សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្រ្ដីថ្មី ចាប់ផ្ដើមជួបកម្មករកម្មការិនីដំបូងជិត២ម៉ឺននាក់ នៅខណ្ឌពោធិសែនជ័យ នៅព្រឹកស្អែក

2023/08/28 11:04:32 am        464
ភ្នំពេញ៖ ក្រោយបង្កើតរាជរដ្ឋាភិបាលរួចរាល់ជាផ្លូវការនិងបញ្ចប់កិច្ចប្រជុំកណៈរដ្ឋមន្រ្ដីដំបូង កាល​ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣នេះ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ដ និងកម្មវិធី​នយោបាយគន្លឹះក្នុងការដឹកនាំប្រទេសជាតិ នៅព្រឹកថ្ងៃទី ​២៩ខែសីហា ឆ្នាំ២០២៣ស្អែកនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រ​កម្ពុជា​នឹងចាប់ផ្ដើមចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ មកពីបណ្ដារោង​ចក្រ​នានា ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ឯកឧត្ដម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្ដី ​បានថ្លែងប្រាប់ទូរទស្សន៍ BTV ថា សម្រាប់កម្មវិធីសំណេះសំណាល​ជាមួយកម្មករកម្មការិនីនេះ ​ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ​នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក​ នឹងអញ្ជើញ​សំណេះសំណាល​ជាមួយកម្មករកម្មការិនី ​១៨០០០នាក់ ស្ថិតនៅ​ក្នុងខណ្ឌពោធិសែនជ័យ ​ក្បែរវត្តព្រៃស្ពឺ ​រាជធានីភ្នំពេញ។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្ដីនៃកម្ពុជាអាណត្តិចាស់ ធ្លាប់បានចេញ​សារសំឡេង​កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បញ្ជាក់ថា​ នាយករដ្ឋមន្រ្ដីថ្មី អាណត្តិទី៧ នឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមការសន្យារបស់របស់សម្ដេច កាល​ពី​មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៧។ខណៈការចុះជួបជាមួយបងប្អូន​កម្មករនិយោជិតនេះ​ គឺដើម្បីស្វែងយល់ពីកិច្ចការដែលរាជរដ្ឋាភិបាល​បានដាក់ចេញ​ ដើម្បីគាំពារកម្មករនិយោជិតថា​ តើសម្រេចបានដល់កម្រិតណាខ្លះហើយ។សូមជម្រាបថា​ គោលនយោបាយគាំពារកម្មករ កម្មការិនី​ រួមទាំងកម្រិតប្រាក់បៀវត្សរ៍ គឺជាការគិតគូរ​យ៉ាងដិតដល់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយ​ក៏មិនមែនជារឿងចៃដន្យនោះដែរ។កាលពីឆ្នាំ២០២១-២០២៣ ក្នុងពេលដែលពិភពលោក ​ក៏ដូចជាប្រទេសកម្ពុជាជួបនូវវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរនោះ​ រាជរដ្ឋាភិបាលកម្ពុជា មិនបានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកងកម្លាំង​ប្រដាប់​អាវុធឡើយដោយសាររដ្ឋត្រូវយកចំណែកទាំងនោះទៅទប់ទល់នឹងហានិភ័យសង្គមបណ្តាលមកពីកូវីដ-១៩​ តែរដ្ឋាភិបាលបានប្រឹងប្រែងមិនឱ្យឡើងថ្លៃនូវមុខទំនិញនានា និងសេវាចាំបាច់របស់​ប្រជាពលរដ្ឋ​ដូចជា បញ្ហាទឹក​ និងភ្លើងជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមសិទ្ធិមនុស្ស៖ក្រុមអន្ធពាលនៅប្រទេសហៃទី បានបាញ់ប្រហារលើការតវ៉ាដែលដឹកនាំដោយព្រះវិហារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់

2023/08/28 11:00:40 am        173
ហៃទី៖ យ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់ បន្ទាប់ពីជនអន្ធពាលមួយក្រុម បានបាញ់ប្រហារទៅលើការតវ៉ាដែលដឹកនាំដោយព្រះវិហារនៅជាយក្រុងមួយនៃប្រទេសហៃទី កាលពីថ្ងៃសៅរ៍ នេះបើយោងតាមក្រុមសិទ្ធិមនុស្សក្នុងតំបន់។ លោកស្រី Marie Yolène Gilles នាយកអង្គការសិទ្ធិមនុស្ស Fondasyon Je Klere (ហ្វុងដាសយ៉ុង ជេ ឃ្លា) បានថ្លែងប្រាប់សារព័ត៌មានCNNថា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នាដោយមេដឹកនាំព្រះវិហារគ្រិស្តសាសនា ដើរដង្ហែក្នុងទីក្រុងកាណាអាន (Canaan) ជាយក្រុងភាគខាងជើងនៃរដ្ឋធានីព័រអូប្រាំង (Port-au-Prince) ហើយបានប្រមូលផ្តុំគ្នាប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជនអន្ធពាល នៅពេលដែលក្រុមជនអន្ធពាលក្នុងតំបន់ បានបើកការបាញ់ប្រហារដោយកាំភ្លើងយន្ត។  នាយកមជ្ឈមណ្ឌលសម្រាប់ការវិភាគ និងស្រាវជ្រាវផ្នែកសិទ្ធិមនុស្ស លោកហ្គេដេអុង ហ្សង់ ( Gédéon Jean) បានថ្លែងថា ចំនួនអ្នកស្លាប់ទំនងជាខ្ពស់ជាងនេះ ដោយសារមានអ្នកកាន់សាសនាគ្រិស្តជាច្រើននៅកន្លែងហែក្បួននោះ។លោកហ្សង់ បាននិយាយថា៖«មានទទួលខុសត្រូវទ្វេដងដែលត្រូវបង្កើតឡើង  គឺការទទួលខុសត្រូវរបស់បព្វជិត ដែលបានយកមនុស្សស្លូតត្រង់ទាំងនេះទៅកន្លែងពិឃាត ហើយជាពិសេស គឺអាជ្ញាធរតុលាការ និងនគរបាលដែលមិនបានទប់ស្កាត់បញ្ហានេះ»។

យុទ្ធនាការរបស់លោក Trump អង្គាសបានប្រាក់ជាង៧លានដុល្លារ ក្រោយការថតរូបនៅពន្ធនាគារជាប្រវត្តិសាស្ត្រនៅរដ្ឋចចា

2023/08/28 10:47:41 am        89
  អាមេរិក៖ ក្រុមរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump និយាយថា ខ្លួនបានរៃអង្គាសបានប្រាក់ចំនួន៧,១លានដុល្លារអាមេរិក ចាប់តាំងពីការថតរូបដែលត្រូវបានថតនៅក្នុងពន្ធនាគាររបស់លោកនៅទីក្រុង Atlanta រដ្ឋចចា( Georgia)កាលពីថ្ងៃព្រហស្បតិ៍ទី២៤សីហាមក ។ ភាគច្រើននៃប្រាក់ទាំងនេះ រកបានពីការលក់ទំនិញដូចជា ពែងកាហ្វេ អាវយឺត ស្រោមដាក់ភេសជ្ជៈ ដែលមានរូបថតទឹកមុខក្រញូវរបស់អតីតប្រធានាធិបតីរូបនេះ ។  លោក Trump ត្រូវបានដោះលែងដោយបង់ប្រាក់ធានាខ្លួន ក្រោមបទចោទប្រកាន់ពីបទរៀបចំផែនការបង្វែរលទ្ធផលក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។ លោកប្រឈមការចោទប្រកាន់ចំនួន៣ករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ឆ្នាំ២០២៤។ការចោទប្រកាន់ទាំងនោះ រួមបញ្ចូលទាំង ២ករណីដែលជាប់ពាក់ព័ន្ធការអះអាងខុសការពិតរបស់លោកថា ការបោះឆ្នោតនោះត្រូវបានគេលួច និងការវាយប្រហារដោយក្រុមអ្នកគាំទ្ររបស់លោកលើវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោន ។ ការចូលរួមនេះទំនងជាបានជំរុញដល់ក្រុមអ្នកគាំទ្ររបស់លោក ហើយលោកបានអង្គាសបានប្រាក់ជិត២០លានដុល្លារក្នុងរយៈពេល៣សប្ដាហ៍ ចាប់តាំងពីការចោទប្រកាន់លើរូបលោកក្នុងរដ្ឋចចា និងអំពើកុបកម្មនៅវិមានកាពីតូល។កាលពីថ្ងៃសុក្រ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនលោកក្នុងរដ្ឋចចា លោកអង្គាសបាន ៤,១៨ លានដុល្លារ ដែលត្រូវបានគេនិយាយថា ជាចំនួនខ្ពស់បំផុតរបស់លោកក្នុងពេល២៤ម៉ោង ក្នុងយុទ្ធនាការនេះ ៕

ប្រទេសអាហ្វហ្គានីស្ថាន៖ពួកតាលីបង់ហាមឃាត់ស្ត្រីមិនឲ្យទៅលេងឧទ្យានជាតិដ៏ពេញនិយម

2023/08/28 10:44:17 am        130
អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលតាលីបង់ បានហាមស្ត្រីមិនឲ្យចូលទៅទស្សនាឧទ្យានជាតិបានអ៊ីអាមៀ (Band-e-Amir) ក្នុងខេត្តបាមីយ៉ាន (Bamiyan)។រដ្ឋមន្ត្រីស្តីទីនៃក្រសួងគ្រប់គ្រងអបាយមុខនិងគុណធម៌អាហ្វហ្គានីស្ថាន លោក ម៉ូហាម៉េដ ខាលេដ ហាណាហ្វី (Mohammad Khaled Hanafi) បាននិយាយថា ស្ត្រីមិនបានប្រកាន់ខ្ពស់ការពាក់ហ៊ីចាប (hijab) នៅក្នុងឧទ្យាននោះទេ។លោកបានអំពាវនាវឲ្យក្រុមបព្វជិតសាសនា និងក្រុមភ្នាក់ងារសន្តិសុខហាមស្ត្រីមិនឲ្យចូល រហូតដល់មានដំណោះស្រាយ។បានអ៊ីអាមៀ (Band-e-Amir) គឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ដែលបានក្លាយជាឧទ្យានជាតិដំបូងគេរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០០៩ ។វាគឺជាទិសដៅដ៏ពេញនិយមសម្រាប់ក្រុមគ្រួសារហើយការហាមប្រាមស្ត្រីចូលទៅលេង នឹងរារាំងមនុស្សជាច្រើនមិនឲ្យមានភាពរីករាយនឹងឧទ្យាននេះ។អង្គការយូណេស្កូ (Unesco) ពិពណ៌នាឧទ្យាននេះថាជា«ក្រុមបឹងដែលបង្កើតដោយធម្មជាតិ ដោយមានទម្រង់និងរចនាសម្ព័ន្ធភូមិសាស្ត្រពិសេស ព្រមទាំងមានសម្រស់ធម្មជាតិដ៏ស្រស់ស្អាតដាច់គេ៕

កងកម្លាំងយោធាប៉ារ៉ាស៊ូដង់ គាំទ្របទឈប់បាញ់ និងការពិភាក្សាអំពីអនាគតរបស់ប្រទេសនេះ

2023/08/28 10:40:15 am        96
ស៊ូដង់៖ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ារបស់ស៊ូដង់ (RSF) បាននិយាយថា ខ្លួនបើកចំហចំពោះបទឈប់បាញ់រយៈពេលវែងជាមួយកងទ័ពស៊ូដង់ ហើយបង្ហាញពីចក្ខុវិស័យរបស់ខ្លួនសម្រាប់ «ការកើតឡើងវិញនៃស៊ូដង់» ដែលជាគំនិតផ្តួចផ្តើមមួយអាចស្តារកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការចរចាដោយផ្ទាល់រវាងភាគីជម្លោះទាំងពីរ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលការប្រយុទ្ធគ្នារវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់ បានឈានចូលដល់សប្តាហ៍ទី២០ របស់ខ្លួនដោយគ្មានភាគីណាមួយអះអាងពីជ័យជម្នះ ខណៈដែលមនុស្សរាប់លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋធានី និងទីក្រុងផ្សេងៗទៀត។អង្គការសហប្រជាជាតិបានព្រមានអំពី «មហន្តរាយមនុស្សធម៌នៃសមាមាត្រវីរភាព» ជាមួយនឹងកំណើនភាពអត់ឃ្លាន ការដួលរលំសេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតផងដែរ។ កងកម្លាំង RSF និងកងជីវពលសម្ព័ន្ធមិត្ត ក៏ត្រូវបានគេចោទប្រកាន់ពីការបោសសម្អាតជនជាតិភាគតិចនៅទីក្រុង Darfur ភាគខាងលិចផងដែរ។ ភាគីជម្លោះទាំងពីរ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្តើមសង្រ្គាមនៅថ្ងៃទី១៥ ខែមេសា បន្ទាប់ពីភាពតានតឹងជាច្រើនសប្តាហ៍ជុំវិញការរួមបញ្ចូលកងទ័ពរបស់ពួកគេទៅជាកម្លាំងតែមួយ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ។នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យមានឲ្យដឹងថា មេដឹកនាំកងកម្លាំង RSF លោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo ហាក់ដូចជាមានឆន្ទៈក្នុងការចរចាជាមួយកងទ័ព ជុំវិញស្ងានភាពនៃរដ្ឋស៊ូដង់នាពេលអនាគត ដោយហួសពីសេចក្ដីលម្អិតនៃបទឈប់បាញ់អចិន្ត្រៃយ៍ក្នុងប្រទេសនេះផងដែរ៕

ក្រុមបាតុករតវ៉ានៅតាមដងផ្លូវដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេសស៊ីរី

2023/08/28 10:37:16 am        101
ស៊ីរី៖ ក្រុមបាតុករបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលនៅទីក្រុង Sweida ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ (២៧ សីហា) ខណៈដែលការតវ៉ាដោយសន្តិវិធីទាមទារឱ្យបញ្ចប់ការគ្រប់គ្រងដោយផ្តាច់ការ បានឈានចូលដល់សប្តាហ៍ទីពីរ។ មានបុរសនិងស្ត្រីជាច្រើនបានស្ថិតនៅទីលានចតុរង្គសំខាន់មួយ ដែលអំពាវនាវឲ្យមានការទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ក្រុមសកម្មជនពលរដ្ឋ និងសាក្សីជាច្រើនបាននិយាយថា អ្នកតវ៉ារាប់រយនាក់បានដើរតាមផ្លូវក្នុងថ្ងៃទីប្រាំពីរ ដោយបានបិទទីស្នាក់ការកណ្តាលរបស់គណបក្ស Baath ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងទីក្រុង Druze ភាគនិរតីប្រទេសស៊ីរី។ ក្រុមអាជ្ញាធរបានរក្សាភាពស្ងៀមស្ងាត់ចំពោះការតវ៉ាដែលកាន់តែធំនេះ ប៉ុន្តែបានណែនាំកងសន្តិសុខឱ្យនៅឆ្ងាយពីការតវ៉ានោះ ហើយថែមទាំងបានដកកន្លែងត្រួតពិនិត្យមួយចំនួន ដើម្បីបញ្ចៀសការប៉ះទង្គិចដែលមិនអាចគ្រប់គ្រងបានផងដែរ៕

ឯកឧត្តម ហេង សួរ បើកកិច្ចប្រជុំជាលើកទី២ពាក់ព័ន្ធប្រាក់ឈ្នួលកម្មករ ក្នុងអាណិត្តទី៣

2023/08/28 10:34:07 am        444
ភ្នំពេញ៖ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា អាណិត្តទី៣ បានបើកកិច្ចប្រជុំជាលើកទី២ ដើម្បីបន្តកិច្ចចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមលក្ខណៈត្រីភាគី រួមមាន ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ភាគី​និយោជក និងភាគីរដ្ឋាភិបាល។សូមបញ្ជាក់ថា គិតក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកនិយោជិតនិយោជិត​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ ​ផលិតស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២០០ដុល្លារអាម៉េរិក ក្នុង១ខែៗ៕

ជប៉ុននិយាយថា កម្រិតវិទ្យុសកម្មក្នុងទឹកសមុទ្រនៅក្បែររោងចក្រហ្វ៊ូគូស៊ីម៉ា មានទាបជាងការកំណត់

2023/08/28 10:33:41 am        109
ជប៉ុន៖ ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា) ថា ការធ្វើតេស្តទឹកសមុទ្រនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន មិនបានរកឃើញសារធាតុវិទ្យុសកម្មណាមួយនោះទេ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអាជ្ញាធរបានចាប់ផ្តើមបញ្ចេញសំណល់ទឹកបានធ្វើប្រព្រឹត្តកម្មរួច ចូលទៅក្នុងសមុទ្រ ដែលទឹកនោះប្រើសម្រាប់ធ្វើឲ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រដែលបានខូច។ប្រទេសជប៉ុន និងបណ្ដាអង្គការវិទ្យាសាស្ត្របាននិយាយថា សំណល់ទឹកគឺមានសុវត្ថិភាពបន្ទាប់ពីត្រូវបានសម្លាប់មេរោគ ដើម្បីយកធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែសារធាតុទ្រីចូល (tritium) ដែលជាអ៊ីសូតូបវិទ្យុសកម្មនៃអ៊ីដ្រូសែនប៉ុណ្ណោះ ព្រោះសារធាតុនោះពិបាកក្នុងការបំបែកចេញពីទឹក។ ក្រសួងបាននិយាយថា ការធ្វើតេស្តសំណាករបស់ក្រសួងពីចំណុចចំនួន១១ទីតាំងនៅជិតរោងចក្រ បានបង្ហាញពីកំហាប់នៃសារធាតុទ្រីចូល ស្ថិតនៅក្រោមដែនកំណត់ទាបនៃការរកឃើញ ដោយក្រសួងបាននិយាយថាវានឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្សនិងបរិស្ថាននោះទេ។ការបង្ហូរសំណល់ទឹកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន ធ្វើឡើងស្របពេលមានការរិះគន់ទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងបម្រាមនាំចេញអាហារសមុទ្រ ព្រមទាំងការបៀតបៀនតាមទូរសព្ទមួយចំនួនពីជនជាតិចិនទៀតផងដែរ។ បន្ថែមពីលើនោះ ក្រុមបាតុករជប៉ុនរាប់សិបនាក់ សកម្មជនកូរ៉េខាងត្បូង និងប្រជាជនហុងកុង បានប្រមូលផ្តុំគ្នាតវ៉ាចំពោះការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះផងដែរ៕

ខ្មាន់កាំភ្លើងស្បែកសនៅរដ្ឋ Florida ដែលបានសម្លាប់ជនរងគ្រោះស្បែកខ្មៅបីនាក់ បានទិញកាំភ្លើងដោយស្របច្បាប់

2023/08/28 10:23:21 am        133
អាមេរិក៖ ក្រុមមន្ត្រីអនុវត្តន៍ច្បាប់ក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងស្បែកស ដែលបានបាញ់សម្លាប់ជនជាតិអាមេរិកស្បែកខ្មៅ ៣នាក់ នៅហាង Dollar General ក្នុងទីក្រុង ជេកស៊ុនវីល( Jacksonville) រដ្ឋ Florida កាលពីថ្ងៃសៅរ៍ គឺជាយុវជនអាយុ ២១ឆ្នាំ ដែលបានទិញកាំភ្លើងដោយស្របច្បាប់ និងពុំមានប្រវត្តិឧក្រិដ្ឋកម្មឡើយ។  ក្រុមមន្ត្រីបាននិយាយថា បុរសស្បែកសពាក់ម៉ាស់ម្នាក់បានបាញ់សម្លាប់ជនជាតិអាមេរិកស្បែកខ្មៅបីនាក់នៅក្នុងហាង ជេកស៊ុនវីល(Jacksonville)រដ្ឋ Floridaសហរដ្ឋអាមេរិក ជាការវាយប្រហារមួយដែលជនសង្ស័យបានប្រើកាំភ្លើងលាបថ្នាំមានសញ្ញាដៃខ្វែងគ្នាឬ swastika។ ក្រោយមក ឃាតករដែលបានបង្ហោះសំណេរស្តីពីការរើសអើងជាតិសាសន៍ផងនោះបានបាញ់សម្លាប់ខ្លួនឯង។ស្នងការនគរបាល លោក T.K. Waters បានប្រាប់សន្និសីទសារព័ត៌មានថា ខ្មាន់បាញ់ប្រហារឈ្មោះ រីយ៉ាន គ្រីស្តូហ្វើរ ផាលមេធ័រ (Ryan Christopher Palmeter) រស់នៅជាមួយឪពុកម្តាយរបស់គេនៅជាយក្រុង ជេកស៊ុនវីល។ជនល្មើសបានស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ខ្លួនឯង។លោកWaters បាននិយាយថា ការបាញ់ប្រហារនេះគឺទាក់ទងនឹងការរើសអើងពូជសាសន៍។ក្រុមអាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងបានបន្សល់ទុកសកម្មភាពជាច្រើនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដោយឪពុកម្តាយរបស់គេ និងមន្ត្រីអនុវត្តច្បាប់ដែលរៀបរាប់លម្អិតពីការស្អប់ខ្ពើមរបស់ខ្មាន់កាំភ្លើងរូបនេះ លើជនជាតិស្បែកខ្មៅ។លោកWaters បាននិយាយថា "មិនមានប្រវត្តិប្រព្រឹត្តអំពើឧក្រិដ្ឋកម្មអ្វីទេ" ដោយបន្ថែមរឿងតែមួយគត់នៅក្នុងឯកសារគឺការហៅទូរស័ព្ទជាមួយបងប្រុសរបស់គេ អំពីអំពើហិង្សាក្នុងគ្រួសារ។ "មិនមានទង់ក្រហមទេ។"ទោះបីជាយ៉ាងណាក៏ដោយ នគរបាលបាននិយាយថាខ្មាន់កាំភ្លើងរូបនេះ ក្នុងឆ្នាំ ២០១៧ត្រូវបានឃុំខ្លួនមួយរយៈពេលខ្លីក្រោមច្បាប់រដ្ឋមួយហៅថាច្បាប់ Baker ដែលចែងថាមនុស្សម្នាក់អាចត្រូវបាន"នាំយកទៅកន្លែងទទួលសេវាកម្មសម្រាប់ការពិនិត្យដោយមិនស្ម័គ្រចិត្ត" ក្នុងអំឡុងពេលមានវិបត្តិសុខភាពផ្លូវចិត្ត។សារព័ត៌មានReuters មិនអាចទាក់ទងសមាជិកគ្រួសារខ្មាន់កាំភ្លើងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ ៕

រុស្ស៊ីនិយាយថា ការធ្វើតេស្តហ្សែនបញ្ជាក់ថាលោក Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះ

2023/08/28 10:18:26 am        124
រុស្ស៊ី៖ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ សីហា) ថា ការធ្វើតេស្តហ្សែន បានបញ្ជាក់ថាលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានស្ថិតក្នុងចំណោមមនុស្ស១០នាក់ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីសប្តាហ៍មុននោះ។ ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី ធ្លាប់បានចុះផ្សាយឈ្មោះអ្នកទាំង១០នាក់នោះ នៅលើយន្តហោះឯកជន ដែលបានធ្លាក់នៅតំបន់ Tver( ទ្វែ) ភាគពាយព្យនៃទីក្រុងមូស្គូ កាលពីថ្ងៃពុធ។ ពួកគេរួមបញ្ចូលឈ្មោះលោក Prigozhin និងលោក Dmitry Utkin ជាដៃស្តាំរបស់លោក Prigozhin ដែលបានជួយបង្កើតក្រុមទាហានស៊ីឈ្នួល Wagner ។គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ តេឡេក្រាម ថា «ជាផ្នែកមួយនៃការស៊ើបអង្កេតការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ការពិនិត្យម៉ូលេគុលហ្សែនត្រូវបានបញ្ចប់។ យោងទៅតាមលទ្ធផលទាំងនោះ អត្តសញ្ញាណអ្នកស្លាប់ទាំង១០នាក់ត្រូវបានបង្ហាញឡើង។ លទ្ធផលត្រូវគ្នាទៅនឹងបញ្ជីដែលមានចែងក្នុងតារាងអ្នកធ្វើដំណើរលើយន្តហោះ ដែលបានធ្លាក់នោះ»។មានការរំពឹងទុកមួយចំនួន ជាពិសេសនៅលើបណ្តាញសង្គមតេឡេក្រាម ដែលគាំទ្រក្រុមទាហានស៊ីឈ្នួល Wagner អំពីថាតើលោក Prigozhin ដែលត្រូវបានគេស្គាល់ថា ជាមនុស្សមានការប្រុងប្រយ័ត្នសុវត្ថិភាពផ្សេងៗខ្ពស់ក្នុងការប៉ុនប៉ងអាក្រក់ដែលអាចកើតមានលើជីវិតរបស់លោកនោះ ពិតជាបានស្ថិតនៅលើជើងហោះហើរដែលត្រូវបានធ្លាក់នោះ ឬយ៉ាងណា។ ក្រុមអាជ្ញាធរមិនទាន់និយាយពីមូលហេតុដែលគេជឿថាបណ្ដាលឱ្យយន្តហោះឯកជនរបស់លោក Prigozhin ធ្លាក់ពីលើមេឃនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/20/2026 08:06 AM
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 08:06 AM
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM