ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

2022/09/21 03:14:14 pm        726
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅមុនដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅរាជធានីបាងកក។ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះដំណើរការដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) កាលពីខែមិថុនា កន្លងទៅនេះ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ដោយរាប់ទាំងវិធានការនានានៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រមជាមួយនឹងការជូនពរឱ្យកម្ពុជាបន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ២០២២។ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិយោធានៃប្រទេសទាំងពីរ ដែលកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗដែលកងទ័ពជើងគោកទាំងពីរសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អរវាងបណ្តាកងឯកភាពជួរមុខនៅតាមបណ្តោយព្រំដែន, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនាស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតរមួត។ ជាងនេះទៀត ការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស គឺមិនត្រឹមតែធ្វើឡើងសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។មួយវិញទៀត ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានលើកឡើងផងដែរអំពីការខិតខំចូលរួមចំណែករបស់កងកម្លាំងនៃប្រទេសទាំងពីរក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩៕

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណ:ប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ,ទស្សនកិច្ចផ្លូវការនៅឋគុយបា និងចូលរួមពិធីបុណ្យសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន

2022/09/21 02:55:33 pm        501
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ថ្ងៃទី២១ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។គួរបញ្ជាក់ថា សម្តេចតេជោរី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក៕

សម្តេចតេជោ ហ៊ុន សែន នាំយកចៅស្រីច្បងទៅអាមេរិក គុយបា និងជប៉ុន ដើម្បីរៀនធ្វើការ

2022/09/21 02:46:08 pm        1568
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហាញរូបថតជាមួយចៅស្រីច្បងរបស់សម្តេច ពីការចេញបំពេញទស្សនកិច្ច និងបេសកកម្មការងារនៅអាមេរិក គុយបា និងជប៉ុន លើកនេះ អមដំណើរជាមួយដោយចៅៗ ដើម្បីរៀនធ្វើការ។សម្តេចតេជោបញ្ជាក់ថា យកចៅស្រីទៅជាមួយដើម្បីឱ្យរៀនធ្វើការ។«ចៅស្រីម្នាក់ទៀតរង់ចាំលើយន្តហោះមុនមិនបានថតរូបជាមួយ»។សម្តេចបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនឹងអគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ

2022/09/20 10:32:50 pm        497
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ (Chalermphon Srisawasdi) អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកករយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២។ជាកិច្ចចាប់ផ្តើមឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវ​ការស្វាគមន៍​ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក​ នៃកងយោធពលខេមរភូមិន្ទ មកកាន់ព្រះរាជាណាចក្រ​ថៃ ជាលើកទី២ ពិតជាបាន​ឆ្លុះបញ្ចាំង​អំពីកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធ​រវាងកងទ័ពជើងគោក​នៃប្រទេសទាំងពីរ ព្រមជាមួយនឹងការអរគុណចំពោះស្មារតីនៃការបន្តថែរក្សា និងលើកកម្ពស់​ការ​ផ្សារភ្ជាប់ទំនាក់ទំនងដ៏មានសារៈសំខាន់នេះ។ជាការឆ្លើយតបឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ​កិច្ចស្វាគមន៍​ដ៏កក់ក្តៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជូនចំពោះ ឯកឧត្តម អគ្គមេបញ្ជាការ ព្រមទាំង​យោធិននៃកងភូមិន្ទថៃ​ ប្រកបដោយ​មនោសញ្ចេតនា​ស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ។ក្នុងជំនួបនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា​ ក៏បានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សា​ការងារទ្វេភាគី​ជាមួយ​សមភាគីមិត្តថៃ ជាពិសេសអំពីសមិទ្ធផលជាក់ស្តែងជាច្រើននៃការអនុវត្ត “លក្ខខណ្ឌស្តីពីកិច្ច​សហប្រតិបត្តិការ-ToR” រវាងកងទ័ពជើងគោកទាំងពីរ ​និងបានស្នើសុំការគាំទ្ររបស់ ឯកឧត្តម នាយឧត្តម​សេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ លើទិសដៅសហប្រតិបត្តិការ​សម្រាប់ពេល​ខាងមុខ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាង​បណ្តា​កងឯកភាព​ជួរមុខឱ្យបានស្អិតរមួត​បន្ថែមទៀតលើការងារទប់ស្កាត់ ​និងបង្ក្រាបបទល្មើសឆ្លងដែននានា ក៏ដូចជាការសហការជួយគ្នា​ទៅវិញ​ទៅមកលើការងារសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន។ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវការគាំទ្រចំពោះ​ទិសដៅ​សហប្រតិបត្តិការបន្តរវាងកងទ័ពជើង​គោកទាំងពីរ និងបានបញ្ជាក់ផងដែរអំពី​ការគាំទ្រ​ចំពោះការ​បំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា​ រួមទាំងដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានទៅកាន់​ប្រទេសមីយ៉ាន់ម៉ា​ក្នុងពេល​កន្លងមក​ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ក៏ដូចជាការអបអរសាទរចំពោះជោគជ័យ​នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន​ លើកទី១៩ (ACDFM-19) ​កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ​ដែលអាចដំណើរការក្នុងទម្រង់ជួបប្រជុំផ្ទាល់ ដោយយោងទៅលើស្ថានភាពល្អប្រសើរ​នៃជំងឺកូវីដ-១៩ ​នៅកម្ពុជា ក្រោមការដឹកនាំគ្រប់គ្រងប្រកបដោយភាពម៉ឺងម៉ាត់ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន៕ 

តុលាការខ្មែរក្រហម នឹងប្រកាសសាលដីកាបណ្តឹងសាទុក្ខ លោក ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា

2022/09/20 05:28:26 pm        397
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នឹងប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានកាត់ទោស លោក ខៀវ សំផន ឱ្យជាប់គុកអស់មួយជីវិត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម,ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ៕

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ក្រសួងការពារជាតិកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ចិនតែមួយ មិនថាកាលៈទេសៈណានោះឡើយ

2022/09/20 03:54:39 pm        643
កំពង់ឆ្នាំង៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអះអាងជាថ្មីម្តងទៀតថា ក្រសួងការពារជាតិកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ចិនតែមួយ មិនថាកាលៈទេសៈណានោះឡើយ។ថ្លែងក្នុងពិធីប្រគល់-ទទួលរថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា រាល់ជំនួយឥតសំណងរបស់ភាគីចិន បានផ្តល់ជូនដល់កងទ័ពកម្ពុជា គឺជាសក្ខីកម្មមួយឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងចិនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។គួរបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលរថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទជាង ១៦០លានរៀល ត្រូវបានប្រគល់ជូនមូលនិធិទ្រទ្រង់សកម្មភាពសមាគមន៍អតីតយុទ្ធជនកម្ពុជា

2022/09/20 03:36:01 pm        390
ភ្នំពេញ៖ ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទបន្ថែមចំនួន ១៦២.៣១៨.៨០០៛ ដែលទទួលបានពីព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា ត្រូវបានក្រុមជំនួយការ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនសម្រាប់ទ្រទ្រង់សកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា ។ឯកឧត្តមនាយ ឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវមោទនភាព និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ថ្លៃថ្លា របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក  ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងលើកស្ទួយកំរិតជីវភាពរបស់បង បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានមានប្រសាសន៍ បន្ថែមថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន យកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជនតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការសាងសង់ផ្ទះថ្មីជូនអតីតយុទ្ធជន ការដោះស្រាយជីវភាពលំបាកខ្វះខាត ការបើកប្រាក់បេឡាមរណសង្គ្រោះ និងថវិកាធានារ៉ាប់រងសង្គម និងសកម្មភាពជាច្រើនទៀតសំដៅលើកកម្ពស់សុខមាលភាព ជីវភាពរស់នៅ និងកិត្តិយសរបស់អតីតយុទ្ធជន។សូមបញ្ជាក់ថា ថវិកាចំនួន១៦២.៣១៨.៨០០រៀលនេះ គឺជាថវិកាជំហានទី២ ដែលបានទទួលពីព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា បានប្រគល់ជូនមូលនិធិទ្រទ្រង់សកម្មភាពសមាគមន៍អតីតយុទ្ធជនកម្ពុជា៕

រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថាប័នពាក់ព័ន្ធសម្រួលដករបាំងមិនចាំបាច់ជូនទេសចរអន្តរជាតិ

2022/09/19 09:02:22 pm        646
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើស្ថាប័នពាក់ព័ន្ធ និងមន្ត្រី​ច្រកព្រំដែនអន្តរជាតិ​ ជួយសម្រួលដករបាំងមិនចាំបាច់មួយចំនួនជូនទេសចរអន្តរជាតិ​ពេលមកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។ឯកឧត្តម ថោង ខុន ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើ​ដំណើរ​និង​ដឹកជញ្ជូន​ទេសចរនិងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិ មានប្រសាសន័ នៅថ្ងៃទី១៩ ខែកញ្ញានេះថា មកដល់ពេលនេះ ​កម្ពុជាបានលុបចោល នូវលក្ខខ័ណ្ឌការតម្រូវអ្នកដំណើរ​អន្តរជាតិ​ធ្វើចត្តាឡីស័ក ​ការតម្រូវឲ្យមានលទ្ធផលតេសត្តPCR ៧២ម៉ោង ​ និងការតម្រូវធ្វើតេស្តរហ័សជាដើម លើភ្ញៀវអន្តរជាតិនានាពេលមកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។ឯកឧត្តម រដ្ឋមន្ត្រីបន្តថា លើសពីនេះទៀត ​បច្ចុប្បន្នភ្ញៀវអន្តរជាតិទាំងអស់ចូលមកកម្ពុជា គឺអាចស្នើ​សុំធ្វើ​ទិដ្ឋាការនៅពេលមកដល់ VISA ON ARRIVAL បាន និងតម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្របញ្ជាក់​ការ​ចាក់វ៉ាក់សាំងដូសមូល​ដ្ឋានពេញលេញ១បន្ថែមតែប៉ុណ្ណោះ ដោយឡែកអ្នកដំណើរមិនទាន់ចាក់វ៉ាក់​សាំងកូវីដ១៩​ គឺតម្រូវធ្វើតេស្តរហ័សនៅពេលចូលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។ឯកឧត្តម ថោង ខុន បន្តថា ពាក់ព័ន្ធបញ្ហាការធ្វើសាលាកបត្រចូល Arrival Card សេចក្តីប្រកាស​របស់​គយនិងរដ្ឋាករកម្ពុជា ​ សេចក្តីប្រកាសុខភាពរបស់មន្ត្រីចត្តាឡីស័ក មួយចំនួនទៀតគឺមិនមាន​តម្រូវ ដោយគ្រាន់តែមាន​លិខិតឆ្លងដែន ​មានសុពលភាព ​ និងបណ្ណចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។ឯកឧត្តម បន្តថា មន្ត្រីច្រកទ្វារព្រំដែន រួមមាន៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ និងរដ្ឋាករ នគរបាលទេសចរណ៍ និងមន្ត្រីចត្តាឡីស័កជាដើម ​ត្រូវសហការធ្វើបដិសណ្ឋារកិច្ចល្អ លុបបំបាត់​ភាពអសកម្ម​ ជាពិសេស ​មន្ត្រីច្រកទ្វារអន្តរជាតិទំាងអស់ត្រូវរួមគ្នាអនុវត្តគោលការណ៍ ធ្វើឲ្យ​ភ្ញៀវជឿជាក់ ​តម្លៃសមរម្យ និងសម្រួលការធ្វើដំណើរ៕ អត្ថបទ ស៊ុម សុខជា

សម្តេច ស ខេង៖ ល្បែងខុសច្បាប់ក្លាយជាមែកធាងនៃការជួញដូរមនុស្សនៅកម្ពុជា

2022/09/19 07:36:26 pm        629
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បនល្បែងខុសច្បាប់គឺកំពុងក្លាយជាមហារីកនៅក្នុងសង្គមកម្ពុជា ខណៈដែល​ល្បែងស៊ីសងនេះហើយ ជាមែកធាងនៃការជួញដូរមនុស្សនៅកម្ពុជា។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់នៃកិច្ចប្រជុំ ស្តីពីករណីបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ​នាក្រសួងមហាផ្ទៃ ​នាព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២នេះ ​សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងយកចិត្ត​ទុកដាក់​បំផុត ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ​និងបង្រ្កាប​បន​ល្បែង​ខុសច្បាប់​គ្រប់ប្រភេទ ដោយ​សារ​ការជួញដូរមនុស្ស ​និង​ល្បែងអនឡាញខុសច្បាប់​ទាំងនេះ​ហើយ ធ្វើឲ្យកម្ពុជាកំពុងមានឈ្មោះ​មិនសូវល្អ​លើ​ឆាក​អន្តរជាតិ ជាពិសេសក្រោយ​ដែល​អាមេរិក​បានដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ​ជាប្រទេសទីបី ក្នុងការមិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និង​បង្រ្កាបបទល្មើសជូញដូរមនុស្សនេះ។យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល បានកំពុងខិតយ៉ាង​យក​ចិត្តទុកដាក់បំផុតក្នុងការពន្លត់ភ្លើងនៃមហារីកសង្គមនេះឲ្យអស់ ហើយប្រសិនបើមិន​ប្រញ៉ាប់​ពន្លត់​វាទេ ​វានឹងរីករាលដាលដល់បទល្មើសផ្សេងៗ​ទៀត​នៅក្នុងសង្គមកម្ពុជា រួមទាំង​ប៉ះពាល់​ដល់ការពង្រឹង​ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ​ក៏បានបញ្ជាក់ផងដែរថា គោលដៅសង្ស័យ​ច្រើន​ជាងគេ ចំពោះជួញដូរមនុស្ស ​និងបនល្បែងខុសច្បាប់តាមអនឡាញនេះ​ គឺនៅខេត្តព្រះសីហនុ ហើយ​អាជ្ញាធរចម្រុះ​បានកំពុងធ្វើប្រតិបត្តិការយ៉ាង​សកម្មផងដែរ ដោយ​បាន​ចាប់​ជនល្មើសយក​ទៅ​ផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន​ និងបានជួយសង្រ្គោះជនរងគ្រោះឲ្យរួចផុត​ពីការជួញដូរ និង​ធ្វើទារុណកម្មបានយ៉ាងច្រើនផងដែរ៕ អត្ថបទ៖ បាន ចក់

អូស្រ្តាលីផ្តល់ជំនួយដល់កម្ពុជាជិត ៦០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

2022/09/17 10:39:33 pm        638
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្តល់ជំនួយ ដល់កម្ពុជាចំនួន៨៧លានដុល្លារអូស្រ្តាលី ស្មើនឹងជាង (៥៨លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ខណៈជំនួយឥតសំណងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា នៅតាមជនបទបានជាង ២លាននាក់។នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។សេចក្តីប្រកាសព័ត៌មានដែលទូរទស្សន៍BTV ទទួលបាននារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នៅថ្ងៃនេះ ឯកឧត្តមព្រឹទ្ធសមាជិក ធីម អារ៉េស(Tim Ayres) ឧបការីរដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្ម រប់សអូស្រ្តាលី ជាមួយនឹងឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបើកដំណើរការកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា «ភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAP-RED)» ដែលមានថវិកាប្រមាណ ៨៧លានដុល្លារអូស្រ្តាលី។CAP-REDជាកម្មវិធីថ្មី មានរយៈពេលប្រាំឆ្នាំ ដែលត្រូវបានបង្កើតឡើងផ្អែកលើជំនួយជាងមួយ ទសវត្សន៍​របស់អូស្ត្រាលី ដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធឌនៅកម្ពុជា តាមរយៈកម្មវិធី​ខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ។ កម្មវិធីទាំងពីរនេះ បានផ្តល់អត្ថប្រយោជន៍​ដល់ប្រជាជនកម្ពុជា នៅតាមជនបទ ជាងពីរលាននាក់។កម្មវិធីCAP-REDត្រូវបានបង្កើតឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ទូលំទូលាយជាមួយទាំង​វិស័យសាធារណៈ និងឯកជន អំពីមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា​ស្តារឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩។កម្មវិធីនេះដែរ នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងៗទៀត បង្កើតគោល​នយោបាយនានា ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន ភាពធន់ និង​និរន្តរភាពជាដើម។តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ ឯកឧត្តមព្រឹទ្ធសមាជិក ធីម អារ៉េស បានថ្លែងថា ឆ្នាំនេះគឺជាខួប៧០ឆ្នាំ​នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលី ហើយកម្មវិធីជាភស្តុតាង​រឹតតែច្បាស់បន្ថែមទៀត នៃទំនាក់ទំនងភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា និងអូស្ត្រាលី។ ឯកឧត្តមព្រឹទ្ធសមាជិក បានសង្កត់ធ្ងន់ថា«យើងរង់ចាំចែករំលែកចំណេះដឹង និងជំនាញជាមួយ​សមភាគី​កម្ពុជារបស់យើង ដើម្បីបង្កើត បរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម»។ជាមួយគ្នានេះតាមរយៈសេចក្តីប្រកាសព័ត៌មាន ក៏បានរំពឹងថា គ្រួសារកម្ពុជាមួយចំនួន ជាពិសេស គ្រួសារមកពីជនបទ ក្នុងប្រទេសកម្ពុជា ជាពិសេសស្រ្តី កុមារី កុមារ៉ា មនុស្សចាស់ ​ជនមានពិការភាព និងក្រុមការងាររងគ្រោះនឹងមានជីវភាពប្រសើឡើង បន្ទាប់ពីអនុវត្តនូវកម្មវិធីនេះ។សូមបញ្ជាក់ថា កម្មវិធីCAP-REDនេះ ផ្តោតសំខាន់ខ្លាំងលើ ការចែករំលែកការស្រាវជ្រាវ និង​ចំណេះដឹង ព្រមទាំងផ្តោតលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
08/22/2026 09:08 PM
ហ្វីលីពីន បញ្ជាក់​ថា កតិកាសញ្ញាភស្តុភារកម្ម​យោធាជាមួយជប៉ុន ចូលជាធរមាន
08/22/2026 06:08 PM
អ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកប្រេងអ៊ីរ៉ាក់មួយចំនួន ឆ្លងកាត់ច្រកសមុទ្រ Hormuz
08/22/2026 06:08 PM
នគរបាល៖ មនុស្ស​ជាច្រើននាក់ បាន​បាត់បង់ជីវិត ក្រោយ​រថយន្តនគរបាល​ និងរថយន្ត ១គ្រឿង​ទៀត ​​បុកគ្នា​
08/22/2026 06:08 PM
នាវាកូរ៉េខាងត្បូង នឹងសាកល្បងផ្លូវពាណិជ្ជកម្មតំបន់​អាក់ទិក ស្រពពេលមានក្ដី​បារម្ភ នៅ​លោកខាងលិច
08/22/2026 06:08 PM
ប្រធានាធិបតីថ្មីរបស់បង់ក្លាដែស លោក Mirza Fakhrul ចាប់​ផ្ដើម​បំពេញ​តួនាទី​ផ្លូវ​ការ​
08/22/2026 05:08 PM
អ៊ុយក្រែន៖ អ្នកស្លាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី នៅទីក្រុង​ Kryvyi Rih កើនឡើងដល់ ១៦នាក់
08/22/2026 05:08 PM
ប៉េរូបំផ្លាញគ្រឿងញៀនទម្ងន់ ៩,៣តោនដែលរឹបអូសបានអំឡុងប្រតិបត្តិការប្រឆាំងការជួញដូរខុសច្បាប់
08/22/2026 05:08 PM
លោក Trumpនិយាយថា អ៊ីរ៉ង់ពុំទាន់ត្រៀមខ្លួនរួចរាល់នោះទេ សម្រាប់កិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ
08/22/2026 05:08 PM
UN ស្វែងរកថវិកា ១៤៨លានដុល្លារ ក្រោយការរញ្ជួយដីសម្លាប់មនុស្ស ៣១៩នាក់នៅកូឡុំប៊ី
08/22/2026 05:08 PM