ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីភ្នាក់ងារសារព័ត៌មាន៖ អាមេរិក និងសហភាពអឺរ៉ុប គាំទ្រទីក្រុងគីវ ក្នុងការវាយប្រហារលើទឹកដីរុស្ស៊ី

2024/08/15 02:34:02 pm        237
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់«ការគាំទ្រ» ដល់ប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ ទីក្រុងគីវ បានពិចារណាជម្រើសជាច្រើន ក្នុងការសងសឹកចំពោះជោគជ័យរបស់រុស្ស៊ី នៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស មុនពេលវាយប្រហារតំបន់ Kursk កាលពីថ្ងៃទី ៦ ខែសីហា។សារព័ត៌មាន Bloomberg បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់ឲ្យអ៊ុយ ក្រែននូវ «ការគាំទ្រ» របស់ពួកគេសម្រាប់វត្តមានយោធាជាលើកដំបូង នៅលើទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី២។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមទីភ្នាក់ងារសារព័ត៌មាននេះ សម្ព័ន្ធមិត្តរបស់អង្គការណាតូ ចាត់ទុកថា វាមិនទំនងជាថា ទីក្រុងគីវ នឹងអាចដណ្តើមបានទីតាំងឈរជើង នៅលើទឹកដីរុស្ស៊ីនោះទេ។កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារលើតំបន់ Kursk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៦ ខែសីហា។ ការវាយប្រហារនេះ បានសម្លាប់ជនស៊ីវិល ១២ នាក់ និងមនុស្ស ១២១នាក់ រងរបួស ក្នុងនោះមានកុមារ ១០នាក់។ អ្នករងរបួសសរុបចំនួន ៦៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ស្ថានភាពរបស់១៧នាក់ ក្នុងចំណោមអ្នករងរបួសទាំងនោះ ត្រូវបានគេវាយតម្លៃថា ធ្ងន់ធ្ងរ។យោងតាមព័ត៌មានចុងក្រោយពីក្រសួងការពារជាតិ ទីក្រុងគីវ បានបាត់បង់ទាហានរហូតដល់ ១.៦១០ នាក់ រថក្រោះចំនួន ៣២គ្រឿង និងរថពាសដែក ២៣គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព នៅក្នុងតំបន់Kursk នោះ។

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រៀមអនុវត្តច្បាប់ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ និងដុតប្រទេស

2024/08/15 12:32:50 pm        277
ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថាន​ជាតិ​អប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀម​អនុវត្ត​ច្បាប់​ចំពោះ​អ្នកបំផុស​ធ្វើអ្វី​ខុស​ច្បាប់​ ឬត្រៀមធ្វើបាតុកម្មដុតប្រទេស ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាត្រូវការពារប្រជាពលរដ្ឋ ប្រទេស​ជាតិ និងសន្ដិភាពរបស់កម្ពុជាឱ្យបានដាច់ខាត។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយមនៅ​ក្រៅ​ប្រទេស​មួយ​ក្ដាប់​តូច កំពុងបញ្ឆេះកំហឹង អូសទាញយុវជនឱ្យធ្វើសកម្មភាព ធ្វើបាតុកម្ម ដោយយកគំរូ​តាម​បណ្ដា​ប្រទេស​មួយចំនួននៅលើពិភពលោក។ ប៉ុន្ដែសកម្មភាពទាំងនេះ គឺជាសកម្មភាពខុសច្បាប់ រាជ​រដ្ឋាភិបាលមិនអាចអត់ឱនឱ្យជាដាច់ខាត គឺត្រូវតែអនុវត្តវិធានការច្បាប់ដើម្បីរក្សាស្ថិរភាព និង​សន្ដិភាពរបស់កម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំង​ការ​បំបែក​រដ្ឋ​។ បើយើងប្រកាន់ជំហរបែបនេះ គឺកម្ពុជាមិនអនុញ្ញាត​ឱ្យ​មាន​ការ​បំបែក​ខេត្ត​នៅ​កម្ពុជា​ដាច់​ខាត​។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។ ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿ​ជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍ​បែប​ណា​នា​ពេល​ខាង​មុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រជាជនថៃ ព្រួយបារម្ភអំពីសេដ្ឋកិច្ច បន្ទាប់ពីការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី

2024/08/15 12:24:38 pm        146
ប្រជាជនរស់នៅទីក្រុងបាងកក ប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបណ្តេញលោកសេដ្ឋា ថាវីស៊ីន ចេញពីតំណែង ជានាយករដ្ឋមន្ត្រីថៃ ពុំមែនជារឿងដែលនឹកស្មានមិនដល់នោះទេ ប៉ុន្តែបានបង្ហាញពីការព្រួយបារម្ភ អំពីបញ្ហាសេដ្ឋកិច្ច។អ្នកស្រី Wilai ម្ចាស់ហាងសៀវភៅមានអាយុ៦០ឆ្នាំ បាននិយាយថា អ្នកស្រីគិតថា ប្រសិនបើនយោបាយនៅតែបន្តបែបនេះ សេដ្ឋកិច្ចនឹងមិនអាចដើរទៅមុខរួចនោះទេ។ប្រទេសថៃ ត្រូវបានញាំញីជាថ្មីម្តងទៀតដោយរឿងនយោបាយ ដែលមានរយៈពេលមិនដល់មួយឆ្នាំនោះទេ បន្ទាប់ពីលោក សេដ្ឋា បានឡើងកាន់តំណែង បន្ទាប់ពីការជាប់គាំងសភា ជាច្រើនសប្តាហ៍ ដោយគណបក្សភឿថៃរបស់លោក កំពុងពុះពារដើម្បីរក្សាការគ្រប់គ្រង។ម្ចាស់ហាងលក់អាហារតាមផ្លូវអាយុ ៦៥ ឆ្នាំ ម្នាក់ បាននិយាយថា អ្នកស្រី មិនភ្ញាក់ផ្អើលពេកនោះទេ ព្រោះនេះជារបៀបដែលប្រទេសថៃធ្វើ។គណបក្សភឿថៃ នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជ្រើសរើសអ្នកបន្តតំណែងជំនួសលោកសេដ្ឋា ខណៈគណបក្សកំពុងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួន មុនការបោះឆ្នោតសភាដ៏សំខាន់ សម្រាប់នាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃសុក្រ ទី១៦ ខែសីហា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋបារម្ភរឿងកិច្ចសហប្រតិបត្តិការ CLV រក្សា​ក្រមសីលធម៌​ជជែកគ្នាដោយសន្ដិវិធី

2024/08/15 12:21:27 pm        260
ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថាន​ជាតិ​អប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ដែលព្រួយបារម្ភលើ កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) សូមរក្សានូវក្រមសីលធម៌ ជជែក​គ្នា​ដោយ​សន្ដិវិធី ហើយកុំធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សន្ដិសុខជាតិ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ដាប់រាល់​កង្វល់​ទាំង​អស់​របស់​ប្រជា​ពលរដ្ឋ ពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងដោះស្រាយបញ្ហានោះឱ្យបាន ដូច្នេះពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា ហើយបង​ប្អូន​បញ្ចេញ​មតិ ប៉ុន្ដែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់។សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាការបន្ថែមនូវអត្ថប្រយោជន៍ និងទាញនូវប្រសិទ្ធភាព នៃការតភ្ជាប់​គ្នា​លើ​ការ​អភិវឌ្ឍ​ខេត្ត​ជាប់​ព្រំដែនរបស់កម្ពុជាឱ្យមានការរីកចម្រើន ដោយអនុវត្តស្របទៅតាមច្បាប់ និង​អធិបតេយ្យ​ភាព​របស់ប្រទេសនីមួយៗ៕ អត្ថបទ៖ វន ដារ៉ា

ប្រមុខរបបសឹកមីយ៉ាន់ម៉ា ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន ពីសន្តិសុខព្រំដែន

2024/08/15 11:48:38 am        124
ប្រព័ន្ធផ្សព្វផ្សាយរបស់របបសឹកបាននិយាយថា ប្រមុខរបបយោធាមីយ៉ាន់ម៉ា និងរដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃពុធ (១៣ សីហា) បានជួបពិភាក្សាអំពីសន្តិសុខនៅតាមព្រំដែនរួមគ្នារបស់ពួកគេ ដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចបានដណ្តើមយកពីយោធាមីយ៉ាន់ម៉ា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ប្រទេសចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដល់របបសឹក ប៉ុន្តែក្រុមអ្នកវិភាគនិយាយថាចិនក៏រក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលកំពុងប្រយុទ្ធនឹងយោធានៅក្នុងរដ្ឋសាន (Shan) ភាគខាងជើងសហភាពមីយ៉ាន់ម៉ាផងដែរ។ ជំនួបនៅរដ្ឋធានីណៃពិដោ (Naypyidaw) គឺជាជំនួបលើកដំបូងរវាងលោក វ៉ាង យី (Wang Yi) និងលោក មីន អ៊ុងល៉ាំង (Min Aung Hlaing) ប្រមុខរបបសឹក ដែលបានដណ្តើមអំណាចនៅឆ្នាំ២០២១ ក្នុងរដ្ឋប្រហារ។ភាគីទាំងពីរបានពិភាក្សាអំពី «ស្ថិរភាពនៃតំបន់ព្រំដែន» នេះបើយោងតាមការលើកឡើងរបស់របបសឹកចំពោះកិច្ចប្រជុំ។ លោក Min Aung Hlaing និងលោក Wang ក៏បាន «ពិភាក្សា និងផ្លាស់ប្តូរទស្សនៈដោយបើកចំហទាក់ទងនឹងការបោះឆ្នោតសកលពហុបក្សដោយសេរី និងយុត្តិធម៌ផងដែរ»។របបសឹកបានសន្យារៀបចំការបោះឆ្នោតថ្មី ប៉ុន្តែអ្នករិះគន់និយាយថា ការបោះឆ្នោតណាមួយនឹងត្រឹមតែជារឿងបោកប្រាស់ប៉ុណ្ណោះ។ របបសឹកបានរុញច្រានពេលវេលាសម្រាប់ការបោះឆ្នោតជាច្រើនដង ហើយកាលពីឆ្នាំមុនបានហាមឃាត់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលមានប្រជាប្រិយភាពយ៉ាងទូលំទូលាយរបស់លោកស្រី អ៊ុងសាន ស៊ូជី៕

សម្តេចធិបតី៖ មូលហេតុដែលបាត់បង់ទឹកដី និងអធិបតេយ្យភាពដោយសារយើងចេះតែឈ្លោះគ្នា លាបពណ៌គ្នា

2024/08/15 11:14:03 am        200
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការ​ខ្វល់ខ្វាយ​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងប្រឈមមុខដាក់គ្នា រហូតដល់ជេរគ្នា លាប​ពណ៌គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ដែលហៅកាត់ថាCLV-DTA នោះ។ តែយ៉ាងណាក្តីរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលក្នុងកិច្ចសហប្រតិបត្តិការនេះ ដើម្បី​ភាព​រីក​ចម្រើន​ខេត្ត​ទាំង​នេះឲ្យកាន់តែល្អប្រើសើរបន្ថែមទៀតទៅខាងមុខ។ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចពិតជា​មាន​កង្វល់​យ៉ាង​ខ្លាំង ដោយសារតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមិនយោគយល់គ្នា ជេរគ្នា ដែល​កត្តា​ទាំង​នេះហើយដែលនាំឲ្យខ្មែរយើងបែកបាក់គ្នា មូលហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​យើង​បាត់​ទឹក​ដី​ដោ​​យសារតែយើងឈ្លោះ គ្នាចែកតំបន់គ្នាជាដើមនោះ។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវយ៉ាងទទួចដល់ប្អូនប្រជា ពលរដ្ឋ​ខ្មែរទាំងអស់រួមគ្នាការពារនូវឯករាជ្យភាព សាមគ្គីភាពគ្នា ដើម្បីពង្រឹងនូវ​អត្ត​សញ្ញាណ​យើង​ទាំង​អស់​គ្នា ក្នុងគោលបំណងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យខ្មែរបែកបាក់គ្នាបន្តទៀត ដែលជាការនាំ​ឲ្យ​ខ្មែរ​វិល​ត្រឡប់​ទៅ​រក​អតីត​កាល​(សង្រ្គាម)​ឡើងវិញនោះ ដោយ សារតែការញុះញង់ និងការអុចអាលពីជនបរទេស និងជនមួយ​ក្តាប់​តូច​នៅក្រៅសុកនោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ការឯកភាពជាតិ ការរួមគ្នា​ពង្រឹង​អត្ត​សញ្ញាណ​ជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរយើង គឺជាការចាំបាច់ ដែលខ្មែរ​គ្រប់​ជំនាន់​ត្រូវ​តែធ្វើ ត្រូវរួមគ្នាថែរក្សា សន្តិភាព ស្ថិរភាព ឯកភាពជាតិ កុំឱ្យមានការបែកបាក់ ព្រោះ​ហ្នឹង​ហើយ​ជាមូលដ្ឋាននៃការបែកបាក់។ មិនមែនបាត់តែទឹកដីទេ បាត់ទាំងមនុស្ស ស្លាប់ និង​រត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារសង្គ្រាម ថែមទាំងបាត់ទាំងសម្បត្តិវប្បធម៌យើងផងដែរ៕ អត្ថបទ បាន ចក់

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស៖ក្រុមនេះនឹងមិនចូលរួមកិច្ចចរចាបទឈប់បាញ់ហ្កាហ្សានៅថ្ងៃនេះទេ

2024/08/15 11:00:12 am        135
 មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសបានប្រាប់ទូរទស្សន៍BBC ថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាដោយប្រយោលស្តីពីបទឈប់បាញ់នៅដែនដីហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលបន្តនៅទីក្រុងដូហាប្រទេសកាតានៅថ្ងៃព្រហស្បតិ៍នេះទេ។ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ចង់បានផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ហើយនឹងមិនចូលរួមក្នុងការចរចាដើម្បីជាប្រយោជន៍ដល់ការចរចាដើម្បីផ្តល់ការគ្របដណ្តប់សម្រាប់អ៊ីស្រាអែលក្នុងការបន្តសង្រ្គាមរបស់ខ្លួនឡើយ។មន្ត្រីជាន់ខ្ពស់ខាងលើបានរំលឹកឡើងវិញថា ផែនទីបង្ហាញផ្លូវគួរតែផ្អែកលើកិច្ចព្រមព្រៀងដែលបានស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីចុងខែឧសភា ហើយបានចោទប្រកាន់អ៊ីស្រាអែលថាបានបន្ថែមលក្ខខណ្ឌថ្មី ដើម្បីអូសបន្លាយសង្គ្រាម។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបដិសេធការចោទប្រកាន់ពីសំណាក់ក្រុមហាម៉ាស ហើយបាននិយាយថាក្រុមហាម៉ាស ជាអ្នកទាមទារឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌថ្មី ។កិច្ចចរចានៅតែត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅទោះបីជាគ្មានក្រុមហាម៉ាសក៏ដោយ ខណៈ ក្រុមអ្នកសម្របសម្រួលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា និយាយថាពួកគេអាចប្រើប្រាស់ លក្ខខណ្ឌនានារួមគ្នាចេញជាផែនការមួយដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៕

បេក្ខជនសំខាន់ៗដែលនឹងដណ្ដើមតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ក្រោយលោក Fumio Kishidaប្រកាសចាកចេញពីតំណែង

2024/08/15 10:45:50 am        130
លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅខែក្រោយ បន្ទាប់ពីកាន់តំណែងរយៈពេល ៣ ឆ្នាំ ដែលត្រូវបានរង្គោះរង្គើរដោយរឿងអាស្រូវ និងការធ្លាក់ចុះការគាំទ្រសាធារណៈ។  មានគូរប្រជែងសំខាន់ៗជាច្រើន ដែលអាចជំនួសតំណែងលោកបាននៅពេលគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) របស់លោករៀបចំការបោះឆ្នោតថ្នាក់ដឹកនាំនៅខែក្រោយ។លោកហ្ស៊ីហ្គេរូ អ៊ីហ្ស៊ីបា (SHIGERU ISHIBA) វ័យ ៦៧ឆ្នាំ ជាបេក្ខភាពបួនសម័យកាលសម្រាប់ប្រធានបក្សនិងជាអតីតរដ្ឋមន្ត្រីការពារជាតិ។ លោកនៅមិនទាន់ប្រកាសជាផ្លូវការអំពីបំណងរបស់លោកក្នុងការប្រកួតប្រជែងនាពេលខាងមុខនៅឡើយទេ។  លោក តូស៊ីមីតស៊ូ ម៉ូតេជី (TOSHIMITSU MOTEGI ) វ័យ៦៨ ដែលបច្ចុប្បន្នជាអគ្គលេខាធិការគណបក្សកាន់អំណាច LDP បានបម្រើការក្នុងជួរគណៈរដ្ឋមន្ត្រីជាច្រើនតំណែង រួមទាំងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។លោកស៊ីនជីរ៉ូកូអ៊ីស៊ូមី (SHINJIRO KOIZUMI)វ័យ៤៣ឆ្នាំ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាពលោក ជូនីជីរ៉ូ កូអ៊ីស៊ូមី (Junichiro Koizumi) ។ លោកស្រី សាណេ តាកៃជី (SANAE TAKAICHI) មានតួនាទីជារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ច ហើយត្រូវបានគេផ្តល់កិត្តិយសសម្រាប់ការអនុម័តច្បាប់ដើម្បីបង្កើតប្រព័ន្ធបោសសម្អាតសន្តិសុខសេដ្ឋកិច្ច។    រដ្ឋមន្ត្រីផ្នែកឌីជីថល លោក តារ៉ូ កូណូ (TARO KONO) វ័យ៦៣ឆ្នាំ ក៏បានប្រជែងនឹង លោក Kishida ក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំបក្សចុងក្រោយផងដែរ ហើយត្រូវបានគេមើលឃើញថាជា ឈរឈ្មោះជាបេក្ខជនម្ដងទៀត។ លោកស្រី យ៉ូកូ កាមីកាវ៉ា (YOKO KAMIKAWA )វ័យ ៧១ឆ្នាំ ជារដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន គឺជាឥស្សរជនដែលមានឋានៈទាប ប៉ុន្តែបានទាក់ទាញការចាប់អារម្មណ៍ក្នុងនាមជាបេក្ខជនដែលអាចក្លាយជានាយករដ្ឋមន្ត្រីដ៏មានសក្តានុពលនៅក្នុងការស្ទង់មតិថ្មីៗនេះ។ ចុងក្រោយ លោក តាកាយ៉ូគី កូបាយ៉ាហ្ស៊ី (TAKAYUKI KOBAYASHI) វ័យ៤៩ឆ្នាំ ដែលបានបម្រើការជារដ្ឋមន្ត្រីទីមួយ ទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ចត្រូវបានផ្តល់កិត្តិយសសម្រាប់ការអនុម័តច្បាប់ស្តីពីសន្តិសុខសេដ្ឋកិច្ចក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់៕

ប្រជាជនជប៉ុន សម្តែងការភ្ញាក់ផ្អើល ចំពោះការលាចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី

2024/08/14 02:31:28 pm        914
ប្រជាជនជប៉ុនមួយចំនួន បាននិយាយថា «វាគឺជាការសម្រេចចិត្តដ៏អស្ចារ្យមួយ» ខណៈអ្នកផ្សេងទៀតសម្តែងការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី លោក Fumio Kishida នៅថ្ងៃពុធ នេះ ក្នុងការមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតថ្មី ជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់លោក និងការបន្តជាមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទីបួនរបស់ពិភពលោក។ប្រជាជនចូលនិវត្តន៍ម្នាក់ បាននិយាយថា លោកសង្ឃឹមថា សមាជិកវ័យក្មេង នឹងត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំ នៅក្នុងប្រទេសជប៉ុន។ លោក ប្រហែលជាត្រូវធ្វើការសម្រេចចិត្ត ព្រោះលោកគិតថា លោកគ្មានឱកាសទទួលជ័យជម្នះក្នុងការប្រកួតប្រជែងតំណែងជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយមនោះទេ។ប្រជាជនដ៏ទៃទៀតចង់ឲ្យលោក Kishida នៅបន្ត។ លោក Naoya Okamoto បុគ្គលិកក្រុមហ៊ុនអាយុ ២២ ឆ្នាំ បាននិយាយថា ខ្លួនលោកផ្ទាល់ លោកសូមឱ្យលោក Kishida បន្តធ្វើជានាយករដ្ឋមន្ត្រី។ លោក Okamoto និយាយថា ប្រហែលជាលោក Kishida មានភាពតានតឹងអារម្មណ៍ដោយការវាយតម្លៃក្នុងអត្រាទាប។ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kishida កើតឡើងក្នុងពេលមានភាពភ្ញាក់ផ្អើលអំពីទំនាក់ទំនងរបស់គណបក្ស ជាមួយព្រះវិហារបង្រួបបង្រួមដែលមានភាពចម្រូងចម្រាស និងបញ្ហាផ្សេងទៀតកាលពីពេលថ្មីៗនេះ និងការរៃអង្គាសថវិការបស់គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP)ដែលពុំបានកត់ត្រា។

អាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកូរ៉េខាងត្បូង ជាផ្នែកនៃការដាក់ពង្រាយឆាប់រហ័ស

2024/08/14 02:16:43 pm        751
យោធាសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធ (14 សីហា) នេះដើម្បីសាកល្បងការត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយឆាប់រហ័សរបស់ពួកគេទៅកាន់ឧបទ្វីបកូរ៉េ។ យោធានិយាយថា សមយុទ្ធដោយក្រុមប្រយុទ្ធនៃកងពលតូចរថពាសដែកទី១ ដែលមានមូលដ្ឋាននៅទីក្រុង ហ្វដប្លីស (Fort Bliss) រដ្ឋតិចសាស់ (Texas) បានធ្វើឡើងនៅឯតំបន់បាញ់គ្រាប់ពិត រ៉ូទ្រីហ្គេស (Rodriguez Live Fire Complex) ក្នុងទីក្រុង ផូឆុន (Pocheon) ចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងត្បូងពីព្រំដែនដ៏រឹងមាំជាមួយកូរ៉េខាងជើង។ការដាក់ពង្រាយបណ្ដោះអាសន្ននេះ ធ្វើឡើងបន្ថែមពីលើទាហានអាមេរិកប្រមាណ ២៨.៥០០នាក់ ដែលឈរជើងក្នុងកូរ៉េខាងត្បូងរួចទៅហើយ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ សមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃពុធនេះ ធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងធ្វើសមយុទ្ធយោធារដូវក្តៅប្រចាំឆ្នាំដ៏ធំរបស់ពួកគេនៅសប្តាហ៍ក្រោយ ដើម្បីបង្កើនសមត្ថភាពរបស់សម្ព័ន្ធមិត្តទាំងពីរក្នុងការទប់ទល់នឹងការគំរាមកំហែងអាវុធ និងអ៊ីនធឺណិតរបស់កូរ៉េខាងជើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសចិន៖ ចិនសង្ឃឹមថាភាគីសង្គ្រាមនៅអ៊ីរ៉ង់ អាចជួបគ្នានៅពាក់កណ្តាលផ្លូវ
05/27/2026 11:05 AM
ភាពវឹកវរនៅបូលីវី បានបន្តក្រោយការតវ៉ាច្រើនសប្តាហ៍ដែលបានហ៊ុមព័ទ្ធរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Rodrigo Paz
05/27/2026 11:05 AM
អ្នកវិភាគ៖ ក្រុមហេសបូឡា មិនចាញ់សង្គ្រាមទេ ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារលើលីបង់
05/27/2026 11:05 AM
លោក Trump នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីនៅឧស្យាន Camp David ស្របពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់
05/27/2026 11:05 AM
សម្តេចធិបតី កំណត់យកថ្ងៃទី៧ ខែកក្កដា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
05/27/2026 11:05 AM
ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសលើបញ្ហាតំបន់ និងសកលលោក
05/27/2026 10:05 AM
ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
05/27/2026 10:05 AM
KCNA៖ កូរ៉េខាងជើងសាកល្បងមីស៊ីលកំណត់ទិស​ដៅ​ស្វ័យកម្ម​ប្រើបច្ចេកវិទ្យា​AI និងប្រព័ន្ធ​​បាញ់​រ៉ូកែតសម័យ​ទំនើប​​​
05/27/2026 10:05 AM
ប្រមុខអង្គការសហប្រជាជាតិព្រមានពីការបាត់បង់ដ៏គ្រោះថ្នាក់នៃការគោរពច្បាប់អន្តរជាតិ
05/27/2026 10:05 AM
ពលរដ្ឋអ៊ុយក្រែន និងស្ថានទូតបរទេសក្នុងរដ្ឋធានីគីវ បង្ហាញការមិនខ្វល់ខ្វាយចំពោះការគំរាមវាយប្រហារថ្មីពីរុស្ស៊ី
05/27/2026 10:05 AM