សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្មករ-កម្មការិនីនៅខេត្តកណ្តាលយល់ដឹងច្រើន ពីគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ

2023/08/25 01:18:45 pm        158
កណ្ដាល៖ ការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្របានជំរុញដល់កម្មករ-កម្មការិនីនៅខេត្តកណ្តាល យល់ដឹងច្រើនពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់។កម្មករ-កម្មការិនី បំរើការងាររោងចក្រក្នុងខេត្តកណ្តាល នៅថ្ងៃទី២៤ខែសីហាម្សិលមិញ បានប្រាប់BTVថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលការបើកបរម៉ូតូសុវត្ថិភាព និងផ្សព្វផ្សាយអប់រំពីគោល​នយោបាយ​សុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ បានធ្វើឱ្យពួកខ្ញុំយល់ដឹងច្រើនពីការគោរព​ច្បាប់​ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលទៅបំពេញការងារ និងត្រលប់មកផ្ទះវិញ​ផងដែរ។ការលើកឡើងនេះ ធ្វើឡើងក្នុងពេលអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានដឹកនាំ​គណៈប្រតិភូជាមន្រ្តីរាជរដ្ឋាភិបាល តំណាងសហជីព ​អង្គការសង្គមស៊ីវិល ​និងអ្នកសារព័ត៌មាន សរុប៣៥នាក់​ ចុះទស្សនកិច្ចនៅរោងចក្រយូនីធី ​ហ្វេសសិន ខេមបូ ឯ.ក។គោលនយោបាយសុវត្ថិភាពចរាចរណ៍ក្នុងកម្រិតរោងចក្រ បង្កើតឡើងក្នុងគោលបំណង​កាត់បន្ថយ​ហានិភ័យ​និយោជិតដែលប្រឈមដោយអ្នកប្រើប្រាស់ផ្លូវថ្នល់ដទៃទៀត ព្រមទាំងកាត់បន្ថយ​ឱ្យនៅ​ជាអប្បរមា និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចនាំឱ្យមានការរងបួស ការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ តាមរយ៖ ការជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា, ការកំណត់ពីការរំពឹងទុកឱ្យបានច្បាស់លាស់ អំពីឥរិយាបថប្រកបដោយសុវត្ថិភាពរបស់អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ​ដែលត្រូវប្រតិបត្តិដោយនិយោជិតរបស់រោងចក្រ និងអ្នកប្រើប្រាស់ផ្លូវថ្នល់​ដដៃទៀតដែលចូលមកក្នុងរោងចក្រជាដើម។គោលនយោបាយនេះ ​ចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៨ រៀបចំដោយអង្គការមូលនិធិបង្ការរបួសអាស៊ី ដែល​មានការគាំទ្រពីបេឡាជាតិរបបសន្តិសុខ​សង្គម,គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ​និងស្ថាប័នពាក់ផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ប្តេជ្ញាចិត្តអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្លាយជាគោលដៅទេសចរណ៍សកល

2023/08/25 01:03:37 pm        314
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានបង្ហាញការប្តេជ្ញា​ចិត្តបង្កើនការងារជាយុទ្ធសាស្ត្រចំនួន៥ និងបង្កើនការងារគាំទ្រ​ជាអាទិភាពចំនួន៣ ដើម្បីធ្វើឲ្យ​កម្ពុជា​ក្លាយជាគោលដៅទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប។នៅក្នុងពិធីសំណេះសំណាល ​ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ក្រោមឱវាទ​ក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី២៥ ខែសីហានេះ ​ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ប្រកាសដាក់ចេញ​នូវគំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ត្រ ក្រោមចក្ខុវិស័យ ​អភិវឌ្ឍន៍​វិស័យទេសចរណ៍កម្ពុជា ដោយឈរលើ​គោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ​ទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប​ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ​ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព ​និងភាពធន់របស់កម្ពុជា។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធ​សាស្ត្រ៣រួមមានៈ ទី១)ភាពប្រកួតប្រជែងទេសចរណ៍ ទី២) ចីរភាពទេសចរណ៍និង ទី៣) បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន៥ ព្រមទាំងមានការងារគាំទ្រ​អាទិភាព​ចំនួន៣ទៀត សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ។អនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយ​និងផែនការយុទ្ធសាស្ត្រសំខាន់ៗ​ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន​ ក៏បានដាក់ចេញនូវចង្កោមការងារធំៗចំនួន៣ រួមមានទី១ ​ពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចទេសចរណ៍ ទី២​ ការពង្រឹងពង្រីកភាពជាដៃគូ អភិវឌ្ឍន៍ ទី៣ ការលើកកម្ពស់ការ​អភិវឌ្ឍន៍វិស័យទេសចរណ៍ ​ប្រកបដោយភាពប្រកួតប្រជែង ចិរភាព​ និងបរិបន្ន ឈានរកការ​សម្រេច​ចក្ខុវិស័យរួម ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​ហើយក្នុងចង្កោមការងារអាទិភាពនេះ ក៏មាន​សកម្មភាពការងារអភិវឌ្ឍន៍ទេសចរណ៍ ប្រមាណជាង១០កាងារទៀត៕អត្ថបទ ស៊ុមសុខជា

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី

2023/08/25 12:51:54 pm        154
ភ្នំពេញ៖ ពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញក្តីសប្បាយរីករាយ និងការគាំទ្រចំពោះគោល នយោបាយថ្មី ជាអាទិភាព ចំនួន០៦ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញ ​ដើម្បីបំពេញ ​និងបម្រើដល់ប្រជាជន ក៏ដូចជាសង្គមជាតិទាំងមូល ។ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ច បានលើកឡើងថា ​គោលនយោបាយ០៦ចំណុច ​ដែលរាជរដ្ឋាភិបាល អាណត្តិថ្មី ​ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនេះ ​គឺជាគោលនយោបាលដ៏ត្រឹមត្រូវ ​និងច្បាស់លាស់បំផុត ដែលសុទ្ធសឹងជាគោល​នយោបាយសំខានន់ៗ ​ដែលបានឆ្លងកាត់ការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដាក់ចេញមក​អនុវត្តសម្រាប់យកមកបម្រើ ឧត្តមប្រយោជន៍រួមដល់ប្រជាជន ។ពួកគេបានកោតសរសើរថា ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ណែត ពិតជាធនធានថ្នាក់ដឹក នាំដ៏មានសក្តានុពល​ និងសមត្ថភាពខ្ពស់ ​ស័ក្តិកសមជាមេដឹកនាំបន្តវេន​ បន្ទាប់ពីសម្តេចតេជោ ។គួរបញ្ជាក់ផងដែរថា គោលនយោបាយជាអាទិភាព០៦ចំណុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមមាន៖ ការពង្រីកសេវាថែទាំសុខភាព, ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវ ជនមកពីគ្រួសារក្រីក្រ, ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ការដាក់ ចេញយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមាន​លទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ការដាក់ចេញនូវយន្តការសម្របសម្រួល និង​កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម ​និងការដាក់ ​ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ​ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ​និង ការរៀបចំ​ឱ្យមានសមាគមកសិករនៅតាមទីជនបទ ៕ អត្ថបទ ៖ លីហេង

ក្រុមអ្នកគាំទ្រលោកត្រាំ និង អ្នករិះគន់ប្រមូលផ្ដុំគ្នានៅខាងក្រៅពន្ធនាគារប្រឆាំងការឃុំខ្លួនរូបលោក

2023/08/25 12:21:54 pm        153
អាមេរិក៖ ក្រុមអ្នកគាំទ្រលោក Donald Trump និងក្រុមអ្នករិះគន់ប្រមូលផ្ដគ្នានៅខាងក្រៅពន្ធនាគារស្រុកហ្វាល់តុនរបស់ទីក្រុងអាត្លង់តា(Atlanta) នៃរដ្ឋចចា កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា ដើម្បីតវ៉ា ខណៈអតីតប្រធានាធិបតីរូបនេះធ្វើដំណើរទៅកាន់ទីនោះដើម្បីធ្វើកំណត់ហេតុ ស្ដីពីការចោទប្រកាន់បទព្រហ្មទណ្ឌនានា។   លោក Trump ត្រូវបានធ្វើកំណត់ហេតុនៃបទចោទប្រកាន់ព្រហ្មទណ្ឌជាង២០ករណី ជាផ្នែកមួយនៃការចោទប្រកាន់ជាច្រើន ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោត ដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០របស់អតីតប្រធានាធិបតីអាមេរិករូបនេះ ។យោងតាមកំណត់ហេតុពន្ធនាគារស្រុក ហ្វាល់តុន រូបថតលោក Trump មានទឹកមុខក្រញូវ មានលេខសម្គាល់ P01135809 ត្រូវបានថតនៅក្នុងពន្ធនាគារ។លោក Trump បានស្ថិតក្នុងពន្ធនាគារប្រមាណ២០នាទីប៉ុណ្ណោះ មុនពេលវិលត្រឡប់ទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកក្នុងរដ្ឋ New Jersey។ មុនពេលការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោកនៅអាកាសយានដ្ឋាន Hartsfield-Jackson ក្នុងទីក្រុង Atlanta លោក បានបញ្ជាក់ជាថ្មីនៃការអះអាងរបស់លោក ដែលថាការកាតទោស រួមជាមួយករណីចោទប្រកាន់ជាច្រើនទៀត ដែលលោកប្រឈមគឺជាចេតនានយោបាយសុទ្ធសាធ។  លោកTrumpវ័យ៧៧ឆ្នាំរូបនេះបានទៅដល់ទីតាំងដែលពុំនឹកស្មានដល់ជាអតីតប្រធានាធិបតីអាមេរិកដំបូង ដែលប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌ ខណៈលោកចាប់ផ្ដើមយុទ្ធនាការផ្សេងទៀតដើម្បីដណ្ដើមកៅអីសេតវិមានជាប្រធានាធិបតីអាមេរិកនៅអាណត្តិក្រោយ៕

ប្រទេសនានាចាប់ផ្តើមមូលនិធិដើម្បីការពារធម្មជាតិ ខណៈអង្គការសហប្រជាជាតិអំពាវនាវឱ្យមានថវិកាបន្ថែម

2023/08/25 12:19:34 pm        96
បណ្ដាមេដឹកនាំបរិស្ថានមកពី១៨៥ប្រទេស បានប្រមូលផ្តុំគ្នានៅទីក្រុង Vancouver ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមមូលនិធិគាំទ្រដល់ការអភិរក្សជាសកល ហើយអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការរួមចំណែកដើម្បីជួយបំពេញគោលដៅ រួមទាំងការការពារ ៣០% នៃផ្ទៃដី និងតំបន់ឆ្នេរនៅឆ្នាំ២០៣០ ផងដែរ។ កាណាដាបាននិយាយថា ខ្លួននឹងផ្ដល់ថវិកាចំនួន២០០លានដុល្លារកាណាដា (១៤៧,២០លានដុល្លារអាមេរិក) ហើយចក្រភពអង់គ្លេសបានរួមចំណែកចំនួន១០លានផោន (១២,៦០លានដុល្លារ)។លោក David Cooper លេខាធិការប្រតិបត្តិស្តីទីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវសាស្រ្តចម្រុះបាននិយាយថា «ការចាប់ផ្តើមដំបូងនេះ បានដំណើរការយ៉ាងល្អ។ ឥឡូវនេះ យើងអំពាវនាវឲ្យមានការបេ្ដជ្ញាចិត្តបន្ថែមទៀត ពីបណ្ដាប្រទេសនានា និងប្រភបផ្សេងៗទៀត ដូចនេះហើយទើបគម្រោងដំបូងស្ថិតក្រោមមូលនិធិថ្មីនេះ អាចដាក់ដំណើរការបាននៅឆ្នាំក្រោយ»។ ក្រុមយុទ្ធនាការបរិស្ថាន Avaaz បាននិយាយថា មូលនិធិក្របខណ្ឌជីវចម្រុះសកលត្រូវការថវិកាចំនួន២០០លានដុល្លារ ពីម្ចាស់ជំនួយយ៉ាងហោចណាស់៣នាក់នៅខែធ្នូ ដើម្បីចាត់ទុកថាអាចដំណើរការបាន។មូលនិធិ ដែលបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគ្រប់គ្រងនៅក្នុងមូលដ្ឋានបរិស្ថានសកល (GEF) ដែលជាយន្តការមួយត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវសាស្ត្រចម្រុះ និងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ ដែលបានផ្តល់ថវិកាជាង២៣ពាន់លានដុល្លារ ដល់គម្រោងបរិស្ថានចំនួនរាប់ពាន់ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ៕

ជនរងគ្រោះពីចំហេះព្រៃរដ្ឋហាវ៉ៃមួយចំនួនត្រូវបានកំណត់អត្តសញ្ញាណ ខណៈអ្នកស្លាប់នៅតែមានចំនួន១១៥នាក់

2023/08/25 12:16:14 pm        85
អាមេរិក៖ នាយកដ្ឋាននគរបាលកោះម៉ូអ៊ី បានកំណត់អត្តសញ្ញាណជនរងគ្រោះមួយចំនួនបន្ថែមទៀតពីចំហេះព្រៃនៅទីក្រុងឡាហេណា កាលពីថ្ងៃទី៨ ខែសីហា ប៉ុន្តែចំនួនអ្នកស្លាប់សរុបដែលបានបញ្ជាក់នៅតែមានចំនួន ១១៥នាក់ដដែល។ ក្នុងចំណោមអ្នកស្លាប់ចំនួន១១៥នាក់នោះ មានជនរងគ្រោះចំនួន៣៥នាក់ត្រូវបានកំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសាររបស់ពួកគេបានជូនដំណឹង ខណៈដែលអ្នកស្លាប់ចំនួន១១នាក់ទៀតត្រូវបានគេកំណត់អត្តសញ្ញាណដែរ ប៉ុន្តែនាយកដ្ឋាន MPD បាននិយាយថា គ្រួសាររបស់ពួកគេមិនត្រូវបានគេរកឃើញ ឬផ្តល់ដំណឹងឡើយ។ទីភ្នាក់ងារតំបន់នៃកោះម៉ូអ៊ី បានប្តឹងក្រុមហ៊ុនសហគ្រាសអគ្គិសនីរដ្ឋហាវ៉ៃ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន រួមទាំងក្រុមហ៊ុនអគ្គិសនីកោះម៉ូអ៊ី កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ថា ការធ្វេសប្រហែសរបស់ក្រុមហ៊ុននេះ បាននាំឱ្យមានចំហេះព្រៃកាលពីថ្ងៃទី៨ ខែសីហា ដែលបានបំផ្លាញទីក្រុងឡាហេណា ភាគច្រើននេះ។បណ្តឹងនេះ ស្ថិតនៅក្នុងតុលាការថ្នាក់ទីពីរ ដោយបានចោទប្រកាន់ក្រុមហ៊ុនអគ្គិសនីរដ្ឋហាវ៉ៃ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ថាបានប្រព្រឹត្តដោយការធ្វេសប្រហែស ដោយខកខានមិនបានបិទថាមពលដល់ឧបករណ៍អគ្គិសនីរបស់ពួកគេ បើទោះបីជាសេវាអាកាសធាតុជាតិ ចេញ «ការព្រមានទង់ក្រហម» ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា មួយថ្ងៃមុនពេលចំហេះព្រៃបានផ្ទុះឡើង ក៏ដោយ។រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃទីក្រុងឡាហេណា នៅតែមានចំនួន១១៥នាក់ ខណៈមនុស្សប្រហែល១០០០នាក់ទៅ១១០០នាក់នៅបន្តបាត់ខ្លួននៅឡើយ។ ចំហេះនៅទីក្រុងឡាហេណា និងកោះគូឡា បានដុតបំផ្លាញផ្ទៃដីជាង៣.០០០ហិចតា និងបានបំផ្លាញសំណង់ជាង២.២០០ទីតាំង ដែលភាគច្រើនជាលំនៅឋាន និងបានបណ្តាលឱ្យមានការខូចខាតសរុបជាទឹកប្រាក់ប្រមាណ៥,៥ពាន់លានដុល្លារអាមេរិកផងដែរ៕

សហរដ្ឋអាមេរិក ប្តឹងក្រុមហ៊ុនអវកាស SpaceX ដោយចោទប្រកាន់ថាមានភាពលម្អៀងក្នុងការជួលបុគ្គលិក

2023/08/25 12:13:23 pm        98
អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុនរ៉ុកែត និងផ្កាយរណប ដែលគ្រប់គ្រងដោយមហាសេដ្ឋីលោក Elon Musk កាលពីថ្ងៃព្រហស្បតិ៍ (២៤សីហា) ពីបទរើសអើងប្រឆាំងនឹងអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួនក្នុងការជួលបុគ្គលិក។ យោងតាមបណ្តឹងរបស់ក្រសួងយុត្តិធម៌ DOJ បានឲ្យដឹងថា យ៉ាងហោចណាស់ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនអវកាស SpaceX បានបំបាក់ទឹកចិត្តអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ពីការដាក់ពាក្យសុំការងារ ហើយជៀសវាងការពិចារណារើសយកពួកគេ ដោយសារតែស្ថានភាពសញ្ជាតិរបស់អ្នកទាំងនោះ ដូច្នេះនេះជាការរំលោភលើច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។ក្រសួងយុត្តិធម៌បាននិយាយថា នៅក្នុងការប្រកាសការងារ និងសេចក្តីថ្លែងការណ៍ជាសាធារណៈក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន SpaceX បានអះអាងដោយខុសថា ក្រោមនិយ័តកម្មរបស់សហព័ន្ធ ដែលគេស្គាល់ថាជាច្បាប់គ្រប់គ្រងការនាំចេញ ក្រុមហ៊ុន SpaceX អាចជួលបុគ្គលិកបានតែពលរដ្ឋអាមេរិក និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដែលជួនកាលហៅថា «អ្នកមានកាតបៃតង»។នាយកដ្ឋានយុត្តិធម៌ ក៏បានចង្អុលទៅការបង្ហោះតាមអ៊ីនធឺណិត ពីម្ចាស់ក្រុមហ៊ុនមួយនេះគឺលោក Musk ជាឧទាហរណ៍នៃ «សេចក្តីថ្លែងការណ៍សាធារណៈដែលបានរើសអើង»។ ពាក្យបណ្តឹង នេះបានសំអាងដល់ការបង្ហោះក្នុងខែមិថុនាឆ្នាំ២០២០ នៅលើបណ្ដាញសង្គម X ដែលពីមុនមានឈ្មោះថាបណ្ដាញសង្គម Twitter ដោយនាយកប្រតិបត្តិក្រុមហ៊ុននេះគឺលោក Musk ទៅកាន់អ្នកតាមដានចំនួន៣៦លាននាក់របស់លោកថា «ច្បាប់របស់សហរដ្ឋអាមេរិក ទាមទារយ៉ាងហោចណាស់កាតបៃតង ដើម្បីក្លាយជាបុគ្គលិកនៅក្រុមហ៊ុន SpaceX ព្រោះគ្រាប់រ៉ុកែតគឺជាបច្ចេកវិទ្យាអាវុធទំនើប»។ក្រសួងយុត្តិធម៌បាននិយាយថា សហរដ្ឋអាមេរិក បានពិចារណាដោយស្មើភាព និងទាមទារប្រាក់សំណងសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ដែលត្រូវបានរារាំង ឬបដិសេធការងារនៅក្រុមហ៊ុន SpaceX ដោយសារតែការរើសអើង ដែលត្រូវបានចោទប្រកាន់នោះ៕

ក្រុមស្ត្រីអ៊ីស្រាអែល ទាមទារសិទ្ធិក្នុងការតវ៉ា ចំពោះការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់លោក Netanyahu

2023/08/25 12:10:58 pm        94
អ៊ីស្រាអែល៖ ជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់បានដើរដង្ហែរឆ្លងកាត់តំបន់ក្រុមជ្រុលនិយម Bnei Brak កាលពីថ្ងៃព្រហស្បតិ៍ (២៤ សីហា) ដើម្បីទាមទារសិទ្ធិរបស់ស្ត្រី បន្ទាប់ពីមានការកែប្រែប្រព័ន្ធតុលាការដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងរបស់រដ្ឋាភិបាល បានធ្វើឱ្យអ៊ីស្រាអែលធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួន និងបង្កឱ្យមានការតវ៉ាដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស ព្រមទាំងការព្រួយបារម្ភយ៉ាងខ្លាំងនៅបរទេសផងដែរ។ផែនការរបស់រដ្ឋាភិបាល បានធ្វើឱ្យមានការខ្វែងគំនិតគ្នាក្នុងចំណោមសាធារណៈជនអ៊ីស្រាអែល និងសូម្បីតែនៅក្នុងជួរយោធា ដែលត្រូវបានចាត់ទុកថាជាសក្តានុពលនៃការរលាយនយោបាយសម្រាប់សង្គមដ៏ប្រេះស្រាំមួយ ជាមួយនឹងការព្រួយបារម្ភអំពីការត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាម ត្រូវបានបញ្ចេញនៅលើភាគីទាំងពីរនៃការពិភាក្សា។ ក្រុមអ្នកគាំទ្រច្បាប់អះអាងថា កំណែទម្រង់នេះផ្តល់តុល្យភាពឡើងវិញដល់សាខារដ្ឋាភិបាល ខណៈក្រុមអ្នករិះគន់និយាយថា វាដកការត្រួតពិនិត្យ និងតុល្យភាពលើអំណាចរដ្ឋាភិបាល។តុលាការកំពូលរបស់អ៊ីស្រាអែល បានចាប់ផ្តើមសវនាការកាលពីថ្ងៃព្រហស្បតិ៍ (៣ សីហា) ដែលជាសវនាការដំបូងក្នុងបណ្ដឹងឧទ្ធរណ៍ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការកែប្រែប្រព័ន្ធតុលាការ ដែលធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងក្រុមចម្រុះស្តាំនិយមរបស់លោក ដែលបានបង្កើតជាវិបត្តិក្នុងស្រុកមិនធ្លាប់មានពីមុនមក៕

ក្រុមគាំទ្រទីក្រុងគីវ ជាជនជាតិរុស្ស៊ី ជំរុញឲ្យក្រុមទាហានស៊ីឈ្នួលវ៉េកណាសងសឹកចំពោះការស្លាប់របស់លោកប្រ៊ីកូស៊ីន

2023/08/25 12:08:45 pm        199
រុស្ស៊ី៖ ក្រុមសកម្មប្រយុទ្ធជនជាតិរុស្ស៊ីមួយក្រុមដែលស្ថិតនៅក្នុងទឹកដីអ៊ុយក្រែន បានអំពាវនាវដល់ក្រុមទាហានស៊ីឈ្នួលវ៉េកណា (Wagner) មកចូលរួមជាមួយពួកគេដើម្បីសងសឹកការស្លាប់របស់ស្ថាបនិក      ក្រុមវ៉េកណា លោក យ៉េហ្គេនី ប្រ៊ីកូស៊ីន(Yevgeny Prigozhin) និងមេបញ្ជាការរបស់ពួកគេគឺលោកឌីមីទ្រី អ៊ុគីន (Dmitry Utkin)។ ក្រុមអាជ្ញាធរដែនអាកាសរបស់រុស្ស៊ី បាននិយាយថា លោក Prigozhin និង លោក Utkin ព្រមទាំងមនុស្ស៨នាក់ផ្សេងទៀត ស្ថិតនៅលើយន្តហោះខ្នាតតូចឯកជនមួយគ្រឿង ដែលបានធ្លាក់ពុំមាននរណាម្នាក់រួចផុតជីវិតឡើយ នៅភាគខាងជើងទីក្រុង ម៉ូស្គូ កាលពីថ្ងៃពុធ។  មេបញ្ជាការកងពលស្ម័គ្រចិត្តរុស្ស៊ី (RVC) លោក ដេនីស កាពូស្ទីន (Denis Kapustin) បាននិយាយនៅក្នុងវីដេអូ មួយ បញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ ថា នៅពេលនេះ អ្នកកំពុងប្រឈមនឹងជម្រើសដ៏លំបាក អ្នកអាចឈរក្រោមសម្ពាធរបស់ក្រសួងការពារជាតិរុស្ស៊ី ហើយធ្វើជាឆ្មាំឃ្លាំមើលក្រុមអ្នកប្រតិបត្តិបញ្ជាការរបស់អ្នក ឬសងសឹក។មេបញ្ជាការរូបនេះបាននិយាយថា ដើម្បីសងសឹកបាន អ្នកចាំបាច់ត្រូវផ្លាស់ប្ដូរភាគីហេតុការណ៍នេះ បានកើតឡើង២ ខែ បន្ទាប់ពីលោក Prigozhin និង កងទ័ពទាហានស៊ីឈ្នួលរបស់លោក បានក្រោកបះបោរ ប្រឆាំងក្រុមមេបញ្ជាការរបស់យោធារុស្ស៊ី ដែលបានពួកគេបានគ្រប់គ្រងតំបន់រ៉ូវស្តូវ (Rostov )ភាគខាងត្បូង និងបានចូលទៅកាន់ទីក្រុងម៉ូស្គូ មុនពេលត្រឡប់ក្រោយវិញ នៅចម្ងាយប្រហែល២០០គីឡូម៉ែត្រពីរដ្ឋធានី។ រុស្ស៊ី បានបើកការស៊ើបអង្កេត ករណី ធ្លាក់យន្តហោះនេះ ប៉ុន្តែលទ្ធផលទំនងជាមិនធ្វើឲ្យមានការផ្លាស់ប្ដូរលើការវាយតម្លៃជាទូទៅដែលថា គេជឿថាលោក Prigozhin បានស្លាប់ ដោយសារតែការបះបោរនោះទេ៕

តៃវ៉ាន់រាយការណ៍ ពីសកម្មភាពយោធាចិនជាថ្មី មានយន្តហោះច្រើនគ្រឿងនៅក្នុងតំបន់ឆ្លើយតប

2023/08/25 12:06:30 pm        105
តៃវ៉ាន់៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធាចិនកើតមានជាថ្មីនៅជុំវិញកោះនៅថ្ងៃសុក្រនេះ រួមមាន យន្តហោះ១៣គ្រឿង ដែលបានចូលមកតំបន់ឆ្លើយតបរបស់កោះតៃវ៉ាន់ និងមាននាវា ៥គ្រឿង កំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ។ កាលពីថ្ងៃសៅរ៍ ប្រទេសចិន បានធ្វើសមយុទ្ធមួយថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ក្នុងការឆ្លើយតបដ៏ខឹងសម្បារចំពោះការឈប់ចតរយៈពេលខ្លីនៅក្នុងខែនេះនៅសហរដ្ឋអាមេរិក ធ្វើឡើងដោយមេដឹកនាំលំដាប់ទី២ លោក William Lai។ ក្រសួងបាននិយាយថា ដោយចាប់ផ្តើមនៅម៉ោង៧ព្រឹកម៉ោងក្នុងតំបន់ ក្រសួងបានប្រទះឃើញ យន្តហោះ យន្តហោះប្រយុទ្ធ យន្តហោះទម្លាក់គ្រាប់បែករបស់ចិន និងយានដ្រូន ចំនួន២២គ្រឿង ដែលក្នុងចំណោមនេះ១៣គ្រឿងបានចូលមកក្នុងតំបន់ឆ្លើយតបរបស់កោះតៃវ៉ាន់ ទោះបីជាក្រសួងពុំបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។  ក្រសួងនិយាយថា កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះ និងនាវាដើម្បីតាមដានយន្តហោះទាំងនោះ។ កោះតៃវ៉ាន់ពុំបានផ្សព្វផ្សាយជាសាធារណៈ នៅទីតាំងតំបន់ឆ្លើយតបរបស់ខ្លួននោះទេ ប៉ុន្តែរក្សាការឃ្លាំមើលខ្លាំងបំផុតនៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់ទៅកាន់ភាគខាងត្បូង និងភាគនិរតីរបស់កោះ ជាកន្លែងដែលមានសកម្មភាពយោធារបស់ចិន តែងតែផ្តោតទៅលើ។ ប្រទេសចិនពុំបានប្រកាសពីសមយុទ្ធបន្ថែមទៀតនោះទេ នៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីថ្ងៃសៅរ៍ ទោះបីជាប្រទេសនេះ ជាញឹកញាប់មានបេសកកម្មបែបនេះ ដោយគ្មានការទទួលស្គាល់ជាមុន ឬនៅពេលក្រោយក៏ដោយ។ក្រសួង នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក នៅព្រឹកថ្ងៃសុក្រនេះ បាននិយាយថាអំឡុងរយៈពេល២៤ម៉ោងមុន ខ្លួនបានប្រទះឃើញ យានដ្រូនចិន២គ្រឿង នៅកោះតៃវ៉ាន់ភាគខាងជើង ដែលយានទាំងពីរនេះ បានឆ្លងកាត់បន្ទាត់មេដ្យានច្រកសមុទ្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
06/20/2026 11:06 AM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/20/2026 11:06 AM
នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM
បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
06/20/2026 10:06 AM