សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកាសធ្វើយុទ្ធនាការរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ចេញផុតពីកម្ពុជា​ទ្រង់ទ្រាយធំ​នាពេលខាងមុខ

2024/01/18 06:26:03 pm        426
ភ្នំពេញ៖ មួយរយៈពេលនេះគេសង្កេតឃើញថា មានក្រុមយុវជន អង្គការ សមាគម បាន​ធ្វើ​យុទ្ធនាការ​ឃោសនា និងធ្វើវេទិកាសាធារណៈ ជាច្រើនកន្លងមក មានដូចជា ការផ្សេព្វផ្សាយ សៀវភៅ​ខៀវ លើកផ្លាកដដា វេទិកាតាមបណ្តាលខេត្ត ក្រុម ជាដើម។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មានបណ្តាលអង្គការ សមាគម សង្គមស៊ីវិល នានា បានចេញសេចក្តីប្រកាសថ្កោលទោស ក្រុម​ប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវ ដល់បណ្តាលគណបក្សនយោបាយ នានា ប្រមូល​កម្លាំង​ជាតិ​ទាំងមូល ដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីប​ន្ត​រក្សា​បាន​នូវ​សេ្ថរភាព សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ។ យុវជន ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ១៦ ផែន និងជាប្រធាន​ក្រុម​យុវជន​សង្គម​ស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានអង្កេតឃើញថា មានបណ្តាលយុវជន អង្គការ សមាគម ជាច្រើន នាំ​គ្នា​ផ្សព្វ​ផ្សាយ ធ្វើការអំពាវនាវ ដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម រួមគ្នា​លុប​បំបាត់​មនោគម​វិជ្ជា​ជ្រុលនិយមចេញពីកម្ពុជា។លោកបន្តថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការសោកស្តាយ និងថោ្កល​ទោស​ចំពោះ​មេ​ដឹកនាំ​ក្រុម​ប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមក​ចូល​រួម​ធ្វើ​អំពើ​ខុស​ច្បាប់​ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែង​មាន​មេដឹកនាំ​ក្រុម​ប្រឆាំង​ជា​ទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ លាបពណ៌ បង្កើតគោល​នយោបាយ ភូតភរកុហក ប្រជាភិថុត បោក​បញ្ឆោត​សកម្មជន​របស់​ខ្លួន​ឲ្យ​ជឿលង់​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ក្រុមយុវជនបានលើកឡើងថា នយោបាយក្រុមប្រឆាំង គឺរាប់សិប​ឆ្នាំមក​នេះ​មិន​ដែល​បាន​ផ្តល់​ផល​ចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌​នយោបាយល្អៗ​ហើយ​បង្កើតនូ​វវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុន​ការ​បោះឆ្នោត​នីតិកាល​ទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារ​គំរាម​ក្នុង​ន័យ​នយោបាយ​ទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍ​ពេញ​លេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុង ប្រវត្តសាស្រ្តកម្ពុជាផងនោះ យើងគួរ​តែ​នាំ​គ្នាអ​បអរសាទរ និងចូលរួមលើវិថីសន្តិភាព។លោក ហេង សំណាង បានឲ្យដឹងថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចេញ​យុទ្ធនាការ​ឃោសនា​ជា​ទ្រង់​ទ្រាយ​ធំ តែម្តង ហើយក៏សូមអំពាវនាវដល់ប្រជាជនគ្រប់មជ្ឍដ្ឋាន សិស្ស និស្សិត មន្រ្តីរាជការ ម្ចាស់​អាជីវករ លក់ដូរ ជាដើម ចូលរួមទាំងអស់គ្នា ។ ក្នុងរយៈ​ពេល​នេះ​ជា​រយៈពេល​ដ៏​មាន​សារៈ​សំខាន់​បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និង​សមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និង​រយៈ​ពេល​វែង​នៅ​ឆ្នាំ​២០៥០។លោកបន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បី​កសាង​ប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និង​ការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ លទ្ធិ​ប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់ នយោបាយ​ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕

គណៈកម្មការភូមិមួយផលិតផលមួយ រៀបចំព្រឹតិការណ៍ពិព័រណ៍ផលិតផលនៅសួនស្ទឹងសែន

2024/01/18 06:16:46 pm        119
កំពង់ធំ៖ គណៈកម្មការភូមិមយយផលិតមួយរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល «ភូមិមួយ ផលិតផលមួយ» នៅសួនស្ទឹងសែន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ស្ថិត​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២២០៤, គណៈកម្មការភូមិមួយផលិតផលមួយ រៀប​ចំ​បើក​កម្ម​វិធីការ​ដាក់​តាំង​ពិព័រណ៍ផលិត​ផល​ក្នុងស្រុក «ភូមិមួយផលិតផលមួយ» នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ​។ ក្នុងឱកាសនោះ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា គោល​នយោបាយ​ជាតិ​សម្រាប់​ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​អ្នក​ផលិត​ខ្នាត​តូច និងមធ្យមដែលជាគោលដៅអាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀង​អាហារ និងភេសជ្ជៈ ត្រូវមានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជា​ការ​ស្តុក​ទុក​វត្ថុ​ធាតុ​ដើម ផលិតផលសម្រេច និងការវេចខ្ចប់ឲ្យបានស្របតាមស្តង់ដារអនាម័យឧបករណ៍កែច្នៃ ជា​ពិសេស​ការ​គ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។ លោកបន្តថា កន្លងមក គណៈ​កម្មការ​មួយ​ផលិតមួយថ្នាក់ខេត្ត បានពិនិត្យ និងវាយតម្លៃ ជំវិញទំនិញ និងសេវាកម្ម សរុប​ចំនួន​ ២៦ប្រភេទ ដែលទំនិញមានចំនួន២២ប្រភេទ និងសេវា ចំនួន៤ ប្រភេទ ក្នុងចំណោម​សំណើរ​ទាំង​អស់​នេះ គណៈកម្មការជាតិភូមិមួយផលិតផលិតផលមួយ បានទទួលស្គាល់ទំនិញ ចំនួន ១៨​ប្រភេទ និងសេវាកម្មចំនួន ៣ប្រភេទ ។ លោកបន្តថា ម្ចាស់សិប្បកម្ម សហគ្រាស ភោជនីយដ្ឋាន សហគមន៍ មានសិទ្ធិបំពេញពាក្យស្នើសុំ ចូលជាសមាជិកផលិតផលភូមិ មួយ​ផលិត​​ផ​លមួយបានផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិមួយ​ផលិតផលមួយ មានប្រសាសន៍ដោយលើកឡើងថា ក្រោមគម្រោង​លើក​កម្ពស់​ការ​អនុវត្ត​អនាម័យ​របស់​អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថិភាព និងអនាម័យ​ចំណី​អាហារ មានគោលបំណងដើម្បីផ្តល់ជូននូវចំណេះដឹងដល់ប្រតិបត្តិករគ្រប់ទីកន្លែង ក្នុង​ការ​ផលិត​ចំណី​អាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមាន​ផែនការ​អនុវត្ត​ន៍​នូវ​គោលការណ៍ណែនាំស្តីពីសុវត្ថិភាព មានអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់​ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់នៃការការពារចំពោះសុវត្ថិភាព និង​អនាម័យ ចំណីអាហារសម្រាប់កន្លែងផលិតឱ្យបានជាអតិប្បរមា។ ក្នុងនាម គណៈកម្មការ​ភូមិមួយ​ផលិតផល​មួយ នៅតែបន្តលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងអស់ ព្យាយាម​ពង្រីក ស្វែងយល់ចំណេះដឹងបន្ថែមទៀត ក្នុងចូលរួមជាមួយគ្នាក្នុងកាផលិត ទាំង​បរិមាណ និងអនាម័យឲ្យកាន់តែប្រសើរឡើង ដើម្បីធានាបានថា ផលិតផល​ទាំង​អស់​រក្សា​បាន​ទាំង​សុខភាព និងសុវត្ថិភាពម្ហូបអាហារ ទាំងអ្នកផលិត និងអ្នកបរិភោព៕

សេដ្ឋកិច្ចនៅតំបន់វេសបែងធ្លាក់ចុះ ខណៈដែលសង្រ្គាមនៅតំបន់ហ្កាហ្សានៅតែបន្ត

2024/01/18 06:01:54 pm        78
នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល លោក ហាហ្វេត ហ្គាហ្សាវណេ (Hafeth Ghazawneh) រង់ចាំដោយស្ងាត់ស្ងៀម រង់ចាំអតិថិជនមកទិញអាហារនៅតូបFalafel របស់ខ្លួន ដែលត្រូវបានបោះបង់ចោល ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់ ថ្ងៃទី៧ ខែតុលា នៅអ៊ីស្រាអែល។ការផ្តល់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់របស់លោក ត្រូវបានគេពេញនិយមសម្រាប់សិប្បករមកពីរោងជាងនៅជិតទីក្រុងអាល់ប៊ីរ៉េ (Al-Bireh) ដែលជាទីក្រុងភ្លោះនៃទីក្រុងរ៉ាម៉ាឡា (Ramallah) មុនពេលសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានផ្ទុះឡើង។លោកហ្គាហ្សាវណេ បានប្រាប់សារព័ត៌មានAFP ថា៖«ឥឡូវនេះ ពួកគេកំពុងនាំយកអាហាររបស់ពួកគេពីផ្ទះ ដោយសារតែស្ថានភាព គឺពិបាកណាស់ ដោយភ័យខ្លាចថា ខ្លួននឹងត្រូវបិទហាង ប្រសិនបើសង្រ្គាមនៅហ្កាហ្សាស្ទ្រីប នៅតែបន្ត។លោកហ្គាហ្សាវណេ និយាយថា ប្រាក់ចំណូលរបស់ខ្លួន បានធ្លាក់ចុះពីប្រហែល ៧.០០០ សេកែល (១.៨៥០ ដុល្លារ) ក្នុងមួយខែមកត្រឹមតែ២.០០០ សេកែល (៥៣០ដុល្លារ)។ស្ថានភាពកាន់តែអាក្រក់របស់លោក ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចវេសបែង ដែលស្ថិតក្នុងសភាពទ្រុឌទ្រោម ខណៈដែលសង្រ្គាមនៅហ្កាហ្សា កំពុងផ្ទុះឡើង។ជម្លោះនេះ បានផ្ទុះឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដែលបណ្តាលឲ្យមនុស្សប្រហែល ១.១៤០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខរបស់សារព័ត៌មានAFP ផ្អែកលើតួលេខចុងក្រោយរបស់អ៊ីស្រាអែល។

ការវាយប្រហាររបស់អ៊ីរ៉ង់ បង្ហាញមីស៊ីលបច្ចេកវិទ្យាទំនើប ដែលអាចបាញ់ដល់អ៊ីស្រាអែល

2024/01/18 05:55:57 pm        220
ការវាយប្រហារមីស៊ីលឆ្លងព្រំដែនរបស់អ៊ីរ៉ង់ បានបង្ហាញពីផ្នែកថ្មីនៃឃ្លាំងអាវុធចម្ងាយឆ្ងាយរបស់សាធារណរដ្ឋអ៊ីស្លាម ជាលើកដំបូង ជាមួយនឹងអាវុធដែលមានសមត្ថភាពអាចវាយប្រហារអ៊ីស្រាអែលដោយផ្ទាល់។ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបាញ់បង្ហោះមីស៊ីលបាលិស្ទិក Khaibar-Shekan ឬ Khaibar-Breaker ដែលអាចកំណត់គោលដៅជាក់លាក់ ក្នុងសប្តាហ៍នេះ ក្នុងការវាយប្រហារចម្ងាយ ១.៣០០ គីឡូម៉ែត្រ (៨០០ម៉ាយ) លើក្រុមអាយស៊ីស ( ISIS) នៅក្នុងប្រទេសស៊ីរីពីភាគនិរតីនៃប្រទេសអ៊ីរ៉ង់។ នោះនឹងធ្វើឲ្យវាក្លាយជាការវាយប្រហារដ៏ឆ្ងាយបំផុត ក្នុងប្រវត្តិសាស្ត្ររបស់កងឆ្មាំបដិវត្តន៍។ចម្ងាយនេះ គឺស្ទើរតែដូចគ្នាទៅនឹងអ្វីដែលតម្រូវឲ្យវាយប្រហារទីក្រុងតែលអាវីវ (Tel Aviv) ហើយកន្លងទៅ អ៊ីរ៉ង់ បានភ្ជាប់ការអភិវឌ្ឍមីស៊ីលរបស់ខ្លួនទៅនឹងសត្រូវដ៏យូរអង្វែងជាមួយអ៊ីស្រាអែល។ ជាទូទៅ អ៊ីរ៉ង់បានប៉ះទង្គិចជាមួយអ៊ីស្រាអែលតាមរយៈក្រុមតំណាងរបស់ខ្លួន ដូចជាក្រុមហាម៉ាស ជាជាងបើកការវាយប្រហារដោយផ្ទាល់។ទីក្រុងតេអេរ៉ង់ អះអាងថា មីស៊ីល Khaibar-Shekan មានរយៈចម្ងាយអតិបរមា ១.៤៥០ គីឡូម៉ែត្រ ហើយវាអាចគេចពីប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់អ៊ីស្រាអែល។ ឈ្មោះមីស៊ីលនេះ ហាក់ដូចជាសំដៅទៅលើការតាំងទីលំនៅ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតសម័យទំនើប ដែលព្យាការីមូស្លីម មូហាម៉ាត់ បានប្រយុទ្ធនឹងជនជាតិជ្វីហ្វ នៅក្នុងសមរភូមិសតវត្សរ៍ទី៧។

កោះតៃវ៉ាន់រាយការណ៍ថា មានសកម្មភាពយោធាទ្រង់ទ្រាយធំលើកដំបូងរបស់ចិន ក្រោយការបោះឆ្នោត

2024/01/18 05:50:23 pm        153
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៨គ្រឿង ដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ និងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងរបស់ចិនកាលពីថ្ងៃពុធ (១៧ មករា) ដែលជាសកម្មភាពយោធាទ្រង់ទ្រាយធំលើកដំបូងបន្ទាប់ពីការបោះឆ្នោតតៃវ៉ាន់។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ជាទៀងទាត់បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ដែនអាកាស និងដែនទឹកជុំវិញកោះនេះ ខណៈដែលខ្លួនព្យាយាមអះអាងអធិបតេយ្យភាព ដែលរដ្ឋាភិបាលទីក្រុងតៃប៉ិ បដិសេធ។កោះតៃវ៉ាន់បានបោះឆ្នោតឲ្យលោក ឡៃ ឈីងតឺ (Lai Ching-te) របស់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចជាមេដឹកនាំបន្ទាប់របស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយលោកឡៃ ជាអ្នកដែលទីក្រុងប៉េកាំងបានរិះគន់ម្តងហើយម្តងទៀតថាជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ និងជាអ្នកនាំឲ្យមានសង្រ្គាម។អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ផ្តើមនៅម៉ោងប្រហែល ៧:៥០នាទីយប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ ខ្លួនបានរកឃើញយន្តហោះចំនួន ១៨គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងប្រតិបត្តិការនៅភាគខាងជើង និងកណ្តាលកោះតៃវ៉ាន់ និងទៅកាន់ភាគនិរតីនៃកោះនេះ។អាជ្ញាធរដដែលនេះបានបន្ថែមថា យន្តហោះចំនួន ១១គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ដែលនៅជិតនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»៕

ប៉ាគីស្ថាន កោះហៅបេសកជនពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល

2024/01/18 05:47:24 pm        114
ប្រទេសប៉ាគីស្ថាន បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសជិតខាងអ៊ីរ៉ង់ កាលពីថ្ងៃពុធ (១៧ មករា) ដើម្បីតវ៉ាចំពោះ «ការរំលោភអធិបតេយ្យភាពរបស់ខ្លួន» បន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថាខ្លួនបានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានសកម្មប្រយុទ្ធនៅភាគនិរតីប៉ាគីស្ថាន។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធក្នុងការវាយប្រហារដោយ «មីស៊ីល និងយានដ្រូន»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មីស៊ីលរបស់អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានចំនួនពីរទីតាំងនៃក្រុមមូស្លីមនិកាយស៊ុននី ចាអ៊ីស អាល់អាឌែល (Jaish al-Adl) ដែលត្រូវបានកំណត់ថាជា «អង្គការភេរវករបរទេស» ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ប្រទេសប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរបាននិយាយថា ការរំលោភលើដែនអាកាសរបស់ខ្លួនបានបណ្តាលឲ្យកុមារពីរនាក់ស្លាប់ ប៉ុន្តែមិនបានបញ្ជាក់ពីលក្ខណៈនៃការរំលោភបំពាននោះ ឬទីតាំងនៃការវាយប្រហារឡើយ។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមីរ៉ាបឌូលឡាសអៀន (Hossein Amirabdollahian) បាននិយាយនៅទីក្រុងដេវ៉ូស (Davos) ប្រទេសស្វីស ជាទីដែលលោកកំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដោយចោទប្រកាន់ថាការវាយប្រហារទាំងនោះមានទំនាក់ទំនងនឹងអ៊ីស្រាអែល។ប៉ាគីស្ថាន និងអ៊ីរ៉ង់ កាលពីអតីតកាលមានទំនាក់ទំនងដ៏រកាំរកូស ប៉ុន្តែការវាយប្រហារនេះគឺជាការឈ្លានពានឆ្លងព្រំដែនខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

សម្តេចធិបតី និងលោកជំទាវបានបញ្ចប់ការងារនៅប្រទេសស្វីស និងបន្តទស្សនកិច្ចផ្លូវ​ការនៅបារាំង

2024/01/18 05:36:03 pm        97
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៅវេលាម៉ោងប្រមាណ ៨ យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅ​ប្រទេស​បារាំង ត្រូវនឹងម៉ោង ២ ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា បានដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ដល់​ទីក្រុងប៉ារីស ប្រទេសបារាំង​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និង​លោក​ជំទាវ​បណ្ឌិត បានទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធីការរបស់បារាំង ព្រមទាំង​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំប្រទេសបារាំង។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបា​ន​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​បារាំង គឺនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ ២០២៤នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ក្នុងដំណើរ​បំពេញ​ទស្សនកិច្ចជាផ្លូវការនេះ សម្ដេចធិបតីនឹងត្រូវទទួលស្វាគមន៍ និងមានជំនួប​ផ្លូវ​ការ​ជាមួយ​ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូ​លនេះ​នឹ​ង​ផ្ដល់​ឱកាស​ដ៏​ប្រសើរ​សម្រាប់​រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបញ្ជាក់ជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​ក្នុង​ការ​លើក​កម្ពស់​ទំ​​នាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់​ចេញ​ផែន​ការ​សកម្មភាពដើម្បីពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និង​រក្សា​សណ្ដាប់​ធ្នាប់​ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ច​សហ​ប្រតិបត្តិការ​មួយ​ចំនួន​នឹង​ត្រូវ​ចុះ​ហត្ថ​លេខា​ក្នុងអំឡុងពេលទស្សនកិច្ចនេះ។ក្នុងអំឡុង​ពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធាន​រដ្ឋសភា​បារាំង​ផង​ដែរ។សូមបញ្ជាក់ថា នាអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្វីសសម្តេចធិបតី នាយករដ្ឋមន្រ្ដី និង​លោកជំទាវបណ្ឌិត បានអញ្ជើញបំពេញការងារនៅប្រទេសស្វីសរយៈពេលពីរថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ និង១៧ ខែមករា ឆ្នាំ ២០២៤នេះ។ ការងារស្នូលនៅក្នុងប្រទេសស្វីស គឺការ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃវេទិកាសេដ្ឋកិច្ចពិភពលោក។ ក្រៅពីការ​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក សម្តេចធិបតី ក៏បានឆ្លៀតជួបជាមួយនាយករដ្ឋមន្ត្រីថៃ វៀតណាម មេ​ដឹកនាំ​អង្គ​ការ​អន្តរជាតិនានា មេដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមេដឹកនាំក្រុមហ៊ុននានា សរុប​ដល់​ទៅ​ជាង ២០ កម្មវិធី៕ អត្ថបទ៖ វ៉ន ដារ៉ា

យុវជនសង្គមស៊ីវិលខេត្តព្រៃវែងអំពាវនាវរួមគ្នាលុបបំបាត់មនោគមវិជ្ជាខ្មៅកខ្វក់ចេញពីកម្ពុជា និងផ្សព្វផ្សាយអំពី «សៀវភៅខៀវ»

2024/01/18 05:29:56 pm        288
ព្រៃវែង៖ លោក ពៅ សុជាតិ ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ ប្រចាំ​​ខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ បានធ្វើយុទ្ធនាការអំពាវនាវ​ដល់​បណ្តាល​គណបក្សនយោបាយ អង្គការ សមាគម រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា។ក្រុម​យុវជនសង្គមស៊ីវិលបានលើកឡើងថា ពួកគេទាំងអស់គ្នាជា បណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា បានសម្តែងការសោកស្តាយ និងថោ្កល​ទោស​ចំពោះ​មេ​ដឹក​នាំ​ក្រុម​ប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមក​ចូល​រួម​ធ្វើ​អំពើ​ខុស​ច្បាប់​ជា​ចរិក​នយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមាន​មេដឹកនាំ​ក្រុម​ប្រឆាំង​ជា​ទណ្ឌិត​រស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូត​ភរ​កុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើត​បញ្ហា​ផ្សេង​ៗ​រាប់មិនអស់។ក្រុមយុវជនបានលើកឡើងថា នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំ​មក​នេះ​មិន​ដែល​បាន​ផ្តល់​ផល​ចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌​នយោបាយ​ល្អៗ​ហើយ​បង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមក​មុន​ការ​បោះឆ្នោត​នីតិកាល​ទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារ​គំរាម​ក្នុង​ន័យ​នយោបាយ​ទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការ​អភិវឌ្ឍ​ពេញ​លេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុង ប្រវត្តសាស្រ្តកម្ពុជាផងនោះ យើង​គួរ​តែ​នាំ​គ្នាអ​បអរសាទរ និងចូលរួមលើវិថីសន្តិភាព។លោក ពៅ សុជាតិ ថ្លែងថា ក្នុងរយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការ​ពង្រឹង​មូល​ដ្ឋាន​គ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេច​នូវ​ចក្ខុ​វិស័យ​រយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។លោក​បន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បី​កសាង​ប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និង​ការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ លទ្ធិ​ប្រជា​ធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់ នយោបាយ​ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។ក្រុមយុវជនសង្គមស៊ីវិលក៏បានអំពាវនាវដល់ សកម្មជនប្រឆាំង បែរមកចូ​ល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយ​ខ្លួន​ឲ្យ​ជាក្លាយ​ជា​ឈ្នាន់​នយោបាយ​ដែរ អាចបណ្តាលឲ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ពិសេស​អំពាវនាវដល់បណ្តាលគណបក្សនៅ​ក្នុ​ងប្រ​ទេស​កម្ពុជា​ទាំង​អស់​រួបរួ​ម​គ្នា​លុប​បំបាត់​នយោបាយ​បំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យអស់ចេញពីកម្ពុជា៕

នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីក្រសួងបរិវត្តកម្មឌីជីថលនៃប្រទេសជប៉ុន បានពិភាក្សាគ្នាជាច្រើនទាក់ទងវិស័យឌីជីថល

2024/01/18 02:54:34 pm        352
នៅក្នុងកិច្ចជំនួបទ្វេភាគី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤នៅទីក្រុងដាវ៉ូសសហព័ន្ធស្វីសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃកម្ពុជា និងលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជប៉ុន បានពិភាក្សា គ្នាជាច្រើនទាក់ទងនិងវិស័យឌីជីថល ខណៈភាគីទាំងពីរចាត់ទុកថា វិស័យឌីជីថលនេះមានតួនាទីយ៉ាងសំ ខាន់ក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ថ្លែងនៅក្នុងកិច្ចជំនួបនោះលោក Kono Taro បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបពិភាក្សាការងារ ហើយលោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យឌីជីថល ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងៗទៀតជាដើមនោះ។លោករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចធិបតីថា ក្នុងយុគសម័យឌីជីថល ទិន្នន័យពិតជាមានសារៈសំខាន់ ហើយលោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានរៀបចំគំនិតផ្ដួចផ្ដើមស្ដីពីទិន្នន័យអង្គការOECD ដែលគ្របដណ្ដប់លើវិស័យជាច្រើន និងអាចប្រើប្រាស់សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងដើម្បីជំរុញ និងលើកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោករដ្ឋមន្ត្រី និងសហការី និងបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។ សម្ដេចធិបតីក៏បានប្រកាសអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណាក់កាលកម្ពុជាស្វែងរកសន្ដិភាព រហូតដល់កម្ពុជាមានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះផងដែរ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏បានប្រាប់ដល់រដ្ឋមន្រ្តីជប៉ុនរូបនេះផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។ក្នុងកិច្ចជំនួបនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីអំពីសារៈសំខាន់នៃទិន្នន័យឌីជីថលសម្រាប់ការកសាង ក្របខ័ណ្ឌគោលនយោបាយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទិន្នន័យនេះជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ដែលជួយឱ្យធ្វើការសម្រេចបានត្រឹមត្រូវ។ ក្រៅពីនេះ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមអំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបាននិងកំពុងដាក់ឱ្យប្រើប្រាស់តាមរយៈប្រព័ន្ធទូទាត់អនឡាញ ឆ្លងដែនដើម្បីសម្រួលដល់វិនិយោគិន,ពាណិជ្ជករ,និងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕អត្ថបទបាន ចក់

USAIDសន្យាផ្ដល់ជំនួយបន្តទៀតដល់កម្ពុជា សម្រាប់ជួយវិស័យអប់រំ ,បរិស្ថាន និងវិស័យមួយចំនួនទៀត

2024/01/18 02:21:40 pm        431
ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលហៅកាត់ថាUSAID លោកស្រីSamantha Power បានសន្យាបន្តផ្តល់ជំនួយដល់កម្ពុជាបន្ថែមទៀតសម្រាប់លើកស្ទួយវិស័យអប់រំ បរិស្ថាន និងវិស័យមួយចំនួនទៀតដើម្បីលើកកម្ពស់ជីវភាពដល់សហគមន៍ជាដើម។នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកស្រី Samantha Power បាន បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា។ក្នុងឱកាសនោះដែរ ប្រធានទីភ្នាក់ងារ USAID បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោកស្រីបានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូចតាមរយៈកិច្ចសហប្រតិបត្តិការរវាងUSAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខាសិក្សានៅតាមសាលារៀនសម្រាប់កុមារតូចជាដើម។ ឆ្លៀតក្នុងឱកាសនោះលោកស្រីក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារតូចក្រោមអាយុ៥ឆ្នាំផងដែរ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAIDនៅកម្ពុជា នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់USAID ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។ជាមួយគ្នានោះសម្តេចនាយករដ្ឋមន្រ្តីក៏បានរំលឹក និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបន្តផ្តល់ជំនួយចំនួន១៨ លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា ក្នុងពេលសម្តេចធិបតីបានទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Victoria Nuland អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នាឱកាសអញ្ជើញបំពេញទស្សនកិច្ចទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨នៅបុរីញូយ៉កន្លងមកផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកLavrov ៖រុស្ស៊ីបង្កើនកិច្ចខិតខំប្រឆាំងការគាំទ្រលោកខាងលិចសម្រាប់អ៊ុយក្រែន
08/15/2026 04:08 PM
[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីនឡើងដល់ ៣៨នាក់ ខណៈក្រុម​ជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ
08/15/2026 04:08 PM
គ្រោះរាំងស្ងួតក្នុងប្រទេសបូស្នី ធ្វើឲ្យសត្វសេះព្រៃនៅតំបន់ខ្ពស់រាប Kruzi បោលស្វែងរកទឹកផឹក
08/15/2026 04:08 PM
លោក TRUMP និយាយថា លោកនឹងប្រកាសច្រកសមុទ្រហ័រមូសថា ជាផ្នែកមួយនៃទឹកដីអាមេរិក នាពេឆាប់ៗនេះ
08/15/2026 04:08 PM
ផ្សែងអ័ព្ទគ្របដណ្តប់រដ្ឋ Sarawak របស់ម៉ាឡេស៊ី ខណៈភ្លើងឆេះព្រៃបង្ខំឲ្យសាលារៀនបិទទ្វារ
08/15/2026 04:08 PM
មេដឹកនាំក្រុមហេសបូឡាបានច្រានចោលកិច្ចព្រមព្រៀងក្របខណ្ឌលីបង់-អ៊ីស្រាអែលដែលសម្របសម្រួលដោយអាមេរិក
08/15/2026 04:08 PM
កម្ពុជាតវ៉ាប្រឆាំងសកម្មភាពបែងចែកដីខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
08/15/2026 04:08 PM
រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ប្រកាសគ្រាអាសន្ន ពេលព្យុះត្រូពិក Lala ខិតជិតមកដល់
08/15/2026 04:08 PM
ក្រុមហ៊ុនប្រេងរដ្ឋរបស់អារ៉ាប់រួមនិយាយថា នាវាមួយគ្រឿង ត្រូវបានវាយប្រហារនៅច្រកសមុទ្រហ័រមូស
08/15/2026 04:08 PM
ប្រធានគណៈកម្មការផ្សះផ្សាសម្រាប់ដំណើរការ UNCLOS ត្រូវបានជ្រើសរើស
08/15/2026 04:08 PM