សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋកម្ពុជានៅថៃ បង្ហាញការពេញចិត្តនាយករដ្ឋមន្ត្រីថ្មីទើបចូលកាន់តំណែង

2023/08/23 02:43:16 pm        485
ភ្នំពេញ៖ ក្រុមពលករ និងសិស្សនិស្សិតខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បានចេញអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការចេញអបអរសាទរនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិនីតិកាលទី៧ បានបោះឆ្នោតផ្តល់​សេចក្តីទុកចិត្តជូនគណៈរដ្ឋមន្ត្រីថ្មី ​កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។តាមរយៈសាវីដេអូដែលអ្នកសារព័ត៌មានទទួលបាន ​ពលករទាំងនោះមានមកពីគ្រប់តំបន់ផ្សេងៗគ្នា ពលករបានលើកឡើងព្រមៗគ្នាថា ​បណ្ឌិតហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារីកចម្រើន ហើយនឹងបន្តរក្សាបាននូវសុខសន្តិភាពដែលកម្ពុជាកំពុងមានបន្តទៀត។

ជនអន្តោប្រវេសន៍បាក់ទឹកចិត្តរាប់ម៉ឺននាក់ បានជាប់ខ្លួនងក្នុងប្រទេសនីហ្សេ ដោយសារការបិទព្រំដែនក្រោយរដ្ឋប្រហារ

2023/08/23 02:39:32 pm        167
បន្ទាប់ពីឆ្លងកាត់វាលខ្សាច់រយៈពេល៣ខែ ហើយបានមើលឃើញជនអន្តោប្រវេសន៍ផ្សេងទៀតស្លាប់នៅសមុទ្រក្នុងការប៉ុនប៉ងបរាជ័យរបស់ខ្លួន ដើម្បីទៅដល់អឺរ៉ុប  បុរស សាចន យ៉ាមបាស៊ុ (Sahr John Yambasu) បានបោះបង់ការឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ហើយសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ។បុរសអាយុ២៩ឆ្នាំរូបនេះ មកពីប្រទេសសៀរ៉ាឡេអូន បានទៅដល់ប្រទេសនីហ្សេ ក្នុងខែមិថុនា ក្នុងការធ្វើដំណើរត្រឡប់មកវិញរបស់គាត់ ប៉ុន្តែមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា គាត់ត្រូវរង់ចាំនៅមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ដែលមានមនុស្សច្រើនណែនតាន់តាប់ មុនពេលគាត់អាចត្រូវបានធ្វើមាតុភូមិនិវត្តន៍។នៅពេលនោះ ទាហានបះបោរបានផ្តួលរំលំប្រធានាធិបតីនីហ្សេរីយ៉ាប៉ុន្មានសប្តាហ៍ក្រោយមក ដោយនាំមកនូវភាពតានតឹងក្នុងតំបន់ និងការបិទព្រំដែន ហើយបុរសយ៉ាមបាស៊ុ ក៏ត្រូវជាប់នៅទីនោះ៕

ក្រុមហ៊ុនអាកាសចរណ៍ Air Koryo នឹងហោះហើរ រវាងទីក្រុងព្យុងយ៉ាង និងប៉េកាំង ៣ដងក្នុង១សប្តាហ៍

2023/08/23 02:36:07 pm        158
កូរ៉េខាងជើង៖ បើយោងតាមការឆ្លើយតបពីអាជ្ញាធរ ចំពោះសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ (ទី២៣ ខែសីហា) នេះ បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បានយល់ព្រមឲ្យក្រុមហ៊ុនអាកាសចរណ៍ Air Koryo របស់ប្រទេសកូរ៉េខាងជើង ហោះហើរធ្វើការ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងចំនួន ៣ថ្ងៃ ក្នុងមួយសប្ដាហ៍ គឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី២៨ ខែតុលា។ជាមួយគ្នានេះ អាកាសចរណ៍ស៊ីវិលរបស់ចិន បានឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ចិន Air China ដែលធ្លាប់ហោះហើរ រវាងទីក្រុងទាំងពីរនោះ មិនបានអនុវត្តការចាប់ផ្ដើមហោះហើរឡើងវិញលើផ្លូវហោះហើរចិន-កូរ៉េខាងជើងនោះទេ ហើយប្រាប់ថា និយតករផ្តល់ការយល់ព្រមលើការហោះហើរតាមរដូវកាល។លោក Simon Cockerell អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនដំណើរកម្សាន្ត Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ជាធម្មតាមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo ប្រហែលពី ៣ ទៅ ៥ជើង រវាងទីក្រុងប៉េកាំង និងព្យុងយ៉ាង ក្នុងមួយសប្តាហ៍ ដោយអាស្រ័យលើរដូវកាល និងតម្រូវការ ក៏ដូចជាមានជើងហោះហើរទៅកាន់ទីក្រុងស៊ាងហៃ និងទីក្រុង Shenyang ផងដែរ។ជើងហោះហើររបស់ Air Koryo ពីទីក្រុងព្យុងយ៉ាង បានចុះចតនៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអង្គារ (ទី២២ ខែសីហា) ជាលើកដំបូង គិតចាប់តាំងពីមានការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ចាប់ផ្តើមក្នុងឆ្នាំ២០២០ ខណៈដែលកូរ៉េខាងជើងបានបើកព្រំដែនរបស់ខ្លួនឲ្យអ្នកដំណើរឆ្លងកាត់ចេញចូល៕

អង្គការសហប្រជាជាតិ ត្រូវបានជំរុញឱ្យកាត់ផ្ដាច់ទំនាក់ទំនង ជាមួយបណ្ដាមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា

2023/08/23 02:20:47 pm        89
មីយ៉ាន់ម៉ា៖ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងសហភាពមីយ៉ាន់ម៉ា បានរិះគន់ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths ជុំវិញដំណើររបស់លោកទៅកាន់ប្រទេសនេះនាពេលថ្មីៗនេះ ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់លោកមិនបានធ្វើឱ្យមានការជឿនលឿនច្រើនលើជំនួយមនុស្សធម៌នោះទេ និងបានផ្តល់ភាពស្របច្បាប់ដល់ក្រុមមេដឹកនាំរដ្ឋប្រហារ ដែលប្រើប្រាស់ជំនួយជាអាវុធ មួយនេះទៀតផង។ក្រុមសង្គមស៊ីវិលនេះបាននិយាយថា «ការចូលរួមគោលការណ៍ផ្នែកមនុស្សធម៌ ត្រូវតែមើលឃើញការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA និងភ្នាក់ងារមនុស្សធម៌ដទៃទៀតរបស់អង្គការសហប្រជាជាតិ កាត់ផ្ដាច់ទំនាក់ទំនងជាមួយរបបយោធាឧក្រិដ្ឋកម្មខុសច្បាប់មីយ៉ាន់ម៉ានេះ ដែលប្រើប្រាស់ជំនួយជាអាវុធ និងជាឫសគល់នៃការឈឺចាប់មនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ា"។លោក Griffiths ដែលជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានធ្វើដំណើរទៅកាន់រដ្ឋធានី Naypyidaw សហភាពមីយ៉ាន់មា កាលពីសប្តាហ៍មុន ជាទីដែលលោកត្រូវបានគេថតរូបដាក់នៅលើទំព័រមុខនៃសារព័ត៌មាន Global New Light របស់មីយ៉ាន់ម៉ា ក្នុងការចាប់ដៃជាមួយមេទ័ព ដែលជាឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Min Aung Hlaing ដែលបានដឹកនាំការដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ២០២១ របស់យោធា។កាលពីខែកក្កដា ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា យោធាមីយ៉ាន់ម៉ាបានចូលរួមក្នុង «ការបដិសេធជាប្រព័ន្ធ» នៃការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរាប់លាននាក់ដែលត្រូវការជំនួយ ដោយបង្កើតរបាំងផ្លូវច្បាប់ ហិរញ្ញវត្ថុ និងការិយាធិបតេយ្យ ដើម្បីរារាំងប្រជាជនពីការទទួលបានជំនួយ៕

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រទេសចិន ជុំវិញការធ្វើសមានកម្មដោយបង្ខំលើកុមារទីបេតិ៍

2023/08/23 02:17:46 pm        88
អាមេរិក៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ (២២សីហា)ថា ខ្លួនកំពុងដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីចិនដែលបន្ត «ការធ្វើសមានកម្មដោយបង្ខំ» របស់កុមារនៅក្នុងតំបន់ទីបេតិ៍ ជាទីដែលក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិនិយាយថា កុមារចំនួន១លាននាក់ត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេ។នៅក្នុងសកម្មភាពចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកលើទីក្រុងប៉េកាំង បើទោះបីជាមានការបន្តកិច្ចសន្ទនាកម្រិតខ្ពស់ឡើងវិញក៏ដោយ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ការរឹតត្បិតទិដ្ឋាការដល់មន្ត្រីចិនដែលនៅពីក្រោយគោលនយោបាយផ្តល់អាហារូបករណ៍របស់រដ្ឋ។ចាប់តាំងពីឆ្នាំ២០២១មក សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន ពីបទប្រល័យពូជសាសន៍នៅក្នុងតំបន់មួយផ្សេងទៀត គឺតំបន់ស៊ីនជាំង តាមរយៈអ្វីដែលក្រុមមន្ត្រីសហរដ្ឋអាមេរិក ក្រុមសិទ្ធិមនុស្ស និងសាក្សីនិយាយថា គឺជាបណ្តាញដ៏ធំនៃជំរំពលកម្មដោយបង្ខំ ប៉ុន្តែប្រទេសចិនបានបដិសេធការចោទប្រកាន់នេះ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនេះបាននិយាយថា ការរឹតបន្តឹងថ្មីនេះនឹងអនុវត្តចំពោះមន្ត្រីបច្ចុប្បន្ន និងអតីតមន្រ្តី ដែលពាក់ព័ន្ធនឹងគោលនយោបាយអប់រំនៅទីបេតិ៍ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយលើកឡើងពីច្បាប់សម្ងាត់របស់សហរដ្ឋអាមេរិកស្តីពីកំណត់ត្រាទិដ្ឋាការ៕

ប្រធានាធិបតីអាមេរិក នឹងចូលរួមកិច្ចប្រជុំកំពូលG20 នៅឥណ្ឌា

2023/08/23 02:09:34 pm        114
អាមេរិក៖ .រដ្ឋាភិបាលអាមេរិក បាននិយាយថាប្រធានាធិបតីលោក Joe Biden នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 នៅក្នុងប្រទេសឥណ្ឌានៅខែក្រោយ។ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan បានប្រកាសកាលពីថ្ងៃអង្គារថាលោក Biden នឹងធ្វើដំណើរទៅកាន់ទីក្រុង New Delhi ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញាដើម្បីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំប្រទេស G20។ សេតវិមាននិយាយថា លោក Biden និងដៃគូប្រទេស G20 នឹងពិភាក្សាកិច្ចប្រឹងប្រែងរួមជាបន្តបន្ទាប់ដើម្បីដោះស្រាយ បញ្ហាសកល រួមទាំងការផ្លាស់ប្តូរទៅរកថាមពលស្អាត និងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។សេតវិមាននិយាយថាមេដឹកនាំទាំងអស់ នឹងផ្តោតលើយុទ្ធសាស្ត្រដើម្បីសម្រាលផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមបង្កឡើងដោយសង្គ្រាមរបស់ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin នៅអ៊ុយក្រែន។ លោក Sullivan និយាយថា លោក Biden នឹងមានជំនួបទ្វេរភាគីមួយចំនួន អំឡុងការស្នាក់នៅរបស់លោក ប៉ុន្តែពុំបានផ្តល់ព័ត៌មានល្អិតនោះទេ។ ការយកចិត្តទុកដាក់នោះ គឺផ្តោតលើថា លោក Biden នឹងជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ឬយ៉ាងណា។ លោក Sullivan និយាយថា អនុប្រធានាធិបតីលោកស្រី Kamala Harris នឹងចូលរួមកចិ្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅដើមខែក្រោយ៕

ប្រទេសហ្វីលីពីន៖ មូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូង ត្រូវបានផ្គត់ផ្គង់ឡើងវិញបើទោះបីជាមានការយាយីពីប្រទេសចិនក៏ដោយ

2023/08/23 01:48:50 pm        97
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនបានបញ្ជូនសម្ភារៈផ្គត់ផ្គង់ដោយជោគជ័យដល់កងម៉ារីននៅលើនាវា BRP Sierra Madre ដែលជាមូលដ្ឋានយោធាដែលចាស់ទ្រុឌទ្រោមនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែង ទោះបីជាមានការប៉ុនប៉ងដោយនាវាចិន ដើម្បីរារាំងបេសកកម្មនេះក៏ដោយ។ក្រុមការងារជាតិសម្រាប់សមុទ្រហ្វីលីពីនខាងលិច បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជូនសម្ភារៈផ្គត់ផ្គង់ដោយជោគជ័យដល់នាវាចូលចតដែលជាប់គាំងនៅលើកោះប៉ប្រះទឹកថូម៉ាសទី២ ( Second Thomas Shoal ) ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល ដែលប្រទេសចិនហៅថា Renai Reef (តំបន់ថ្មប៉ប្រះទឹករីណៃ)ហើយថែមទាំងអះអាងថា ជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន។ក្រុមការងារ បាននិយាយថា បេសកកម្មនេះ ត្រូវបានអនុវត្ត ទោះបីជាមានការប៉ុនប៉ងដោយឆ្មាំល្បាតសមុទ្រចិន និងកងជីវពលដែនសមុទ្រចិន ដើម្បីរារាំង យាយី និងជ្រៀតជ្រែក ក្នុងបេសកកម្មផ្គត់ផ្គង់នេះក្តី។កងជីវពលដែនសមុទ្ររបស់ប្រទេសចិន គឺជានាវារាប់រយគ្រឿងដ៏ខ្លាំងក្លា ហើយដើរតួជាកម្លាំងមិនផ្លូវការ និងមិនអាចប្រកែកបានជាផ្លូវការ ដែលទីក្រុងប៉េកាំងប្រើ ដើម្បីជំរុញការទាមទារទឹកដីរបស់ខ្លួនទាំងនៅក្នុងសមុទ្រចិនខាងត្បូង និងហួសពីនេះ បើយោងតាមហ្វីលីពីន សហរដ្ឋអាមេរិក និងអ្នកជំនាញសន្តិសុខសមុទ្រលោកខាងលិច៕

ចិនបង្ហាញភាពមិនពេញចិត្តខាងការទូត ចំពោះជប៉ុន ជុំវិញការសម្រេចបង្ហូរទឹកកង្វក់នុយក្លេអ៊ែរ

2023/08/23 01:46:15 pm        129
ចិន៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong (ស៊ុន វ៉ីតុង) កាលពីថ្ងៃអង្គារ (ទី២២ ខែសីហា) បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសចិនលោក Hideo Tarumi (ហ៊ីដេអុ ថារូមិ) ឲ្យមកទទួលស្ដាប់ការជំទាស់យ៉ាងដាច់អហង្ហការ ជុំវិញការសម្រេចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការចាប់ផ្តើមបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ ចាប់ពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) ស្អែកនេះ។អមជាមួយនឹងបញ្ជាក់បន្ថែមពីការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងដាច់អហង្ហាររបស់ប្រទេសចិន ចំពោះការសម្រេចនេះ លោក Sun បានចង្អុលបង្ហាញថា៖ «ដោយមិនយកចិត្តទុកដាក់លើការសង្ស័យ និងការប្រឆាំងយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលជប៉ុនបានប្រកាសយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្ហូរចេញនូវទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ្វូគូស៊ីម៉ា (Fukushima) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទង្វើបែបនេះ ជាការបញ្ជូនយ៉ាងច្បាស់ក្រឡែតនូវហានិភ័យនៃការបំពុលនុយក្លេអ៊ែរទៅកាន់ប្រទេសជិតខាង ក្នុងនោះរួមទាំងប្រទេសចិន និងសហគមន៍អន្តរជាតិផ្សេងទៀត ដោយដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសមួយ លើសពីសុខុមាលភាពយូរអង្វែងរបស់ប្រជាជន ក្នុងតំបន់ និងជុំវិញពិភពលោក ដែលជារឿងអាត្មានិយមបំផុត និងគ្មានការទទួលខុសត្រូវ»។លោក Sun បានបន្តទៀតថា ប្រទេសចិនទទូចយ៉ាងខ្លាំងដល់ភាគីជប៉ុនឲ្យលុបចោលការសម្រេចចិត្តខុសរបស់ខ្លួននេះ បញ្ឈប់ការបន្តគម្រោងបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរនេះ ទំនាក់ទំនងជាមួយប្រទេសជិតខាងដោយស្មោះត្រង់ និងដោះស្រាយបញ្ហា ដោយការទទួលខុសត្រូវ ដើម្បីជៀសវាងការបង្កការខូចខាត និងគ្រោះថ្នាក់ដែលមិនអាចទាយទុកជាមុនបាន ចំពោះបរិស្ថានសមុទ្រពិភពលោក។ ជាមួយគ្នានេះ លោកក៏បានព្រមានថា ប្រសិនបើជប៉ុនទទូចចង់បន្តដំណើរការរបស់ខ្លួន រដ្ឋាភិបាលចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវបរិស្ថានសមុទ្រ សុវត្ថិភាពអាហារ និងសុខភាពសាធារណៈ។នៅព្រឹកថ្ងៃដដែលនោះ ស្ថានទូតចិន នៅទីក្រុងតូក្យូ ក៏បានធ្វើការតវ៉ា ចំពោះការសម្រេចចិត្តរបស់ប្រទេសជប៉ុន ដោយហៅការធ្វើបែបនេះថា «គ្មានការទទួលខុសត្រូវ និងអាត្មានិយមបំផុត»៕

ប្រធានាធិបតីប៉ូឡូញ៖ រុស្ស៊ីកំពុងផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរទៅប្រទេសបេឡារុស

2023/08/23 01:41:47 pm        105
ប៉ូឡូញ៖ ប្រទេសប៉ូឡូញ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី កំពុងផ្ទេរអាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីមួយចំនួនទៅកាន់ប្រទេសបេឡារុស ដែលជាទង្វើមួយដែលប្រធានាធិបតីប៉ូឡូញ លោក អានហ្សេ ឌូដា Andrzej Duda បាននិយាយថា អាចផ្លាស់ប្តូរសម្ព័ន្ធភាពណាតូនៅក្នុងតំបន់នេះ។ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយកាលពីខែមុនថា ទីក្រុងមូស្គូ បានដឹកជញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនរបស់ខ្លួនទៅប្រទេសបេឡារុសរួចហើយ បន្ទាប់ពីបានប្រកាសផែនការកាលពីខែមីនា។ព័ត៌មានអំពីការផ្លាស់ប្តូរនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសបេឡារុស បានចេញការជូនដំណឹងកាលពីថ្ងៃចន្ទសម្រាប់ពលរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសឲ្យចាកចេញជាបន្ទាន់ ហើយបានព្រមានប្រឆាំងនឹងការធ្វើដំណើរនៅទីនោះ។ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រទេសលីទុយអានី បានបិទច្រកព្រំដែនសំខាន់ៗចំនួនពីររបស់ខ្លួនជាមួយប្រទេសបេឡារុស ជុំវិញការព្រួយបារម្ភអំពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដែលបានបង្កើតប្រតិបត្តិការ នៅក្នុងប្រទេសនេះ។ទីក្រុងមូស្គូ បាននិយាយថា ខ្លួននឹងរក្សាការគ្រប់គ្រងលើក្បាលគ្រាប់ដែលខ្លួនបញ្ជូនទៅកាន់ប្រទេសបេឡារុស។ បេឡារុស គឺជាប្រទេសសំខាន់ និងជាយុទ្ធសាស្ត្រ ព្រោះប្រទេសនេះមានព្រំប្រទល់ជាប់នឹងអង្គការណាតូ ដូចជាប៉ូឡូញ លីទុយអានី និងឡាតវី ជាបន្ថែមពីលើប្រទេសអ៊ុយក្រែន៕

ខែសីហា ឆ្នាំ ២០២៣នេះ គឺជាខួបលើកទី៦នៃវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine សហភាពមីយ៉ាន់ម៉ា

2023/08/23 12:44:03 pm        91
មីយ៉ាន់ម៉ា៖ ខែសីហា ឆ្នាំ ២០២៣នេះ គឺជាខួបលើកទី ៦នៃការរត់ភៀសខ្លួនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ៧៣ម៉ឺននាក់ ចេញពីរដ្ឋ Rakhine សហភាពមីយ៉ាន់ម៉ា ទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ក្រោយការបង្ក្រាបយ៉ាងចាស់ដៃដឹកនាំដោយយោធា ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមជីវពលមូស្លីមមកលើប៉ុស្តិ៍សន្តិសុខមីយ៉ាន់ម៉ា ។ ជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៣ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីរដ្ឋ Rakhineកាលពីខែសីហា ឆ្នាំ ២០១៧ ក្រោយវិធានការបោសសម្អាតរបស់យោធាដែលជនភៀសខ្លួននិយាយថា រួមមានទាំងការសម្លាប់រង្គាល និងការចាប់រំលោភសេពសន្ថវៈ ។ ក្រុមសិទ្ធិមនុស្ស បានចងក្រងជាឯកសារនូវការសម្លាប់ទ្រង់ទ្រាយធំ និងការដុតបំផ្លាញភូមិដ្ឋានរបស់ពួកគេ ។ សហភាពមីយ៉ាន់ បានប្រឈមនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធនឹងការបង្ក្រាបដ៏ឃោឃៅរបស់ពួកគេ ។ ពួកគេបានច្រានចោលការប្រល័យពូជសាសន៍ និងបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានចុះប្រតិបត្តិការដោយស្របច្បាប់ ប្រឆាំងនឹងក្រុមជីវពល ដែលបានវាយប្រហារមកលើប៉ុស្តិ៍នគរបាលរបស់ពួកគេ ។ ដោយឡែក ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ១លាននាក់ បានរស់នៅក្នុងជំរំជនភៀសខ្លួនស្ថិតនៅតំបន់ភាគនិរតីប្រទេសបង់ក្លាដែស ដែលបច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាជំរំជនភៀសខ្លួនធំជាងគេបំផុតនៅលើពិភពលោក ។ ភាគច្រើននៃពួកគេបានរស់នៅទីនោះ ដោយសារតែវិធានការបង្រ្កាបរបស់យោធា កាលពីរយៈពេលជិត ៦ឆ្នាំមុន ប៉ុន្តែពួកគេមួយចំនួនទៀត បានរស់នៅទីនោះជាយូរមកហើយ ។ កាលពីចុងឆ្នាំ ២០២០ រដ្ឋាភិបាលបង់ក្លាដែស បានចាប់ផ្តើមផ្ទេរជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ ទៅកាន់កោះដាច់ស្រយាល ស្ថិតនៅក្នុងច្រកសមុទ្របឹងហ្គាល់ បើទោះបីជាមានក្តីកង្វល់ពីហានិភ័យរបស់ព្យុះ និងទឹកជំនន់ក៏ដោយ ។ ប្រទេសបង់ក្លាដែស ដែលមានប្រជាពលរដ្ឋរស់នៅច្រើនណាស់ទៅហើយនោះ និយាយថា ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង ទៅកាន់មីយ៉ាន់ម៉ាវិញ គឺជាដំណោះស្រាយតែមួយគត់ ចំពោះវិបត្តិមនុស្សធម៌មួយនេះ ។  ស្របពេលនោះដែរ សហគមន៍ក្នុងស្រុក ក៏បានបង្កើនទង្វើអរិភាពមកលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ ហើយការផ្តល់មូលនិធិរបស់ទីភ្នាក់ងារជំនួយអន្តរជាតិ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កាន់តែខ្សត់ខ្សោយជាងមុន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM