ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកនិងសម្ព័ន្ធមិត្តមិនពាក់ព័ន្ធក្នុងការបះបោរប្រឆាំងលោកពូទីននោះទេ

2023/06/27 07:10:48 pm        140
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទ បាននិយាយថា ការបះបោររយៈពេលខ្លីធ្វើឡើងដោយទាហានស៊ីឈ្នួលរុស្ស៊ីប្រឆាំងវិមានក្រឹមឡាំង គឺជាផ្នែកមួយនៃការតស៊ូនៅក្នុងប្រព័ន្ធរបស់ប្រទេសរុស្ស៊ី ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនពាក់ព័ន្ធនឹងរឿងនេះទេ។ លោក Biden បាននិយាយនៅក្នុងការអធិប្បាយដំបូងរបស់លោកចំពោះការបះបោរដោយក្រុមទាហានស៊ីឈ្នួល Wagner ដែលបានធ្វើឲ្យរង្គោះរង្គើកាលពីចុងសប្តាហ៍ថា យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងមិនជាប់ពាក់ព័ន្ធនោះទេ យើងគ្មានអ្វីដែលត្រូវធ្វើជាមួយរឿងនេះឡើយ។ នៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន លោក Biden បានថ្លែងលើកឡើងពីការតស៊ូដណ្តើមអំណាចយ៉ាងខ្លាំងក្លា ដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍ នៅពេលដែលក្រុមអ្នកបះបោរបានឈានឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដែលបានបញ្ឈប់មុនពេលទៅដល់រដ្ឋធានី។លោក Biden បាននិយាយថា លោកបានណែនាំក្រុមសន្តិសុខជាតិរបស់លោក ឣោយធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព «ពីមួយម៉ោងទៅមួយម៉ោង» និងដើម្បីត្រៀមសម្រាប់សេណារីយោជាច្រើន ដែលលោកពុំបាននិយាយលម្អិត។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បាននិយាយកាលពីថ្ងៃចន្ទថា អង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី កំពុងស៊ើបអង្កេតថាតើទីភ្នាក់ងារចារកម្មប្រទេសលោកខាងលិច បានដើរតួនាទីនៅក្នុងការបះបោរដែលត្រូវបានបញ្ឈប់នេះដែរឬទេ។ លោក Biden បាននិយាយថា លោកបានពិភាក្សាជាមួយសម្ព័ន្ធមិត្តសំខាន់ៗតាមសន្និសីទវីដេអូមួយ ដើម្បីធ្វើឱ្យប្រាកដថា អ្នកគ្រប់គ្នាស្ថិតនៅលើព្រឹត្តិការណ៍តែមួយ និងសម្របសម្រួលក្នុងការឆ្លើយតបរបស់ពួកគេ។ លោកបាននិយាយថា ពួកគេបានព្រមព្រៀងជាមួយលោកថា យើងត្រូវធ្វើឱ្យប្រាកដថា យើងបានផ្តល់ឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្មានលេស ដើម្បីដាក់កំហុសរឿងនេះមកលើប្រទេសលោកខាងលិច និងដាក់កំហុសរឿងនេះលើសម្ព័ន្ធយោធាណាតូនោះទេ៕

បន្ទាប់ពីការបះបោរ តើប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Prigozhin នៅឯណា?

2023/06/27 07:04:10 pm        269
រុស្ស៊ី៖ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្សីលោក Yevgeny Prigozhin បាននិយាយរិះគន់កាលពីថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីលោកនិងក្រុមអ្នកប្រយុទ្ធរបស់ក្រុមហ៊ុន Wagner Group របស់លោកបានចាប់ផ្តើមការបះបោរដ៏គួរឱ្យភ្ញាក់ផ្អើលនិងមានរយៈពេលខ្លី នៅក្នុងប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍។ លោក Prigozhin បានចេញសេចក្តីថ្លែងការណ៍ជាសាសំឡេងដ៏វែងនៅលើបណ្តាញ Telegram ដោយការពារសកម្មភាពរបស់លោក ទោះបីជាមានសំណួរជាច្រើននៅតែមាន រួមទាំងស្ថានភាព និងអនាគតរបស់លោកក៏ដោយ។ នេះជាលើកចុងក្រោយ ដែលលោក Prigozhin ត្រូវបានគេឃើញដោយផ្ទាល់ ខណៈលោក និងក្រុមអ្នកប្រយុទ្ធរបស់លោក បានចាកចេញពីទីក្រុងរុស្ស៊ីដែលពួកគេបានចូលគ្រប់គ្រង ទីក្រុងRostov-on-Don កាលពីយប់ថ្ងៃសៅរ៍។ នៅក្នុងសារសំឡេងរយៈពេល ១១ នាទី លោក Prigozhin និយាយថា លោកគ្មានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ ដោយអះអាងថា ចំណាត់ការនេះគឺដើម្បីតវ៉ាជុំវិញការដោះស្រាយរបស់យោធាក្នុងសង្គ្រាមនៅអ៊ុយក្រែន និងនិយាយឡើងវិញពីការចោទប្រកាន់របស់លោកថាយោធារុស្ស៊ីបានវាយប្រហារលើជំរំក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដោយមីស៊ីល និងឧទ្ធម្ភាគចក្រ បណ្តាលឲ្យទាហានរបស់លោកប្រមាណ ៣០នាក់ស្លាប់ ជាការបង្កឲ្យមានការរុញបញ្ឆេះការប៉ះបោរ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកំពុងរាយការណ៍ថាសំណុំរឿងព្រហ្មទណ្ឌលើរូបលោក នៅតែបើកចំហ។ទោះបីជាមានសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងកាលពីចុងសប្តាហ៍ក៍ដោយ ដែលការចោទប្រកាន់លើអ្នកចូលរួមក្នុងការបះបោរនឹងត្រូវបានដកចេញនៅក្នុងកិច្ចព្រមព្រៀងដែលពួកគេនឹងត្រឡប់ទៅមូលដ្ឋានវិញហើយលោក Prigozhin ផ្លាស់ទៅកាន់ប្រទេសបេឡារុស។ លោក Prigozhin ក៏មិនឆ្លើយសំណួរអ្វីផ្សេងទៀតជុំវិញកិច្ចព្រមព្រៀងនោះ ដែលត្រូវបានសម្របសម្រួលដោយប្រធានាធិបតី បេឡារុស លោក Alexander Lukashenko។ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានអរគុណដល់ក្រុមអ្នកប្រយុទ្ធដែលបានទម្លាក់អាវុធចុះដើម្បីបញ្ចៀសការបង្ហូរឈាម។ លោកនឹងគោរពការសន្យាដែលអនុញ្ញាតឱ្យពួកគេផ្លាស់ទីតាំងទៅកាន់ប្រទេសបេឡារុស ដែលបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិ ឬគ្រាន់តែត្រឡប់ទៅលំនៅឋានវិញ៕

ការកើនឡើងតម្លៃស្បៀងអាហារជាសកល ប៉ះពាល់ដល់ការប្រារព្ធពិធីបុណ្យ Eid al-Adha របស់អ៊ីស្លាមសាសនិក

2023/06/27 07:00:56 pm        94
មជ្ឈិមបូព៌ា​៖ ពលរដ្ឋនៅតាមប្រទេសនានានៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដែលកំពុងព្យាយាមទប់ទល់ទៅនឹងអតិផរណាខ្ពស់ និងការហក់ឡើងខ្ពស់នៃតម្លៃស្បៀងអាហារ កំពុងជួបប្រទះការលំបាកក្នុងការលក់ ឬ ទិញ សត្វជៀម សម្រាប់ធ្វើម្ហូបអាហារសែនព្រេន តាមទំនៀបទម្លាប់ដែលបានបន្តរយៈពេលជាច្រើនឆ្នាំអំឡុងថ្ងៃឈប់សម្រាកបុណ្យមូស្ល៊ីមប្រចាំឆ្នាំ Eid al-Adha។ Eid al-Adha ដែលជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមបុណ្យធំៗជាច្រើនរបស់ពលរដ្ឋជាអ៊ីស្លាមសាសនិក នឹងក្លាយជាព្រឹត្តិការណដ៏សំខាន់នៃធម្មយាត្រាប្រចាំឆ្នាំ ហាជី(haj) នៅពេលដែលការសម្លាប់សត្វរបស់ពលរដ្ឋមូស្ល៊ីមដើម្បីរំឭកដល់ឆន្ទ:របស់បព្វជិតសាសនាលោក Ibrahimឬ Abraham ដែលបានលះបង់កូនប្រុសរបស់លោកតាមការទាមទាររបស់ព្រះ ដែលជារឿយៗចែកជូនសាច់ដល់ជនក្រីក្រ។  ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងស្វែងរកសត្វ ដោយការទៅកាន់ទីផ្សារលក់សត្វពាហនៈ ដែលជាធម្មតា តែងប្រារព្ធឡើងប៉ុន្មានសប្ដាហ៍មុនរដូវស្លឹកឈើលាស់ ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារតម្លៃទំនិញហក់ឡើងខ្ពស់ បើធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនោះ។  នៅពេលនេះ ប្រជាពលរដ្ឋជាច្រើន ត្រូវបានបង្ខំឲ្យជ្រើសរើសការប្រកាន់ខ្ជាប់ទំនៀមទម្លាប់សាសនាដែលមានរាប់សតវត្សរ៍មកហើយឬ ទម្លាក់ចោល៕

សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យរាំងខ្ទប់សកម្មភាពបាក់ទ័ព​របស់ក្រុមវាយប្រហារ​លើទឹកដីវៀតណាម ចូលទឹកដីកម្ពុជា

2023/06/27 06:50:30 pm        389
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារបន្ទាន់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ចេញបទបញ្ជាឱ្យសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធ ឈរជើងនៅខេត្តមណ្ឌលគិរី, រតនគិរី ,ក្រចេះ ឱ្យរាំងខ្ទប់សកម្មភាពជ្រៀតចូលរបស់ក្រុមប្រដាប់អាវុធ វាយប្រហារបែបភេរវកម្មនៅក្នុងប្រទេសវៀតណាម កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានបំណងជ្រកកោណនៅទឹកដីកម្ពុជា។សម្តេចបញ្ជាក់ថា ក្រុមបាក់ទ័ពទាំងនេះ បានរាយប៉ាយក្នុងភូមិសាស្ត្រព្រំដែនវៀតណាម ជាប់នឹងព្រំដែនប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តរតនគិរី ។សម្តេចតេជោបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មានដ្រូនជាច្រើនគ្រឿងបានហោះ និងធ្លាក់ចូលទឹកដីកម្ពុជា ដែលតាមការបញ្ជាក់ពីភាគីវៀតណាម មិនមែនជាដ្រូនវៀតណាមឡើយ ដូច្នេះដ្រូនទាំងនោះជាដ្រូនរបស់ក្រុមវាយប្រហារវៀតណាម។ ទន្ទឹងនឹងនោះមានមួយចំនួននៃកងទ័ពភេរវកម្មទាំងនោះ កំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាបន្ទាន់ឱ្យកងអង្គរក្សប្រើអាវុធទំនើបសម្រាប់បាញ់យន្តហោះ ទៅកាន់គោលដៅ ដែលមានដ្រូនរបស់ក្រុមបាក់ទ័ពវាយប្រហារនៅវៀតណាមហោះចូលទឹកដីកម្ពុជា។សម្តេចតេជោ បានបញ្ជាឱ្យកងទ័ពនៅបញ្ជាការដ្ឋានអង្គរក្ស៥០០នាក់ និងកាំភ្លើងបាញ់យន្តហោះ២០០ដើមចេញជាបន្ទាន់ ដើម្បីពង្រាយគ្រប់ច្រកល្ហកសម្រាប់បាញ់ទម្លាក់ដ្រូនទាំងនោះ៕

អ្នកបោះឆ្នោតកាតេម៉ាឡា បញ្ជូនបេក្ខជនប្រធានាធិបតីពីភាគីបដិបក្ខម្ខាងម្នាក់ ដើម្បីទៅប្រជែងគ្នា នៅជុំទី២

2023/06/27 06:15:01 pm        94
កាតេម៉ាឡា៖ យោងតាមលទ្ធផលបឋម កាលពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) បានបង្ហាញថា អ្នកបោះឆ្នោតកាតេម៉ាឡា បានបញ្ជូនបេក្ខជនប្រធានាធិបតី ២រូប មកពីភាគីបដិបក្ខដែលមានទស្សន:នយោបាយខុសគ្នាទៅកាន់ការបោះឆ្នោត នៅថ្ងៃទី២០ ខែសីហា ដោយផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋជាច្រើនដែលកំពុងមានការខកចិត្តថា ការផ្លាស់ប្តូរ នឹងអាចកើតឡើងបាន។តុលាការកំពូលនៃការបោះឆ្នោត បានឲ្យដឹងថា ជាមួយនឹងចំនួន ៩៨ភាគរយនៃសន្លឹកឆ្នោតដែលបានរាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមិថុនា) បានបង្ហាញថា អតីតស្ត្រីទី១ លោកស្រី Sandra Torres របស់គណបក្សអភិរក្ស (UNE) ទទួលបានសំឡេងឆ្នោត ១៥,៧ភាគរយ ហើយលោក Bernardo Arévalo របស់គណបក្សឆ្វេងនិយម «Seed Movement» (ចលនាគ្រាប់ពូជ) មានការគាំទ្រ ១១,៨ភាគរយ។ការបោះឆ្នោត ដែលត្រូវបានរួបរឹតដោយកង្វល់អំពីអំពើពុករលួយ នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ ត្រូវបានកំណត់សម្រាប់ជុំទី២ នៅថ្ងៃទី២០ ខែសីហា ដោយសារគ្មានបេក្ខជនណាម្នាក់ឈានជិតដល់ជ័យជម្នះ ៥០ភាគរយបូកមួយ ដែលត្រូវការជាចាំបាច់ ដើម្បីទទួលបានជោគជ័យដោយសំឡេងភាគច្រើនលើសលុប។សម្រាប់ការបោះឆ្នោតនេះ លោក Arevalo ដែលជាអតីតអ្នកការទូត និងជាកូនប្រុសរបស់អតីតប្រធានាធិបតី Juan Jose Arevalo (វ៉ាន់ ហូសេ ឣារ៉េវ៉ាឡូ) គឺជាអ្នកទទួលបានសំឡេងគាំទ្រដ៏គួរភ្ញាក់ផ្អើល ដោយការស្ទង់មតិពីការបោះឆ្នោតមិនបានព្យាករថា រូបលោកនឹងមិនទទួលបានជោគជ័យនោះទេ។ លោក Arevalo បានយកការដោះស្រាយអំពើពុករលួយជាអាទិភាពដ៏សំខាន់៕

ប្រធានាធិបតីសៀរ៉ាឡេអូន លោក Bio នាំមុខក្នុងការបោះឆ្នោតប្រធានាធិបតី

2023/06/27 05:50:43 pm        92
សៀរ៉ាឡេអូន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសសៀរ៉ាឡេអូន បានឲ្យដឹង កាលពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) ថា លោកប្រធានាធិបតី Julius Maada Bio កំពុងនាំមុខលើគូប្រជែង សម្រាប់ការរាប់សន្លឹកឆ្នោតពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសអាហ្រ្វិកខាងលិចមួយនេះ។លោក Bio វ័យ ៥៩ឆ្នាំ កំពុងឈរឈ្មោះប្រជែងតំណែងអ្នកដឹកនាំកំពូលរបស់ប្រទេសជាលើកទីពីរ ប្រឆាំងនឹងគូបដិបក្ខចំនួន ១២រូប ដោយក្នុងនោះគូប្រជែងដ៏លេចធ្លោបំផុតរបស់លោក គឺបេក្ខជនក្នុងគណបក្សសភាប្រជាជនទាំងអស់ (APC) លោក Samura Kamara ដែលបានចាញ់លោក Bio ក្នុងការបោះឆ្នោតលើកចុងក្រោយ ក្នុងឆ្នាំ២០១៨។លទ្ធផលសន្លឹកឆ្នោតបណ្ដោះអាសន្ន បានបង្ហាញថា មកទល់ពេលនេះ លោក Bio បានទទួលសំឡេងឆ្នោតជាង ១លានសំឡេង ធៀបនឹងលោក Kamara ដែលមានសំឡេងតិចជាង ៨០០.០០០សំឡេង។ គណៈកម្មការ បាននិយាយនៅរសៀលថ្ងៃចន្ទថា លទ្ធផលដែលបានផ្ទៀងផ្ទាត់ចុងក្រោយ នឹងត្រូវប្រកាសក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់។ការបោះឆ្នោតនេះ មានសភាពតានតឹងខ្លាំង ខណៈគណបក្សសភាប្រជាជនទាំងអស់ (APC) បាននិយាយថា តំណាងបោះឆ្នោតរបស់ពួកគេត្រូវបានវាយប្រហារ និងបំភិតបំភ័យ នៅក្នុងស្រុកចំនួន៣ នៅថ្ងៃបោះឆ្នោត។ ចំណែកខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ពីករណីជាច្រើន ដែលមន្ត្រីត្រូវបានគេវាយដំ ឬក៏ត្រូវបានបំភិតបំភ័យ។សម្រាប់ប្រជាជនសៀរ៉ាឡេអូន ពួកគេបារម្ភខា្លចថា អាចនឹងមានភាពចលាចលកើតឡើង នៅពេលដែលលទ្ធផលត្រូវបានប្រកាស ជាពិសេសប្រសិនបើគ្មានបេក្ខជនណាម្នាក់ ក្នុងចំណោមបេក្ខជនទាំង ១៣រូប ទទួលបានសំឡេង ៥៥ភាគរយនៃការបោះឆ្នោតនេះ ជាស្ថានភាពដែលនឹងបង្កមានការប្រជែងគ្នាបន្ថែមទៀត រវាងបេក្ខជនឈានមុខគេទាំងពីរ។ ជាមួយគ្នានេះ អ្នកសង្កេតការណ៍អន្តរជាតិ បានសម្តែងកង្វល់អំពីកង្វះតម្លាភាព ក្នុងការរាប់សន្លឹកឆ្នោត។តែយ៉ាងណាក្ដី លោកប្រធានាធិបតី Bio ថ្លែងទៅកាន់ប្រជាជាតិរបស់លោក បន្ទាប់ពីការផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននេះ កាលពីល្ងាចថ្ងៃចន្ទ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបរក្សាសន្តិភាព។ លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «យើងម្នាក់ៗមានចំណែកក្នុងការរក្សាសន្តិភាព ទាំងក្នុងអំឡុងពេល និងទាំងបន្ទាប់ពីការប្រកាសលទ្ធផលនៃការបោះឆ្នោតទាំងនេះ»៕

យោធាហុងឌុយរ៉ាស ចូលគ្រប់គ្រងពន្ធនាគារបន្ទាប់ពីមនុស្សរាប់សិបនាក់ស្លាប់ដោយកុបកម្ម

2023/06/27 05:24:10 pm        180
ហុងឌុយរ៉ាស៖ ក្រុមមន្ត្រីបាននិយាយថា យោធាប្រទេសហុងឌុយរ៉ាស បានចាប់ផ្តើមគ្រប់គ្រងពន្ធនាគារដែលមានហិង្សារបស់ប្រទេសនេះ កាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនា បន្ទាប់ពីជម្លោះក្រុមជនអន្ធពាលដែលបានបណ្តាលឱ្យអ្នកទោស៤៦ នាក់ស្លាប់នៅមជ្ឈមណ្ឌលឃុំឃាំងស្ត្រីកាលពីសប្តាហ៍មុន។ប្រធានាធិបតីឆ្វេងនិយមលោកស្រី Xiomara Castro បានប្រកាសកាលពីសប្តាហ៍មុនថា លោកស្រីនឹងប្រគល់ឱ្យនគរបាល គ្រប់គ្រងប្រព័ន្ធពន្ធនាគារ ដែលជាការចាកចេញពីជំហរអតីតកាលនៃសន្តិសុខគ្មានយោធា ខណៈរដ្ឋបាលរបស់លោកស្រីព្យាយាមបញ្ឈប់សកម្មភាពឧក្រិដ្ឋកម្មដែលរៀបចំទុកនៅក្នុងពន្ធនាគារ។វីដេអូផ្លូវការ បានបង្ហាញពីអ្នកទោសបុរសគ្មានអាវរាប់រយនាក់ ដែលភាគច្រើនមានចាក់សាក់ និងកោរសក់ ដែលត្រូវបានដាក់ឣោយនៅលើកម្រាលឥដ្ឋនៃពន្ធនាគារ Tamara មានសន្តិសុខខ្ពស់របស់ប្រទេសហុងឌុយរ៉ាស ដោយលើកដៃដាក់លើក្បាលរបស់ពួកគេ ហើយត្រូវបានការពារដោយទាហានប្រដាប់អាវុធយ៉ាងតឹងរ៉ឹង។ រូបភាពបង្ហាញពីភាពស្រដៀងគ្នាទៅនឹងរូបភាពដែលបានចែករំលែកកាលពីដើមឆ្នាំនេះដោយរដ្ឋាភិបាលប្រទេសអែលសាវ៉ាឌ័រស្តាំនិយមដែលនៅជិតខាង បានបង្កើនសន្តិសុខពន្ធនាគារ និងបានចាក់សោឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ជាង ៦២.០០០នាក់ ក្នុងអំឡុងពេលការបង្ក្រាបក្រុមជនអន្ធពាល។ពន្ធនាគារ Tamara ជាកន្លែងដែលអ្នកទោសប្រមាណ ៤.២០០នាក់ ត្រូវបានប្រមូលផ្តុំទៅក្នុងកន្លែងមួយដែលមានសមត្ថភាពផ្ទុកអ្នកទោសបានត្រឹមតែ ២.៥០០នាក់ ជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារចំនួន ២ រួមជាមួយពន្ធនាគារ La Tolva ដែលនគរបាលបានចូលគ្រប់គ្រងកាលពីថ្ងៃចន្ទ។ នៅប្រទេសហុងឌុយរ៉ាស អ្នកទោសប្រហែល ២០.០០០នាក់ រស់នៅជាមួយគ្នានៅក្នុងពន្ធនាគារចំនួន២៦កន្លែង ដែលមានមនុស្សច្រើន ដោយរបាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា ពន្ធនាគាររបស់ប្រទេសមាន ៣៤,២% លើសសមត្ថភាព។ នគរបាលកាលពីថ្ងៃចន្ទ បានរឹបអូសកាំភ្លើងខ្លី កាំភ្លើងយន្ត គ្រាប់រំសេវ បង់កាំភ្លើង និងគ្រាប់បែកដៃ ពីតំបន់មួយនៅពន្ធនាគារ Tamara ដែលគ្រប់គ្រងដោយក្រុមជនអន្ធពាល Barrio 18 ។

តើការក្រោកបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី វ៉េកណា អាចប៉ះពាល់អ្វីខ្លះដល់អាហ្វ្រិក?

2023/06/27 05:17:09 pm        165
រុស្ស៊ី៖ ខណៈក្រុមអ្នកប្រយុទ្ធមកពីក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី វ៉េកណា បានចេញក្បួនដំណើរទៅកាន់ទីក្រុងមូស្គូ ហេតុការណ៍ភ្ញាក់ផ្អើលជាច្រើនត្រូវបានទម្លាយនៅក្នុងប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា បានកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងសមរភូមិដែលនៅតែបន្តជាយូរមកហើយប្រឆាំងនឹងក្រុមបះបោរ នៅក្នុងប្រទេសទាំង២នេះ ។ យោងតាមឯកសារលិចធ្លាយរបស់សហរដ្ឋអាមេរិក ក្រុមទាហានស៊ីឈ្នួលវ៉េកណា បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសយ៉ាងហោចណាស់៨នៅតំបន់អាហ្វ្រិក។ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានវាយបង្ក្រាបក្រុមឧទ្ទាមបះបោរមួយចំនួនចាប់តាំងពីឆ្នាំ២០១៨មក។ នៅក្នុងប្រទេសម៉ាលី អង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចលោកខាងលិច និយាយថា ក្រុមហ៊ុនទាហានស៊ីឈ្នួលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ជាមួយកងកម្លាំងម៉ាលី ដែលកំពុងប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធជីហាដ។ តែប្រទេសម៉ាលី និងរុស្ស៊ី បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ។ ក្រុមមេដឹកនាំយោធារបស់ប្រទេសម៉ាលី និយាយថា ពួកគេពុំបានទទួលយកកងកម្លាំងពីក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណាទេ តែក្រុមអ្នកបណ្ដុះបណ្ដាលកំពុងជួយដល់ទាហានក្នុងស្រុក ដោយនាំយកគ្រឿងយុទ្ធោបករណ៍ពីប្រទេសរុស្ស៊ី។ ដូច្នេះ តើការក្រោកបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណាអាចប៉ះពាល់អ្វីខ្លះដល់តំបន់នេះ? កាលពីចុងសប្ដាហ៍មុន អ្នកនាំពាក្យសម្រាប់រដ្ឋាភិបាលក្នុងទីក្រុង បាម៉ាកូ (Bamako)  របស់ប្រទេសម៉ាលី និងទីក្រុង បាងគី (Bangui)របស់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល បានច្រានចោលការអត្ថាធិប្បាយ ដែលថា តើភាពចលាចលនេះនឹងអាចប៉ះពាល់យ៉ាងណាខ្លះដល់យុទ្ធសាស្ត្រសន្តិសុខរបស់ពួកគេ។ ប៉ុន្តែជម្លោះផ្ទៃក្នុងភ្លាមៗបែបនេះ បានបង្កឲ្យមានបញ្ហាផ្នែកការទូត ។ ប្រទេសទាំង២ បាននិងកំពុងព្យាយាមស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី៕

ការបះបោរនៅតែធ្វើឲ្យរុស្ស៊ី ភ័យខ្លាច ខណៈលោក Putin និយាយថា លោកព្យាយាមបញ្ចៀសការបង្ហូរឈាម

2023/06/27 05:08:12 pm        127
រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា លោកបានបណ្ដោយឲ្យការងើបបះបោរទៅតាមដំណើរព្រោះលោកព្យាយាមបញ្ចៀសឲ្យបាននូវការបង្ហូរឈាមគ្នា ខណៈប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណាគ្រុប (Wagner) និយាយថា លោកមិនដែលមានចេតនាផ្ដួលរលំរដ្ឋាភិបាលឡើយ។ សុន្ទរកថាផ្សាយតាមទូរទស្សន៍របស់លោក Putin គឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីថ្ងៃសៅរ៍មក ដែលលោកបាននិយាយថាការបះបោរនេះ បានគំរាមកំហែងយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រទេសរុស្ស៊ី ហើយអ្នកប្រព្រឹត្តទាំងនោះនឹងត្រូវបានផ្តន្ទាទោស។ លោក Putin បាននិយាយកាលពីថ្ងៃចន្ទថា ចាប់តាំងពីដំបូង វិធានការផ្សេងៗ ត្រូវបានអនុវត្តន៍ តាមការចង្អុលបង្ហាញផ្ទាល់របស់ខ្ញុំដើម្បីបញ្ចៀសការបង្ហូរឈាមគ្នាដ៏ធ្ងន់ធ្ងរ។ ពេលវេលាជារឿងចាំបាច់ ក្នុងចំណោមបញ្ហាផ្សេងៗ ដើម្បីផ្ដល់ឲ្យទៅអ្នកទាំងឡាយដែលបានប្រព្រឹត្តិខុស ដោយចៃដន្យ ជាការធ្វើឲ្យភ្ញាក់រលឹក ដើម្បីឲ្យដឹងថាទង្វើរបស់ពួកគេត្រូវបានជំទាស់ដាច់ខាត ដោយសង្គម ហើយថាសកម្មភាពបង្កគ្រោះថ្នាក់ ដែលពួកគេបានធ្វើបានផ្ដល់សោកនាដកម្ម និងផលវិបាកដ៏មហន្តរាយដល់ប្រទេសរុស្ស៊ី និងរដ្ឋរបស់យើង។  ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី វ៉េកណា លោក Yevgeny Prigozhin បាននិយាយនៅក្នុងសារសំឡេងរយៈពេល១១នាទីដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Telegram របស់លោក និងដែលបានផ្ដល់តម្រុយមួយចំនួនចំពោះទីកន្លែងរបស់លោក ឬ ក្រោមកិច្ចព្រមព្រៀង ដែលលោកបានបញ្ឈប់ក្បួនកងកម្លាំងរបស់លោកទៅកាន់ទីក្រុងមូស្គូ៕

ក្រសួងសាធារណការ បំពាក់ឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ប្រព័ន្ធ​កត់ត្រា​រថយន្ត​ដឹកជញ្ជូន​នៅកំពង់ផែ

2023/06/27 04:01:14 pm        543
ក្រសួងសាធារណការបាននឹងកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គ្រប់គ្រង​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទំនិញ​ចូល​កំពង់ផែ ដើម្បីផ្តល់នូវតម្លាភាពក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើក​ស្ទួយ​សេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ ព្រម​ទាំង​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​លើស​កម្រិតកំណត់យ៉ាងមានប្រសិទ្ធភាព។បច្ចុប្បន្ននេះ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បាន​ត្រៀម​ខ្លួន​រួចរាល់ សម្រាប់​បើក​ប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ខាងមុខ។ នៅ​ក្នុង​កំពង់ផែ​ពហុ​បំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំ​បំពាក់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System ដែលហៅកាត់ថា STM ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និង​ត្រួត​ពិនិត្យរបាយការណ៍។ នេះបើតាមឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​បច្ចេក​វិទ្យា និងទំនាក់ទំនងសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែ​ង​ប្រាប់​ទូរទស្សន៍ព័ត៌មាន BTV កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ខណៈឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ ចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង។ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ប្រព័ន្ធនេះត្រូ​វបា​នដឹ​កនាំ​រៀប​ចំដោយអ​គ្គ​នាយកដ្ឋាន​បច្ចេក​វិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែល​អាច​កត់​ត្រា​ព័ត៌មាន​ចូល​ចេញ​បរិវេណកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង។ ប្រព័ន្ធនេះ​មាន​សមត្ថ​ភាព​កត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំង​អាច​ចែក​រំលែក​ទិន្នន័យ​ជូន​ក្រសួង​ស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈប្រព័ន្ធបច្ចេកវិទ្យារបសក្រសួងសាធារណការ និងដឹកជញ្ជូន។ថ្លែងក្នុងឱកាសចុះបំពេញបេសកកម្មការងារ នាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនថា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទំនិញ​ចូលកំ​ពង់ផែមួយនេះ បាននិងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិតដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើ​អាជីវកម្ម​របស់​វិស័យ​ឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។ ការ​រៀប​ចំ​ឱ្យ​បង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះឡើង គឺក្នុង​បំណង​ជំរុញ​ការ​ដឹក​ជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​បន្ទាយ​មានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយ​កាត់​បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេស​គឺ​កាត់​បន្ថយការ​ដឹក​ជញ្ជូន​ធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។ ម្យ៉ាង​វិញ​ទៀត​ការ​សាង​សង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញទៀតផង៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត
08/19/2026 12:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង ៤០សាលាក្នុង១៤រាជធានី-ខេត្ត
08/19/2026 12:08 PM
កូរ៉េខាងត្បូង៖ ការកាត់បន្ថយសមយុទ្ធរបស់លោក Trump ទំនងជាមានគោលបំណងជំរុញទីក្រុងសេអ៊ូលឱ្យចូលក្នុងសង្គ្រាមអ៊ីរ៉ង់
08/19/2026 12:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ស្វះស្វែងរកការបញ្ចប់សង្គ្រាម ពុំមែនបទឈប់បាញ់បណ្ដោះអាសន្នទេ
08/19/2026 12:08 PM
WHO៖ ការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោ គឺជាគ្រាអាសន្នសកលខណៈករណីរឆ្លងបានលើសពី ៥.០០០ ករណី
08/19/2026 12:08 PM
មនុស្ស ២៥ នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសនីហ្សេរីយ៉ា ស្របពេលមានការភ័យខ្លាចពីការសងសឹក
08/19/2026 12:08 PM
លោក Trump និយាយថា អាមេរិក និងកាណាដា ឈានដល់កិច្ចព្រមព្រៀង និងផ្អាកដំឡើងពន្ធជាបណ្ដោះអាសន្ន
08/19/2026 12:08 PM
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ អំពាវនាវឱ្យមានការបោះឆ្នោតប្រធានាធិបតី
08/19/2026 12:08 PM
ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យស៊ើបអង្កេត និងពង្រឹងសុវត្ថិភាពសាលារៀនក្រោយការបាញ់ប្រហារដ៏កក្រើក
08/19/2026 11:08 AM
រុស្ស៊ី រាយការណ៍ថាយានដ្រូនរបស់អ៊ុយក្រែនវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia
08/19/2026 11:08 AM