ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន៖ រោងចក្រសហគ្រាសទាំងអស់ត្រូវក្លាយទៅជាសហគមន៍សុខសាន្ត

2023/05/26 05:15:44 pm        374
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រោងចក្រសហគ្រាសទាំងអស់ ត្រូវក្លាយទៅជាសហគមន៍សុខសាន្តមួយ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍អំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រចំនួន៣ គឺរោងចក្រម៉ាវ៉ល ហ្គាមិន (Marvel Garment), រោងចក្រ រ៉ុងវីន ហ្គាមិន(Rong wing Garment )និងរោង ចក្រដាគ្វានថេកស្ថាយ ខេមបូឌា (DNQIAN TEXTILE CAMBODIA) ដែលមានទីតាំងនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ សរុបជិត២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភានេះ។សម្តេច មានប្រសាសន៍លើកឡើងថា វត្តមានរបស់សម្តេចជាថ្មីម្តងទៀតនេះ ដើម្បីពិនិត្យមើលពី​វឌ្ឍនភាព​ និងដោះស្រាយបន្តដើម្បីផ្តល់ផលប្រយោជន៍ជូនកម្មករ និយោជិត ​និងបានអំពាវនាវឱ្យយោជក​ និងកម្មករត្រូវសាមគ្គីយោគយល់​អាធ្យាស្រ័យគ្នា ដើម្បីឱ្យរោងចក្រសហគ្រាស​ទាំងអស់​ត្រូវក្លាយទៅជាសហគមន៍សុខសាន្តមួយ។សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ម្ចាស់រោងចក្រទាំងអស់ជៀសវាងការ​ចិញ្ចឹម​ទំនាស់ បើសិនជា​មានទំនាស់អ្វីជាមួយកម្មករត្រូវព្យាយាមដោះស្រាយឱ្យបានឆាប់រហ័ស ដោយមានកិច្ច​សហការ​រវាង​សហជីព និងក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។សូមជំរាបជូនថា វត្តមានរបស់សម្តេចតេជោ ជួបជាមួយកម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ច​ពិសេស​នាថ្ងៃនេះ ជាលើកទី ឮ៦ហើយ ។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នេះគឺមានទំហំ​ផ្ទៃដីជាង ៣៥០ហិកតា មានទុនវិនិយោគ ៧៤៥លានដុល្លារអាមេរិក បច្ចុប្បន្នមាន​រោងចក្រ​សរុប៩៨កំពុងដំណើរការ ក្នុងនោះមានអ្នកវិនិយោគទុនមកពីប្រទេសជប៉ុន៤០រោងចក្រ ប្រទេសចិន៣០រោងចក្រ ប្រទេសថៃ៦រោងចក្រ ម៉ាឡេស៊ី៤រោងចក្រ សិង្ហបុរី៤ សហរដ្ឋអាមេរិក៣ កម្ពុជា៣ អូស្ត្រាលី២ ហូឡង់២ កូរ៉េខាងត្បូង១ ហ្វីលីពីន១ ស៊ុយអែត១ និងវៀតណាម១ បាន​ប្រើប្រាស់​កម្មករ និយោជិតសរុបប្រមាណជាង ៤ម៉ឺននាក់ ដោយមានទំហំទឹកប្រាក់នាំចេញ​បានកើនឡើងដល់ជាង ៩៧៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២៕

ប្រធានាធិបតីម៉ិកស៊ីក ជំរុញឲ្យអ្នកបោះឆ្នោតអាមេរិកឡាទីន បដិសេធលោក DeSantis បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ

2023/05/26 05:07:52 pm        329
ម៉ិកស៊ីក ៖ ប្រធានាធិបតីប្រទេសម៉ិកស៊ីក លោក Andres Manuel Lopez Obrador កាលពីថ្ងៃព្រហស្បតិ៍ បានជំ  រុញឲ្យអ្នកបោះឆ្នោតអាមេរិកឡាទីន មិនឲ្យគាំទ្រអភិបាលរដ្ឋ Florida លោក Ron DeSantis ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់ ដោយចោទប្រកាន់អ្នកនយោបាយគណបក្សសាធារណៈរដ្ឋរូបនេះ ពីការព្យាយាមទទួលបានសន្លឹកឆ្នោតក្នុងការបណ្តេញជនអន្តោប្រវេសន៍។លោក DeSantis បាននិយាយកាលពីថ្ងៃពុធថា លោកនឹងស្វែងរកការតែងតាំងពីគណបក្សសាធារណៈរដ្ឋនៅឆ្នំា២០២៤ សម្រាប់តំណែងប្រធានាធិបតី និងប្តេជ្ញាសាងសង់របងតាមព្រំដែនប្រទេសម៉ិកស៊ីក ជាការសន្យាធ្វើឡើងជាបន្តបន្ទាប់ដ៏រឹងរុសលើការធ្វើអន្តោប្រវេសន៍ ដែលលោកបាននិយាយថាអំពាវនាវដល់អ្នកបោះឆ្នោតអាមេរិកឡាទីន ដែលចង់បានការអនុវត្តន៍រឹងមាំ។ លោក Lopez Obrador បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលថា គោលនយោបាយដែលមានទាំងអស់របស់លោក DeSantis ជាមួយជនអន្តោប្រវេសន៍ គឺព្រោះតែលោកចង់ក្លាយជាបេក្ខជនគណបក្សសាធារណៈរដ្ឋ។ ខ្ញុំសង្ឃឹមថា ប្រជាជនអាមេរិកឡាទីននៅរដ្ឋ Florida ភ្ញាក់ឡើង ហើយកុំបោះឆ្នោតឲ្យបេក្ខជននេះ។ លោក DeSantis ដែលការពារសន្តិសុខព្រំដែននិងបាននិយាយចំអកដែលគេហៅថាទីក្រុងលាក់បំពួន ជាកន្លែងដែលជនអន្តោប្រវេសន៍អាចស្នាក់នៅបាន បាននិយាយថា លោកនឹងដាក់ការគ្រប់គ្រងតឹងរ៉ឹងលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងកំណត់ការសុំសិទ្ធិជ្រកកោន។ ខណៈមានការសាងសង់របង លោក Lopez Obrador បាននិយាយថាលោក DeSantis នឹងស្វែងរកកម្មវិធីស្រដៀងគ្នាទៅនឹងអំឡុងពេលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជាគោលនយោបាយបន្តមួយ ដែលបានបង្ខុំឲ្យអ្នកស្វែងរកសិទ្ធជ្រកកោនឲ្យស្នាក់នៅក្នុងប្រទេសម៉ិកស៊ីក ខណៈរងចាំសវនាការសហរដ្ឋអាមេរិកលើការបញ្ជាក់របស់ពួកគេ។ លោក Lopez Obrador ដែលកាលពីលើកមុន បានព្រមានគណបក្សសាធារណៈរដ្ឋកុំឲ្យដាក់គោលដៅលើជនអន្តោប្រវេសន៍ដើម្បីកេងចំណេញខាងនយោបាយ បាននិយាយវាយប្រហារលើលោក trump នៅពេលចាប់  ផ្តើមរដ្ឋបាលអតីតប្រធានាធិបតីរូបនេះចំពោះគោលនយោបាយអន្តោប្រវេសន៍របស់លោក។

លោក Biden និងលោក McCarthy ទំនងជាខិតជិតដល់កិច្ចព្រមព្រៀងលើអតិបរមាបំណុល ខណៈការខកខានសងបំណុលជិតចូលមកដល់

2023/05/26 04:55:26 pm        316
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងលោក Kevin McCarthy សមាជិកជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ទំនងជាខិតជិតទៅរកកិច្ចព្រមព្រៀងមួយដើម្បីកាត់ការចំណាយ និងបង្កើនអតិបរមាបំណុលលើចំនួន៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាល ដោយមានពេលវេលាតិចតួចនៅសេសសល់ដើម្បីបង្វែរហានីភ័យពីការខកខានសងបំណុល។ យោងតាមមនុស្សម្នាក់ដែលដឹងច្បាស់ពីកិច្ចពិភាក្សានេះបានឲ្យដឹងថា កិច្ចព្រមព្រៀង នឹងបញ្ជាក់ច្បាស់ពីចំនួនសរុបដែលរដ្ឋាភិបាលអាចចំណាយលើកម្មវិធីសម្រេចចិត្តដូចជាការសាងសង់លំនៅឋាន និងការសិក្សាអប់រំ ប៉ុន្តែពុំធ្វើឲ្យបរាជ័យដល់ក្រុមបុគ្គលនោះទេ។ក្រសួងរតនាគារ បានព្រមានថា រដ្ឋាភិបាលសហព័ន្ធ អាចអស់ទឹកប្រាក់ឆាប់ៗនេះដើម្បីធានាលើកាតព្វកិច្ចចំណាយផ្សេងៗរបស់ខ្លួនទាំងអស់នៅមុនថ្ងៃទី១ ខែមិថុនា នៅមួយសប្តាហ៍ទៀតប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាល បានប្រកាសផែនការដើម្បីលក់បំណុលតម្លៃ១១៩ពាន់លានដុល្លារដែលនឹងដោះស្រាយនៅថ្ងៃទី១ ខែមិថុនា។ កិច្ចព្រមព្រៀងណាមួយក៏ដោយនឹងត្រូវឆ្លងកាត់សភាតំណាងរាស្ត្រដែលគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋ និងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។ បញ្ហានេះអាចជាការពិបាកខណៈគណបក្សសាធារណៈរដ្ឋស្តាំនិយម និងគណបក្សប្រជាធិបតេយ្យសេរីមួយចំនួន បាននិយាយថា ពួកគេមិនសប្បាយចិត្តដោយការរំពឹងទុកនៃការសម្របសម្រួល។ ប្រធានសភា លោក McCarthy និយាយកាលពីថ្ងៃមុនថា ភាគីទាំងពីកំពុងធ្វើឲ្យមានភាពរីកចម្រើន។ លោក McCarthy បានប្រ់ក្រុមអ្នករាយការណ៍ព័ត៌មានថា យើងកំពុងធ្វើការយ៉ាងល្អ រហូតដល់ពាក់កណ្តាលអាធ្រាតកាលពីយប់មិញ។ ការិយាល័យរបស់លោក ពុំបានឆ្លើយតបទៅនឹងសំណើសម្រាប់សុំការអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងដែលកើតមានជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យនោះទេ៕

សហរដ្ឋអាមេរិកព្រួយបារម្ភកាន់តែខ្លាំងអំពីចំណាត់ការនានារបស់ចិនប្រឆាំងនឹងបណ្ដាក្រុមរបស់របស់ខ្លួន

2023/05/26 04:50:46 pm        370
អាមេរិក៖ យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់សហរដ្ឋអាមេរិក លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំង អំពីសកម្មភាពរបស់ប្រទេសចិនប្រឆាំងនឹងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន អំឡុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចិន លោក វ៉ាង វិនថាវ ( Wang Wentao) កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ក្រសួងពាណិជ្ជកម្មខាងលើបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា មេដឹកនាំទាំង២ មានការពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងមានសារៈសំខាន់ លើបញ្ហានានាពាក់ព័ន្ធនឹងទំនាក់ទំនាក់ពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក រួមទាំងបរិយាកាស ក្នុងប្រទេសទាំង២ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ និងវិស័យផ្សេងៗសម្រាប់កិច្ចសហប្រតិបត្តិការដ៏សក្តានុពល។ យោងតាមក្រសួងពាណិជ្ជកម្មចិន ប្រទេសចិននៅតែប្តេជ្ញាចិត្តស្វាគមន៍ក្រុមហ៊ុនអាមេរិកឲ្យមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ ខណៈដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការទាក់ទាញការវិនិយោគពីបរទេសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។លោក Wang Wentao បាននិយាយថា ប្រទេសចិន នឹងបន្តស្វាគមន៍សហគ្រាសនានាដែលជួយគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍន៍ក្នុងប្រទេស និងទទួលបានលទ្ធផលឈ្នះឈ្នះ ៕

រុស្ស៊ីផ្តល់សញ្ញាបញ្ចប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្នុងខែកក្កដា បើការទាមទារមិនត្រូវបានបំពេញ

2023/05/26 04:17:24 pm        367
រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានផ្តល់សញ្ញា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើការទាមទារ ដើម្បីឲ្យការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនមានភាពប្រសើរឡើង មិនត្រូវបានបំពេញទេនោះ ខ្លួននឹងមិនបន្តពេលវេលាឲ្យលើសពីកិច្ចព្រមព្រៀងថ្ងៃទី១៧ ខែកក្កដា ដែលអនុញ្ញាតឲ្យមានការនាំចេញផលិតផលដូចគ្នា ក្នុងសម័យសង្រ្គាមប្រកបដោយសុវត្ថិភាពពីកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនចំនួនបីនោះឡើយ។នេះជាការគំរាមកំហែង និងការទាមទារដូចគ្នា កាលពីខែមីនា។ ទីក្រុងម៉ូស្គូ បានយល់ព្រមកាលពីសប្តាហ៍មុន សម្រាប់រយៈពេល ៦០ថ្ងៃនៃកិច្ចព្រមព្រៀងនាំចេញសមុទ្រខ្មៅ ដែលដើមឡើយត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ ឬ UN និងប្រទេសទួរគី កាលពីខែកក្កដាឆ្នាំមុន ជាមួយប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីប្រឹងប្រែងបន្ធូរបន្ថយវិបត្តិទំនិញសកលដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។គិតចាប់តាំងពីខែមីនាមក រុស្ស៊ីហាក់ដូចជាបានផ្តល់អាទិភាពលើតម្រូវការជាក់លាក់ចំនួនពីរ នោះគឺការចាប់ផ្តើមឡើងវិញនូវបំពង់បង្ហូរប្រេង ដើម្បីបញ្ជូនសារធាតុអាម៉ូនីញាក់រុស្ស៊ីទៅកាន់កំពង់ផែសមុទ្រខ្មៅ Pivdennyi របស់អ៊ុយក្រែន ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក និងតភ្ជាប់ឡើងវិញនូវធនាគារកសិកម្មរបស់រុស្ស៊ី ដែលគេស្គាល់ថា Rosselkhozbank ទៅនឹងបណ្តាញទូទាត់អន្តរជាតិ SWIFT។ក្រសួងការបរទេសរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រសិនបើធនាគារ Rosselkhozbank មិនត្រូវបានតភ្ជាប់ជាមួយបណ្ដាញទូទាត់ប្រាក់អន្តរជាតិ SWIFT និងមិនមានភាពប្រសើរឡើងលើការអនុវត្តបញ្ហាប្រព័ន្ធផ្សេងទៀតដែលកំពុងរារាំងដល់ការនាំចេញកសិផលរបស់យើងទេនោះ គំនិតផ្តួចផ្តើមសមុទ្រខ្មៅ ក៏នឹងត្រូវស្វែងរកជម្រើសផ្សេងទៀតផងដែរ»។ ធនាគារកសិកម្ម Rosselkhozbank ត្រូវបានកាត់ចេញពីបណ្ដាញទូទាត់ប្រាក់អន្តរជាតិ SWIFT ដោយសហភាពអឺរ៉ុប កាលពីខែមិថុនា ជុំវិញការវាយលុករបស់រុស្ស៊ី។ អ្នកនាំពាក្យសហភាពអឺរ៉ុប បាននិយាយថា ប្លុកនេះមិនបានពិចារណា ក្នុងការផ្ដល់ប្រក្រតីភាពឲ្យធនាគាររុស្ស៊ីឡើងវិញនោះទេ៕

រុស្ស៊ីបានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកក្នុងប្រទេសបេឡារុស

2023/05/26 04:12:08 pm        287
រុស៊ី៖ ប្រទេសរុស្ស៊ី និងបេឡារុស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយកំណត់ការដាក់ពង្រាយជាផ្លូវការនៃអាវុធនុយក្លេអ៊ែរតាកទិក នៅលើទឹកសីសម្ព័ន្ធមិត្តរបស់ខ្លួន ទោះបីជាការគ្រប់គ្រងអាវុធនៅតែស្ថិតក្នុងដៃវិមានក្រឹមឡាំងក៏ដោយ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសការដាក់ពង្រាយអាវុធរយៈចម្ងាយខ្លីនៅក្នុងប្រទេសបេឡារុសកាលពីដើមឆ្នាំនេះ ក្នុងសកម្មភាពមួយដែលត្រូវបានមើលឃើញយ៉ាងច្បាស់ថាជាការព្រមានទៅដល់លោកខាងលិច ខណៈដែលប្រទេសនេះបានបង្កើនសកម្មភាពយោធាកាន់តែខ្លាំងសម្រាប់សង្រ្គាមអ៊ុយក្រែន។ នៅពេលអាវុធនឹងត្រូវបានដាក់ពង្រាយដោយពុំបានប្រកាស ប៉ុន្តែ លោក Putin បាននិយាយថា ការសាងសង់ទីតាំងស្តុកអាវុធទាំងនោះនៅក្នុងប្រទេសបេឡារុស នឹងបញ្ចប់រួចរាល់នៅត្រឹមថ្ងៃទី១ខែកក្កដា។ គេក៏ពុំបានដឹងច្បាស់ដែរថា តើនឹងមានអាវុធនុយក្លេអ៊ែរចំនួនប៉ុន្មានត្រូវតម្កល់ទុកនៅក្នុងប្រទេសបេឡារុស។រដ្ឋាភិបាលសហរដ្ឋអាមេរិកជឿថាប្រទេសរុស្ស៊ី មានអាវុធនុយក្លេអ៊ែរតាកទិកប្រមាណ២ពាន់គ្រាប់ រួមទាំងគ្រាប់បែក ដែលត្រូវបានដឹកជញ្ជូនតាមយន្តហោះ ក្បាលគ្រាប់សម្រាប់បំពាក់លើមីស៊ីលរយៈចម្ងាយខ្លី និងគ្រាប់កាំភ្លើងធំ ។ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ឧសភា បានថ្កោលលទោសយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងរបស់រុស្ស៊ីដែលត្រូវដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកនៅក្នុងប្រទេសបេឡារុស ប៉ុន្តែសហរដ្ឋអាមេរិក មើលពុំឃើញពីការគំរាមកំហែងណាមួយពីនុយក្លេអ៊ែរនេះទេ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅតំបន់ សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប

2023/05/26 02:18:52 pm        236
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Comment) មានកម្មករនិយោជិត ១៦ ០០០នាក់, រោងចក រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់ និងរោងចក្រ DNQIAN TEXTILE CAMBODIA មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបានក្លាយជាបុរសថ្ពាល់ផ្អែម តាមរយៈកម្មករ-កម្មការិនីរោងចក្រជាច្រើននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ចាប់ថើប។ សម្តេចសង្ឃឹមថា ក្រសួងសុខាភិបាលនឹងមិនចាប់ទោសអូសដំណើររឿងសម្តេចធ្វើខុសវិធានការសុខាភិបាល ពាក់ព័ន្ធការទប់ស្កាត់ការឆ្លងរីករាលដាកជំងឺកូវីដ-១៩នោះទេ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាជុំទី២ ដែលសម្តេចចុះជួបផ្ទាល់ជាមួយកម្មករ-កម្មការិនីរោងចក្រ ដែលគម្រោងនេះគ្រោងធ្វើកាលពីពេលកន្លងទៅមកម្លេះ តែពេលនោះកម្ពុជាកំពុងផ្ទុះកូវីដ-១៩ ទើបត្រូវអាក់ខានមកធ្វើនៅពេលនេះវិញ ដែលជាពេលស្រាកស្រាន្ត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលក្នុងនោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងចាំបាច់បំផុត រួមនឹងវិធានការសុខាភិបាលនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងមិនអាចផ្លាស់ប្តូរអតីតកាលបានឡើយ តែយើងអាចរំលឹកពីអតីតកាល ដើម្បីជាកត្តាឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃការរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។សម្តេចតេជោ បានប្រកាសថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដើម្បីទាក់ទាញ កៀរគរ វិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ សម្តេចបញ្ជាក់ថា «គ្មានការវិនិយោគណា ធ្វើឡើងក្រោមគ្រាប់បែកគ្រាប់ផ្លោងនោះទេ...[]»។សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៤ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ។ ហើយពេលនោះកម្មករ ៨ ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។បច្ចុប្បន្នប្រទេសមានរោងចក្រទៅដល់ ១៣២៦ រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ ម៉ឺននាក់។ ប៉ុន្ដែសរុបក្នុងឆ្នាំ ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន ១៧០០០ រោងចក្រ មានកម្មកររហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើងសម្រាប់ប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រនាពេលបច្ចុប្បន្ននេះមិនក្រោ២០០ដុល្លារអាមេរិកឡើយ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ។សម្តេចតេជោ បានសម្តែងក្តីរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រាក់ខែកម្មការីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដែលទទួលបានរហូតដល់ជាង៤០០ដុល្លារអាមេរិក បូកជាមួយការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ ២០២៣នេះតទៅ នឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរ ដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ ១៣ លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវទាំងអស់គ្នាថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ដើម្បីជាគន្លឹះដល់ការអភិវឌ្ឍលើគ្រប់ផ្នែក។ រោងចក្រសហគ្រាសទាំងអស់ត្រូវក្លាយទៅជាសហគមន៍សុខសាន្តមួយដែលនិយោជក និងកម្មករនិយោជិកត្រូវសាមគ្គី យោគយល់ អធ្យាស្រ័យគ្នា ដោយយកច្បាប់ និងបទដ្ឋានទាំងអស់ធ្វើជាគោល។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅខែកក្កដា ឆ្នាំ២០២៣នេះ រោងចក្រដំឡើងរថយន្តតូយូតា និងសាងសង់រួចរាល់ ហើយសម្ពោធដំឡើងរថយន្តជាផ្លូវការណ៍នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះក៏មានក្រុមហ៊ុនលំដាក់អន្តរជាតិមួយចំនួនទៀតក៏កំពុងរៀបចំដំឡើងជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀតផងដែរ។សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ម្ចាស់រោងចក្រទាំងអស់ជៀសវាងការចិញ្ចឹមទំនាស់ បើសិនជាមានទំនាស់អ្វីជាមួយកម្មករត្រូវព្យាយាមដោះស្រាយឱ្យបានឆាប់រហ័ស ដោយមានកិច្ចសហការរវាងសហជីព និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ចូលរួមគាំទ្រដល់ក្រុមកីឡាករ កីឡាការិនីពិការភាពដែលនឹងចូលរួមប្រកួតតំណាងឱ្យកម្ពុជានៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានមកដល់នា ៨ ថ្ងៃខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅតំបន់ សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប

2023/05/26 02:14:14 pm        451
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Comment) មានកម្មករនិយោជិត ១៦ ០០០នាក់, រោងចក រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់ និងរោងចក្រ DNQIAN TEXTILE CAMBODIA មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់។រោងចក្រ ម៉ាវ៉ល ហ្កាមិន (Muvel Giman) ផ្ទៃដីសរុបចំនួន ៥១ហិចតា ដើមទុនវិនិយោគ ២៥០លាន ដុល្លារសហរដ្ឋអាមេរិក (ដោយមិនគិតថ្លៃដី) បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទ រោងចក្រកាត់ដេរសំលៀកបំពាក់ អាវងារ និងខោកីឡា ម៉ាកល្បីៗគឺ ណៃគឺ (NIKE), ប៉ូឡូ , លូលូឡម៉ុន (LULULEMON) ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប បរិមាណនាំចេញ ៤២ ៩៥២០២៨ កំផ្លេ ទំហំទឹកប្រាក់នាំចេញ ៤២៧.៦៣១ ០១៧ដុល្លា/ឆ្នាំ។រោងចក្របានអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារ មានសុខដុមនីយកម្មទំនាក់ទំនង វិជ្ជាជីវៈនិងបានផ្ដល់ជូននូវអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២៤៥ ដុល្លាអាមេរិក ទៅ ៦៩០ដុល្លារអាម៉េរិក ក្នុងនោះប្រាក់រង្វាន់ធ្វើការទៀងទាត់ ១៥ដុល្លារអាមេរិក ប្រាក់សោហ៊ុយធ្វើ ដំណើរ ២២ដុល្លារអាម៉េរិក ផ្តល់អាហារថ្ងៃត្រង់មួយពេល និងប្រាក់ឧបត្ថម្ភ ១០ដុល្លារអាមេរិក។ដោយឡែក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុម ប្រឹក្សាភិបាល។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារ អាមេរិក មានរោងចក្រ សហគ្រាសសរុប ៩៨ កំពុងដំណើរការ ក្នុងនោះមកអ្នកវិនិយោទុន​មកពីប្រទេសជប៉ុន ៤០ រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សិង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បូង ១រោងចក្រ, ហ្វីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ ប្រើប្រាស់កម្មករនិយោជិតសរុប ៤១ ៣៧០នាក់ ទំហំទឹកប្រាក់នាំ ចេញបានកើនដល់ ៩៧៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។ ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារ អគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិតផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើ ពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពី ស្បែក ២, ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ផ្ទៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន៕

ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោល និងបិទផ្លូវតវ៉ាលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

2023/05/25 07:32:39 pm        215
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសបដិសេធចោល និងបិទផ្លូវតវ៉ាលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពីគណបក្សទាំងពីរត្រូវបាន គ.ជ.ប បដិសេធមិនឲ្យចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានដឹកនាំកិច្ចប្រជុំពេញអង្គលើបណ្តឹងរបស់គណបក្សនយោបាយ​ចំនួនពីរនោះ ធ្វើឡើងយោងតាមបណ្តឹងរបស់ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពី គ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។យ៉ាងណាមិញក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយកាលពីពេលកន្លងទៅ គ.ជ.ប បាន​ប្រកាស​ទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយចំនួន១៨ ​ដែលបានបំពេញគ្រប់លក្ខខណ្ឌ លើកលែងតែគណបក្សភ្លើងទៀន ​និងគណបក្សមហាសាមគ្គីជាតិខ្មែរតែប៉ុណ្ណោះ ដែលមិនបាន​បំពេញ​ទៅតាមនីតិវិធីច្បាប់ ស្តីពីការចុះបញ្ជីគណបក្សនយោបាយ៕

លោក Biden អំពាវនាវជាថ្មីឲ្យមានបម្រាមគ្រប់គ្រងអាវុធវាយប្រហារ ១ឆ្នាំបន្ទាប់ពីការសម្លាប់រង្គាលនៅទីក្រុង Uvalde

2023/05/25 05:10:39 pm        305
អាមេរិក៖ ប្រធានាធិបតីលោក Joe Biden កាលពីថ្ងៃពុធ បានអំពាវនាវជាថ្មីឲ្យមានបម្រាមមួយលើអាវុធវាយប្រហារ ខណៈលោក និងស្ត្រីទី១ លោកស្រី Jill Biden បានបើកព្រឹត្តិការណ៍មួយនៅសេតវិមានដើម្បីកាន់ទុក្ខដល់អ្នកបាត់បង់ជីវិត នៅទីក្រុង Uvalde រដ្ឋតិចសាស់ នៅសាលាបឋមសិក្សាមួយកន្លែងកាលពីឆ្នាំមុន។កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សោកនាដកម្មមួយដែលកុមារសិស្សសាលា១៩នាក់ និងគ្រូបង្រៀន២នាក់បានស្លាប់ នោះគឺជាទុក្ខសោកដ៏ធំបំផុតនៃការបាញ់ប្រហារសម្លាប់រង្គាលជាច្រើន ដែលបានកើតឡើងជាជាបន្តបន្ទាប់កាលពីឆ្នំាកន្លងទៅ។លោក Biden និយាយថា យើងពុំអាចបញ្ចប់ហិង្សាដោយអាវុធដែលរីកសល់ដាននេះបានទេ លុះត្រាសភាអនុម័តច្បាប់សុវត្ថិភាពអាវុធដែលមានខ្លឹមសាររួមនិងធ្វើឲ្យអាវុធសង្គ្រាមចេញឆ្ងាយពីដងផ្លូវ និងចេញពីដៃរបស់មនុស្សដ៏គ្រោះថ្នាក់ និងរហូតដល់រដ្ឋនានាត្រូវធ្វើដូចគ្នានេះដែរ។យោងតាមការវិភាគនៃអត្រាមរណៈភាព ដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Michigan លោក Ann Arbor បាននិយាយថា កុមារ និងមនុស្សវ័យជំទង់កាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក ត្រូវបានសម្លាប់ដោយអាវុធ ច្រើនជាងមូលហេតុផ្សេងទៀត នៅក្នុងឆ្នាំ២០២០។លោក Biden បានអំពាវនាវជាថ្មីដល់សភាដើម្បីដាក់បម្រាមលើការប្រើប្រាស់កាំភ្លើងវែងវាយប្រហារ AR-15 និងអាវុធគ្រាប់រំសេវមានសមត្ថភាពខ្ពស់ ដែលលោក Biden និយាយថា ឃាតកលេខ១សម្រាប់កុមារ គឺកាំភ្លើងនេះឯង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីម្នាក់និយាយថា NATO ត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនឹងការគំរាមកំហែងគ្រប់ប្រភេទ
08/19/2026 06:08 PM
អ៊ីស្រាអែលជំរុញគម្រោងតាំងទីលំនៅ E1 ដ៏សំខាន់ ជាមួយនឹងការដេញថ្លៃសម្រាប់លំនៅឋានចំនួន ១.២៣៤ ខ្នង
08/19/2026 06:08 PM
កសិករអាហ្វហ្គានីស្ថានកំពុងបង្វែរផ្លែទំពាំងបាយជូររបស់ពួកគេទៅជាទំពាំងបាយជូរស្ងួត ដោយសារការបិទព្រំដែន
08/19/2026 06:08 PM
កូរ៉េខាងត្បូងបញ្ជាក់​ថា មិនត្រូវបានជូនដំណឹងជាមុន អំពីការសម្រេចរបស់អាមេរិក ក្នុងការបង្រួម​សមយុទ្ធ
08/19/2026 06:08 PM
កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ព្រមានប្រទេសឈូងសមុទ្រកុំឲ្យជួយកងទ័ពអាមេរិក
08/19/2026 06:08 PM
សមាជិកសភា​អ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់នឹងឆ្លើយតបវិញស្រដៀង​គ្នា បើអាមេរិកប្រើប្រាស់អាវុធនុយក្លេអ៊ែរ
08/19/2026 06:08 PM
នាវា USS George Washington ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា និងដំណើរការយន្តហោះចម្បាំងនៅមហាសមុទ្រឥណ្ឌាឆ្ពោះទៅមជ្ឈិមបូព៌ា
08/19/2026 06:08 PM
អ្នកវិភាគៈ អ៊ីរ៉ង់ កំពុងត្រៀមសម្រាប់ជម្លោះដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក
08/19/2026 05:08 PM
រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ពីសន្តិសុខច្រកសមុទ្រ Hormuz ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីអារ៉ាប់រួម
08/19/2026 05:08 PM
គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
08/19/2026 05:08 PM