ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សង្គ្រាមអ៊ុយក្រែន នាំមកនូវកំណើនសកលនៃការប្រើប្រាស់គ្រាប់បែកចង្កោម

2023/09/06 07:41:35 pm        144
អ៊ុយក្រែន៖ ក្រុមយុទ្ធនាការគ្រាប់បែកមួយក្រុម បាននិយាយ កាលពីថ្ងៃអង្គារ (៥កញ្ញា) ថា ចំនួនមនុស្សស្លាប់ ឬរងរបួសដោយគ្រាប់បែកចង្កោម បានកើនឡើង៨ដងកាលពីឆ្នាំមុនដល់ជាង១.០០០នាក់ ដែលភាគច្រើនដោយសារតែការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមអ៊ុយក្រែន ជាពិសេសដោយប្រទេសរុស្ស៊ី។របាយការណ៍របស់ក្រុមយុទ្ធនាការសម្ព័ន្ធគ្រាប់បែកចង្កោម បានបង្ហាញថា ក្នុងចំណោមជនរងគ្រោះ១.១៧២នាក់កាលពីឆ្នាំមុន មានមនុស្ស៣៥៣នាក់បានស្លាប់។ របាយការណ៍នោះបាននិយាយថា ជនរងគ្រោះស្ទើរតែទាំងអស់គឺជាជនស៊ីវិល ហើយចំនួនបីភាគបួននៃជនរងគ្រោះទាំងនោះ គឺជាកុមារ ដែលជារឿយៗត្រូវបានអូសទាញឱ្យលេងជាមួយគ្រាប់បែកមិនទាន់ផ្ទុះ។ប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើគ្រាប់បែកចង្កោម «ម្តងហើយម្តងទៀត» ខណៈអ៊ុយក្រែនក៏បានប្រើប្រាស់គ្រាប់បែកទាំងនោះដែរ ប៉ុន្តែក្នុងកម្រិតតិចជាង។ របាយការណ៍នេះគ្របដណ្តប់កាលពីឆ្នាំមុន និងមិនរាប់បញ្ចូលការប្រើប្រាស់គ្រាប់បែកចង្កោមសហរដ្ឋអាមេរិកនៅឆ្នាំនេះដោយអ៊ុយក្រែន ដែលទីក្រុងគីវ បានចាប់ផ្តើមទទួលបានកាលពីខែកក្កដា នោះទេ។ទាំងទីក្រុងមូស្គូ និងទីក្រុងគីវ បដិសេធមិនកំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្រ្គាម ដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងជាច្រើនរបស់អ៊ុយក្រែនឲ្យខ្ទេចខ្ទី។ គួររម្លឹកផងដែរថា ប្រទេសទាំងពីរនេះមិនមែនជាភាគីនៃអនុសញ្ញាឆ្នាំ២០០៨ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមនោះ ហើយសហរដ្ឋអាមេរិកក៏មិននៅក្នុងចំណោមនោះដែរ៕

UN ព្រមានថា ការបូមខ្សាច់គឺជាការសម្លាប់ជីវិតសត្វសមុទ្រ

2023/09/06 07:38:17 pm        102
UN៖ ខ្សាច់សមុទ្រប្រហែល៦ពាន់លានតោន កំពុងត្រូវបានបូមយកជារៀងរាល់ឆ្នាំ នៅក្នុងរៀបអនុវត្តកំពុងកើនឡើង ដែលទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (៥ កញ្ញា) ថាគ្មាននិរន្តរភាព និងអាចបំផ្លាញជីវិតសត្វសមុទ្រក្នុងតំបន់ ដោយមិនអាចត្រឡប់វិញបាន។ខ្សាច់គឺជាធនធានធម្មជាតិ ដែលត្រូវបានមនុស្សទាញយកប្រយោជន៍ច្រើនបំផុតនៅលើពិភពលោកបន្ទាប់ពីទឹក ប៉ុន្តែការបូមយកខ្សាច់សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ដូចជាសំណង់ជាដើម ត្រូវបានគ្រប់គ្រងដោយធូររលុង ដែលជំរុញឱ្យអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចមួយកាលពីឆ្នាំមុន ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយនិរន្តរភាព។ការរកឃើញពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ស្របពេលជាមួយនឹងការចាប់ផ្តើមនៃវេទិកាថ្មីមួយឈ្មោះថា «កម្មវិធីឃ្លាំមើលខ្សាច់សមុទ្រ» គាំទ្រដោយការផ្តល់មូលនិធិពីរដ្ឋាភិបាលស្វីស ដែលតាមដានសកម្មភាពបូមខ្សាច់ដោយប្រើការតាមដានសមុទ្រ និងប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតផងដែរ។ទីភ្នាក់ងារ UNEP បានបន្ថែមថា នៅក្នុងតំបន់មួយចំនួនការបូបយកខ្សាច់ចេញ គឺលើសពីអត្រានៃការបំពេញឡើងវិញ ខណៈខ្សាច់សមុទ្រនៅទូទាំងពិភពលោកចំនួន៦ពាន់លានតោន ដែលត្រូវបានបូបយកនោះ គឺតិចជាងខ្សាច់ដែលបានហូរបំពេញជារៀងរាល់ឆ្នាំដោយទន្លេរបស់ពិភពលោក៕

មានការជួញដូរមនុស្សពីប្រទេសគុយបាទៅរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

2023/09/06 07:35:16 pm        126
រុស្ស៊ី៖ រដ្ឋាភិបាលគុយបានិយាយថា ខ្លួនបានរកឃើញបណ្ដាញជួញដូរមនុស្ស ដែលបង្ខិតបង្ខំពលរដ្ឋគុយបា ឲ្យប្រយុទ្ធដើម្បីរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ គេមិនច្បាស់ភ្លាមៗទេថា តើបណ្ដាញនោះមានទំហំប៉ុនណា ឬការជួញដូរត្រូវបានរៀបចំដោយមធ្យោបាយណានោះទេ ព្រោះមានព័ត៌មានលម្អិតបន្តិចបន្តួចប៉ុណ្ណោះដែលបានផ្តល់ឱ្យ។ទីក្រុងឡាហាវ៉ាន មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ប៉ុន្តែរដ្ឋធានីគុយបាមួយនេះ បានបដិសេធយ៉ាងម៉ឺងម៉ាត់ និងជាយូរមកហើយ នូវការចូលរួមណាមួយនៅក្នុងសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងកម្មវិធីផ្សាយមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋគុយបា អ្នកអានព័ត៌មានបាននិយាយថា ក្រុមអាជ្ញាធរនៅទីនោះកំពុងព្យាយាមកាត់ផ្តាច់បណ្តាញជួញដូរ និងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌរួចហើយក្នុងការដោះស្រាយបញ្ហានេះ។នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រសួងការបរទេសគុយបាបាននិយាយថា បណ្តាញនេះដំណើរការពីប្រទេសរុស្ស៊ី ដោយព្យាយាមប្រើប្រាស់ពលរដ្ឋគុយបាដែលកំពុងរស់នៅទីនោះ ប៉ុន្តែក្រុមនេះក៏បានប្រើប្រាស់ពលរដ្ឋមួយចំនួននៅក្នុងប្រទេសគុយបាផងដែរ។ ក្រសួងបន្តថា ខ្លួននឹងធ្វើសកម្មភាពប្រឆាំងនឹងអ្នកណាក៏ដោយដែលចង់បង្វែរជនជាតិគុយបាទៅជាអ្វីដែលហៅថា «ទាហានស៊ីឈ្នួលនោះ»។ជារឿយៗ ប្រទេសរុស្ស៊ី ជាគោលដៅសម្រាប់ជនអន្តោប្រវេសន៍គុយបា ដែលព្យាយាមគេចពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកំណើតរបស់ពួកគេ។ កាលពីខែឧសភាកន្លងទៅ សារព័ត៌មានរុស្ស៊ីមួយបានរាយការណ៍ថា មានជនជាតិគុយបាជាច្រើនបានចុះឈ្មោះចូលក្នុងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ជាថ្នូរនឹងការទទួលបានសញ្ជាតិ ប៉ុន្តែគេមិនដឹងថា តើព្រឹត្តិការណ៍ទាំងពីរនេះមានទំនាក់ទំនងគ្នា ឬយ៉ាងណានោះទេ៕

មនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់នៅប្រទេសទួរគី បន្ទាប់ពីមានទឹកជំនន់

2023/09/06 07:32:29 pm        140
ទួរគី៖ ក្រុមសង្គ្រោះបន្ទាន់បានធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងទឹកជំនន់នៅក្នុងខេត្ត Kırklareli ភាគពាយ័ព្យនៃប្រទេសទួរគីកាលពីថ្ងៃអង្គារ (៥ កញ្ញា) ។ នៅក្នុងការបង្ហោះមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ក្រសួងមហាផ្ទៃបាននិយាយថា សាកសពមនុស្ស២នាក់ត្រូវបានរកឃើញខណៈបុគ្គលិកសង្រ្គោះបានស្វែងរកពលរដ្ឋ៤នាក់ដែលបាត់ខ្លួន។ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអភិបាលខេត្ត Kirklareli បង្ហាញពីយានអេស្ការវាទ័រ និងរថយន្តយោធា ទៅដល់តំបន់ព្រៃឈើដែលគ្របដណ្តប់ដោយទឹកជំនន់ ខណៈដែលឧទ្ធម្ភាគចក្របានឃ្លាំមើលតំបន់នោះ។ ប្រធានគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ក្រសួងមហាផ្ទៃ (AFAD) បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅទីតាំងរងគ្រោះ បន្ទាប់ពីមានរបាយការណ៍អំពីមនុស្សចំនួន១២នាក់ ដែលបានជាប់ខ្លួននៅក្នុងតំបន់នោះ៕

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាត​ឲ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម

2023/09/06 07:29:39 pm        107
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាត​ឲ្យឯកឧត្តម Zaheeruddin Babar Thaheem(សាហ៊ារ៉ូឌីន បាបា ថាហៀម) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងសវនាការ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ឯកឧត្តម ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែង​នៅការអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលត្រូវបានព្រះមហាក្សត្រ ប្រោស​ព្រះរាជទានជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងដោយទទួលបានការ​ទុកចិត្តពីសំណាក់​រដ្ឋាភិបាលកម្ពុជានៅភារកិច្ចថ្មី សម្រាប់អាណត្តិទី៧នេះ។ក្នុងឱកាសនេះឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ប៉ាគីស្ថាន ជាប្រទេសកាន់​សាសនាឥស្លាម តែក្នុងនោះក៏មាននៅសាសនាព្រះពុទ្ធផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនាកម្ពុជា និងព្រះពុទ្ធសាសនាប៉ាគីស្ថាន ដោយ​ឯកឧត្តមមានគោលបំណងចង់ចូលក្រាបថ្វាយបង្គំសម្តេចសង្ឃ ក៏ដូចជាចង់ទស្សនកិច្ច​នៅសាកល​វិទ្យាល័យព្រះពុទ្ធសាសនាកម្ពុជា ដើម្បីជាការរឹតចំណង​មិត្តភាពដែលមាន​ស្រាប់ឲ្យកាន់​តែ​រឹងមាំថែមទៀត តាមរយៈក្រសួងធម្មការ និងសាសនា លើវិស័យព្រះពុទ្ធសាសនាកម្ពុជា ។ ជាកិច្ចស្វាគមន៏ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ ​និងសាសនា បានសាទរ​ចំពោះបំណង​កិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនាកម្ពុជា​ និងព្រះពុទ្ធសាសនាប៉ាគីស្ថាន ដែល​ឯកឧត្តម ​ឯកអគ្គរដ្ឋទូត បានលើកឡើងនាឱកាសនេះ។ឯកឧត្តមបណ្ឌិត ចាយ បូរិន បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាពេលនេះ គឺជាការផ្សព្វផ្សាយ​ដ៏ល្អនៅវិស័យព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជា ​ដែលជាសាសនារបស់រដ្ឋ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី រីករាយស្វាគមន៍​ចំពោះព្រះសង្ឃខ្មែរដែលទៅ​ទស្សនកិច្ចនៅ​ប្រទេស​ប៉ាគីស្ថាន ​ដោយនេះជាការបង្ហាញនៅសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជន​នៃប្រទេសទាំង២៕អត្ថបទ រដ្ឋា

ប្រទេសជាច្រើននៅអឺរ៉ុប រងការវាយប្រហារពីរលកកម្ដៅមិនស្រុតចុះជាប្រវត្តិសាស្ត្រ

2023/09/06 07:29:16 pm        107
អឺរ៉ុប៖ ប្រទេសជាច្រើននៅអឺរ៉ុបខាងលិច ទទួលរងការវាយប្រហារពីរលកកម្តៅជាប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ ដែលកើតចេញពីដូមកម្ដៅមានវិសាលភាពធំធេង។កាលពីថ្ងៃច័ន្ទ (៤កញ្ញា) សីតុណ្ហភាពក្ដៅខ្លាំងសម្រាប់ខែកញ្ញា ត្រូវបានរាយការណ៍រួចហើយពីប្រទេសបារាំង បេណេលុច និងចក្រភពអង់គ្លេស ប៉ុន្តែកម្ដៅនឹងកើនឡើងកាន់តែខ្លាំងនៅថ្ងៃបន្តបន្ទាប់ទៀត។នោះគឺជារលកកម្ដៅប្រវត្តិសាស្ត្រ និងខ្ពស់បំផុតកម្រិតបំបែកកំណត់ត្រារបស់ខែកញ្ញា សម្រាប់ប្រទេសមួយចំនួន។ សីតុណ្ហភាពខ្ពស់ខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងរីករាលដាលបន្តិចម្តងៗទៅកាន់អឺរ៉ុបខាងលិច កណ្តាល និងខាងជើង នៅពេលដែលកម្ដៅកើនឡើងពាសពេញទ្វីបមួយភាគធំនៅចុងសប្តាហ៍នេះ។ គំរូអាកាសធាតុក្ដៅ អូមេហ្គា នឹងគ្របដណ្តប់អឺរ៉ុបសម្រាប់រយៈពេលប្រាំពីរថ្ងៃបន្ទាប់ទៀត។បន្ទាប់ពីសីតុណ្ហភាពក្ដៅខ្លាំងកាលពីថ្ងៃចន្ទនៅក្នុងប្រទេសបារាំង និងប្រទេសស្វីស សីតុណ្ហភាពមិនធម្មតាខ្លាំងជាងនេះទៀត ត្រូវបានគេព្យាករណ៍ពីថ្ងៃអង្គារ រហូតដល់ថ្ងៃសៅរ៍ រួមទាំងសម្រាប់អឺរ៉ុបខាងជើងផងដែរ៕

មនុស្ស៣នាក់ ត្រូវបានសង្រ្គោះនៅជិតតំបន់ឆ្នេរសមុទ្រអូស្ត្រាលី ក្រោយទូករបស់ពួកគេរងការវាយប្រហារដោយត្រីឆ្លាម

2023/09/06 07:25:59 pm        123
រុស្ស៊ី៖ បុរស៣នាក់ រួមមានជនជាតិរុស្ស៊ី ២នាក់ និងជនជាតិបារាំងម្នាក់ ត្រូវបានសង្រ្គោះដោយសុវត្ថិភាពកាលពីថ្ងៃអង្គារ ក្រោយទូករបស់ពួកគេរងការវាយប្រហារដោយត្រីឆ្មាមជាច្រើនក្បាល និងចាប់ផ្តើមលិចនៅក្នុងសមុទ្រផ្កាថ្ម ។  រូបភាពវីដេអូឃ្លីបពីក្រុមអាជ្ញាធរសុវត្ថិភាពសមុទ្រអូស្រ្តាលី(AMSA)ឃើញទូកកម្សាន្តរបស់ពួកគេ ចាប់ផ្តើមលិចចូលទឹក ពេលដែលបុរសទាំង ៣នាក់ ត្រូវបានជួយសង្រ្គោះ ។  យោងតាមការអះអាងរបស់ AMSA បានឲ្យដឹងថា ពួកគេទទួលបានការហៅទូរស័ព្ទគ្រោះអាសន្នពីអ្នកជិះទូក ៣នាក់ ស្ថិតនៅចម្ងាយប្រហែល ៨៣៥គ.មភាគអាគ្នេយ៍ទីក្រុង Cairns ស្ថិតក្នុងសមុទ្រផ្កាថ្ម ហើយនិងស្នើសុំជំនួយពីនាវាដឹករថយន្តដោតទង់ជាតិប៉ាណាម៉ា Dugong Ace ដែលបានប្តូរទិសដៅនាវាចរណ៍របស់ខ្លួន ឆ្ពោះទៅកាន់ទុកជួបគ្រោះថ្នាក់ ។  AMSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូកពោង Tionមានបណ្តោយប្រវែង ៩ម៉ែត្រនេះ បានចាកចេញពីប្រទេសវ៉ានូអាទូ ហើយធ្វើដំណើរទៅកាន់ទីក្រុង Cairns ពេលដែលគ្រោងទូកទាំង ២របស់វា រងការខូចខាត បន្ទាប់ពីរងការវាយប្រហារជាច្រើនលើករបស់ត្រីឆ្មាម ។   បុរសទាំង ៣នាក់នេះ គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុង Brisbaneនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ៕

នាយករដ្ឋមន្រ្តីចិនជំរុញឲ្យកិច្ចសហប្រតិបត្តិការជាមួយអាស៊ានរឹងមាំដូចធ្លាប់មានកាលពីមុនមក

2023/09/06 07:22:08 pm        103
ឥណ្ឌូនេស៊ី៖  នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង ) បាននិយាយប្រាប់ក្រុមមេដឹកនាំអាស៊ានថា កិច្ចសហប្រតិបត្តិការរបស់ពួកគេ នឹងរឹងមាំដូចធ្លាប់មានកាលពីមុនមក ហើយអាចសម្រេចបានគ្រប់កិច្ចការទាំងអស់ ។  លោក Li ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ប្លុកក្នុងតំបន់មួយនេះ បានធ្វើសេចក្តីអធិប្បាយបែបនេះ ក្រោយប្រទេសចិន បញ្ចេញផែនទីគូសវាស ១០ខ្សែបន្ទាត់ កាលពីសប្តាហ៍មុន កំណត់អ្វីដែលពួកគេចំណុច ចាត់ទុកថាជាដែនទឹករបស់ខ្លួន ទំនងជាចង់ពង្រីកការប្រកាសសិទ្ធិគ្រប់គ្រងរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ។  ក្រសួងការបរទេសចិន បានរាយការណ៍ដោយលើកសម្តីរបស់លោកនាយករដ្ឋមន្រ្តី Li ថា ចិនចង់ធ្វើការជាមួយឥណ្ឌូនេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងៗគ្នា រួមទាំងវិស័យថាមពលបៃតង សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្រ្ត និងបញ្ញាសិប្បនិម្មិត ។  លោក Li បាននិយាយប្រាប់ក្រុមមេដឹកនាំធុរកិច្ចអំឡុងពិធីលៀងសាយភោជន៍កាលពីល្ងាចថ្ងៃអង្គារថា ពួកគេគួរតែមានជំនឿចិត្តក្នុងកិច្ចសហប្រតិបត្តិការ ក្រោយទិន្នន័យសេដ្ឋកិច្ចទន់ខ្សោយបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេសចិនដែលបានបង្កភាពស្រពិចស្រពិលនៅក្នុងទីផ្សារផ្សេងទៀតចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។  ដោយឡែក លោក ចូកូ វីដូដូ គឺជាប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកនេះ និយាយថា ពួកយើងត្រូវការរាប់បញ្ចូលទំនាក់ទំនងមួយនេះ តាមរយៈការយល់ឃើញថាកិច្ចសហប្រតិបត្តិការរឹងមាំ គឺមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២ ជាទីដែលអាចសម្រេចបានជាមួយនឹងទំនុកចិត្តលើគ្នាទៅវិញទៅមក ដែលត្រូវតែបង្កើតឡើង និងរក្សាទុកដោយភាគីទាំងអស់ ។   លោកបន្តថា ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ អាចជាកម្លាំងវិជ្ជមានសម្រាប់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ៕

មន្ត្រីUN៖វិបត្តិមនុស្សធម៌ដ៏គួរឲ្យព្រួយបារម្ភ និងអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ កំពុងយាយីប្រទេសកុងហ្គោភាគខាងកើត

2023/09/06 07:19:12 pm        102
UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសកុងហ្គោភាគខាងកើតដែលញាំញីដោយជម្លោះ កាន់តែយ៉ាប់យ៉ឺនគួរឲ្យព្រួយបារម្ភក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ដោយ មនុស្សចំនួន៨លាននាក់ ដែលត្រូវការជំនួយជាបន្ទាន់ ហើយស្ត្រី និងកុមារីរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទក្នុងទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួនបីប៉ុណ្ណោះ។លោកស្រី Edem Wosornu នាយកប្រតិបត្តិការនៃការិយាល័យមនុស្សធម៌របស់UN ដែលទើបតែវិឡត្រឡប់ពីទស្សនកិច្ចប្រទេសកុងហ្គោជាមួយនឹងនាយកគ្រាអាសន្នមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ បាននិយាយថា អ្វីដែលពួកគេបានឃើញ និងឮ គឺ«គួរឲ្យតក់ស្លុត គួរឲ្យឈឺចាប់ និងសោកស្ដាយជាទីបំផុត»។លោកស្រី បាននិយាយថា ស្ថានភាពនៅក្នុងខេត្ត North Kivu, South Kivu និង ខេត្ត Ituri គឺជាស្ថានភាពដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់បានឃើញ ហើយនោះគឺនៅក្នុងប្រទេសដែលមានមនុស្សជាង២៦ លាននាក់ កំពុងស្រេកឃ្លាន និងត្រូវការស្បៀងអាហារជាបន្ទាន់។លោកស្រី Wosornu បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា អំពើហិង្សាផ្អែកលើភេទ កំពុងត្រូវបានប្រព្រឹត្តឡើងក្នុងកម្រិតដ៏ធំ និងគួរឲ្យព្រួយបារម្ភ ដោយមានអ្នករស់រានមានជីវិតច្រើនជាង ៣៥.000 នាក់ដែលកំពុងស្វែងរកសិទ្ធិទទួលបានការព្យាបាល និងសេវាកម្មផ្សេងៗ បន្ទាប់ពីការវាយប្រហារក្នុងរយៈពេលត្រឹមតែ៦ខែដំបូងនៃឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបី។ លោកស្រី បាននិយាយថា ដោយសារតែអ្នកនៅរស់រានមានជីវិតមួយភាគតូច រាយការណ៍ពីអំពើហិង្សាផ្អែកលើភេទ ចំនួននេះ ទំនងជាច្រើនជាងនេះ៕

ក្រសួងអប់រំបន្តជំរុញតាមសាលារៀនពង្រឹងសុវត្ថិភាពចំណីអាហារ លើការលក់ចំណីអាហារ ភេសជ្ជៈហាមឃាត់

2023/09/06 07:14:18 pm        262
ភ្នំពេញ៖ បច្ចុប្បន្នតាមបណ្ដាសាលារៀន កំពុងយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ដែលមានការដាក់លក់សម្រាប់សិស្សនៅក្នុងបរិវេណសាលា។ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ សាលារៀនមួយចំនួនក៏អនុវត្តកិច្ចការមួយនេះបានល្អប្រសើរ ខណៈសាលាខ្លះនៅមានចន្លោះខ្វះខាតនៅឡើយ។ នេះជាការលើកឡើងរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ឈានមកដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តផ្សព្វផ្សាយពីការលក់ដូរចំណី​អាហារនៅតាមសាលារៀនប្រកបដោយសុវត្ថិភាពសម្រាប់សិស្ស។ក្រសួងអប់រំបានកំណត់ការហាមប្រាមលក់ដូរចំណីអាហារ ​និងភេសជ្ជៈចំនួន៦ប្រភេទ ដែលអាច​ប៉ះពាល់​ដល់សុខភាពសិស្ស និងមានការលើកទឹកចិត្តឱ្យអាជីវករលក់នំ​ចំណីរបស់ខ្មែរវិញ។ សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ សាលារៀនមួយចំនួនបានអនុវត្តលើសុវត្ថិភាពចំណី​អាហារ​បានល្អប្រសើរ តាមការណែនាំ ប៉ុន្តែក៏មាន សាលារៀនខ្លះ នៅមានចន្លោះប្រហោងបន្តមានលក់​ចំណីអាហារហាមឃាត់ ​ពិសេសភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំងក្នុងបរិវេណសាលានៅឡើយ។ នេះជាការបញ្ជាក់របស់ លោក ហែម ស៊ីណារ៉េត ​ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ លោកថា សាលាត្រូវធ្វើកិច្ចសន្យាជាមួយអាជីវករជាលើការងារនេះ។ជាការអនុវត្តលើការងារសុវត្ថិភាពចំណីអាហារសម្រាប់សិស្ស សម្រាប់សាលាបឋមសិក្សា​ព្រះនរោត្តម ក៏បានអនុវត្តពង្រឹងលើការងារនេះដែរ។ លោក ជ្រិន សាលី ​ជានាយករងក្ដាប់រួម បឋមសិក្សាព្រះនរោត្តម ​ក៏បានណែនាំទៅកាន់អ្នកលក់ដូរ ​ឱ្យអនុវត្តតាម និងណែនាំឱ្យពួកគេចាប់​ផ្ដើម​លក់នំចំណីរបស់ខ្មែរ។ចំពោះសាលាស៊ីសុវត្ថិជំនាន់ថ្មី ជាសាលាកម្រិតវិទ្យាល័យវិញ ​ក៏មានការអនុវត្តការងារនេះ បានប្រសើរ​ដែរដោយមានកិច្ចសហការល្អពីក្រុមអាជីវករ។ លោក វិបុល ជាអាជីវករមួយរូប លើកឡើងថា អ្នកលក់ដូរទាំងអស់ ​ទទួលបានការណែនាំ​ ឱ្យប្រកាន់ខ្ជាប់នូវអនាម័យ និងមិនត្រូវលក់អ្វីដែលក្រសួងអប់រំ​ ហាមឃាត់នោះទេ។ការពង្រឹងលើសុវត្ថិភាពចំណីអាហារ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងដែរថា “ សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន គឺជាកាតព្វកិច្ចរបស់​យើងទាំងអស់គ្នា”។ គួរបញ្ជាក់ដែរថា ចំណីអាហារដែលក្រសួងអប់រំ បានហាមឃាត់មិនឱ្យលក់ដូរក្នុងបរិវេណ​សាលារួមមាន ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​ គ្រឿងស្រវឹង និង​ផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ​ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ ​និងស្ករកៅស៊ូគ្រប់ប្រភេទ និងចាហួយគ្រប់ប្រភេទ ​នំដូណាត់ និងនំផ្អែម៕ អត្ថបទ៖ គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM