ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនយោបាយកាណាដាឈ្លោះគ្នា ជុំវិញបញ្ហាប្រធានសភាសរសើរអតីតយុទ្ធជនណាស៊ី របស់អ៊ុយក្រែន

2023/09/25 09:41:00 pm        296
ប្រធានសភាកាណាដា លោក Anthony Rota បានសូមអភ័យទោសចំពោះការលើកសរសើរបុរសជនជាតិអ៊ុយក្រែនម្នាក់ ដែលបានបម្រើការនៅក្នុងអង្គភាពណាស៊ី ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ខណៈបណ្ដាអ្នកនយោបាយកាណាដាមានជម្លោះ ជុំវិញការសរសើររបស់ប្រធានសភាសម្រាប់អតីតយុទ្ធជនរូបនេះ។ លោក Yaroslav Hunka វ័យ៩៨ឆ្នាំ កំពុងអង្គុយនៅក្នុងវិចិត្រសាល ហើយបានក្រោកឈរបញ្ចេញមតិនៅក្នុងសភា បន្ទាប់ពីលោក Rota បាននិយាយថា លោក Hunka គឺជា «វីរបុរស» ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ក្រុមជនជាតិជ្វីហ្វកាណាដា CIJA បាននិយាយថា វាមាន «បញ្ហាយ៉ាងខ្លាំង» ដោយទាហានជើងចាស់នៃកងពលណាស៊ី ដែលបានចូលរួមក្នុងការប្រល័យពូជសាសន៍របស់ជនជាតិជ្វីហ្វ ត្រូវបានលើកសរសើរ ហើយបន្តថា រឿងនេះមិនគួរកើតឡើងម្តងទៀតនោះទេ។ទន្ទឹមនឹងនោះ មេដឹកនាំអភិរក្សនិយមនៃបក្សប្រឆាំងរបស់ប្រទេសកាណាដា លោក Pierre Poilievre បាននិយាយថា លោកនាយករដ្ឋមន្ត្រី Trudeau ក៏ត្រូវទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះផងដែរ ដោយអំពាវនាវឱ្យលោក Trudeau ធ្វើការសូមអភ័យទោស ប៉ុន្តែការិយាល័យរបស់នាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សសេរីនិយមរូបនេះ បាននិយាយថា ការសម្រេចអញ្ជើញលោក Hunka ត្រូវបានធ្វើឡើងដោយការិយាល័យរបស់ប្រធានសភាតែម្នាក់ឯងប៉ុណ្ណោះ គ្មានការពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីនោះទេ ហើយការសូមអភ័យទោស «គឺជារឿងត្រឹមត្រូវ ដែលត្រូវធ្វើ»។គួររម្លឹកផងដែរថា ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់បានប្រយុទ្ធជាមួយភាគីអាល្លឺម៉ង់ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ ប៉ុន្តែមនុស្សរាប់លាននាក់ទៀតបានបម្រើនៅក្នុងកងទ័ពក្រហមសូវៀតផងដែរ៕

រដ្ឋមន្រ្តីក្រសួងធម្មការ ចុះសួរសុខទុក្ខពីព្រះរាជសុខភាពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

2023/09/25 09:03:59 pm        313
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានអញ្ជើញចុះសួរសុខទុក្ខព្រះរាជសុខភាពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះចៅអធិការវត្ត ឧណ្ណាលោម ដែលកំពុងសម្រាកព្យាបាលព្រះរោគនៅមន្ទីពេទ្យកាល់ម៉ែត ​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ឯកឧត្តម ចាយ បូរិន បានក្រាបបង្គុំទូលថ្វាយនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងថ្វាយព្រះពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃ​រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ​ទេព វង្ស ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់ និងក្រាបថ្វាយបង្គុំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ​ និងសាសនា បាន​សម្ដែង​នូវការគោរព​ដឹងគុណកោតសរសើរ​ដោយ​ស្មោះចំពោះព្រះវីរៈភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន​ មិនអាចកាត់ថ្លៃបានរបស់សម្តេច​ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ​ដែលបានយាងចូលរួមចំណែក បំរើវិស័យព្រះពុទ្ធ​សាសនា​ក៏ដូចជាការស្តា កសាង​ និងអភិវឌ្ឍន៍​ប្រទេសជាតិឲ្យរីកចំរើនជារៀងរហូតមក។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតបានបម្រើវិស័យពុទ្ធចក្រស្ទើរពេញ​មួយ​ជីវិតរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម ​តាំងពីវ័យកុមារ ហើយបាន​បួសជាសង្ឃក្នុងមជ្ឈឹមវ័យនៅឆ្នាំ១៩៥២​ រហូតដល់ឆ្នាំ១៩៧៥ ដោយ​បាន​ទទួល​សមណស័ក្ដិ​ជា​ព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបាន​របបខ្មែរ​ក្រហម​ចាប់ ផ្សឹក​ និង​ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ​ជាមួយប្រជាជនទូទាំងប្រទេស។ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសវិញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួល​ សមណស័ក្ដិ និង​ព្រះរម្យងារជាបន្តបន្ទាប់ដូចជា ព្រះឧបជ្ឈាយ៍​ ប្រធានសង្ឃទូទាំងប្រទេស ជាព្រះមហាសុមេធាធិបតី ជាព្រះសង្ឃនាយក នៃរដ្ឋកម្ពុជា-ជាអនុប្រធានរណសិរ្សសាមគ្គី​កសាងការពារមាតុភូមិកម្ពុជា-ជាអនុប្រធានរដ្ឋសភា-ជាសម្តេចសង្ឃរាជ​គណៈមហានិកាយ​នៃកម្ពុជា-ជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា-ជាឯកអគ្គរដ្ឋទូតសន្តិភាព ​សហព័ន្ធអន្តរជាតិជាសហប្រធានក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បីសន្តិភាព ​នៅទីក្រុងញ៉ូវយ៉ក​សហរដ្ឋអាមេរិក-ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត-សម្តេចព្រះមហាសង្ឃរាជ​ នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន បានថ្វាយនូវទេយ្យទាន និងបច្ច័យ​ដែលជា​សទ្ធាជ្រះ​ថ្លារបស់​សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ​និងលោកជំទាវបណ្ឌិត ​ពេជ្រចន្ទ មុន្នី ថ្វាយដល់​សម្តេច​ព្រះអគ្គមហាសង្ឃរាជាធិបតី​ និង​សូម​បួងសួង​ដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុ​សក្ដិសិទ្ធិ​ក្នុងលោក​ សូមប្រោសប្រទានព្រះពរជ័យដល់សម្តេច ​ឆាប់ជាពីព្រះរោគាពាធ មានព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ​កម្លាំង​ពលំមាំមួន​ និងព្រះជន្មាយុយឺនយូរ​ជាងរយព្រះវស្សា ​ដើម្បីគង់ប្រថាប់ជាម្លប់ និង​ផ្ដល់ឱវាទ​ដល់ព្រះសង្ឃ ​នឹងប្រជាបរិស័ទគ្រប់វ័យ​ អោយបានយល់ដឹង​នូវមាគ៌ា នៃព្រះពុទ្ធដីកា​របស់ព្រះ​សម្មាសម្ពុទ្ធ​ ជានិច្ច​និរន្តរ៍តរៀងទៅ៕អត្ថបទ រដ្ឋា

អ្នកនាំពាក្យបំភ្លឺព័ត៌មាន ស្តីពីការគាំទ្រសម្តេចធិបតី លើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក

2023/09/25 08:48:20 pm        272
ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបំភ្លឺពាក់ព័ន្ធ​នឹងការផ្សព្វផ្សាយគាំទ្រ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមផ្ទាំងប៉ាណូ គឺពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបាន​ចំណាយ​​ថវិកា​របស់រាជរដ្ឋាភិបាលនោះដែរ។ ប៉ុន្ដែការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ​ខាងលើគឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត ស្រឡាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ​នៅក្នុងអំឡុងពេល​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូល​រួមក្នុងកិច្ចពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ​លើកទី៧៨ នៅទីក្រុងញូវយ៉ក ​សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២១-២៥ ខែកញ្ញា ឆ្នាំ២០២៣ មានការចោទ​ប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំង​នឹង​រាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard) គាំទ្រសម្ដេចធិបតី ​នៅតំបន់ Time Square ថាជាការរៀបចំ និងការចំណាយថវិកា​ខ្ជះខ្ជាយ​របស់រាជរដ្ឋាភិបាលកម្ពុជា។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ​មានការសោកស្តាយយ៉ាងខ្លាំង​ចំពោះការចោទប្រកាន់​ដោយគ្មាន មូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ​ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោល​បំណងកេងចំណេញ នយោបាយ ​និងបំភាន់សាធារណៈមតិ។ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រសម្ដេចធិបតី តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ ខាងលើ ​ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ​បានធ្វើការបញ្ជាក់ជូនសាធារណជនថា ការរៀបចំការ​ផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយ​រាជរដ្ឋាភិបាលកម្ពុជា ​ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ​ខាងលើគឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត ស្រឡាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ​កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត​អង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក ​សហរដ្ឋអាមេរិក ចាប់ពី ថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្ម​តាមផ្ទាំងប៉ាណូ​ខាងលើ គឺមានការ​សម្របសម្រួល​ពីបងប្អូនខ្មែរ​ នៅសហរដ្ឋអាមេរិក ​និងមានការចូលរួមគាំទ្រ​ផ្សព្វផ្សាយ​ដោយ​ឥតគិតថ្លៃពីក្រុមហ៊ុនផ្សព្វផ្សាយ​ពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយ billboard) នោះផងដែរ៕

សភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលពិនិត្យសិក្សា

2023/09/25 08:38:23 pm        166
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា លើសំណើរបស់រាជរដ្ឋាភិបាល​ ដែលបានស្នើសុំឱ្យរដ្ឋសភា ធ្វើការពិនិត្យ និងអនុម័ត​លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជូនដល់គណៈកម្មការនីតិកម្ម ​និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ​ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់នៃរដ្ឋសភា​ ធ្វើការពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន​គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋ​លេខាធិការដ្ឋាន​អាកាសចរស៊ីវិល (SSCA) ដើម្បីឆ្លើយតបទៅនឹងការវិវត្ត ការរីកចម្រើន និងការប្រែប្រួល​បច្ចេកវិទ្យាអាកាសចរស៊ីវិលដែលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ជាពិសេសដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយ​ចំនួនក្នុងនាមជាសមាជិក អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ ការសម្រេចនេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកញ្ញា ក្នុងសម័យប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រីដែល​ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ខណៈសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវបានរៀបចំឡើង​ចំនួន ១១ មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕

ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការ ណាសា ត្រឡប់មកផែនដីវិញដោយនាំមកនូវគំរូសំបកអាចម៍ផ្កាយ

2023/09/25 08:19:02 pm        172
យានអវកាស ណាសា ផ្ទុកសំណាកដីដ៏ធំបំផុតមិនធ្លាប់មានពីផ្ទៃអាចម៍ផ្កាយមួយ បានហោះកាត់បរិយាកាសផែនដីកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) ហើយបានបើកដំណើរការឆ័ត្រយោងហោះចូលទៅក្នុងវាលខ្សាច់នៃរដ្ឋ Utah របស់សហរដ្ឋអាមេរិក ដោយបញ្ជូនគំរូសេឡេស្ទាលនៃអាចម៍ផ្កាយទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រ។ នាយកផ្នែកវិទ្យាសាស្ត្រ Panetary របស់អង្គការ ណាសា លោក Lori Glaze បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការយកគំរូអាចម៍ផ្កាយវិលត្រឡប់មកផែនដីដំបូងបង្អស់របស់អង្គការ ណាសា គឺជារឿង «មិនគួរឱ្យជឿ»។ដុំអាចម៍ផ្កាយរាងពងក្រពើ ដែលត្រូវយកចេញពីយានអវកាសរូបយន្តឈ្មោះ OSIRIS-REx ខណៈយាននោះបានឆ្លងកាត់ក្នុងចម្ងាយ ១០៧.៨២៦គីឡូម៉ែត្រ ពីផែនដីប៉ុន្មានម៉ោងមុននេះ បានចុះមកក្នុងតំបន់ចុះចតដែលបានកំណត់ នៅភាគខាងលិចទីក្រុង Salt Lake នៅក្នុងមូលដ្ឋានដ៏ធំរបស់យោធាសហរដ្ឋអាមេរិក និង ជួរហ្វឹកហាត់ នៃរដ្ឋ Utah។ការហោះត្រឡប់មកផែនដីវិញ និងជាការចុះចតចុងក្រោយ ដែលបានបង្ហាញក្នុងការផ្សាយបន្តផ្ទាល់របស់ អង្គការណាសា នេះ បានបញ្ចប់បេសកកម្មរួមគ្នារយៈពេលប្រាំមួយឆ្នាំរវាងទីភ្នាក់ងារអវកាសអាមេរិក និងសាកលវិទ្យាល័យអារីហ្សូណា។ នេះជាគំរូអាចម៍ផ្កាយទីបី ហើយរហូតមកដល់ពេលនេះ វាគឺជាគំរូដ៏ធំបំផុតដែលមិនធ្លាប់មាន ក្នុងការត្រឡប់មកផែនដីវិញសម្រាប់ការវិភាគ បន្ទាប់ពីបេសកកម្មស្រដៀងគ្នានេះចំនួនពីរលើក ដោយទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន ដែលបានបញ្ចប់នៅឆ្នាំ២០១០ និងក្នុងឆ្នាំ២០២០ ផងដែរ៕

វចនានុក្រមខ្មែរឆ្នាំ២០២២ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

2023/09/25 07:43:58 pm        212
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរ ​បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថលនៅរាជបណ្ឌិត្យសភាកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់នៃការខិតខំរបស់ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ និងតួអង្គពាក់ព័ន្ធបានរួមគ្នាសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តនូវវចនានុក្រមខ្មែរ។ បានចាត់ទុក វចនានុក្រមនេះសមិទ្ធផលលេចធ្លោ និងជាបង្គោលចរដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត​អក្សរសាស្រ្តខ្មែរ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា វចនានុក្រមឆ្នាំ២០២២នេះ ជា​កម្លាំងពង្រឹង​អត្តសញ្ញាណ​ជាតិកម្ពុជា ​ហើយជាប្រភពដ៏ចាំបាច់សម្រាប់គាំទ្រវិស័យអប់រំ ​ការសិក្សា ការស្រាវជ្រាវ កិច្ចការរដ្ឋបាល ​ទំនាក់ទំនង​គ្រប់ស្ថាប័នជាតិ និងឯកជន។ លើសពីនេះ វចនានុក្រមបាន​ធ្វើទំនើបកម្ម​ដែលអាចស្វែងរក​បានតាមប្រព័ន្ធអនឡាញជាមធ្យោបាយងាយស្រួល​សម្រាប់​សាធារណជនក្នុងការស្វែងរក​ពាក្យពេចន៍​ និង​ផ្ទៀងផ្ទាត់​អក្ខរាវិរុទ្ធ​បានគ្រប់ទីកន្លែង និងឆាប់រហ័ស។នៅក្នុងវចនានុក្រមថ្មីនេះ ​មានការបូក​បញ្ចូល​នូវពាក្យថ្មីៗ​ជាច្រើន ​ស្របតាមការ​ប្រើប្រាស់​របស់​ប្រជាជនកម្ពុជា​បច្ចុប្បន្ន ក្នុងនោះមានពាក្យសរុប ៤៤,៦៩៦ពាក្យ ​និងមេពាក្យចំនួន ៣១,០៧៣ពាក្យ។ មិនត្រឹមតែបោះពុម្ពជាសៀវភៅ​ប៉ុណ្ណោះទេ វចនានុក្រមនេះក៏មានដាក់ឱ្យ​ប្រើប្រាស់​តាមប្រព័ន្ធឌីជីថល​ អាចទាញយកបាននៅលើទូរសព្ទ ​និងកុំព្យូទ័រផងដែរ។ វចនានុ​ក្រមនេះ​បានបូក​បញ្ចូល​ពាក្យបច្ចេកទេស ​និងពាក្យថ្មីៗ​ជាច្រើនស្របតាមតម្រូវការបច្ចុប្បន្ន។វចនានុក្រមខ្មែរឆ្នាំ២០២២នេះ ​ត្រូវបានរៀបរៀង​ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមាន​ការចូលរួម​ពីអ្នកជំនាញ និងភាគីពាក់ព័ន្ធផ្សេងទៀត ​ដើម្បីឱ្យការបង្កើតពាក្យនីមួយៗត្រឹមត្រូវ ស្របតាមស្តង់ដា​ដែលអាចឱ្យប្រជាជនខ្មែរយកទៅប្រើប្រាស់បាន។

មន្ដ្រីជំនាញបានជួសជុល និងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តឡើងវិញ

2023/09/25 07:17:00 pm        543
មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេស​ជួសជុល​ខឿនបាកាណរបស់ប្រាសាទអង្គរវត្ត​ គឺបានជួសជុល​ពង្រឹងការ​ខូចខាតផ្នែកខ្លះនៃខឿនថ្ម​ឱ្យបាន​ដូចដើមឡើងវិញ ដូចជា ​បានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ​ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម​ ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។លោក រ៉ូ សុវណ្ណដារដ្ឋ ​មានប្រសាសន៍ថាមន្ត្រីអភិរក្ស ​និងជាក្រុមការងារបច្ចេកទេសជួសជុលខឿន​បាកាន​របស់ប្រាសាទអង្គរវត្ត ​ច្រើនខែមកហើយ ក្រុមការងារបច្ចេកទេសកំពុងប្រឹងប្រែង​ជួសជុល​ខឿនបាកាណរបស់ប្រាសាទអង្គរវត្ត ​នៅតាមកន្លែងដែលមានថ្មញែកចេញពីគ្នា ដោយក្រុមការងារ​បានប្រើលោហជាតិអ៊ីណុកទាមឱ្យជាប់គ្នាទៅតាមស្រទាប់ៗ​ប្រហែល២០កន្លែង ដើម្បីជួយ​ទប់លំនឹង​កុំឱ្យរហែកតទៅទៀត។មន្ត្រីដដែលពន្យល់ទៀតថា បច្ចេកទេសនៃការទាមដើម្បីទប់លំនឹងថ្មទៀតសោត គឺបែងចែក​ជា៤ថ្នាក់​ទៅតាមស្រទាប់នីមួយៗ។ ចំណែកឯ ​កន្លែងសំខាន់ដែលមានថ្មបាយក្រៀមនៅពីក្រៅ គឺត្រូវបិទភ្ជាប់កុំឱ្យទឹកជ្រាបចូល ដូចជា នៅចំណុចជ្រុងអាគ្នេយ៍ជាដើម។បច្ចុប្បន្ននេះ ខឿន​បាកាណផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ​ដែលមានការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារកត្តា​ចលនាទម្ងន់សង្តត់ពីលើ អាយុកាលរបស់ថ្ម ​ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មចូលខឿន​ពី​អតីតកាល​ និងចូលក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀង​ហូរចូលតាម​ចន្លោះ​ថ្មទៅ​ក្នុងគ្រឹះផង បណ្តាល​ឱ្យរចនាសម្ពន្ធទ្រទ្រងរបស់ជាន់បាកាណ​ថយ​កម្លាំងទប់ខ្លះ ។មន្ត្រីជំនាញអភិរក្សថ្ម ឱ្យដឹងថា ​រហូតមកដល់ពេលនេះ ​ដំណើរការជួសជុល និងពង្រឹងខឿនបាកាណ​នៅសល់តែ២ជ្រុងផ្នែកអាគ្នេយ៍ និងជណ្ដើរប៉ុណ្ណោះ៕

រុស្ស៊ីបង្វែរសាលារៀន ទៅជាទីលានហ្វឹកហាត់ ដែលបង្រៀនសិស្សផ្គុំកាំភ្លើង

2023/09/25 07:03:55 pm        203
សារព័ត៌មាន CNN បានរាយការណ៍ថា រដ្ឋាភិបាលរុស្ស៊ី កំពុងដាក់ឲ្យសិស្សសាលាចូលរួមក្នុង សមយុទ្ធយោធា រួមមានទាំងការផ្គុំកាំភ្លើង អនុវត្តការដើរក្បួន គប់គ្រាប់បែក និងការបាញ់កាំភ្លើងជាមួយគ្រាប់រំសេវពិត។ ចាប់ពីសមុទ្រប៉ាស៊ីហ្វិក រហូតដល់សមុទ្រខ្មៅ សួនកុមារ កំពុងក្លាយជាទីលានហ្វឹកហាត់ និងសេវាក្នុងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានផ្តល់បន្ថែមទៀតនៅតាមសាលារៀន ខណៈកម្មវិធីសិក្សាជាតិកំពុងផ្លាស់ប្តូរបន្តិចម្តងទៅជាការការពារដ៏ច្បាស់លាស់របស់ប្រទេស។ដោយមានការវិវឌ្ឍន៍ក្នុងពេលថ្មីៗនេះនៅក្នុងប្រទេស បានបង្វែរសាលារៀនទៅជាទីតាំងយោធា ហើយកុមាររបស់ប្រទេសរុស្ស៊ី កំពុងត្រូវបានត្រៀមខ្លួនសម្រាប់សង្គ្រាម។ ការប្រើប្រាស់ជាប្រយោជន៍យោធា នៃសាលារៀនរបស់រដ្ឋរបស់រុស្ស៊ី បានកើនឡើងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលត្រូវបានជំរុញមិនត្រឹមតែការកើនឡើងដោយឯកឯងនៃអារម្មណ៍ស្នេហាជាតិនោះទេ ប៉ុន្តែថែមទាំងរដ្ឋាភិបាល នៅក្នុងទីក្រុងមូស្គូ។រដ្ឋមន្ត្រីក្រសួងអប់រំរុស្ស៊ីលោក Sergei Kravtsov បាននិយាយកាលពីពេលថ្មីៗថា អ្វីដែលគេហៅថាក្លឹបស្នេហាជាតិជាយោធា មានក្លឹបប្រមាណ១០.០០០ក្លឹបនៅតាមសាលារៀន និងវិទ្យាល័យរបស់រុស្ស៊ី ហើយមនុស្ស ២៥០នាក់ ចូលរួមក្នុងការងាររបស់ពួកគេ។ របាយការណ៍ បានបង្ហាញថាក្លឹបទាំងនេះ គឺជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីរៀបចំកុមារសម្រាប់ថ្នាក់ជាការតព្វកិច្ចលើតម្លៃស្នេហាជាតិជាយោធា ក្នុងចំណោមបញ្ហាផ្សេងទៀត។

កូរ៉េខាងជើងនិយាយថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី គឺធម្មជាតិសម្រាប់ប្រទេសជិតខាង

2023/09/25 06:57:18 pm        155
នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol សម្រាប់ការនិយាយតិះទៀនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងមូស្គូ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់មេដឹកនាំលោក Kim Jong Un។ លោក Yoon បាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍កន្លងទៅនេះថា ប្រសិនបើរុស្ស៊ី ជួយប្រទេសកូរ៉េខាងជើង ធ្វើឲ្យប្រសើរឡើងកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរទៅនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន វានឹងជាការបង្ករឿងដោយផ្ទាល់។ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថាប្រទេសកូរ៉េខាងជើងបានរិះគន់លោក Yoon សម្រាប់ការនិយាយបង្ខូចទម្លាក់កំហុសចំពោះកិច្ចសហប្រតិបត្តិការជាមិត្តភាពជាមួយប្រទេសរុស្ស៊ី និងបាននិយាថា លោក Yoon កំពុងបម្រើជាឧបករណ៍បំពងសំឡេងសម្រាប់សហរដ្ឋអាមេរិក។ សារព័ត៌មាននិយាយថា វាពិតជាធម្មជាតិនិងសម័ញ្ញសម្រាប់ប្រទេសជិតខាងដើម្បីរក្សាទំនាក់ទំនងជិតស្និតជាមួយគ្នា និងពុំមានហេតុផលដើម្បីចាត់ទុកការអនុវត្តន៍នេះជាសាច់រឿងនោះទេ។លោក Kim បានវិលត្រឡប់មកដល់ប្រទេសវិញកាលពីសប្តាហ៍មុន ពីដំណើរទស្សនកិច្ចរយៈពេលវែងទៅកាន់ប្រទេសរុស្ស៊ី ដែលលោក និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងយោធា។ មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភ ថា រុស្ស៊ីអាចនឹងព្យាយាមទទួលបានគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើងចំពោះការផ្គត់ផ្គង់ស្តុកដែលថយចុះរបស់ខ្លួនសម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈទីក្រុងព្យុងយ៉ាង ស្វែងរកជំនួយបច្ចេកវិទ្យាសម្រាប់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន។ សកម្មភាពណាមួយដែលជួយដល់កម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង ត្រូវបានហាមឃាត់ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រធានាធិបតី៖ ប្រទេសប៉ូឡូញរៀបចំច្រករបៀងឆ្លងកាត់សម្រាប់គ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/09/25 06:49:46 pm        170
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក TVP1 កាលពីថ្ងៃទី២៤ ខែកញ្ញាថា ប្រទេសប៉ូឡូញ បានរៀបចំច្រករបៀងឆ្លងកាត់សម្រាប់គ្រាប់ធញ្ញជាតិអ៊ុយក្រែន ដើម្បីឆ្លងកាត់ និងត្រូវបាននាំចេញទៅកន្លែងដែលត្រូវការវា។លោក Duda បាននិយាយថា៖«ច្រករបៀងឆ្លងកាត់ ត្រូវបានរៀបចំនៅក្នុងប្រទេសប៉ូឡូញ ដោយសារគ្រាប់ធញ្ញជាតិអ៊ុយក្រែន អាចឆ្លងកាត់ប្រទេសប៉ូឡូញ និងត្រូវបាននាំចេញ នៅកន្លែងដែលត្រូវការ។ យើងកំពុងព្យាយាមជួយអ៊ុយក្រែន និងបណ្តាប្រទេស ដែលត្រូវការជំនួយនេះ» ។ជម្លោះរបស់អ៊ុយក្រែនជាមួយប៉ូឡូញ ជាអ្នកគាំទ្រមួយនៃអ្នកគាំទ្រដ៏ខ្នះខ្នែងបំផុតរបស់ខ្លួន ក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ត្រូវបានបង្កឡើងដោយការសម្រេចចិត្តរបស់ទីក្រុងវ៉ាសូវីក្នុងការពន្យារពេលការហាមឃាត់ការនាំចូលផលិតផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនហួសកាលបរិច្ឆេទផុតកំណត់កំណត់ដោយសហភាពអឺរ៉ុបនៅថ្ងៃទី១៥ ខែកញ្ញា។សហភាពអឺរ៉ុប បានបង្កើតវិធានការនេះ កាលពីខែឧសភា តាមសំណើរបស់ប្រទេសប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី រូម៉ានី និងប៊ុលហ្គារី ដែលភ័យខ្លាចថា លំហូរចូលនៃផលិតផលអ៊ុយក្រែន ដែលមានតំលៃថោក នឹងដាក់សម្ពាធទៅលើកសិកររបស់ពួកគេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM