ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

នារីខ្មែរ៧រូបដែលរងគ្រោះដោយការជួញដូរត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអាជ្ញាធរឡាវ ជួយសង្គ្រោះទាន់ពេលវេលា

2023/10/01 09:47:23 pm        629
ភ្នំពេញ៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះនារីខ្មែរ១រូបទៀត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ​អាជ្ញាធរ​ពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់​មកដល់ប្រទេសកម្ពុជា​ដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយ​ញាតិមិត្ត​របស់ខ្លួនវិញ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក​ ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់​ពួកគាត់​ទៅប្រទេសទី៣។ក្រោយពីបានទទួលព័ត៌មាននេះ ​ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការ​សហការភ្លាមពីអជ្ញាធរឡាវ​ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។ ​ជាមួយគ្នានេះ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជា​ប្រចាំប្រទេសឡាវ​ឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយ​សមត្ថកិច្ចឡាវ។រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ, នារីខ្មែរ ៦ រូបត្រូវបានជួយសង្គ្រោះនិងកំពុងស្ថិត​នៅកន្លែងមានសុវត្ថិភាព ​និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ​ស្ថានទូតបាន និងកំពុង​បន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ ​បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ១ រូបទៀត។ ការជួយសង្គ្រោះនារីខ្មែរទាំង៧រូបនេះ ​បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និង​ការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចធិបតី​នាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរ​ពាក់ព័ន្ធ ដែលបានគិតគូរខ្ពស់អំពីសុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅ​គ្រប់​ទីកន្លែង។ មិនថានៅបញ្ហាធំប៉ុណ្ណា លំបាកយ៉ាងណា ឬឆ្ងាយដល់ណានោះឡើយ ឱ្យតែរាជរដ្ឋាភិបាល​បានដឹង គឺមិនព្រងើយកន្តើយទុកពលរដ្ឋចោលនោះទេ គឺប្រឹងប្រែង​អស់លទ្ធភាព ដើម្បីជួយពួកគេ។ នារីរងគ្រោះទាំង៦រូបដែលបានសង្គ្រោះរួច បានបង្ហាញក្តីរំភើបរីករាយជាពន់ពេក​បានរួចផុត​ពីការជួញដូរ ជាពិសេសទទួលបានកិច្ចអន្តរាគមន៍យ៉ាងរហ័សពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរកម្ពុជា។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ​ហ៊ុន ម៉ាណែត ក៏ដូចជា​អាជ្ញាធររបស់កម្ពុជា ក្នុងនោះរួមមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​មន្ត្រី​នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវដែលបានខ្នះខ្នែងជួយសង្គ្រោះពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ និងអាចបានត្រឡប់មកកាន់ប្រទេសកំណើតវិញ៕

លោក Biden ចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាល និងបញ្ចៀសការបិទរដ្ឋាភិបាល

2023/10/01 09:28:04 pm        552
លោកប្រធានាធិបតី Biden កាលពីយប់ថ្ងៃសៅរ៍ (ទី៣០ ខែកញ្ញា) បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិបណ្ដោះអាសន្ន ដោយបញ្ចៀសបាននូវការបិទផ្នែកខ្លះរបស់រដ្ឋាភិបាល ពោលគឺភ្លាមៗ នៅមុនម៉ោងកំណត់ នាពាក់កណ្តាលអធ្រាត្រ។សេចក្ដីសម្រេចបន្តដំណើរការនេះ (CR) ដែលទទួលបានការអនុម័តទាំងរដ្ឋសភា និងទាំងព្រឹទ្ធសភា ដោយសំឡេងភាគច្រើនលើសលប់ នៅព្រឹកថ្ងៃនោះ នឹងបន្តផ្តល់មូលនិធិដល់រដ្ឋាភិបាល ក្នុងកម្រិតចំណាយបច្ចុប្បន្នរបស់ខ្លួន រហូតដល់ពាក់កណ្តាលខែវិច្ឆិកា។ ការចំណាយនោះរួមបញ្ចូលទាំងជំនួយសង្គ្រោះគ្រោះមហន្តរាយចំនួន ១៦ពាន់លានដុល្លារ ប៉ុន្តែមិនមានជំនួយសម្រាប់ប្រទេសអ៊ុយក្រែន ឬការផ្លាស់ប្តូរគោលនយោបាយព្រំដែននោះទេ។តាមរយៈបណ្ដាញសង្គម X (ពីមុនជា Twitter) លោក Biden បានសរសេររៀបរាប់ថា៖ «ខ្ញុំទើបតែបានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបន្តរក្សារដ្ឋាភិបាលឲ្យដំណើរការរយៈពេល ៤៧ថ្ងៃទៀត។ នៅមានពេលវេលាច្រើនទៀត ដើម្បីអនុម័តសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិដល់រដ្ឋាភិបាល សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ហើយខ្ញុំសូមជំរុញយ៉ាងខ្លាំងក្លាឲ្យសភាធ្វើការភ្លាមៗ។ ប្រជាជនអាមេរិករំពឹងថា រដ្ឋាភិបាលរបស់ពួកគេ នឹងបំពេញតួនាទី។ សូមប្រាកដថា ច្បាប់នេះបានកើតឡើង»។ការចុះហត្ថលេខារបស់លោក Biden លើសេចក្ដីស្នើច្បាប់ឲ្យទៅជាច្បាប់ធរមាននេះ បានបិទបញ្ចប់ភាពជ្រួលច្របល់រយៈពេលប៉ុន្មានសប្តាហ៍ នៅក្នុងសភា និងរយៈពេលមួយថ្ងៃ ដែលពោរពេញដោយភាពភ្ញាក់ផ្អើល នៅវិមានកាពីតូល។ បណ្ដាសមាជិកសភាទាំងអស់ បានលេចវត្តមានឡើង នៅក្នុងព្រឹកថ្ងៃសៅរ៍ ដែលភាគច្រើនរំពឹងថា នឹងមានការបិទផ្នែកខ្លះរបស់រដ្ឋាភិបាលជាមិនខាន៕

បេក្ខជនគាំទ្រប្រទេសចិន ឈ្នះតំណែងប្រធានាធិបតីរបស់ម៉ាល់ឌីវ

2023/10/01 07:35:06 pm        432
បេក្ខជន ដែលមាននិន្នាការលម្អៀងទៅប្រទេសចិន គឺលោក Mohamed Muizzu បានឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃសៅរ៍ (ទី៣០ ខែកញ្ញា) នៅប្រទេសម៉ាល់ឌីវ ដោយនេះជាលទ្ធផល ដែលនឹងកែប្រែជាថ្មីម្តងទៀត ក្នុងទំនាក់ទំនងរបស់ប្រជុំកោះនេះជាមួយនឹងប្រទេសឥណ្ឌា ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងមកហើយនោះ។លោក Muizzu វ័យ ៤៥ឆ្នាំ ដឹកនាំគណបក្សមួយ ដែលបាននាំឲ្យមានលំហូរនៃប្រាក់កម្ចីរបស់ចិនយ៉ាងច្រើន នៅពេលដែលគណបក្សនេះ បានកាន់អំណាចលើកចុងក្រោយនៅក្នុងប្រទេសកោះផ្កាថ្ម ដែលទទួលបាននូវភាពល្បីល្បាញ ដោយសារមានរមណីយដ្ឋានឆ្នេរប្រណីត និងការទទួលបានភ្ញៀវទេសចរ ដែលសុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គម។លោកទទួលបានសំឡេងគាំទ្រ ៥៤,០៦ភាគរយនៃការបោះឆ្នោត ក្នុងការប្រកួតប្រជែងជុំចុងក្រោយ ដោយបានធ្វើឲ្យលោក Ibrahim Mohamed Solih ដែលកំពុងកាន់អំណាច ទទួលស្គាល់ការបរាជ័យភ្លាមៗ នៅមុនពាក់កណ្តាលអធ្រាត្រ។លោក Muizzu បានបង្ហាញខ្លួនមួយភ្លែត នៅខាងក្រៅទីស្នាក់ការកណ្តាលនៃការធ្វើយុទ្ធនាការរបស់គណបក្សលោក ដើម្បីសុំឲ្យអ្នកគាំទ្រកុំប្រារព្ធការអបអរ រហូតដល់ព្រឹកថ្ងៃអាទិត្យ នៅពេលដែលការរឹតបន្តឹងការធ្វើយុទ្ធនាការ ត្រូវបានបញ្ចប់ជាផ្លូវការ។លទ្ធផលនេះបានធ្វើឲ្យក្រឡាប់ចាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក Solih ដែលចង់បង្វែរគោលជំហរការទូតរបស់ប្រទេសឲ្យវិលត្រឡប់ទៅកាន់ទីក្រុងញូវដេលីវិញ ចាប់តាំងពីបានចូលកាន់តំណែង កាលពីប្រាំឆ្នាំមុន៕

ស្ថាប័នជំនាញអំពាវនាវឲ្យបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

2023/10/01 06:44:01 pm        551
ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សេចក្តីអំពាវនាវ ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្តតាមវិធានការនានារួមមាន ត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែង។ ចំពោះមូលហេតុចម្បង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺការបើកបរលឿនហួសល្បឿនកំណត់។ ត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ មិនត្រូវវ៉ាជែងដោយប្រថុយប្រថាន ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះមុនពេលធ្វើចរាចរណ៍។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានរំលឹកថា ​មួកសុវត្ថិភាពមួយ អាចជួយការពារនូវការរងរបួសក្បាល​ ឬអាចការពារជីវិតបាន។ និងមិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវពាក្យស្លោក បើពិសាគ្រឿងស្រវឹង កុំបើកបរ ៕អត្ថបទ៖ រដ្ឋា 

លោកអាសាត និយាយថា ស៊ីរីសង្ឃឹមថា នឹងបានរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់ចិន

2023/10/01 05:46:17 pm        550
ប្រធានាធិបតីស៊ីរីលោក បាសា អាល់ អាសាតបាននិយាយថា ប្រទេសរបស់លោកកំពុងសំឡឹងទៅរកការរៀនសូត្រចក្ខុវិស័យដ៏មានតម្លៃពី បទពិសោធន៍​ការអភិវឌ្ឍ​ទទួលបានជោគជ័យរបស់ចិន ដែលផ្ដោតទៅលើការអភិវឌ្ឍបច្ចេកវិទ្យា និងសង្គម ខណៈដែលរបៀបរបបជាច្រើនរបស់លោកខាងលិច បានបញ្ជាក់ពីការប្រឆាំងផលិតភាពក្នុងតំបន់។លោកអាសាតថ្មីៗនេះ បានធ្វើទស្សនកិច្ចផ្លូវរដ្ឋមួយទៅប្រទេសចិន ជាទស្សកិច្ចលើកដំបូង​របស់លោកទៅកាន់ប្រទេសនេះចាប់តាំងពីឆ្នាំ២០០៤។ ក្នុងអំឡុងពេលដែលលោក បានជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង និងបានចូលរួម​ពិធីបើកការប្រកួតកីឡាអាស៊ី (Asia Ganes) លើកទី១៩នៅក្រុង ហាងចូវ (Hangzhou) ភាគខាងកើតប្រទេសចិន កាលពីថ្ងៃសៅរ៍ផងដែរ។នៅក្នុងអំឡុងពេលជំនួប​របស់លោកជាមួយលោកស៊ី ក្នុងក្រុងហាង (Hangzhou) លោកអាសាត បាន​និយាយ​ពី​កិច្ចប្រឹងប្រែង​ដ៏ខ្លាំងក្លារបស់ចិន ​នៅក្នុងការបន្ដលើមាគ៌ាសង្គមនិយម​ជាមួយ​នឹងចរិកលក្ខណៈរបស់ចិន។ដោយឡែក លោកស៊ី បាននិយាយថា ភាពជាដៃគូររវាងភាគីទាំងពីរ បានឈរលើការ​សាល្បងនៃការផ្លាស់ប្ដូរក្នុងស្ថានការណ៍អន្ដរជាតិ ​និងបានហៅភាពជាដៃគូថា ជាចំណុច​ចាប់ផ្ដើមដ៏មានសារៈសំខាន់នៅក្នុងប្រវត្ដិសាស្រ្ដនៃទំនាក់ទំនងទ្វេភាគី។នៅក្នុងការផ្ដល់បទសម្ភាសមួយជាមួយទូរទស្សន៍មជ្ឈឹម (CCTV) ក្នុងក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទ លោកអាសាត បាននិយាយថា ភាគីស៊ីរី កំពុងសំឡឹងទៅរកកិច្ចសហប្រតិបត្ដការទៅវិញទៅមក​ជាមួយប្រទេសចិន ​ឲ្យកាន់តែស៊ីជម្រៅ ហើយសង្ឃឹមថា ​នឹងបានរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍​ទទួលបានជោគជ័យរបស់ចិនផ្ទាល់។អត្ថបទ មករា 

ឥទ្ធិពលកងទ័ពអាកាសឥណ្ឌា ត្រូវបង្ហាញនៅឯទីក្រុងបឹងBhopal (បូប៉ាល់)

2023/10/01 05:38:25 pm        523
កងទ័ពអាសឥណ្ឌា បានប្រារព្ធខួប៩១ឆ្នាំនៃការបង្កើតកងទ័ពអាកាសរបស់ខ្លួន ដោយបានបង្កើតពិព័រណ៍អាកាសដើម្បីបង្ហាញយន្ដហោះប្រយុទ្ធ និងឧទ្ធម្ភាគចក្រចំនួន៥០គ្រឿង នៅក្នុងកលយុទ្ធផ្សេងៗ ក្នុងក្រុងបូប៉ាល់ភាគកណ្ដាលប្រទេសឥណ្ឌា។កងទ័ពអាកាសឥណ្ឌាបានបង្ហាញ កម្លាំងយន្ដហោះរបស់ខ្លួនមួយចំនួនដែលគេចង់បង្ហាញបំផុត ក្នុងនោះរួមមានឧទ្ធម្ភាសចក្រម៉ាកឈីណុក យន្ដហោះម៉ាកស៊ូខយ SU-30MKI យន្ដហោហោះប្រភេទ Tejasនិងឧទ្ធម្ភាគចក្រ C-130j Super Herculesក៏ស្ថិតនៅក្នុងចំណោមនោះដែរ។ព្រឹត្ដិការណ៍នះ ស្ថិតក្រោមអធិបតីភាព ប្រមុខរដ្ឋាភិបាលរដ្ឋ លោក ស៊ីវរ៉ាស ស៊ីង ឆូហាន (Shivraj Singh Chouhan) និងក៏បានមើលឃើញោងដែរទាហានឆ័ត្រយោងមួយក្រុម​មានសមាជិក​១០នាក់​ដែលមកពីកងទ័ពអាកាសឥណ្ឌា កំពុងបង្ហាញ ការហោះហើរពត់ពេនលើអាកាស​នៅកម្ពស់​ចាប់ពី ១០.000ហ្វីតឡើង។កងទ័អាកាសឥណ្ឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ខែតុលា ឆ្នាំ១៩៣២ ដោយមានជំនួយពី​កងទ័ពអាកាសភូមិន្ទអង់គ្លេស។ទិវាកងទ័ពអាកាស ត្រូវបានគេតាមដានមើលលើកដំបូង​ក្នុងឆ្នាំ១៩៣២ ​ជាពេលដែលឥណ្ឌា កំពុងស្ថិតក្រោមអាណានិគមអង់គ្លេស។ហើយនៅពេលនោះ កងទ័ពអាកាសឥណ្ឌា ក៏ជាជំនួយដល់ចក្រភពនោះផងដែរ៕អត្ថបទ មករា 

សម្តេចធិបតី៖ គ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងផ្ដល់ការយកចិត្តទុកដាក់លើមនុស្សចាស់ជាអាទិភាព

2023/10/01 05:30:48 pm        515
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្ដល់ការយកចិត្តទុកដាក់លើមនុស្សចាស់ជាអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពផ្សេងៗទៀត។ តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា ​និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឈរលើស្មារតីយកចិត្តទុកដាក់លើមនុស្សចាស់ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់​នៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិ​គាំពារសង្គម ឆ្នាំ២០១៦-២០២៥ ​និងគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ ផងដែរ។តាមរយៈសារលិខិតនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស» និងក្នុងមុំទី៤ «ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម​ឲ្យមាន​លក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម ​និងប្រព័ន្ធសន្តិសុខ សង្គម និងការ​ពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូបផងដែរ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ហើយការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រម មួយចំនួនដូចជា ចីរភាព នៃកម្មវិធី, លទ្ធភាពអាចទ្រទ្រង់បាន នៃថវិកាជាតិ, ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ, និងភាពអាចពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធជាដើម។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននឹងកំពុងយកចិត្តទុកដាក់អនុវត្តគោល​នយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ និងបានកោតសរសើរចំពោះកាកបាទ​ក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល​ អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាពគាំទ្រប្រកបដោយមនុស្សធម៌ និងសាមគ្គីធម៌ចំពោះមនុស្សវ័យចាស់នៅ​តាមសហគមន៍នានាផងដែរ៕អត្ថបទ៖ បាន ចក់ 

នាយឧត្តមសេនីយ៍ ដាំ ដារ៉ានី៖ យោធិនត្រូវលះបង់គ្រប់យ៉ាង ដើម្បីអង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ

2023/10/01 04:27:10 pm        605
ភ្នំពេញ៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពការងារយេឌ័រ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤កាលពីថ្ងៃទី៣០ ខែកញ្ញាម្សិលមិញ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ បានក្រើនរំលឹកដល់យោធិនទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម និងត្រូវលះបង់គ្រប់យ៉ាង ដើម្បីពង្រឹងខឿនការពារជាតិកម្ពជាឲ្យកាន់តែរឹកមាំបន្ថែមទៀតផងដែរ។លោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា« ក្នុងនាមនាយទាហាន នាយទាហានរង និង ពលទាហាន​យោធភូមិភាគទី៤ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសស្មោះត្រង់ ​និងគោរពការពារដាច់ខាត​ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។ជាមួយគ្នានេះដែរ​កងយោធពលខេមរៈភូមិន្ទ ក៏​ត្រូវ​យកចិត្ត​ទុកដាក់ពង្រឹង​សមត្ថភាពជំនាញបន្ថែមទៀត ​ដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដី ដោយហ៊ាន​ពុះពារ លះបង់ គ្រប់ការលំបាក​ ចូលរួមនៅគ្រប់ភារកិច្ច ដើម្បីពង្រឹងវិស័យ​ការពារជាតិ​អោយបានកាន់តែរឹងមាំ»។ក្នុងឱកាសនោះដែរលោកជំទាវដាំ ដារ៉ានី ​ក៏បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ​ការងារ​យេនឌ័រ ត្រូវបានរាជរដ្ឋាភិបាល ​ផ្ដល់ការយកចិត្តទុកដាក់សិទ្ធិជាអាទិភាពឱ្យ​ដល់​យោធិនជានារី មាន​សិទ្ធិស្មើគ្នាទៅនឹងបុរសក្នុងការបំពេញ​តួនាទីភារកិច្ចការងារ ​សម្រាប់ជាតិមាតុភូមិនិងប្រជាជន​នៅក្នុង​សង្គមផងដែរ។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះ ​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង គ្រប់ស្ថាប័នអង្គភាព​ចំណុះឲ្យយោធភូមិភាគទី៤ទាំងអស់ ដែលបានអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ពិសេសបាន​គិតគូរដល់ការលើកកម្ពស់ការងារយេនឌ័រ ​ដោយបានប្រគល់តួនាទី-ភារកិច្ចដល់​យោធិនជានារីយើង​បានចូលរួមបំពេញភារកិច្ច ការពារព្រំដែន ​ការពារអធិបតេយ្យ បូរណភាពទឹកដី របស់​ព្រះរាជាណា​ចក្រកម្ពុជា​ និងភារកិច្ចការពារស្ថេរភាព ​សន្តិសុខ​ សណ្ដាប់ធ្នាប់សារធារណៈ ក្នុង​មូលដ្ឋានដែលខ្លួនឈរជើងទទួល​ខុសត្រូវ​បានយ៉ាងល្អជាដើម។លោកជំទាវ ក៏បានកោតសរសើរ ​និងវាយតម្លៃខ្ពស់ ​ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្នុង​បញ្ជាការដ្ឋានយោធភូមិភាគទី ៤កងទ័ពជើងគោក ​ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ជាមួយ​គ្រប់ស្ថាប័នទ័ពជំនាញរបស់កងយោធពលខេមរភូមិន្ទ ​ពិសេសជាមួយអាជ្ញាធរដែនដី មូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់ជាតិ-អង្គភាពកងយោធពលខេមរភូមិន្ទ ​ចាប់តាំងពីថ្នាក់យោធភូមិភាគ​ រហូតដល់ថ្នាក់ក្រោម នៃអង្គភាពចំណុះឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ​ពិសេសពង្រឹងបានប្រៀបរឹងមាំ ប្រព័ន្ធ​ការពារជាតិ នៅតាមបណ្ដោយព្រំដែន​ជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែន​សន្តិភាព​ពិតប្រាកដមានកិច្ចសហប្រតិបត្តិការ ​និងការអភិវឌ្ឍន៍វិស័យនយោបាយ សេដ្ឋកិច្ចរីកចម្រើន​ឆាប់រហ័សផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតី អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវលើកម្ពស់សុខុមាលភាពមនុស្សចាស់ ឲ្យបានប្រសើរថែមទៀត

2023/10/01 04:02:31 pm        464
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ​ដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់​ត្រូវយកចិត្តទុកដាក់លើកកម្ពស់នូវ​សុខុមាលភាព​របស់​មនុស្សចាស់បន្ថែមទៀត ​ខណៈការយកចិត្តទុកដាក់ជួយ​មនុស្សចាស់​ប្រៀបបានដូចនឹងការជួយ​ខ្លួនឯង​យ៉ាងដូច្នេះដែរ។តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា ​និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ​ក្រោមវិធានបទ«ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា ​ការរៀបចំទិវាមនុស្សចាស់កម្ពុជា ​និងទិវា​មនុស្សចាស់អន្តរជាតិ នាថ្ងៃនេះ​មានគោលបំណងលើកកម្ពស់កិច្ចគាំពារ ​ដ៏មានប្រសិទ្ធភាព ​សំដៅលើកស្ទួយសុខុមាល ភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ​ហើយទិវានេះក៏បង្ហាញ​ឱ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្ស វ័យចាស់​ បុព្វការីជន​ ដែលបានបង្កើតធនធាន​ដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់​នូវចំណេះដឹង ចំណេះ ធ្វើ​និង​បទពិសោធន៍​យ៉ាង​ច្រើន​ឥតគណនា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយផងដែរ។សម្តេចធិបតី បានចាត់ទុកទិវាមនុស្សចាស់កម្ពុជា ​និងទិវាមនុស្ស​ចាស់​អន្តរជាតិ ជាទិ​វាបុណ្យរំលឹក​ដល់​គុណូបការៈរបស់​មនុស្សវ័យចាស់កម្ពុជា ​បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែលបាន កសាង ​និងបន្សល់ទុកនូវកេរមរតកដ៏​ថ្លៃថ្លា​សម្រាប់កូនចៅជំនាន់នេះ​ និងជំនាន់ក្រោយៗទៀត។តាមរយៈសារលិខិតនេះ សម្រេចធិបតី​នាយករដ្ឋមន្រ្តីកម្ពុជា ​បានអំពាវនាវដល់ ​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ​គណៈកម្មាធិការជាតិកម្ពុជា ​ដើម្បី​មនុស្សចាស់​គ្រប់ក្រសួង ស្ថាប័ន​ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ​ត្រូវបង្កើនការយកចិត្តទុកដាក់និងគាំទ្រ តាម​គ្រប់មធ្យោបាយ​ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យ​ចាស់​ឱ្យបានកាន់​តែល្អ​ប្រសើរ​ឡើង។ ហើយគ្រប់ក្រសួង ស្ថាប័ន ​ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមបង្កើន​ការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ​នៅពេលចុះបំពេញ​ការងារ​តាមមូលដ្ឋាន សូម​ឆ្លៀត​សួរសុខទុក្ខ ​និង​ជួយ​ឧបត្ថម្ភ​ដល់ជនចាស់​ជរាជាពិសេស​ជនចាស់ជរាពិការដែល​មានការ​លំបាកនៅតាមសហគមន៍ជាដើម។សម្តេចធិបតី ក៏អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ជួយបង្កលក្ខណៈងាយ​ស្រួល​ដល់សមាគម​មនុស្សចាស់​កម្ពុជា​ដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញ​សកម្មភាព​បង្កើតជួយពង្រឹង ​និងពង្រីកសមាគមមនុស្សចាស់នៅ​តាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើន​ស្មារតីសាមគ្គីជួយគ្នាទៅវិញ ​ទៅមករវាងមនុស្សចាស់ទូទៅនៅកម្ពុជា​ ជាពិសេសមនុស្សចាស់​ជរាពិការ មនុស្សចាស់​ជរាមានជំងឺក្រីក្រគ្មានទីពឹង។ ​កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយ​វិទ្យុ និងទូរទស្សន៍ ​ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ ​និងអន្តរជាតិនានា សូម​បន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រ​ផ្នែកជំនួយមនុស្សធម៌ ​ទាំងស្បៀង​ សម្ភារ ថវិកា បច្ចេកទេស​សម្រាប់​ផ្តល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ​ដែលបាន ​និងកំពុងជួបប្រទះការលំបាក ទាំងផ្នែកជីវភាព​ និងសុខភាពទាំងផ្លូវកាយ​ និងផ្លូវចិត្ត។​គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌ ​និង​ទំនៀមទម្លាប់​ល្អរបស់ខ្មែរយើង​ ជាពិសេសត្រូវអប់រំកូនចៅ និង​ក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ​និងចេះគោរពព្រឹទ្ធាចារ្យជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ ​និងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មាន ​សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្នាដៃ និង​សមិទ្ធផល​នានា​ដែលមនុស្សវ័យចាស់​បានបន្សល់ទុកសម្រាប់មនុស្ស​ជំនាន់ក្រោយ ក៏ដូចជា​សម្រាប់សង្គមជាតិ​ទាំងមូល​ និងផ្សព្វផ្សាយ​សកម្មភាពនានា​ដែល​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ និង​លើកស្ទួយ​សុខុមាលភាព​មនុស្ស​វ័យ​ចាស់​នៅក្នុង​សង្គម​កម្ពុជា​ទាំង​មូល​ផងដែរ៕ អត្ថបទ៖ បាន ចក់

នៅព្រឹកនេះកម្ពស់ទឹកស្ទឹងពោធិ៍សាត់ បន្តស្រកចុះមកនៅក្រោមកំរិតប្រកាសអាសន្ន

2023/10/01 03:24:00 pm        724
ពោធិ៍សាត់៖ គិតត្រឹនម៉ោង៧ព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០២៣នេះ ទឹកស្ទឹង ពោធិ៍សាត់ បានបន្តស្រកចុះ ដោយទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ស្ថិតនៅក្រោមកម្ពស់ប្រកាសអាសន្ន ដែលមានកម្ពស់៥ម៉ែត្រ ។ នេះបើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក និង ឧតុនិយម ខេត្តពោធិ៍សាត់ ។នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ផ្ទះប្រជាពលរដ្ឋតាមទីតាំងមួយចំនួនដែល​បានជន់​លិចកាលពីម្សិលមិញបាន ស្រកទៅវិញហើយ តែទីតាំងដែលមានទឹកបែកវាលនៅតែបន្ត​លិចលង់ដដែល នៅវាលស្រែចម្ការជាច្រើនពាន់ហិកតា ដែលលិចលង់ កំពុងប្រឈមនិងការខូចខាត ។ទោះជាយ៉ាងណាអាជ្ញាធរខេត្ត ពោធិ៍សាត់ នៅតែបន្តដឹកនាំកម្លាំង ចុះអន្តរាគមន៍ជួយ​ប្រជាពលរដ្ឋ​ជាប់ជានិច្ច។សូមបញ្ជាក់ដែរថា ក្នុងខេត្តពោធិ៍សាត់ មានក្រុងស្រុកចំនួន៤ ​បានជន់លិចដោយសារជំនន់​ទឹកភ្លៀង រួមមាន៖ ក្រុង ពោធិ៍សាត់ ស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង ធ្វើ​ឲ្យប៉ះពាល់ស្រែ​ចម្ការជាច្រើន​ពាន់ហិកតា ​ប៉ះពាល់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ហើយ​ប្រជាពលរដ្ឋជាច្រើន​ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ​និងខូចខាតផ្លូវថ្នល់ស្ពានជាច្រើន​កន្លែងផងដែរ។ ពៅ ភិរុណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM