សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយឧត្តមសេនីយ៍ ទៀ សីហា រំលឹកដល់នាយទាហានគ្រប់កងឯកភាព បន្តយកចិត្តទុកដាក់​ប្រតិបត្តិតួនាទីរបស់ខ្លួន

2024/01/05 09:48:43 pm        173
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើក​ទឹកចិត្ត​នាយ​ទាហាន​ជំនាញគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ បន្តយកចិត្តទុកដាក់​ប្រតិបត្តិ​នូវ​តួនាទី ភារកិច្ចឱ្យកាន់តែល្អប្រសើរ បង្កើតនូវសមិទ្ធផល ស្នាដៃថ្មីៗថែមទៀត ជាមួយ​នឹង​ការ​ពង្រឹង​ពង្រីក​សមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និង​មាតុភូមិ​ជាដើម។ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារភស្តុភារ ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់អគ្គនាយកដា្ឋន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួង​ការពារជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បាន​ កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ប្រធាន​ស្ថាប័ន មេបញ្ជាការ​គ្រប់​លំដាប់ថ្នាក់ទាំងអស់ ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការ​សាមគ្គីគ្នា​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការបំពេញតួនាទី ភារកិច្ចប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​រហូត​ឈាន​ទៅ​សម្រេច​បាន​នូវ​សមិទ្ធផល​នានាជាច្រើនលើការងារភស្តុភារ ហិរញ្ញវត្ថុ នៅក្នុងកងយោធពលខេមរភូមិន្ទ។នាយឧត្តមសេនីយ៍ក៏បានលើកឡើងផងដែរថា សមិទ្ធផល​ដែល​គ្រប់​កង​ឯកភាព​ក្នុង​កង​យោធពល​ខេ​មរភូមិន្ទសម្រេចបាននៅឆ្នាំ២០២៣កន្លងទៅ បានឆ្លុះបញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចូល​រួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី៤​ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងការចាប់​ផ្តើម​អនុវត្ត​នូវ​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរ​ដ្ឋសភា សំដៅលើកកម្ពស់វិស័យការពារជាតិកាន់តែរីកចម្រើនថែមទៀត។នាយ​ឧត្តមសេនីយ៍បានបន្ថែមទៀតថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជា​របៀប​វារៈ​នយោបាយ​ដ៏​សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និង​វែងឆ្ងាយ នាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុង​នោះ​ស្នូល​នៃ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ការពង្រឹងអភិបាលកិច្ច និង​ការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់បន្តទៀតថា រាជរដ្ឋាភិបាល​បន្ត​អនុវត្ត​កម្ម​វិធី​កែ​ទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្ពោះទៅរកកម្រិតស្តង់ដារអន្តរ-ជាតិ តាមរយៈ​ការ​កែ​ទម្រង់ ការគ្រប់គ្រងចំណូលថវិកាជាតិ និងបង្កើន​ប្រសិទ្ធ​ភាព​ចំណាយ​ការ​អនុវត្ត​ប្រព័ន្ធ​បច្ចេក​វិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការ​រៀបចំ​ក្រប​ខណ្ឌ​ថវិកា​ជាក់​លាក់​ទៅ​នឹង​ការពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាគ្រប់ក្រសួង ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការអនុវត្តថវិកាកម្មវិធី និងការឈាន​ទៅ​ពង្រឹង​ការ​អនុវត្ត​ថវិកា​ផ្អែក​លើសមិទ្ធកម្ម។ ទន្ទឹមនឹងនេះដែរឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា រាជរដ្ឋាភិបាលបន្ត​ចាត់​វិធាន​ការ​បង្កើន​ប្រសិទ្ធ​ភាព​ចំណាយតាមរយៈការកែលម្អវិភាជថវិកាឱ្យចំទិសដៅ ទៅតាមអាទិភាព​រួម​គោល​នយោបាយ​ការ​លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការចំណាយ និងការពង្រឹងលទ្ធកម្មសារធារណៈ ​ជាមួយការផ្តោតការវិនិយោគសាធារណៈលើអាទិភាពចំនួន៥ សម្រាប់ការកសាងមាតុភូមិ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលឈរលើគោលការណ៍ «ប្រសិទ្ធភាព ផលិតភាព គុណភាព ភាពធន់ និងចីរភាព»៕ អត្ថបទ៖ បាន ចក់

ត្រីធូណាខៀវមួយក្បាលលក់បានក្នុងតម្លៃជិត ៨០ម៉ឺនដុល្លារ ក្នុងការដេញថ្លៃចូលឆ្នាំថ្មីនៅជប៉ុន

2024/01/05 09:26:13 pm        226
ត្រីធូណាខៀវដ៏ធំមួយក្បាលដែលមានតម្លៃថ្លៃខ្លាំង បានលក់នៅទីផ្សារត្រីដ៏ធំបំផុតរបស់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃដំបូងនៃការធ្វើអាជីវកម្មក្នុងឆ្នាំ២០២៤ ក្នុងតម្លៃ ១១៤,២លានយ៉េន ដែលស្មើនឹង ៧៨៨.៤៤០ដុល្លារ ក្នុងការដេញថ្លៃមួយសម្រាប់ត្រីដែលចាត់ទុកថាជាត្រីល្អបំផុត និងបានក្លាយជាប្រពៃណីចូលឆ្នាំថ្មីរបស់ជប៉ុន។ត្រីធូណានេះមានទម្ងន់ ២៣៨គីឡូក្រាម ហើយត្រូវបានលក់នៅថ្ងៃសុក្រ (០៥ មករា) នេះទៅឱ្យក្រុមហ៊ុនលក់គ្រឿងសមុទ្រ យ៉ាម៉ាយុគី (Yamayuki) និងប្រតិបត្តិករខ្សែសង្វាក់ត្រីស៊ូស៊ី អូណូដេរ៉ា គ្រុប (Onodera Group) ដែលជាអ្នកដេញថ្លៃបានត្រីប្រភេទនេះអស់រយៈពេល ៤ឆ្នាំជាប់ៗគ្នា។យោងតាមលោក ហីរ៉ូគី ម៉ាតសុស៊ីតា (Hiroki Matsushita) ដែលជាមន្ត្រីនៅផ្សារត្រីនោះបាននិយាយថា ត្រីធូណាយក្សនេះទទួលបានតម្លៃលើសពី ៣ដងនៃចំនួនដែលបានផ្តល់ជូនកាលពីឆ្នាំមុន ក្នុងការលក់នៅទីផ្សារត្រី តូយ៉ូសុ (Toyosu) របស់ទីក្រុងតូក្យូ និងមានតម្លៃខ្ពស់បំផុតលំដាប់ទីបួន ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ មក៕

ទីក្រុងម៉ូស្គូរបស់ប្រទេសរុស្ស៊ី ជួបសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតក្នុងរយៈពេល ៧៤ឆ្នាំ

2024/01/05 09:10:24 pm        147
យោងតាមសេចក្តីរាយការណ៍ពីក្រុមព្យាករណ៍ឧតុនិយមរុស្ស៊ី បានឲ្យដឹងថា ទីក្រុងម៉ូស្គូ បានជួបសីតុណ្ហភាពទាបបំផុតក្នុងរយៈពេល ៧៤ឆ្នាំ ពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ដក ២៧អង្សាសេ(-27°C)នៅតាមសង្កាត់មួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ។ ប៉ុន្តែអ្នកស្រុក និងភ្ញៀវដែលធ្វើដំណើរមកកាន់រដ្ឋធានីរបស់ប្រទេសរុស្ស៊ីមួយនេះ ហាក់ដូចជាមិនរារែកនឹងសីតុណ្ហភាពធ្លាក់ចុះជាប់កំណត់ត្រានេះឡើយ ពេលដែលទន្លេនៅក្នុងទីក្រុង បានកក ប៉ុន្តែព្រះអាទិត្យនៅតែរះ ។ ពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងម៉ូស្គូ និយាយថា វាគួរឲ្យចាប់អារម្មណ៍ ពេលអាកាសធាតុទាក់ទាញបែបនេះ ។ វានាំមកនូវសេចក្តីសប្បាយរីករាយដល់ពួកយើងទាំងអស់គ្នា។ យោងតាមការិយាល័យឧតុនិយមរុស្ស៊ី បានឲ្យដឹងថា សីតុណ្ហភាពមានប្រហែល ១៣-១៥អង្សាសេ ត្រជាក់ជាងពេលធម្មតា អំឡុងពេលនេះ ។ អាកាសធាតុត្រជាក់ខ្លាំងនេះដែរ ត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅក្នុងទីក្រុងម៉ូស្គូ រហូតដល់ថ្ងៃបុណ្យណូអែលគ្រិស្តអូស្សូដក់នៅថ្ងៃទី ៧ ខែមករាខាងមុខនេះ ៕

មជ្ឈមណ្ឌលតស៊ូជាតិ៖ រុស្ស៊ីគ្រោងនឹងបំពាក់មីស៊ីល តម្រង់គោលជាមួយនឹងគ្រាប់បែកចង្កោម

2024/01/05 08:46:57 pm        118
មជ្ឈមណ្ឌលតស៊ូជាតិរបស់អ៊ុយក្រែន បានរាយការណ៍ថា ខ្លួនបានទទួលភ័ស្តុតាងនៃចេតនារបស់រុស្ស៊ី ក្នុងការបំពាក់មីស៊ីលតម្រង់គោលដៅ Kh-32 ជាមួយនឹងគ្រាប់បែកចង្កោម។តាមសេចក្តីរាយការណ៍ ឯកសារនៃរោងចក្រ OKB Chytverikov ដែលរុស្ស៊ីផលិតមីស៊ីលសម្រាប់ការវាយប្រហារបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ត្រូវបានបែកធ្លាយដល់មជ្ឈមណ្ឌលនេះ។យោងតាមឯកសារនេះ នៅខែតុលា ឆ្នាំ ២០២៣ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាឲ្យវិស្វករធ្វើទំនើបកម្មមីស៊ីលតម្រង់គោលដៅដែលបំពាក់ដោយគ្រាប់បែងចង្កោម។រហូតមកដល់ពេលនេះ គ្មានករណីរបស់រុស្ស៊ីដែលប្រើប្រាស់មីស៊ីលបែបនេះ ត្រូវបានកត់ត្រាទេ។ ប៉ុន្តែយើងសូមអំពាវនាវដល់ប្រជាជនអ៊ុយក្រែន ឲ្យធ្វើសកម្មភាពប្រតិកម្មចំពោះការព្រមានពីការវាយប្រហារតាមអាកាស ខណៈដែលសត្រូវបំពានច្បាប់អន្តរជាតិ ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់អាវុធប្រល័យលោកបន្ថែមទៀតប្រឆាំងនឹងជនស៊ីវិល។គ្រាប់បែកចង្កោម មានដូចគ្រាប់បែកសម្រាប់វាយប្រហារតាមអាកាស គ្រាប់កាំភ្លើងធំ ឬមីស៊ីល ដែលមានគ្រឿងផ្ទុះតូចៗផ្សេងទៀត។

កូរ៉េខាងជើង សាងសង់ឡើងវិញនូវប៉ុស្តិ៍យាមដែលត្រូវបានបំផ្លាញ នៅក្នុងតំបន់គ្មានយោធា (DMZ)

2024/01/05 08:35:16 pm        133
ប្រភពយោធាមួយ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាបានសាងសង់ឡើងវិញនូវប៉ុស្តិ៍យាមដែលត្រូវបានបំផ្លាញមួយចំនួនរបស់ខ្លួន នៅក្នុងតំបន់គ្មានយោធា (DMZ) ដែលបែងចែកប្រទេសកូរ៉េទាំងពីរ ជាមួយនឹងសំណង់បេតុង។កាលពីខែវិច្ឆិកា ឆ្នាំមុន កូរ៉េខាងជើង បានចាប់ផ្តើមសាងសង់ប៉ុស្តិ៍យាមឡើងវិញជាមួយនឹងសម្ភារៈធ្វើពីឈើ បន្ទាប់ពីបានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ ដែលត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយភាពតានតឹង នៅតាមព្រំដែន នេះបើយោងតាមមន្ត្រីការពារជាតិរបស់ទីក្រុងសេអ៊ូល។ប្រភពយោធា បានឲ្យដឹងទៀតថា៖«យើងបានរកឃើញថា កូរ៉េខាងជើង បានសាងសង់ប៉ុស្តិ៍យាមបេតុងនៅប៉ុស្តិ៍យាមដែលត្រូវបានបំផ្លាញ» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដែលបានចុះហត្ថលេខា ក្រោមប្រធានាធិបតីសេរីមុន លោក មូន ជេអ៊ីន (Moon Jae-in) កូរ៉េទាំងពីរ បានរុះរើប៉ុស្តិ៍យាមចំនួន១០នៅខាងក្នុងតំបន់គ្មានយោធា (DMZ)នីមួយៗ ហើយបានដកហូតអាវុធរៀងៗខ្លួន ដោយទុកឲ្យកូរ៉េខាងជើងមានប៉ុស្តិ៍យាមប្រហែល ១៥០ កន្លែង ហើយកូរ៉េខាងត្បូង មាន ៦៧ប៉ុស្តិ៍។ ទោះជាយ៉ាងនេះក្តី កូរ៉េខាងជើង បានប្តេជ្ញាស្តារឡើងវិញនូវវិធានការយោធាទាំងអស់ ដែលត្រូវបានបញ្ឈប់ ក្រោមកិច្ចព្រមព្រៀងនេះ បន្ទាប់ពីទីក្រុងសេអ៊ូល បានផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀងនេះ ក្នុងការតវ៉ាចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងដោយជោគជ័យរបស់កូរ៉េខាងជើង កាលពីថ្ងៃទី២១ ខែវិច្ឆិកា។

គម្រោងវារីអគ្គិសនីស្ទឹងមេទឹក១៥០មេហ្គាវ៉ាត់ពោធិ៍សាត់-កោះកុង កំពុងស្ថិតក្នុងដំណាក់ការសំអាតបាតអាង

2024/01/05 08:28:55 pm        757
បន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាល គម្រោងវារីអគ្គិសនីថ្មីមួយ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលមានឈ្មោះថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក កំពុងស្ថិតក្នុងដំណាក់ការ រៀបចំដំណើរការ សំអាតបាតអាង ។នារសៀលថ្ងៃទី៤ ខែមករា ម្សិលមិញនេះ នៅរដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំមួយស្តីអំពី “ការចុះពិនិត្យកំណត់ព្រំប្រទល់បាតអាង ដើម្បីរៀបចំផែនទី ទីតាំងដែលត្រូវឈូសឆាយ ជាក់ស្តែង របស់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក “។ឯកឧត្តម គឹម ណុង អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានលើកឡើងថា តាម ស.ជ.ណ របស់រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ ដើម្បីប្រមូលផល អនុផលព្រៃឈើក្នុងតំបន់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ដូច្នេះកិច្ចប្រជុំក្រុមការងារ​ចម្រុះក្នុង​ពេលនេះ គឺក្នុងគោលបំណង ដើម្បីជជែកគ្នាជាមួយអាជ្ញាធរខេត្ត ពោធិ៍សាត់ និងភាគីក្រុមហ៊ុន​រួចចុះពិនិត្យ និងកំណត់ទីតាំង និយាមការដើម្បីឈូសឆាយស្ដារបាតអាង។ ជាការ ពិតការស្តារបាតអាងប្រាកដជាប៉ះពាល់ដល់ព្រៃឈើ ដូច្នេះយើងត្រូវពិនិត្យមើលថាតើ ឈើប្រភេទណានិងទីតាំងណាខ្លះដែល ត្រូវរក្សាទុកដើម្បីទាក់ទាញទឹកភ្លៀង ជាប្រភពនៃជម្រកសត្វព្រៃ និងឈើប្រភេទណាខ្លះត្រូវសំអាត។ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា បញ្ហាប្រឈមដែលកើតចេញពីការអនុវត្តគម្រោងស្តារបាតអាងកន្លងមកគឺ គឺធ្លាប់មានករណី ការកាប់ឈើពីតំបន់ផ្សេងមកបន្លំធ្វើ ជាឈើបាតអាង និងការកាប់រានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ហើយតាំងខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បង្ករជាបញ្ហាដល់អាជ្ញាធរខេត្តដោះស្រាយ​មិនចេះចប់។ ដូចនេះ ខាងក្រុមហ៊ុនត្រូវសហការជាមួយ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ដើម្បីបង្ការបញ្ហាប្រឈមទៅថ្ងៃក្រោយ ។គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ ៤០០លានដុល្លារ ដោយក្រុមហ៊ុន ស្ទឹងមេទឹក ហាយដូផៅវ័រ មានទីតាំងស្ថិតក្នុងភូមិសាស្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ គឺមានទំនប់វារីអគ្គិសនីចំនួន៣រួម បញ្ជូលគ្នា ដោយ​ទំនប់​វារីអគ្គិសនីទី១មានអនុភាព ៥៧មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទំនប់វារីអគ្គិសនីទី២មានអនុភាព ៥៣មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីទី៣មានអនុភាព ៤០មេហ្គាវ៉ាត់គឺស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ ក៏មានអាងស្តុបទឹកចំនួន៣ផងដែរនៅតាមទំនប់វារីអគ្គិសនី ទាំង៣ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ២៥៧៦ ហិកតាក្នុងខេត្តពោធិ៍សាត់ និង៨៧២ហិកតាទៀត ក្នុងខេត្តកោះកុង ៕អត្ថបទ៖ ភិរុណ ពៅ

មន្ទីរបរិស្ថានរាជធានី-ខេត្ត បណ្ដុះកូនឈើបានជាង២៣ម៉ឺនដើម ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២៣

2024/01/05 07:41:14 pm        206
ភ្នំពេញ៖ តាមរយៈរបាយការណ៍របស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី៥ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា រហូតដល់បំណាចខែធ្នូ ២០២៣ មន្ទីរបរិស្ថានរាជធានី-ខេត្ត បានបណ្ដុះកូនឈើ បានចំនួន ២៣៤ ៣៧១ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន១៩១ ៨២០ដើម។ ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការថ្ងៃ១០ តុលា២០២៣ ស្តីពីរៀបចំបណ្តុះកូនឈើ សម្រាប់ចែកជូន​ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១លានដើម ចាប់បីខែកក្កដា ២០២៤ នេះ។ ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

លោកហ្សេឡិនស្គី បានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី ដែលធ្វើជាប្រធាន G7 នៅឆ្នាំ ២០២៤

2024/01/05 07:32:27 pm        186
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy) បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giorgia Meloni កាលពីថ្ងៃទី៤ ខែមករា ដែលប្រទេសរបស់ខ្លួន កំពុងធ្វើជាប្រធានក្រុមប្រទេសG7 ក្នុងឆ្នាំ ២០២៤។លោលប្រធានាធិបតី បានថ្លែងអំណរគុណអ៊ីតាលីសម្រាប់ការគាំទ្រទីក្រុងគីវ ហើយបានរាយការណ៍អំពីស្ថានភាពនៅខ្សែត្រៀមជួរមុខ និងការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំចុង ក្រោយរបស់រុស្ស៊ីលើអ៊ុយក្រែន។លោកហ្សេឡិនស្គី បានថ្លែងថា លោកស្រី Meloni បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់លោកស្រី ក្នុងការបន្តជួយក្នុងការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។ ភាគីនានា ក៏បានពិភាក្សាអំពីលទ្ធភាពនៃការផលិតការពារជាតិរួមគ្នាផងដែរ។លើសពីនេះទៀត មេដឹកនាំទាំងពីរ បានលើកឡើងពីការរៀបចំសម្រាប់កិច្ចប្រជុំរបស់ទីប្រឹក្សាស្តីពីរូបមន្តសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូស (Davos) ក្នុងរយៈពេលពីរ-បីសប្តាហ៍ទៀតនេះ ហើយបានណែនាំក្រុមនេះ ឲ្យពង្រឹងការងារទ្វេភាគីលើកាតព្វកិច្ចសន្តិសុខសម្រាប់អ៊ុយក្រែន។លោកហ្សេឡិនស្គី ក៏បានលើកឡើងពីការគាំទ្ររបស់អ៊ីតាលីចំពោះអ៊ុយក្រែន នៅកម្រិតរបស់ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប។លោកប្រធានាធិបតី ក៏បានបញ្ជាក់ថា លោកស្រី Meloni និងខ្ញុំ ក៏បានពិភាក្សាអំពីបញ្ហានៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយសម្រាប់អ៊ុយក្រែនដោយសហភាពអឺរ៉ុប។ អ៊ីតាលីនៅជាមួយយើងក្នុងរឿងនេះ ហើយវាផ្តល់ទំនុកចិត្តមិនត្រឹមតែចំពោះអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកគ្រប់គ្នាដែលចង់ឲ្យអឺរ៉ុបរបស់យើងទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។-

លោក Blinken ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាម្តងទៀត ខណៈដែលការភ័យខ្លាចនៃជម្លោះក្នុងតំបន់កើនឡើង

2024/01/05 06:57:39 pm        124
នៅពេលដែលរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រឈមមុខនឹងស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើង និងអស្ថិរភាពនៅមជ្ឈិមបូព៌ា រដ្ឋមន្រ្តីក្រសួងការបរទេសលោក អាន់តូនី ប្លីងខិន (Antony Blinken) កំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈឹមបូព៌ាម្ដងទៀតនៅចុងសប្តាហ៍នេះជាលើកទីបួនក្នុងរយៈពេល ៣ខែក្នុងដំណើរទស្សនកិច្ចដែលរំពឹងថានឹងផ្តោតជាសំខាន់លើការបន្ធូរបន្ថយការភ័យខ្លាចឡើងវិញដែលថាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស អាចផ្ទុះឡើងជាជម្លោះកាន់តែទូលំទូលាយ។លោក Blinken ចេញដំណើរកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (០៤ មករា) ក្នុងដំណើរទស្សនកិច្ចមជ្ឈឹមបូព៌ាចុងក្រោយបង្អស់របស់ខ្លួន ដែលនឹងនាំលោកទៅកាន់ប្រទេសទួរគី ក្រិក ហ្ស៊កដានី កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល ដែនដីវេសបែង និងអេហ្ស៊ីប។អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលលើ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា ក្រៅពីអាទិភាពជាក់លាក់នៃតំបន់ហ្កាហ្សា ដែលលោកប្លីងខិន នឹងនាំយកទៅកាន់អ៊ីស្រាអែល ដោយរួមទាំងការជំរុញឱ្យមានកំណើនជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា ការផ្លាស់ប្តូរឆ្ពោះទៅរកប្រតិបត្តិការយោធាមិនសូវខ្លាំងក្លា និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងអំពើហឹង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ វេស បែង ដែលកាន់កាប់ដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វ រដ្ឋមន្រ្តីការបរទេសរូបនេះក៏នឹងស្វែងរកជំនួយក្នុងតំបន់ដើម្បីធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ហើយនិងទប់ស្កាត់ជម្លោះពីការរីករាលដាល។ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើងជាមួយនឹងការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា មករដ្ឋបាលលោកបៃដិន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការរីករាលដាលនៅក្នុងជម្លោះដ៏តានតឹងនេះ៕

លោកពូទីន ចេញក្រឹត្យផ្តល់សញ្ជាតិដល់ជនបរទេសដែលប្រយុទ្ធ ដើម្បីរុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន

2024/01/05 06:34:41 pm        188
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ដែលអនុញ្ញាតឱ្យជនបរទេសដែលប្រយុទ្ធដើម្បីរុស្ស៊ី នៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៊ីសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។ក្រឹត្យនេះបាននិយាយថា មនុស្សដែលបានចុះហត្ថលេខាលើកិច្ចសន្យាក្នុងអំឡុងពេលដែលទីក្រុងមូស្គូ ធ្វើ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន អាចដាក់ពាក្យស្នើសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៊ីសម្រាប់ខ្លួនឯង ប្តី ប្រពន្ធ កូន និងឪពុកម្តាយរបស់ពួកគេ។ អ្នកទាំងនោះត្រូវតែផ្តល់ឯកសារដែលបង្ហាញថាពួកគេបានចុះឈ្មោះយ៉ាងហោចណាស់មួយឆ្នាំ។អ្នកដែលមានសិទ្ធិស្នើសុំសញ្ជាតិ រួមមានអ្នកដែលបានចុះកិច្ចសន្យាជាមួយកងកម្លាំងប្រដាប់អាវុធធម្មតា ឬ «ទម្រង់យោធា» ផ្សេងទៀត ដោយនោះជាការពិពណ៌នាដែលអាចអនុវត្តចំពោះក្រុមផ្សេងៗដូចជាអង្គការទាហានស៊ីឈ្នួល វេកនើ (Wagner) ជាដើម។ វិធានការនេះទំនងជាមានគោលបំណងបង្កើតការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ជនបរទេសដែលមានបទពិសោធយោធាដើម្បីដាក់ពាក្យចូលរួមក្នុងជួរទាហានរុស្ស៊ី។ទីក្រុងមូស្គូ មិនបានផ្សព្វផ្សាយទិន្នន័យអំពីចំនួនជនបរទេសដែលកំពុងប្រយុទ្ធឲ្យខ្លួននៅក្នុងប្រទេសអ៊ុយក្រែនទេ។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីមុនអំពីជនជាតិគុយបាដែលបានចុះឈ្មោះចូលបម្រើយោធាជាថ្នូរនឹងប្រាក់រង្វាន់ដែលច្រើនជាង ១០០ដងនៃប្រាក់បៀវត្សរ៍មធ្យមប្រចាំខែនៅគុយបា ហើយមានជនជាតិអាហ្រ្វិកចំនួនបីនាក់ ដែលត្រូវបានជ្រើសរើសដោយក្រុមទាហានស៊ីឈ្នួល វេកនើ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM
ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឲ្យមានការជជែកគ្នាជាមួយកូរ៉េខាងជើងដើម្បីជំនួសបទឈប់បាញ់ដោយសន្តិភាព
08/15/2026 07:08 PM
ប្រធានអាជ្ញាធរប៉ាឡេស្ទីននិយាយថា កងទ័ពអ៊ីស្រាអែល និងអ្នកតាំង​លំនៅឋាន​កំពុង​បំផ្លាញ​ទស្សន​វិស័យសន្តិភាព
08/15/2026 06:08 PM