ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីកេនយ៉ាបញ្ជាក់ថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រទេសហៃទី ដោយអំពាវនាវឲ្យUNអនុម័តសេចក្តីសម្រេច

2023/09/22 05:06:26 pm        380
កេនយ៉ា៖ ប្រធានាធិបតីកេនយ៉ា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាហ្វ្រិកខាងកើតរបស់លោកត្រៀមខ្លួនជាស្រេច ដើម្បីដឹកនាំបេសកកម្មគាំទ្រសន្តិសុខពហុជាតិ ចូលទៅក្នុងប្រទេសហៃទី ហើយបានអំពាវនាវអង្គការសហប្រជាជាតិផ្តល់ជាបន្ទាន់នូវក្របខ័ណ្ឌសមស្រប ដើម្បីធ្វើឲ្យបេសកកម្មនេះ កើតឡើង។លោកប្រធានាធិបតី វីលៀម រ៉ូតូ (William Ruto) បានថ្លែងក្នុងអំឡុងការជជែកដេញដោលទូទៅនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា៖«កេនយ៉ា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញផ្នែករបស់ខ្លួនយ៉ាងពេញលេញ និងចូលរួមជាមួយសម្ព័ន្ធនៃប្រទេសដទៃទៀតដែលមានសុឆន្ទៈ ហើយមានមនុស្សជាច្រើនជាមិត្តល្អ និងជាបងប្អូនពិតប្រាកដរបស់ហៃទី។ «យើងជំរុញឲ្យUNផ្តល់ជាបន្ទាន់នូវក្របខណ្ឌសមស្របមួយ ដើម្បីជួយសម្រួលដល់ការដាក់ពង្រាយការគាំទ្រផ្នែកសន្តិសុខពហុជាតិ ដែលជាផ្នែកនៃការឆ្លើយតបរួមចំពោះបញ្ហាប្រឈមរបស់ប្រទេសហៃទី។លោក បានបន្ថែមថា៖«យើងអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខចូលរួមចំណែកជាវិជ្ជមាន ដោយអនុម័តសេចក្តីសម្រេចមួយនៅក្នុងជំពូកទី៧ ដែលកែសម្រួលបេសកកម្មគាំទ្រសន្តិសុខទៅនឹងតម្រូវការជាក់លាក់របស់ប្រទេសហៃទី និងប្រជាជនរបស់ខ្លួន»។រហូតមកដល់ពេលនេះ លោករ៉ូតូ បាននិយាយថា រដ្ឋបាលរបស់លោកកំពុង«ពិចារណាជាវិជ្ជមាន»អំពីការជួយប្រទេសហៃទី ដែលបានមើលឃើញការកើនឡើងនៃអំពើហិង្សា និងការចាប់ពង្រត់ដោយក្រុមប្រដាប់អាវុធ ចាប់តាំងពីការធ្វើឃាតលោក ប្រធានាធិបតី ហ្សូវេណែល ម៉ូអ៊ីស ( Jovenel Moïse) ក្នុងខែកក្កដា ឆ្នាំ២០២១៕

ប្រជាជនប្រេស៊ីលសម្រុកទៅលេងឆ្នេរសមុទ្រដើម្បីគេចពីសីតុណ្ហភាពដ៏ខ្ពស់ក្នុងរដូវរងា

2023/09/22 05:02:59 pm        356
ប្រេស៊ីល៖ ប្រជាជនប្រេស៊ីល បានសម្រុកទៅកាន់ឆ្នេរ Copacabana ក្នុងទីក្រុង រីអូ (Rio) កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ដោយសារផ្នែកដ៏ធំមួយនៃប្រទេសត្រូវបានគេរំពឹងថា នឹងទទួលរងនូវកម្ដៅយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ ដោយក្រុមអ្នកឧតុនិយមបានព្រមានអំពីសីតុណ្ហភាពលើសពី៤០អង្សាសេ។ អ្នកព្យាករណ៍អាកាសធាតុឯករាជ្យពីទីភ្នាក់ងារ Climatempo បាននិយាយថា លក្ខខណ្ឌបរិយាកាសមិនអំណោយផល នឹងរារាំងការមកដល់នៃអាកាសធាតុត្រជាក់នៅផ្នែកភាគច្រើននៃប្រទេសនេះ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដោយជំរុញឱ្យមេឃមានពន្លឺថ្ងៃដ៏យូរជាមួយនឹងកម្ដៅលើសពីកម្រិតធម្មតា សម្រាប់សប្តាហ៍ចុងក្រោយនៃរដូវរងានៅប្រទេសអឌ្ឍគោលខាងត្បូងមួយនេះ។អ្នកព្យាករណ៍ក៏បានព្រមានអំពីបញ្ហាសុខភាព ដែលអាចកើតមានបណ្តាលមកពីកម្ដៅដ៏ខ្លាំងក្លា និងលើសកម្រិតនេះ ដែលនឹងប៉ះពាល់ដល់ផ្នែកធំៗនៃតំបន់ភាគអាគ្នេយ៍ និងភាគកណ្តាលខាងលិចនៃប្រទេសនេះផងដែរ៕

មេដឹកនាំរបបសឹកហ្គីណេ រិះគន់លទ្ធិប្រជាធិបតេយ្យលោកខាងលិច ស្របពេលមានរលកនៃរដ្ឋប្រហារ

2023/09/22 04:59:12 pm        369
ហ្គីណេ៖ មេដឹកនាំយោធារបស់ប្រទេសហ្គីណេ លោក Mamady Doumbouya បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ថា គំរូលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច មិនដំណើរការសម្រាប់ទ្វីបអាហ្រ្វិកទេ ដូចដែលបានបង្ហាញដោយរលកនៃរដ្ឋប្រហារនាពេលថ្មីៗនេះ។លោកបានប្រាប់បណ្ដាមេដឹកនាំពិភពលោក ដែលប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថា «អាហ្វ្រិកកំពុងទទួលរងនូវគំរូអភិបាលកិច្ច ដែលត្រូវបានដាក់លើទ្វីបមួយនេះ។ វាជាគំរូល្អ និងមានប្រសិទ្ធភាពសម្រាប់តែប្រទេសលោកខាងលិចប៉ុណ្ណោះ ប៉ុន្តែវាមានការពិបាកក្នុងការសម្របខ្លួនទៅនឹងការពិត ទំនៀមទម្លាប់ និងបរិស្ថានរបស់អាហ្វ្រិកជាខ្លាំង»។លោក Doumbouya បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារក្នុងឆ្នាំ២០២១ ដែលជារដ្ឋប្រហារមួយក្នុងចំណោមរដ្ឋប្រហារទាំងប្រាំបីនៅអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ប្រទេសម៉ាលី នីហ្សេ ប៊ូគីណា-ហ្វាសូ ឆាដ និងហ្គាបុង ក៏គ្រប់គ្រងដោយក្រុមមន្ត្រីយោធាផងដែរ។ រដ្ឋប្រហារទាំងនោះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយអង្គការសហប្រជាជាតិ និងមហាអំណាចលោកខាងលិច ដូចជាសហរដ្ឋអាមេរិក និងបារាំង ជាដើម ដែលបានជំរុញឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Doumbouya បានរិះគន់ការឆ្លើយតបរបស់ពួកគេដោយនិយាយថា វាជាការរើសអើងជាតិសាសន៍ និងដាក់សម្ពាធយ៉ាងខ្លាំងលើការគ្រប់គ្រងប្រទេស៕

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ត្រូវបានទម្លាក់ចោលនៅមជ្ឈមណ្ឌលឆ្លងកាត់រដ្ឋកាលីហ្វ័រនីញ៉ា បន្ទាប់ពីឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក

2023/09/22 04:21:17 pm        380
អាមេរិក៖ យោងតាមអង្គការផ្ដល់ជំនួយ ជនអន្តោប្រវេសន៍ជាង៣.០០០នាក់ ត្រូវបានទម្លាក់ចោលកាលពីសប្ដាហ៍មុន នៅមជ្ឈមណ្ឌលឆ្លងកាត់ នៅទីក្រុង San Diego រដ្ឋ California បន្ទាប់ពីពួកគេបានឆ្លងព្រំដែនអាមេរិក-ម៉ិកស៊ិក ។ក្រុមទីភ្នាក់ងារល្បាតព្រំដែនអាមេរិក កំពុងធ្វើការលើកិច្ចការជនអន្តោប្រវេសន៍មកពីជុំវិញពិភពលោក ដែលកំពុងរង់ចាំនៅចន្លោះរបងដែកព្រំដែនរវាងប្រទេសទាំង២នៅព្រំដែនភាគខាងត្បូង ជាការកើនឡើងយ៉ាងច្រើនៃចំនួនជនអន្តោប្រវេសន៍ដ៏ធំ ដែលបានប្រមូលផ្ដុំគ្នានៅទីនោះកាលពីខែឧសភា។ លោក ស៊ឺជីអូ ម៉ូជីកា (Sergio Mogica) បានធ្វើដំណើរមកពីប្រទេសប្រេស៊ីល និងបានផ្លោះរបងព្រំដែន កាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញា ជាមួយមនុស្សប្រហែល៣០០នាក់ផ្សេងទៀត ។ លោក ត្រូវបានផ្ដល់កាលបរិច្ឆេទនៅតុលាការសម្រាប់ការដាក់លិខិតស្នើសុំសិទ្ធិជ្រកកោន នៅខែតុលាឆ្នាំ២០២៥ ។ជាមួយគ្នានេះដែរ លោក គ្រោងធ្វើដំណើរទៅកាន់រដ្ឋ Oklahoma ជាទីដែលគ្រួសាររបស់លោករស់នៅទីនោះ។ លោកថា នេះជារឿងល្អណាស់ ។លោកមិនធ្លាប់បានមកដល់ទីនេះទេ។ លោកមានក្ដីស្រម៉ៃចង់មកកាន់ទីនេះ។ លោកមិនដែលគិតទេថាលោកបានមកដល់ទីនេះ ប៉ុន្តែលោកបានសម្រេចចិត្តមកកាន់ទីនេះ ព្រោះលោកមានបញ្ហាសេដ្ឋកិច្ចតិចតួចនៅក្នុងប្រទេសរបស់លោក ហេតុនេះ ទើបលោកព្យាយាម ថាតើលោកអាចមកកាន់ទីនេះនិងធ្វើអ្វីមួយនៅទីនេះ បានដែរឬអត់៕

ក្រុមហ៊ូធីយ៉េម៉ែនបង្ហាញសាច់ដុំយោធាក្នុងព្យុហយាត្រា ខណៈដែលទីក្រុងរីយ៉ាដស្វះស្វែងរកបទឈប់បាញ់

2023/09/22 04:18:44 pm        274
យ៉េម៉ែន៖ ចលនាហ៊ូធី ( Houthi) នៅប្រទេសយ៉េម៉ែន បានបង្ហាញមីស៊ី និងយានដ្រូនប្រដាប់អាវុធ នៅក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំមួយក្នុងទីក្រុងសាណា(Sanaa) កាលពីថ្ងៃព្រហស្បតិ៍ ដែលជាសារមួយទៅកាន់សត្រូវរបស់ពួកគេ នៅក្នុងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលពួកគេបន្តការចរចាបទឈប់បាញ់ជាមួយទីក្រុងរីយ៉ាដ (Riyadh) ។ប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ហ៊ូធីរបស់ប្រទេសយ៉េម៉ែន លោក ម៉ាឌី អាល់ ម៉ាសហាត (Mahdi al-Mashat) និងមន្ត្រីផ្សេងទៀត បានឃ្លាំមើល នៅពេលដែលរថយន្តដឹកទំនិញធុនធ្ងន់រាប់សិបគ្រឿង បានដឹកមីស៊ីលតម្រង់គោលដៅ និងយានដ្រូនប្រដាប់អាវុធរយៈចម្ងាយឆ្ងាយ។ទាហានរាប់ពាន់នាក់ បានដើរក្បួន ក្រោមពន្លឺថ្ងៃកកតៅខ្លាំង ខណៈដែលក្រុមមន្ត្រីពាក់ទង់ជាតិយ៉េម៉ែនជាខ្សែក្រវាត់ គ្រវីដៃដាក់ក្រុមអ្នករាំប្រពៃណីចេញពីវេទិកានោះ។ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានវាយប្រហារសម្រុកចូលទៅក្នុងរដ្ឋធានី និងភាគច្រើននៃប្រទេសយ៉េម៉ែនភាគខាងជើង នៅក្នុងឆ្នាំ ២០១៤ នៅពេលដែលពួកគេ បានបណ្តេញរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិពីអំណាច។អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បានធ្វើអន្តរាគមន៍ក្នុងសង្រ្គាមក្នុងឆ្នាំ ២០១៥ ដើម្បីព្យាយាមស្ដាររដ្ឋាភិបាលឡើងវិញ ប៉ុន្តែជម្លោះនេះ បានអូសបន្លាយយ៉ាងយូរ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើ ឲ្យមនុស្សរាប់លាននាក់ ពឹងផ្អែកលើជំនួយមនុស្សធម៌៕

រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ បិទវគ្គលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

2023/09/22 03:50:28 pm        242
កំពង់ស្ពឺ​​​​​​​​​​​​​៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមបិទវគ្គលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នៅឯសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ស្ថិតនៅខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ការរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិរួមគ្នាជាមួយសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្តភាពនេះ ដើម្បីផ្សព្វផ្សាយសន្តិភាពតំបន់ និងការអភិវឌ្ឍមានចីរភាព ដែលបានបង្ហាញថា ទោះបីពណ៌សំបុរ ជាតិសាសន៍ខុសគ្នា ប៉ុន្តែក្នុងគោលបំណងតែមួយ គឺបោសសម្អាតមីនមនុស្សធម៌ ដើម្បីសន្តិភាព។លំហាត់ហ្វឹកហ្វឺនពហុជាតិនេះ ត្រូវធ្វើឡើងរយៈពេល២៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបើកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន (Yang BinBin) នាយរងសេនាធិការសម្ព័ន្ធអង្គទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន ជាសហប្រធាន ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម យោធាចារ្យជាតិ-អន្តរជាតិជាច្រើន។គោលបំណងនៃការលំហាត់ពហុជាតិនេះ គឺធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងប្រទេសដៃគូដទៃទៀត ដោយក្នុងនោះមានកងកម្លាំងពហុសាសន៍សរុប៤៥០នាក់ មកពី ១៤ប្រទេសរួមមាន៖ កម្ពុជា ចិន អូស្ត្រាលី ប្រ៊ុយណេដារូសាឡឹម ឥណ្ឌា ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាមជាដើម ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន ឆ្នាំ២០២៥ ជាពិសេសគឺគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម»។លំហាត់ហ្វឹកហ្វឺនពហុជាតិលើទីលាននេះ ផ្តោតទៅលើវិញ្ញាសារបោសសម្អាតមីន មនុស្សធម៌ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រោះបឋមជាដើម។ទន្ទឹមនឹងនោះ មានបើកវេទិកាសម្រាប់ពិភាក្សា និងដកពិសោធន៍ ក្នុងកម្រិតអង្គការជំនាញអន្តរជាតិ និងមានវិជ្ជាជីវៈ មកពីបណ្តាប្រទេសចូលរួម ក្រោមប្រធានបទ«ការអភិវឌ្ឍនៃឧបករណ៍បោសសម្អាតមីន និងបច្ចេកទេសវិទ្យា នវានុវត្តន៍ និងការប្តូរបទពិសោធន៍»។លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក» បានដំណើរការទៅដោយរលូន ប្រសិទ្ធភាព និងជោគជ័យ ដោយបានបង្ហាញអំពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីទទួលជោគជ័យ នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន លើកទី៣ ឆ្នាំ២០២២ និងភាពជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងទៅ៕(អត្ថបទ៖បាន ចក់)

អាមេនី និងអាស៊ែរបៃហ្សង់ចោទដាក់គ្នាពីបញ្ហានៅតំបន់ការ៉ាបាក់ ខណៈក្រុមប្រឹក្សាសន្តិសុខUNទាមទារសន្តិភាព

2023/09/22 03:39:50 pm        291
អាមេនី៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានសហរដ្ឋអាមេរិក ទួរគី រុស្ស៊ី និងអាល្លឺម៉ង់ បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) សម្រាប់សន្តិភាពនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលជាតំបន់បំបែកខ្លួនរបស់អាមេនីនៅក្នុងប្រទេសអាស៊ែរបៃហ្សង់ ជាទីដែលរដ្ឋធានីបាគូ បានបើកការវាយលុកក្នុងសប្តាហ៍នេះ។រដ្ឋមន្ត្រីការបរទេសអាមេនី លោក អារ៉ារ៉ាត់ មឺហ្ស៊ូយ៉ាន (Ararat Mirzoyan) បាននិយាយថា រដ្ឋធានីបាគូ ទំនងជានឹងបន្តប្រើកម្លាំងប្រឆាំងនឹងជនស៊ីវិលនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ម្តងទៀត លុះត្រាតែមានការរារាំងដោយមហាអំណាចពិភពលោក។ សមភាគីអាស៊ែបៃហ្សង់របស់លោក មឺហ្ស៊ូយ៉ាន គឺលោករដ្ឋមន្ត្រីការបរទេស Jeyhun Bayramov ដែលចោទប្រកាន់រដ្ឋធានីយេរ៉េវ៉ាន់ ពីការផ្សព្វផ្សាយព័ត៌មានមិនពិត បាននិយាយថា រដ្ឋធានីបាគូបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងនឹងកងកម្លាំងរបស់រដ្ឋធានីយេរ៉េវ៉ាន់ តែប៉ុណ្ណោះ។គួរបញ្ជាក់ផងដែរថា តំបន់ ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសអាស៊ែរបៃហ្សង់ ប៉ុន្តែបានទទួលឯករាជ្យភាពជាក់ស្តែង ចាប់តាំងពីផ្តាច់ខ្លួននៅក្នុងសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៩០មក នៅពេលដែលសហភាពសូវៀតបនាដួលរលំ។ អាស៊ែរបៃហ្សង់បានបើកការវាយលុកយោធាដើម្បីដណ្តើមបានការគ្រប់គ្រងឡើងវិញលើទីក្រុង ការ៉ាបាក់ នេះកាលពីថ្ងៃទី១៩ ខែកញ្ញា រយៈពេលមួយថ្ងៃបន្ទាប់ពីជំនួយមនុស្សធម៌ត្រូវបានបញ្ជូនទៅតំបន់នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ៕

ឥណ្ឌាបញ្ឈប់ការផ្ដល់ទិដ្ឋាការថ្មីសម្រាប់ជនជាតិកាណាដា ដោយស្នើទីក្រុងអូតាវ៉ា កាត់បន្ថយបេសកកម្មការទូតខណៈភាពតានតឹងកាន់តែខ្លាំង

2023/09/22 03:36:29 pm        317
ឥណ្ឌា៖ ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ បានផ្អាកការផ្ដល់ទិដ្ឋាការឆ្លងដែនថ្មីសម្រាប់ពលរដ្ឋកាណាដា និងបានស្នើឲ្យទីក្រុងអូតាវ៉ា (Ottawa) កាត់បន្ថយវត្តមានអ្នកការទូតរបស់ខ្លួននៅក្នុងប្រទេសនេះ ជាការកើនឡើងកម្ដៅខ្លាំងថ្មី កើតចេញពីការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) ពាក់ព័ន្ធទៅនឹងទីក្រុង New Delhi ចំពោះឃាតកម្មរបស់មេដឹកនាំក្រុមផ្ដាច់ខ្លួនកាន់សាសនាស៊ីគ។ ក្រសួងការបរទេសឥណ្ឌា បាននិយាយថា កាណាដា ពុំបានចែករំម្លែកព័ត៌មានជាក់លាក់ណាមួយជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពី សំណាក់លោកទ្រូដូ នោះទេ ហើយថា ទីក្រុង New Delhi មានឆន្ទៈទទួល ប្រសិនបើត្រូវបានផ្ដល់ឲ្យនោះ ។ការផ្អាកដ៏ធំនៃទិដ្ឋាការឆ្លងដែនថ្មីធ្វើឡើងដោយប្រទេសឥណ្ឌា សម្រាប់ប្រទេសលោកខាងលិចមួយនេះ ពុំធ្លាប់បានកើតឡើងទេ និងធ្វើឲ្យទំនាក់ទំនងឥណ្ឌា -កាណាដា ធ្លាក់ដល់ចំណុចទាបបំផុត។សេចក្ដីប្រកាសនេះ បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរជាន់ខ្ពស់របស់កាណាដានិយាយថា ខ្លួននឹងកាត់បន្ថយវត្តមានបុគ្គលិកផ្នែកការទូតរបស់ខ្លួនជាបណ្ដោះអាសន្ននៅក្នុងប្រទេសឥណ្ឌា ក្រោយក្រុមអ្នកការទូតមួយចំនួន បានទទួលសារគំរាមនៅលើបណ្ដាញសង្គម។  អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អារីនដាំបាកជី(Arindam Bagchi) បាននិយាយថា ឥណ្ឌាបានផ្អាកចេញទិដ្ឋាការឆ្លងដែនថ្មី ចំពោះពលរដ្ឋកាណាដា ដោយសារការគំរាមផ្នែកសន្តិសុខចំពោះបុគ្គលិករបស់ខ្លួនក្នុងស្ថានកុងស៊ុលរបស់ខ្លួននៅកាណាដា។ គួររម្លឹកថា ភាពតានតឹងមិនធ្លាប់មានបានរីកកាន់តែធំកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីលោកទ្រូដូ និយាយថា ទីក្រុងអូតាវ៉ា កំពុងស៊ើបអង្កេតការចោទប្រកាន់ដែលអាចទុកចិត្តបានអំពីការពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌាក្នុងករណីឃាតកម្មកាលពីខែមិថុនាលើសកម្មជនកាន់សាសនាស៊ីគ លោក   ហាឌីបស៊ីញនីចា (Hardeep Singh Nijjar)នៅខេត្តប្រ៊ីធីសកូឡុំប៊ីរបស់កាណាដា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ដែលរង់ចាំ និងទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត

2023/09/22 03:27:18 pm        232
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza”។ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់សហរដ្ឋអាមេរិកហើយ

2023/09/22 02:27:30 pm        379
ភ្នំពេញ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM