សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាតជូនពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ

2024/01/03 07:11:38 pm        379
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បី​ជា ផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បាន​បន្ត​យក​ចិត្ត​ទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ​កម្ពុជា​​ប្រើប្រាស់​បាន​គ្រប់​គ្រាន់តាមតម្រូវការ។ សម្ដេចថ្លែងថា ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុង​ចំណោម​អាទិភាពគន្លឹះទាំង៥ មាន "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" ដោយនៅ​ក្នុង​បញ្ចកោណ​ទី២ មានកិច្ចការអាទិភាពចំនួន ៥ ហើយការលើកកម្ពស់ការតភ្ជាប់ និងបង្កើន​ប្រសិទ្ធភាព​វិស័យទឹកស្អាត គឺជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ របស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ ដែលមានគោលដៅផ្តោតលើការបន្តកសាង ពង្រឹងមូលដ្ឋានគ្រឹះ និង​បុរេ​លក្ខ​ខណ្ឌ​គន្លឹះ​ៗ សម្រាប់បង្កើនផលិតភាព តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សមិទ្ធផលថ្មីសន្លាង​មួយក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ គឺរោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុង​ពោធិ៍សាត់ ដើម្បីដោះស្រាយកំណើននៃតម្រូវការទឹកស្អាត និងលើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​ស្អាត​នៅ​ក្នុងខេត្តពោធិ៍សាត់ ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈ​ទីភ្នាក់​ងារ JICA។ រោងចក្រនេះ មានសមត្ថភាពផលិតបានចំនួន ៦ ៦០០ម៉ែត្រគូប/ថ្ងៃ និងអាច​ជំរុញ​សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣ ៨៦០ម៉ែត្រគូប/ថ្ងៃ។ ការណ៍​នេះ នឹងបន្តពង្រឹងការចែកចាយទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ​ដល់​ប្រជាពលរដ្ឋជាង ១៥ ០០០គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះ​នៃ​ស្រុក​បាកាន និងស្រុកកណ្តៀង៕

លោកណេតាន់យ៉ាហ៊ូ កំពុងរងសម្ពាធដ៏ខ្លាំងការពីសង្រ្គាម នយោបាយ និងថវិកា

2024/01/03 07:07:27 pm        121
នៅពេលដែលតុលាការកំពូលរបស់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃចន្ទ បានប្រកាសច្បាប់កែប្រែប្រព័ន្ធតុលាការរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)ថា ខុសច្បាប់និងមិនអាចអនុវត្តបានទេ គណបក្ស Likud របស់ខ្លួន បានរិះគន់ប្រព័ន្ធយុត្តិធម៌ចំពោះការសម្រេច ក្នុងអំឡុងសង្គ្រាមលើក្រុមហាម៉ាស នៅពេលដែលឯកភាពជាតិ គឺសំខាន់បំផុតនោះ។ប៉ុន្តែការឆ្លើយតបទៅនឹងការរិះគន់នោះ បានបង្ហាញថា វាគឺជាការកែប្រែច្បាប់ដែលនាំឲ្យមានការបែកបាក់គ្នា និងសង្គ្រាម ដែលចំនួនអ្នករិះគន់ កំពុងកើនឡើង។ ដូចដែលអ្នកនាំពាក្យយោធាលោក Daniel Hagari បាននិយាយថា អ៊ីស្រាអែល ត្រូវបានបែងចែក និងចុះខ្សោយចំពោះផែនការរបស់តុលាការ ប្រហែលជា បានដើរតួ ក្នុងការសម្រេចចិត្តរបស់ក្រុមហាម៉ាសក្នុងការវាយប្រហារ នៅក្នុងខែតុលា។សំឡេងជាច្រើនដែលទាញយកប្រយោជន៍ពីការទំនាក់ទំនងរវាងសង្រ្គាម និងការប៉ុនប៉ងដ៏មានប្រជានិយម ដើម្បីធ្វើឲ្យប្រព័ន្ធតុលាការចុះខ្សោយ ឆ្លុះបញ្ចាំងពីសម្ពាធកាន់តែកើនឡើងនិងតឹងតែងទៅលើលោក ណេតាន់យ៉ាហ៊ូទាំងផ្នែកយោធា ការទូត ថវិកា និងតុលាការ នៅពេលដែលលោកចាប់ផ្តើមឆ្នាំទីពីររបស់ខ្លួនដឹកនាំរដ្ឋាភិបាលចម្រុះស្តាំនិយម និងសាសនា ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។សំណួរថាតើរដ្ឋាភិបាលរបស់លោក នឹងអាចបន្តឋិតថេរ នៅក្នុងឆ្នាំ២០២៤ដែរឬទេនោះ គឺជាប្រធានបទថ្មីនៃការជជែកដេញដោល ដែលឥឡូវនេះ នឹងបង្ហាញពីការមិនយកចិត្តទុកដាក់ទៅលើស្ថានភាពនៃជម្លោះប្រដាប់អាវុធដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែល ក្នុងរយៈពេលកន្លះសតវត្សរ៍។លោក Amichai Cohen សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានប្រជាធិបតេយ្យអ៊ីស្រាអែល ដែលជាវិទ្យាស្ថានស្រាវជ្រាវសេរី បាននិយាយថា៖«មានភាពមិនស៊ីសង្វាក់គ្នាពិតប្រាកដរវាងការគ្រប់គ្រងរបស់លោកក្នុងសភា និងការមិនទុកចិត្តយ៉ាងខ្លាំងពីសំណាក់សាធារណជន ហើយវា គឺជាភាពច្របូកច្របល់ ដែលខ្ញុំមិនគិតថា អាចបន្តបានទៅទៀតបានទេ»។

ទីភ្នាក់ងារមុខរបរ និងការងារ៖ ឱកាសការងារក្នុងស្រុក ២៥,៥៩៧កន្លែង កំពុងរង់ចាំបងប្អូនចូលបម្រើការ

2024/01/03 06:56:20 pm        324
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណៈជន នូវ​ឱកាស​ការងារ​ក្នុង​ស្រុកមានចំនួន ២៥,៥៩៧ កន្លែង ក្នុងវិស័យសំខាន់ៗបី នៃខេត្តចំនួន ១០ សម្រាប់​បងប្អូន​ងាយ​ស្រួល​ជ្រើសរើសចូលបម្រើការងារ។ ការផ្តល់ឱកាសការងារក្នុងស្រុក សរុប ២៥,៥៩៧កន្លែង ក្នុងនោះមានបីវិស័យគឺ វិស័យ​ឧស្សាហកម្ម ចំនួន ១៦,៤៨៣កន្លែង វិស័យសេវាកម្ម ចំនួន ២,៣៣៧កន្លែង និងវិស័យកសិកម្ម ចំនួន ៦,៧៧៧កន្លែង។ បន្ថែមពីនេះ ឱកាសការងារ មាននៅក្នុងខេត្តចំនួន ១០ មាន​ខេត្ត​កំពង់ស្ពឺ ៩,២២៣កន្លែង ខេត្តរតនគិរី ៦,៦០០កន្លែង ខេត្តកណ្តាល ២,២៥០កន្លែង ខេត្តកំពង់ឆ្នាំង ១,១៥០កន្លែង ខេត្តកំពង់ចាម ១,១០៤កន្លែង ខេត្តក្រចេះ ១,០៩០កន្លែង រាជធានីភ្នំពេញ ១,១០៣កន្លែង ខេត្តពោធិ៍សាត់ ១,០៩៨កន្លែង ខេត្តបន្ទាយមានជ័យ ៦១៦កន្លែង ខេត្តកោះកុង ៤២៩កន្លែង និងខេត្តផ្សេងៗទៀត ៩៣៤កន្លែង។ ទន្ទឹមគ្នានោះ មានមុខរបរចំនួន ១០ ប្រភេទ សម្រាប់បងប្អូនជ្រើសរើសតាមចំណង់ចំណូលចិត្ត និង​ជំនាញរបស់ខ្លួន ដែលមាន អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចំការដំណាំ អ្នកដោះខាត់លោហៈ អ្នក​ក្រឡឹងកង់ និងអ្នកសំលៀងឧបករណ៍ អ្នកប្រឹក្សាយោបល់ខាងហិរញ្ញវត្ថុ និងវិនិយោគទុន មន្ត្រី​ឥណទាន និង​ប្រាក់កម្ចី អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត អ្នកបម្រើ(Waiters) នាយក​គ្រប់គ្រងការផ្គត់ផ្គង់ការចែកចាយនិងពាក់ព័ន្ធ វិជ្ជាជីវៈខាងការផ្សព្វផ្សាយនិងទីផ្សារ អ្នកបោកគក់ និង​អ្នកអ៊ុតដោយប្រើដៃ និងមុខរបរផ្សេងៗទៀត។ តាមរយៈ​ការចេញផ្សាយរបស់ក្រសួង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់​ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមលេខទូរស័ព្ទ ០៧៧ ២៣ ២៣ ៧៨ ឬ ០១៦ ៧៨ ៦៦ ៥៥ (Telegram)។សូមបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយ​ឱកាស​ការងា​រនេះ កាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្រសួងបាននឹង​កំពុងគិតគូរយ៉ាង​យក​ចិត្ត​ទុក​ដាក់ពីវិស័យការងាររបស់ប្រជាពលរដ្ឋ និងព្យាយាមបង្កើនបន្ថែមទៀត ដើម្បីការកំណើន​សេដ្ឋកិច្ច​នៅ​ប្រទេសកម្ពុជា៕

ឯកឧត្តម សាយ សំអាល់ អំពាវនាវយុវជនបង្កើនចំណេះដឹង ដើម្បីឲ្យកម្ពុជាទទួលជោគជ័យ​គោលដៅ២០៥០

2024/01/03 06:12:11 pm        251
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា រាជរដ្ឋាភិបាលរំពឹងឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្ស ដែល​ពោរពេញដោយចំណេះដឹង និងសមត្ថភាព សម្រាប់ចូលរួម​ប្រែក្លាយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​​មាន​ប្រាក់​ចំណូលកម្រិតខ្ពស់ ដូចនេះសូមយុវជន ជាពិសេសសិស្ស​និស្សិត ត្រូវ​ខិតខំ​បង្កើន​ចំណេះ​ដឹង​របស់ខ្លួនឲ្យកាន់តែទូលំទូលាយ ។ក្នុងពេលជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹង​ត្រូវ​ទៅ​បន្ត​ការ​សិក្សា​នៅ​ណូវែលហ្សេឡង់ អូស្ត្រាលី និងបារាំង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មី ដែល​ដឹក​នាំ​ដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែខិតខំ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស និងត្រូវបានដាក់ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (ធនធានមនុស្ស ភ្លើង ទឹក ផ្លូវ និងបច្ចេកវិទ្យា) ។ ឯកឧត្តម បានបន្តថា យុវជន ជាពិសេសនិស្សិតជ័យលាភីអាហារូបករណ៍ ដែល​បាន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេសនេះ ត្រូវសិក្សាអំពីសភាពការណ៍នយោបាយ និងដំណើរ​វិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​សកល​លោក ​ដើម្បីទុកជាបទពិសោធន៍ សម្រាប់ស្វែងយល់ អំពីអ្វីដែលត្រូវយកមកអនុវត្ត និង​អ្វី​ដែល​ត្រូវ​ជៀស​វាង ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ ឱ្យ​កាន់​តែ​ឈាន​ឆ្ពោះ​ទៅមុខ ។ ក្នុងឱកាសនោះ ជាការឆ្លើយតប និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បានប្ដេជ្ញាថា ពេល​បញ្ចប់​ការសិក្សាហើយវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នឹង​ចូលរួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិបាល​ក្នុ​​ងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និង​ដំណាក់​កាលបន្តបន្ទាប់ទៀត តាមសក្តានុពល និងជំនាញរៀងៗខ្លួន ។គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នឹងត្រូវចេញ​ដំណើរ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត និងបណ្ឌិតនៅអូស្ត្រាលី ណូវែលហ្សេឡង់ និងបារាំង នាខែមករា ឆ្នាំ២០២៤នេះ ដោយ​សិក្សា​លើមុខវិជ្ជាវិទ្យាសាស្ត្រវិស្វកម្ម នីតិសាស្ត្រ វិទ្យាសាស្រ្តនយោបាយ អប់រំ ការរចនា​ទីក្រុង វិជ្ជាជីវៈឆ្មប សេដ្ឋកិច្ច សុខភាពសាធារណៈ សហគ្រិនភាព និងនវានុវត្តន៍ គោល​នយោបាយ​សាធារណៈ និងបច្ចេកវិទ្យាជីវសាស្រ្ត រួមនឹងមុខវិជ្ជាសំខាន់ៗជាច្រើនទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

និស្សិត និងពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ប្រកាសស្វាគមន៍ដំណើរទស្សនកិច្ច​សម្តេចធិបតីទៅកាន់ប្រទេសបារាំង និងស្វីស

2024/01/03 05:25:31 pm        272
ភ្លាមៗក្រោយទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសបារាំង និងប្រទេសស្វីសនាពេលខាងមុខនេះ បង​ប្អូន​ប្រជា​ពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរដែលកំពុងសិក្សា និងរស់នៅ​តំបន់​អឺរ៉ុប​បាន​ប្រកាស​ចាំ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ចរបស់សម្តេចនាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។តាមរយៈវិដេអូឃ្លីបដាច់ដោយឡែកពីគ្នា របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរទាំងនោះ បាន​លើក​ឡើងថា ពួកគេពិតជាមានភាពកក់ក្តៅ និងក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថា សម្តេច​ធិបតី នាយករដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង និងស្វី​ស​ខាង​មុខ​នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស។ ហើយបងប្អូន ទាំងនោះក៏បានរំពឹងថា ដំណើរទស្សន​កិច្ច​ជា​លើក​ដំបូង​របស់​សម្តេច​ធិបតី​ទៅ​កាន់​ប្រទេសបារាំង និងស្វីស ក្រោយសម្តេចធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានេះ នឹង​ទទួ​ល​បាន​ផ្លែផ្កា និងផលប្រយោជន៍សម្រាប់ជាតិ និងប្រ ជាជន​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរទាំងនោះបានប្រកាសថា ពួកគេនឹងរង់ចាំទទួលស្វាគមន៍ ដោយ​ស្មោះស្ម័គ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និ​ង​ថ្លែង​កោត​សរសើរ​ចំពោះ​សម្តេច​ថា​ជា​មេ​ដឹកនាំ វ័យក្មេង និងឆ្លាតវៃមួយរូប ដែលមាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ និង​ប្រកដ​និយម ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ។បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរ ទាំងនោះក៏បានថ្លែងអំណរអគុណចំពោះការដឹកនាំរបស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះផងដែរ។សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្តេច​ធិបតី ហ៊ុន ម៉ាណែត នឹងបំពេញ​ទស្សនកិច្ច​ ​ផ្លូវការ​នៅ​ប្រទេស​បារាំង​ចំនួន​ពីរ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ហើយ​បន្ទាប់​សម្តេច​នឹង​អញ្ជើញ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤។ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតី ទៅកាន់​តំបន់​អឺរ៉ុប​នេះ​ត្រូវ​បាន​ប្រធានា​ធិបតី​បារាំង នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និង​បារាំង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​នូវ​ការ​ធ្វើ​ពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នា នៃប្រទេសទាំងពីរ។ នៅក្នុងលិខិតអញ្ជើញ លោក​ប្រធានា​ធិបតី បានរំពឹង​ថា​ «ដំណើរ​ទស្សនកិច្ច​នេះ​នឹ​ង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​មានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើពិពិធកម្ម ដើម្បី​គ្រប់គ្រង​ផល​ប្រយោជន៍​រួម​គ្នា ក្នុងនោះមានដូចជាបញ្ហាប្រឈមនៃសាកលភាវូបនីយកម្មដែលមានការផ្លាស់ប្តូរ និង​កំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ វានឹងអនុញ្ញាតឱ្យយើងពិនិត្យមើលនូវមធ្យោបាយ ដែល យើង​អាច​ប្រើ​ប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សកល ដែលផ្អែកលើវិធានច្បាប់ ដែល​នឹង​អនុញ្ញាត​ដល់​ការធានានូវ អធិបតេយ្យភាព និងពោរពេញទៅដោយឯករាជ្យ នៃរដ្ឋទាំងអស់»៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំងចំនួនពីរថ្ងៃនៅខែមករានេះ

2024/01/03 02:27:27 pm        274
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំងចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ខណៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នានៃប្រទេសទាំងពីរ។យោងតាមលិខិតអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅហើយត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បកប្រែក្រៅផ្លូវការ និងបានផ្សព្វផ្សាយជាសាធារណៈនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសបារាំងនាពេលនេះ នឹងបង្កើននូវវឌ្ឍនភាព និងកាន់តែមានភាពច្បាស់លាស់​ថែមទៀត​ទៅលើវិស័យជាច្រើន រវាងកម្ពុជា និងបារាំង។យោងតាមលិខិតអញ្ជើញរបស់លោកប្រធានាធិបតីបារាំង បានបញ្ជាក់ថា«ឯកឧត្តមនាយករដ្ឋមន្ត្រី​ជាទីស្រឡាញ់! មិត្តជាទីស្រឡាញ់!។ ខណៈពេលដែលព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រនៅកាន់ទីក្រុងប៉ារីសកាលពីខែកន្លងទៅ បានបង្ហាញអំពីភាពរឹងមាំនៃចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ និងរបស់ប្រជាជនរបស់​យើង(កម្ពុជា-បារាំង) ខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេស​បារាំងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករាខាងមុខនេះ»។លោកប្រធានាធិបតី បានបញ្ជក់បន្ថែមទៀតថា ដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសបារាំងនេះ ចាប់តាំងពីការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នឹងអនុញ្ញាតក្នុងការបង្កើននូវវឌ្ឍនភាព និងកាន់តែមានភាពច្បាស់លាស់ថែមទៀតទៅលើវិស័យជាច្រើនផ្សេងទៀត ជាពិសេស គឺចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសនៅក្នុង វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ វិស័យការពារជាតិ បេតិកភណ្ឌ និងភាសាបារាំង។លោកអេម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ទៀតថា« ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្វនេះនឹង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើ​ពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នា ក្នុងនោះមានដូចជាបញ្ហាប្រឈមនៃសាកល​ភាវូបនីយកម្មដែលមានការផ្លាស់ប្តូរ និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ វានឹងអនុញ្ញាតឱ្យយើងពិនិត្យមើលនូវមធ្យោបាយ ដែល យើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សកល ដែលផ្អែកលើវិធានច្បាប់ ដែលនឹងអនុញ្ញាតដល់ការធានានូវ អធិបតេយ្យភាព និងពោរពេញទៅដោយឯករាជ្យ នៃរដ្ឋទាំងអស់។ ខ្ញុំសូម ឯកឧត្តម នាយ រដ្ឋមន្ត្រី ទទួលនូវការគោរពអំពីខ្ញុំ»។បន្ថែមពីលើខ្លឹមសារខាងលើ លោកប្រធានាធិបតី​បារាំង​ក៏បានសរសេរផ្ទាល់ដៃនូវឃ្លា ដែលផ្ញើនូវ ការនឹករលឹកដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាផងដែរ ដោយឃ្លានោះ បានលើកឡើងថា«សូមមេត្តាពាំនាំការគោរពនឹករលឹកជូនចំពោះលោកឪពុករបស់ ឯកឧត្តមដែលជាមិត្តសម្លាញ់របស់ខ្ញុំ»៕ អត្ថបទបាន ចក់

ថ្ងៃទី២នៃការប្រកាសទ្រព្យសម្បត្តិ ACU បានទទួលឯកសារប្រកាសចំនួន ៨០២៩រូបហើយ

2024/01/02 08:58:23 pm        457
ថ្ងៃទី២នៃការប្រកាសទ្រព្យសម្បត្តិតាមរបប០២ឆ្នាំ ឆ្នាំ២០២៤នេះ ACU បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសចំនួន ៨០២៩រូបហើយ និងមានក្រសួង ស្ថាប័នមួយចំនួនបានបញ្ចប់ការប្រកាស១០០%។អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានឱ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ ឆ្នាំ២០២៤នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាស​ទ្រព្យសម្បត្តិ និងបំណុល ចំនួន ៨០២៩រូប ធ្វើឱ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ​ស្មើនឹង ៤៣.៩២% នៃចំនួនត្រូវប្រកាសសរុប ១៨២៧៩រូប ​ដែលចំនួននេះ​ គិតចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ។សូមបញ្ជាក់ថា ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ​ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៤នេះដំណើរការមួយខែពេញនៃខែមករានេះ គឺចាប់ពីវេលាម៉ោង០៨ព្រឹក ​ដល់ម៉ោង០៥ល្ងាច ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងមានការឈប់សម្រាកសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះទេ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ក្រសួងការបរទេសឡាតវី៖ ទោះបីជាអ៊ុយក្រែនរំដោះទឹកដីរបស់ខ្លួនក៏ដោយ ការគំរាមកំហែងរបស់រុស្ស៊ីចំពោះអឺរ៉ុប នឹងនៅតែមាន

2024/01/02 08:43:15 pm        481
លោក Krišjānis Kariņš រដ្ឋមន្ត្រីការបរទេសឡាតវី បាននិយាយថា ទោះបីជាអ៊ុយក្រែនរំដោះទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីទាំងអស់ក៏ដោយ ក៏ការគំរាមកំហែងខាងយោធាចំពោះអឺរ៉ុបពីរុស្ស៊ី នឹងនៅតែមាន។«រដ្ឋាភិបាលរុស្ស៊ី មិនអាចកែលម្អសុខុមាលភាពរបស់ប្រជាជនរបស់ខ្លួនបានទេ។ ការគ្រប់គ្រងស្ថានភាព ត្រូវបានផ្តោតទៅលើការប្រឆាំងនឹងការស្វែងរកសត្រូវខាងក្រៅ និងមានការបណ្តុះគំនិតថា ការដួលរលំនៃសហភាពសូវៀត គឺជាអំពើអាក្រក់ដ៏ធំបំផុត។ ដូច្នេះចំាបាច់ត្រូវប្រគល់ទឹកដីដែលបាត់បង់មកវិញរួមទាំងផលប្រយោជន៍ផ្សេងៗ។ វាជាការសោកស្ដាយដែលនេះ មិនមែនជាសង្រ្គាមរបស់វិមានក្រឹមឡាំងទេ វាបានក្លាយជាសង្រ្គាមដែលគាំទ្រដោយប្រជាជនរុស្ស៊ី។ ប្រទេសរុស្ស៊ី កំពុងឈានទៅមុខជាមួយនឹងការពង្រីកចក្រពត្តិ ហើយបន្តជាការគំរាមកំហែងដល់អឺរ៉ុប»។ដូចដែលអ្នកនយោបាយរូបនេះ បាននិយាយថា នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន បានបញ្ចប់ ការគំរាមកំហែង នឹងចាប់ផ្តើមកើនឡើង ប្រទេសរុស្ស៊ី នឹងបន្តកសាងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើងវិញ។លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពឋិតថេរនៃរដ្ឋាភិបាលរុស្ស៊ី គឺផ្អែកលើមហិច្ឆតាចក្រពត្តិនិយម។លោក Kariņš បានបន្ថែមថា ការពិភាក្សាអំពីការបរាជ័យ ឬការបាត់បង់ទឹកដីមួយចំនួន ដែលអាចកើតមានរបស់អ៊ុយក្រែន និងជ័យជម្នះរបស់រុស្ស៊ី គឺមានបំណងលើកទឹកចិត្តប្រទេស និងសង្គមលោកខាងលិច ឲ្យទប់ស្កាត់សេណារីយោបែបនេះ។ ដូចដែលលោករដ្ឋមន្ត្រីការបរទេស បានលើកឡើង ជ័យជម្នះនៅអ៊ុយក្រែន នឹងបង្ហាញដល់វិមានក្រឹមឡាំងថា គោលនយោបាយរបស់ខ្លួនត្រឹមត្រូវ ដែលធ្វើឲ្យខ្លួនអាចវាយប្រហារប្រទេសជិតខាង និងទទួលបានផលប្រយោជន៍ពីវានោះ។

លោក ស៊ី ជីនពីង បានលើកឡើងនៅឆ្នាំ២០២៤ ជាមួយនឹងការទទួលស្គាល់ដ៏កម្រថា សេដ្ឋកិច្ចរបស់ ចិនកំពុងមានបញ្ហា

2024/01/02 08:31:02 pm        444
លោកប្រធានាធិបតី ស៊ី ជីនពីង ( Xi Jinping) បានទទួលស្គាល់ក្នុងអំឡុងពេលសុន្ទរកថាពេលល្ងាចថ្ងៃអាទិត្យចូលឆ្នាំសកលរបស់លោកថា អាជីវកម្មរបស់ប្រទេសចិន កំពុងជួបការលំបាក ហើយអ្នកស្វែងរកការងារធ្វើ មានបញ្ហាក្នុងការស្វែងរកការងារ។នេះ គឺជាលើកទីមួយហើយ ដែលលោក ស៊ី បានលើកឡើងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នៅក្នុងសារឆ្នាំថ្មីប្រចាំឆ្នាំរបស់ខ្លួន ចាប់តាំងពីលោក បានចាប់ផ្តើមថ្លែងក្នុងឆ្នាំ២០១៣។ វាកើតឡើង នៅដំណាក់កាលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃរចនាសម្ព័ន្ធដែលបណ្តាលមកតម្រូវការធ្លាក់ចុះ ភាពអត់ការងារធ្វើកំពុងកើនឡើង និងភាពជឿជាក់លើអាជីវកម្មក៏ធ្លាក់ចុះផងដែរ។ដោយទទួលស្គាល់ពី«ស្ថានភាពដ៏លំបាក» ដែលប្រទេសនេះកំពុងប្រឈម លោកស៊ី បានទទួលស្គាល់ក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖«សហគ្រាសមួយចំនួន មានពេលវេលាដ៏លំបាក។ មនុស្សមួយចំនួនមានការលំបាកក្នុងការស្វែងរកការងារធ្វើ និងបំពេញតម្រូវការមូលដ្ឋាន»។លោកស៊ី បាននិយាយនៅក្នុងសុន្ទរកថាដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖«ទាំងអស់នេះ នៅតែស្ថិតនៅក្នុងចំណុចសំខាន់នៃគំនិតរបស់ខ្ញុំ»។ «យើងនឹងបង្រួបបង្រួម និងពង្រឹងសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច»។នៅប៉ុន្មានម៉ោងមុនពេលលោកស៊ីថ្លែង ការិយាល័យស្ថិតិជាតិ (NBS) បានចេញផ្សាយការស្ទង់មតិប្រចាំខែរបស់ខ្លួន សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ដែលបង្ហាញថា សកម្មភាពរោងចក្រ បានធ្លាក់ចុះក្នុងខែធ្នូដល់កម្រិតទាបបំផុត ក្នុងរយៈពេល៦ខែ។

ក្រុមឧទ្ទាម Zapatista នៅម៉ិកស៊ិក អបអរខួប ការបះបោរប្រឆាំងសកលភាវូបនីយកម្ម

2024/01/02 08:19:11 pm        416
ក្រុមជនជាតិដើមបដិវត្តន៍ម៉ិកស៊ិក ជាកងទ័ពក្រុមឧទ្ទាម Zapatista សម្រាប់ការរំដោះប្រទេស កំពុងអបអរខួបលើកទី ៣០ នៃការបះបោរប្រដាប់អាវុធរបស់ពួកគេ ដែលបានបញ្ចប់ទៅក្លាយជានិមិត្តរូបដំបូងសម្រាប់អ្នកគាំទ្រចលនាប្រឆាំងសកលភាវូបនីយកម្ម។កាលពីឆ្នាំ ១៩៩៤ សេនាធិការរង លោក Marcos បានដឹកនាំក្រុមបះបោរប្រដាប់អាវុធ នៅក្នុងរដ្ឋ Chiapas ភាគខាងត្បូង និងក្រីក្រ ក្នុងការប្រកាសសង្គ្រាមប្រឆាំងរដ្ឋាភិបាល នៅថ្ងៃដែលរដ្ឋនេះ បើកព្រំដែនចំពោះពាណិជ្ជកម្មសេរី។ដោយដាក់ឈ្មោះឱ្យវីរបុរសបដិវត្តន៍ម៉ិកស៊ិក អ៊ីមីលាណូ ហ្សាប៉ាតា (Emiliano Zapata)(EZLN) ខណៈក្រុមនេះត្រូវបានគេស្គាល់ ហើយសហគមន៍ Zapatista បានអញ្ជើញអ្នកផ្សេងទៀតឱ្យមកចូលរួមជាមួយពួកគេ និងអបអរនូវអ្វីដែលពួកគេបានចាត់ទុកថាជា «ខួបនៃការចាប់ផ្តើមសង្រ្គាមប្រឆាំងចំពោះការបំភ្លេចចោល» ។មេដឹកនាំក្រុមបះបោរ លោក Marcos ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរង Marcos និងអត្តសញ្ញាណផ្សេងទៀត បានបង្ហាញខ្លួនកាលពីរសៀលថ្ងៃច័ន្ទ នៅក្នុងការប្រារព្ធពិធីអបអរខួបនេះ។ លោក បានពាក់ម៉ាស់ក្លែងបន្លំមុខ ខណៈលោកកំពុងជក់បារីខ្សៀ។ វាជារឿងអាថ៍កំបាំងមួយ ដែលអតីតមេដឹកនាំឧទ្ទាមរូបនេះ មិនត្រូវបានគេឃើញជាសាធារណៈអស់ជាច្រើនឆ្នាំមកហើយ។ ការប្រារព្ធពិធីអបអររយៈពេល ៤ ថ្ងៃ ដែលបញ្ចប់នៅថ្ងៃអង្គារនេះ មានការសម្តែងសិល្បះ របាំ និងកំណាព្យ ឧទ្ទិសដល់ដល់អ្នកដែលបានប្រយុទ្ធក្នុងរយៈពេល ១២ថ្ងៃ ជាមួយកងទ័ពម៉ិកស៊ិក បណ្តាលឲ្យបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់ ១៤០នាក់ ។ក្នុងអំឡុងពេលនៃការប្រារព្ធពិធីអបអរនេះ ស្ត្រីជាច្រើននាក់បានស្លៀករ៉ូប ដែលប៉ាក់ដោយផ្កាចម្រុះពណ៌ និងគ្រឿងតុបតែង ជាលក្ខណៈនៃសហគមន៍ជនជាតិដើមផ្សេងៗគ្នារបស់ពួកគេ ហើយស្ត្រីផ្សេងទៀត ព្រមទាំងបុរសជាច្រើន បានស្លៀកពាក់ឯកសណ្ឋានបែបយោធា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM