានពន្យារពេលជាយូរមកហើយដែលបានពិសោធទំនាក់ទំនងជាមួយទីក្រុងអង់ការ៉ា។ក្រសួងការបរទេសបានផ្ញើការជូនដំណឹងនេះ ដើម្បីជំរុញការលក់យន្តហោះ F-16 របស់ក្រុមហ៊ុន Lockheed Martin ចំនួន ៤០គ្រឿង និងយុទ្ធោបរណ៍ទំនើបៗជិត ៨០មុខ ដល់ប្រទេសទួរគី ពោលគឺនៅមួយថ្ងៃបន្ទាប់ពីទីក្រុងអង់ការ៉ា បានបញ្ចប់ទាំងស្រុងនូវការផ្តល់សច្ចាប័នលើសមាជិកភាពរបស់អង្គការណាតូ (NATO) របស់ប្រទេសស៊ុយអែត ជាការសម្រេចដែលមានភ្ជាប់ដោយផ្ទាល់ទៅនឹងការលក់យន្តហោះនេះ។ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលលោក Biden បានជំរុញដល់ការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ក្រុមហ៊ុន Lockheed ចំនួន ២០គ្រឿងទៅឲ្យប្រទេសក្រិកដែលជាសម្ព័ន្ធមិត្តណាតូ ដែលជាកិច្ចព្រមព្រៀងតម្លៃ ៨,៦ពាន់លានដុល្លារ ដែលទីក្រុងវ៉ាស៊ីនតោនបានបន្តជំរុញដំណើរការនេះ ខណៈដែលខ្លួនព្យាយាមធ្វើឲ្យមានតុល្យភាព រវាងសមាជិកសម្ព័ន្ធមិត្ត ដែលមានប្រវត្តិទំនាក់ទំនងតានតឹង។គួរបញ្ជាក់ថា ទួរគីបានស្នើសុំទិញយន្តហោះជាលើកដំបូង កាលខែតុលា ឆ្នាំ២០២១ ប៉ុន្តែការពន្យារពេលរបស់ទីក្រុងអង់ការ៉ា ក្នុងការអនុម័តផ្តល់សច្ចាប័នលើការស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត គឺជាឧបសគ្គធំចម្បង ក្នុងការទទួលបានការយល់ព្រមពីសភា សម្រាប់ការលក់ដូរនេះ។តែបន្ទាប់ពីការពន្យារពេលរយៈពេល ២០ខែ សភាទួរគីនៅដើមសប្តាហ៍នេះបានផ្តល់សច្ចាប័នលើការស្នើសុំចូលអង្គការណាតូរបស់ប្រទេសស៊ុយអែត ហើយបន្ទាប់មកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Biden បានសរសេរលិខិតមួយទៅកាន់មេដឹកនាំគណៈកម្មាធិការសភាសំខាន់ៗ ដោយជំរុញឲ្យពួកគេយល់ព្រមលើការលក់យន្តហោះចម្បាំង F-16 ដោយមិនមានការពន្យារពេល៕

កោះតៃវ៉ាន់ឃើញយន្តហោះយោធាចិន ៣៣គ្រឿង ហោះក្រឡឹងកោះ

2024/01/27 09:58:54 pm        418
ក្រសួងការពារជាតិរបស់ទីក្រុងតៃប៉ិ នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) បាននិយាយថា យន្តហោះយោធាចិនជាង ៣០គ្រឿង ត្រូវបានប្រទះឃើញ ហោះក្រឡឹងកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង ដែលធ្វើឲ្យវាក្លាយជាការបង្ហាញពីកម្លាំងដ៏ធំបំផុត នៅជុំវិញកោះនេះ ចាប់តាំងពីកោះបានរៀបចំការបោះឆ្នោតដ៏សំខាន់។សូមបញ្ជាក់ថា ប្រទេសចិនបានអះអាងទាមទារកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលនូវការប្រើកម្លាំង ដើម្បីព្យាយាមក្រសោបយកកោះដែលគ្រប់គ្រងដោយខ្លួនឯងឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ នៅមុនការបោះឆ្នោតថ្ងៃទី១៣ ខែមករារបស់កោះតៃវ៉ាន់ ទីក្រុងប៉េកាំងបានព្រមានអ្នកបោះឆ្នោតថា បេក្ខជនតំណែងមេដឹកនាំលោក Lai Ching-te ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២ ដែលប្រទេសចិនបានហៅថា ជា «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់» នឹងនាំមកនូវ «សង្រ្គាម និងការអាប់ឱន» ប្រសិនបើត្រូវបានជ្រើសរើសឲ្យដឹកនាំកោះនេះ។តែយ៉ាងណាក្ដី ទោះមានការព្រមានពីប្រទេសចិនម្ដងហើយម្ដងទៀត ក៏លោក Lai នៅតែឈ្នះការបោះឆ្នោត ដោយធានាបាននូវអាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនមក សម្រាប់គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលបានច្រានចោលជាយូរមកហើយនូវការទាមទារទឹកដីរបស់ចិនមកលើកោះតៃវ៉ាន់។ក្នុងរយៈពេល ២៤ម៉ោង រហូតដល់ម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងការពារជាតិបានឲ្យដឹងថា ខ្លួនបានឃើញយន្តហោះយោធាចិនចំនួន ៣៣គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧គ្រឿង ដែលកំពុងប្រតិបត្តិការ ជុំវិញកោះតៃវ៉ាន់ ដោយក្នុងនោះយន្តហោះ ១៣គ្រឿង បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។កងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់បាន «តាមដានស្ថានភាពនេះ ហើយប្រើប្រាស់យន្តហោះ (ល្បាតតាមអាកាស) នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលឆ្នេរសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលត្រូវបានរកឃើញនេះ»។ការបង្ហាញកម្លាំងនេះក៏បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិក ២រូបទៅកាន់ទីក្រុងតៃប៉ិ ដើម្បីជួបជាមួយមេដឹកជាប់ឆ្នោតលោក Lai និងមិត្តរួមតំណែងរបស់លោក គឺលោកស្រី Hsiao Bi-khim ដែលសុទ្ធតែត្រូវបានរិះគន់ដោយទីក្រុងប៉េកាំងថា ជា «អ្នកស្វែងរកឯករាជ្យទាំង២»៕

ឆ្នាំ២០២៣ តុលាការកំពូល និងមហាអយ្យការអមបានទទួលសំណុំរឿងជាង ២៣០០រឿង

2024/01/27 07:58:27 pm        499
តាមរយៈសន្និបាតតុលាការកំពូលបានឱ្យដឹងថា នៅឆ្នាំ២០២៣ តុលាការកំពូល និងមហាអយ្យការអមបានទទួលសំណុំរឿងជាង ២៣០០រឿង និងចាត់ការរួចជិត ១៥០០រឿង។តុលាការកំពូល បានប្រារព្ធសន្និបាតតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្របតាមមាត្រា ៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។ សន្និបាតនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ក្នុងគោលបំណងបូកសរុបលទ្ធផលការងាររបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ឆ្នាំ២០២៣ ដោះស្រាយបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដើម្បីដោះស្រាយរឿងក្តីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។តាមរយៈសន្និបាតតុលាការកំពូលបានឱ្យដឹងថា នៅឆ្នាំ២០២៣ កន្លងមកតុលាការកំពូល និងមហាអយ្យការអម តុលាការកំពូល បានទទួលសំណុំរឿងព្រហ្មទណ្ឌចំនួន ១២៥២ រឿង ចាត់ការរួចចំនួន ៨១៣ រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១០៦៦ រឿង ចាត់ការរួចចំនួន ៦៦៧ រឿង ដូច្នេះជាសរុបមានចំនួន ២៣១៨ រឿង ចាត់ការរួចចំនួន ១៤៨០ រឿង នៅសល់ចំនួន ៨៣៨ រឿង។តាមរយៈសន្និបាតបូកសរុបការងារឆ្នាំ២០២៣នេះដែរ បង្ហាញឱ្យឃើញថាការងារដែលតុលាការ​កំពូល​សម្រេចបានក្នុងឆ្នាំ២០២៣ ទទួលបានលទ្ធផលរីកចម្រើនក្នុងការដោះស្រាយរឿងក្តី ក្នុងនោះរឿងក្ដីគ្រប់ប្រភេទត្រូវបានចាត់ការកើនឡើងចំនួន ១៩៣រឿង ​បើធៀបនឹងឆ្នាំ២០២២។ ជាងនេះទៅទៀត ​អង្គសន្និបាត បានធ្វើការពិភាក្សាដោយផុលផុស និងរកឃើញដំណោះស្រាយ​យ៉ាងល្អចំពោះបញ្ហាប្រឈម និងចំណុចខ្វះខាតនានា ដើម្បីអនុវត្តក្នុងឆ្នាំ២០២៤៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋ Alabama នឹងជួយរដ្ឋផ្សេងអនុវត្តការប្រហារជីវិតដោយប្រើឧស្ម័នអាសូតឲ្យថប់ដង្ហើម

2024/01/27 07:45:48 pm        314
រដ្ឋ Alabama កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) បានស្នើជួយដល់រដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែលស្វែងរកការប្រហារជីវិតដោយប្រើឧស្ម័ននីត្រូហ្សែន ឬអាសូតឲ្យថប់ដង្ហើម ដោយការលើកឡើងនេះកើតមានប៉ុន្មានម៉ោងបន្ទាប់ពីរកឃើញនូវវិធីថ្មី ដើម្បីបញ្ចប់ជីវិតលោក Kenneth Smith ជាអ្នកទោសដែលត្រូវបានផ្ដន្ទាទោសពីបទឃាតកម្មឆ្នាំ១៩៨៨។ជាមួយគ្នានេះ រដ្ឋក៏បានសន្យានឹងអនុវត្តបន្ថែមទៀត នៅរដ្ឋអាឡាបាម៉ានេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រចាំរដ្ឋលោក Steve Marshall បាននិយាយថា មនុស្ស ៤៣នាក់ផ្សេងទៀត ដែលស្ថិតក្នុងបញ្ជីប្រហារជីវិតបានជ្រើសរើសវិធីថប់ដង្ហើមនេះជាងការចាក់ថ្នាំពុល គិតចាប់តាំងពីសមាជិកសភា បានអនុម័តវិធីសាស្ត្រនេះ ក្នុងឆ្នាំ២០១៨។រដ្ឋ Alabama បានហៅវិធីសាស្ត្រថ្មីនេះថា ជា «វិធីសាស្ត្រមនុស្សធម៌» ខណៈពេលដែលក្រុមសិទ្ធិមនុស្ស បានថ្កោលទោសវាថា ជាអំពើឃោរឃៅ និងធ្វើទារុណកម្ម។ លោក Marshall មកពីគណបក្សសាធារណរដ្ឋ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា៖ «រដ្ឋ Alabama បានអនុវត្តវិធីនេះ ហើយឥឡូវនេះ រដ្ឋផ្សេងក៏អាចធ្វើបែបនេះដែរ ហើយយើងត្រៀមខ្លួនជាស្រេច ដើម្បីជួយរដ្ឋដទៃទៀតក្នុងការប្រើវិធីសាស្រ្តនេះ»។គួរបញ្ជាក់ដែរថា សមាជិកសភារដ្ឋ Oklahoma និង Mississippi បានបន្ថែមការប្រើឧស្ម័នអាសូតឲ្យថប់ដង្ហើមទៅក្នុងវិធីសាស្ត្រអនុវត្តទោសប្រហារជីវិតដែលត្រូវបានអនុញ្ញាតដោយរដ្ឋរបស់ពួកគេ ប៉ុន្តែមិនទាន់បានចាប់ធ្វើនៅឡើយទេ។ អ្នកនាំពាក្យរបស់រដ្ឋ Alabama បាននិយាយថា រដ្ឋ Alabama បានផ្តល់ឲ្យនាយកដ្ឋានកែប្រែរបស់រដ្ឋ Oklahoma នូវកំណែចុងក្រោយដោយឥតលាក់បាំងនៃនិតិវីធីថ្មីរបស់ខ្លួន៕

រដ្ឋមន្ត្រីការងារជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ចូលរួមការប្រកួតកម្មវិធីសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ

2024/01/27 06:43:59 pm        300
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន (JBAC) ចូលរួមប្រកួតប្រជែងកម្មវិធីសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលជាអនុសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា។ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោក មីស៊ុកូហ្សិ តាកេហារ៉ូ (Mizukoshi Takeharu) ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ​ឯកឧត្តមរដ្ឋមន្រ្តី បាន​បញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រកួតប្រជែងកម្មវិធីសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ថា ដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ជាការឆ្លើយតប ភាគីជំនួប បានទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី និងជំរុញឱ្យក្រុមហ៊ុន​ដែល​ជាសមាជិកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ។ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមាគមជប៉ុនពីកាតព្វកិច្ចរបស់វិស័យឯកជន​ក្នុងការទទួលយកសិក្ខាកាមដើម្បីចុះកម្មសិក្សានៅតាមរោងចក្រ ​សហគ្រាស និងគ្រឹះស្ថាន ទៅ​តាមការកំណត់របស់ច្បាប់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់។ ឯកឧត្តម ​បានបន្តថា ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងនេះ គឺជាប្រយោជន៍ទាំងវិស័យឯកជន​ដែលមានឱកាសក្នុងការសម្លឹងរកនិយោជិតដែលមានសក្តានុពល ទន្ទឹមនឹងនោះ ក៏ជាប្រយោជន៍​ដែលសិក្ខាកាមដកស្រង់បទពិសោធន៍ជាក់ស្តែង ក៏ដូចជាឱកាសការងារផងដែរ។ បន្ថែមពីនេះ ​ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនសមាគមបន្ថែមទៀត អំពីគោលនយោបាយ​ជា​យុទ្ធសាស្ត្ររបស់ក្រសួងការងារនៅអាណត្តិទី៧នេះ​ ក្នុងការពង្រឹង និងពង្រីកកម្លាំងពលកម្មជំនាញ​សម្រាប់ទីផ្សារការងារផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្រ្តីការងារគាំទ្រគម្រោងស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស ក្លាយជាកូនសោពង្រីកការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

2024/01/27 05:15:51 pm        312
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២៦ មករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការអនុវត្តគម្រោងជួយគាំទ្រស្រ្តីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាពដែលធ្វើឡើងនៅវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍។ឯកឧត្តម ហេង សួរ ក្នុងពិធីនាឱកាសនោះ បានគូសបញ្ជាក់ថា អ្វីដែលឯកឧត្តមចង់ឃើញ គឺភាពជោគជ័យរបស់គម្រោងដែលនឹងផ្តល់ជំនាញផ្នែកថែរក្សាសម្រស់ដល់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សា ហើយការបញ្ចប់គម្រោងដោយជោគជ័យ នឹងបើកឱកាសបណ្តុះបណ្តាលបន្ថែម ដល់ពលរដ្ឋកម្ពុជាកាន់តែច្រើនឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញដែលមានការហ្វឹកហ្វឺនពីប្រទេសជប៉ុនផ្ទាល់ផងដែរ។ បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តដល់សិក្ខាកាម និងគ្រូបង្រៀន រួមទាំងគ្រប់ភាគីពាក់ព័ន្ធ ធ្វើការរួមគ្នាដើម្បីឱ្យគម្រោងលើកទីមួយនេះ អាចបញ្ចប់ដោយជោគជ័យ ហើយបន្តអនុវត្តតទៅមុខទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាល​ជំនាញ ដល់យុវជនដែលជាកត្តាសំខាន់សម្រាប់កសាងនិងជំរុញកំណើនសេដ្ឋកិច្ច។ ជាមួយនឹងកិច្ចសហការរបស់ក្រុមហ៊ុនជប៉ុននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម​ឯកអគ្គរាជទូត បានរំលេចដូចគ្នាថា កត្តាទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន គឺជាកត្តាសត្យានុម័តដែលធ្វើឱ្យកិច្ចសហការគម្រោងត្រីភាគីនេះលេចជារូបរាង៕ អត្ថបទ ឈិត បូរ៉ាវី 

លោក Donald Trump ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ ៨៣,៣លានដុល្លារ ដល់លោកស្រី E. Jean Carroll

2024/01/27 04:30:17 pm        433
លោក Donald Trump ត្រូវបានផ្តល់ឱ្យនូវការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃសុក្រ ដោយ គណៈវិនិច្ឆ័យទីក្រុង Manhattan បង្គាប់ឱ្យលោកបង់ប្រាក់ចំនួន ៨៣,៣លានដុល្លារ ដល់អ្នកនិពន្ធលោកស្រី អ៊ី ហ្សង់ ខារ៉ូល(E. Jean Carroll) ជាអ្នកដែលបាននិយាយថា លោកបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកស្រី ជាអ្នកសារព័ត៌មានគួរឱ្យទុកចិត្ត ដោយការបដិសេធថា លោកពុំបានរំលោភលោកស្រីនោះទេ។ចៅក្រម ត្រូវការពេលតិចជាងបីម៉ោង ដើម្បីឈានដល់សាលក្រមមួយនៅតុលាការសហព័ន្ធ ទីក្រុងManhattan បន្ទាប់ពីសវនាការរយៈពេលប្រាំថ្ងៃ។ ចំនួនទឹកប្រាក់សរុប ដែលអតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានបង្គាប់ឱ្យបង់ លើសពីចំនួនអប្បបរមា ១០ លានដុល្លារ ដែលលោកស្រី Carroll បានស្វែងរក។ករណីរបស់លោកស្រី Carroll បានក្លាយជាបញ្ហាមួយនៅក្នុងយុទ្ធនាការរបស់លោក Trump ដើម្បីដណ្តើមយកមកវិញសេតវិមាន ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា របស់សហរដ្ឋអាមេរិក។ លោក Trump គឺជាអ្នកនាំមុខគេសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋ ដើម្បីប្រជែងជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលបានធ្វើឲ្យលោក Trump បរាជ័យ កាលពីឆ្នាំ ២០២០។លោក Trump បានចូលរួមក្នុងសវនាការភាគច្រើន ប៉ុន្តែពុំបាននៅក្នុងបន្ទប់សវនាការ ដើម្បីស្តាប់សាលក្រមនោះទេ។ លោក បាននិយាយលើការបង្ហោះតាមបណ្តាញសង្គមថា លោកនឹងប្តឹងឧទ្ធរណ៍។គណៈវិនិច្ឆ័យស្ត្រី២រូប និងបុរស៧រូប ដែលសមាជិកត្រូវបានរក្សាភាពអនាមិក បានផ្តល់ប្រាក់ដល់ លោកស្រី Carroll ចំនួន ១៨,៣លានដុល្លារ ជាសំណងសម្រាប់ការខូចខាត រួមទាំង ១១លានដុល្លារសម្រាប់ការធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកស្រី។ ចៅក្រម ក៏បានផ្តល់សំណងចំនួន ៦៥ លានដុល្លារ ជាការសំណងជំងឺចិត្ត ដែលលោកស្រី Carroll បាននិយាយថា ចាំបាច់ដើម្បីបញ្ឈប់ លោក Trump មិនឲ្យបន្តបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកស្រី។

ជនមានពិការភាពដាក់ចិត្តប្រឹងប្រែងរៀនជំនាញបច្ចេកទេស ដើម្បីកែប្រែស្ថានភាពជីវិតទៅពេលអនាគត

2024/01/26 09:13:57 pm        189
ដើម្បីកែប្រែស្ថានភាពរស់នៅនាពេលអនាគតឱ្យល្អជាងមុន ជនមានពិការភាព បានដាក់ចិត្តខិតខំ ប្រឹងប្រែងរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យចេះពិតប្រាកដ ដើម្បីមានលទ្ធភាពរកការងារធ្វើសមរម្យដូច ជនមិនមានពិការភាពដែរ ។ជនមានពិការភាព ដែលកំពុងរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមករា នេះ បានប្រាប់BTVថា ពួកគេទទួលស្គាល់ថា ការ រៀនជំនាញបច្ចេកទេសឱ្យចេះពិតប្រាកដពិតជាមានសារសំខាន់ណាស់ សម្រាប់រកប្រាក់​ចំណូល​ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយក៏​អាចកែប្រែស្ថានភាពរស់នៅក្នុងពេលអនាគត​បាន​ល្អជាងមុនផងដែរ។ លើសពីនេះពួកគេប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរៀនជំនាញ​ឱ្យចេះ​ពិតប្រាកដ។ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី២៥ ខែមករានេះ មានយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ​និងបច្ចេកទេស ចំនួនជាង២ម៉ឺន ៦ពាន់នាក់ ​ក្នុងនោះជនមានពិការភាព ​ចំនួន៦៥នាក់។ ឯកឧត្តម ​បានអំពាវនាវដល់យុវជន ទាំង​ជនពិការភាព និងមិនពិការភាពរួសរាន់ទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ​និងបច្ចេកទេស ដើម្បីឱ្យមានអាជីព មួយច្បាស់លាស់។កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន១.៥លាននាក់ មកពីគ្រួ សារក្រីក្រ ​និងគ្រួសារងាយរងហានិភ័យ អ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ ​និងក្រៅប្រព័ន្ធ បានបើក​បវេសនកាលចូលរៀននៅទូទាំងប្រទេស​ កាលពីថ្ងៃទី១៥ ខែមករានេះ ។ ​ការចុះឈ្មោះ និងចូល​រៀន ​នៅតែបន្តធ្វើជារៀង រាល់ថ្ងៃ ​នៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញ​ផ្សេងៗពីគ្នា សរុបចំនួន៣៧ទីតាំង ​ដែលស្ថិតនៅ រាជធានីភ្នំពេញ ​និងតាមបណ្តាខេត្តមួយចំនួនទៀត ដូចជា៖ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង ព្រះសីហនុ កោះកុង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ

ជំនាញអំពាវនាវដល់ពលរដ្ឋកុំលែងត្រីនាំមកពីក្រៅប្រទេសចូលបឹង ដែលអាចបង្កហានិភ័យដល់ត្រីក្នុងបឹង

2024/01/26 09:06:11 pm        257
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ​កុំលែង ត្រី ដែលមានប្រភពពីក្រៅប្រទេសចូលទៅក្នុងបឹងបួរធម្មជាតិនានា ដែលអាចបង្កហានិភ័យទៅដល់ត្រី នៅក្នុងប្រទេស ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលជលផល ចុះថ្ងៃទី២៥ ខែមករានេះ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានប្រជាពលរដ្ឋខ្លះ បានលែងត្រីដែលមានប្រភពពីក្រៅប្រទេសចូល​ក្នុងដែន​ទឹកធម្មជាតិ ​ដែលសកម្មភាពនេះ​ អាចនឹងបង្ក​ហានិភ័យ​ដល់​មច្ឆជាតិ​ក្នុងស្រុក ។ វារីសត្វ ឬប្រភេទដែលមានប្រភពពីក្រៅប្រទេសមួយចំនួន​ ជាប្រភេទត្រីកាចស៊ីសាច់ជាអាហារ ឬសាយកូនលឿន ​ប្រសិនបើប្រភេទត្រី ឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើននៅក្នុងដែនទឹក​ធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្ដើមទី ជម្រក និងអាចនាំឲ្យប៉ះពាល់ដល់ពូជក្នុងស្រុក ។ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងចិញ្ចឹមប្រភេទ ត្រី ឬវារីសត្វ មានប្រភពពីក្រៅប្រទេស ​សូមថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែស​ឲ្យរួច ចូលក្នុងដែនទឹកធម្មជាតិ ​។ ករណីពលរដ្ឋមានបំណងលែងត្រី ឬវារីសត្វមានប្រភពពី​ក្រៅប្រទេស ត្រូវទំ នាក់ទំនងមន្ត្រីជលផល ។រដ្ឋបាលជលផល ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ​ពិសេសអ្នកនេសាទ បន្តផ្ដល់នូវព័ត៌មាន ដល់​សមត្ថកិច្ចជលផល និងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ ​និងវារីសត្វផ្សេងទៀត ដែល​នេសាទបានឲ្យ ផុលផុសថែមទៀត ដែលនេះជាសកម្មភាពដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន​ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលឲ្យបានគង់វង្សសម្រាប់កូន​ចៅជំនាន់ក្រោយ ។ជាមួយនេះ រដ្ឋបាលជលផល បានសម្ដែងការរីករាយ​ និងថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ ​និងវារីសត្វផ្សេងៗទៀត ជាអាទិ៍ ត្រី រាជ ត្រីគល់រាំង ត្រីត្រសក់ អណ្ដើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃ ក្នុងការ ចូលរួមថែរក្សាការពារធនធានជលផល និងទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីមហាជន ៕អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានតុលាការកំពូលវៀតណាមវាយតម្លៃខ្ពស់ចំពោះការបង្កើតច្បាប់យ៉ាងខ្លាំងក្លារបស់កម្ពុជា ប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងព្រំដែន
08/15/2026 02:08 PM
ទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា ធ្វើឲ្យឃើញបាតទន្លេ និងនាវាជាប់កឿង
08/15/2026 02:08 PM
ចំនួនអ្នកស្លាប់កើនឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Chiba ប្រទេសជប៉ុន ខណៈបណ្តាលឱ្យលំនៅឋានច្រើនខ្នងលិចទឹក
08/15/2026 02:08 PM
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនបង្កើនផលិតភាព និងមានភាពអនុលោម ដើម្បីការប្រកួតប្រជែង
08/15/2026 02:08 PM
លីបង់ ជំរុញឱ្យមានកាលបរិច្ឆេទសម្រាប់ការដកទ័ពរបស់អ៊ីស្រាអែល ខណៈក្រុមហេសបូឡា រិះគន់កិច្ចព្រមព្រៀង
08/15/2026 02:08 PM
WHO ៖ ការវាយប្រហារប្រហែល ៤លើក លើប្រព័ន្ធថែទាំសុខភាពក្នុង ១ថ្ងៃនៅតំបន់ជម្លោះ អំឡុងឆ្នាំ ២០២៦
08/15/2026 01:08 PM
ក្រុមហ៊ុនតាមដានបាននិយាយថា ប្រទេសអ៊ីរ៉ង់បានបន្តផ្ទុកប្រេងលើនាវានៅកោះ Kharg
08/15/2026 01:08 PM
រដ្ឋមន្ត្រីការបរទេសយេម៉ែន៖ ក្រុមហ៊ូទី មិនអាចយកច្រកសមុទ្រ Bab al-Mandeb ជាចំណាប់ខ្មាំងបានទេ
08/15/2026 01:08 PM
WHO ៖ ការសាកល្បងវ៉ាក់សាំងជំងឺអេបូឡារីកចម្រើន ស្របពេលការរីករាលដាលឆ្លងដល់ខេត្តទី ៦របស់កុងហ្គោ
08/15/2026 01:08 PM
រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»
08/15/2026 01:08 PM