ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ កម្ពុជាគឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

2024/08/21 06:54:27 pm        102
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានថ្លែងកោតសរសើរការអភិវឌ្ឍនិងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និង បានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។ លោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាមគឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍នៅប្រទេសមួយចំនួន។ លោកជំទាវរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th JCBC) ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាពមិនងាយស្រួលឡើយ ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។ សម្តេចធិបតី បានអរគុណឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា នៅចុងទស្សវត្ស ឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំJCBC លើកទី៥។ ដោយឆ្នាំនេះគឺជាខួបលើក៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រីការបរទេស បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗមួយចំនួន ដូចជា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំង ការពារជាតិនិងសន្ដិសុខ៕

រយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ វិស័យឯកជនទទួលស្គាល់ពីគុណភាព នៃការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលដែលបានឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុន

2024/08/21 04:01:31 pm        584
ភ្នំពេញ៖ វិស័យឯកជនបានបង្ហាញការពេញចិត្តគាំទ្រគុណភាព នៃការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យយុវជនមានជំនាញច្បាស់លាស់ ផ្តល់​ភាព​ងាយ​ស្រួល និងផលចំណេញច្រើនសម្រាប់វិស័យឯកជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ដាក់​ឱ្យអ​នុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ដល់​យុវជន​ចំនួន​ប្រមាណ ១,៥ លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ការ​យកចិត្តទុកដាក់លើការបណ្តុះបណ្តាលអ្នកជំនាញនេះ លោក ជន វិចិត្រ ប្រធានផ្នែកជ្រើស​រើស​បុគ្គលិក និងបណ្តុះបណ្តាល នៃក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ថ្លែងថា ការជំរុញលើក​កម្ពស់​យុវជន​ឱ្យ​មានជំនាញ បានជួយដល់វិស័យឯកជន មានភាពងាយស្រួលជាងមុនក្នុងការស្វែងរកអ្នកជំនាញមកបំពេញការងារ ពោលគឺទទួលបានធនធានថ្មីដោយមិនបាច់ចំណាយពេលវេលា និងថវិកាបង្ហឹកបង្ហាត់ច្រើន។ លោកថ្លែងថា៖«វាជាកម្មវិធីមួយដ៏ល្អខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុន ក៏ដូចជាយុវជនដែរ ព្រោះអីសម្រាប់ក្រុមហ៊ុនវាដឹងតែល្អហើយ ព្រោះអីពីមុនមកយើងរើសបុគ្គលិកគឺយើងពិបាករកអ្នកជំនាញ អាចនិយាយថាពិបាកព្រោះអីដោយសារយើង ត្រូវការកម្លាំងពលកម្ម្មច្រើន ហើយអ្នកដែលមានចំណេះដឹងជំនាញទាំងអស់នោះវាតិច»។  លោកវិចិត្រ បន្ថែមថា កម្មវិធីបណ្តុះបណ្តាលនេះ បានបើកឱកាសសម្រាប់យុវជន ឱ្យទទួលបានឱកាសនៃការរៀនសូត្របានកាន់តែច្រើន ខណៈឱកាសការងារក៏កំពុងរង់ចាំពួកគេ។ ចំណែក លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មើលឃើញថា ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការលើកកម្ពស់ធនធានមនុស្ស ស្របពេលប្រទេសជាតិកាន់តែរីកចម្រើនឡើងឥតឈប់ឈរ។ មិនតែប៉ុណ្ណោះ កម្មវិធីបណ្តុះបណ្តាលនេះ នឹងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតចូលមកកម្ពុជា ព្រោះក្រៅពីការគិតគូលើបទដ្ឋានគតិយុត្តិផ្សេងៗ កម្លាំងពលកម្មគឺជាចំណុចស្នូលក្នុងការសម្រេចចិត្តរបស់អ្នកវិនិយោគ ផងដែរ។លោកបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល បានឆ្លើយតបការចង់បានរបស់កម្មករនិយោជិត និងជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការអាជីវកម្ម ក៏ដូចជាម្ចាស់សហគ្រាសទាំងអស់។ លោកថ្លែងថា៖«ជំនាញនេះគឺសឹងតែស្មើនឹងឆ្នាំងបាយ ពីព្រោះថាវាជួយបង្កើនផលិតភាពក្រុមហ៊ុន ហើយជួយបង្កើនផលិតភាពការងារ ហើយក៏ជាឧបករណ៍មួយដ៏សំខាន់ក្នុងការស្រូបទាញអ្នកវិនិយោគិនមកប្រទេសកម្ពុជាយើងដែរ»។ រីឯ លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានសាទរចំពោះរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសគឺកម្មវិធី ១.៥លាននាក់ ដែលជារឿងល្អ ចាំបាច់ មានអត្ថប្រយោជន៍ និងមានសារៈសំខាន់ក្នុងការកសាងវិស័យឯកជន។ លោកបញ្ជាក់ថា ៖«ភាពរហ័សរហួនរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងកង្វល់ ឬបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជននេះគឺ ឱ្យវិស័យឯកជនកាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាល ទាំងវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស ក៏ដូចជាការទាក់ទាញវិនិយោគថ្មី បន្ថែមមកទៀត»។លោក ប៊ុន ថន ប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុនផលិតទឹកវីតាល់ និយាយថា ចំពោះសមត្ថភាពគុណភាពសិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល គឺក្រុមហ៊ុនអាចទទួលយកបាន ហើយមានភាពងាយស្រួលជាងមុន ដោយក្រុមហ៊ុនគ្រាន់តែចំណាយពេលបន្តិចបន្តួចក្នុងការ បណ្តុះបណ្តាលគោលការណ៍ក្រុមហ៊ុន គោលការណ៍អនាម័យ សុវត្ថិភាពម្ហូបអាហារ និងសុត្ថិភាពបុគ្កលិក ជាដើមប៉ុណ្ណោះ។ លោកថ្លែងថា ៖«យើងមានការសប្បាយចិត្តដោយបុគ្គលិកជំនាញរបស់យើងជួយបង្កើនផលិតភាពទៅលើក្រុមហ៊ុន ហើយយើងកាត់បន្ថយមិនមានរើសបុគ្គលិកជំនាញពីក្រៅប្រទេសមកធ្វើការទេ ហើយយើងអាចដោះស្រាយបញ្ហានៅពេលដែលម៉ាស៊ីនខូច ហើយនិងការថែទាំ យើងមានបុគ្គលិកជំនាញធ្វើការទាន់ពេលវេលា យើងកាត់បន្ថយការខ្ជះខ្ជាយរបស់យើងបានច្រើន»។លោកប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុនផលិតទឹកវីតាល់ បានអរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញការបណ្តុះបណ្តាលដល់យុវជន ឱ្យមានជំនាញ១យ៉ាងតិចដើម្បីអាចស្វែងរកការងារធ្វើបាន មានប្រាក់ចំណូលសមរម្យ ហើយអាចធ្វើការអភិវឌ្ឍខ្លួនទៅជាមូលធនមនុស្សដ៏ប្រសើរ៕

នាយករដ្ឋមន្រ្តីឥណ្ឌា នឹងពិភាក្សាពីការដោះស្រាយជម្លោះអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចទីក្រុងគីវ

2024/08/21 02:40:40 pm        525
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) បាននិយាយនៅថ្ងៃពុធ (២១ សីហា) នេះថា លោកនឹង «ចែករំលែកទស្សនៈ» ស្តីពីដំណោះស្រាយដោយសន្តិវិធីនៃជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគីវ នៅក្នុងសប្តាហ៍នេះ។លោក Modi បានចាកចេញទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃពុធនេះ ហើយនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងគីវ នៅថ្ងៃសុក្រ (២៣ សីហា) ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អ៊ុយក្រែន ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងកាលពី ៣០ឆ្នាំមុនមក។ ដំណើររបស់លោក Modi ទៅអ៊ុយក្រែន ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ និងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ពិភាក្សាពីសង្រ្គាមជាមួយអ៊ុយក្រែន ដែលចាប់ផ្ដើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ មកនេះ។លោក Modi បានថ្លែងមុនការចាកដំណើររបស់លោកថា «ក្នុងនាមជាមិត្ត និងដៃគូ យើងសង្ឃឹមថានឹងមានការវិលត្រឡប់មកវិញឆាប់ៗនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។ ឥណ្ឌា បានទទូចម្តងហើយម្តងទៀតឱ្យអ៊ុយក្រែន និងរុស្ស៊ី ប្រើការសន្ទនានិងការទូតដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Modi ទៅរុស្ស៊ីកាលពីខែមុន ស្របពេលជាមួយនឹងការវាយប្រហារដ៏បង្ហូរឈាមទៅលើមន្ទីរពេទ្យកុមារក្នុងទីក្រុងគីវ បន្ទាប់មកលោក Modi បានប្រាប់លោក Putin ថា ការស្លាប់របស់កុមារស្លូតត្រង់គឺជារឿងដ៏ឈឺចាប់ និងគួរឱ្យភ័យខ្លាចបំផុត ហើយបានជំរុញឱ្យមានការដោះស្រាយដើម្បីបញ្ចប់ជម្លោះ៕

ការថែទាំ ឬកែសម្រួលបង្គោលព្រំដែន​ត្រូវអនុវត្តផ្អែកតាម​កិច្ចសហប្រតិបត្តិការ​គោរពគ្នាទៅវិញទៅមកជានិច្ច

2024/08/21 12:32:13 pm        264
ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តក្រចេះ គិតចាប់តាំងពីមុន និងក្រោយពេលបោះបង្គោលព្រំដែន​រួចរាល់​១០០ភាគរយ គឺមានការការពារដែនអធិបតេយ្យភាព និងសន្តិសុខ​ខ្ពស់​ពី​កង​កម្លាំង​នគរបាល​ការពារ​ព្រំដែនគោក និងកងកម្លាំងយោធាការពារព្រំដែនយ៉ាងតឹងរឹងបំផុត។ ក្នុងនោះ ការថែទាំ ឬកែសម្រួលបង្គោលព្រំដែន​ត្រូវអនុវ​ត្ត​ផ្អែកតាម​កិច្ចសហប្រតិបត្តិការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​ជានិច្ច។ក្នុងពេលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង​ក្រៅ​ប្រទេស​ប្រតិកម្ម​ចំពោះ​ការ​បំភ្លៃ និងចោទប្រកាន់ខុសការពិតទាក់ទងនឹង​ការ​បាត់​ទឹកដី​ពី​ខេត្ត​ចំនួន​៤​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុម​ការ​ងាររបស់BTV បានចុះទៅដល់តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងក្រចេះ ដើម្បីជួប​ជា​មួយ​កង​កម្លាំងការពារព្រំដែនដែលកំពុងឈរជើងនៅតំបន់នោះ។ ក្នុងនោះលោកវរសេនីយ៍ទោ ឃុន ម៉ន មេបញ្ជាការរងនគរបាលការពារព្រំដែនគោល៦១៩ បានឱ្យដឹងថា ក្នុងនាម​កង​កម្លាំង​នគរបាល​ការពារព្រំដែនគោលលេខ៦១៩ បានអនុវត្តតាមការណែនាំ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ និងការបញ្ជាផ្ទាល់របស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្នុងការ​បំពេញ​តួនាទី និងភារកិច្ចការពារដែនដី អធិបតេយ្យភាពរបស់កម្ពុជាតាមបន្ទាត់ព្រំដែន។ជាក់ស្តែង ដោយផ្អែក​តាម​បង្គោល​ព្រំដែន​មួយចំនួន​ក្នុង​ចំណោម​បង្គោល​ព្រំដែន​សរុប​ជាង​១០០​បង្គោល​មាន​ការហ៊ុំព័ទ្ធដោយបន្លាលួសនោះ លោកមេបញ្ជាការរង​នគរបាល​ការពារ​ព្រំដែន​គោល​៦១៩ បញ្ជាក់ថា ការរៀបចំហ៊ុំព័ទ្ធបន្លាលួសជុំវិញបង្គោលព្រំដែន គឺដើម្បីការពារ​ការ​បាក់​បែក​ដោយ​កត្តា​ធម្មជាតិ ប៉ុន្តែក្នុងករណីមានតម្រូវការថែទាំ ឬកែសម្រួលបង្គោល​ព្រំដែន​ត្រូវ​តែគោរព​តាម​កិច្ច​សហប្រតិបត្តិការគ្នាទៅវិញទៅមកជានិច្ច។ សូមជម្រាបថា ខេត្តក្រចេះដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាម​ប្រវែង​១០៣​គីឡូម៉ែត្រ​នេះ​ត្រូវ​បានបោះបង្គោលព្រំដែនបញ្ចប់រួចរាល់១០០ភាគរយកាលពីឆ្នាំ២០១៧ ហើយ​តាម​បន្ទាត់​ព្រំដែន និងបង្គោលព្រំដែនទាំងអស់ត្រូវបានការពារធានាសន្តិភាព សន្តិសុខ និង​ស្ថិរភាព​យ៉ាង​តឹង​រឹង​បំផុត ដើម្បីការពារបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន​ទទួលបានជីវភាពល្អប្រសើរ និងការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់៕ 

អ៊ីរ៉ង់ នឹងមិនចាត់វិធានការប្រញាប់ប្រញាល់សងសឹកអ៊ីស្រាអែល ចំពោះការសម្លាប់មេដឹកនាំនយោបាយហាម៉ាសទេ

2024/08/21 12:19:37 pm        171
យោងតាមអ្នកនាំពាក្យរបស់អង្គភាពឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានឱ្យដឹងថា ការសន្យាសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែលចំពោះការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ នឹងប្រើពេលយូរទៀត។ អ្នកនាំពាក្យរបស់អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមលោក អាលី មហាម៉ាដ ណាអេនី(Ali Mohammad Naeini) ត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ពេលវេលាគឺនៅខាងយើង ហើយរយៈពេលរង់ចាំសម្រាប់ការឆ្លើយតបនេះអាចត្រូវអូសបន្លាយពេលយូរ។ នៅក្នុងបទសម្ភាសន៍មួយនៅរដ្ឋធានីអ៊ីរ៉ង់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ម៉ូសិន រ៉េហ្សាអ៊ី (Mohsen Rezaee) អតីតអគ្គមេបញ្ជាការនៃអង្គភាពឆ្មាំបដិវត្តន៍ឥស្លាម បានប្រាប់ទូរទស្សន៍ CNN ថា សកម្មភាពរបស់អ៊ីរ៉ង់ នឹងត្រូវបានគណនាយ៉ាងច្បាស់លាស់ ។ មជ្ឈិមបូព៌ាមានការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីការធ្វើឃាតលោក Haniyeh កាលពីខែមុនក្នុងទីក្រុង តេអេរ៉ង់ ដែលបានកើតឡើងមួយថ្ងៃបន្ទាប់ពីមេបញ្ជាការក្រុមហេសូឡា លោក ហ្វូះអាដ សុកឺ ( Fu'ad Shukr ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងទីក្រុង បេរូត (Beirut) ។ អ៊ីស្រាអែលបានទទួលខុសត្រូវលើការសម្លាប់លោក សុកឺ ប៉ុន្តែពុំបានបញ្ជាក់ឬបដិសេធការជាប់ពាក់ព័ន្ធរបស់ខ្លួនក្នុងការស្លាប់របស់លោក Haniyeh ទេ។ ប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ ទូរទស្សន៍ CNN នៅដើមខែនេះថា លោក Haniyeh ត្រូវបានសម្លាប់ដោយប្រើគ្រឿងផ្ទុះដែលត្រូវបានដាក់បង្កប់ដោយសម្ងាត់នៅក្នុងផ្ទះសំណាក់ដែលលោកស្នាក់នៅ៕

ក្រុមវិនិយោគិនចិន បង្ហាញសុទិដ្ឋិនិយមបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងថាមពល

2024/08/21 10:48:42 am        133
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាត​ឲ្យ​​គណៈ​ប្រតិភូ​ក្រុម​ហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន បាន​ទទួល​ការ​អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឱ្យចូលជួបសម្តែងការគួរសម នៅ​វិមានសន្តិភាពនាព្រឹកមិញនេះ។ ក្នុងគោលបំណងបញ្ជាក់បន្ថែមឱ្យរឹតតែច្បាស់ ជូនទៅ​គណៈ​ប្រតិភូដែ​លមា​នវត្តមាននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូន​អំពី​កាលា​នុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោម​ការ​សម្រប​សម្រួល​ប្រកប​ដោយ​ការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនា​ធិការ​ច្រក​ចេញ​ចូលតែមួយលើការវិនិយោគឯកជន របស់រាជរដ្ឋាភិបាល។ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន បានគោរពស្ញើច​សរសើរ​ចំពោះ​ការ​ពន្យល់​បក​ស្រាយ​យ៉ាង​ក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពី​កាលា​នុវត្តភាពវិនិយោគនៅកម្ពុជា។ គណៈប្រតិភូក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យ​លទ្ធ​ភាព​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និង​ថាមពល ខណៈពេលដែលកម្ពុជាក៏បានបង្ហាញឱ្យឃើញអំពីការត្រៀមខ្លួនរួចជាស្រេច ដើម្បី​ទទួល​ស្វាគមន៍វិនិយោគិនផងដែរ៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

2024/08/21 10:45:18 am        164
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

ប្រធានាធិបតីម៉ិកស៊ិក ថ្កោលទោសការជ្រៀតជ្រែករបស់រដ្ឋាភិបាលអាមេរិក ក្នុងលិខិតទៅលោក Biden

2024/08/20 02:38:16 pm        63
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅក្នុងលិខិតមួយផ្ញើទៅកាន់សមភាគីអាមេរិករបស់លោក លោក Joe Biden បានរិះគន់ខ្លាំងៗពីការជ្រៀតជ្រែករបស់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម៉ិកស៊ិក ជាពិសេសការផ្តល់ហិរញ្ញវត្ថុរបស់ពួកគេដល់សមាគមមិនមែនរដ្ឋាភិបាល (NGO) ដែលគ្រប់គ្រងដោយក្រុមប្រឆាំង។ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បានបង្ហាញលិខិតមួយ ចុះថ្ងៃទី១៦ ខែសីហា ដែលលោកបានថ្កោលទោសរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការជួយផ្នែកហិរញ្ញវត្ថុ ដល់អង្គការមិនមែនរដ្ឋាភិបាលម៉ិកស៊ិក ប្រជាជនម៉ិកស៊ិកប្រឆាំងអំពើពុករលួយ និងនិទណ្ឌភាព ដែលបានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋបាលរបស់លោក។លោកប្រធានាធិបតី បានសរសេរនៅក្នុងលិខិតថា «នីតិវិធីនេះ គឺជាការប្រមាថទាំងស្រុង និងផ្ទុយទៅនឹងទំនាក់ទំនងដែលគោរពអធិបតេយ្យភាព»។ លោក Lopez Obrador ក៏បានរំលឹកលោក Biden ពីការប្រឆាំងជាប់ជានិច្ចរបស់លោកចំពោះការជ្រៀតជ្រែកបែបនេះ និងបានជំរុញឱ្យលោកចាត់វិធានការដើម្បីបញ្ឈប់សកម្មភាពនានារបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលគាំទ្រការអនុវត្តទាំងនេះ។លោកនិយាយថា លោកអាចធ្វើអ្វីមួយដើម្បីបញ្ឈប់ការព្រួយបារម្ភនេះ ដែលគំរាមកំហែងដល់គោលការណ៍រដ្ឋធម្មនុញ្ញរបស់យើងនៃការមិនធ្វើអន្តរាគមន៍ និងការប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ប្រជាជន។ លោក Lopez Obrador ដែលអាណត្តិរបស់លោកនឹងបញ្ចប់នៅចុងខែកញ្ញាខាងមុខនេះ បានលើកឡើងដដែលៗអំពីការព្រួយបារម្ភជំនួយហិរញ្ញវត្ថុ ដែលអង្គការក្រៅរដ្ឋាភិបាល កំពុងទទួលបានពីសហរដ្ឋអាមេរិក។

យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង រាប់រយគ្រឿង ចូលរួមក្នុងថ្ងៃទីពីរនៃសមយុទ្ធរួមគ្នា

2024/08/20 12:16:40 pm        382
កងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ (២០ សីហា) នេះថា យន្តហោះចម្បាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាង ២០០គ្រឿងនឹងត្រូវហោះក្រឡឹងអាកាសសម្រាប់រយៈពេល ៥ថ្ងៃក្នុងសប្តាហ៍នេះ ក្នុងថ្ងៃទីពីរនៃសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ ដែលនឹងក្លាយចំនួនដ៏ធំបំផុតនៃការហោះហើរក្នុងពេលលំហាត់សមយោធា។ការហ្វឹកហ្វឺននេះគឺជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព អ៊ុលឈី (Ulchi Freedom Shield) ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងដើម្បីជំរុញការត្រៀមខ្លួនរួមគ្នារបស់យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។កងទ័ពអាកាសកូរ៉េខាងត្បូងនិយាយថា យន្តហោះនៅលើជើងហោះហើរល្បាតការពារកំពុងត្រូវបានបង្វែរទៅសេណារីយ៉ូប្រយុទ្ធតាមអាកាស ក្រោមសមយុទ្ធនិមិ្មតដែលពាក់ព័ន្ធនឹងការរារាំងយន្តហោះសត្រូវ និងការការពារមីស៊ីលតម្រង់គោលដៅ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់កងទ័ពចំនួន ២៨.៥០០នាក់នៅកូរ៉េខាងត្បូង សម្រាប់ការការពាររួមគ្នាប្រឆាំងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។កូរ៉េខាងជើង តែងតែរិះគន់សមយុទ្ធប្រចាំឆ្នាំ អ៊ុលឈី មួយនេះដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (១៩ សីហា) ហើយនឹងដំណើរការរហូតដល់ថ្ងៃទី២៩ ខែសីហា ថាជាការបង្កភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដោយហៅសមយុទ្ធទាំងនោះថាជាការហាត់សមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ៕

លោកស្រី Harris បង្ហាញខ្លួនក្នុងសន្និបាតបក្សប្រជាធិបតេយ្យ ដោយប្ដេជ្ញាផ្ដួលលោក Trump

2024/08/20 12:12:36 pm        345
បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯសន្និបាតជាតិរបស់គណបក្សកាលពីយប់ថ្ងៃចន្ទ (១៩ សីហា) ដោយបានទាក់ទាញការអបអរសាទរពីហ្វូងមនុស្ស ខណៈលោកស្រីប្តេជ្ញាថានឹងយកឈ្នះលើគូប្រជែងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតខែវិច្ឆិកា។អនុប្រធានាធិបតីអាមេរិក លោកស្រី Harris បាននិយាយនៅក្នុងសុន្ទរកថាខ្លីៗដែលទាក់ទាញការស្រែកហ៊ោពីហ្វូងមនុស្សថា «ចូរយើងបន្តប្រយុទ្ធដើម្បីឧត្តមគតិដែលយើងប្រកាន់យក ហើយត្រូវចងចាំជានិច្ចថាពេលដែលយើងតស៊ូប្រយុទ្ធគឺយើងជាអ្នកឈ្នះ»។ លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងអតីតរដ្ឋមន្រ្តីការបរទេស លោកស្រី ហ៊ីលឡារី ឃ្លីងតុន (Hillary Clinton) ក៏បានបង្ហាញខ្លួននៅយប់ថ្ងៃចន្ទ ដែលជាយប់ដំបូងនៃព្រឹត្តិការណ៍រយៈពេលបួនថ្ងៃនៅទីក្រុងឈីកាហ្គោ (Chicago)។សុន្ទរកថារបស់លោក Biden ក្នុងព្រឹត្តិការណ៍នេះឆ្លុះបញ្ជាំងពីការប្រគល់តំណែងបេក្ខភាពឱ្យលោកស្រី Harris បន្ទាប់ពីរងសម្ពាធឱ្យចាកចេញពីការប្រជែងតំណែងសេតវិមានកាលពីខែមុន ដោយសារក្ដីបារម្ភពីវ័យចំណាស់របស់ប្រធានាធិបតីរូបនេះ។ដោយធ្លាប់ធ្វើជាអនុប្រធានាធិបតីរបស់ប្រធានាធិបតីអាមេរិកស្បែកខ្មៅទីមួយ លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក Biden បានដកខ្លួនចេញពីការប្រជែងតំណែងដើម្បីអនុញ្ញាតឱ្យលោកស្រី Harris ព្យាយាមបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាស្ត្រីទីមួយដែលជាជនជាតិអាមេរិកស្បែកខ្មៅ និងអាស៊ី ដែលកាន់តំណែងខ្ពស់បំផុតរបស់ប្រទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាព ក្នុងខេត្តកំពង់ឆ្នាំង
05/27/2026 07:05 AM
ពលរដ្ឋលីបង់ជម្លៀសខ្លួន ព្រួយបារម្ភពីការកើនឡើងភាពតានតឹងជាមួយអ៊ីស្រាអែល
05/26/2026 08:05 PM
ពលរដ្ឋអ៊ីរ៉ង់មិនទុកចិត្តបទឈប់បាញ់ ខណៈអាមេរិកថា កិច្ចព្រមព្រៀងត្រូវការពេលប៉ុន្មានថ្ងៃទៀត
05/26/2026 08:05 PM
ពលរដ្ឋអ៊ុយក្រែននៅទីក្រុងគីវនិយាយថា ការព្រមានវាយប្រហារជាប្រព័ន្ធរបស់រុស្ស៊ី គ្មានអ្វីថ្មីនោះទេ
05/26/2026 08:05 PM
អ៊ីរ៉ង់ទាមទារឲ្យ​បញ្ចេញ​ទ្រព្យបង្កក ១២ពាន់លានដុល្លារ ក្នុងកិច្ចព្រមព្រៀងដែលអាចមានជាមួយអាមេរិក
05/26/2026 08:05 PM
ជប៉ុនគ្រោងដាក់ចេញថវិកា ១៩ពាន់លានដុល្លារបន្ថែមទៀត ខណៈវិបត្តិថាមពលអ៊ីរ៉ង់ បង្កការគំរាមកំហែង
05/26/2026 07:05 PM
អ្នករួចជីវិត និង​មន្ត្រី៖ ការវាយប្រហារដោយយានដ្រូន​ សម្លាប់មនុស្សយ៉ាងតិច ១៤នាក់ នៅ​​ក្រុងព្រំដែន​របស់​ស៊ូដង់
05/26/2026 07:05 PM
ក្រសួងការបរទេសអ៊ីរ៉ង់ ប្រកាស​ថា សហរដ្ឋអាមេរិកបានរំលោភបទឈប់បាញ់
05/26/2026 07:05 PM
អង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភាពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣,៥អង្សាសេ
05/26/2026 07:05 PM
គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា
05/26/2026 07:05 PM