ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឧត្តមនាវីឯករបស់NATOថា អ៊ុយក្រែននឹងមិនត្រូវបានផ្តល់យន្តហោះចម្បាំងសម្រាប់ការវាយបកនេះទេ

2023/07/04 06:54:20 pm        94
អ៊ុយក្រែន៖ លោក Rob Bauer ប្រធានគណៈកម្មាធិការសម្ព័ន្ធយោធាណាតូ បាននិយាយថា អ៊ុយក្រែននឹងមិនត្រូវបានផ្តល់យន្តហោះចម្បាំង រហូតដល់ការវាយបករបស់ខ្លួន បានបញ្ចប់។នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ LBC កាលពីថ្ងៃចន្ទ លោកឧត្តមនាវីឯក បានថ្លែងថា ទោះបីជាមានការពិភាក្សាអំពីយន្តហោះចម្បាំងនោះ គឺជាយន្តហោះសំខាន់ក៏ដោយ ក៏វានឹងមិនត្រូវបានដោះស្រាយក្នុងរយៈពេលខ្លីបានដែរ។លោកបានសង្កត់ធ្ងន់ថា នឹងមិនមានការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ឬបណ្តុះបណ្តាលអ្នកបច្ចេកទេស នៅមុនការវាយបករបស់អ៊ុយក្រែននោះទេ។អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក យូរី អ៊ីហ្គណាត (Yury Ignat) បាននិយាយមុននោះថា គ្មានការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន ដើម្បីបើកយន្តហោះ F-16 ដែលផលិតដោយអាមេរិកនៅឡើយទេ ហើយទីក្រុងគីវ នឹងមិនចូលចិត្តការដាក់សម្ពាធលើលោកខាងលិចត្រង់ចំណុចនេះទេ ព្រោះខ្លួនពឹងផ្អែកលើពួកគេ ដើម្បីការគាំទ្រ។កាលពីដើមខែមិថុនា លោកអ៊ីហ្គណាត បាននិយាយថា អ្នកបើកយន្តហោះអ៊ុយក្រែន អាចនឹងចាកចេញទៅនៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះ ដើម្បីហ្វឹកហាត់។ កាលពីចុងខែឧសភា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានប្រកាសថា សមូហភាពលោកខាងលិច រំពឹងថា នឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យបើកយន្តហោះ F-16 នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យោងតាមលោក អូស្ទីន ដាណឺម៉ាក និងហូឡង់ នឹងដឹកនាំក្រុមចម្រុះដែលសម្របសម្រួលការបណ្តុះបណ្តាលអាកាយានិកអ៊ុយក្រែន។ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អាឡិចស៊ី រេសនីកូវ ( Alexey Reznikov) បានថ្លែងថា កងកម្លាំងអ៊ុយក្រែននឹងអាចចាប់ផ្តើមប្រើប្រាស់យន្តហោះ F-16 ក្នុងការប្រយុទ្ធបាននៅរដូវស្លឹកឈើជ្រុះ ឬរដូវរងាខាងមុខប៉ុណ្ណោះ ដោយសារការបណ្តុះបណ្តាលអាកាសយានិក និងវិស្វករ ត្រូវការពេលវេលា៕

សកម្មជនគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ កំពុងបន្តសកម្មភាពឃោសនាបោះឆ្នោត

2023/07/04 06:53:40 pm        135
ភ្នំពេញ៖ ស្ថិតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញកំពុងមមាញឹកឃោសនារកសំឡេងឆ្នោត។ ជាក់ស្តែងនៅថ្ងៃទី៤ខែកក្កដានេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សនៅក្នុងមូលដ្ឋាន។បើតាមលោក មូល វីរៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ឫស្សីកែវ បានប្រាប់BTVថា ការចុះផ្សព្វផ្សាយគោនយោបាយគណបក្សប្រជាជនកម្ពុជា នាពេលនេះ មានដូចជា៖ ចែកខិត្តប័ណ្ណ បិទពាក្យស្លោក បង្រៀនរបៀបគូសសន្លឹកឆ្នោត និងណែនាំដល់ប្រជាពលរដ្ឋត្រៀមឯកសារពាក់ព័ន្ធដើម្បីងាយស្រួលពេលទៅបោះឆ្នោត ។ លើសពីនេះ លោកបន្តថា គណបក្សប្រជាជន គឺជាគណបក្សដាក់ចេញគោលនយោបាយច្បាស់លាស់ បំរើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រសិនបើគណបក្សជាប់ឆ្នោត និងធ្វើតាមគោលនយោបាយដែលបានដាក់ចេញ។ ដូច្នេះសូមបង ប្អូន ប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងបន្តគាំទ្រឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត ។ពលរដ្ឋបានលើកឡើងដែរថា ដោយមើលឃើញពីស្នាដៃជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងការរស់នៅសុខស្រួល ក្រោមម្លប់សន្តិភាព ដូច្នេះនៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអនាគតកូនចៅរស់នៅសុខស្រួល និងប្រទេសជាតិអភិវឌ្ឍន៍​រីកចម្រើនទៅមុខបន្តទៀត៕ អត្ថបទ៖ ទូច សោភ័ណ

គណនី TikTok ផ្លូវការសម្ដេចតេជោនាយករដ្ឋមន្ត្រី មានតែមួយគត់ ដែលមានសញ្ញាគ្រីសបៃតង

2023/07/04 06:47:53 pm        154
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះបានបញ្ជាក់ថា គណនី TikTok ផ្លូវការរបស់សម្ដេច គឺមានតែមួយគត់ដែលមានឈ្មោះថា Hunsen of Cambodia ដោយមានការបញ្ជាក់ទទួស្គាល់ផ្លូវការសញ្ញាគ្រីសបៃតងពីក្រុមហ៊ុន TikTok។គិតត្រឹមថ្ងៃទី៤ខែកក្កដានេះ គណនី TikTok របស់សម្ដេចតេជោ មានអ្នកចូលចិត្ត (Like) ជាង ៣០ ម៉ឺននាក់ និងអ្នកគាំទ្រ (Followers) ជាង ៧៤០០០នាក់ ដោយប្រជាពលដ្ឋអាចចូលទៅកាន់​គណនី​ផ្លូវការ​របស់សម្ដេចតេជោ បានដោយគ្រាន់តែស្វែងរកឈ្មោះ Hunsen of Cambodia។សម្តេចតេជោ ហ៊ុន សែន ​បានមានប្រសាសន៍ថា​ ការប្រើប្រាស់គណនី TikTok នេះ ដោយសារ​រយៈពេលកន្លងមក សម្ដេចបានប្រើប្រាស់​ គណនីហ្វេសប៊ុក (Facebook) ​ប៉ុន្ដែមានការក្លែងបន្លំ​គណនី​ច្រើនរហូតដល់ជាង ​២០ ដែលធ្វើឱ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ដូចគ្នា ដូច្នេះទើប​សម្ដេច​សម្រេចចិត្តប្រើប្រាស់បណ្ដាញទំនាក់ទំនង​សង្គមដែលមានភាពងាយស្រួលប្រើដូចជា TikTok និង Telegram ជំនួសវិញ។សូមជម្រាបថា កាលពីនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ​សម្ដេចតេជោ ហ៊ុន សែន បាន​ប្រកាសលុបចោលគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេច ​ដោយប្រើប្រាស់គណនី Telegram និងTikTok​ ជំនួសវិញ​ ដើម្បីផ្សព្វផ្សាយសកម្មភាពនានារបស់សម្ដេច រួមនឹងព័ត៌មានផ្លូវការជាច្រើន​ពីប្រភពនានាផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានាធិបតីសេណេហ្គាល់ លោក Sall៖ លោកនឹងមិនប្រឹងប្រែងរកអាណត្តិទី៣ ក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ទេ

2023/07/04 05:57:49 pm        119
សេណេហ្គាល់៖ ប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃចន្ទ (ទី៣ ខែកក្កដា) ថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនោះទេ ក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដោយការលើកឡើងនេះបានបញ្ចប់ការរំពឹងទុកជាទូទៅថា លោកនឹងស្វះស្វែងរកអាណត្តិទី៣ ដែលអ្នករិះគន់លើរូបលោក បាននិយាយថា នឹងប្រព្រឹត្តទៅដោយខុសច្បាប់។ពាក្យចចាមអារ៉ាមដែលថា លោក Sall នឹងព្យាយាមបន្តការកាន់អំណាចរបស់លោក បានបង្កើតឲ្យមានជម្លោះដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ២០២១ មក ដែលក្នុងនោះមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ និងបានធ្វើឲ្យរង្គោះរង្គើដល់មុខមាត់របស់ប្រទេសសេណេហ្គាល់ ក្នុងនាមជាមណ្ឌលនៃលទ្ធិប្រជាធិបតេយ្យដែលមានស្ថិរភាពនៅអាហ្វ្រិកខាងលិច។លោក Sall បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ការសម្រេចចិត្តរបស់ខ្ញុំ ដែលគិតពិចារណាយ៉ាងយូរ និងដោយប្រុងប្រយ័ត្ន គឺមិនមែនដើម្បីក្លាយជាបេក្ខជន នៅក្នុងការបោះឆ្នោតបន្ទាប់នោះទេ បើទោះបីជារដ្ឋធម្មនុញ្ញផ្តល់សិទ្ធិឲ្យខ្ញុំក្នុងការធ្វើដូច្នេះក៏ដោយ។ ប្រទេសសេណេហ្គាល់ គឺធំជាងខ្ញុំទៅទៀត ហើយប្រទេសនេះពោរពេញទៅដោយមេដឹកនាំ ដែលមានសមត្ថភាពដូចៗគ្នា ដែលមកជួយជំរុញប្រទេសឲ្យឆ្ពោះទៅរកភាពរីកចម្រើនបាន»។ភាពចលាចលថ្មីចុងក្រោយបំផុត បានកើតឡើងកាលពីខែមុន បន្ទាប់ពីមានការកាត់ទោសលើមេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយភាពលោក Ousmane Sonko ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោមបទចោទ ដែលកើតចេញពីការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភ ជាពាក្យចោទប្រកាន់ដែលលោក Sonko បានបដិសេធ ហើយនិយាយថា ជាការចោទប្រកាន់មានហេតុផលនយោបាយ ដើម្បីបញ្ឈប់រូបលោកមិនឲ្យឈរឈ្មោះនៅក្នុងការបោះឆ្នោត៕

ព្រះមហាក្សត្រថៃទ្រង់បើកសម័យប្រជុំសភា ខណៈគណបក្សឆ្ពោះទៅមុខសម្លឹងដល់ការដឹកនាំរដ្ឋាភិបាលថ្មី

2023/07/04 05:54:13 pm        141
ថៃ៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ទ្រង់បានព្រះរាជតម្រាស់បើកកិច្ចប្រជុំរដ្ឋសភាលើកដំបូង កាលពីថ្ងៃចន្ទ (ទី៣ ខែកក្កដា) ដោយរៀបចំនូវលក្ខខណ្ឌសម្រាប់ការប៉ុនប៉ងរបស់គណបក្សឆ្ពោះទៅមុខ (Move Forward) ក្នុងការចង់បង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីឈ្នះការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើល កាលពី ៦សប្តាហ៍មុន។គណបក្សឆ្ពោះទៅមុខ (Move Forward) ទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកបោះឆ្នោតក្នុងស្រទាប់យុវជន និងក្នុងរដ្ឋធានីបាងកក ដោយការធ្វើយុទ្ធនាការយ៉ាងច្រើនលើសលប់នៅលើបណ្ដាញសង្គម ជុំវិញវេទិកាប្រឆាំងអ្នកកាន់អំណាច ដែលនេះអាចជាការនាំឲ្យមានភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់គណបក្ស ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។គណបក្សនឹងចូលរួមក្នុងសភាជាមួយគណបក្សដ៏មានប្រជាប្រិយយ៉ាងខ្លាំងក្លាភឿថៃ (Pheu Thai) បន្ទាប់ពីគណបក្សទាំង២ បានឈ្នះអាសនៈសភាយ៉ាងច្រើន ដោយបានផ្ដល់ភាពបរាជ័យយ៉ាងធ្ងន់ធ្ងរដល់គណបក្សដែលចងសម្ព័ន្ធមិត្តជាមួយក្រុមយោធារាជានិយម ដែលបានគ្រប់គ្រងរដ្ឋាភិបាល តាំងពីរដ្ឋប្រហារឆ្នាំ២០១៤។ប៉ុន្តែដោយគូសបញ្ជាក់ពីបញ្ហាប្រឈម នាពេលខាងមុខ គណបក្សភឿថៃ (Pheu Thai) និងគណបក្សឆ្ពោះទៅមុខ (Move Forward) នៅតែមិនទាន់ដាច់ស្រេចចំពោះអ្នកដែលត្រូវទទួលបានតំណែងជាប្រធានសភា ពោលគឺជាតួនាទីដ៏សំខាន់មួយ ដែលអាចកំណត់ផ្លូវនៃច្បាប់សំខាន់ៗ និងពេលវេលានៃការបោះឆ្នោតសំខាន់ៗ។លោក Pita Limjaroenrat របស់គណបក្សឆ្ពោះទៅមុខ (Move Forward) គឺបេក្ខភាពឈានមុខគេក្នុងការបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ហើយដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការអាសនៈយ៉ាងតិច ៣៧៦អាសនៈ នៅក្នុងការបូកបញ្ចូលគ្នានៃសភាទាំង២ ក្នុងនោះរួមទាំងសំឡេងសភាជាន់ខ្ពស់ ដែលមានសមាជិក ២៥០រូប ដែលភាគច្រើនត្រូវ បានជ្រើសរើសដោយពួកយោធា៕

ការតវ៉ានៅបារាំង បានធូរស្រាល ក្រោយកុបកម្មចុងសប្ដាហ៍ កើតចេញពីនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/07/04 05:51:18 pm        142
បារាំង៖ ការតវ៉ាមួយសប្ដាហ៍ដែលបានធ្វើឲ្យរង្គោះរង្គើប្រទេសបារាំងកាលពីចុងសប្ដាហ៍មុន ខណៈភាពរំជើបរំជួលបង្កឡើងដោយសារការបាញ់សម្លាប់កាលពីសប្ដាហ៍មុនទៅលើក្មេងប្រុសជំទង់វ័យ១៧ឆ្នាំគ្មានអាវុធក្នុងដៃពីសំណាក់នគរបាល នៅក្នុងតំបន់ជាយក្រុងប៉ារីស នៅតែបន្ត។ ត្បិតថាមានសភាពស្ងៀមស្ងាត់បន្តិចជាងកាលពីថ្ងៃអាទិត្យ ប៉ុន្តែមនុស្សជាង៣.៣០០នាក់ ត្រូវបានចាប់ខ្លួន អគារជាង១.០០០កន្លែងត្រូវបានបំផ្លាញ និងមន្ត្រីនគរបាលចំនួន៧០០នាក់ បានរងរបួសក្នុងកុបកម្ម ចាប់តាំងពីការតវ៉ាប្រឆាំងបានចាប់ផ្ដើមកាលពីថ្ងៃទី២៧ខែមិថុនា។  ក្រុមមន្ត្រីបារាំង បាននិយាយថា មនុស្ស១៥៧នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់អធ្រាត្រ ប៉ុន្តែជាការធ្លាក់ចុះដ៏ច្រើនពីចំនួនជាង៧០០នាក់ ដែលត្រូវបានចាប់ខ្លួន ដែលបានរាយការណ៍ កាលពីពេលល្ងាច ស្របពេលមានការប៉ះទង្គិចដ៏ហិង្សារវាងនគរបាល និង ក្រុមបាតុករទូទាំងប្រទេស។  កុបកម្មបានរាលដាលដោយសារតែការចោទប្រកាន់ពីបទរើសអើងពូជសាសន៍នៅតាមស្ថាប័ន ក្នុងជួរកម្លាំងនគរបាល បន្ទាប់ពីការបាញ់សម្លាប់យុវជន ណាហេល កូនកាត់អាល់ហ្សេរី -បាំង កាលពីថ្ងៃអង្គារ។ នៅក្នុងភាគខាងត្បូងទីក្រុងកំពង់ផែ ម៉ាកសី (Marseille) ការតវ៉ាបានប្រែក្លាយជាស្ថានភាពធ្ងន់ធ្ងន់បំផុត ខណៈក្រុមកុបករបានបាញ់កាំជ្រួចភ្ញីដាក់នគរបាល ដុតរថយន្ត និងវាយកម្ទេចហាងចូលលួចទំនិញ ។ នគរបាលបានឆ្លើយតបដោយឧស្ម័នបង្ហៀរទឹកភ្នែក និងព្យាយាមបញ្ឈប់ក្រុមបាតុករ៕

ប្រមុខការទូត៖ អ៊ុយក្រែននឹងមិនផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

2023/07/04 05:38:03 pm        134
អ៊ុយក្រែន៖ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ឌីមីទ្រី គូលេបា (Dmitry Kuleba) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន នឹងមិនផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិទេ។  លោកបានថ្លែងក្នុងបទសម្ភាសន៍មួយជាបណ្តាញទូរទស្សន៍ Radaថា៖«យើងនឹងមិនផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីបហរយោជន៍ដល់ការបន្តច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិនោះទេ។ បញ្ហានេះគឺថាប្រទេសរុស្ស៊ីទេ ដែលត្រូវប្រកាន់ភ្ជាប់កាតព្វកិច្ចរបស់ខ្លួន»។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយមុននោះថា មានក្តីសង្ឃឹមតិចតួច ដែលថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ នឹងត្រូវបានអនុវត្ត នៅមុនពេលកិច្ចព្រមព្រៀងនេះ ផុតសុពលភាព។នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ កញ្ចប់ឯកសារស្តីពីការផ្គត់ផ្គង់ស្បៀងអាហារ និងជីទៅកាន់ទីផ្សារអន្តរជាតិ ត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តន៍ដំបូងក្នុងរយៈពេល១២០ថ្ងៃ។ កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានបន្ថែមរយៈពេលសម្រាប់ពេលដូចគ្នា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ រុស្ស៊ីបានប្រកាសបន្តកិច្ចព្រមព្រៀងរយៈពេល ៦០ថ្ងៃ ដោយព្រមានថា រយៈពេលនេះ នឹងគ្រប់គ្រាន់ដើម្បីពិនិត្យមើលថាតើអនុស្សរណៈដែលត្រូវបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ កំពុងត្រូវបានអនុវត្តឬយ៉ាងណា? កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ត្រូវបានបន្តរយៈពេល២ខែទៀត នៅថ្ងៃទី១៨ ខែឧសភា។ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ម្តងហើយម្តងទៀតថា មានតែគំនិតផ្តួចផ្តើមសមុទ្រខ្មៅទេ កំពុងត្រូវអនុវត្ត ខណៈដែលមិនមានអ្វីសោះ ត្រូវបានធ្វើឡើងនៅក្រោមអនុស្សរណៈរុស្ស៊ី-អង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺរហ្គេ ឡាវរ៉ូវ បានថ្លែងប្រាប់សន្និសីទតាមអនឡាញ កាលពីថ្ងៃទី៣០ ខែមិថុនាថា រុស្ស៊ីមើលមិនឃើញចំណុចណាមួយក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនោះទេ៕

ការប្រតាយប្រតប់គ្នាបានផ្ទុះឡើង ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាលព្យាយាមបិទអាកាសយានដ្ឋានរបស់អ៊ីស្រាអែល

2023/07/04 05:06:39 pm        96
អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ទី៣កក្កដា បានរុញក្រុមបាតុករ ទាំងកម្រោលពីចេញអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសនេះ ប៉ុន្មានម៉ោង បន្ទាប់ពីភាពអ៊ូអរនិងចលាចលរបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។  ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានសម្រុកចូលអាកាសយានដ្ឋានបេនហ្គូរីយ៉ុន(Ben Gurion) របស់អ៊ីស្រាអែល ដោយមានការប្រតាយប្រតប់ ជាមួយនគរបាល ដែលព្យាយាមរារាំងពួកគេមិនឲ្យចូលទៅកាន់ច្រកសម្រាប់ហោះហើរ ទាំងក្នុងនិងក្រៅប្រទេស។ ដោយកំពុងតវ៉ាប្រឆាំងផែនការមួយដាក់ចេញដោយ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu)ចំពោះកំណែទម្រង់ប្រព័ន្ធតុលាការ មនុស្សមួយចំនួនបានព្យាយាមចូលទៅដល់សាលសម្រាប់ការមកដល់របស់អ្នកដំណើរ ដោយបានច្រៀង និងស្រែកតាមឧគ្ឃោសនស័ព្ទ ពាក្យថា ប្រជាធិបតេយ្យ ។ក្រុមមន្ត្រីគរបាលបានក្រៀកពួកគេចេញមកក្រៅ។ កាលពីព្រឹថ្ងៃចន្ទ ក្រុមអ្នកតវ៉ា បានបិទផ្លូវមួយរយៈពេលខ្លី ចូលទៅកាន់កំពង់សមុទ្រដ៏សំខាន់មួយរបស់អ៊ីស្រាអែល។ការជំរុញច្បាប់ ដែលបានដាក់ចេញបន្ទាប់ពីលោកណេតានយ៉ាហ៊ូ ចូលកាន់អំណាចជាថ្មី កាលពីចុងខែធ្នូ ដែលបានរួមបញ្ចូលជាមួយក្រុមចម្រុះស្ដាំនិយមប្រកាន់តឹង បានដុតបញ្ឆេះឲ្យមានការតវ៉ាដ៏កក្រើកទូទាំងប្រទេសមិនធ្លាប់មាន បង្កឲ្យមានក្ដីបារម្ភសម្រាប់សុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល និងបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ ផងដែរ៕

ជនជាតិប៉ាឡេស្ទីន ៩នាក់ស្លាប់ ក្រោយយោធាអ៊ីស្រាអែល បើកប្រតិបត្តិការវាយប្រហារលើជំរំជនភៀសខ្លួនក្នុងតំបន់ West Bank

2023/07/04 05:01:26 pm        145
អ៊ីស្រាអែល៖​ មានការវាយប្រយុទ្ធតបតគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធប៉ាឡេស្ទីន ក្នុងជំរំជនភៀសខ្លួនក្រុង ចេនីន(Jenin)ស្ថិតក្នុងតំបន់វ៉េសបែង(West Bank) គ្រប់គ្រងដោយអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបានចាប់ផ្ដើមនូវអ្វីដែលទំនងជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការធំបំផុតជាច្រើន ក្នុងដែនដីនេះជាច្រើនឆ្នាំមកនេះដែលមានការវាយប្រហារដោយយានដ្រូនជាច្រើន កាលពីព្រឹកថ្ងៃចន្ទ។ ក្រុមមន្ត្រី សុខាភិបាល និយាយថា ជនជាតិប៉ាឡេស្ទីនចំនួន៩នាក់ ត្រូវបានសម្លាប់ និង១០០នាក់រងរបួស ។ អ៊ីស្រាអែល និយាយថា ខ្លួនកំពុងព្យាយាមបញ្ឈប់ទីក្រុងចេនីន ពីការវាយប្រហារភេរវកម្មចេញពីជំរំជនភៀសខ្លួន តែប៉ាឡេស្ទីន បានចោទប្រកាន់ថាជាឧក្រិដ្ឋកម្មសង្គ្រាម។ យោធាអ៊ីស្រាអែល និយាយថា ពុំមានការបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការបញ្ចប់ប្រតិបត្តិការនេះទេ ប៉ុន្តែ អាចបន្តច្រើនម៉ោងឬច្រើនថ្ងៃទៀត ។  ទីក្រុងចេនីន បានក្លាយជាបន្ទាយដ៏រឹងមាំរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនជំនាន់ថ្មី ដែលបានធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំដ៏ចាស់កំរិលរបស់អាជ្ញាធរប៉ាឡេស្ទីន និងការរឹតត្បិតលើការកាន់កាប់របស់អ៊ីស្រាអែល។ គេបានមើលឃើញ ការវាយឆ្មក់ជាច្រើនម្ដងហើយម្ដងទៀតពីសំណាក់យោធាអ៊ីស្រាអែល កាលពីឆ្នាំមុន ខណៈពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ បានបើកការវាយប្រហារដ៏គគ្រើកលើជនជាតិអ៊ីស្រាអែល ។ខ្មាន់វាយប្រហារប៉ាឡេស្ទីនផ្សេងទៀត បានសំងំលាក់ខ្លួននៅទីនោះ។ កាលពីឆ្នាំ២០០២ អំឡុងការបះបោរលើកទី២របស់ជនជាតិប៉ាឡេស្ទីន កងកម្លាំងអ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំក្នុងទីក្រុងចេនីន។ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងជនស៊ីវិល យ៉ាងហោចណាស់៥២នាក់បានស្លាប់ និងទាហានអ៊ីស្រាអែល ២៣នាក់បានស្លាប់ អំឡុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារយៈពេល១០ថ្ងៃ៕

ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ចុះផ្សព្វផ្សាយពីគោលនយោបាយបក្សដល់ពលរដ្ឋជាង២ពាន់គ្រួសារ

2023/07/03 09:45:41 pm        449
ឧត្តរមានជ័យ៖ នៅថ្ងៃទី០៣ ខែកក្កដាឆ្នាំ ២០២៣នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បេក្ខភាពតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តឧត្តរមានជ័យ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសរុបចំនួន ២,២២៤គ្រួសារ តាមទីតាំងភូមិចំណុះឃុំត្រពាំងប្រីយ៍ ដែលមានភូមិឃ្លាំងកណ្ដាល ភូមិទួលសាលា និងភូមិជើងភ្នំ។ ឯកឧត្តម បានបញ្ជាក់ពីគោលនយោបាយអាទិភាពក្នុងរបស់គណបក្សប្រជាជនអាណត្តិទី៧ ​ឱ្យបាន​ជ្រួតជ្រាប​បន្ថែម ដែលមានដូចជា៖ ការថែទាំសុខភាពជូនប្រជាពលរដ្ឋ បណ្តុះបណ្តាលវិជ្ជាជីវៈ​ដោយ​មិនគិតថ្លៃ​និងទទួល ប្រាក់​ឧបត្ថម្ភប្រចាំការខែ​ជូន​កូន​ចៅ​គ្រួសារ​កសិករ ​ការ​គិតគូ​គាំទ្រ​ដល់គ្រួសារក្រីក្រងាយរងគ្រោះដោយ វិបត្តិសេដ្ឋកិច្ច កម្មវិធីប្រាក់កម្ចី (ហិរញ្ញប្បទាន) និងគោល​នយោបាយ ទីផ្សាដើម្បីរក្សា លំនឹងថ្លៃកសិផលរបស់កសិករ ព្រមទាំងរៀបចំបញ្ជូនមន្ត្រីបច្ចេកទេស​ផ្តល់សេវាកសិកម្មឱ្យទៅបង្រៀនដល់មូលដ្ឋានជនបទទូទាំងប្រទេស។ ក្រៅពីនេះ ឯកឧត្តម បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារយុវជនបក្សត្រូវចុះតាមខ្នងផ្ទះ ដើម្បី​បន្តផ្សព្វផ្សាយពីគោលនយោបាយនេះជូនប្រជាជនឱ្យបានជ្រាបកាន់តែស៊ីជម្រៅ។ ឯកឧត្តម គន់ គីម បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជន​កម្ពុជា​លេខរៀង​ទី១៨​ ដើម្បីបន្តរក្សាសន្តិភាព ​និងឱ្យទទួលបានជីវភាពកាន់​តែ​ធូរធារ​សំបូរសប្បាយ​ជាង​នេះ​បន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Hun Sen Cup៖ ព្រះវិហារក្រោន ស្គាល់ជ័យជម្នះ ខណៈខេត្តកណ្ដាល វាយបក​ឈ្នះ​ភ្នំពេញ​ហ្គាឡាក់ស៊ី រក្សាកៅអីកំពូលតារាង
08/19/2026 10:08 AM
សម្ដេចធិបតី ឧបត្ថម្ភថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែដល់សាលាដូង និងផ្អាកការអនុវត្តការរុះរើ
08/19/2026 10:08 AM
ជំនួបមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងរដ្ឋបាលខេត្តកណ្ដាល កៀរគរបានថវិកាជាង ៤០០លានរៀល
08/19/2026 10:08 AM
ព្រះខ័នរាជ វាយបកតាមស្មើក្រុម Eastern ចុងម៉ោង ក្រោយការស៊ុតដ៏សន្ធាប់ តែ​ភាគ​ច្រើន​បុក​របាទី
08/19/2026 10:08 AM
កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី
08/19/2026 08:08 AM
វិចារណកថា៖ គ្មានជីវិតណាមួយរស់នៅតែឯងនោះទេ«ការរស់នៅ គឺការទទួលជំនួយពីបណ្តាញទំនាក់ទំនងមួយ ដែលយើងប្រហែលជាមិនដែលបានឃើញទាំងស្រុងផង»
08/19/2026 08:08 AM
ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM