ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ទីរសាធារណការខេត្តព្រះវិហារក្រើនរំលឹកពលរដ្ឋ ដែលសាងសង់សំណង់រំលោភដីចំណីផ្លូវជាតិលេខ៦២ ត្រូវរុះរើចេញឱ្យបានមុនថ្ងៃ២៥ តុលា

2023/10/17 07:49:09 pm        209
ព្រះវិហារ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងអាជ្ញាធរស្រុករវៀង បានធ្វើការក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលរកស៊ីទទួលទាន និងសាងសង់សំណង់​រំលោភដី​ចំណីផ្លូវជាតិលេខ ៦២ ដែលមិនទាន់បានរុះរើ សូមរុះរើចេញឱ្យបានមុនថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ​ ដោយក្រុមការងារនៃមន្ទីរសាធារណការ ​និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងរៀបចំជីកដាក់លូមូល​ និងចាក់លូអ៊ុយ ពង្រីកផ្លូវនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះហើយ។លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ បានឱ្យដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះថា ​ដោយស្ថានភាពបន្ទាន់នៅភូមិភ្នំដែក ត្រង់ចំនុចគីឡូម៉ែត្រលេខ ៦៨ ផ្លូវជាតិលេខ ៦២ កាន់តែលំបាក ​ដោយហេតុភ្លៀង​ជោគជាំ​ខ្លាំង និងមិនមានប្រព័ន្ធរំដោះទឹក​គ្រប់គ្រាន់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ រួមនិងអាជ្ញាធរស្រុករវៀង សូមរំលឹក​ដល់ប្រជាពលរដ្ឋ ដែលរកស៊ីទទួលទាន និងសាងសង់សំណង់រំលោភដីចំណីផ្លូវមិនទាន់​បានធ្វើការរុះរើ ជ្រាបថា ក្រុមការងារជំនាញបានចាក់គម្របលូអ៊ុយ និងលូមូលបាន ១០០%ហើយ ជំនាញនឹងរៀបចំជីកដាក់លូមូល និងចាក់លូអ៊ុយ ពង្រីកផ្លូវនៅថ្ងៃទី ២៥ តុលា ២០២៣ ឆ្នាំខាងមុខនេះ។ ដូច្នេះក្រុមការងារសូមសំណូមពរឱ្យរុះរើជាបន្ទាន់ ដើម្បីសម្រួលដល់ក្រុមការងារសម្រេចភារកិច្ចបានតាមផែនការ ងាយស្រួល ឆាប់រហ័សក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានសុខសុវត្ថិភាព។លោក សំ លាងទ្រី ក៏បានសំណូមពរផងដែរ នៅពេល មានផ្លូវថ្នល់ស្អាតល្អ សូមប្រជាពលរដ្ឋមេត្តា​ចូលរួមគោរពច្បាប់ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍​ផ្ទាល់ខ្លួន ជៀសវាង​ការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់៕

ក្រសួងអប់រំធ្វើសិក្ខាសសាលាស្ដីពីតួនាទី និងភារកិច្ចគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស ដើម្បីធានាឱ្យការប្រឡងបាក់ឌុបនាខែវិច្ឆិកាខាងមុខ

2023/10/17 07:43:11 pm        49
ភ្នំពេញ៖ ដើម្បីធានាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីតួនាទីភារកិច្ចគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស។ អង្គសិក្ខាសាលាបានធ្វើបទបង្ហាញ និងពិភាក្សាទៅលើប្រធានបទចំនួនបួន៖ ១. ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ ២. តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស ៣. តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស ៤. បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស បានប្រព្រឹត្តទៅចំនួន២ទីតាំង គឺនៅសាលប្រជុំធំនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសាលប្រជុំតូចនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លាង សេងហាក់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៥៣១នាក់។សូមជម្រាបថា ជំនួយការអប្បមាទទូទាំងប្រទេសមានតួនាទី ជាសេនាធិការឱ្យប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស ប្រចាំមណ្ឌលសំណេរ លើការត្រួតពិនិត្យ និងសង្កេតដំណើរការប្រឡងប្រចាំ មណ្ឌល។ ជំនួយការអប្បមាទទូទាំងប្រទេស ត្រូវបានជ្រើសរើសចេញពីគរុសិស្ស និងគរុនិស្សិត ដែលមានភាពហ្មត់ចត់ ភាពស្មោះត្រង់ សុចរិតភាព ស្នាដៃល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់។ មណ្ឌលសំណេរនីមួយៗ ត្រូវមានជំនួយការអប្បមាទទូទាំងប្រទេស តាមនិយាមកំណត់ ១នាក់ ទទួលខុសត្រូវ ២បន្ទប់៕

សំណូមពរប្រជាពលរដ្ឋជាង២០បញ្ហា ក្នុងខណ្ឌបឹងកេងកង ត្រូវបានអាជ្ញាធររាជធានីដោះស្រាយ

2023/10/17 07:38:24 pm        147
ភ្នំពេញ ៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលបានធ្វើឡើងដើម្បីស្ដាប់នូវសំណូមពរនានា​របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ វេទិកានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។លោក ហួត ហៃ មានប្រសាសន៍ថា វេទិកានេះ ប្រជាពលរដ្ឋបានស្នើ និងសំណូមពរឡើង​ដោយផ្ទាល់មាត់​មានចំនួន ១១នាក់ ស្មើនិង១៤បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ១៩បញ្ហា ហើយរាល់សំណើរ និងសំណូមទាំងនោះរួមមាន សូមឱ្យអាជ្ញាធរជួយកាត់ខ្សែភ្លើង​ដែលធ្លាក់តាមដងផ្លូវ ជួសជុលផ្លូវ ដាក់ប្រព័ន្ធលូ ដាក់ភ្លើងស្តុបថ្មី ដាក់ផ្លាកសញ្ញាហាមចតនៅ​តាមខាងមុខសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ សូមឱ្យកាត់លះមែកឈើ ការដឹកជញ្ជូន​សំរាមចេញ​ពីទីអារាមវត្តសូមឱ្យទាន់ម៉ោងពេល និងស្នើសូមប្រមូលជនអាណាថា​តាមទីសាឌារណៈផងដែរ។លោក ហួត ហៃ បានបញ្ជាក់ថា រាល់សំណើរ និងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់​ប្រជាពលរដ្ឋ ជាង១០សំណើរ និងសំណូមពរនៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានី​ភ្នំពេញដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង​ ចំពោះសំណើរដែលដោះស្រាយមិនបានភ្លាមៗ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនឹងឱ្យក្រុមការងារចុះទៅសិក្សា និងស្នើសុំគោលការសម្រេចពីអភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ក្នុងឱកាសនោះដែរ លោក ហួត ហៃ ក៏បានស្នើរសុំឱ្យប្រជាពលរដ្ឋ ​ដែលមិនបានបង់ថ្លៃសំរាម សូមរួសរាន់បង់ថ្លៃសំរាម ដើម្បីឱ្យរាជធានីភ្នំពេញ​មានបរិស្ថានល្អសមជាទីក្រុង​ដែលជា​បេះដូងនៃប្រទេស។ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា ការបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះឡើង គឺដើម្បីឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ​បានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ហើយឱ្យអាជ្ញាធរ​បានដឹងលឺ និងរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានជាដើម។ឯកឧត្តម ម៉ប់ សារិន បានបន្តថា អ្វីដែលជាសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុង​វេទិការ​ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ​ កាលពីឆ្នាំ២០២២ រដ្ឋបាលរាជធានី​ភ្នំពេញបានដោះស្រាយជូនជាបណ្តើរៗហើយ អ្វីដែលនៅសេសសល់អាជ្ញាធរ​ក៏បានដាក់ចូលក្នុងគម្រោង​អភិវឌ្ឍន៍៣ឆ្នាំរំកិលរបស់ខណ្ឌអស់ហើយដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោក Putin ជំរុញតម្រូវការសម្រាប់កិច្ចពិភាក្សា ក្នុងការអំពាវនាវទៅកាន់មេដឹកនាំអ៊ីស្រាអែល អារ៉ាប់ និងអ៊ីរ៉ង់

2023/10/17 07:27:49 pm        151
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ មានបំណងជួយការពារមហន្តរាយមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា ខណៈលោកព្យាយាមចូលទៅក្នុងវិបត្តិនៅមជ្ឈិមបូព៌ា ដោយមានការអំពាវនាវជាបន្តបន្ទាប់ ទៅកាន់អ្នកមានតួនាទីសំខាន់ៗក្នុងតំបន់។ វិមានក្រឹមឡាំង និយាយថា លោកPutin បានសម្តែងឆន្ទះរបស់រុស្ស៊ី ដើម្បីធ្វើការឆ្ពោះទៅមុខ ដោយបញ្ចប់ការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន និងទទួលបានដំណោះស្រាយដោយសន្តិវិធី តាមរយៈ មធ្យោបាយការទូត និងនយោបាយ។ការថ្លែងការអំពាវនាវរបស់ខ្លួន ពុំបានរួមបញ្ចូលការអធិប្បាយណាមួយអំពីបទឈប់បាញ់ ដែលរុស្ស៊ីកំពុងព្យាយាមទទួលដោយការដាក់ឆ្ពោះទៅរកដំណោះស្រាយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែលោក Putin បានថ្លែងខ្លីទៅកាន់ លោក Netanyahu ស្តីពីការសន្ទនាជាមួយមេដឹកនាំអ៊ីរ៉ង់ អេហ្ស៊ីប ស៊ីរី និងអាជ្ញាធរប៉ាឡេស្ទីន ដែលវិមានក្រឹមឡាំងនិយាយកាលពីដំបូងថាបញ្ហានេះត្រូវបានពិភាក្សា។ មតិជាឯកច្ឆន្ទ ត្រូវបានបញ្ជាក់ស្តីពីតម្រូវការសម្រាប់បទឈប់បាញ់ដំបូង និងការបង្កើតបទឈប់បាញ់មនុស្សធម៌ដើម្បីផ្តល់ជំនួយបន្ទាន់ដល់អ្នកទាំងឡាយណាដែលត្រូវការ។វិបត្តិត្រូវបានបង្វែរដោយផ្នែកនូវការយកចិត្តទុកដាក់របស់ពិភពលោកពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដោយផ្តល់ឲ្យទីក្រុងមូស្គូនូវឱកាសមួយដើម្បីបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយតួអង្គសំខាន់ៗ នៅមជ្ឈិមបូព៌ា និងដាក់ខ្លួនឯងជាសំឡេងសម្រាប់សន្តិភាព និងភាពអត់ធ្មត់។

សហភាពអឺរ៉ុប នឹងចាប់ផ្តើមការតភ្ជាប់ដែនអាកាសមនុស្សធម៌ ដើម្បីនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា

2023/10/17 07:24:22 pm        139
សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការតភ្ជាប់ដែនអាកាសមនុស្សធម៌ ដោយរួមមានជើងហោះហើរជាច្រើន ទៅកាន់ប្រទេសអេហ្ស៊ីបក្នុងគោលបំណងនាំយកគ្រឿងផ្គត់ផ្គង់ ទៅកាន់អង្គការមនុស្សធម៌ នៅដែនដីតំបន់ហ្គាហ្សា។ សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជើងយន្តហោះ២គ្រឿងដំបូង នឹងធ្វើឡើងនៅសប្តាហ៍នេះ ដោយមានផ្ទុកទំនិញមនុស្សធម៌ ពីអង្គការ UNICEF រួមមាន សម្ភារៈសម្រាប់ទីជម្រក ថ្នាំពេទ្យ និងកញ្ចប់ជំនួយផ្នែកអនាម័យ។កិច្ចប្រឹងប្រែងផ្នែកការទូត ក្នុងការរៀបចំបទឈប់បាញ់ដើម្បីអនុញ្ញាតឲ្យជំនួយចូលទៅដល់តំបន់ហ្គាហ្សាដែលហ៊ុមព័ទ្ធបានបរាជ័យកាលពីពេលដំបូងហើយប្រទេសអ៊ីស្រាអែលបានចេញបញ្ជាការជម្លៀសពលរដ្ឋក្នុងភូមិជាច្រើន នៅក្នុងដែនដីហ្គាហ្សា នៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់ ដែលកំពុងបង្កើនការព្រួយបារម្ភថាសង្គ្រាមអាចរាលដាលទៅកាន់សមរភូមិថ្មី។ ប្រធានស្នងការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Tirana ថា ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា កំពុងត្រូវការជំនួយ និងការជួយផ្នែកមនុស្សធម៌ ដែលពួកគេមិនអាចទទួលផលវិបាកពីភាពឃោឃៅរបស់ក្រុមហាម៉ាស់នោះទេ។ លោកស្រី Von der Leyen បានមកចូលរួមក្នុងកិច្ចប្រជុំកំពូលក្នុងដំណើរការនៅក្នុងទីក្រុងប៊ែកឡាំង ជាគំនិតផ្តួចផ្តើមមួយ ចាប់ផ្តើមដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសតំបន់បាល់កង់ភាគខាងលិចទាំង៦ ដែលមានបំណងក្លាយជាសមាជិកសហភាពអឺរ៉ុប។ លោកស្រី បានបញ្ជាក់ថាសហភាពអឺរ៉ុប បានសម្រេចកាលពីចុងសប្តាហ៍ដើម្បីបង្កើនទ្វេជាបី នូវជំនួយមនុស្សធម៌របស់ខ្លួន ដល់ជាង៧៥លានផោន ដើម្បីផ្គត់ផ្គង់ដល់ជនស៊ីវិល ដែលត្រូវការនៅក្នុងតំបន់ហ្គាហ្សា។

កម្ពុជាធ្វើម្ចាស់ផ្ទះសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

2023/10/17 07:23:52 pm        250
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបាន រៀបចំធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកល លើកទី៣ ស្តីពី​កិច្ច​សង្គ្រោះ​ជន​រងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ចាប់ពីថ្ងៃទី១៧​ដល់​ថ្ងៃ​ទី​១៩​ ខែតុលា ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ សន្និសីទសកលលើកទី៣នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ អាជ្ញាធរមីន និងមានការអញ្ជើញ ពីតំណាងមកពីប្រទេសចំនួន ៤៥ បណ្តា​អង្គ​ទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ប្រមាណ​ជាង​២០០​នាក់​។ សូមបញ្ជាក់ថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣នេះ គឺជាការបង្ហាញ​អំពី​ការ​ទទួល​ខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា និងដើម្បីពង្រឹងការ​អនុវត្ត​ផែន​ការ​សកម្មភាព​អូស្លូ ​ក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្ដល់វេទិកា ជូនរដ្ឋភាគី​នៃ​អនុ​សញ្ញា​ធ្វើ​ការ​រាយ​ការណ៍​ពី​វឌ្ឍនភាព​ក៏​ដូចជា សហគមន៍ដែលរងផលប៉ះពាល់ ជនរងគ្រោះថ្នាក់​ដោយ​សារមីន​/សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជនមានពិការភាព។ ម្យ៉ាងវិញទៀត សន្និសីទសកលលើកទី៣នេះ ក៏ដើម្បីឱ្យអ្នកចូលរួមអនុវត្តរដ្ឋភាគី និងសង្គមស៊ីវិល បង្ហាញ​ពីដំណើរនៃកិច្ចសហប្រតិបត្តិការ ស្មារតី រួបរួមគ្នា មេត្តាធម៌និងការប្តេជ្ញារួមគ្នា ដោះស្រាយ​បញ្ហា​ប្រឈមជាសកល ដែលជួបប្រទះក្នុងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង​កាតព្វកិច្ចដែល លើសពីការងារបោសសម្អាតមីន។ ជាងនេះទៅទៀត បទពិសោធន៍ និងទស្សនៈល្អៗក្នុងសន្និសីទសកលលើកទី៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែល​រដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃកិច្ចប្រជុំ​កំពូល​សៀមរាប​-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និង​ម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០​ប្រទេ​ស​ចូលរួម។សន្និសីទសកលនេះ ធ្លាប់ប្រារព្ធចំនួន២លើក គឺលើកទី១/.ប្រទេសកូឡុំប៊ី ឆ្នាំ២០១៤ និងលើក​ទី២/​.ប្រទេសហ្សកដានី ក្នុងឆ្នាំ២០១៩។ ចំណែកឯលើកទី៣ ឆ្នាំ២០២៣ កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្រោម​កិច្ច​សហការរៀបចំរវាងអាជ្ញាធរមីន និងអង្គភាពគាំទ្រ​ការ​អនុវត្ត​អនុ​សញ្ញា​ហាម​ប្រាម​កាប្រើ​ប្រាស់​គ្រាប់​មីនប្រឆាំងមនុស្ស ដោយ​មានការគាំទ្រផ្នែកហិរញ្ញវ​ត្ថុ​ពីគម្រោង​សកល​នៃ​សហភាព​អឺរ៉ុប និរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីជាម្ចាស់ផ្ទះ៕

រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា និងក្រុមប្រឆាំង នឹងបន្តការចរចា ក្រោមកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក

2023/10/17 07:20:47 pm        131
រដ្ឋាភិបាលរបស់វ៉េណេហ្ស៊ុយអេឡា នឹងបន្តកិច្ចពិភាក្សាជាមួយក្រុមប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយបើកផ្លូវឲ្យរដ្ឋបាលរបស់លោក ចូ បៃដិន ដើម្បីបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើប្រទេសអាមេរិកខាងត្បូង រួមទាំងឧស្សាហកម្មប្រេងរបស់ខ្លួនផងដែរ។កិច្ចព្រមព្រៀងដែលរួមមានការអនុញ្ញាតឲ្យបេក្ខជនប្រឆាំងដែលត្រូវបានហាមឃាត់ ឲ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ នឹងក្លាយជាសម្បទាននយោបាយដ៏សំខាន់ដំបូង ដោយរដ្ឋាភិបាលរបស់លោកនីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) ក្នុងរយៈពេលមួយទសវត្សរ៍ ខណៈដែលសហរដ្ឋអាមេរិកស្វែងរកការកែលម្អលក្ខខណ្ឌបោះឆ្នោត ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ដែលត្រូវការយ៉ាងខ្លាំងនោះ។ ក្រុមមន្ត្រីមកពីប្រទេសន័រវែសដែលកំពុងសម្របសម្រួលកិច្ចពិភាក្សានេះ បាននិយាយថា មន្ត្រីវ៉េណេហ្ស៊ុយអេឡាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅទីក្រុង Barbados នៅថ្ងៃអង្គារនេះ។ មនុស្សដែលដឹងពីផែនការនេះ បាននិយាយថា ក្រុមមន្ត្រីនៃរដ្ឋបាលរបស់លោកបៃដិន នឹងចូលរួម។លោកម៉ាឌូរ៉ូ បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍របស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទថា៖«យើងជិតឈានដល់ការចាប់ផ្តើមនៃការចុះហត្ថលេខាលើឯកសារដ៏ល្អសម្រាប់ការធានាដល់ការបោះឆ្នោត»។ លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីរឿងនេះ ឬកិច្ចព្រមព្រៀងទូលំទូលាយ ដែលលោកបាននិយាយថា ខ្លួនបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិករួចហើយ ប៉ុន្តែលោកបាននិយាយថា ខ្លួននឹងមិនគាំទ្រចំពោះភាពមិនប្រក្រតីណាមួយឡើយ»។

មេបក្សឯកភាពជាតិខ្មែរ៖ការចងសម្ព័ន្ធភាពជាមួយបក្សកាន់អំណាចមិនមែនជាការរៀបចំដោយសម្តេចតេជោនោះទេ

2023/10/17 07:11:33 pm        423
ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានថ្លែងថា គណបក្ស​របស់​លោក​ក៏​ដូច​ជា​គណបក្ស នយោបាយផ្សេងៗទៀតប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច មិន​មែន​ជា​ការរៀបចំឡើង ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានោះទេ គឺ​ធ្វើ​ឡើងដើម្បីរួបរួមគ្នា ជាធ្លុងមួយក្នុងគោលបំណងតែមួយគឺថែរក្សាសុខសន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេសជាតិឲ្យកាន់តែរីកចំរើន ខ្លាំងឡើងបន្ថែមទៀត។ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក អ៊ុន ជឹម បានបញ្ជាក់ថា គណបក្សរបស់លោក និង​គណបក្ស​ចំនួន ១៦​ទៀត​បាន​ប្រកាស​ចង​សម្ព័ន្ធភាព​ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយការ​ចង​សម្ព័ន្ធ​នេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលមា​នសម្តេចតេជោ ជាប្រធាននោះក៏បាន​ប្រកាស​ស្វាគមន៍​ដោយ​គ្មាន​ការ​រើសអើង​ផង​ដែរ​ ខណៈការសម្រេចចិត្តចង សម្ព័ន្ធនេះ ដើម្បីគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ មិន​មែន​ចង់​បានដំណែងនេះតំណែងនោះ ដូចការលើកឡើងរបស់ក្រុមអគតិ និងក្រុម​ជ្រុល​និយម​មួយ​ចំនួន​តូចនោះឡើយ។លោក អ៊ុន ជឹម បានបន្ថែមទៀតថា ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយជាច្រើននេះ គឺ ជា​ការចង់លុបបំបាត់នូវវប្បធម៌ជេរប្រមាថគ្នា លាបពណ៌គ្នា ដោយយកវប្បធម៌សន្ទនាគ្នា ដើម្បី​ជាតិ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់រូប។ បើតាមប្រធានគណបក្សឯកភាពជាតិខ្មែររូបនេះបានឲ្យដឹងផងដែរថា រហូត​មក​ដល់​ពេល​នេះ​មាន​គណបក្ស​ជិត ២០គណបក្សហើយដែលបានប្រកាស់ចងសម្ព័ន្ធភាព ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយការចងសម្ព័ន្ធជាផ្លូវការក៏នឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាមុខនេះដែរ ខណៈ​បច្ចុប្បន្ន​មេ​ដឹកនាំបណ្តា គណបក្សផ្សេងៗ រួមជាមួយលោកផង កំពុងធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន ដើម្បី​ចុះអនុស្សរណៈជាមួយគ្នា ដោយសេចក្តី​ព្រាង​ច្បាប់​នោះ​គឺ​ស្ថិត​នូ​វ​ភាព​ច្បាស់​លាស់​ជា​មួយ​គ្មា និងយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕ អត្ថបទ៖ បាន ចក់

កូរ៉េខាងជើងចោទអាមេរិកថា បង្កភាពតានតឹងជាមួយនឹង «មហាអំណាចនុយក្លេអ៊ែរ»

2023/10/17 07:11:13 pm        301
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃអង្គារ (១៧ តុលា) នេះថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាវិធានការការពារខ្លួន ដើម្បីឆ្ពោះទៅរកសង្រ្គាមនុយក្លេអ៊ែរ នៅចំពោះមុខការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹង «មហាអំណាចនុយក្លេអ៊ែរ»។លោក គីម វ៉ាងយ៉ុង (Kim Kwang Myong) ដែលប្រព័ន្ធផ្សព្វផ្សាយ KCNA ពិពណ៌នាថា ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានក្រសួងការបរទេសសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាព បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបង្កភាពតានតឹងក្នុងតំបន់ជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយបានស្តីបន្ទោសអាមេរិក ចំពោះអស្ថិរភាពយុទ្ធសាស្ត្រ ដែលបំផ្លាញសន្តិភាពពិភពលោក។ការអត្ថាធិប្បាយនេះ ធ្វើឡើងនៅពេលដែលប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង មួយនេះ បានបង្កើនការប្រកាសអាសន្ននៅក្នុងតំបន់ ជាមួយនឹងការបាញ់មីស៊ីលជាទៀងទាត់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ដែលអាចវាយប្រហារទ្វីបអាមេរិកផងដែរ។លោក គីម បានលើកឡើងពីការរកឃើញនាពេលថ្មីៗនេះ ដោយគណៈកម្មការឥរិយាបថយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានការពង្រឹងកម្មវិធីទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេស ក្នុងការត្រៀមរៀបចំសម្រាប់សង្រ្គាម ក្នុងពេលដំណាលគ្នាដែលអាចទៅរួចជាមួយរុស្ស៊ី និងចិន ដែលជាសញ្ញា «ប្រថុយប្រថានបំផុត» និងជា «សកម្មភាពអនុត្តរភាព»។នៅក្នុងអត្ថបទប្រព័ន្ធផ្សព្វផ្សាយ KCNA មួយផ្សេងទៀត លោកគីម តុងយ៉ុង (Kim Tong Myong) អ្នកស្រាវជ្រាវនៃទីភ្នាក់ងារសង្គមសម្រាប់ការសិក្សានយោបាយអន្តរជាតិ ក៏បានរិះគន់សមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់អង្គការណាតូ មានឈ្មោះថា «ថេរវេលាថ្ងៃត្រង់» ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (១៦ តុលា) ដើម្បីអនុវត្តការប្រើប្រាស់គ្រាប់បែករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាននៅអឺរ៉ុប ផងដែរ៕

ប្រធានាធិបតីរុស្ស៊ី បានទៅដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសដ៏កម្រ

2023/10/17 07:03:31 pm        283
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារ (១៧ តុលា) នេះ ដើម្បីជួបជាមួយសមភាគីចិនរបស់ខ្លួន គឺលោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ច ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ក្នុងគោលបំណងបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ និងភាពជាដៃគូ «គ្មានដែនកំណត់» រវាងប្រទេសចិន និងប្រទេសជិតខាងដ៏ធំបំផុតរបស់ខ្លួន។យោងតាមវីដេអូរបស់សារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា លោក ពូទីន និងក្រុមមន្រ្តីអមដំណើររបស់លោក បានជិះយន្តហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានវិមានក្រឹមឡាំងរូបនេះ នៅខាងក្រៅអតីតសហភាពសូវៀតក្នុងឆ្នាំនេះ។លោកពូទីន បានធ្វើដំណើរទៅក្រៅប្រទេសតិចតួចណាស់ ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា ដោយចោទប្រកាន់លោកពីបទនិរទេសកុមារដោយខុសច្បាប់ពីប្រទេសអ៊ុយក្រែន។លោក ស៊ី បានជួប «មិត្តល្អ» របស់ខ្លួនចុងក្រោយនៅទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញដីកាចាប់ខ្លួននោះ។ នៅពេលនោះ លោក ស៊ី បានអញ្ជើញលោក ពូទីន ឱ្យចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំង ដែលជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយមេដឹកនាំចិនរូបនេះ ហើយលោក ពូទីន នឹងជួបជាមួយលោក ស៊ី នៅថ្ងៃពុធ (១៨ តុលា) ស្អែកនេះផងដែរ។ទីក្រុងប៉េកាំង បានច្រានចោលការរិះគន់របស់លោកខាងលិច អំពីភាពជាដៃគូរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជាសង្រ្គាមនៅអ៊ុយក្រែន មិនបង្ហាញសញ្ញានៃការបញ្ឈប់ក៏ដោយ ដោយទទូចថាទំនាក់ទំនងរបស់ពួកគេមិនបំពានលើបទដ្ឋានអន្តរជាតិឡើយ ហើយប្រទេសចិន មានសិទ្ធិសហការជាមួយប្រទេសណាមួយដែលខ្លួនបានជ្រើសរើស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/16/2026 02:08 PM
គណៈប្រតិភូហាម៉ាសនឹងទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា
08/16/2026 02:08 PM