ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

[BREAKING NEWS] របបសឹកមីយ៉ាន់ម៉ាលើកលែងទោសដល់អតីតមេដឹកនាំលោកស្រីស៊ូជី ពីបទល្មើសចំនួន៥

2023/08/01 08:28:20 pm        118
មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ (១ សីហា)នេះថា អតីតមេដឹកនាំសហភាពមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវលើកលែងទោសចំពោះបទល្មើសចំនួន៥ករណី ក្នុងចំណោមបទល្មើសជាច្រើនដែលលោកស្រីត្រូវបានចោទប្រកាន់ឲ្យជាប់ពន្ធនាគារសរុបចំនួន៣៣ឆ្នាំ ។ម្ចាស់ជ័យលាភីណូបែល ដែលកាលពីសប្តាហ៍មុន ត្រូវបានបញ្ចូនពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះក្នុងរដ្ឋធានី Naypyitaw រូបនេះ ត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១មក។ អ្នកស្រី ស៊ូជី ត្រូវបានកាត់ទោសកាលពីឆ្នាំមុនឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំសម្រាប់បទល្មើសជាច្រើន ដែលលោកស្រីបានបដិសេធការចោទប្រកាន់ទាំងនោះ និងកំពុងប្តឹងឧទ្ធរណ៍នៅតុលាការកំពូល។ការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី បានទាញទម្លាក់កំណែទម្រង់ការចូលរួមជាអន្តរជាតិ និងកំណើនសេដ្ឋកិច្ចរយៈពេលមួយទសវត្សរ៍របស់ជាតិ។ យោធាមីយ៉ាន់ម៉ាទទួលបានការថ្កោលទោសជាសាកល ចំពោះការបង្រ្កាបយ៉ាងធ្ងន់ធ្ងរលើគូប្រជែងដូចជាលោកស្រី ស៊ូជី ដែលត្រូវបានគេមើលឃើញថាបណ្ដាលឲ្យមនុស្សជាច្រើនបានជាប់គុក និងស្លាប់ផងដែរ។កាលពីថ្ងៃច័ន្ទ (៣១ កក្កដា) ទូរទស្សន៍រដ្ឋបានរាយការណ៍ថា របបយោធាដែលកំពុងកាន់អំណាច បានពន្យារពេលការបោះឆ្នោតដែលបានសន្យានៅខែសីហាឆ្នាំនេះ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទជាមួយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ (NDSC) ដែលគាំទ្រដោយកងទ័ព មេដឹកនាំរបបសឹក លោកឧត្តមសេនីយ៍ Min Aung Hlaing បានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៦ខែទៀត៕

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីឯកសណ្ឋាន និងសញ្ញាសក្តិមន្រ្តីពន្ធនាគារ

2023/08/01 08:24:04 pm        654
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ។នៅក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។ សម្ដេច ក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ​ និងអ្នកពាក់ព័ន្ធទាំងអស់ ដែល​បានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ​ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា ​និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។បើយោងតាម ​មាត្រា៣នៃសេចក្ដីព្រាងអនុក្រឹត្យ ចែងថា ​ឯកសណ្ឋានមន្រ្តីពន្ធនាគារ សម្រាប់​ប្រើប្រាស់​មាន៦ប្រភេទ រួមមាន ឯកសណ្ឋានធំលេខ១ ​សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធី និង​ពិធីបុណ្យជាតិ, ឯកសណ្ឋានធំលេខ២ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផ្លូវការនានា ​និងទទួលភ្ញៀវជាតិ និងអន្តរជាតិ, ឯកសណ្ឋានការងារលេខ៣ ​សម្រាប់​ប្រើប្រាស់​ក្នុងកម្មវិធី​មីទ្ទិញ​ សិក្ខាសាលា សន្និបាត​នានា ​និងបំពេញការងារប្រចាំថ្ងៃ។មាត្រាដដែលចែងទៀតថា សម្រាប់ឯកសណ្ឋានការងារលេខ៤ (អាវដៃវែង) សម្រាប់​ប្រើប្រាស់​ក្នុង​ពេលបំពេញការងារប្រចាំថ្ងៃ,ឯកសណ្ឋានការងារលេខ៥ (អាវដៃខ្លី) សម្រាប់​ប្រើប្រាស់ក្នុងពេល​បំពេញ​ការងារប្រចាំថ្ងៃ ​និងឯកសណ្ឋានលេខ៦ ​សម្រាប់​ប្រើប្រាស់ក្នុងប្រតិបត្តិការ​ សន្តិសុខ និងសុវត្ថិភាព។ មាត្រាបានចែងថា រូបភាព ម៉ូត ទំហំខ្នាត ពណ៌ និងរបៀបប្រើប្រាស់​ឯកសណ្ឋាន​តាម​ប្រភេទនីមួយៗ ត្រូវកំណត់​ដោយប្រកាស​របស់មន្រ្តីក្រសួងមហាផ្ទៃ។បើតាមការធ្វើ​របាយការណ៍​ឯកឧត្តម ប៊ុន ហុន ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូនដល់​សម្ដេចក្រឡា​ហោម និងអង្គប្រជុំស្របតាមមាត្រាទី៨នៃច្បាប់​ ស្ដីពីពន្ធនាគារ ​ដោយក្រសួងមហាផ្ទៃចែកថា​មន្ដ្រីពន្ធនាគារ ត្រូវមានឯកសណ្ឋាន ​សញ្ញាសក្តិ គ្រឿងបំពាក់ ​ឧបករណ៍ និងសម្ភារ ឱ្យសមស្រប។ ឯកឧត្តម បន្ថែមថា ព្រោះហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលចេញអនុក្រឹត្យ ​ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ​ហើយក្រសួងមហាផ្ទៃ ក៏បានចេញ​សេចក្ដី​ប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ ​និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ​ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ៕អត្ថបទ៖ បាន ចក់

ចំនួនអ្នកស្លាប់កើនឡើងដល់៩នាក់ ក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងក្រុមប៉ាឡេស្ទីននៅជំរំលីបង់

2023/08/01 08:21:49 pm        138
ប៉ាឡេស្ទីន៖ ក្រុមមន្ត្រីបាននិយាយថា ការប្រយុទ្ធគ្នារយៈពេលបីថ្ងៃរវាងក្រុមប្រដាប់អាវុធគូប្រជែងនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតនៅប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ កាលពីថ្ងៃច័ន្ទ កងទ័ពរបស់ប្រទេសលីបង់បានបិទតំបន់ជុំវិញជំរំ Ein el-Hilweh នៅជិតទីក្រុងកំពង់ផែស៊ីដុនភាគខាងត្បូង ខណៈដែលការប៉ះទង្គិចនៅតែបន្តកើតមាន បើទោះបីជាលីបង់ និងប៉ាឡេស្ទីនខិតខំប្រឹងប្រែងដើម្បីស្វែងរកបទឈប់បាញ់ក៏ដោយ។ដោយរាយការណ៍ពីខាងក្រៅជំរំដែលជាជម្រករបស់ជនភៀសខ្លួនចំនួន៥៥.០០០នាក់ សារព័ត៌មាន Al Jazeera បាននិយាយកាលពីរសៀលថ្ងៃចន្ទថា ការរីករាលដាលនៃការប្រយុទ្ធគ្នា "ដ៏កាចសាហាវ" បានកើនឡើង "ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ" ។ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានផ្អាកប្រតិបត្តិការ និងសេវាកម្មជំនួយរបស់ខ្លួននៅក្នុងជំរំនោះ។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា អ្នកនាំពាក្យកងទ័ពលីបង់បាននិយាយថា ចំនួនអ្នកស្លាប់កាលពីថ្ងៃចន្ទ បានកើនឡើងដល់ ៩នាក់ហើយ និងយ៉ាងហោចណាស់មនុស្ស៣៧នាក់បានរងរបួស។អំពើហឹង្សានេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់មុខម្នាក់បានព្យាយាមសម្លាប់សមាជិកនៃក្រុមប្រដាប់អាវុធមួយរូបដែលមានឈ្មោះថា Mahmoud Khalil ប៉ុន្តែផ្ទុយទៅវិញបានបាញ់សម្លាប់ដៃគូរបស់ខ្លួន៕

ចិនរឹតបន្តឹងការនាំចេញឧបករណ៍យានដ្រូន ស្របពេលមានភាពតានតឹងផ្នែកបច្ចេកវិទ្យាជាមួយអាមេរិក

2023/08/01 08:17:07 pm        291
ចិន៖ កាលពីថ្ងៃចន្ទ (៣១ កក្កដា) ប្រទេសចិនបានប្រកាសពីការគ្រប់គ្រងការនាំចេញលើយានដ្រូន ព្រមទាំងឧបករណ៍ដែលទាក់ទងនឹងយានដ្រូន ដោយនិយាយថាខ្លួនចង់ការពារ "សន្តិសុខ និងផលប្រយោជន៍ជាតិ" ស្របពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកជុំវិញការប្រើប្រាស់បច្ចេកវិទ្យា។ក្រសួងពាណិជ្ជកម្មបាននិយាយថា ការរឹតបន្តឹងលើឧបករណ៍ដ្រូន រួមទាំងម៉ាស៊ីនដ្រូនមួយចំនួន ឡាស៊ែរ ឧបករណ៍ទំនាក់ទំនង ព្រមទាំងប្រព័ន្ធប្រឆាំងយានដ្រូន នឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រងនេះក៏ប៉ះពាល់ដល់អ្នកប្រើប្រាស់យានដ្រូនមួយចំនួនផងដែរ ហើយគ្មានយានដ្រូនស៊ីវិលណាមួយអាចត្រូវបាននាំចេញសម្រាប់គោលបំណងយោធានោះទេ។ប្រទេសចិនមានឧស្សាហកម្មផលិតយានដ្រូនដ៏ធំ ហើយនាំចេញទៅកាន់ទីផ្សារជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ សមាជិកសភាអាមេរិកបាននិយាយថា ជាង៥០%នៃយានដ្រូនដែលលក់នៅសហរដ្ឋអាមេរិក គឺផលិតដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន DJI ហើយពួកវាជាយានដ្រូនពេញនិយមបំផុត ដែលប្រើប្រាស់ដោយភ្នាក់ងារសុវត្ថិភាពសាធារណៈ។ការទប់ស្កាត់ការនាំចេញយានដ្រូននេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិនបានប្រកាសការគ្រប់គ្រងការនាំចេញលើលោហធាតុមួយចំនួន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការផលិតបន្ទះឈីបកាលពីខែមុនបន្ទាប់ពីចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការរឹតត្បិតចិនមិនឲ្យទទួលបានបច្ចេកវិទ្យាសំខាន់ៗដូចជា ឧបករណ៍ផលិតបន្ទះឈីបជាដើម៕

ការប៉ុនប៉ងរបស់លោកត្រាំ ក្នុងការធ្វើមោឃភាពការស៊ើបអង្កេតរបស់រដ្ឋ Georgia ត្រូវបានច្រានចោលដោយចៅក្រម

2023/08/01 07:54:51 pm        91
អាមេរិក៖ ចៅក្រមរដ្ឋ Georgia កាលពីថ្ងៃចន្ទបានច្រានចោលការប៉ុនប៉ងរបស់អតីតប្រធានាធិបតីលោក Donald Trump ក្នុងការធ្វើមោឃភាពការស៊ើបអង្កេតមួយទៅលើករណីថាតើលោកជ្រៀតជ្រែងដោយខុសច្បាប់ក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់រដ្ឋនេះឬយ៉ាងណា រយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលត្រូវបានគេរំពឹងថានឹងត្រូវធ្វើឡើង។ ចៅក្រមតុលាការជាន់ខ្ពស់តំបន់ Fulton លោក Robert McBurney បានបដិសេធសំណើរបស់លោកត្រាំក្នុងការដកសិទ្ធិរដ្ឋអាជ្ញាឈានមុខ រារាំងការចោទប្រកាន់សំខាន់ៗ និងច្រានចោលរបាយការណ៍គណៈវិនិច្ឆ័យ ដែលរួមមានការផ្តល់យោបល់ទៅលើអ្នកដែលនឹងត្រូវចោទប្រកាន់។ របាយការណ៍នៅតែត្រូវបានបញ្ជាក់ក្រោមបទបញ្ជារបស់លោក McBurney ដែលកំពង់រង់ចាំបទចោទប្រកាន់លើករណី ជាបញ្ហាផ្លូវច្បាប់ដែលលោកត្រាំត្រូវប្រឈមតតាំង។ ដោយឡែកនៅក្នុងទីក្រុង Miami ជំនួយការរបស់លោកត្រាំបានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធកាលពីថ្ងៃចន្ទដើម្បីប្រឈមនឹងបទចោទតប្រកាន់នានា ដែលលោក បានជួយអតីតប្រធានាធិបតីរូបនេះក្នុងការលាក់បាំងឯកសារសម្ងាត់ ដោយការលុបវីដេអូកាំម៉េរ៉ាសុវត្ថិភាព។ មេធាវីប្រចាំតំបន់ Fulton លោកស្រី Fani Willis បានបញ្ជាក់ថា លោកស្រីមានបំណងស្នើឲ្យគណៈវិនិច្ឆ័យ អនុម័តបទចោទប្រកាន់នានា ក្នុងពេលណាមួយ ក្នុងរយៈពេល៣សប្តាហ៍បន្ទាប់ ដោយប្រាប់ចៅក្រមថា បុគ្គលិករបស់លោកស្រីនឹងធ្វើការពីចម្ងាយជាការប្រុងប្រយ័ត្នជាមុនផ្នែកសុវត្ថិភាព។ របាំងសន្តិសុខត្រូវបានតម្លើងនៅខាងក្រៅបរិវេណតុលាការនៅតំបន់នេះកាលពីសប្តាហ៍មុន។ លោកត្រាំ បានបដិសេធការធ្វើខុសណាមួយ និងបានចោទប្រកាន់លោកស្រី Willis ជាមាជិកគណបក្សប្រជាធិបតេយ្យដែលបានជាប់ឆ្នោត ពីការជំរុញផ្នែកនយោបាយ៕

លោក Xi តែងតាំងប្រធានឃ្លាំងអាវុធនុយក្លេអ៊ែរចិនថ្មី

2023/08/01 07:28:08 pm        144
ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាអគ្គមេបញ្ជាការយោធាផងដែរនោះ កាលពីថ្ងៃចន្ទ ទី៣១ ខែកក្កដា បានតែងតាំងប្រធានកងកម្លាំងប្រដាប់អាវុធថ្មី ដែលគ្រប់គ្រងលើបញ្ហានុយក្លេអ៊ែរ និងមីស៊ីលធម្មតារបស់ប្រទេស មួយថ្ងៃ មុនថ្ងៃខួបនៃកងទ័ពរំដោះប្រជាជនចិន(PLA)។ លោក វ៉ាង ហុងហូពីន ( Wang Houbin) អតីតមេបញ្ជាការរងនៃកងទ័ពជើងទឹក ត្រូវបានតែងតាំងជាប្រធានថ្មីនៃកងកម្លាំងរ៉ុក្កែតរបស់PLA និងលោក ស៊ូ ស៊ីសឹង (Xu Xisheng) ដែលជាស្នងការនយោបាយថ្មីរបស់ខ្លួន ដោយបុរសទាំងពីរទទួលបានឋានៈជាឧត្តមសេនីយ៍ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។រហូតដល់ការផ្លាស់ទៅកាន់កងកម្លាំងគ្រាប់រ៉ុក្កែតរបស់PLA លោកវ៉ាង បានក្លាយជាមេបញ្ជាការរងនៃកងទ័ពជើងទឹក តាំងពីឆ្នាំ ២០២០។ លោកក៏ធ្លាប់ជានាយសេនាធិការរងនៃកងទ័ពជើងទឹកផងដែរ។លោកស៊ូ ធ្លាប់ជាស្នងការរងនយោបាយនៃទីបញ្ជាការយុទ្ធសាស្ត្រភាគខាងត្បូង ដែលជាបញ្ជាការមួយក្នុងចំណោមទីបញ្ជាការទាំងប្រាំរបស់PLA។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបាននិយាយថា កន្លែងដែលប្រធានមុនរបស់កងកម្លាំងរ៉ុក្កែតរបស់ PLA គឺ លោក Li Yuchao (លី យូឆាវ) ត្រូវបានចាត់តាំងឡើងវិញ ឬ បញ្ជាក់ពីទីកន្លែងរបស់លោកនៅនោះទេ។

ប្រទេសប៊ួគីណាហ្វាសូ និងម៉ាលី ព្រមានទល់នឹងការធ្វើអន្តរាគមន៍ពីបរទេសក្រោយរដ្ឋប្រហារនៅនីហ្សេ

2023/08/01 07:25:19 pm        99
នីហ្សេ៖ ប្រទេសប៊ួគីណាហ្វាសូ និងម៉ាលី បានព្រមានថា រាល់ការធ្វើអន្តរាគមន៍ណាមួយចូលក្នុងប្រទេសនីហ្សេដែលជាប្រទេសជិតខាងរបស់ខ្លួន នឹងត្រូវបានចាត់ទុកជាការប្រកាសសង្គ្រាម ប្រឆាំងនឹងប្រទេសទាំង២នេះ ជាសញ្ញាមួយបង្ហាញពីការគាំទ្រដល់ក្រុមមេដឹកនាំរដ្ឋប្រហារថ្មីៗក្នុងប្រទេសមួយនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ រដ្ឋាភិបាលរបស់ប្រទេសម៉ាលី និងប៊ួគីណាហ្វាសូ ក៏បានច្រានចោលការអនុវត្តន៍ផងដែរនូវអ្វីដែលប្រទេសទាំង២ហៅថាជាការដាក់ទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌ ប្រឆាំងនឹងប្រជាជននិងក្រុនអាជ្ញាធរនីហ្សេ។ សេចក្ដីថ្លែងការណ៍នេះ បាននិយាយថា រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេស ប៊ួគីណា ហ្វាសូ និងម៉ាលី បានបង្ហាញសាមគ្គីភាពដ៏មុះមុត របស់ខ្លួន និងរបស់ប្រជាជនប៊ួគីណា និងម៉ាលី ចំពោះប្រជាជននីហ្សេ ដែលបានសម្រេចចិត្តទទួលខុសត្រូវដ៏ពេញលេញក្នុងការគ្រប់គ្រងជោគវាសនា ក្នុងដៃរបស់ពួកគេនិងបន្តការពារអធិបេតយ្យភាពរបស់ពួកគេនៅចំពោះមុខប្រវត្តិសាស្ត្រ។  សារនេះ បានកើតមានឡើងមុនដល់មួយសប្ដាហ៍ផងទេ បន្ទាប់ពីក្រុមទាហានអង្គរក្សការពារប្រធានាធិបតី នីហ្សេ លោក មហាម៉េដ បាហ្សូម (Mohamed Bazoum)បានចាប់ឃុំខ្លួនមេដឹកនាំរូបនេះកាលពីថ្ងៃទី២៦ខែកក្កដា ដោយប្រកាសថាពួកគេបានបញ្ចប់រដ្ឋបាលរបស់លោកហើយ៕

លោក DeSantis សាកល្បងកែប្រែយុទ្ធសាស្រ្ត ឆ្នាំ២០២៤ ដើម្បីផ្តួលលោកTrump

2023/08/01 07:17:20 pm        115
អាមេរិក៖ រសៀលថ្ងៃអាទិត្យ (ទី៣១ ខែកក្កដា) សម្រាប់លោក Ron DeSantis បានចាប់ផ្តើមនៅភោជនីយដ្ឋានមួយ។ អភិបាលរដ្ឋផ្លរីដា (Florida) រូបនេះ បានដើរចូលទៅក្នុងស្តង់មួយ ដើម្បីជជែកលេងជាមួយគូស្វាមីភរិយាថ្មីថ្មោង។ បន្ទាប់មក លោកបានសួរនាំនៅកន្លែងសាច់អាំងមួយ នៅខាងក្រៅរោងពណ៌ក្រហមតូចមួយ ជាទីដែលក្រុមអ្នកដើរកម្សាន្ត បានចូលមកអង្គុយទទួលទានហតដក ( hotdog) ។ថ្ងៃនៃការធ្វើយុទ្ធនាការរបស់លោក ដើម្បីទទួលបានការតែងតាំងតំណែងប្រធានាធិបតី ក្នុងគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បានបញ្ចប់នៅភោជនីយដ្ឋានលក់ម្ហូបបង្កង ដែលអាចមើលឃើញបឹង ជាទីដែលអ្នកដំណើរកម្សាន្ត បានថតរូបលោកកាន់ក្ដាមថ្មនៅក្នុងដៃ។នេះគឺជាថ្ងៃដំបូងនៃ«ការចាប់ផ្តើមឡើងវិញ» របស់លោក DeSantis សម្រាប់យុទ្ធនាការ នៅរដ្ឋ New Hampshire ( ញូវ ហែមស្ហៀ) ដែលជារដ្ឋលេខ២ ក្នុងប្រតិទិននៃការប្រកួតប្រជែងឈរឈ្មោះរបស់គណបក្សសាធារណរដ្ឋបន្ទាប់ពីរដ្ឋ Iowa។ ការឈ្នះនៅទាំងរដ្ឋ២ អាចផ្តល់សន្ទុះ ក្នុងការទប់ទល់នឹងលោក Donald Trump ដែលជាបេក្ខជននាំមុខ និងអតីតប្រធានាធិបតី។យោងតាមអ្នកដែលស្និទ្ធនឹងលោក DeSantis បានឲ្យដឹងថា ដោយបានចំណាយប្រាក់លឿនជាងការរំពឹងទុក គិតចាប់តាំងពីការប្រកាសបេក្ខភាពរបស់លោក កាលពីខែឧសភា និងបានបរាជ័យក្នុងការយកឈ្នះលើពិន្ទុនាំមុខប្រហែល ៣០ពិន្ទុរបស់លោក Trump នៅក្នុងការស្ទង់មតិនៃការប្រកួតប្រជែងបឋមរបស់គណបក្សសាធារណរដ្ឋ ឥឡូវនេះ អភិបាលរដ្ឋរូបនេះ កំពុងពឹងលើព្រឹត្តិការណ៍តូចៗ ដែលជាព្រឹត្តិការណ៍បន្ថែមភាពស្និទ្ធស្នាលជាងមុនជាមួយអ្នកបោះឆ្នោត៕

ពួកតាលីបង់ និងអាមេរិក បើកកិច្ចចរចាជាផ្លូវការលើកដំបូង ចាប់តាំងពីចូលកាន់កាប់អាហ្វហ្គានីស្ថាន

2023/08/01 07:10:44 pm        185
តាលីបង់៖ ក្រុមមេដឹកនាំតាលីបង់ បានជួបជាមួយមន្ត្រីមកពីសហរដ្ឋអាមេរិកក្នុងប្រទេសកាតាជាលើកដំបូង ចាប់តាំងពីវិលត្រឡប់មកកាន់អំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពីរឆ្នាំមុន។អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ភាគីទាំងពីរ បានពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត ក្នុងអំឡុងពេលកិច្ចពិភាក្សារយៈពេលពីរថ្ងៃ រួមទាំងការដកទណ្ឌកម្ម និងបម្រាមធ្វើដំណើរ ក៏ដូចជាការប្រគល់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលត្រូវបានកាន់កាប់នៅបរទេស។លោកអាប់ឌុល កាហា បាឃី (Abdul Qahar Balkhi) បាននិយាយថា គណៈប្រតិភូ ក៏បានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបញ្ហាសិទ្ធិមនុស្សផងដែរ។ពុំទាន់មានប្រទេសណាមួយ បានទទួលស្គាល់ពួកតាលីបង់ជាផ្លូវការទេ ចាប់តាំងពីការវិលត្រឡប់មក កាន់អំណាចមកវិញ។ក្រុមនេះ បានចូលមកកាន់អំណាច កាលពីខែសីហា ឆ្នាំ ២០២១ នៅពេលដែលរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចរបស់ប្រទេសអាហ្វហ្គានីស្ថាន បានដួលរលំ បន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីប្រទេសដ៏ចលាចលនេះ បន្ទាប់ពីជម្លោះ២០ឆ្នាំ។

អ្នកវិភាគ៖ ការស្វាគមន៍ការរិះគន់បែបស្ថាបនាពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាការប្រមូលផ្ដុំពហុគំនិត

2023/08/01 07:08:15 pm        146
ភ្នំពេញ៖ អ្នកវិភាគ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ​ មើលឃើញថា ការប្រកាស​ស្វាគមន៍ និងការផ្ដល់តម្លៃចំពោះរាល់ការរិះគន់​ក្នុងគោលបំណងស្ថាបនា ​និងក្នុងចេតនាសុចរិត​ពី​មជ្ឈដ្ឋាននានា​របស់​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត​ គឺ​ជា​ការប្រមូលផ្ដុំ​ពហុគំនិត និងការបើក​ចំហបេះដូងចំ​មតិរិះគន់នានា។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រ​នយោបាយ​បានគាំទ្រ​ចំពោះការលើកឡើងរបស់​ឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ទាក់ទងនឹង​អ្នករិះគន់​បែបសុចរិត និង​ទុច្ចរិត​ពីមជ្ឈដ្ឋាននានា ​ដោយលោក បានបញ្ជាក់ថា អ្នករិះគន់ខ្លះមិនមែន​ជាការរិះគន់ទេ​ ពីព្រោះការរិះគន់គឺជាការស្ថាបនា ​ប៉ុន្ដែការរិះគន់​ខ្លះ​មាន​ចរិក​ជា​សារ​ញុះញង់ បន្ទោសបង្អាប់​ និងជាន់ពន្លិចទៅវិញ។ ចំណែកលោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា មើលឃើញ ​ការលើកឡើងរបស់​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ​បេក្ខភាពនាយករដ្ឋមន្រ្ដីនៃកម្ពុជាសម្រាប់អាណត្តិទី៧ ទាក់ទង​នឹងការប្រកាសស្វាគមន៍​ និងផ្ដល់តម្លៃ ចំពោះរាល់ការរិះគន់​ ក្នុងគោលបំណងស្ថាបនា និង​ក្នុងចេតនា​សុចរិតនេះ គឺជាការបើកចំហបេះដូងរបស់ថ្នាក់​ដឹកនាំ​ក្នុងការប្រមូលផ្ដុំធនធានមនុស្ស និងគំនិតល្អៗដើម្បីចូលរួម​អភិវឌ្ឍន៍​ប្រទេសកម្ពុជា។សូមជម្រាបថា ​បេក្ខភាពនាយករដ្ឋមន្រ្ដីកម្ពុជាក្នុងអាណត្តិទី៧​ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរនៅ​លើបណ្ដាញសង្គមហ្វេសប៊ុក ​និងតេឡេក្រាមកាលពីថ្ងៃទី ៣១​ ខែកក្កដា ឆ្នាំ ២០២៣​នេះ ដោយបានប្រកាសស្វាគមន៍ ​និងផ្ដល់តម្លៃចំពោះការរិះគន់​បែបស្ថាបនានេះ និង​បដិសេធចំពោះការប្រឌិតបញ្ហា ​ដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM