ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

តៃវ៉ាន់ ធ្វើសមយុទ្ធយោធានៅអាកាសយានដ្ឋានអន្តរជាតិធំ

2023/07/26 07:48:01 pm        260
តៃវ៉ាន់៖ កោះតៃវ៉ាន់ បានធ្វើសមយុទ្ធចុះចតប្រឆាំងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិធំរបស់ខ្លួននៅថ្ងៃពុធនេះ ដោយបង្ហាញពីយុទ្ធសាស្ត្រការពាររបស់ខ្លួនប្រឆាំងការវាយលុកតាមអាកាសរបស់ទាហានឆ័ត្រយោង និងឧទ្ធម្ភាគចក្រ។ នេះជាលើកដំបូងហើយដែលអាកាសយានដ្ឋានអន្តរជាតិ Taoyuan (ថាវយ័ន) ដែលជាបណ្តាញផ្លូវអាកាសដ៏សំខាន់បំផុតរបស់កោះនេះជាមួយពិភពលោក ចូលរួមក្នុងសមយុទ្ធ « Han Kuang » (ហានគ័ង) ប្រចាំឆ្នាំ។ឧទ្ធម្ភាគចក្រ ៦ គ្រឿង និងទាហានប្រមាណ ១៨០នាក់ បានចូលរួមក្នុងសមយុទ្ធនេះ ដែលប្រដូចធ្វើជាការវាយរុញច្រានកងកម្លាំងសត្រូវដែលបានរឹបអូសទីតាំងគ្រប់គ្រងចរាចរណ៍ដែនអាកាសនៅព្រលានយន្តហោះ។ កោះតៃវ៉ាន់ បានលុបចោលសមយុទ្ធយោធាប្រចាំឆ្នាំមួយចំនួនរបស់ខ្លួនកាលពីថ្ងៃអង្គារ សម្រាប់ហេតុផលសុវត្ថិភាព ខណៈអាជ្ញាធរបានបង្កើនការត្រៀមលក្ខណៈជាមុនសម្រាប់អ្វីដែលពួកគេនិយាយថាអាចជាព្យុះទីហ្វុងកំណាចបំផុតដែលនឹងវាយបក់មកលើកោះនេះក្នុងរយៈពេលជិតបួនឆ្នាំមកនេះ។

ផ្កាយរណបបង្ហាញពី ក្រុងព្យុងយ៉ាងមានផែនការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ មុនខួបសង្គ្រាម

2023/07/26 07:45:49 pm        284
កូរ៉េខាងជើង៖ លោក Yang Moo-jin សាស្ត្រាចារ្យនៅសាកលវិទ្យាល័យសិក្សាពីកូរ៉េខាងជើងក្នុងទីក្រុងសេអ៊ូល បាននិយាយថា រូបភាពផ្កាយរណបនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងបានបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំព្យុហយាត្រាយោធាពេលយប់ទ្រង់ទ្រាយធំ ដើម្បីប្រារព្ធខួបលើកទី ៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ។ រូបភាពពីក្រុមហ៊ុន Umbra មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលប្រើផ្កាយរណបថតរូបភាពរ៉ាដា ដើម្បីមើលតាមការគ្របដណ្តប់ពពក បង្ហាញពីទម្រង់ការបង្កើតដ៏ធំនៃលេខ «៧០» និងពាក្យផ្សេងទៀតដូចជា «ជ័យជំនះ» និង «ជោគជ័យ» នៅទីលាន គីម អ៊ីលស៊ុង។លោក Yang បាននិយាយថា ក្បួនព្យុហយាត្រាយោធានៅទីក្រុងព្យុងយ៉ាង ទំនងជារួមមានបុគ្គលិករហូតដល់ ១៥.០០០នាក់ ហើយអាចបង្ហាញពីការរៀបចំថ្មីនៃអាវុធដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ។ ប្រទេសកូរ៉េខាងជើងប្រារព្ធខួបនៅថ្ងៃទី ២៧ ខែកក្កដា ជាជ័យជម្នះលើកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ដល់ឆ្នាំ១៩៥៣ ដែលផ្តល់ឱកាសឱ្យទីក្រុងព្យុងយ៉ាងបង្ហាញពីថ្ងៃនៃសង្រ្គាមត្រជាក់ នៅពេលដែលកងទ័ពកូរ៉េខាងជើងបានប្រយុទ្ធដោយមានការគាំទ្រពីប្រទេសចិន និងរុស្ស៊ី។ កូរ៉េខាងជើងនៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេសជាមួយសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ក្នុងបទឈប់បាញ់ ជាជាងសន្ធិសញ្ញាសន្តិភាពផ្លូវការ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង ទីក្រុងព្យុងយ៉ាង បានអញ្ជើញមន្ត្រីជាន់ខ្ពស់ចិន និងរុស្ស៊ី ។ ប្រទេសទាំងពីគឺជាគណៈប្រតិភូបរទេសដ៏ល្បីដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើម ហើយធ្វើឡើងខណៈទីក្រុងព្យុងយ៉ាង បានសម្លឹងមើលដើម្បីធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ៕

វិមានក្រឹមឡាំង៖ លោក Putin នឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា

2023/07/26 07:43:18 pm        132
រុស្ស៊ី៖ មន្ត្រីវិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មានបំណងធ្វើទស្សនកិច្ចនៅប្រទេសចិននៅក្នុងខែតុលា។ លោក Yury Ushakov បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតកាលពីថ្ងៃអង្គារថា លោក ពូទីន មានផែនចូលរួមវេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន ក្នុងបំណងបង្កើតតំបន់សេដ្ឋកិច្ចដ៏ធំមួយ។ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីខែមីនាថា លោកបានអញ្ជើញលោក ពូទីន មកកាន់វេទិកានេះ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីមុនថា លោក ពូទីន ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីប្រធានបទជាច្រើនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក មានចាប់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រហូតដល់កិច្ចការអន្តរជាតិ។លោក ពូទីន បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំមុន មុនពេលរុស្ស៊ីចាប់ផ្តើមការវាយលុកដោយយោធារបស់ខ្លួនលើអ៊ុយក្រែន។រុស្ស៊ី និងចិន កំពុងពង្រឹងទំនាក់ទំនងកាន់តែរឹងមាំចាប់តាំងពីការវាយលុកនោះមក ខណៈប្រទេសទាំងពីរប្រឈមមុខទំនាក់ទំនងកាន់តែធ្លាក់ចុះខ្លាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

ត្រីបាឡែន៥១ ក្បាលបានងាប់បន្ទាប់ពីឡើងមកលើឆ្នេរនៅប្រទេសអូស្ត្រាលីភាគខាងលិច

2023/07/26 07:40:16 pm        125
អូស្ត្រាលី៖ ត្រីបាឡែនជាង៥០ក្បាល បានងាប់ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីបានជាប់ខ្លួននៅលើឆ្នេរសមុទ្រ នៅប្រទេសអូស្ត្រាលី ភាគខាងលិច ដោយអាជ្ញាធរនិយាយនៅថ្ងៃពុធនេះថា ពួកគេកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះត្រីបាឡែនរាប់សិបក្បាលទៀត។  ហ្វូងត្រីបាឡែនព្រុយវែងជិត ១០០ ក្បាល ត្រូវបានគេប្រទះឃើញនៅឆ្នេរ Cheynes ក្បែរទីក្រុង Albany មានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Perth កាលពីល្ងាចថ្ងៃអង្គារ។ក្រុមអ្នកជំនាញមកពីឧទ្យាននិងសេវាកម្មសត្វព្រៃរបស់រដ្ឋ ចូលរួមដោយក្រុមអ្នកស្ម័គ្រចិត្ត បានធ្វើការពេញមួយយប់ ដោយទប់ទល់នឹងសីតុណ្ហភាពត្រជាក់ ដើម្បីតាមដានត្រីបាឡែន។អង្គការសេវាកម្មបានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា ត្រីបាឡែនចំនួន៥១ក្បាលបានងាប់។ អង្គការនេះបាននិយាយថា ពេលនេះខ្លួនកំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តដើម្បីព្យាយាមជួយសង្គ្រោះត្រីបាឡែនចំនួន ៤៦ ក្បាលដែលនៅសល់ ដោយមានផែនការនាំពួកវាទៅកាន់ទឹកជ្រៅក្នុងអំឡុងពេលថ្ងៃ។ឃ្លីបវីដេអូពីកន្លែងកើតហេតុ បានបង្ហាញពីលក្រុមអ្នកស្ម័គ្រចិត្ដ ដែលភាគច្រើនស្លៀកពាក់សម្លៀកបំពាក់សើម កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីជួយថនិកសត្វដែលកំពុងជាប់ខ្លួននៅច្រាំងសមុទ្រ។អ្នកនាំពាក្យនៃការិយាល័យសេវាឧទ្យាន និងសត្វព្រៃ បាននិយាយថា ខ្លួនទទួលបានជំនួយជាច្រើន ប៉ុន្តែនិយាយថាខ្លួនមានអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ ហើយសាធារណជនគួរតែនៅឱ្យឆ្ងាយពីឆ្នេរ សម្រាប់ហេតុផលសុវត្ថិភាព៕

ប្រធានាធិបតីម៉ិកស៊ិក អរគុណលោក Biden ដែលប្តឹងរដ្ឋតិចសាស់ជុំវិញពោងបណ្តែតទឹកនៅព្រំដែន

2023/07/26 07:37:26 pm        147
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានថ្លែងអំណរគុណដល់សមភាគីសហរដ្ឋអាមេរិក របស់លោក គឺលោក Joe Biden កាលពីថ្ងៃអង្គារសម្រាប់ការដាក់ពាក្យបណ្តឹងលើរដ្ឋតិចសាស់ ជុំវិញការដំឡើងរបាំងបណ្តែតទឹកដើម្បីរារាំងជនអន្តោប្រវរេសន៍ដែលឆ្លងកាត់មកពីប្រទេសម៉ិកស៊ិក។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្តឹងរដ្ឋតិចសាស់ជំវិញរបាំងបណ្តែតទឹកដែលត្រូវបានតំឡើងដោយរដ្ឋនេះនៅលើទន្លេ Rio Grande ។ អាជ្ញាធររដ្ឋតិចសាស់ បានចាប់ផ្តើមដំឡើងខ្សែពោងនៅកណ្តាលទន្លេនៅជិតទីក្រុង Eagle Pass រដ្ឋតិចសស់ កាលពីសប្តាហ៍មុន ជាផ្នែកនៃគំនិតផ្តួចផ្តើមរបស់លោក Greg Abbott អភិបាលរដ្ឋតិចសាស់ មកពីគណបក្សសាធារណៈរដ្ឋ ដែលត្រូវបានចាត់ថាជាប្រតិបត្តិការតែម្នាក់ឯងដើម្បីរារាំងជនអន្តោប្រវេសន៍។ ប្រទេសម៉ិកស៊ិក បានត្អូញត្អែរអំពីការដាក់របាំ ដោយនិយាយថា វាបំពានលើសន្ធិសញ្ញាដែនទឹក និងរំលោភលើដែនដី ប្រទេសម៉ិកស៊ិក។

វិមានក្រឹមឡាំង ចោទប្រកាន់លោកខាងលិចរំខានដល់កិច្ចប្រជុំកំពូលទ្វីបអាហ្វ្រិក

2023/07/26 07:34:44 pm        155
រុស្ស៊ី៖ កាលពីថ្ងៃអង្គារវិមានក្រឹមឡាំង បានចោទប្រកាន់ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមរិក ពីបទព្យាយាមរំខានកិច្ចប្រជុំកំពូលអាហ្វ្រិក-រុស្ស៊ី នូវការបង្ហាញវត្តមានរបស់ខ្លួននៅចុងសប្តាហ៍នេះ។ អ្នកនាំពាក្យលោក Dmitry Peskov បាននិយាយថា បណ្តារដ្ឋនៅអាហ្វ្រិក ត្រូវបង្ខំឲ្យទទួលយកបញ្ជា ជាសម្ពាធពុំធ្លាប់មានពីមុនមក ដើម្បីកុំឲ្យចូលរួមនោះទេ។ លោកនិយាយថា ជារឿងសំខាន់ណាស់ ពួកគេមិនបានទទួលយកសិទ្ធដែនអធិបតេយ្យភាពរបស់រដ្ឋអាហ្វ្រិកនោះទេដើម្បីកំណត់ដោយឯករាជ្យនូវដៃគូរបស់ពួកគេសម្រាប់កិច្ចសហប្រតិបត្តិការ និងអន្តរកម្មទៅវិញទៅមកក្នុងវិស័យផ្សេងៗ។ កិច្ចប្រជុំកំពូល នៅក្នុងទីក្រុង St Petersburg នៅថ្ងៃព្រហស្បតិ៍ទី២៧ និងថ្ងៃសុក្រទី២៨ នឹងត្រូវបានចូលរួមដោយប្រធានាធិបតីលោក Vladimir Putin។ លោកត្រូវបានគេរំពឹងថានឹងមានកិច្ចពិភាក្សាពីមួយទៅមួយដោយល្អិតល្អន់ជាមួយមេដឹកនាំអាហ្វ្រិកជាលក្ខណៈបុគ្គល លើអ្វីគ្រប់យ៉ាងមានចាប់ពីពាណិជ្ជកម្ម និងសន្តិសុខ រហូតដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។ វាជាផ្នែកនៃការជំរុញដ៏រឹងមាំសម្រាប់ឥទ្ធិពល ដែលត្រូវបានអះអាងដោយប្រទេសលោកខាងលិច ប្រឆាំងការនៅពីក្រោយនៃសង្គ្រាមនៅអ៊ុយក្រែន។ វាបានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួនបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ វាកាន់តែមានសារៈសំខាន់ដើម្បីជួបប្រជុំគ្នាជាមួយបណ្តាប្រទេសអាហ្វ្រិក និងពិភាក្សាគ្នា ជាពិសេស កាតព្វកិច្ចស្បៀងអាហារ និងមូលហេតុសម្រាប់ភាពបរាជ័យសម្រាប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ជាកិច្ចប្រឹងប្រែងរបស់រុស្ស៊ីដើម្បីគាំទ្រទីផ្សារពិភពលោក និងជាដំណោះស្រាយទទួលខុសត្រូវរបស់រុស្ស៊ី ចំពោះបញ្ហានេះ និងអ្វីដែលកាតព្វកិច្ចលើផ្នែកទាំងឡាយ ដែលមិនត្រូវបានបំពេញ។ រុស្ស៊ីបាននិយាយពីលទ្ធភាពនៃការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃ និងមានតម្លៃថោក ទៅកាន់ប្រទេសក្រីក្របំផុតនៅអាហ្វ្រិកដើម្បីជំនួសគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដើម្បីបំពេញការខ្វះខាតណាមួយ៕

អង់គ្លេសព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារកប៉ាល់ ខណៈដែលសហភាពអឺរ៉ុបសន្យាជំរុញការនាំចេញរបស់ អ៊ុយក្រែន

2023/07/26 07:32:02 pm        99
អង់គ្លេស៖ ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដាថា ខ្លួនមានព័ត៌មានដែលបង្ហាញថា យោធារុស្ស៊ីអាចចាប់ផ្តើមកំណត់គោលដៅដឹកជញ្ជូនជនស៊ីវិល នៅក្នុងសមុទ្រខ្មៅ ខណៈដែលសហភាពអឺរ៉ុប បានសន្យាជួយអ៊ុយក្រែននាំចេញកសិផលស្ទើរតែទាំងអស់របស់ខ្លួនតាមរយៈផ្លូវដែក និងផ្លូវគោក។តម្លៃស្រូវសាលីសកល បានកើនឡើង ១៥ភាគរយក្នុងសប្តាហ៍មុន បន្ទាប់ពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យការនាំចេញធញ្ញជាតិនៅសមុទ្រខ្មៅប្រកបដោយសុវត្ថិភាពសម្រាប់រយៈពេលមួយឆ្នាំ ហើយបានចាប់ផ្តើមកំណត់គោលដៅកំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិនៅលើសមុទ្រខ្មៅ និងទន្លេដានូប៊ី (Danube) ។លោកស្រី បាបារ៉ា វ៉ូវ៉ាដ ( Barbara Woodward) ឯកអគ្គរដ្ឋទូតអង្គគ្លេសប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា៖«ព័ត៌មានរបស់យើងបង្ហាញថា យោធារុស្ស៊ីអាចពង្រីកគោលដៅរបស់ពួកគេទៅលើរោងចក្រគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបន្ថែមទៀត ដើម្បីរួមបញ្ចូលការវាយប្រហារប្រឆាំងនឹងការដឹកជញ្ជូនជនស៊ីវិល នៅក្នុងសមុទ្រខ្មៅ»។លោកស្រីវ៉ូវ៉ាដ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ុណាក់ (Rishi Sunak) បានចែករំលែកព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀរ ហ្សេឡិនស្គី(Volodymyr Zelenskyy) ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃអង្គារ លោក Woodward បានប្រាប់អ្នកយកព័ត៌មាន។ លោស្រីបានបន្ថែមថា ប្រទេសអង់គ្លេសក៏មានព័ត៌មានថា រុស្ស៊ីបានដាក់មីនសមុទ្របន្ថែម នៅតាមក្នុងការចូលទៅជិតកំពង់ផែនានារបស់អ៊ុយក្រែន៕

មនុស្ស ៥នាក់ ស្លាប់ ខណៈព្យុះវាយប្រហារភាគខាងជើងអ៊ីតាលី និងភ្លើងឆេះព្រៃ នៅកោះ Sicily

2023/07/26 07:27:02 pm        152
ជើងអ៊ីតាលី៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បន្ទាប់ពីមានព្យុះដ៏មានឥទ្ធិពល នៅភាគខាងជើង និងភ្លើងឆេះព្រៃ នៅកោះ Sicily ដែលអាចនាំឲ្យរដ្ឋាភិបាលប្រកាសភាពអាសន្ន នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni បាននិយាយថា ក្មេងស្រីវ័យ ១៦ឆ្នាំម្នាក់ ដែលកំពុងធ្វើដំណើរទៅបោះជំរំ ស្ថិតក្នុងចំណោមមនុស្ស ២នាក់ ដែលបានស្លាប់ដោយសារព្យុះ ដែលបានវាយប្រហារភាគខាងជើងប្រទេសអ៊ីតាលី។ ក្មេងស្រីជំទង់នោះ បានបាត់បង់ជីវិតនៅពេលដែលដើមឈើមួយដើមដួលរលំសង្កត់តង់របស់នាង អំឡុងពេលបោះជំរំកាយរិទ្ធនៅជិតទីក្រុង Brescia បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ពេញមួយយប់។ ហើយកាលពីថ្ងៃចន្ទ ស្ត្រីវ័យកណ្តាលម្នាក់ បានស្លាប់ បន្ទាប់ពីដើមឈើដួលរលំពីលើ នៅទីប្រជុំជន Lissone ភាគខាងជើងទីក្រុង Milan។ចំណែកនៅកោះ Sicily ឯណោះវិញ អ្នកគ្រប់គ្រងតំបន់ លោក Renato Schifani បាននិយាយថា លោកមានគម្រោងស្នើរដ្ឋាភិបាល នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីប្រកាសភាពអាសន្ន សម្រាប់កោះមេឌីទែរ៉ាណេមួយនេះ។អ្នកពន្លត់អគ្គីភ័យនៅលើកោះនេះ បានចំណាយពេលមួយយប់ ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលជាការឆេះមួយ ក្នុងចំណោមការឆេះ នៅជិតខ្លាំងនឹងអាកាសយានដ្ឋាន Palermo ដែលកន្លែងនោះ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃអង្គារ។នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ បានរាយការណ៍ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅទូទាំងភាគខាងត្បូង ដោយនិយាយថា ជំនួយផ្លូវអាកាសត្រូវបានស្នើសុំ សម្រាប់ឧបទ្ទវហេតុចំនួន៩ នៅកោះ Sicily ចំនួន៩ នៅតំបន់កាឡាប៊្រីយ៉ា (Calabria) និងមួយទៀតនៅកោះសាឌីណាយ៉ា (Sardinia)៕

សប្ដាហ៍ក្រោយរដ្ឋាភិបាលអនុវត្តការដំឡើងកម្រិតឧបត្ថម្ភ ស្រ្តីមានផ្ទៃពោះក្រីក្រ កម្មការិនី និងមន្ត្រីរាជការជាស្ត្រី

2023/07/26 07:23:59 pm        209
ភ្នំពេញ៖ សប្ដាហ៍ក្រោយចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការដំឡើងប្រាក់ឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា កម្មការិនីជាសមាជិក ប.ស.ស ក៏ដូចជាស្រ្តីមានផ្ទៃពោះរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌។ ការដំឡើងថវិកាឧបត្ថម្ភនេះ គឺដំឡើងជូនទ្វេដង។រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍ​មូលធនមនុស្ស ក៏បានសម្រេចដំឡើងកម្រិតថវិកាឧបត្ថម្ភជូនស្រ្តី​មានផ្ទៃពោះក្នុងគ្រួសារ​មានបណ្ណសមធម៌ កម្មការនីជាសមាជិក ប.ស.ស និងស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីចុះកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា។ ការដំឡើងថវិកាឧបត្ថម្ភគឺ ផ្ដល់ជូនទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះចំនួន ៤ដង ការសម្រាល និងក្រោយសម្រាលចំនួន ​១០ដង រហូតកូនអាយុ ២ឆ្នាំ។​ ប្រាក់ឧបត្ថម្ភទាំងនេះ គឺផ្តល់ជូននៅ​ពេលក្រុមគោលដៅទៅទទួលសេវាពិនិត្យថែទាំសុខភាពមាតា ​ទារកនៅគ្រប់មន្ទីរពេទ្យរដ្ឋ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ​និងសម្រាលកូនរួច ជាក្រុមគោលដៅ ​បង្ហាញការសប្បាយចិត្តជាខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលសម្រេចបន្ថែមថវិកាឧបត្ថម្ភ។ បច្ចុប្បន្នពួកគេទទួលបានការ យកចិត្តទុកដាក់ជាខ្លាំងពីក្រុមគ្រូពេទ្យ ​និងទទួលបានថវិកាជាប្រចាំតាមការកំណត់។ ពួកគេក៏សូមអរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការគិតគូខ្ពស់ចំពោះពួកគេ។ពាក់ព័ន្ធនឹងការងារនេះដែរ លោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ លើកឡើងថាមន្ទីរពេទ្យ ក្រៅពីការផ្ដល់សេវាថែទាំដោយយកចិត្តទុកដាក់ ​ក៏បានផ្ដល់ការណែនាំ និងជួយសម្រួលលើការងារមួយចំនួន ដើម្បីឱ្យក្រុមគោលដៅទាំងនោះទទួលបាននូវអត្ថប្រយោជន៍​ដែលពួកគេអាចទទួលបានពីរាជរដ្ឋាភិបាល។តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាការដំឡើងកម្រិត​ថវិកាឧបត្ថម្ភនេះ គឺបង្ហាញពី ​ការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ កុមារតូច ​ស្របតាមអាទិភាពដែលកំណត់យក មនុស្ស ជាចម្បង ​និងគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់៕អត្ថបទ៖ គឹមហុក

តុលាការបែលហ្ស៊ិក កាត់ទោសជនជាប់ចោទ ៦នាក់ពីបទឃាតកម្ម ជុំវិញករណីបំផ្ទុះគ្រាប់បែក នៅទីក្រុងប៊្រុចសែល ឆ្នាំ២០១៦

2023/07/26 07:22:37 pm        170
បែលហ្ស៊ិក៖ តុលាការក្រុងប្រ៊ុចសែល កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បានកាត់ទោសបុរស ៦នាក់ ពីបទឃាតកម្ម និង ២នាក់ផ្សេងទៀត ពីបទបង្កភេរវកម្ម បន្ទាប់ពីមានការកាត់ក្តីដ៏ធំបំផុត ដែលមិនធ្លាប់មានរបស់ប្រទេសនេះ ចំពោះករណីបំផ្ទុះគ្រាប់បែករបស់ពួកអ៊ីស្លាមនិយម កាលពីឆ្នាំ២០១៦ នៅរដ្ឋធានីរបស់ប្រទេសបែលហ្ស៊ិក ដែលបានឆក់យកជីវិតមនុស្ស ៣២នាក់។ជនទាំង ៦នាក់ ក្នុងចំណោមជនជាប់ចោទចំនួន១០នាក់ ត្រូវបានរកឃើញថា មានទោសពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត ក្នុងបរិបទអ្នកបង្កភេរវកម្ម ពាក់ព័ន្ធនឹងការរួមចំណែករបស់ពួកគេ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន២ នៅព្រលានយន្តហោះ Brussels និងការបំផ្ទុះគ្រាប់បែកលើកទី៣ នៅលើរថភ្លើងក្រោមដីរបស់ទីក្រុងប៊្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។ជនទាំង ៦នាក់នោះ និងមនុស្ស ២នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសពីបទចូលរួមក្នុងសកម្មភាពរបស់អង្គការភេរវកម្មផងដែរ។ ចំណែកឯ បុរស ២នាក់ផ្សេងទៀត ត្រូវបានដោះលែង។ ការសម្រេចក្ដី នឹងមានការបើកសវនាការដាច់ដោយឡែក ដើម្បីកំណត់ទោសនានា នៅខែកញ្ញា។ អ្នកដែលត្រូវបានរកឃើញថា មានទោសក្នុងបទឃាតកម្ម អាចប្រឈមនឹងការជាប់ទោសអស់មួយជីវិត។ក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសនោះ មានម្នាក់ឈ្មោះលោក Salah Abdeslam គឺជាជនសង្ស័យសំខាន់ជាងគេ ក្នុងសវនាការនេះ ពាក់ព័ន្ធនឹងការវាយប្រហារក្រុងប៉ារីសរបស់ប្រទេសបារាំង ដែលបានសម្លាប់មនុស្ស ១៣០នាក់។ នៅពេលរត់គេចខ្លួនពីរដ្ឋធានីរបស់ប្រទេសបារាំង រូបគេត្រូវបានចាប់ខ្លួន នៅទីក្រុងប្រ៊ុចសែល ៤ថ្ងៃមុនមានការវាយប្រហារ នៅប្រទេសបែលហ្ស៊ិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM