សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមហាម៉ាស

2024/01/17 07:34:38 pm        422
សហភាពអឺរ៉ុប(EU)បានដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមហាម៉ាសលោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) កាលពីថ្ងៃអង្គារសម្រាប់តួនាទីរបស់ខ្លួនក្នុងការរៀបចំផែនការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា នៅអ៊ីស្រាអែល។សហភាពអឺរ៉ុប ក៏បានបន្ថែមលោកស៊ីនវ៉ាទៅក្នុងបញ្ជីភេរវកម្មរបស់EU ផងដែរ។ យោធាអ៊ីស្រាអែល បានប៉ុនប៉ងចាប់ខ្លួន ឬសម្លាប់លោកស៊ីនវ៉ា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ប៉ុន្តែរហូតមកទល់ពេលនេះ រកមិនឃើញជោគជ័យនៅឡើយ។សហភាពអឺរ៉ុប បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «[លោក យ៉ាយ៉ា ស៊ីនវ៉ា] ត្រូវបានគេបង្កកមូលនិធិ និងទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ វាក៏ត្រូវបានហាមឃាត់ផងដែរសម្រាប់ប្រតិបត្តិករសហភាពអឺរ៉ុប ក្នុងការបង្កើតមូលនិធិ និងធនធានសេដ្ឋកិច្ច ដែលមានសម្រាប់រូបលោក។របាយការណ៍ថ្មីៗ បានបញ្ជាក់ថា អ៊ីស្រាអែលស្គាល់ពីទីតាំងរបស់លោកស៊ីនវ៉ា ប៉ុន្តែមិនអាចវាយប្រហារលើរូបលោកបានទេ ដោយសារលោក ត្រូវបានឡោមព័ទ្ធខ្លួនជាមួយចំណាប់ថ្នូរអ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា ខ្លួនដឹងពីទីតាំងរបស់មេដឹកនាំភេរវករនេះទេ។អ៊ីស្រាអែលជឿថា យ៉ាងហោចណាស់មានចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល និងបរទេសចំនួន ១៣៣ នាក់ត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា ទោះបីជាមិនទាន់ច្បាស់ថាតើពួកគេប៉ុន្មាននាក់ នៅរស់រានមានជីវិតក៏ដោយ។

លោក Blinken៖ បណ្ដាប្រទេសអារ៉ាប់មិនចង់កសាងហ្កាហ្សាឡើងវិញទេ ប្រសិនបើវានឹងត្រូវបំផ្លាញម្ដងទៀត

2024/01/17 07:31:30 pm        404
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថាបណ្តាប្រទេសអារ៉ាប់មិនមានបំណងចង់ចូលរួមក្នុងការកសាងតំបន់ហ្កាហ្សា ឡើងវិញនោះទេ ប្រសិនបើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះនឹងត្រូវបាន «បំផ្លាញ» បែបនេះម្តងទៀតក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃរដ្ឋប៉ាឡេស្ទីនសម្រាប់ការតាំងទីលំនៅណាមួយក្នុងតំបន់។ថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ CNBC ក្នុងបទសម្ភាសន៍មួយនៅទីក្រុងដេវ៉ូស ប្រទេសស្វីស លោក ប្លីងខិន បាននិយាយថាមាន «សមីការថ្មី» នៅមជ្ឈិមបូព៌ា ដែលបណ្ដាប្រទេសជិតខាងអារ៉ាប់ និងមូស្លីមរបស់អ៊ីស្រាអែល ត្រូវបានរៀបចំដើម្បីធ្វើសមាហរណកម្មអ៊ីស្រាអែលចូលទៅក្នុងតំបន់ ប៉ុន្តែពួកគេបានប្តេជ្ញាស្មើគ្នាចំពោះផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន។លោកបាននិយាយថា ទាំងរដ្ឋអារ៉ាប់ និងទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា រហូតដល់បញ្ហានោះត្រូវបានដោះស្រាយ ទាំងអ៊ីស្រាអែល និងតំបន់ នឹងមិនមានសន្តិភាព ស្ថិរភាព និងសន្តិសុខឡើយ។លោក ប្លីងខិន ក្នុងដំណើរចុងក្រោយរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ាកាលពីមួយសប្តាហ៍មុន បាននាំមកយកកិច្ចព្រមព្រៀងដ៏លំបាកមួយទៅកាន់ប្រទេសអ៊ីស្រាអែល ដែលថាប្រទេសជិតខាងមូស្លីមភាគច្រើនរបស់ខ្លួននឹងជួយស្តារតំបន់ហ្កាហ្សាឡើងវិញបន្ទាប់ពីសង្គ្រាម និងបន្តសមាហរណកម្មសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល ប៉ុន្តែលុះត្រាតែអ៊ីស្រាអែលមានការប្តេជ្ញាចិត្តថានឹងអនុញ្ញាតឱ្យបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ៕

ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ជំរុញឱ្យលោកខាងលិចបន្តដាក់សម្ពាធលើរុស្ស៊ី

2024/01/17 07:25:05 pm        454
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអង្គារ (១៦ មករា) បានជំរុញឱ្យលោកខាងលិចបន្តរឹតបន្តឹងការដាក់សម្ពាធលើមេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀ ពូទីន និងបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគីវ ដើម្បីធានាថាទីក្រុងមូស្គូ មិនទទួលបានជោគជ័យក្នុងសង្គ្រាមរបស់ខ្លួន។ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដេវ៉ូស (Davos) ក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយថា ការស្ទាក់ស្ទើររបស់លោកខាងលិចក្នុងការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគីវ និងការភ័យខ្លាចនៃការកើនឡើងនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី បានធ្វើឱ្យខាតបង់ពេលវេលា និងអាយុជីវិតមនុស្សជាច្រើន ហើយអាចអូសបន្លាយការប្រយុទ្ធគ្នារាប់ឆ្នាំទៀត។ជាមួយនឹងការគាំទ្រក្នុងសម័យសង្រ្គាមដ៏រឹងមាំរបស់លោកខាងលិចសម្រាប់ទីក្រុងគីវ ដែលឥឡូវនេះកំពុងជួបឧបសគ្គស្របពេលមានជម្លោះនយោបាយនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល លោក ហ៊្សេឡិនស្គី បាននិយាយថា ប្រជាជនអឺរ៉ុបចាំបាច់ត្រូវយល់ថាផែនការរបស់លោកពូទីន មិនមែនត្រឹមតែសង្គ្រាមនៅអ៊ុយក្រែនទេ។រយៈពេលជិតពីរឆ្នាំបន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានពេញលេញរបស់ខ្លួន លោក ហ៊្សេឡិនស្គី បាននិយាយថា លោកប្រឆាំងយ៉ាងខ្លាំងចំពោះការបង្កកជម្លោះនៅតាមខ្សែសមរភូមិបច្ចុប្បន្នរបស់ខ្លួន។ លោកបានបន្ថែមថា ការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ចាំបាច់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ហើយថាកង្វះទណ្ឌកម្មលើវិស័យនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាការបង្ហាញពីភាពទន់ខ្សោយរបស់លោកខាងលិច៕

ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅ នៅកម្ពុជា

2024/01/17 07:12:26 pm        411
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ​Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាស​ចូល​រួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ក្នុងជំនួបនេះ លោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូល​ជួប​សម្តែង​ការ​គួរ​សម​នា​ឱកា​សនេះ និងបានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុង​ការ​ស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែ​ច្រវាក់​ផលិត​កម្ម​ទាំង​មូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោក ប្រធាន​​អគ្គ​នាយក និងបានបង្ហាញ​នូវ​ការ​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​លើវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និង​ជា​វិស័យ​អាទិភាព​របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។គួរបញ្ជាក់ថា ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុង​វិស័យ​កសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី ។ សព្វថ្ងៃ ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយ​ក្រុម​ហ៊ុន​មាន​បច្ចេក​ទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និង​ការ​ចែក​ចាយ​យ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេង​ធញ្ញជាតិ ម្សៅ និងស្ករ ជាដើម ៕

បច្ចុប្បន្នរាជរដ្ឋាភិបាលប្រគល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋបានប្រមាណ ៥លានបណ្ណ និងបន្តចែក២លានបណ្ណទៀត

2024/01/17 05:35:07 pm        596
ភ្នំពេញ៖ តាមរយៈបណ្ដាញ​តេឡេក្រាម​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥ លាន​បណ្ណ​រួច​មកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២ លានបណ្ណ​ទៀត​នឹ​ង​ត្រូវ​បន្ត​ចែក​ជូន​ប្រជា​ពលរដ្ឋ​ជា​បន្តបន្ទាប់នៅទូទាំងប្រទេស។ការ​បង្ហាញ​ទិន្នន័យនេះ ស្របពេលដែលក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ ចែកបណ្ណ័សម្គាល់ម្ចាស់អចលនៈវត្ថុ (ផ្ទះសំបែង) ចំនួន ២០០ ខ្នងជូន​ដល់​អតីត​យុទ្ធជន គ្រួសារយុទ្ធជនរបួសពិការ និងមរណៈ សម្រាប់ប្រើប្រាស់ស្របច្បាប់នៅភូមិជីកដី ឃុំ​អណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា បុរីជនបទ​នឹង​បន្ត​ពង្រីក​ទៅ​តាម​តំបន់​នានា​នៅ​តាម​បណ្តា​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីត​យុទ្ធជនចំនួន ២០០ គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួល​នូវ​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​។ ក្នុងនោះមាន គ្រួសារពលី ២៤ នាក់ ស្រី ២៣ នាក់។ គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់, គ្រួសារបាត់បង់ ៣នាក់, គ្រួសារពិការ ៧០នាក់ ស្រី ១នាក់, គ្រួសារនិវត្តជន ២៩នាក់ ស្រី ៣នាក់, គ្រួសារយោធា ២៥នាក់ ស្រី ១នាក់, គ្រួសារប៉ូលីស ៣៦នាក់, គ្រួសារ​កងរាជ​អាវុធហត្ថ ៦នាក់។ដីឡូត៍ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន​សម្បទានិក​នា​ពេល​នេះ គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ នេះ​គឺ​ជា​ការ​គិតគូរ​អំពីសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និង​គ្រួសារងាយរងគ្រោះ ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់​ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលការចុះបញ្ជី និងផ្តល់បណ្ណ​កម្ម​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បងដែលត្រូវបន្តអនុវត្តជាចាំបាច់។ «គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិ​ទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​បាន​ប្រមាណ ៥លានបណ្ណរួចមកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២លានបណ្ណទៀត នឹងត្រូវ​បន្ត​ចែក​ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅទូទាំងប្រទេសផងដែរ»។ នេះបើតាមការ​បញ្ជាក់នៅក្នុងតេឡេក្រាមរបស់សម្ដេច​ធិបតី។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ «កម្មវិធីនយោបាយ សម្រាប់​ការ​កសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុង​គោល​នយោបាយអ​ភិវឌ្ឍ​តាម​វិស័យ គឺបានផ្តោតសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវ​បន្ត​អនុវត្តកា​រ​កែ​ទម្រង់​ឱ្យ​កាន់​តែ​សកម្ម និងស៊ីជម្រៅលើវិស័យដីធ្លី តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញ​បញ្ចប់​ការ​ចុះ​បញ្ជីដីលើកដំបូង, ជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងជំរុញ​ការ​ចុះ​បញ្ជី​បន្ត​ដី​គ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ជូន​អ្នក​កាន់កាប់​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់ តាមលក្ខខណ្ឌ។លើស​ពីនេះ រដ្ឋាភិបាលក៏បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែក​ដីជូន​ប្រជា​ពលរដ្ឋ​ស៊ីវិល​ក្រីក្រ ឬ ផ្ទះជូនដល់កងកម្លាំងកំពុងឈរជើងតាមព្រំដែន, អតីតកងកម្លាំងប្រដាប់អាវុធ, គ្រួសារ​ដែលក្រីក្រ ដែលខ្វះដីប្រើប្រាស់ ប្រកបដោយតម្លាភាព និងសមធម៌៕

ក្រុមហ៊ុន Grab ប្តេជ្ញាធ្វើជាគំរូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ

2024/01/17 02:33:24 pm        531
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ក្នុងជំនួប លោក Anthony Tan បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Grab ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។ ជាការឆ្លើយតបសម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយ​លោកនាយក​ប្រតិបត្តិក្រុមហ៊ុន Grab និងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន ដែលគម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេស ផ្នែកដឹកជញ្ជូន ឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុងតែមានការអភិវឌ្ឍ និងទំនើបកម្មជាលំដាប់ ។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញ​អ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់​សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ ៕

សម្តេចធិបតីនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Shenzhen Power Solution ចូលជួបសម្តែងការគួរសម នៅប្រទេសស្វីស

2024/01/17 02:28:07 pm        456
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ក្នុងជំនួបនេះ លោកស្រី Xia Li បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីផលិតផលរបស់ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនី​ច្រើនប្រភេទដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីស្ថាបនិក និង អគ្គនាយិកាក្រុមហ៊ុន និងបានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន​ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ ។គួរបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍន៍និងផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅទីក្រុងស៊ិនជិន ប្រទេសចិន ៕

សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះ ខឹម ចាន់វណ្ណៈ ដោយសារក្លែងបន្លំឯកសារ ពុំជាប់ពាក់ព័ន្ធនយោបាយនោះទេ

2024/01/16 10:03:56 pm        187
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ គឺដោយ​សារ​សមត្ថកិច្ច​រក​ឃើញថា បុគ្គលរូបនេះបានក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលឈ្មោះ ខឹម ចាន់វណ្ណៈ ដែល​ជា​ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជា​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខ​ណ្ឌពោធិ៍សែនជ័យនោះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមាន​ហេតុ​ផល​អ្វី​ផ្សេងពាក់ព័ន្ធដល់ការគំរាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយ ដូច​ការ​ចោទ​ប្រកាន់របស់ក្រុមប្រឆាំង ឬពួកអគតិមួយក្តាប់តូចនោះឡើយ។ការឃាត់ខ្លួនចំពោះបុគ្គលខាងលើនេះ គឺធ្វើឡើងបន្ទាប់ពី លោក សេង ហៀង ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​បុគ្គល​រូប​នេះ​មក​បង្ហាញ​ខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ដើម្បីសាកសួរពីដំណើររឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។គួររំលឹកថា កាលពីនាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន៣នាក់ ប្តឹងឈ្មោះ ខឹម ចាន់វណ្ណៈ ពីបទ​ក្លែង​បន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយរបស់ពួកគាត់ ដើម្បីចុះ​ឈ្មោះចូ​ល​បញ្ជី​រាយ​នាម​បេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាមីខ្លួន ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣​កន្លងទៅ។ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលា​ដំបូ​ងរា​ជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ពាក់ព័ន្ធ​សំណុំ​រឿង​ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនឈ្មោះ ខឹម ចាន់វណ្ណៈ បញ្ជូនទៅតុលាការ ចាតការតាមនីតិវិធី នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤នេះ។បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ការឃាត់ខ្លួននេះ គឺ​សមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគំរាមកំហែង ធ្វើ​ទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ ហើយបដិសេធ និងច្រាន​ចោល​ទាំង​ស្រុង​ការ​ចោទប្រកាន់ទាំងបំពានដោយគ្មានហេតុផល គ្មានមូលដ្ឋាន​ច្បាស់​លាស់​របស់​គណបក្ស​ភ្លើង​ទៀន ដែលបានផ្សាយ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤»៕ អត្ថបទ៖ បាន ចក់

ប្រធានាធិបតីកូរ៉េខាងត្បូង រិះគន់កូរ៉េខាងជើង ចំពោះការកំណត់ប្រទេសលោកថាជាប្រទេសអរិភាព

2024/01/16 08:48:29 pm        142
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) នៅថ្ងៃអង្គារ (១៦ មករា) នេះបានរិះគន់ចំណាត់ការរបស់កូរ៉េខាងជើង ក្នុងការកំណត់កូរ៉េខាងត្បូងថាជាប្រទេសអរិភាព ដោយនិយាយថា នេះបង្ហាញពីធម្មជាតិ «ប្រឆាំងជាតិ និងប្រវត្តិសាស្ត្រ» របស់ទីក្រុងព្យុងយ៉ាង។លោក យ៉ុន ក៏បាននិយាយផងដែរថា ការបាញ់មីស៊ីល និងកាំភ្លើងធំនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង គឺជា «ការបង្កហេតុផ្នែកនយោបាយ» ដើម្បីបង្កចលាចលដល់សាធារណៈជនកូរ៉េខាងត្បូង។នៅព្រឹកថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ (១៥ មករា) បានអំពាវនាវឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីធានាថា កូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថាជា «សត្រូវចម្បង» ហើយបានព្រមានថាកូរ៉េខាងជើង មិនមានចេតនាជៀសវាងសង្រ្គាមដែលគួរតែកើតឡើងនោះទេ។ការអំពាវនាវរបស់លោកគីម សម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះបានកើតឡើងនៅពេលដែលភាពតានតឹងបានកាន់តែអាក្រក់នៅក្នុងឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ ស្របពេលមានការសាកល្បងមីស៊ីលជាបន្តបន្ទាប់ និងការជំរុញដោយទីក្រុងព្យុងយ៉ាង ដើម្បីបំបែកខ្លួនជាមួយនឹងគោលនយោបាយជាច្រើនទសវត្សរ៍ និងការផ្លាស់ប្តូរមធ្យោបាយដែលខ្លួនជាប់ទាក់ទងនឹងកូរ៉េខាងត្បូង៕

ប្រធានាធិបតី៖ អ៊ីរ៉ាក់មានគោលបំណងចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញពាណិជ្ជកម្ម និងការអភិវឌ្ឍ

2024/01/16 08:45:15 pm        115
ប្រធានាធិបតីអ៊ីរ៉ាក់ លោក អាប់ឌុល ឡាទីហ្វ រ៉ាសហ៊ីដ ( Abdul Latif Rashid) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក ចង់ចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជំរុញប្រព័ន្ធពាណិជ្ជកម្មរបស់ខ្លួន និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំមួយជាមួយលោក សាករ៉ាល់ មូកបែល (Saqr al-Muqbel) ដែលជាតំណាងអារ៉ាប៊ីសាអ៊ូឌីតប្រចាំអង្គការ WTO ដែលដឹកនាំក្រុមសម្រាប់មួយដោះស្រាយការចូលជាសមាជិករបស់អ៊ីរ៉ាក់ទៅក្នុងអង្គការនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោករ៉ាសហ៊ីដ។លោករ៉ាសហ៊ីដ បានថ្លែងថា ប្រទេសអ៊ីរ៉ាក់ មានបំណងចង់បំពេញតាមស្តង់ដាពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលត្រូវការ ដើម្បីចូលរួម WTO ហើយបានថ្លែងអំណរគុណដល់ក្រុមអារ៉ាប៊ីសាអ៊ូឌីតសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។រដ្ឋមន្ត្រីពាណិជ្ជកម្មអ៊ីរ៉ាក់ លោក អាតហៀ អាល់ហ្គុរ៉ៃរី (Atheer al-Ghurairi) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក អាល់មូកបែលថា អ៊ីរ៉ាក់មានបំណងក្លាយជា «អ្នកដើរតួដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ចពិភពលោក តាមរយៈកំណែទម្រង់នានា។លោកអាល់មូកបែល បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត នឹងគាំទ្រអ៊ីរ៉ាក់ នៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីចូលរួមជាមួយ WTO។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យន្តហោះចម្បាំងអង្គការណាតូ បាញ់ទម្លាក់យានដ្រូននៅលើដែនអាកាសប្រទេសឡាតវី
08/15/2026 05:08 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មបាំង ជំរុញ​ឲ្យ​សមាជិក​បក្ស​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន
08/15/2026 05:08 PM
ការបណ្ដុះបណ្ដាលដែលផ្ដល់ដោយរដ្ឋាភិបាល ធ្វើឱ្យយុវជនមានជំនាញពិតប្រាកដ មាន ការងារធ្វើ និងប្រកបរបរបាន
08/15/2026 05:08 PM
លោកLavrov ៖រុស្ស៊ីបង្កើនកិច្ចខិតខំប្រឆាំងការគាំទ្រលោកខាងលិចសម្រាប់អ៊ុយក្រែន
08/15/2026 04:08 PM
[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីនឡើងដល់ ៣៨នាក់ ខណៈក្រុម​ជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ
08/15/2026 04:08 PM
គ្រោះរាំងស្ងួតក្នុងប្រទេសបូស្នី ធ្វើឲ្យសត្វសេះព្រៃនៅតំបន់ខ្ពស់រាប Kruzi បោលស្វែងរកទឹកផឹក
08/15/2026 04:08 PM
លោក TRUMP និយាយថា លោកនឹងប្រកាសច្រកសមុទ្រហ័រមូសថា ជាផ្នែកមួយនៃទឹកដីអាមេរិក នាពេឆាប់ៗនេះ
08/15/2026 04:08 PM
ផ្សែងអ័ព្ទគ្របដណ្តប់រដ្ឋ Sarawak របស់ម៉ាឡេស៊ី ខណៈភ្លើងឆេះព្រៃបង្ខំឲ្យសាលារៀនបិទទ្វារ
08/15/2026 04:08 PM
មេដឹកនាំក្រុមហេសបូឡាបានច្រានចោលកិច្ចព្រមព្រៀងក្របខណ្ឌលីបង់-អ៊ីស្រាអែលដែលសម្របសម្រួលដោយអាមេរិក
08/15/2026 04:08 PM
កម្ពុជាតវ៉ាប្រឆាំងសកម្មភាពបែងចែកដីខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
08/15/2026 04:08 PM