ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីទួរគី Erdogan បានយកឈ្នះក្នុងការធ្វើតេស្តការបោះឆ្នោតនៃការគ្រប់គ្រងរយៈពេល ២០ ឆ្នាំរបស់លោក

2023/05/29 04:23:15 pm        398
ទួរគី៖ លោកប្រធានាធិបតី Tayyip Erdogan បានពង្រីកអំណាចរយៈពេលពីរទសវត្សរ៍របស់លោកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យដោយឈ្នះមួយអាណត្តិទៀត ដើម្បីបន្តគោលនយោបាយផ្តាច់ការកាន់តែខ្លាំងឡើង ដែលបានធ្វើឲ្យប្រទេសទួរគីមានការបែកបាក់ និងពង្រឹងជំហររបស់ខ្លួនជាមហាអំណាចយោធាក្នុងតំបន់។ក្រុមអ្នកគាំទ្ររបស់លោក Recep Tayyip Erdogan បានអបអរសាទរជ័យជម្នះដ៏មហោឡារិកកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតីកាន់តំណែងដ៏យូររបស់ទួរគីរូបនេះ បានឈ្នះការបោះឆ្នោតមួយអាណត្តិ៥ឆ្នាំបន្ថែមទៀត។ លោកបានប្រាប់ក្រុមអ្នកគាំទ្រដែលកំពុងស្រែកហ៊ោនៅខាងក្រៅវិមានស្កឹមស្កៃរបស់លោក នៅជាយទីក្រុង អង់ការ៉ា (Ankara)ថា ប្រទេសទាំងមូល ដែលមានប្រជាជនសរុប៨៥លាននាក់ បានឈ្នះហើយ។ប៉ុន្តែការអំពាវនាវឲ្យរួបរួបគ្នា ទំនងជាពុំទទួលបានផ្លែផ្កាទេ ខណៈលោកបានចំអកឲ្យគូប្រជែងរបស់លោក គឺលោក ឃេម៉ាល គីលីកដារ៉ូគ្លូ (Kemal Kilicdaroglu ) និងបានសំដៅដល់មេដឹកនាំក្រុមជនជាតិភាគតិចឃើដ ដែលបានជាប់ពន្ធនាគារ និងគោលនយោបាយនានាដែលគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា។ មេដឹកនាំបក្សប្រឆាំងពុំបានទទួលស្គាល់ជ័យជម្នះនេះទេ។  ដោយលើកឡើងថា ភាគច្រើននៃការបោះឆ្នោតគឺអយុត្តិធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកគីលីកដារ៉ូគ្លូ បាននិយាយថា គណបក្សនយោបាយរបស់ប្រធានាធិបតី បានរិះរកគ្រប់មធ្យោបាយដើម្បីប្រឆាំងនឹងរូបលោក។ លោកបានបរាជ័យក្នុងការនាំមុខការបោះឆ្នោតជុំដំបូងរបស់គូប្រជែងលោក ដោយចាញ់ជាង២លានសំឡេង។  លោកប្រធានាធិបតី បានអបអរជ័យជម្នះរបស់លោក អមដោយសុន្ទរកថាដំបូងទៅកាន់ក្រុមអ្នកគាំទ្រនៅលើដំបូលរថយន្តក្រុងនៅក្នុងទីក្រុងធំបំផុត អ៊ីស្តង់ប៊ុល (Istanbul) របស់ទួរគី ក្រោយមេឃចាប់ផ្ដើមងងឹត ដោយការថ្លែងសុន្ទរកថាចេញពីរានហាលវិមានរបស់លោក ទៅកាន់ក្រុមអ្នកគាំទ្រដែលមានមនុស្សចូលរួមប្រហែល៣២ម៉ឺននាក់៕

សម្តេចទៀ បាញ់ ចូលរួមទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាព UN និងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធជនដែលពលី

2023/05/29 03:23:47 pm        484
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធី«ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ International Day of UN Peacekeepers» ព្រមទាំងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធ កម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងតំបន់បេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។ កម្មវិធីនេះ បានធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ(អាស៊ីអូ)។សូមបញ្ជាក់ថា តាំងពីឆ្នាំ២០០៦មករហូតមកដល់ឆ្នាំ២០២៣នេះ កម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះនារី ចំនួន៦៨១នាក់ បានចេញបំពេញបេសកកម្មក្នុងប្រទេសចំនួន៩ ហើយបន្ទាប់ពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ។ប្រទេសដែលបានចូលរួមបំពេញបេសកកម្មនោះរួមមាន៖ ប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស និងយេមែនជាដើម។ ក្នុងដំណើរបេសកកម្មរបស់កងកម្លាំងមួកខៀវកម្ពុជានោះ គឺលើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី ចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។ ដោយឡែកគិតមកដល់ឆ្នាំ២០២៣នេះដែរ កងទ័ពមួកខៀវកម្ពុជាបានពលីជីវិតចំនួន១១នាក់ ផងដែរអំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ៕អត្ថបទបាន ចក់

ឯកឧត្តម វេង សាខុន៖ ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋរីករាយជាមួយសមិទ្ធផលកើតឡើងជាបន្តបន្ទាប់នៅគ្រប់មូលដ្ឋាន

2023/05/27 08:34:05 pm        484
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម​ មានប្រសាសន៍ថា ម្លប់ នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសជាតិមានការរីកចម្រើន ជាមួយនឹងសមិទ្ធផលទាំងវិស័យអាណាចក្រ និងពុទ្ធចក្រកើតឡើងជាបន្តបន្ទាប់ នៅគ្រប់មូលដ្ឋាន។ថ្លែងក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិជាចកើត ស្ថិតនៅភូមិជាចកើត ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋសរុបជាង ៤០០នាក់​ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣​​ ឯកឧត្តម វេង សាខុន បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ នៅឃុំចុងជាច ស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងព្រឹកនេះមានការសម្ពោធឆ្លងសាលាបុណ្យមួយបន្ថែមទៀត ដែលបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអគ្គមគ្គុទេសដ៏ឆ្នើម។ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្តម ក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្រោចស្រង់កម្ពុជារួចផុតពីប្រទេសមានសង្រ្គាមរហូតដល់ទទួលបានសន្តិភាពពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ។ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជម្ងឺកូវីត១៩។ លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ឯកឧត្តម ក៏បានគូសបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាបានទទួលមេដាយរហូតដល់ ២៨២មេដាយ ហើយការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជាបានធ្វើឱ្យពិភពលោកមានការកោតស្ញប់ស្ញែង និងស្គាល់ពីកម្ពុជាកាន់តែច្បាស់។តាមរយៈសមិទ្ធផល និងគោលនយោបាយដឹកនាំដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅស្រុកតំបែរទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ និងបងប្អូនប្រជាពលរដ្ឋនៅស្រុកតំបែរដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកា ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងស្រុកតំបែរ កាន់តែមានភាពសម្បូរសប្បាយ៕

កម្ពុជាមានបក្សនយោបាយចំនួន ១៨ឈរឈ្នោះបោះឆ្នោត ជាលទ្ធិប្រជាធិបតេយ្យពេញលេញ

2023/05/26 10:33:43 pm        425
ភ្នំពេញ៖ បណ្តាញសង្គមស៊ីវិល លើកឡើងថា ប្រទេសកម្ពុជាមានគណបក្សនយោបាយចំនួន ១៨ ឈរឈ្នោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាលទ្ធិប្រជាធិបតេយ្យពេញលេញ បើធៀបទៅនឹងបណ្ដាប្រទេសបិតាប្រជាធិបតេយ្យនានា នៅលើពិភពលោក។ស្របពេលស្ថាប័នរដ្ឋ គណបក្សនយោបាយនានា ចេញសេចក្តីថ្លែងការណ៍គាំទ្រលើការបដិសេធ​មិនឱ្យគណបក្សនយោបាយចំនួនពីរឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ។ មានបណ្តាញសង្គមស៊ីវិល បានសម្តែងការគាំទ្រព្រមគ្នាទៅលើការអនុវត្តច្បាប់ដ៏ត្រឹមត្រូវសម្រាប់​ធានា​ដល់​ដំណើរការបោះឆ្នោតប្រកប​ដោយ​អព្យាក្រិត ​និងតម្លាភាព​។លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា លើកឡើងថា បើទោះបីក្រោយការសម្រេច​របស់ក្រុមប្រឹក្សាធម្មនុញ្ញមិនអនុញ្ញាតគណបក្សនយោបាយទាំងពីរនោះឈរឈ្មោះបោះឆ្នោតក្តី ប៉ុន្តែវាឆ្លុះបញ្ចាំង​ពីលទ្ធិប្រជាធិបតេយ្យពេញលេញរបស់កម្ពុជា បើធៀបនឹងប្រទេសមហាអំណាច​ដែលជាបិតាប្រជាធិបតេយ្យមានត្រឹមគណបក្សនយោបាយពីរចូលរួមប្រកួតប្រជែង។ជាមួយគ្នានេះ លោក សាខុន ប៉ូរិន ប្រធានសហព័ន្ធនិស្សិត​បញ្ញាវន្ត​ប្រជាធិបតេយ្យកម្ពុជា ដែលតែង​តាមដានការបោះឆ្នោតរៀងរាល់​អាណត្តិ​ ចាត់ទុកចំនួន ១៨គណបក្ស​នយោបាយឈរឈ្មោះ​ប្រកួតប្រជែង​រកសំឡេងឆ្នោតនេះ ​ជាចំនួនលើសលប់​ បើធៀបនឹង​អាណត្តិ​ទី៥ កាលពីឆ្នាំ២០១៣ មានចំនួនតែ៨គណបក្សនយោបាយ។បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត ​នីតិកាលទី៧ ​ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣​ ខែកក្កដាខាងមុខ មាន​គណបក្សនយោបាយចំនួន១៨ ​ត្រូវបាន គ.ជ.ប អនុញ្ញាត​ឲ្យឈរឈ្មោះប្រកួតប្រជែង ដែល​ចំនួននេះ​ប្រហាក់ប្រហែលនឹងចំនួនអំឡុងនីតិកាលទី៦៕អត្ថបទ៖ សេក ឧត្តម

បន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មុននឹងចូលរួមប្រកួតចាប់ពីថ្ងៃទី ៣-៩ មិថុនា ខាងមុខ

2023/05/26 09:21:50 pm        449
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់កីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេម មុនពេលដែលពួកគាត់ត្រូវចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះ។ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសកម្ពុជា បានបញ្ជូនអត្តពលិកចំនួន១១៥ នាក់ដើម្បីចូលរួមប្រកួតលើ ១១ ប្រភេទកីឡា ហើយក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា៕

សម្ដេចតេជោ អំពាវនាវកម្មករកម្មការិនីគាំទ្រអត្តពលិកពិការភាពកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

2023/05/26 09:02:34 pm        463
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនីចូលរួមគាំទ្រដល់អត្តពលិកមានពិការភាពរបស់កម្ពុជា ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះឱ្យបានច្រើនកុះករ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ នេះ។សម្ដេចតេជោ បានមានប្រសាសន៍ថា ក្រុមកីឡាករ កីឡាការិនីមានពិការភាពរបស់កម្ពុជា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនៅសល់ពេលតែ ៨ ថ្ងៃទៀតនឹងឈានមកដល់។ ក្រុមអត្តពលិកមានពិការភាព ក៏មិនខុសពីអត្តពលិកដែលគ្មានពិការភាពដែរ ពួកគេបានខិតខំ​ហ្វឹកហាត់ ដើម្បីប្រកួត​តំណាងកម្ពុជាក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានណែនាំឱ្យមានការបន្ថែមការបាញ់កាំជ្រួចបន្ថែមទៀត​នៅ​ក្នុងកម្មវិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅល្ងាចថ្ងៃទី៣ ខែមិថុនា បូករួមជាមួយ​នឹងទស្សនីយភាពផ្សេងៗជាច្រើនទៀត។សូមជម្រាបថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះ គឺ​នឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ៣មិថុនា ដល់ថ្ងៃទី ៩មិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ មានការ​ប្រកួតលើ ១៤ ប្រភេទកីឡា ក្នុងនោះមាន ១ ​ប្រភេទកីឡា ជាកីឡាបង្ហាញពុំមានមេដាយនោះទេ៕អត្ថបទ៖ វ៉ន ដារ៉ា

ចាប់ពីខែសីហា រដ្ឋចាប់ផ្ដើមឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបង្កើនប្រាក់ទ្វេដង

2023/05/26 08:35:49 pm        362
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅការអនុវត្តគោលនយោបាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនឹងកើនឡើងទ្វេដង គឺកើនឡើងពី ៤ម៉ឺនទៅ ៨ម៉ឺនរៀលសម្រាប់ស្រ្ដីមានផ្ទៃ ១នាក់ ដែលទទួលបាននាអំឡុងពេលទៅពិនិត្យសុខភាពក្នុង១លើកៗ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញជិត ២ ​ម៉ឺននាក់​នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ នេះ។សម្ដេចតេជោ បញ្ជាក់ថា កន្លងទៅទាក់ទងនឹងវិសាលភាពទាក់ទងនឹងការគាំពារសង្គមទៅលើ​ស្រ្តីមាន​ផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ដូច្នេះរាជរដ្ឋាភិបាលសម្រេចឱ្យអនុវត្តកម្មវិធីនេះ​ទៅលើស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំទាំងអស់ដែលជាកម្មការិនី។ ដូច្នេះវិសាលភាព​នៃការអនុវត្តកន្លងទៅភាគច្រើនអនុវត្តទៅលើកម្មការិនីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកក្រីក្រ។ ប៉ុន្ដែឥឡូវចាប់ពីពេលនេះទៅ គឺរាជរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តចំពោះកម្មការិនី​នៅ​តាមរោងចក្រ​សហគ្រាសដែលនឹងទទួលបានផលប្រយោជន៍ពីការចាប់ផ្ដើមមានផ្ទៃពោះរហូតកូនមានអាយុ ២ ឆ្នាំដូចគ្នាដែលត្រូវពង្រីកវិសាលភាពបន្ថែមទៀត។ សម្ដេចតេជោ បញ្ជាក់ថា នេះជាគោលនយោបាយចាស់ ប៉ុន្ដែពង្រីកសកម្មភាពថ្មី ដោយចាប់ផ្ដើម​អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ​ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់កម្មការិនី​នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ​ដោយរាជរដ្ឋាភិបាលត្រូវបង្កើនថវិកាប្រមាណ ១៣ លាន​ដុល្លារ​បន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ៕អត្ថបទ៖វ៉ន ដារ៉ា

អង់គ្លេសបង្ហាញពីចំនួនការធ្វើអន្តោប្រវេសន៍ច្រើនបំផុត ប៉ុន្តែវាជាបញ្ហាឬទេ?

2023/05/26 07:16:38 pm        321
អង់គ្លេស៖ យោងតាមតួលេខថ្មីបានឲ្យដឹងថា ការធ្វើអន្តោប្រវេសន៍សរុបមកកាន់ប្រទេសអង់គ្លេស បានឈានដល់កំណត់ត្រាដ៏ខ្ពស់រហូតដល់៦០៦.០០០នាក់កាលពីឆ្នាំមុន។ ការផ្លាស់ប្តូរដ៏ច្រើន បានកើតឡើងមកពី មនុស្សដែលកំពុងមកដល់ពីប្រទេសនានាដែលមានជម្លោះនៅតែបន្ត រួមមានប្រទេសទាំងអ៊ុយក្រែន ក្រោមផែនការទិដ្ឋាការពិសេសនិងលំហូរនិស្សិតសាកលវិទ្យាល័យរួមទាំងចំនួនច្រើនមកពីប្រទេសចិន។  ការិយាល័យរបាយការណ៍ស្ថិតិជាតិ ត្រូវបានចាប់យកជាវេទិកាដោយក្រុមអ្នករិះគន់លើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ដែលត្រូវបានជំរុញមួយផ្នែកធំ ដោយការសន្យារបស់អ្នកគាំទ្រការចាកចេញក្នុងបំណងកាត់បន្ថយលំហូរមនុស្សដ៏ច្រើននោះ។ នាយករដ្ឋមន្ត្រីលោក Rishi Sunak ក៏ត្រូវបានរិះគន់ព្រោះការនិយាយអួតអាងជាប់រហូតរដ្ឋាភិបាលអភិរក្សនិយម ដែលថាគណបក្សការងារជាគណបក្សប្រឆាំង ពុំអាចទុកចិត្តក្នុងការក្នុងការទប់ស្កាត់លំហូរមនុស្សបានទេ។ ទោះជាយ៉ាងណា ទិន្នន័យ បានបង្ហាញថា ការធ្វើអន្តោប្រវេសន៍បានចាប់ផ្តើមធ្លាក់ចុះអំឡុងរយៈពេល៣ខែចុងក្រោយ នៃឆ្នំា២០២២។វាបានបើកចំហរចំពោះការជជែកដេញដោលអំពីផលប្រយោជន៍សេដ្ឋកិច្ចនៃការធ្វើអន្តោប្រវេសន៍។ តាមពិត ភាពជោគជ័យនៃយុទ្ធសាស្ត្រដែលគាំទ្រដោយរដ្ឋាភិបាលដើម្បីជ្រើសរើសនិស្សិតបរទេសបន្ថែមទៀតក្នុងការជំរុញហិរញ្ញវត្ថុផ្នែកសាកលវិទ្យាល័យគឺជាវិស័យជំរុញមួយនៃការកើនឡើងការធ្វើអន្តោប្រវេសន៍៕

គុយបានិយាយថា ពុំមានការស្តារឡើងវិញឆាប់នោះទេ ខណៈវិបត្តិសេដ្ឋកិច្ចនៅបន្ត

2023/05/26 07:05:47 pm        388
គុយបា៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពុំមានការស្តារឡើងវិញឆាប់ៗទេ សម្រាប់សេដ្ឋកិច្ចដែលកំពុងរង្គោះរង្គើររបស់ប្រទេសគុយបា ខណៈអតិផរណា កង្វះខាតប្រេងឥន្ធនៈ ការធ្លាក់ចុះផលិតផលកសិកម្ម និងវិបត្តិសាច់ប្រាក់នៅតែបន្ត និងបន្តឲ្យមានភាពមិនពេញចិត្តក្នុងប្រទេសដីកោះរបបកុម្មុនីសមួយនេះ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Alejandro Gil ដែលធ្វើបទបង្ហាញរយៈពេល១ម៉ោង នៅមុខសមាជិកសជ្រើសតាំងថ្មី បាននិយាយថាមានប្រាក់បរទេសតិចតួចប៉ុណ្ណោះនៅលើកោះនេះក្នុងការចំណាយសម្រាប់ប្រេងឥន្ធនៈ ការនាំចូលផលិតផលកសិកម្ម និងអាហារតាមតម្រូវការមានន័យថា ប្រទេសគុយបា នឹងបង្កើនការលុបចោលនូវអ្វីដែលប្រទេសនេះអាចផលិតបាននៅក្នុងស្រុក។ លោក Gil បានប្រាប់សភាថា ប្រសិនបើយើងពុំអាចផលិតវាបាន យើងនឹងពុំមានផលិតផលនេះទេ ដោយនិយាយសំដៅជាពិសេសផលិតផលស្បៀងអាហារមួយចំនួន និងកំពុងជំរុញឲ្យសមាជិកសភា និងក្រុងនានា ដាក់ការជំរុញជាថ្មីលើផលិតផលកសិកម្មនៅឆ្នាំនេះ និងឆ្នាំក្រោយ។ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងប្រទេសគុយបា ក្នុងចំណោមភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩ របស់លោក Fidel Castro បាននាំទៅរកកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ និងបានរួមចំណែករុញឲ្យមានការចាកចេញច្រើនបំផុតនៃជនអន្តោប្រវេសន៍ទៅភាគខាងជើងទៅកាន់សហរដហរដ្ឋអាមេរិក។ លោក Gil និយាយថា វិស័យទេសចរណ៍ ធ្លាប់ជាវិស័យជំរុញសំខាន់មួយនៃអត្រាប្តូរប្រាក់បរទេសដែលត្រូវការចាំបាច់បំផុត បានព្យាយាមជំរុញឲ្យងើបឡើងវិញ ដោយចំនួនអ្នកទេសចរនៅចន្លោះខែមករា និងខែមេសានៅឆ្នំានេះមានត្រឹមតែពាក់កណ្តាលបើគិតពីរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ប្រទេសគុយបា បានដាក់កំហុសលើការហាមឃាត់ពាណិជ្ជកម្មសហរដ្ឋអាមេរិកសម័យកាលសង្គ្រាមត្រជាក់សម្រាប់ឧបសគ្គជាច្រើនរបស់ខ្លួន ទោះបីជាមន្ត្រីជាន់ខ្ពស់បានបង្កើនការអំពាវនាវដល់ប្រជាជនគុយបាឲ្យស្វែងរកវិធីថ្មីៗដើម្បីជំនះការដាក់ទណ្ឌកម្មក៏ដោយ៕

សម្តេចតេជោ អំពាវនាវឱ្យកម្មករ ទៅបោះឆ្នោតនៅថ្ងៃ២៣កក្កដាខាងមុខ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ

2023/05/26 06:01:28 pm        543
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យកម្មករ និយោជិតចូលរួមបោះឆ្នោតនៅថ្ងៃ២៣កក្កដាខាងមុខ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើស​គណបក្សដែលខ្លួនពេញចិត្ត។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍អំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រចំនួន៣ គឺរោងចក្រម៉ាវ៉ល ហ្គាមិន (Marvel Garment), រោងចក្រ រ៉ុងវីន ហ្គាមិន(Rong wing Garment )និងរោង ចក្រ ដាគ្វានថេកស្ថាយ ខេមបូឌា (DNQIAN TEXTILE CAMBODIA) ដែលមានទីតាំងនៅក្នុងតំបន់ ​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ សរុបជិត២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភានេះ។សម្តេច បានរំលឹកថា ថ្ងៃទី២៣ខែកក្កដាខាងមុខនេះ សូមក្មួយៗកុំភ្លេចទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ។សូមបញ្ជាក់ថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះហើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងបញ្ជាក់​ថា មិនត្រូវបានជូនដំណឹងជាមុន អំពីការសម្រេចរបស់អាមេរិក ក្នុងការបង្រួម​សមយុទ្ធ
08/19/2026 06:08 PM
កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ព្រមានប្រទេសឈូងសមុទ្រកុំឲ្យជួយកងទ័ពអាមេរិក
08/19/2026 06:08 PM
សមាជិកសភា​អ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់នឹងឆ្លើយតបវិញស្រដៀង​គ្នា បើអាមេរិកប្រើប្រាស់អាវុធនុយក្លេអ៊ែរ
08/19/2026 06:08 PM
នាវា USS George Washington ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា និងដំណើរការយន្តហោះចម្បាំងនៅមហាសមុទ្រឥណ្ឌាឆ្ពោះទៅមជ្ឈិមបូព៌ា
08/19/2026 06:08 PM
អ្នកវិភាគៈ អ៊ីរ៉ង់ កំពុងត្រៀមសម្រាប់ជម្លោះដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក
08/19/2026 05:08 PM
រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ពីសន្តិសុខច្រកសមុទ្រ Hormuz ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីអារ៉ាប់រួម
08/19/2026 05:08 PM
គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
08/19/2026 05:08 PM
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
08/19/2026 05:08 PM
លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
08/19/2026 05:08 PM
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
08/19/2026 04:08 PM