ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

អគ្គរងនគរបាលជាតិ ណែនាំឲ្យមន្រ្តីបង្កើន និងពង្រឹងសមត្ថភាពឲ្យស្របតាមយុទ្ធសាស្ដ្របញ្ចកោណ

2023/08/30 06:03:21 pm        618
អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក លន់ សុផាត បានជុំរុញឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ត្រូវបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀត ឲ្យស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយបញ្ចកោណ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីនគរបាលយុត្តិធម៌, វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល ​និងវគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេស នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម ​នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក លន់ សុផាត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ​ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញនូវ​គោល​នយោបាយបញ្ចកោណ កំណែទម្រង់លើគ្រប់វិស័យ​ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម ​និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍​សេដ្ឋកិច្ច​អាស៊ានជាដើម។លោកឧត្តមសេនីយ៍ បន្ថែមទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការ​ធានាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច-សង្គម សន្តិសុខ ​និងសុវត្ថិភាព ភូមិ ឃុំ សង្កាត់ ដែល​ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងផ្តល់ឱកាសឲ្យប្រជា​ពលរដ្ឋរស់​នៅដោយសុខ​ក្សេមក្សាន្ត ​និងមានជីវភាពល្អប្រសើរ ​ព្រមទាំងប្តេជ្ញាការពារសន្តិភាព ឯករាជ្យ ​និងបូរណភាពទឹកដី មិនឲ្យកម្លាំងណា ​មករំលោភបំពាន ​និងបំផ្លាញបាននោះឡើយ។ជាមួយគ្នានោះដែរ ​លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក៏បានណែនាំដល់កងកម្លាំង​ទាំងអស់​បន្តគាំទ្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងដឹកនាំដោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។លោកឧត្តមសេនីយ៍ក៏បានក្រើនរំលឹកកងកម្លាំងទាំងអស់ត្រូវចេះវិភាគរាល់ព្រឹត្តិការណ៍ផ្សេង និងព័ត៌មានដែលបានផ្សព្វផ្សាយ ហើយត្រូវចេះពិចារណាព័ត៌មានណាដែលជាព័ត៌មានពិត និងព័ត៌មានណាដែលប្រឌិតឡើង ដោយក្រុមជ្រុលនិយមក្រៅច្បាប់ផងដែរ។សូមបញ្ជាក់ថា បើតាមឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលា​នគរបាល​ជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាម​សរុបចំនួន ៣១០នាក់ ក្នុងនោះរួមមានវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ មានសិក្ខាកាម​សរុបចំនួន​​ ១៥០នាក់ (ស្រី០២នាក់) ​ដែលមកពីអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ ​និងបច្ចេកទេស ​នាយកដ្ឋានប្រឆាំង ភេរវកម្ម ​និងឧក្រិដ្ឋកម្មឆ្លងដែន នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម រួមទាំងអង្គភាពនានាចំណុះ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត​ និងនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋានសរុប ចំនួន៤៩៕ អត្ថបទ៖បាន ចក់

UN៖មនុស្សយ៉ាងហោចណាស់១៨៣នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាក្នុងតំបន់Amhara ប្រទេសអេត្យូពី

2023/08/30 06:01:08 pm        416
UN៖អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់១៨៣នាក់ ត្រូវបានគេសម្លាប់ ចាប់តាំងពីខែកក្កដា នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងតំបន់អាមហារ៉ា ( Amhara)នៃប្រទេសអេត្យូពី ខណៈដែលខ្លួនបានអំពាវនាវឲ្យបញ្ចប់ការសម្លាប់មនុស្ស អំពើហិង្សា និងការរំលោភសិទ្ធិ។ភាពតានតឹងនៅក្នុងតំបន់ភាគខាងជើង បានកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការបញ្ចប់សង្គ្រាមបំផ្លិចបំផ្លាញនៅក្នុងតំបន់ជិតខាងគឺទីហ្គ្រេ (Tigray) ដែលបានទាក់ទាញក្រុមយុទ្ធជនពីតំបន់អាមហារ៉ាផងដែរ។អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោកស្រី ម៉ាតា ហ៊ូតាដូ (Marta Hurtado) បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សដែលកាន់តែយ៉ាប់យ៉ឺន នៅក្នុងតំបន់មួយចំនួននៃប្រទេសអេត្យូពី។«នៅក្នុងតំបន់អាមហារ៉ា បន្ទាប់ពីមានការផ្ទុះឡើងនៃការប៉ះទង្គិចគ្នារវាងយោធាអេត្យូពី និងកងជីវពលហ្វាណូ (Fano) ក្នុងតំបន់ និងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃទី៤ ខែសីហា ស្ថានភាពនោះ កាន់តែអាក្រក់ទៅៗ៕

ចិន៖ ភ្លើងខៀវ ពីប្រទេសមួយចំនួន មិនមែនមានន័យថា ជប៉ុនអាចបញ្ចេញទឹកសំណល់មានសារធាតុនុយក្លេអ៊ែរតាមអំពើចិត្តនោះទេ

2023/08/30 05:38:30 pm        448
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វីនប៊ិន (Wang Wenbin) បាននិយាយកាលពីថ្ងៃអង្គារថាភ្លើងខៀវដែលផ្តល់ដល់ប្រទេសជប៉ុនដោយប្រទេសមួយចំនួន ចេញពីហេតុផលនយោបាយ មិនមែនមានន័យថា ប្រទេសជប៉ុនអាចដំណើរការដោយគ្មានឧបសគ្គចំពោះវិធីរបស់ខ្លួនក្នុងការបញ្ចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រនោះទេ។លោកWangធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់ប្រទេសជប៉ុនដែលថាសហរដ្ឋអាមេរិកគាំទ្រការបង្ហូរសំណល់ទឹកមានសារធាតុវិទ្យុកម្មរបស់ខ្លួនចូលទៅមហាសមុទ្រដែលខ្លួននិយាយថាជា"សំឡេងរបស់សហគមន៍អន្តរជាតិ" ។លោក Wang និយាយថាមានប្រទេសជិត ២០០ នៅលើពិភពលោក។ យើងមើលមិនឃើញថាតើ   ជប៉ុនអាចដាក់ឈ្មោះប្រទេសណាក្រៅពីសហរដ្ឋអាមេរិកដែលគាំទ្រជាសាធារណៈចំពោះការបង្ហូរចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែររបស់ជប៉ុននោះទេ។ រដ្ឋាភិបាលជប៉ុនមិនគួរមើលរំលងចំពោះបញ្ហានេះឡើយ។ នៅតែបោកបញ្ឆោតខ្លួនឯង។  លោកWang សង្កត់ធ្ងន់ថា ប្រទេសមួយចំនួនកំពុងគាំទ្រដល់ចលនាអាត្មានិយមរបស់ជប៉ុន ចេញពីហេតុផលនយោបាយ ហើយទង្វើរបស់ជប៉ុនបានឆ្លុះបញ្ចាំងឲ្យឃើញថា ខ្លួនបានដាក់អំណាច និងផលប្រយោជន៍អាត្មានិយមរបស់ខ្លួន លើសពីផលប្រយោជន៍ទូលំទូលាយរបស់សហគមន៍អន្តរជាតិ។កាលពីឆ្នាំ ២០១១ ស្នូលនៃម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដៃអ៊ិឈិ ( Fukushima Daiichi) ក្នុងប្រទេសជប៉ុនបានរលាយបន្ទាប់ពីមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ។ រហូតមកដល់ពេលនេះ ទឹកសំណល់នុយក្លេអ៊ែរចំនួន ១,៣ លានតោនត្រូវបានផ្ទុកនៅក្នុងរោងចក្រនេះ រួមទាំងទឹកផ្ដល់សីតុកម្មម៉ាស៊ីនរ៉េអាក់ទ័រ ទឹកក្រោមដី និងទឹកភ្លៀង ហើយបរិមាណទឹកនៅតែកើនឡើង៕

សពរបស់មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី លោក Prigozhin ត្រូវបានបញ្ជុះ ក្នុងពិធីបុណ្យសម្ងាត់មួយ

2023/08/30 05:31:40 pm        260
រុស្ស៊ី៖ លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ត្រូវបានគេបញ្ចុះនៅទីក្រុង St Petersburg ក្នុងពិធីបុណ្យសម្ងាត់មួយ កាលពីថ្ងៃអង្គារ (៣០សីហា) រយៈពេល៦ថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះឯកជនដែលមិនអាចពន្យល់បាន ដោយគេជឿថាហេតុការណ៍នោះបានធ្វើឲ្យលោក Prigozhin ស្លាប់ ។ហើយការសម្ងាត់ជុំវិញការរៀបចំពិធីបុណ្យសពដែលបិទជិតនោះ មានន័យថា មិនអាចមានការបង្ហាញទ្រង់ទ្រាយធំនៃការគាំទ្រសម្រាប់អ្នកធ្វើការបះបោររយៈពេលខ្លីដ៏ធំកាលពីខែមិថុនា ដែលជាការគំរាមកំហែងដ៏ធំបំផុតមិនធ្លាប់មានចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះទេ។យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន មិនបានចូលរួមក្នុងពិធីនោះទេ។ ក្រុមអាជ្ញាធររុស្ស៊ីមិនបាននិយាយថា ហេតុអ្វីបានជាយន្តហោះធ្លាក់នោះទេ ហើយវិមានក្រឹមឡាំងបានច្រានចោលការរំពឹងទុកដែលថា លោកពូទីនបានបញ្ជាឱ្យសម្លាប់លោក Prigozhin ជុំវិញការបះបោរនេះថាជា «រឿងកុហកទាំងស្រុង»។អ្នកភូមិដែលរស់នៅក្បែរកន្លែងធ្លាក់យន្តហោះនោះ បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា នៅពេលនោះថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំង មុនពេលឃើញយន្តហោះធ្លាក់។ ជាមួយគ្នានេះដែរ សេតវិមានរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ (២៩សីហា) បាននិយាយថា វិមានក្រឹមឡាំង របស់រុស្ស៊ី អាចជាអ្នកទទួលខុសត្រូវក្នុងការស្លាប់របស់លោក Prigozhin នេះ។ យន្តហោះឯកជន ដែលបានធ្លាក់នោះមានកំណត់ត្រាសុវត្ថិភាពល្អ ហើយមានឧបទ្ទវហេតុតែម្ដងគត់ក្នុងរយៈពេល២០ឆ្នាំនៃការហោះហើរ ដែលមិនទាក់ទងនឹងបញ្ហាមេកានិចនោះទេ៕

ប្រធានាធិបតីអ៊ីរ៉ង់ លោកRaisi អំពាវនាវឲ្យប្រទេសជប៉ុន បញ្ចេញមូលនិធិ ដែលត្រូវបានបង្កកនោះ មកវិញ បន្ទាប់មកធ្វើការផ្លាស់ប្តូរជំហរ

2023/08/30 05:24:50 pm        106
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានអំពាវនាវដល់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីឯករាជ្យភាពរបស់ខ្លួនពីទីក្រុងវ៉ាស៊ីនតោន ដោយបញ្ចេញទ្រព្យសម្បត្តិរបស់ទីក្រុងតេអេរ៉ង់ដែលត្រូវបានបង្កក ចំពេលមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយបន្ទាប់មក បាននិយាយថា មូលនិធិអ៊ីរ៉ង់តែមួយគត់ដែលត្រូវបានរាំងខ្ទប់នោះ កំពុងត្រូវបានរក្សាទុកនៅក្នុងប្រទេសកូរ៉េខាងត្បូង។លោករ៉េស៊ី បាននិយាយនៅពេលអ្នកយកព័ត៌មានជប៉ុនសួរអំពីមូលនិធិដែលត្រូវបានបង្កកចំនួន១,៥ពាន់លានដុល្លារនៅក្នុងប្រទេសជប៉ុនថា៖«ប្រទេសជប៉ុន គួរតែធ្វើសកម្មភាពដោយឯករាជ្យពីសហរដ្ឋអាមេរិក ដោយបញ្ចេញមូលនិធិដែលត្រូវបានរាំងខ្ទប់របស់យើង»។បន្ទាប់មក លោកហាក់ដូចនិយាយផ្លាស់ប្តូរជំហររបស់ខ្លួនវិញ។លោករ៉េស៊ី បានថ្លែងថា៖«ខ្ញុំត្រូវតែបញ្ជាក់ឲ្យច្បាស់ថា ធនាគារកណ្តាលរបស់យើង បាននិយាយកាលពីដើមខែនេះថា យើងគ្រាន់តែមានមូលនិធិបង្កកដោយអយុត្តិធម៌នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទ្រព្យសម្បត្តិផ្សេងទៀតទាំងអស់នៅបរទេស គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ធនាគារកណ្តាលរបស់អ៊ីរ៉ង់»។ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលពលរដ្ឋអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវបានដោះលែងជាថ្នូរនឹងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន៦ ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

នគរបាលប្រេស៊ីល បានសម្លាប់ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការសម្លាប់រង្គាលនៅក្នុងរដ្ឋ Bahia

2023/08/30 05:21:41 pm        105
ប្រេស៊ីល៖ ការិយាល័យសន្តិសុខរដ្ឋបាននិយាយកាលពីថ្ងៃអង្គារ (២៩សីហា)ថា នគរបាលនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល បានសម្លាប់បុរសពីរនាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ៩នាក់នៅក្នុងទីក្រុង Mata de Sao Joao ខណៈដែលជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួន។សពមនុស្សឆេះខ្លោច៩នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទ (២៨ សីហា) នៅក្នុងលំនៅឋាន២ខ្នងក្នុងទីក្រុង Mata de Sao Joao។ នគរបាលបាននិយាយថា ជនរងគ្រោះ៣នាក់ក្នុងចំនោមជនរងគ្រោះទាំងនោះជាកុមារ ហើយនគរបាលកំពុងបន្តស៊ើបអង្កេតពីមូលហេតុដែលបង្កឱ្យមានការសម្លាប់រង្គាលនេះ។លោក Christiane Inocencia Coelho នាយនគរបាលក្រុង Mara de Sao Joao បាននិយាយថា អំពើហិង្សា និងឧក្រិដ្ឋកម្មបានកើនឡើងនាពេលថ្មីៗនេះនៅក្នុងតំបន់ ដែលនាំឱ្យមានឧក្រិដ្ឋកម្មបែបនេះ។ ការិយាល័យសន្តិសុខបាននិយាយថា ជនដៃដល់ត្រូវបានកងកម្លាំងសន្តិសុខ កំណត់ទីតាំងបាននៅក្នុងតំបន់ព្រៃនៃទីក្រុងនេះ ជាទីដែលពួកគេកំពុងលាក់ខ្លួន។ ការបាញ់គ្នាមួយបានផ្ទុះឡើងនៅពេលនគរបាលបានរកឃើញពួកគេ ។សេចក្តីថ្លែងការណ៍នោះបាននិយាយថា ជនសង្ស័យទី៤ នៅតែមិនទាន់ចាប់បាននៅឡើយ ជាមួយនឹងការខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីស្វែងរក។ កាំភ្លើងខ្លី២ដើម គ្រាប់រំសេវ វិទ្យុទាក់ទង និងគ្រឿងញៀន ត្រូវបានដកហូតពីជនសង្ស័យ៕

មនុស្សយ៉ាងហោចណាស់៣នាក់ បានស្លាប់បន្ទាប់ពីលំហូរល្បប់នៅអណ្តូងរ៉ែ ប្រទេសបូលីវី

2023/08/30 05:18:57 pm        100
បូលីវី៖ ក្រុមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សាកសពមនុស្ស៣នាក់ ត្រូវបានរកឃើញ បន្ទាប់ពីបំណាក់ដីនៅក្នុងអណ្តូងរ៉ែមួយក្នុងទីក្រុង Mapiri ប្រទេសបូលីវី កាលពីថ្ងៃអង្គារ (២៩ សីហា)។ កាលពីថ្ងៃអាទិត្យ (២៧ សីហា) បំណាក់ដីមួយបានធ្វើឲ្យកម្មកររ៉ែជាច្រើននាក់ជាប់នៅក្នុងដី។ យោងតាមអ្នករស់រានមានជីវិតដែលបានសម្ភាសនៅតំបន់គ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយអ្នករុករករ៉ែមិនអាចគេចខ្លួនបានឡើយ។ឮយោងតាមលោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីការពារជនស៊ីវិលរបស់ប្រទេសបូលីវី បានឲ្យដឹងថា គេមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅជាប់ក្រោមដីនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកនៅតែបន្តនៅទីតាំងកើតហេតុនោះ៕

សម្តេចតេជោ៖«ខ្ញុំគាំទ្រចំពោះការកែទម្រង់តែមិនគាំទ្រការដកចេញដោយគ្មានមូលហេតុនោះទេ»

2023/08/30 05:16:37 pm        2607
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេច​សូម​ប្រកាស​គាំទ្រ​រាល់​ការ​កែ​ទម្រង់​របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ប៉ុន្តែសម្តេច​ក៏​មិន​ឯកភាព​ផង​ដែរ​ដោយ​មិន​ឲ្យ​តម្លៃ​ដល់​មនុស្ស ដែលខំធ្វើការនាពេលកន្លង ហើយដកគេចេញដោយគ្មានមូលហេតនោះ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​«ខ្ញុំ​គាំទ្រ​ការ​កែ​ទម្រង់​តែមិ​ន​គាំទ្រ​ការ​រៀប​ចំ​ណាដែ​ល​ខ្វះ​ការ​ឲ្យ​តម្លៃ​សម្រា​ប់​មនុស្ស​ដែល​ខំ​ធ្វើ​ការ​ក្នុ​ង​រយៈ​ពេល​កន្ល​ង​មក​ហើយ​ត្រូវ​បាន​ដក​ចេញ​ដោយ​គ្មាន​មូល​ហេតុ​ដែរ»។សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងផងដែរថា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហានេះ សម្តេចបង្ហោះសារជាវិដេអូឃ្លីប ដែលសម្តេចបានមានប្រសាសន៍នៅ ក្នុង​អង្គ​ប្រជុំ​នា​ដើម​អាណត្តិទី៦ កាលពីឆ្នាំ២០១៨កន្លងទៅផងដែរ ដើម្បីជា​ការ​រំលឹក​ដល់​មន្ត្រី​បន្តវេន​តាម​ស្ថាប័ន​សូមមាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ភាព​អគុណធម៌ សម្រាប់​ការ​រៀបចំ​មន្ត្រី​ក្នុង​អាណត្តិថ្មី​បន្ថែម​លើ​បណ្តាំ​របស់​សម្តេច​កាល​ពី​ល្ងាច​ថ្ងៃ​១០​ខែសីហា​២០២៣ ពេល​ជួប​ជុំ​មុន​ពេល​គណៈរដ្ឋមន្ត្រី​ថ្មីត្រូវបានរៀបចំនោះ។ បើតាមរយៈវិដេអូឃ្លីបដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះដោយ​មាន​រយៈ​ពេល​៦​នាទី​នោះ ​បានបញ្ជាក់ថា «ធ្វើនយោបាយបើគ្រាន់តែធ្វើដើម្បីដោះដូរមនុស្ស ហើយ​ដែល​ហៅ​ការ​កែ​ទម្រង់​ត្រឹម​ដោះ ដូរមនុស្ស គណបក្ស​នយោបាយ​មួយ​នោះ​នឹង​ស្លាប់​…..​ហើយ​មេ​ដឹកនាំ​មួយ​នោះ​នឹង​ស្លាប់​ដោយ​ឯកោបំផុតនេះដែលខ្ញុំសូមជំរាប»៕ អត្ថបទ៖ បាន ចក់សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ៖ https://t.me/btvnewscambodia/110804

សមត្ថកិច្ចបញ្ជូនបុរសម្នាក់ដែលវាយនារីដោយសារតែរឿង សាចទឹកដាក់ទៅតុលាការ

2023/08/30 04:28:07 pm        1185
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំបានបញ្ជូនបុរសម្នាក់គ្រាន់តែរឿងជិះម៉ូតូ សាចទឹកបានផ្ទុះកំហឹងទះកំផ្លៀង ទៅលើនារីម្នាក់ កាលពីពេលកន្លងមកនេះទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ជនសង្ស័យឈ្មោះ ទី សុផាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

UN ស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មនៅនីហ្សេ ក្នុងពេលមានការបិទជំនួយ

2023/08/30 04:09:33 pm        278
UN៖ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ កំពុងរារាំងជំនួយមនុស្សធម៌ដ៏សំខាន់ ដូចជាស្បៀងអាហារ និងថ្នាំពេទ្យ ដោយនិយាយថា សំណើសម្រាប់ការលើកលែងត្រូវបានផ្ញើទៅកាន់ប្លុកប្រចាំតំបន់សហគមន៍សេដ្ឋកិច្ចនៃតំបន់អាហ្រ្វិកខាងលិច«ECOWAS» ។ រថយនន្តដឹកទំនិញជាច្រើនគ្រឿងមានដឹកអាហារ និងជំនួយមនុស្សធម៌ បានមកកកុញនៅព្រំដែនដីគោកប្រទេសនីហ្សេ ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី២៦ ខែកក្កដា ដែលបានជំរុញឲ្យតម្លៃអាហារហក់ឡើង ក្នុងសញ្ញាមួយនៃផលប៉ះពាល់ដោយសារទណ្ឌកម្ម។ ការបិទជំនួយ ត្រូវបានរៀបចំដើម្បីដាក់គំនាបលើរបបយោធាដើម្បីឲ្យប្រធានាធិបតីលោក Mohamed Bazoum ចូលកាន់តំណែងវិញ។ ជើងហោះហើរដឹកជំនួយរបស់អង្គការសហប្រជាជាតិបានជាប់គាំងព្រោះតែជើងហោះហើរទាំងនេះពុំអាចដំណើរការប្រេងឥន្ធនៈយន្តហោះព្រោះតែការដាក់ទណ្ឌកម្ម ដែលកំពុងធ្វើឲ្យស្មុគស្មាញកិច្ចប្រឹងប្រែងផ្តល់ជំនួយនៅក្នុងប្រទេសធំមួយនេះ។ លោក Emmanuel Gignac អ្នកតំណាងទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប្រចាំប្រទេសនីហ្សេ ក៏បានសម្តែងការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រជាជននីហ្សេ ជាពិសេសក្នុងចំណោមពលរដ្ឋភៀសខ្លួនដោយបង្ខំចំនួន៧សែននាក់ បន្ទាប់ពីការកើនឡើងខ្លាំងក្នុងការការពារឧបទ្ទវហេតុដូចជាការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទចាប់តាំងពីរដ្ឋប្រហារ។អ្នកនាំពាក្យទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ បាននិយាយថាទឹកដោះគោព្យាបាលមេរោគ និងមុខទំនិញអាហារផ្សេងទៀត បានជាប់គាំងនៅព្រំដែនប្រទេសនីហ្សេ ខណៈវ៉ាក់សាំងជំងឺគ្រុនលឿង និងវ៉ាក់សាំងបន្តក់ការពារវីរុសជាងមួយលានដូសពុំអាចត្រូវបានដឹកជញ្ជូនតាមយន្តហោះចូលមកបានពីសហភាពអឺរ៉ុប ដោយសារតែការបិទដែនអាកាស។ លោកបាននិយាយថា ទីភ្នាក់ងារមានការព្រួយបារម្ភអំពីដូសវ៉ាក់សាំងប្រមាណ២៨លានដូស ដែលស្តុកទុកនៅខាងក្នុងប្រទេសនេះ ដោយ៩៥ភាគរយនៃឃ្លាំងបច្ចុប្បន្ន រងការដាច់ចរន្តអគ្គិសនី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធររំពឹងប្រាសាទភ្នំដា ទាក់ទាញកំណើនភ្ញៀវទេសចរកាន់តែច្រើន ក្រោយព្រឹត្តិការណ៍ជិះកង់ដើម្បីផ្សព្វផ្សាយសក្ដានុពលតំបន់ប្រវត្តិសាស្ដ្រនេះ
08/17/2026 11:08 AM
អ្នកជំនាញណែ​នាំកសិករ «ចិញ្ចឹមមាន់តាមតម្រូវការទីផ្សារ» ដើម្បីកាត់បន្ថយហានិភ័យខាតបង់
08/17/2026 11:08 AM
ចរាចរណ៍ដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz បានថយចុះស្ទើរតែគ្មាន
08/17/2026 10:08 AM
រដ្ឋមន្ត្រីអ៊ីស្រាអែល អំពាវនាវឱ្យសម្លាប់ពលរដ្ឋប៉ាឡេស្ទីនពី៣០ទៅ៤០នាក់នៅតំបន់ហ្កាហ្សារៀងរាល់យប់
08/17/2026 10:08 AM
អ៊ីស្រាអែល ប្រគល់ការគ្រប់គ្រងតំបន់កាន់កាប់ West Bank ទៅឲ្យនគរបាលស៊ីវិល
08/17/2026 10:08 AM
អ៊ុយក្រែន វាយប្រហាររុស្ស៊ីដោយយានដ្រូនរាប់រយគ្រឿង ជាការវាយប្រហារដ៏ធំបំផុតមួយរបស់ទីក្រុងគីវ
08/17/2026 10:08 AM
រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា
08/17/2026 10:08 AM
អ៊ីរ៉ង់ ប្រកាសផ្តល់រង្វាន់ចំនួន ៣០.០០០ ដុល្លារអាមេរិកសម្រាប់ការសម្លាប់ និងចាប់ខ្លួនទាហានអាមេរិក
08/17/2026 10:08 AM
សម្ដេច​ធិបតី៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
08/17/2026 09:08 AM
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា
08/17/2026 09:08 AM