សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីប្រឹក្សាសន្តិសុខជាតិ៖ អ៊ីស្រាអែលត្រៀមខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី ប្រសិនបើ សហគមន៍អន្តរជាតិ បរាជ័យ

2023/12/11 06:00:26 pm        142
ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បានថ្លែង កាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអ៊ែល ត្រៀមខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេម៉ែន ដើម្បីរំខានដល់ការដឹកជញ្ជូនទំនិញ នៅក្នុងសមុទ្រក្រហម ប្រសិនបើសហគមន៍អន្តរជាតិ បរាជ័យ។ លោក Hanegbi បានថ្លែងប្រាប់ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏ដូចជាមេដឹកនាំអឺរ៉ុបអំពីក្រុមហ៊ូធី ដែលកំណត់គោលដៅលើនាវាពាណិជ្ជកម្ម ដែលមានទំនាក់ទំនងរបស់អ៊ីស្រាអែល។ លោក Hanegbi បាននិយាយថា៖«អ៊ីស្រាអែល កំពុងផ្តល់ពេលវេលាដល់ពិភពលោក ដើម្បីរៀបចំដើម្បីទប់ស្កាត់បញ្ហានេះ ប៉ុន្តែប្រសិនបើ មិនមានការរៀបចំជាសកលទេ ព្រោះវាជាបញ្ហាសកល យើងនឹងចាត់វិធានការ ដើម្បីលុបបំបាត់ការឡោមព័ទ្ធរបស់កងទ័ពជើងទឹកនេះ»។ក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន គឺជាអង្គការនយោបាយ និងយោធាអ៊ីស្លាម Shia ដែលបាននិងកំពុងប្រយុទ្ធនឹងសង្រ្គាមស៊ីវិលប្រឆាំងនឹងក្រុមចម្រុះដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីឆ្នាំ ២០១៤។មានការកើនឡើងនូវសកម្មភាពដែនសមុទ្ររបស់ពួកគេ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ហើយក្រុមនេះ បាននិយាយថា នាវាណាមួយដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល គឺជា«គោលដៅស្របច្បាប់» ។

គណបក្សប្រជាជនកម្ពុជា អំពាវនាវយ៉ាងទទូច​ដល់បណ្តាភាគីកំពុងមានជម្លោះព្យាយាមរកដំណោះស្រាយគ្នាដោយសន្តិវិធី

2023/12/11 05:44:23 pm        123
គណបក្សប្រជាជនកម្ពុជា បានអំពាវនាវយ៉ាង​ទទូច ដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធ និងជម្លោះនៅ តាមតំបន់នានា គប្បី​ព្យាយាមរកដំណោះស្រាយគ្នាដោយសន្តិវិធី ដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងអភិវឌ្ឍន៍​ភាពជាសកលជាដើម។ការអំពាវនាវរបស់គណបក្សប្រជាជនកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញ ទូទាំងប្រទេសរបស់ខ្លួនរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ​រាជធានីភ្នំពេញ ​ក្រោមអធិបតីភាពសម្តេចតេជោ ​ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណកប្សប្រជាជនកម្ពុជា។យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣នេះ ​បានលើកឡើងថា នៅក្នុងមហាសន្និបាត​គណបក្ស​ប្រជាជនកម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួន ក្នុងការជំរុញអនុវត្តយ៉ាងសកម្មនូវនយោបាយ​ការ​បរទេសឯក រាជ្យដោយផ្អែកលើច្បាប់ លើ​មូលដ្ឋាន​គោរពគោលការណ៍នានា​នៃធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិ​ និងធម្មនុញ្ញអាស៊ាន​ ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និង​បង្កើនការចូលរួមសកម្មក្នុង កិច្ចការអន្តរជាតិ ​ដើម្បបុព្វហេតុសន្តិភាព ​សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភព លោកជាដើម។មហាសន្និបាតលើកឡើងទៀតថា ​ព្រមជាមួយនេះ«ក្នុងស្ថានភាពដែលសភាពការណ៍អន្តរជាតិ​កំពុង​មាន​ការវិវត្ត​ដ៏​ស្មុគស្មាញ ពិបាក​ប៉ាន់ស្មាន ​និងប្រកបដោយគ្រោះថ្នាក់នោះ គណបក្សប្រជាជន​កម្ពុជា សូមអំពាវនាវដល់បណ្តារដ្ឋ ​និងភាគីដែលពាក់ព័ន្ធនឹងជម្លោះនៅតាមតំបន់នានា សូម​ព្យាយាមរកដំណោះ ស្រាយដោយសន្តិវិធីតាមរយៈការ​ចចារ ដើម្បីធានានូវសុខសន្តិភាព​ ភាតរភាព និងអភិវឌ្ឍន៍ភាពជាសកល»។តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាតក៏បានលើកឡើងផងដែរថា ​កម្ពុជាដែលធ្លាប់ឆ្លងកាត់ មហាវិនាសកម្មនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ​យល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព បើប្រជាជនបាត់បង់​សន្តិភាពហើយ​ ប្រជាជននឹងត្រូវបាត់បង់​អ្វីទាំងអស់ ​ហើយសន្តិភាពមិនអាចនឹង​បង្កើតបាន​ដោយសង្រ្គាមឡើយ៕អត្ថបទ បាន ចក់

គណបក្សប្រជាជនកម្ពុជា អះអាងជាថ្មីក្នុងការប្តេជ្ញាចិត្តការពាររបបរាជានិយម ដោយមិនអនុញ្ញាតឲ្យជនណាមកបំពានបានឡើយ

2023/12/11 04:59:44 pm        165
នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់ខ្លួន គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អះអាងជាថ្មី​ក្នុងការប្តេជ្ញាចិត្តការពាររបបរាជានិយម​រាជបល្ល័ង្ក ការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារខឿនការពារជាតិ ​ការពារបូរណភាពទឹកដី និងកម្ចាត់​ក្រុមនយោបាយជ្រុលនិយមគ្រប់រូបភាព​ទាំងអស់។យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់​គណបក្ស​ប្រជាជនកម្ពុជា ​នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣នេះ ​បានលើកឡើងថា ​មហាសន្និបាត បាន​ពិនិត្យពិភាក្សា យ៉ាងល្អិតល្អនអំពីបញ្ហាប្រឈមនានា​នៅក្នុងដំណើរការអភិវឌ្ឍ​ប្រទេសជាតិ ទាំង​កត្តាខាងក្នុង ទាំងកត្តា ខាងក្រៅ ​ហើយបានធ្វើស្វ័យត្រួតពិនិត្យចំពោះចំណុចខ្វះខាតផ្សេងៗ ក្នុងការ​អនុវត្តគោលនយោបាយ ក៏ដូចក្នុងការកសាងពង្រឹងគណបក្ស និងបានដាក់ចេញនូវទិសដៅ​ការងារសំខាន់ៗ ដែលត្រូវពុះពារអនុវត្ត ឲ្យបានសម្រេចរួមមាន៖ «ពង្រឹងខឿនការពារជាតិ ថែរក្សា​សន្តិភាព និងស្ថិរភាពនយោបាយ ​មិនឲ្យកម្លាំងណាមកបំផ្លាញ ​បានឡើយ លប់បំបាត់នយោបាយ​ជ្រុលនិយមគ្រប់រូបភាព ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ​និងសុវត្ថិភាព សង្គម ផ្តល់ភាពកក់ក្តៅជូន​ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត​ទាំងផ្លូវកាយ​ និងផ្លូវចិត្ត។ ការ ពាររបបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ការពារ​រាជបល្ល័ង្ក​ និងការពារព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត​មិនឲ្យជនណាមកបំពានបានឡើយ»។តាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតនេះ ​គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសបន្តពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ​និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ។ ​ចូលរួម សកម្មក្នុងការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ​នីតិកាលទី៥ និង​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ​ដោយគោរព​ម៉ឺងម៉ាត់​តាមច្បាប់​ បទបញ្ជា និងនីតិវិធី ​នៃការបោះឆ្នោតផងដែរ។តាមរយៈមហាសន្និបាតនេះដែរ គណបក្សប្រជាជនកម្ពុជា ​ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ គ្រប់ទិសទី ​សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់​នៃអង្គព្រះមហាក្សត្រ​ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ​និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីថែរក្សា សន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗទៀត​ក្នុងការអភិវឌ្ឍ​មាតុភូមិកម្ពុជាឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត៕អត្ថបទ៖ បាន ចក់

មហាសន្និបាតរបស់គណបក្សប្រជាជនលើកទី៤៤ ប្រកាសគាំទ្រពេញទំហឹងរាជរដ្ឋាភិបាលនីតិកាលទី៧

2023/12/11 04:46:32 pm        160
នៅក្នុងមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសលើកទី៤៤របស់ខ្លួន ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រ​យ៉ាងពេញ​ទំហឹង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ​ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយអង្គសន្និបាតក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាលសម្រេច បាន​លទ្ធផលល្អប្រកបដោយមោទនៈផងដែរ ​ខណៈការដឹកនាំទើបតែបានក្នុងរយៈពេលខ្លីនោះ។យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជនកម្ពុជា ​នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣នេះ ​បានលើកឡើងថា ​មហាសន្និបាត គាំទ្រ​ពេញ​ទំហឹងចំបោះរាជរដ្ឋាភិបាលនីតិកាលទី៧ ​នៃរដ្ឋសភា​ ដើម្បីអនុវត្តដោយជោគជ័យ នូវ​កម្មវិធីនយោបាយ​ និងយុទ្ធសាស្រ្តបច្ចកោណ ​ដំណាក់កាលទី១​ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ​និងចីរភាព ​ដែលមានការ ​កែទម្រង់ ​និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយ​កំណត់​អាទិភាពជាគន្លឹះ ចំនួន៥ គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា» ​សំដៅការពារថែរក្សា ពូនជ្រំ​សមិទ្ធផល​ជាតិ ​ជំរុញ​សន្ទុះកំណើន​សេដ្ឋកិច្ច ​ធ្វើ​ឲ្យប្រទេសកម្ពុជា​ប្រែក្លាយ​ជាប្រទេសមានចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ២០៣០​ និងកសាងមូលដ្ឋានឆ្ពោះទៅ ​សម្រេច​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។តាមសេចក្តីសម្រេចចិត្តរបស់​អង្គសន្និបាត ​ក៏បានលើកឡើងផងដែរថា ​«មហាសន្និបាតបានវាយ តម្លៃខ្ពស់​ចំពោះ​លទ្ធផល​ការងាររបស់រាជរដ្ឋាភិបាល ​ដែលក្នុងរយៈពេលដ៏ខ្លីនៃការកាន់​តំណែង​របស់ខ្លួន​ បានសម្រេចលទ្ធផលជាច្រើនប្រកបដោយមោទនភាព​ ក្នុងការថែរក្សាស្ថិរភាព​ សន្តិសុខ និង​សណ្តាប់ធ្នាប់ ​សាធារណៈ ការជំរុញកំណើនសេដ្ឋកិច្ច​ និងដោះស្រាយបញ្ហាជីវភាពរបស់​ប្រជាជន ​ជាពិសេសការដាក់ឲ្យ ​អនុវត្តវិធានការគន្លឹះទាំង៥ ចំណុចដែល​ផ្តោត​លើការពង្រឹង​សមត្ថភាព​រដ្ឋបាលសាធារណៈ, ​ការលើក កម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវា​សុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព, និងការពង្រឹង និង​ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌។ ​លើមូលដ្ឋានតថភាពនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្រ្ត​ដ៏ត្រឹមត្រូវ របស់គណបក្ស​ក្នុងការរៀបចំ​កម្លាំងបន្តវេនដើម្បីដឹកនាំប្រទេសជាតិតទៅមុខទៀត៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

2023/12/11 03:25:55 pm        283
តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម វៀតណាម នៅថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣។អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំ ទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលនេះ បានបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាង កម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ។សម្តេចធិបតីនឹងដឹកនាំប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលធ្វើមាតុភូមិនិវត្តវិញនៅប្រមាណម៉ោង៧យប់ថ្ងៃទី១២ធ្នូស្អែកនេះ។

ខេត្តព្រះវិហារប្រារព្ធទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍”

2023/12/08 09:57:10 pm        171
ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ​ខេត្តព្រះវិហារ បានអញ្ជើញអធិបតីភាពក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២៣ ក្រោម​ប្រធានបទ“សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” និង​រួម​បញ្ចូល​ទិវាអន្តជាតិនៃជនពិការ ​៣ធ្នូ ទិវាអ្នកស្ម័គ្រចិត្ត ​៥ធ្នូ នៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។មានវត្តមានចូលរួមនាឱកាសនោះ មានសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា​ អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ​ជនមានពិការ មកពីក្រុង-ស្រុកទាំង៧​ ក្នុងខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធជាច្រើន​រូបទៀត។ លោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើមថ្នាក់​ជាតិនៃវេទិកា​ភាព​ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ មានមតិសំណេះសំណាលនាឱកាសនោះ​ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បាន​ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់នូវសុខទុក្ខប្រជាពលរដ្ឋ ទៅលើការឈាន​ឆ្ពោះទៅ​ការ​បញ្ចប់អេដស៍ នៅឆ្នាំ២០២៥ ក្នុងន័យនេះ​មានគោលបំណងទាញការយកចិត្តទុក​ដាក់​របស់បងប្អូន និងក្មួយៗយុវជន ឱ្យបន្តការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ការចម្លងមេរោគ​អេដស៍/ជំងឺអេដស៍។​ ហើយត្រូវចូលរួមអនុវត្តតាមរយៈសារលិខិតសំខាន់ៗទាំង ៦ចណុច របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់​ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ​ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងកោតសរសើរដល់អ្នកស្ម័គ្រចិត្ត ​និងយុវជនកាកបាទក្រហម ដែលតែងតែ​ខិតខំបំពេញតួនាទីរបស់ខ្លួននាពេលកន្លងមក​បានយ៉ាងល្អប្រសើរ ព្រមទាំង​ផ្ដាំផ្ញើ​ជម្រុញដល់បងប្អូនជនពិការភាព និងអ្នករស់នៅជាមួយមេ​រោគអេដស៍​ទាំងអស់ ថែរក្សា​សុខភាព​អោយបានល្អ ឧស្សាហ៍ហាត់ប្រាណ​ ហូបស្អាត ​ផឹកស្អាត លាងដៃជាមួយសាប៊ូជាប្រចាំ។ ក្នុងពិធីនេះ ក៏មានការផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ​ចំនួន ៥២គ្រួសារ ​និងជនមានពិការភាព ចំនួន ១៥គ្រួសារ ក្នុងមួយ​គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ​ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៥០,០០០រៀល។ បន្ថែមពីនេះ ​សាខាក៏បានឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្ត​ ចំនួន ២៥នាក់ ​នូវថវិកាចំនួន ​២០,០០០រៀល ប័ណ្ណសរសើរ១ សាប៊ូម្សៅ ១គីឡូ, យុវជនកាកបាទក្រហមកម្ពុជា ​ចំនួន ២៥នាក់ ថវិកាចំនួន ២០,០០០រៀល ប័ណ្ណសរសើរ១ ​សៀវភៅ២ក្បាល និងប៊ិច ១ដើម៕

អាជ្ញាធរខណ្ឌដូនពេញ ចែកអំណោយដល់ពលរដ្ឋមានភាពខ្វះខាត ក្នុងមូលដ្ឋានចំនួន៥០គ្រួសារ

2023/12/08 09:40:02 pm        129
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ, ជនងាយរងគ្រោះ, ជនពិការ និងអ្នកផ្ទុកកើតមេរោគអេដស៍ សរុបចំនួន ៥០គ្រួសារ ដែលមកពីសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ។ពិធីចែកអំណោយ បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌដូនពេញ​ ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខណ្ឌ បាននាំយកអំណោយមនុស្សធម៌របស់​កាកបាទ​ក្រហមកម្ពុជា ​ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ, ជនងាយរងគ្រោះ, ជនពិការ និងអ្នកផ្ទុកកើតមេរោគអេដស៍ សរុបចំនួន ៥០គ្រួសារ ដែលមកពីសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ដោយក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករ ០១បាវ, មី ០១កេស, ទឹកស៊ីអ៊ីវ ០១យួរ, ឃីត ១កញ្ចប់ និងថវិកាចំនួន ២០,០០០រៀល។ក្នុងនោះផងដែរ លោក ជា ខេមា ប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំប្រសាសន៍សួរសុខ​ទុក្ខរបស់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា​ និងឯកឧត្តម ឃួង ស្រេង អភិបាល ​ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សូមគោរពជូនពរ​បងប្អូនប្រជាពលរដ្ឋ អុំពូមីង ​បងប្អូនទាំងអស់ សូមជួបតែសេចក្ដីសុខ ​សុភមង្គលក្នុងក្រុមគ្រួសារ ។ តាមរយៈកាយវិការដ៏ល្អប្រពៃនេះ ​សបញ្ជាក់ឲ្យឃើញថា ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់​បំផុត​អំពីសុខទុក្ខរបស់​បងប្អូន​ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស​ និងក្នុងក្របខណ្ឌរាជធានីភ្នំពេញផងដែរ ដែលសម្ដេចទាំងទ្វេរ ​៕ អត្ថបទ៖ កុម្ភៈ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «មួយជីវិតសម្តេចតេជោ គឺតស៊ូដើម្បីជាតិ និងប្រជាជន»

2023/12/08 09:31:36 pm        182
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា មួយជីវិតសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា គឺបានតស៊ូដើម្បីជាតិ និងប្រជាជន។ ដូច្នេះគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍តំបន់រុនតាឯក និងតំបន់ពាក់ស្នែងរបស់សម្ដេចតេជោ គឺមិនមែនយកដីនៅរមណីយដ្ឋានអង្គរនេះ ទៅវិនិយោគឱ្យក្រុមហ៊ុនឯកជនមកធ្វើអគារ ១០០ ជាន់នោះទេ ប៉ុន្ដែគឺខិតខំថែរក្សាប្រាង្គប្រាសាទសម្បត្តិវប្បធម៌កេរ្តិ៍ដំណែលដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសពលរដ្ឋនៅខេត្តសៀមរាប។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះដោយបានចោទជាសំណួរថា ក្រុមប្រឆាំងមួយចំនួនពួកគេសួរថា តើរវាងប្រសាទអង្គរវត្ត និងប្រជាជនជ្រើសរើសយកមួយណា? ចម្លើយ របស់សម្ដេចគឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ ដោយមិនទុកមួយណាចោលឡើយ។ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មការអន្តរក្រសួង ដែលបាន​រួមគ្នាស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងជូន​ដល់​ប្រជាពលរដ្ឋសរុបជាង ៤ ពាន់គ្រួសារ។សម្ដេចធិបតីជំរុញដល់ក្រុមការងារអន្តរក្រសួងខិតខំបន្តអនុវត្តការងារអភិវឌ្ឍន៍តំបន់នេះឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់​នៅក្នុងតំបន់នេះ​មិនអាចអភិវឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់នេះ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីផ្ដល់ក្របខណ្ឌដល់មន្រ្ដីកិច្ចសន្យានៅមណ្ឌលសុខភាព និងសាលារៀននៅតំបន់រុនតាឯក

2023/12/08 09:21:22 pm        226
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ក្របខណ្ឌដល់ គ្រូពេទ្យ និងគ្រូបង្រៀនជាប់កិច្ចសន្យា ដែលបានស្ម័គ្រចិត្តមកបម្រើការងារនៅ មណ្ឌលសុខភាព និងសាលាបឋមសិក្សានៅតំបន់រុនតាឯក ដើម្បីធ្វើយ៉ាងណាឱ្យតំបន់នេះ មានគ្រូពេទ្យ និងគ្រូបង្រៀនគ្រប់គ្រាន់បម្រើសេវាដល់ប្រជាពលរដ្ឋ ខណៈតំបន់កំពុងពង្រីកទៅជាទីក្រុងដ៏ធំមួយទៀតនៃខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ក្របខណ្ឌដល់មន្រ្ដីជាប់កិច្ចសន្យានៃមណ្ឌលសុខភាព និងសាលារៀន នៅតំបន់រុនតាឯកនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ក្នុងឱកាសនោះសម្តេចធិបតី បានសម្រេចឱ្យបុគ្គលិកស្ម័គ្រចិត្តនៅមណ្ឌល សុខភាពរុនតាឯកចំនួន ៨ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិ។ គ្រូស្ម័គ្រចិត្តនៅសាលាបឋមសិ ក្សារុនតាឯកចំនួន ១០នាក់ និងគ្រូស្ម័គ្រចិត្តនៅវិទ្យាល័យរុនតា ឯកចំនួន ១៤ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។ក្រៅពីនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានប្រកាសផ្ដល់អគារសិក្សាចំនួន ២ ខ្នង កម្ពស់ ២ ជាន់ ស្មើ នឹង ២៤ បន្ទប់ជូនដល់សាលាបឋមសិក្សារុនតាឯកចំនួន ២ និង​បានសម្រេចផ្ដល់ដីសម្រាប់​សាងសង់សាលាបឋមសិក្សាបន្ថែមចំពោះសាលាដែលមានផ្ទៃដីតូចចង្អៀតនៅតំបន់រុនតាឯកនេះផងដែរ។សូមជម្រាបថា ដើម្បីផ្ដល់ភាពងាយស្រួល និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន​ប្រជាពលេរដ្ឋនៅក្នុងតំបន់រុនតាឯក ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បាន​សម្រេចដាក់ឱ្យដំណើរការរថយន្តក្រុងចំនួន ១០ គ្រឿង ​សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាប ទាំងទៅទាំងមកដោយមិនគិតប្រាក់ផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ អង្គរជាព្រលឹងជាសម្បត្តិបេតិកភណ្ឌ និងវប្បធម៌របស់មនុស្សជាតិតែមួយគត់​នៅលើផែនដី

2023/12/08 08:59:52 pm        202
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែល​មាន​តែមួយ​គត់​នៅ​លើ​ផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរ រីឯប្រជាជនជាអាយុជីវិតជាតិ ដែល​រាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និងការពារ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់​នៅ​ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទើ្បងថា កន្លងមក មាន​សំណួរ «រវាងប្រាសាទអង្គរ និងប្រជាជន ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ, តើ​រាជ​រាដ្ឋាភិបាល​ជ្រើស​រើសយកមួយណា?» ជាចម្លើយ, រាជរដ្ឋាភិបាលពុំចាំបាច់​ត្រូវធ្វើការ​ជ្រើសរើស​យក​មួយ​ណានោះ​ទេ គឺយកទាំងពីរ ព្រោះថា៖ អង្គរជាព្រលឹង, ជាសម្បត្តិបេតិកភណ្ឌជាតិ និងជា​វប្បធម៌​របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យ​វប្បធម៌​អរិយធម៌​ដ៏រុងរឿង​នៃ​ប្រជាជាតិ​ខ្មែរយើង។ ចំពោះប្រជាជន គឺជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាល​មាន​កាតព្វ​កិច្ច​បម្រើ និង ការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប, គ្រប់ក្រុមគ្រួសារ, គ្រប់​និន្នា​ការនយោបាយ, និងជំនឿសាសនា ដោយមិនរើសអើងពណ៌សម្បុរ ។ បើមិនមានប្រជាជន គឺ​មិន​មានប្រជាជាតិដ៏ឧត្តុង្គឧត្តមភរបស់យើងនោះទេ ។សូមបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បាន​ស្នើ​ដល់សហគមន៍អន្តរជាតិឱ្យជួយស្តារ និងអភិរក្សតំបន់អង្គរ ។ ឆ្លើយតប​នឹង​សេចក្តី​អំពាវ​នាវ​របស់​សម្តេចព្រះបរមរតនកោដ្ឋ, អង្គការយូណេស្កូ​បាន​បញ្ជូន​ក្រុម​ការងារ​ជំនាញ​ជា​បន្ត​បន្ទាប់​មក​កម្ពុជា ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងរបស់អង្គរ និងបាន​សម្រេច​​ដាក់​បញ្ចូល​អង្គរ​ទៅ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​១៩៩២ ។ បន្ទាប់មក, យន្តការ ICC-Angkor ត្រូវបានបង្កើតឡើង ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សហការ​យ៉ាងស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការរៀបចំ​អនុវត្ត​គម្រោង​ជួសជុល​ប្រាសាទ​មួយ​ចំនួនជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីធ្វើការអភិរក្ស និងរក្សានិរន្តភាពនៃប្រាសាទ ឱ្យ​នៅ​ឈរត្រដែតបង្ហាញនូវភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គណៈកម្មាធិការ​អាយ​ស៊ីស៊ីអង្គរ (ICC-Angkor), រមណីយដ្ឋានអង្គរត្រូវ​បាន​ស្រោច​ស្រង់​ឱ្យ​រួច​ផុត​ពី​ស្ថានភាពគ្រោះថ្នាក់ និងត្រូវបានដកចេញ​ពី​បញ្ជីបេតិកភណ្ឌ​ពិភព​លោក​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ខែកក្កដាឆ្នាំ២០០៤, ហើយបន្ទាប់មក ឧទ្យានអង្គរត្រូវ​បាន​ចារឹក​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក មកដល់ពេលនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM