សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចក្រភពអង់គ្លេស ប្រកាសដាក់ទណ្ឌកម្មថ្មីសំដៅលើយន្តការសង្គ្រាមរបស់លោកពូទីន នៅអ៊ុយក្រែន

2023/12/07 08:58:44 pm        155
ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹង «យន្តការសង្គ្រាម» របស់រុស្ស៊ី នៅអ៊ុយក្រែន ខណៈលោក David Cameron បានធ្វើដំណើរទៅក្រុងវ៉ាស៊ីនតោនសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេស។ការដាក់ទណ្ឌកម្មថ្មីនេះ រារាំងក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសពីការទំនាក់ទំនងជាមួយអាជីវកម្ម និងបុគ្គលនៅក្នុងប្រទេសមួយចំនួនដូចជា បេឡារុស ចិន ស៊ែរប៊ី ទួរគី អារ៉ាប់រួម និងអ៊ូសបេគីស្ថាន ក្នុងចំណោមប្រទេសដទៃទៀត។ការិយាល័យបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មថ្មីចំនួន៤៦ផ្តោតលើ «បុគ្គលនិងក្រុមនានាដែលផ្គត់ផ្គង់ និងផ្តល់មូលនិធិដល់យន្តការសង្គ្រាមរបស់ (លោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន)។ ក្នុងចំណោមអ្នកទាំងនោះរួមមាន «អ្នកដើរតួបីនាក់ ដែលគាំទ្របណ្តាញក្រុមទាហានស៊ីឈ្នួល Wagner Group និងប្រតិបត្តិករចំនួន៤នៃអ្វីដែលគេហៅនាវារបស់កងនាវាស្រមោល ដែលត្រូវបានប្រើប្រាស់ដោយប្រទេសរុស្ស៊ី ដើម្បីទប់ទល់នឹងទណ្ឌកម្មទាក់ទងនឹងប្រេង ដែលដាក់ដោយចក្រភពអង់គ្លេសជាមួយនឹងដៃគូ G7»។ក្រុមប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយកងទ័ពរុស្ស៊ី ដូចជាកម្លាំងទាហានស៊ីឈ្នួល Wagner បានធ្វើសកម្មភាព នៅក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានចោទប្រកាន់ពីបទរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិច្រើនរាប់មិនអស់។

សម្ដេចធិបតី គាំទ្រគម្រោងក្រុមហ៊ុនយក្សចិន បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់នៅកម្ពុជា

2023/12/07 08:54:55 pm        178
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ក្នុងឱកាសនៃជំនួបនេះ លោក លី ដៅសុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបាន​ឆ្លៀតពេល​វេលាដ៏មមាញឹកអនុញ្ញាត​ឱ្យរូបលោក ​និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានផ្តាំផ្ញើការសាកសួរសុខទុក្ខគោរពជូនចំពោះ ​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែក​ប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេស​កម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត​នៅ​តំបន់ខាងកើតទន្លេមេគង្គ​ និង​ខាងលិចប៉ែកខាងលើទន្លេមេគង្គ ​ព្រមជាមួយនឹងគម្រោងបង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។ មួយវិញទៀតលោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ ។ជាការឆ្លើយតប សម្តេចធិបតី ​បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន BUCG ដែល​បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ​នាឱកាសនេះ ស្របពេលដែលឆ្នាំ២០២៣នេះ ជាខួប​លើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន ​និងត្រូវបានកំណត់ជាឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម​ចំណែក​របស់ក្រុមហ៊ុន ​BUCG នៅក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនា​សម្ព័ន្ធសាធារណៈ ​និងការលើកកម្ពស់សុខភាពសាធារណៈ ​តាមរយៈ គម្រោងវិនិយោគជាច្រើន​ក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ​និងទឹកស្អាត​ ក៏ដូចជាការចូលរួមសហការជាមួយវិទ្យា​ស្ថានតេជោសែន​សាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យ​សំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន ។ជាចុងក្រោយ សម្តេចធិបតី បានគាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធាន​មនុស្ស​លើវិស័យ​វិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវ​បច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ ​និងការផ្គត់ផ្គង់​ទឹកស្អាត​ ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន ​និងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការវិនិយោគ​នៅ​ក្នុងវិស័យ​សក្តានុពលផ្សេងទៀត ​ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម ៕

លោកZelnekyy អំពាវនាវដល់មេដឹកនាំប្រទេសG7 ឲ្យបន្តជំនួយសម្រាប់អ៊ុយក្រែន

2023/12/07 07:39:09 pm        104
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវដល់បណ្តាមេដឹកនាំនៃក្រុមប្រទេស G7 ឲ្យបន្តការផ្តល់ជំនួយសម្រាប់ប្រទេសដែលញាំញីដោយសង្គ្រាមរបស់លោក។ លោក Zelenskyy ត្រូវបានគេអញ្ជើញឲ្យនិយាយនៅក្នុងកិច្ចប្រជុំកំពូលG7 តាមបណ្តាញអ៊ីនធឺណិត។ លោកបានអរគុណដល់ ប្រទេសជប៉ុន សម្រាប់តួនាទីរបស់ប្រទេសនេះ ជាប្រធានក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស់ទាំង៧ ឬ G7 នៅឆ្នាំនេះ ដោយនិយាយថាអំឡុងពេលនេះជាលទ្ធផលនៃផ្លែផ្កា។លោក Zelenskyy បានបញ្ជាក់ថាស្នាដៃរបស់អ៊ុយក្រែននៅឆ្នាំនេះ អាចធ្វើទៅបានដោយមានការគាំទ្ររបស់ក្រុមប្រទេសG7។ ពួកវារួមមាន ការស្តារឡើងវិញការដឹកជញ្ជូនផលដំណាំជាធម្មតាពីសមុទ្រខ្មៅ ការពង្រឹងការការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត និងការទប់ស្កាត់កងទ័ពរុស្ស៊ីនៅសមរភូមិ។ សហរដ្ឋអាមេរិក នៅតែជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន ប៉ុន្តែកិច្ចពិភាក្សាជុំវិញជំនួយសម្រាប់ទីក្រុងគីវ បានជាប់គាំងនៅសភា។ ប្រធានាធិបតី លោក Joe Biden បានបង្ហាញការផ្តល់មូលនិធិ ដែលអាចអស់នៅចុងឆ្នាំនេះ លុះត្រាតែ សភាអនុម័ត កញ្ចប់ថវិកាថ្មី។ លោក Zelenskyy និយាយថារុស្ស៊ីសង្ឃឹមសម្រាប់តែរឿងមួយប៉ុណ្ណោះ ដែលថា នៅឆ្នាំក្រោយ សាមគ្គីភាពរបស់ពិភពលោកសេរី នឹងដួលរលំ។ លោកនិយាយបន្ថែមថា ពិភពលោកសេរី ត្រូវការជាសំខាន់ គឺត្រូវរក្សាសាមគ្គីភាពរបស់ខ្លួន រក្សាអន្តរកម្ម រក្សាការគាំទ្រសម្រាប់អ្នកទាំងឡាយណាដែលសេរីភាព ត្រូវបានរងការវាយប្រហារ។

ជប៉ុននឹងរក្សាទុកយន្តហោះ Ospreys ១៤គ្រឿងមិនឲ្យដំណើរការ បន្ទាប់ពីការធ្លាក់យន្តហោះ CV-22 របស់អាមេរិក

2023/12/07 07:31:12 pm        85
កងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន នឹងបន្តផ្អាកការប្រើប្រាស់យន្តហោះ Ospreys ចំនួន១៤គ្រឿង បន្ទាប់ពីការធ្លាក់យន្តហោះCV-22 នៅប្រទេសជប៉ុន មកពីមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក បណ្តាលឲ្យមានមនុស្សស្លាប់។យន្តហោះដឹកជញ្ជូន១៤គ្រឿង ត្រូវបានដាក់ពង្រាយយ៉ាងប្រុងប្រយ័ត្ន នៅជំរំ Kisarazu ក្នុងខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូ។ កងកម្លាំងស្វ័យការពារជើងគោករបស់ជប៉ុន បច្ចុប្បន្នកំពុងពិនិត្យមើលយន្តហោះ Ospreys ដើម្បីបញ្ជាក់ពីសុវត្ថិភាពរបស់វា។ក្រសួងការពារជាតិជប៉ុន បាននិយាយថា យោធាសហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះ Osprey សរុបចំនួន៣០គ្រឿងនៅក្នុងប្រទេសជប៉ុន គិតមកត្រឹមចុងខែវិច្ឆិកា។ ៦គ្រឿងក្នុងចំណោមយន្តហោះទាំងនេះជាប្រភេទ CV-22 ដែលធ្វើប្រតិបត្តិការដោយកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ហើយត្រូវបានដាក់ពង្រាយ នៅមូលដ្ឋានទ័ពអាកាស Yokota របស់អាមេរិក ក្នុងទីក្រុងតូក្យូ។ យន្តហោះទាំងនេះ បូករួមទាំងយន្តហោះមួយគ្រឿងដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនៅជិតកោះ Yakushima ក្នុងប្រទេសជប៉ុនភាគនិរតីកាលពីថ្ងៃទី២៩ ខែវិច្ចិកា។ រីឯ២៤គ្រឿងផ្សេងទៀត ជាប្រភេទយន្តហោះ MV-22 ដែលចតនៅ ស្ថានីយ៍ដែនអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក នៅខេត្ត Okinawa ប្រទេសជប៉ុនភាគនិរតី។

អ្នកចូលរួមកិច្ចប្រជុំអាកាសធាតុ COP28 ជជែកដេញដោលថាតើប្រទេសណាគួរតែធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំCOP29

2023/12/07 07:24:50 pm        118
នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ប្រទេសនានាកំពុងជជែកដេញដោល លើបញ្ហាដ៏ធំៗដោយមានផលវិបាកដែលអាចផ្លាស់ប្តូរជីវិតបាន ដូចជាថាតើត្រូវបង្កើតកិច្ចព្រមព្រៀងសាកលដំបូងដើម្បីបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែរឬទេ។ទោះជាយ៉ាងណា អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ក៏កំពុងជជែកវែកញែកអំពីអ្វីផ្សេងទៀតដូចជា ទីកន្លែងដែលត្រូវរៀបចំកិច្ចប្រជុំកំពូលអាកាសធាតុ COP 29 ។ប្រធាននៃកិច្ចប្រជុំកំពូល COP បច្ចុប្បន្ន លោក Sultan Al-Jaber មកពីប្រទេសម្ចាស់ផ្ទះបច្ចុប្បន្នគឺប្រទេសអារ៉ាប់រួម កំពុងជំរុញឱ្យអ្នកចូលរួមធ្វើការជ្រើសរើស។ យោងទៅតាមគោលការណ៍នៃការវិលជុំក្នុងចំណោមក្រុមប្រទេសប្រចាំតំបន់ ប្រធានកិច្ចប្រជុំកំពូលអាកាសធាតុ COP29 នឹងត្រូវមកពីរដ្ឋអឺរ៉ុបខាងកើត ហើយសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុ COP30 នឹងមកពីរដ្ឋអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប។រដ្ឋអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប បានតែងតាំងប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល COP30 ដោយលោកបានលើកទឹកចិត្តរដ្ឋនៅអឺរ៉ុបខាងកើតដើម្បីពន្លឿន និងសម្រេចចុងក្រោយការពិគ្រោះយោបល់របស់ពួកគេលើបញ្ហានេះ ដើម្បីធានាបានការសម្រេចចិត្តទាន់ពេលវេលា។

រដ្ឋមន្ត្រីការបរទេសចិន សង្កត់ធ្ងន់លើការលើកកម្ពស់ទំនាក់ទំនងដែលមានស្ថិរភាព និងរឹងមាំរវាងចិន-អាមេរិក

2023/12/07 06:40:59 pm        105
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃពុធ (០៦ ធ្នូ) ថា ការលើកកម្ពស់ទំនាក់ទំនងដែលមានភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាពរវាងចិន-អាមេរិក គឺជាកិច្ចការសំខាន់មួយ។ លោក ប្លីងខិន ក៏បានពិភាក្សាអំពីការធ្វើដំណើរទស្សនៈកិច្ចនាពេលថ្មីៗនេះរបស់ខ្លួននៅមជ្ឈិមបូព៌ា និងកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ជាមួយលោក វ៉ាង ផងដែរនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក។នៅក្នុងការសន្ទនាតាមទូរស័ព្ទនោះ អ្នកការទូតជាន់ខ្ពស់ទាំងពីររូបបានផ្លាស់ប្តូរទស្សនៈស្តីពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយបានយល់ព្រមរក្សាការទំនាក់ទំនងស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។លោក វ៉ាង បាននិយាយក្នុងអំឡុងពេលសន្ទនាថា អាទិភាពចម្បងនៅពេលនេះគឺការបញ្ឈប់ការបាញ់ប្រហារ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រសួងការបរទេសចិនបាននិយាយថា លោក ប្លីងខិន បានថ្លែងអំណរគុណចំពោះលោក វ៉ាង ដែលបានទៅស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសចិន ដើម្បីសម្តែងការរំលែកទុក្ខដល់មរណៈភាពអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ហិនរី ឃីសស៊ីងជើ (Henry Kissinger)។យោងតាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក វ៉ាង និងលោក ប្លីងខិន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងលើវឌ្ឍនភាពដែលបានធ្វើឡើងលើបញ្ហាសំខាន់ៗនៅក្នុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីប្រទេសទាំងពីនៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីខែវិច្ឆិកាផងដែរ៕

អាមេរិកស្ងាត់ៗ ជំរុញឲ្យអ៊ីស្រាអែល បើកច្រកឆ្លងកាត់ព្រំដែនហ្កាហ្សាទីពីរ

2023/12/07 06:34:35 pm        77
មន្ត្រីអាមេរិកបីនាក់ និងមេដឹកនាំក្រុមជំនួយបីនាក់ បាននិយាយថា រដ្ឋបាលលោកបៃដិន កំពុងជំរុញឲ្យ អ៊ីស្រាអែលបើកច្រកឆ្លងកាត់តំបន់ហ្កាហ្សាទីពីរ ដូច្នេះជំនួយមនុស្សធម៌បន្ថែមទៀត អាចទៅដល់ប៉ាឡេស្ទីន ប៉ុន្តែរហូតមកទល់ពេលនេះ អ៊ីស្រាអែល បានបដិសេធសំណើទាំងនោះ។មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា ឥស្សរជនសំខាន់ៗរបស់រដ្ឋបាលនេះ បានលើកឡើងពីការបើកច្រកឆ្លងកាត់ Kerem Shalom ជាផ្លូវដ៏សំខាន់ដែលអ៊ីស្រាអែល បានបិទជុំវិញការព្រួយបារម្ភផ្នែកយោធា និងនយោបាយ «នៅគ្រប់កិច្ចប្រជុំ» ។ ក្រុមអ្នករិះគន់ និយាយថា ការបិទនេះ បានរារាំងអាហារចាំបាច់ ទឹក ថ្នាំពេទ្យ សម្លៀកបំពាក់រដូវរងា និងជំនួយផ្សេងទៀត មិនឲ្យទៅដល់ប្រជាជន ២,៣ នាក់នៅតំបន់ហ្កាហ្សា។ ការផ្សព្វផ្សាយនេះ កើតឡើង នៅពេលដែលអង្គការជំនួយអន្តរជាតិ បានជំរុញរដ្ឋបាល នៅក្នុងកិច្ចប្រជុំឯកជន រួមទាំងជាមួយទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយអ៊ីស្រាអែល ដើម្បីបើកច្រកឆ្លងកាត់នេះ។មន្ត្រីអាមេរិកទី២ បានបញ្ជាក់ថា៖«យើងបានចូលរួមជាមួយប្រទេសអ៊ីស្រាអែល ដើម្បីឲ្យមានការកើនឡើងនៃជំនួយមនុស្សធម៌ តាមរយៈយន្តការ និងជម្រើសជាច្រើន រួមទាំងច្រកឆ្លងកាត់ Kerem Shalom ផងដែរ ដូចជាអ្នកផ្សេងទៀត បានសុំមិនបញ្ចេញឈ្មោះ ដើម្បីព័ត៌មានលម្អិតអំពីការពិភាក្សាការទូតដ៏សំខាន់នេះ។ មន្ត្រីរដ្ឋបាលទី៣ បាននិយាយថា ការជំរុញបែបនេះ ត្រូវបានផ្តល់ឲ្យ នៅក្នុងកិច្ចប្រជុំសម្ងាត់ «ជាច្រើនសប្តាហ៍»។អង្គការសហប្រជាជាតិ និងបណ្តាទីភ្នាក់ងារផ្តល់ជំនួយ បានជំរុញអ៊ីស្រាអែលជាយូរមកហើយឲ្យបើកច្រកឆ្លងកាត់ Kerem Shalom ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងពេលដំណាលគ្នា ដែលបានធ្វើឡើងជាសម្ងាត់ មិនត្រូវបានគេរាយការណ៍ទេ។

លោក Biden ស្នើសុំជំនួយពីសភាសម្រាប់អ៊ុយក្រែន ខណៈនិយាយថា មិនអាចឲ្យលោកពូទីន ឈ្នះឡើយ

2023/12/07 06:15:40 pm        105
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានទទូចសុំដល់គណបក្សសាធារណរដ្ឋសម្រាប់ការផ្តល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន កាលពីថ្ងៃពុធ (០៦ ធ្នូ) ដោយព្រមានថាជ័យជំនះសម្រាប់រុស្ស៊ីលើអ៊ុយក្រែន នឹងធ្វើឲ្យទីក្រុងមូស្គូ មានឱកាសវាយប្រហារសម្ព័ន្ធមិត្តរបស់អង្គការណាតូ។ លោក បៃដិន បាននិយាយបែបនេះនៅពេលដែលសហរដ្ឋអាមេរិកគ្រោងនឹងប្រកាសជំនួយបន្ថែមចំនួន ១៧៥លានដុល្លាររបស់អ៊ុយក្រែន ពីការផ្គត់ផ្គង់ថវិកាដែលបានធ្លាក់ចុះរបស់ខ្លួនសម្រាប់ទីក្រុងគីវ។លោក បៃដិន និយាយថា «ប្រសិនបើពូទីនយកអ៊ុយក្រែនបាន គេនឹងមិនឈប់ត្រឹមនោះទេ។ លោក ពូទីន នឹងវាយប្រហារសម្ព័ន្ធមិត្តណាតូ ហើយបន្ទាប់មកយើងនឹងឃើញកងទ័ពអាមេរិក ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ យើងមិនអាចឲ្យលោក ពូទីន ឈ្នះបានទេ»។ សេតវិមានបានព្រមានក្នុងសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងអស់ពេលវេលា និងអស់ថវិកាដើម្បីជួយអ៊ុយក្រែន ទប់ទល់ការឈ្លានពានរបស់រុស្ស៊ីហើយ។មន្ត្រីអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកមានតិចជាង ១ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុង «សិទ្ធិអំណាចបំពេញបន្ថែម» របស់ខ្លួន។ នេះមានន័យថា ប្រសិនបើសភាមិនផ្តល់មូលនិធិថ្មីដើម្បីទិញឧបករណ៍ជំនួស ហើយមន្ទីរបញ្ចកោណអស់ថវិកានោះ គេអាចរៀបចំឡើងវិញដើម្បីរក្សាកិច្ចសន្យាសាជីវកម្មឱ្យដំណើរការបានទេ ហើយសហរដ្ឋអាមេរិក អ៊ុយក្រែន និងអ្នកផលិតអាវុធ អាចនឹងត្រូវបង្ខំឱ្យចាត់វិធានការផ្សេងទៀតដើម្បីបំពេញស្តុកសព្វាវុធវិញ៕

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើជំនាញអនុវត្តគម្រោងនៅតំបន់ដែលពលរដ្ឋត្រូវការចាំបាច់មុនគេ

2023/12/07 05:13:30 pm        140
ភ្នំពេញ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ក្នុងពិធីនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយត ម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងពេញលេញប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រសួងនាពេលកន្លងមក និងក្នុងកិច្ចប្រជុំនៅពេលនេះ។ កិច្ចប្រជុំរយៈពេលបីថ្ងៃនេះ បានពិនិត្យពិភាក្សាដោយលម្អិត និងតាម រយៈវិធីសាស្ត្រទំនើប ព្រមទាំងបានដាក់ចេញជាវិធានការដោះស្រាយ និងលើកទិសដៅការងារ ដែលជាធាតុចូលដ៏សំខាន់ ដើម្បីកំណត់ជាសូចនាករច្បាស់លាស់សម្រាប់រៀបចំផែនការយុទ្ធសាស្ដ្រ និងក ម្មវិធីអាទិភាពឆ្នាំ២០២៤-២០២៨។ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងក៏បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រច្បាស់លាស់ជាច្រើន ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោ ណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧។ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរដល់ប្រជាពលរដ្ឋជាចម្បង ដើម្បីទទួលបានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការលើក និងអនុវត្តគម្រោងអាទិភាព ដោយត្រូវផ្ដោតលើតម្រូវការជាក់ស្ដែងរបស់ប្រជាជន និងតំបន់មានសក្ដានុពលសេដ្ឋកិច្ច ដែលជួយដល់ការលើកម្ពស់ជីវភាពរបស់ប្រជាជន។ ត្រូវចាត់ទុកខ្លួនឯងជាមន្ដ្រីបម្រើឱ្យប្រ ជាពលរដ្ឋ ដោយខិតខំអនុវត្តការងារឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព និងគិតដល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ ត្រូវឆ្លើយតបនឹងតម្រូវការ និងសំ ណូមពរបន្ទាន់របស់ប្រជាពលរដ្ឋ ក្នុងនាមជាមន្ដ្រីបម្រើប្រជាជន ដោយមិនតាំងខ្លួនជាម្ចាស់លើប្រជាជ ននោះឡើយ។ ត្រូវបន្ដកែទម្រង់ឱ្យកាន់តែល្អប្រសើរជាងមុន ដែលជាកាតព្វកិច្ចរបស់មន្ដ្រីគ្រប់គ្នា។ ត្រូវចូលរួមក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ, អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល, ខិតខំកសា ងស្នាដៃឱ្យបានច្រើន, ជាពិសេសត្រូវបន្ដអនុវត្តអភិក្រម៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ និងត្រូវចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរជាដើម៕

ប្រជាពលរដ្ឋថា ការរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក មានភាពល្អប្រសើរជាងនៅតំបន់អង្គរ

2023/12/07 05:07:54 pm        216
សៀមរាប៖ ប្រជាពលករដ្ឋ ដែលជាអតីតអ្នករស់នៅតំបន់​អង្គរ ហើយបច្ចុប្បន្នបានស្ម័គ្រចិត្តទៅរស់ តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងថា ការរស់នៅសព្វថ្ងៃរបស់ពួកគាត់មានសេរីភាព និងងាយស្រួលជាងមុនព ដោយសារមានផ្ទះ មានដីធំ ហេដ្ឋារចនាសម្ព័ន្ធធំទូលាយ ដោយចង់ធ្វើការដាំដុះ ធ្វើផ្ទះសម្បែងអ្វីជាដើម ដោយគ្មានការហាមឃាត់ពីអ្នកណាម្នាក់ដូចដែលពួកគាត់រស់នៅតំបន់អង្គរឡើយ។ប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា ពួកគាត់​បានផ្លាស់មករស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ​រុនតាឯក​ ជាងមួយឆ្នាំហើយ។ តំបន់នេះ មានបរិយាកាសរស់នៅល្អប្រសើរងាយស្រួលជាងមុន ខណៈកាលរស់នៅក្នុង​រមណីយដ្ឋានអង្គរ ​មានដី​លំនៅឋាន​តូច​ចង្អៀត ​មិនមានកម្មសិទ្ធិស្របច្បាប់ មិនអាចទាញយកផលប្រយោជន៍ពីដីឱ្យអស់លទ្ធភាពបាននោះទេ ​ដូច្នេះទើបគ្រួសារពលរដ្ឋ​ស្ម័គ្រចិត្តដោះដូរជាមួយអាជ្ញាធរជាតិអប្សរា ​ពីតំបន់ការពាររមណីយដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិ​អភិវឌ្ឍន៍​ថ្មីរុនតាឯកវិញ។សូមបញ្ជាក់ថា តំបន់​អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ​មានផ្ទៃដី​ប្រមាណ​ជាង ១ ពាន់ហិកតា ស្ថិតនៅឃុំរុនតាឯក​ ស្រុកបន្ទាយស្រី ​ខេត្តសៀមរាប។បច្ចុប្បន្នតំបន់នេះ ​បានក្លាយទៅជាភូមិអភិវឌ្ឍន៍​ដ៏សម្បូរបែបមួយ​ដែលពុំធ្លាប់​មានពីមុនមក ហើយ​តំបន់នេះ បានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្ដូរ​ទីលំនៅចេញពីតំបន់​រមណីយដ្ឋាន​អង្គរដែលជាតំបន់​ហាមឃាត់។បច្ចុប្បន្នតំបន់នេះ ត្រូវបានកងវិស្វកម្មរបស់​សម្ដេចតេជោ ​ក្រោមការរៀបចំដោយក្រុមការងារ​តម្រង់​ទិស​បាននិងកំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ​ឈូសឆាយសំអាតផ្ទៃដី ​ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង ​រៀបចំប្រព័ន្ធទឹកភ្លើង ​មានសេវាទូរស័ព្ទ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្សារ សាលាឃុំ សាលាស្រុក ព្រមទាំងបែងចែកដីជាផ្នែកៗ​ ហើយបានដាក់ឈ្មោះសម្គាល់ប្លុកនីមួយៗ ដើម្បីងាយស្រួលចំណាំសម្រាប់​ពលរដ្ឋរស់នៅតំបន់នោះ។ ជាមួយគ្នានោះដែរ ​បងប្អូនប្រជាពលរដ្ឋក៏បានរំពឹងផងដែរថា​ តំបន់រុនតាឯកនេះ នឹងប្រែក្លាយ​ជាតំបន់​ទេសចរណ៍ធម្មជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់​កាន់តែល្អប្រសើរបន្ថែមទៀត​ នាពេលខាងមុខ ​បន្ទាប់គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធនានា​របស់រាជរដ្ឋាភិបាល​បម្រើ​ជូនដល់ពួកគាត់ជាច្រើនទៀតត្រូវបានបញ្ចប់៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM