ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជានិងធនាគារពិភពលោក ជំរុញកិច្ចសហការគម្រោង“ជំនាញកម្ពុជាដើម្បីការងារប្រសើរ”ឱ្យជោគជ័យ

2023/09/28 05:22:29 pm        102
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម ស្ហឺរមែន(Mariam Sherman) ​នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិត​ប្រជាធិបតេយ្យឡាវ នៅទីស្តីការក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុង​កិច្ចពិភាក្សាប្រកប​ដោយភាព​ស្និទ្ធស្នាល​នោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់​ធនាគារ​ពិភព​លោក​ដែលបានជួយគាំទ្រ​ដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស​ក្នុងការលើកកម្ពស់​សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុត​ជាមួយក្រុមការងារបច្ចេកទេសរបស់​ធនាគារពិភពលោក ​ដើម្បីបញ្ចប់គម្រោង “ជំនាញកម្ពុជាដើម្បី​ការងារប្រសើរ” (Cambodia Skills for Better Jobs) ឱ្យទាន់ពេលវេលាកំណត់ដើម្បី​ជាត្រី​វិស័យយ៉ាង​សំខាន់សម្រាប់​ពង្រឹងគុណភាពជំនាញ ​ដែលឆ្លើយតប ​នឹងតម្រូវការទីផ្សារការងារ និងការផ្តល់​ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារប្រសើរ។គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” គឺជាគម្រោងគន្លឹះដែលនឹងមានជានិយាមជាក់លាក់​សម្រាប់​កម្មវិធី​បណ្តុះបណ្តាលយុវជន ​១.៥លាននាក់មកពីគ្រួសារក្រ១ ក្រ២ និងគ្រួសារងាយ​រងគ្រោះ​ដែលជាកម្មវិធីបណ្តុះបណ្តាល​ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលបំណង​ជួយ​ដល់ប្រជាពលរដ្ឋមកពីក្រុមគ្រួសារក្រីក្រ ​និងងាយរងគ្រោះដើម្បី​អាចទទួលបានជំនាញ​ជាក់​លាក់យ៉ាងឆាប់រហ័ស ហើយងាយទទួលបានឱកាសការងារក្នុងទីផ្សារកម្ពុជាដែលកំពុង​តម្រូវការ​ជំនាញបច្ចេកទេស​ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច។ក្នុងនោះលោកស្រី​ ម៉ារីយ៉ាម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និងឡាវ​ បានអះអាងថា ​ធនាគារពិភពលោក បានត្រៀមខ្លួន​រួចជាស្រេច​ដើម្បីជួយ​រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាព​ជំនាញដល់យុវជនកម្ពុជា ​ដែលឆ្លើយតប​នឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព៕

មេបក្សប្រឆាំងប៉ូឡូញ អំពាវនាវឲ្យមានជំនួយយោធាឥតងាករេដល់អ៊ុយក្រែន

2023/09/28 05:21:29 pm        160
ប៉ូឡូញ៖ សារព័ត៌មាន BILD បានរាយការណ៍កាលពីថ្ងៃទី២៧ ខែកញ្ញាថា មេដឹកនាំបក្សប្រឆាំងប៉ូឡូញ និងជាអតីតនាយករដ្ឋមន្ត្រីលោក ដូណាល់ ថាស (Donald Tusk) បានអំពាវនាវឲ្យមានជំនួយផ្នែកយោធាឥតងាករេដល់អ៊ុយក្រែន មុនពេលការបោះឆ្នោតសភារបស់ប្រទេសប៉ូឡូញ នៅថ្ងៃទី១៥ ខែតុលា។លោកថាស បាននិយាយថា៖«ជ័យជម្នះរបស់អ៊ុយក្រែន គឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់ប៉ូឡូញយ៉ាងប្រាកដ» ។ «នេះនឹងប៉ះពាល់ដល់ទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាជនភៀសខ្លួន។ រដ្ឋប៉ូឡូញ មិនគួរចាកចេញពីទីតាំងរបស់ខ្លួនទេ ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន មិនគួរត្រូវចោទជាបញ្ហាទេ។ការគាំទ្ររបស់ប៉ូឡូញ ត្រូវបានពិភាក្សា នាពេលថ្មីៗនេះ នៅពេលដែលលោកថាសជាគូប្រជែង នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក ម៉ាទៀវស៍ ម៉ូរ៉ាវីអែកគី (Mateusz Morawiecki) បាននិយាយកាលពីថ្ងៃទី២០ ខែកញ្ញាថា ប្រទេសប៉ូឡូញ ចាំបាច់ត្រូវផ្តោតលើការពង្រឹងគ្រឿងយុទ្ធោបករណ៍របស់ខ្លួន ហើយ នឹងមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទៀតទេ។ក្រោយមក ក្រុមមន្ត្រីបានបញ្ជាក់ថា ប្រទេសប៉ូឡូញ នឹងបំពេញតាមកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់អំពីការផ្តល់អាវុធ៕

អ្នកក្រុងឡុងដ៍្រ របស់អង់គ្លេស តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជុំវិញបញ្ហាអណ្តូងប្រេងនៅសមុទ្រខាងជើង

2023/09/28 05:18:01 pm        118
អង់គ្លេស៖ ក្រុមអ្នកតវ៉ាក្នុងទីក្រុងឡុងដ៍្រ បានអំពាវនាវកុំឱ្យមានការជួញដូរប្រេង និងឧស្ម័នថ្មីក្រៅពីនៅនាយកដ្ឋានសន្តិសុខថាមពល ព្រមទាំងទាមទារឲ្យមានអត្រាបំភាយឧស្ម័នសុទ្ធស្មើសូន្យផងដែរ នៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃពុធ (២៧ កញ្ញា) បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់សញ្ញាយល់ព្រមចំពោះគម្រោងប្រេង និងឧស្ម័នថ្មីដ៏ធំបំផុតមួយ ក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្រុមអ្នកតវ៉ាបានកាន់ផ្ទាំងបដា និងស្រែកពាក្យស្លោកនៅខាងក្រៅអគារ ខណៈនៅខាងក្នុង រដ្ឋមន្ត្រីសន្តិសុខថាមពល លោកស្រី Claire Coutinho បាននិយាយថា ទីតាំងបូមប្រេងថ្មីដែលមានឈ្មោះថា រ៉ូសប៊ែង (Rosebank) នឹងផ្តល់ឱ្យចក្រភពអង់គ្លេសនូវសន្តិសុខថាមពល។អណ្ដូងប្រេង រ៉ូសប៊ែង ដែលមានទំហំតូចមួយនៅក្នុងបរិបទពិភពលោក ត្រូវបានគេរំពឹងថា នឹងផលិតប្រេងបានរហូតដល់៣០០លានបារ៉ែល ក្នុងដំណាក់កាលផ្ដល់សេវាកម្មរបស់ខ្លួន។ គណបក្សពលកម្ម ដែលជាបក្សប្រឆាំងដ៏សំខាន់របស់អង់គ្លេស ដែលចង់ផ្តោតលើថាមពលស្អាតបាននិយាយថា ខ្លួននឹងគោរពអាជ្ញាប័ណ្ណណាមួយដែលបានផ្តល់មុនការបោះឆ្នោតបន្ទាប់ រួមទាំងសម្រាប់អណ្ដូងប្រេង រ៉ូសប៊ែង នេះផងដែរ៕

ប្រមុខUN ព្រមានថា អំពើហិង្សា ការចាប់រំលោភ និទណ្ឌភាព កាន់តែអាក្រក់ឡើងៗ នៅក្នុងប្រទេសហៃទី

2023/09/28 05:16:02 pm        123
ហៃទី៖ ប្រមុខអង្គការសហប្រជាជាតិ បានព្រមាននៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសហៃទីដែលញាំញីដោយក្រុមជនអន្ធពាលកំពុងធ្លាក់ចូលក្នុងការបង្ហូរឈាម និងភាពគ្មានច្បាប់ទម្លាប់ ដោយជំរុញឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយផ្នែកសន្តិសុខ និងហិរញ្ញវត្ថុដល់ប្រទេសការ៉ាអ៊ីបដែលកំពុងមានបញ្ហានេះ។ក្រុមជនអន្ធពាលដ៏ឃោរឃៅ កំពុងរឹតបន្តឹងការក្តាប់របស់ពួកគេលើប្រទេសហៃទី ដោយមានក្រុមបាញ់ស៊ីប បាញ់ដោយមិនរើសមុខពីលើដំបូលផ្ទះ ហើយមនុស្ស ត្រូវបានដុតទាំងរស់ ដែលជំរុញឲ្យក្រុមប្រជាការពារ ឆ្លើយតបដោយអំពើហិង្សាកាន់តែច្រើនឡើង។លោកអគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា៖«អំពើហិង្សាទាក់ទងនឹងក្រុមជនអន្ធពាល បានបន្តកើនឡើងក្នុងកម្រិតខ្លាំង និងឃោរឃៅ ដោយក្រុមជនអន្ធពាលបានពង្រីកការគ្រប់គ្រងរបស់ពួកគេ នៅក្នុង និងក្រៅទីក្រុងព័រអូប្រាំង»។លោកបានបន្ថែមថា៖«អំពើហិង្សាផ្លូវភេទ រួមទាំងការរំលោភរួម បន្តត្រូវបានប្រើប្រាស់ដោយក្រុមជនអន្ធពាល ដើម្បីបំភិតបំភ័យប្រជាជន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាលដែលជាគូប្រជែងរបស់ពួកគេ»។របាយការណ៍នេះ កើតឡើង នៅពេលដែលសមាជិកនៃក្រុមប្រឹក្សាសន្តិសុខUN ពិភាក្សាអំពីអាណត្តិនៃបេសកកម្មសន្តិសុខអន្តរជាតិ ដែលត្រូវបានស្នើសុំដោយអាជ្ញាធរហៃទី ដើម្បីគាំទ្រដល់កងកម្លាំងនគរបាល ដែលមានថវិកាមិនគ្រប់គ្រាន់ និងមានបុគ្គលិកតិច ដែលនឹងត្រូវដឹកនាំដោយប្រទេសកេនយ៉ា៕

មនុស្ស៤៣.០០០នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងក្រុមជនអន្ធពាលនៅតែមានសេរីភាពនៅអែលសាលវ៉ាឌ័រ

2023/09/28 05:13:48 pm        155
អែលសាលវ៉ាឌ័រ៖ យោងតាមឯកសារស៊ើបអង្កេតដែលគួឲ្យទុកចិត្ត មកពីនគរបាលស៊ីវិលជាតិប្រទេសអែលសាលវ៉ាឌ័រ បានឲ្យដឹងថា នគរបាលនៅក្នុងប្រទេសអែលសាលវ៉ាឌ័រ ជឿថាមនុស្សជិត៤៣.០០០នាក់ តាមដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយក្រុមជនអន្ធពាល មិនទាន់ត្រូវបានឃុំខ្លួននៅឡើយ។ ឯកសារដែលមាន១៩ទំព័រត្រូវបានរាយការណ៍ដំបូងដោយអង្គភាពឧក្រិដ្ឋកម្ម អ៊ីនសាយ ក្រែម(InSight Crime) និងទទួលបានដោយឯករាជ្យដោយសារព័ត៌មានរ៉យទ័រ ហើយភាពជឿជាក់ត្រូវបានបញ្ជាក់ដោយនគរបាលមានកាលបរិច្ឆេទថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងមានចំណងជើងថា « រដ្ឋនៃជនអន្ធពាល ក្នុងបរិបទនៃរដ្ឋលើកលែង»។ ទោះជាយ៉ាងណា អង្គការសិទ្ធមនុស្សនិយាយថា របាយការណ៍នេះ បានលើកឡើងជាសំនួរជាច្រើន អំពីថាតើរដ្ឋាភិបាលមានផែនការរយៈពេលយូរប៉ុណ្ណាដើម្បីបង្ក្រាបលើជនអន្ធពាល បន្ទាប់ពីរយៈពេល១ឆ្នាំកន្លះនៃវិធានការលើកលែង ដែលត្រូវបានដាក់ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Nayib Bukele ។ រដ្ឋនៃការលើកលែង មានប្រជាប្រីយភាពខ្លាំងក្នុងចំណោមពលរដ្ឋអែលសាលវ៉ាឌ័រ ដែលត្រូវបានរួមរឹតជាច្រើនទសវត្សរ៍មកហើយដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល ហើយអ្នកគាំទ្រការបង្ក្រាប ចង្អុលបង្ហាញចំពោះការធ្លាក់ចុះខ្លាំងក្នុងករណីឃាតកម្ម និងឧក្រិដ្ឋកម្ម ដូចជា ការគំរាមទាប្រាក់ និងការជួញដូរគ្រឿងញៀន។

គុយបា និងរុស្ស៊ី កំពុងធ្វើការរួមគ្នាលើករណីជួញដូរពលរដ្ឋគុយបាឲ្យទៅធ្វើជាទាហានរុស្ស៊ី

2023/09/28 05:11:30 pm        143
រុស្ស៊ី៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសគុយបា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ (២៧ កញ្ញា) ថា ប្រទេសគុយបា និងរុស្ស៊ី កំពុងធ្វើការរួមគ្នាលើករណីដែលពលរដ្ឋគុយបាត្រូវបានជ្រើសរើសឱ្យចូលប្រយុទ្ធក្នុងយោធារុស្ស៊ី។នៅដើមខែនេះ រដ្ឋាភិបាលគុយបាបាននិយាយថា បុរសវ័យក្មេងជនជាតិគុយបាជាច្រើន បានចុះឈ្មោះក្នុងជួរយោធារបស់វិមានក្រឹមឡាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងនាមជាទាហានស៊ីឈ្នួល និងជាជនរងគ្រោះក្នុងគម្រោងការជួញដូរមនុស្ស ដែលត្រូវបានចោទប្រកាន់ ស្របពេលសង្គ្រាមកំពុងបន្តនៅអ៊ុយក្រែន។ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Víctor Koronelli បាននិយាយនៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងលើបញ្ហានេះថា ភាគីរុស្ស៊ី និងគុយបា កំពុងទាក់ទងគ្នាក្នុងរឿងនេះ។ ការអត្ថាធិប្បាយរបស់លោក Koronelli កាលពីថ្ងៃពុធ បានកើតឡើងក្នុងពិធីមួយ ដែលបង្ហាញពីការបរិច្ចាគប្រេងបន្លែចំនួន៦៥០តោន មានតម្លៃ៣លានដុល្លារ ដែលជាអំណោយមួយក្នុងចំណោមអំណោយជាបន្តបន្ទាប់ រាប់ចាប់ពីស្រូវសាលី រហូតដល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលបានផ្តល់ដល់ប្រទេសគុយបានាពេលថ្មីៗនេះ ដោយសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួន៕

កាកបាទក្រហមកម្ពុជា និងក្រសួងបរិស្ថាន រៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅថ្ងៃ៣០កញ្ញា

2023/09/28 05:09:26 pm        77
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយ ឯកឧត្តម ង៉ូវ បូរីណា និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងសហការី នៃក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ពីកាកបាទក្រហមកម្ពុជា សរុបចំនួន ១៤នាក់ ។ស្ថិតនៅក្នុងជំនួបនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ជូន ឯកឧត្តម ង៉ូវ បូរីណា និង លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថានថា កាកបាទក្រហមកម្ពុជា នឹងចូលរួម​ក្នុងយុទ្ធនាការ​កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ​ក្រោមប្រធានបទ "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ​ខាងមុខនេះ នៅទីរួមខេត្តកំពង់ឆ្នាំង ដោយយោង​តាមស្មារតីសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ​និងផែនការយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល។ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការរងទី១ ​និងថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន ក៏បានពិភាក្សា​លើកិច្ច​សហការនាពេលអនាគត ដោយផ្តោតលើការងារអាទិភាពចំនួន៣ គឺ ៖ ១. ការកាត់បន្ថយការ​ប្រើប្រាស់​ប្លាស្ទិក២ការដាំដើមឈើឡើងវិញ ​ដោយបង្កើនវិសាលភាពព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ និង ៣. ការលើកកម្ពស់ ជីវភាពសហគមន៍ ​ដោយស្វែងរករបរចិញ្ចឹមជីវិតផ្សេងៗ ដែលអាចរកប្រាក់ចំណូលជូនប្រជាពលរដ្ឋបាន ​ជៀសវាងការកាប់ព្រៃឈើជាការរកចំណូល។កាកបាទក្រហមកម្ពុជា ​មានគ្រប់ទីកន្លែង ​សម្រាប់គ្រប់ៗគ្នា ​និងជានិច្ចកាល ​កាកបាទក្រហមកម្ពុជា គឺបានដើរតួយ៉ាងសំខាន់ ​ក្នុងនាមជាជំនួយការ ​ឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីជួយ​ដល់ជនងាយរងគ្រោះ​ និងរងគ្រោះនៅតាមបណ្តា ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រ​កម្ពុជា៕ អត្ថបទ សំ ងីម

ទីក្រុងឆ្នេរសមុទ្ររបស់ប្រទេសក្រិក បានរងការវាយប្រហារម្តងទៀតដោយទឹកជំនន់

2023/09/28 05:08:18 pm        120
ក្រិក៖ ភ្លៀងធ្លាក់ដ៏ខ្លាំងក្លា បានបង្កជាទឹកជំនន់នៅផ្នែកខ្លះនៃប្រទេសក្រិក កាលពីថ្ងៃពុធ (២៧ កញ្ញា) ដោយភ្លៀងនៅតែបន្តធ្លាក់ពីព្យុះមុននោះ ដែលបានឆក់យកជីវិតមនុស្ស១៦នាក់។ នៅទីក្រុងឆ្នេរសមុទ្រ វ៉ូឡុស (Volos) ក្នុងតំបន់ថេសាលី (Thessaly) ព្យុះឈ្មោះ អេលីយ៉ាស (Elias) បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលឲ្យទឹកជន់លិចផ្លូវជាច្រើន។នាយកដ្ឋានពន្លត់អគ្គិភ័យ បានឆ្លើយតបទៅនឹងការហៅទូរស័ព្ទរាប់សិបករណី ដើម្បីជួយបាចទឹកចេញពីលំនៅឋាននៅក្នុងប្រទេសក្រិកដីគោក និងនៅលើកោះអេវីយ៉ា (Evia) ក្នុងប្រទេសនេះផងដែរ។ កាលពីដើមខែនេះ តំបន់ថេសាលី រួមទាំងទីក្រុង វ៉ូឡុស ត្រូវបានវាយប្រហារដោយព្យុះ ដានីញ៉ែល (Daniel) ម្ដងរួចមកហើយ ដែលបានសម្លាប់មនុស្ស១៦នាក់ បន្ទាប់ពីទឹកជំនន់បានបោកបក់ហូរកាត់ទីក្រុង និងភូមិជាច្រើនក្នុងតំបន់នោះ។ក្រុមអ្នកឧតុនិយមបាននិយាយថា ព្យុះថ្មីដែលបានវាយប្រហារប្រទេសកាលពីថ្ងៃច័ន្ទនោះ ត្រូវបានគេរំពឹងថា នឹងបន្តស្ថិតនៅក្នុងប្រទេសក្រិក រយៈពេលពីរថ្ងៃបន្ទាប់ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងសំណុំទឹកកក ហើយក្រុមអាជ្ញាធរបានបញ្ជូនការព្រមានជាបន្ទាន់ដល់សាធារណជន ដើម្បីរឹតបន្តឹងការធ្វើដំណើរផ្សេងៗផងដែរ៕

ឯកឧត្តម គីម រិទ្ធី ជួបសម្ដែងការគួរសមជាមួយប្រធានអង្គការអាដ្រាប្រចាំប្រទេសកាណាដា

2023/09/28 04:56:25 pm        72
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិ បាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ បានជួបសម្ដែងការគួរសមជាមួយប្រធានអង្គការអាដ្រាប្រចាំប្រទេស កាណាដា និងប្រធានក្រុមប្រឹក្សាភិបាលអង្គការអាដ្រាកាណាដា និងមានការអញ្ជើញចូលរួមពី សំណាក់អភិបាលរងខេត្ត ​នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងបុគ្គលិកអង្គការអាដ្រា ជាច្រើនរូប។ក្នុងជំនួបសម្តែងការគួរសមនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានបង្ហាញ នូវ​ក្តី​សោមនស្ស​សប្បាយ​រីករាយ​ចំពោះវត្តមានលោក ​លោកស្រី ជាប្រធាន ​និងប្រធានក្រុម ប្រឹក្សាភិបាល​អង្គការ​អាដ្រាប្រចាំ​ប្រទេសកាណាដា ​ដែលបាន​ឆ្លៀតឱកាស​ដ៏មានតម្លៃចូលជួប ​សំដែងគួរសមនាឱកាសនេះ។ ជាមួយគ្នានេះផងដែរឯកឧត្តម ក៏បានថ្លែង​កោតសរសើរ ​និងអរគុណ​ចំពោះអង្គការអាដ្រា ដែល​កន្លងមក​តែងតែជាដៃគូសហការ ​និងសហប្រតិបត្តិការ ​បានយ៉ាងល្អប្រសើរជាមួយអាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ-អង្គភាព​ វិស័យឯកជន​ និងអង្គការដៃ គូរអភិវឌ្ឍន៍​នានានៅក្នុងខេត្តព្រះវិហារ តាមរយៈការអនុវត្តគម្រោង​សកម្មភាព ជាច្រើនមានជា អាទិ៍ ដូចជាការងារមនុស្សធម៌ ការងារ​អភិវឌ្ឍន៍នៅមូលដ្ឋាន ​ការឆ្លើយតបទៅនឹងគ្រោះ ​មហន្តរាយ ផ្នែកសុខភាពផ្លូវភេទ ​សុខភាពបន្តពូជ អាហាររូបត្ថម្ភសេវាសុខភាព និងគម្រោង ​សកម្មភាពផ្សេងៗជាច្រើនទៀត។បន្ថែមពីនេះជំនួបសម្តែងការគួរសមក៏បានលើកឡើងអំពី ​ទស្សនៈវិស័យគោលដៅ និងគោល​បំណង​របស់ លោក លោកស្រី ជាប្រតិភូថ្នាក់ដឹកនាំ ​អ្នកសម្របសម្រួល ​នៃអង្គការអាដ្រា ដើម្បី​ចែក​រំលែក​បទពិសោធន៍គ្នា ​និងជាធាតុចូលបន្ស៊ីគ្នា ​រវាង​គម្រោង​សកម្មភាព​របស់​អង្គការ​អាដ្រា​ជាមួយ​នឹងផែនការអភិវឌ្ឍ​ និងកម្មវិធីវិនិយោគបីឆ្នាំ​ រំកិល​របស់រដ្ឋបាល​ខេត្តព្រះវិហារ ក្នុងការឆ្លើយតប​ទៅនឹងចក្ខុវិស័យ ​តម្រូវការ​អភិវឌ្ឍន៍​និងលើក ​ស្ទួយជីវភាពរស់នៅរបស់ប្រជាជន​ក្នុង​ខេត្តព្រះវិហារ៕ 

ផ្លូវជាតិលេខ៣៣សម្រេចការសាងសង់បានជាង ៣៥%ហើយ

2023/09/28 04:30:19 pm        347
ភ្នំពេញ៖ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង​នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វឌ្ឍនភាព​នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ​បាន​សម្រេច​លទ្ធផល​ការងារសរុបចំនួន ៣៥,៨%ហើយ តួលេខនេះបង្ហាញថា ​គម្រោងអនុវត្តបានលឿនជាងផែនការ។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង​សម្របសម្រួលគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានអញ្ជើញដឹកនាំ​ក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារសាងសង់ និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និង​ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន​ និងថ្នល់ចិន CRBC និងតំណាងក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណង​ពិនិត្យមើល​ស្ថានភាពសាងសង់​ និងត្រួតពិនិត្យលើការងារបច្ចេកទេស ​សាងសង់ផ្លូវតាំងពីទីរួមខេត្តកំពត ដល់​ច្រកលក ព្រំដែនកម្ពុជា-វៀតណាម​ ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាម​លក្ខណៈបទដ្ឋាន​ត្រឹមត្រូវ ​ប្រកប​ដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ខណៈអញ្ជើញត្រួតពិនិត្យនោះ​ឯកឧត្តម ប៉ាល់ ចន្ទតារា បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាម​លក្ខណៈ​បច្ចេកទេស ​ដើម្បីសម្រួលដល់ការធ្វើដំណើរ ​និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ជាពិសេសនារដូវ​កាល​បុណ្យ​ទាន​ខាងមុខនេះ​ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាព​នៅតាមការដ្ឋាន​ ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ​ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់​សំលៀកបំពាក់ ​និង​ឧបករណ៍ការពារសុវត្ថិភាព​ឱ្យបានត្រឹមត្រូវ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM