សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ទិវាវប្បធម៌ជាតិឆ្នាំនេះ ជំរុញក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមលើកស្ទួយផ្សព្វផ្សាយវប្បធម៌ជាតិ

2022/02/28 08:47:16 pm        966
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៍ ឱ្យបានកាន់តែទូលំទូលាយ នៅក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នាសាលសន្និសីទចតុម្មុខ ក្រោយអាក់ខានរយៈពេល២ឆ្នាំមកនេះ ដោយសារវិបតិ្តកូវីដ-១៩។ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួង​ប្រលឹងជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ​ និងជាស៊ីម៉ង់ត៍​រស់សម្រាប់ផ្សារភ្ជាប់​ទំនាក់ទំនង​ពីបុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ​ពីសហគមន៍​មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយ​ទៅ​ប្រទេសមួយ​ ដើម្បី​នាំ​មក​នូវ​សាមគ្គីភាព​ សន្តិភាព និង​សុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជា​សម្រេច​រៀបចំទិវាវប្បធម៌ជាតិ ៣មីនា ​លើកទី​២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។ដើម្បី​ឲ្យការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣ ​មីនា លើកទី២៤ ឆ្នាំ២០២២នេះ អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាម​គន្លង​ប្រក្រតីភាពថ្មី ​រាជរដ្ឋាភិបាលកម្ពុជា​ ក្រសួង​វប្បធម៌ ​និងវិចិត្រសិល្បៈ ​ត្រូវសហការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី អង្គការ សមាគម ​សហគមន៍ ​និងវិស័យឯកជន ​ដែល​កំពុង​ប្រតិបតិ្តការ​នៅក្នុង​វិស័យ​វប្បធម៌ ​ដើម្បីរួមគ្នា​ផ្សព្វផ្សាយវប្បធម៌ជាតិ ​ឲ្យបានទូលំទូលាយ ទាំងនៅ​លើទីតាំងផ្ទាល់ និងតាម​បណ្តាញសង្គម។ក្រសួងវប្បធម៌ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនា ​និង​ផ្សព្វផ្សាយ​សម្រាប់​អបអរ​ទិវា​វប្បធម៌ជាតិ និងត្រូវណែនាំគ្រប់មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី​ ខេត្តរៀបចំ​កម្ម​វិធី​អបអរ​ទិវា​វប្បធម៌​ជាតិ ​នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានព្រមៗគ្នានៅថ្ងៃទី៣​ ខែមីនា ឆ្នាំ២០២២​តាមរយៈ​ការ​រៀបចំ​កម្មវិធី​នៅទីតាំងផ្ទាល់ ​និងតាមបណ្តាញសង្គម ការចងបដាពាក្យស្លោកតាម​ទី​សាធារណៈ និងការ​បិទ​គំនូរ​ផ្សាយ​តាម​ទីតាំង​សំខាន់ៗ។ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ ​ក៏បានស្នើបណ្តាក្រសួង ​និងស្ថាប័នពាក់ព័ន្ធ ​មានដូចជាក្រសួងព័ត៌មាន ក្រសួងអប់រំ ​យុវជន និងកីឡា ​ក្រសួងទេសចរណ៍​ ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ ក្រសួង​ធម្មការ ​និងសាសនា​ ក្រសួងមហាផ្ទៃ ​និងក្រសួងការពារជាតិ​ អាជ្ញាធរជាតិអប្សរា អាជ្ញាធរ​ជាតិព្រះវិហារ ​និងអាជ្ញាធរជាតិសំបូរព្រៃគុក ​និង​គ្រប់លំនៅដ្ឋាន ​គ្រប់ក្រសួង​ ស្ថាប័ន អាជ្ញាធរ​ដែនដី សាលារៀន រោងចក្រ សហគ្រាស​រដ្ឋ​និងឯកជន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយ​ដើម្បី​អបអរទិវាវប្បធម៌ជាតិ ៣មីនា ឱ្យ​បាន​ទូលំ​ទូលាយ​ត្រូវចូលរួម​អបអរទិវាវប្បធម៌ជាតិ តាមគន្លងប្រក្រតីភាពថ្មី៕អត្ថបទ រដ្ឋា

ប្រមុខរាជរដ្ឋាភិបាល អំពាវដល់ម្ចាស់អាជីវកម្ម ចូលរួមផ្តល់ព័ត៌មានសម្រាប់ជំរឿនសេដ្ឋកិច្ច

2022/02/28 01:39:56 pm        941
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ម្ចាស់ក្រមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ គាំទ្រ និងចូលរួមផ្តល់ព័ត៌មានដល់មន្ត្រីធ្វើជំរឿនសេដ្ឋកិច្ច ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាល សម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារអំពាវនាវ នៃការចាប់​ផ្តើម​ជំរឿនសេដ្ឋកិច្ចលើកទី២ ចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ នៅ​ព្រះរាជាណា​ចក្រកម្ពុជា​ បន្ទាប់ពីបានធ្វើជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ​២០១១ និងអង្កេតចន្លោះ​ជំរឿន​សហគ្រាសនៅក្នុងឆ្នាំ ២០១៤។ជុំវិញការធ្វើជំរឿននេះ,លោក សុង ខេងលាង នាយកគ្រប់គ្រងសហគ្រាស ស៊ី អេស អិល បានថ្លែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ​ក្នុងការរៀបចំជំរឿនសេដ្ឋកិច្ច នេះគឺជាផ្នែកមួយ​យ៉ាង​សំខាន់​ ដើម្បីស្វែងរកទិន្នន័យមួយជាក់លាក់ ឈានទៅរៀបចំចេញជាគោលនយោបាយផ្សេងៗ​របស់រាជរដ្ឋាភិបាល ​សម្រាប់អភិវឌ្ឍន៍ក្នុងជំហានបន្តបន្ទាប់ ជាពិសេសស្របពេលរាជរដ្ឋាភិបាល​កំពុងស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។ចំណែក លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងា តាមរយៈការធ្វើជំរឿន​សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល​ មិនត្រឹមតែទទួលបានទិន្នន័យសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ក្នុងនោះ​ប្រសិន​បើស្វែងរកឃើញបញ្ហា ​មានតែរាជរដ្ឋាភិបាលមួយគាត់ជួយដោះស្រាយ។ តាមរយៈជំរឿននេះ លោកជំទាវបានអំពាវដល់សមាជិកទាំងអស់ ចូលរួមឲ្យបានសកម្ម នឹងផ្តល់ព័ត៌មានឲ្យបានជាក់លាក់ជូនដល់មន្រ្តីជំរឿនឲ្យបានទាំងអស់គ្នា។ការធ្វើជំរឿនសេដ្ឋកិច្ច ជាការងារដ៏ធំ ​និងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយជាការងារ​ស្ថិតិពិត​ប្រាកដ ​ដែលមិនអាចខ្វះបាន​ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រើប្រាស់​ទិន្នន័យ​ជាចម្បង ដែល​មានការកើនឡើងជាលំដាប់របស់ស្ថាប័នរាជរដ្ឋាភិបាល ​ដៃគូអភិវឌ្ឍ​ន៍​ អង្គការជាតិ និង​អន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ ក្នុងកា​ររៀបចំ​គោលនយោបាយអភិវឌ្ឍន៍​សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ ​និង​សុខុមាលភាព​របស់ប្រជាជនកម្ពុជា និងជាសូចនាករសំខាន់​សម្រាប់​ការត្រួតពិនិត្យ តាមដាន ការសម្រេចបាននូវការអនុវត្តកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​របស់រាជរដ្ឋាភិបាលកម្ពុជា, ​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និង​ការរៀបចំ​នូវគោលនយោបាយផ្សេងទៀត ​ជាពិសេសជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​បន្ទាប់​ពីប្រទេសកម្ពុជា​បានរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧%ក្នុងមួយឆ្នាំ ​រយៈពេល១០ឆ្នាំកន្លងមក៕សុន រ៉ាឌី

ក្រសួងកំណត់ពលរដ្ឋម្នាក់អាចទិញថ្នាំ Molnatris បាន២ប្រអប់​ដោយ​សារ​ការ​ដឹកជញ្ជូន​ថ្នាំ​ពី​ក្រៅ​ប្រទេស​យឺតយ៉ាវ

2022/02/28 07:17:27 pm        741
ភ្នំពេញ៖ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ពីការលក់ថ្នាំព្យាបាលកូវីដ-១៩ Molnatris នៅក្រសួងប្រៃសណីយ៍ ជូនប្រជាពលរដ្ឋ ត្រឹម២ដូស ក្នុងមួយនាក់ដដែល ក្នុងពេលបច្ចុប្បន្ន។ ការសម្រេចបែបនេះ ធ្វើឡើងក្រោមមូលហេតុ នៃការពន្យាពេលជើងហោះហើរដឹកជញ្ជូនថ្នាំ។ចំនួនប្រជាពលរដ្ឋទៅទិញថ្នាំព្យាបាលកូវីដ-១៩ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅតែមានចំនួនច្រើន។ រៀងរាល់ថ្ងៃគឺមានវត្តមានប្រជាពលរដ្ឋតម្រង់ជួរជាច្រើន ដើម្បីរង់ចាំទិញថ្នាំរៀងរាល់ម៉ោងធ្វើការ។ ទន្ទឹមនឹងមានតម្រូវការថ្នាំព្យាបាលខ្ពស់បែបនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​គិតត្រឹម​ពេលនេះ​ គឺពុំទាន់អាចលក់ថ្នាំជូនប្រជាពលរដ្ឋចំនួន ​៥ប្រអប់ក្នុង១នាក់នោះទេ​ គឺក្រសួង​​ បន្ត​លក់ថ្នាំជូនពលរដ្ឋ ត្រឹម ២ប្រអប់ដដែល។ចំណែកឯបណ្ដាមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរងគឺក្រសួងប្រៃសណីយ៍ នៅ​តែ​បន្តផ្អាកលក់ជូនជាបណ្ដោះអាសន្ន ។ ការចេញគោលការណ៍បែបនេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ បញ្ជាក់ថា គឺ​ដោយសារការពន្យាពេលជើងហោះហើរដឹកជញ្ជូនថ្នាំ។ប្រជាពលរដ្ឋដែលបានមកទិញថ្នាំនៅក្រសួងប្រៃសណីយ៍​ថ្ងៃចន្ទនេះ លើកឡើងថា​ការមកទិញថ្នាំ​នៅ​ក្រសួងដោយផ្ទាល់​ គឺដោយសារតម្លៃថ្នាំនៅតាមឱសថស្ថានខាងក្រៅមួយចំនួន គឺមានតម្លៃថ្លៃខ្ពស់ជាងការលក់នៅក្រសួង។ពួកគាត់ចង់ឱ្យមានការដឹកជញ្ជូនថ្នាំ​ចូលកម្ពុជាបានលឿន ដើម្បីអាចអនុញ្ញាត​ឱ្យប្រជាពលរដ្ឋអាច​ទិញ​ថ្នាំ​បានច្រើនប្រអប់ជាងនេះ។តាមគោលការណ៍របស់ក្រសួងប្រៃសណីយ៍ នឹងបង្កើនការលក់ថ្នាំជូនប្រជាពលរដ្ឋ ចាប់ពី ១ប្រអប់ដល់ ៥ប្រអប់ ​រីឯបណ្ដាឱសថស្ថានគឺកាត់​បន្ថយ​ពី​ចំនួន ​២០០ប្រអប់មកត្រឹម ​៥០​ប្រអប់​ប៉ុណ្ណោះ​ នៅពេលដែលមានការដឹកថ្នាំមកដល់កម្ពុជា។ ការលក់ថ្នាំ Molnatris នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ គឺលក់ក្នុងតម្លៃ ៥៥ដុល្លារ ក្នុង១ ប្រអប់ ដោយតម្រូវឱ្យប្រជាពលរដ្ឋ ភ្ជាប់ជាមួយ​អត្តសញ្ញាណ​ប័ណ្ណ និងប្រើប្រាស់​ការ​ទូទាត់​សាច់ប្រាក់ ​តាមប្រព័ន្ធឌីជីថលរបស់ ​ធនាគារ ABA ដោយមិនប្រើប្រាស់សាច់ប្រាក់​ដោយ​ផ្ទាល់​នោះទេ៕អត្ថបទ៖ គឹមហុក

កុមារ​នៅភ្នំពេញ​អាយុក្រោម ១២ឆ្នាំជាង​ ៣ម៉ឺននាក់​ បាន​ចាក់វ៉ាក់​សាំង​ដូសទី៣រួច ក្នុង​ពេល​មួយ​សប្តាហ៍

2022/02/28 06:31:53 pm        294
ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ នេះ កុមាររស់​នៅរាជធានីភ្នំពេញ អាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ជាង៣ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣រួចរាល់ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្ត។អាណាព្យាបាល និងកុមារដែលបានចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានប្រាប់BTVបានឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំង​ដូសទី៣រួច ​ជួយបង្កើនទំនុកចិត្ត ​កាត់​បន្ថយ​ហានិភ័យ​ឆ្លងជំងឺកូវីដ-១៩ ​ជាពិសេសមេរោគ​បំប្លែង​ថ្មី អូមីក្រុង។ ​តែបើទោះបីពួកគេ ​បានចាក់វ៉ាក់សាំងរួចក្តី ​ក៏នៅតែបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ។របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ​ក្នុងក្របខ័ណ្ឌទូទាំង ប្រទេស ​បានបង្ហាញថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ នេះ កុមាររស់នៅរាជធានីភ្នំពេញ ​អាយុពី៦ឆ្នាំ ដល់ក្រោម១២ ជាង៣ម៉ឺននាក់ ​បានទៅទទួលការចាក់វ៉ាក់សាំងដូសទី​៣រួចរាល់ ខណៈយុទ្ធនាការ​ចាក់វ៉ាក់សាំងនៅតែបន្ត។ សម្រាប់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ចាប់ពីដូសទី១ ​ដល់ដូសទី៤ ​អាយុពី ៣ឆ្នាំឡើង អាច​ទៅទទួលការចាក់វ៉ាក់សាំងបាន ​នៅទីតាំងសុខាភិបាលសាធារណៈ ​ដោយ​ភ្ជាប់​ទៅ​ជាមួយ កាត​ចាក់វ៉ាក់សាំង ​សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ​ និង​ឯកសារពាក់ព័ន្ធផ្សេងៗ​មួយចំនួនទៀត៕អត្ថបទ៖ ទូច សោភ័ណ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានតម្លៃប្រមាណ៥០លានដុល្លា គ្រោងសម្ពោធឲ្យប្រើប្រាស់ នាដើមខែមីនាខាងមុខ

2022/02/26 06:31:30 pm        859
ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានតម្លៃប្រមាណ ៥០លានដុល្លា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន គ្រោងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមីនាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី។មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាមន្ទីរពេទ្យមួយដែលបានបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានការទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ជាមួយក្រុមគ្រូពេទ្យជំនាញប្រមាណជាង៤០០នាក់។មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ និងមាន​វិសាលភាពព្យាបាលជូនប្រជាជនមក​ពី​ខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី៕

អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ ប្រាប់ដល់មន្រ្តីបំរើប្រជាពលរដ្ឋ ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត​ដូច​ភ្លៀង​រលឹម​

2022/02/26 06:22:28 pm        588
ភ្នំពេញ៖ ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ឯកឧត្តមយឿន យឿត បានអំពាវនាវដល់សមាជិក-សមាជិកា ក៏ដូចជាអាជ្ញាធរភូមិ ឃុំទាំងអស់ ត្រូវខិតខំបំរើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានសកម្មបន្ថែមទៀតដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ពួកគាត់ ជា​ពិសេសផ្នែក​សេវា​សាធារណៈនេះតែម្តង។ក្នុង​ឱកាស​ចុះ​សំណេះសំណាល ​និងសួរសុខទុក្ខដល់បងប្អូនសមាជិក-សមាជិកា និងពិធីរៀបចំ​ទទួល​ជាផ្លូវការនូវសមាជិក ​សមាជិកាថ្មី និងអតីតមន្ត្រីមកពីអតីតមន្រ្តីគណបក្ស​ដទៃជាង ២០០នាក់ទៀត ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិខ្ពេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ក្នុង​ឱកាស​នោះឯកឧត្តម យឿន យឿត បានឲ្យដឹងថា ក្នុងនាមយើងជាមន្រ្តីបំរើប្រជាពលរដ្ឋ គប្បីត្រូវខិតខំធ្វើយ៉ាងបំរើផលប្រយោជន៍របស់ពួកគាត់ឲ្យបានល្អជាពិសេស សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណដោយធ្វើជូនពួកគាត់មិនត្រូវយកថវិកានោះឡើយ ហើយជាង នេះទៅទៀត​ពេលពួកគាត់ មាន​អាពាហ៍ពិពាហ៍​ និង​មរណភាពអ្វីត្រូវធ្វើ​លិខិតបញ្ជាក់ជូន​ដល់ពួកគាត់ ដល់គេហដ្ឋានផ្ទាល់ផងដែរ។ឯកឧត្តម បានលើកឡើងទៀតថា«បងប្អូនទាំងអស់ ដែលជាមន្រ្តី និងសមាជិក-សមាជិកា​គណបក្ស​ប្រជាជនកម្ពុជា ​ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បំរើ​ផលប្រយោជន៍​សង្គម​ឲ្យបានឲ្យផុលផុស​នៅ​ក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្ត ​និងគោរព​គាំទ្រពីសំណាក់ពលរដ្ឋ ហើយ​ពេលពួកគាត់មានបញ្ហាអ្វីដែលត្រូវឲ្យពួកយើងជួយ​ ត្រូវធ្វើជូនពួកគាត់ឲ្យបានទាន់ពេលវេលា ដោយមិនត្រូវអល់ឯកនោះឡើយ»។នៅក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម យឿន យឿត ក៏បានក្រើនរំលឹកដល់បងប្អូន សមាជិក-សមាជិកា​ទាំងនោះផងដែរថា ​នាពេលបច្ចុប្បន្ននេះក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់ ​ជាក់ស្តែងដូចតំបន់ស្រុកឱរ៉ាល់នេះតែម្តង ​ពីកន្លែងដែលជាសមរភូមិក្តៅ បានក្លាយទៅជាកន្លែងអភិវឌ្ឍន៍​ គ្រប់យ៉ាងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ​ទឹក ​ភ្លើង ជាពិសេស​គឺផ្នែក​កសិកម្មនេះតែម្តង។ឯកឧត្តម បានក៏បានលើកឡើងទៀតថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣​ ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជា​បាន​សម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ​ដោយពុំអាចនឹកស្មានដល់។ ឯកឧត្តម បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពី​សមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ​ ពីការបែកបាក់ជាតិ​ និងការបែងចែកទឹកដី ​ពីគំនរផេះផង់ ទៅជាទឹកដី​ដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍​លើគ្រប់វិស័យ ៕អត្ថបទ៖ បាន ចក់

មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ៥១ ណែនាំដល់ពលទាហាន បន្តទប់ស្កាត់ពលករឆ្លង​ដែនខុសច្បាប់​ នៅតាមបន្ទាត់ព្រំដែន

2022/02/25 09:10:09 pm        1043
បន្ទាយមានជ័យ៖ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានណែនាំដល់ពលទាហាន ត្រូវបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានណែនាំបែបនេះ ក្នុងឱកាសទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ដែលកំពុងឈរជើងនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ។ក្នុង​នោះ ក៏មានការចូលរួមពីអាជ្ញាធរស្រុក កងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក ប្រធានទំនាក់ទំនង​ព្រំដែនកម្ពុជាថៃ ​ច្រកម៉ាឡៃ ​នគរបាលព្រំដែនគោកលេខ៨១៥ តំបន់​ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ ​និងមេបញ្ជាការវរសេនាតូចថ្មើរជើង​លេខ៥១២ ៥១៣ ៥១៤ នាយការិយាល័យទាំង៩​ កងអនុសេនាធំ​ចំណុះកងពល។ជាមួយគ្នាឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងកោតសរសើរដល់អង្គភាពវរសេនា​តូចថ្មើរជើងលេខ៥១១ ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និង​អនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាង​អង្គភាព​រឹងមាំ​លើគ្រប់វិស័យ។ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានដាក់ផែនការឱ្យបន្តខិតខំការងារកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​បង្ក​បង្កើន​ផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និង​កម្លាំងត្រៀម​ក្នុងទីតាំង ​ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព ​និងមួយចំនួនលើស​តម្រូវការ ​លក់ទៅទីផ្សារ សន្សំ​ថវិកាកសាងក្នុងអង្គភាពនីមួយៗ​ រួមជាមួយបន្តអនុវត្តន៍ ​វិធានការ៣កុំ ​៣ការពារ និង វិធានការ​សុខាភិបាល៕

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ផ្តល់ម៉ូតូ ៤១គ្រឿងដល់សិស្សប្រឡងជាប់និទ្ទេស Aចំនួន ៤១នាក់

2022/02/25 07:56:45 pm        561
កំពង់ធំ៖ បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០ - ២០២១ ដែលទទួលលទ្ធផលនិទ្ទេស A ចំនួន ៤១នាក់ នៅមណ្ឌលខេត្តកំពង់ធំ ត្រូវបានទទួលរង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង ពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តកំពង់ធំ។នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញប្រគល់​ម៉ូតូ​ដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤១នាក់ នៅមណ្ឌលខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតពាំនាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខរបស់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាជូនចំពោះក្មួយ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ។ ឯកឧត្តមបណ្ឌិត បានអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ចំពោះ​លទ្ធផល​ដ៏ល្អប្រសើរនៅថ្ងៃនេះ​ ដែលបាន​ឆ្លុះបញ្ចាំង​នូវ​ស្មារតីខិតខំរៀនសូត្រ តាមរយៈ​សមិទ្ធផល​ដែលក្មួយទទួល​បានពិតជាមាន ​មោទនភាពសម្រាប់យើងទាំងអស់គ្នា ​ជាពិសេសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និងសាលារៀនជាដើម។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ក្មួយៗទាំងអស់នេះ ​គឺជាអ្នកជំនាន់ក្រោយ ​សម្រាប់បន្តវេន ក្នុងការ​ចូលរួម​អភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។​ ដូច្នេះសិស្សានុសិស្សទាំងអស់ ​ត្រូវជៀសវាងឲ្យ ឆ្ងាយ​ពី​គ្រឿងញៀន ​និង​ចាប់យកការសិក្សាជាកត្តាចំបង។ជាមួយគ្នានេះ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ ​លើកឡើងដែរថា ក្នុងឆ្នាំសិក្សា ២០២០-២០២១​ សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤១នាក់កើនឡើង​ចំនួន​៣០នាក់ ធៀបឆ្នាំសិក្សា២០១៨-២០១៩! ​បើទោះបីជាពិភពលោក ក៏ដូចជាកម្ពុជាជួប​ប្រទះ​បញ្ហា​កូវីដ១៩ ។ ក្នុងបរិបទនេះ ក្រសួងអប់រំយុវជន​ និងកីឡា ​ដែលមានលោកគ្រូ អ្នកគ្រូ ​ជា​អនុវត្តន៍ដោយផ្ទាល់ តែងតែ​ប្រឹងប្រែងជំរុញ ​និងផ្ទេរចំណេះដឹងទៅកាន់សិស្ស ​គ្រប់រូបឲទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមជាមួយគ្នានេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អបអរសាទរដល់ក្មួយៗ​សិស្សានុសិស្ស ទាំងអស់ដែលបានខិតខំប្រឹងតែរៀន​សូត្រ​រហូត​ដល់ប្រឡង​ជាប់​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០ - ២០២១ ទទួលបាននិទ្ទេសA។ ឯកឧត្តម បន្តថា បើទោះបីជា សាលារៀនត្រូវបានបិទ ដែលធ្វើឲ្យការសិក្សារៀនសូត្រមិនបានដិត​ដល់​យ៉ាងណាក្តី ក្មួយៗបានខិតខំស្វែងយល់រៀនសូត្រ ស្រាវជ្រាវ ដោយអនុវត្តតាមការណែនាំ​របស់​ប្រមុខរាជរដ្ឋាភិបាល ​បាន​អនុញ្ញាត​ឲ្យក្មួយៗ បានសិក្សាជាបណ្តុំតូចៗ ​ក៏ដូចជាតាមអនឡាញ និង​មានការប្រឡងបាក់ឌុប​ដំណើរការធម្មតា ដោយអនុវត្តបានល្អតាម​ការណែនាំ​របស់ក្រសួង​សុខាភិបាល។ ឯកឧត្តម ថ្លែងអំណរគុណដល់លោកនាយក លោកគ្រូ អ្នកគ្រូទាំងអស់ ដែលនៅក្នុងពេលវេលា​នៃ​វិបត្តិកូវីដ១៩, លោកគ្រូ អ្នកគ្រូ ​មានការហត់នឿយខ្លាំងណាស់ ពីព្រោះការបង្រៀន​តាមបណ្ដាញ​អនឡាញនេះ​ វាមិនមានភាពងាយស្រួល​ ដូចយើងបង្រៀនផ្ទាល់នោះទេ ​ប៉ុន្តែលោកគ្រូ អ្នកគ្រូ បាន​អនុវត្តភារកិច្ចដ៏ល្អនេះបានបំពេញតួនាទី ​ជាលោកគ្រូល្អ អ្នកគ្រូល្អ ៕

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ គាំទ្រកម្ពុជាក្នុងនាមប្រធានអាស៊ាន ធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីស្វែងរក​ការ​បញ្ចប់​អំពើ​ហិង្សា

2022/02/25 07:16:25 pm        531
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកជំទាវ ANNALENA BAERBOCK បានសម្តែងការគាំទ្រកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការ​បរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ​នៅថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាទស្សនកិច្ច​លើក​ទីមួយ​ក្នុងរយៈពេល ២៥ឆ្នាំ បន្ទាប់ពីការ​ផ្លាស់ប្តូរ​ដំណើរទស្សនកិច្ច​ចុងក្រោយ​នៅក្នុងខែមករា ឆ្នាំ ១៩៩៧ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​មិត្តភាព​ដ៏ល្អប្រសើរ ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាង​ប្រទេសទាំងពីរ។ក្នុងឱកាសបំពេញទស្សនកិច្ច ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយ​លោកជំទាវ ANNALENA BAERBOCK ​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា ​និង​នៅអ៊ុយក្រែន និង​ការ​ប្រែប្រួលអាកាសធាតុ ​ព្រមទំាងប្រធាន​បទផ្សេងៗ​ជាច្រើនទៀត។ជាការកត់សម្គាល់ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផល​ប្រយោជន៍​ក៏ដូចជាកង្វល់​ នៅក្នុងតំបន់ទាំងពីរ​ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបាន​ឯកភាព​គ្នា​លើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះ​វិល​ត្រឡប់​មករកប្រក្រតីភាពឡើងវិញ។ ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា ​លោកជំទាវរដ្ឋមន្ត្រីការបរទេស​នៃសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់​បាន​សម្តែង​ការ​គាំទ្រកម្ពុជា​ជាប្រធានអាស៊ាន ​និង​បេសកជនពិសេស​នៃប្រធានអាស៊ាន ដែល​មាន​គម្រោង​ធ្វើដំណើរទៅកាន់ប្រទេស​ មីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច ​ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ​ការផ្តល់ជំនួយមនុស្សធម៌ និងការ​បង្កើត​បរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនាក្នុងចំណោមភាគី​ពាក់ព័ន្ធ​ទាំងអស់។ លោកជំទាវរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ក៏បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួម​ក្នុងការ​ផ្តល់​ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។តាមរយៈកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន​កាលពីសប្តាហ៍មុននេះ ទាក់ទិននឹង​បញ្ហា​មីយ៉ាន់ម៉ា ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងតួនាទីប្រេសិតពិសេសរបស់​ប្រធាន​អាស៊ាន ថ្លែងថា​ កម្ពុជាត្រូវតែ​អនុវត្តដូចមាន​ចែងក្នុងកុងសង់ស៊ីស​៥ចំណុច ដែល​ទាមទារ​ឲ្យ​មានការ​ជួបសន្ទនា​ជាមួយដៃគូ ​និងភាគីពាក់ព័ន្ធ ​ដោយបេសកម្មនេះ​គ្រោង​ស្នើជួប​ជាមួយលោក មីន អោង ឡាំង​ មេដឹកនាំមីយាន់ម៉ា​ រួមទាំងរដ្ឋមន្រ្តីការបរទេសមីយាន់ម៉ា ​និងឥស្សរជនសំខាន់ៗ​ផ្សេង​ទៀត ខណៈឯកឧត្តម ប្រាក់ សុខុន គ្រោងនឹងបំពេញទស្សនកិច្ចលើកដំបូងក្នុងឋានៈជាប្រេសិត​ពិសេស​នាពាក់កណ្តាលខាងមីនាខាងមុខ។ក្នុងនាមប្រេសិតពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងស្នើសុំឲ្យមានការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់សម្រាប់ការផ្តល់​ជំនួយ​មនុស្សធម៌ជូន​ប្រជាជនមីយ៉ាន់ម៉ា ប៉ុន្តែ​ក្នុង​ករណី​មានភាព​ចម្រូងចម្រាស​ពីភាគីពាក់ព័ន្ធនៅមីយាន់ម៉ា ​ក្នុងនាមប្រេសិតពិសេស និង​អគ្គលេខាធិការ​អាស៊ាន​ ដែល​ទទួលខុសត្រូវជំនួយមនុស្សធម៌ នឹងធ្វើការរួមគ្នាស្វែងរក​ដំណោះស្រាយ ខណៈរដ្ឋមន្រ្តីការ​បរទេសអាស៊ាន​ បានគាំទ្រការរៀបចំជំនួយមនុស្សធម៌​ដែលជាគំនិត​ផ្តួតផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ ក្នុងពេលជួបពិភាក្សានាពេលកន្លងមក៕អត្ថបទ៖ សេក ឧត្តម

អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរមូលដ្ឋាន ចុះត្រង់ស្ថិតិអ្នកមិនបានចាក់វ៉ាក់សាំង ដើម្បីជំរុញឱ្យទៅចាក់

2022/02/25 06:56:57 pm        543
បាត់ដំបង៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលកំពុងវាយលុកចូលសហគមន៍នោះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ស្ថិតិអ្នកមិនទាន់បានចាក់វ៉ាក់សាំងទាំងអស់ ដើម្បីពន្យល់ពួកគាត់ពីសារប្រយោជន៍នៃវ៉ាក់សាំង និងជំរុញទៅចាក់ឱ្យបានគ្រប់ៗគ្នា។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកបវេល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ បានលើកឡើងថា អូមីក្រុងចាប់ផ្ដើមផ្ទុះហើយ ដូច្នេះ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ត្រូវ​ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩​ តាមរយៈការរក្សាអនាម័យ​គម្លាត​សុវត្ថិភាព​សង្គម និង​ប្រកាន់ខ្ជាប់​នូវ​វិធាន​ការ​សុខាភិបាល៣កុំ៣ការពារ។ឯកឧត្តម អភិបាលខេត្ត ​បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩ ទាំងដូសមូលដ្ឋាន ​និងដូសជំរុញ ។ ​ជាពិសេសត្រូវចុះទៅតាមភូមិស្រង់ស្ថិតិជំរឿន​អ្នក​មិនទាន់​បានចាក់វ៉ាក់សាំង ហើយជំរុញពួកគាត់ឱ្យទៅចាក់គ្រប់ៗគ្នា។គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរខេត្តបាត់ដំបងបានចាក់វ៉ាក់សាំងដូសទី៣​ជូន​ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានប្រមាណជាង ២៤ម៉ឺននាក់​ ស្មើនឹងជាង ៤០ភាគរយ​នៃប្រជាជនគោលដៅជាង ៨០ម៉ឺននាក់ ដែល​អត្រាអ្នក​បាន​ចាក់វ៉ាក់សាំង​ដូសជំរុញនេះ​មាន​ចំនួន​តិចតួច​នៅឡើយ ខណៈពលរដ្ឋភាគច្រើនហាក់​ដូច​ជា​មិន​ចាប់អារម្មណ៍​ទៅ​ទទួល​ការ​ចាក់វ៉ាក់​សាំង​ដូសជំរុញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានថ្មីៗ ឆ្លើយតបការវិវត្តសេដ្ឋកិច្ចតំបន់និងសកល
08/26/2026 09:08 PM
រដ្ឋមន្ត្រី ចក្រភពអង់គ្លេសអញ្ជើញចុះជួបក្រុមការងារដែលកំពុងអនុវត្តសកម្មភាពកំចាត់មីន ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអង់គ្លេស
08/26/2026 08:08 PM
​រាជរដ្ឋាភិបាលជំរុញអ្នករៀបចំពិព័រណ៍នានាបង្កេីនយន្តការជំនួបពាណិជ្ជកម្មដេីម្បីពង្រីកទីផ្សារកាន់តែខ្លាំងក្នុងតំបន់
08/26/2026 08:08 PM
កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន នៃសន្និសីទប្រធានសភា នៃអន្តរសភា
08/26/2026 08:08 PM
សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
08/26/2026 08:08 PM
ប្រភព៖ ប៉ាគីស្ថានស្នើពេលវេលាកំណត់ថ្មី ៦០ថ្ងៃ ដើម្បីឲ្យអាមេរិក និងអ៊ីរ៉ង់ចាប់ផ្ដើម​ការចរចា​ផ្ទាល់ឡើងវិញ
08/26/2026 08:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.)
08/26/2026 08:08 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ «សហរដ្ឋអាមេរិកនឹងមិនសម្រេចបានអ្វីឡើយ​» ជាមួយនឹងសម្ពាធសេដ្ឋកិច្ច
08/26/2026 07:08 PM
មនុស្សយ៉ាងហោច ២២នាក់ស្លាប់ និង ៣៨៤នាក់ បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហក់នៅនេប៉ាល់
08/26/2026 07:08 PM
លោក Netanyahu ប្ដេជ្ញាបង្កើន​ការតាំងទីលំនៅបន្ថែម នៅ West Bank ដោយផ្គើន​នឹង​សម្ពាធអន្តរជាតិ
08/26/2026 07:08 PM