សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

រោងចក្រដំឡើងគ្រឿងបរិក្ខារអគ្គិសនីតំលៃ ២,៥ លានដុល្លា ក្នុងខេត្តពោធិ៍សាត់ បើកដំណើរការ

2022/03/01 08:15:40 pm        1165
ពោធិ៍សាត់៖ រោងចក្រដំឡើងគ្រឿងបរិក្ខារអគ្គិសនីតំលៃ ២,៥ លានដុល្លា ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកដំណើរការជាផ្លូវការ រួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា។ពិធីសម្ពោធបើកអោយដំណើរការរោងចក្រនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២២ ក្រោម​អធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងដោយមានការអញ្ជើញចូលរួម​ពីឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។រោងចក្រថ្មីនេះ មានឈ្មោះថា ស្នេថេក ឈីន (SchneiTec CHINT) ​ដែលត្រូវបានបង្កើតឡើង ពី​ការ​បណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនស្រុក ​ស្នេថេកគ្រុប (SchneiTec Group)និងក្រុមហ៊ុនចិន​ ឈីនគ្រុប (CHINT Group) ​ដោយសាងសង់នៅលើផ្ទៃដីទំហំ ២០ ០០០ ម៉ែត្រការ៉េ។ក្នុងជំហានទី១ រោងចក្រនេះ ផ្តោតទៅលើការផលិតសម្ភារៈអគ្គិសនីតង់ស្យុងកំរិតមធ្បមគ្រប់ប្រភេទ និង​សម្ភារៈប្រព័ន្ធសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យខ្នាតតូច ។ថ្លែងក្នុងពិធីនោះ ឯកឧត្តម ស៊ុយ សែម ​ការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន​ដែល​មានបទពិសោធន៍គ្រឿងបរិក្ខារអគ្គីសនីមកពីប្រទេសចិន បានជួយលើកមុខមាត់ខេត្ត​អោយ​មានសន្ទុះនៃការអភិវឌ្ឍប្រកួតប្រជែងកាន់តែខ្លាំងនៅតំបន់ និងបានផ្តល់ឱកាសការងារក្នុងស្រុកបានកាន់តែច្រើនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ​ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ​ស្រុកក្រគរ និងស្រុកកណ្តៀង បានលើកឡើងថា ពិធីសម្ពោធបើកអោយដំណើរការរោងចក្រ​ក្នុង​ថ្ងៃនេះជា សេចក្តីរីករាយសម្រាប់ប្រជាជនកម្ពុជា​ទាំងមូល ជាពិសេសគឺសម្រាប់ប្រជាជន​ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ​ដោយសារតែប្រទេសកម្ពុជា​ពីមុនពោពេញដោយសង្គ្រាម តែដោយសារមាននយោបាយឈ្នះរបស់សម្តេចតេជោ​ បានធ្វើអោយកម្ពុជាមានសន្តិភាព ទើប​មានការអភិវឌ្ឍជាហូរហែ ​នៅតាមតំបន់អស្ថេរភាពពីមុន ៕អត្ថបទ៖ ពៅ ភិរុណ

កម្ពុជាចាប់ផ្ដើមធ្វើជំរឿនសេដ្ឋកិច្ចជាលើកទីពីរ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន

2022/03/01 07:58:39 pm        1279
ភ្នំពេញ៖ កម្ពុជា បានចាប់ផ្ដើមការធ្វើជំរឿនសេដ្ឋកិច្ចដោយចាប់ផ្ដើមពី ថ្ងៃទី១ខែមីនា ដល់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ការធ្វើជំរឿនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២នេះ គឺជាលើកទី ២ ដែលកម្ពុជារៀបចំឡើង ហើយក៏ជាជំរឿនដែលប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ក្រសួងផែនការ បានចាប់ផ្ដើម ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដោយចាប់ផ្ដើមពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ខាងមុខ ​សម្រាប់ការចុះ​សម្ភាសន៍​ប្រមូល​ទិន្នន័យ​ពីអង្គភាព​សេដ្ឋកិច្ចទាំងអស់ទូទាំងប្រទេស។ សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺធ្វើឡើងក្នុងរយៈពេល ១០ ឆ្នាំម្ដង ដូចជាជំរឿនប្រជាជនផងដែរ គ្រាន់តែក្រុមគោលដៅត្រូវ​សម្ភាសន៍​ផ្សេងពីគ្នា។ ​ជំរឿនសេដ្ឋកិច្ចឆ្នាំ ​២០២២នេះ ​ជាលើកទី ២​ ដែលបានធ្វើឡើង។ នៅថ្ងៃចាប់ផ្ដើមដំបូងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ មាន​ប្រសាសន៍ថា ការងារជំរឿនសេដ្ឋកិច្ចនេះ​ ជាកិច្ចការសំខាន់ ដើម្បីដឹងពីកំណើនសេដ្ឋកិច្ចពិតប្រាកដ ហើយលទ្ធផលដែលទទួលបានគឺមានសារៈសំខាន់សម្រាប់​រាជ​រដ្ឋាភិបាលរៀបចំ​គោល​នយោបាយ។ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ តាមការ​ប៉ាន់ប្រមាណ ​គឺមានទីតាំងត្រូវចុះ​សម្ភាសន៍​ចំនួន ជាង ៧៤ម៉ឺនទីតាំង។ ​សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ​ គឺ​សម្ភាសន៍​ម្ចាស់​អាជីវកម្ម សហគ្រាសធ្វើ​សកម្មភាព​ផលិតកម្ម និងសេវាកម្មទូទាំង​ប្រទេស​ ស្ថិតក្នុងវិស័យផ្នែកអាជីវកម្មរ៉ែ ​កម្មន្តសាល ​អគ្គិសនី និង​ឧស្ម័នផលិត​ទឹកស្អាតអនាម័យ ​និងសេវាកម្មដទៃទៀត​ដែលត្រូវបានកំណត់​តាម​ចំណាត់ថ្នាក់​ស្តង់ដារ​អន្តរជាតិ នៃ​វិស័យសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ៕ អត្ថបទ៖ គឹមហុក

ប្រធានសមាគមស៊ីក្លូ ក្រើនរម្លឹកអ្នកប្រកបរបរធាក់ស៊ីក្លូឱ្យរួសរាន់ ទៅចាក់វ៉ាក់សាំងដូសជំរុញ

2022/03/01 07:11:10 pm        622
ភ្នំពេញ៖ ប្រធានសមាគមស៊ីក្លូ នៅថ្ងៃទី១ ខែមីនានេះ បានក្រើនរម្លឹកដល់អ្នកប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញ ឱ្យរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ដើម្បីបង្កើនអង់ទីគ័រ ទប់ទល់ នឹងការវាយលុកពីជំងឺនេះ ។នៅថ្ងៃទី១ខែមីនានេះ លោក អ៊ឹម សម្បត្តិ ប្រធានសមាគមស៊ីក្លូ បានឱ្យដឹងថា បច្ចុប្បន្នការ​ប្រកប​របរ​អ្នក​ធ្លាក់ស៊ីក្លូ ​ដែលមានជាង ២០០នាក់នៅភ្នំពេញ ​ដំណើរ​ការ​ធម្មតា ប៉ុន្តែការរកចំណូលមិនសូវកាក់​កប​ដូចមុននោះទេ ​ពោលដោយសារការរីករាលដាលសកលនៃជំងឺកូវីដ-១៩។ ក្រៅពីនេះ លោកបានក្រើនរម្លឹកដល់អ្នកប្រកបរបរធាក់ស៊ីក្លូ សូមរួសរាន់ទៅទទួលការ​ចាក់វ៉ាក់សាំង​បង្កាជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ដើម្បីបង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។សម្រាប់អ្នកធាក់ស៊ីក្លូ ដែលបានចាក់វ៉ាក់សាំងកូវីដរួច ​បានប្រាប់BTV​ ឱ្យដឹងដែរថា បន្ទាប់ពីចាក់​វ៉ាក់សាំង​ដូសទី៤រួច ​បានជួយបង្កើនទំនុកចិត្តជាងមុន​ ក្នុងពេលប្រកបរបរប្រចាំថ្ងៃ។បើទោះបី​ចាក់វ៉ាក់​សាំងរួច ​ពួកគាត់​នៅតែ​បន្តអនុវត្តវិធានសុខាភិបាល ​៣កុំ ៣ការពារ។ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនប្រជាពលរដ្ឋ ​គឺជាយុទ្ធសាស្រ្ត​ចម្បង​មួយ ដែល​រាជ​រដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំង​នឹងការរាតត្បានៃជំងឺកូវីដ-១៩ ។បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជាង៤៣ ​លានដូស រាប់បញ្ជូលទាំងការបញ្ជា​ទិញ​ពី​ប្រទេសចិន​ ជំនួយតាមរយៈយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចាប់ពីដូសទី១ ដល់ដូសទី៤ អាយុពី៣ឆ្នាំឡើង អាច​ទៅ​ទទួល​ការ​ចាក់វ៉ាក់សាំងកូវីដបាន​ នៅទីតាំង​សុខាភិបាលសាធារណៈ​ ដោយភ្ជាប់​ទៅជាមួយ សំបុត្រកំណើត​ អត្តសញ្ញាណប័ណ្ណ ​កាត់ចាក់វ៉ាក់សាំង ​ឫឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ 

ពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុង​ចន្លោះពី៧០០នាក់ ទៅ១០០០នាក់ក្នុងមួយថ្ងៃ

2022/03/01 06:48:41 pm        716
ភ្នំពេញ៖ កុមារ យុវវ័យ ប្រជាពលរដ្ឋ ក្នុងចន្លោះពី ៧០០នាក់ រហូតដល់ទៅ ១០០០នាក់ ក្នុងមួយថ្ងៃ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បើតាមលោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះថា បច្ចុប្បន្ន​មណ្ឌលសុខភាព​ស្ទឹងមានជ័យ ដោយមាន​ការ​សហការ​ពីអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់​ ខណ្ឌបានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ដូសទាំងអស់ ជូនប្រជាពលរដ្ឋ ដោយរលូន។ ទន្ទឹមនឹងនោះស្ថិតក្នុងសម័យកូវីដ-១៩ យើងទាំងអស់ត្រូវមកទទួល​ការចាក់វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗគ្នា ​សម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយកី្ត ​ក៏ត្រូវតែការពារខ្លួន ៣កុំ ៣ការពារ ​រក្សា​គម្លាត ​លាងដៃជាមួយសាប៊ូ ​ឬអាល់កុល​ ឬជែល ឲ្យបានញឹកញាប់ និងសូមនៅផ្ទះ​ប្រសិន​បើអ្នកមានគ្រុនក្តៅ ​ឬសង្ស័យថា បានឆ្លងជំងឺកូវីដ-១៩ និង​សូមស្វែងរកជំនួយសុខាភិបាល​ភ្លាមៗ។ជាមួយគ្នានោះដែរ អាណាព្យាបាលនាំកូនអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ ​មកទទួលការចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសមូលដ្ឋាននិងយុវវ័យ ​ប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងដូសទី២ ដូសទី៣ និងដូសទី៤ ​នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ​បាន​លើកឡើង​ស្រដៀងគ្នាថា​ ពួកគាត់​ពិតជា​មាន​មោទនភាពជាទីបំផុត ​ដោយមាន​ប្រមុខដឹកនាំ ​ដុតដៃដុតជើងរកវ៉ាក់សាំងមកចាក់ការពារ​អាយុជីវិតរបស់​ប្រជាពលរដ្ឋទូទាំង​ប្រទេស។ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា បានបញ្ជាក់ថា ​សព្វថ្ងៃលោកគ្រូពេទ្យ ​អ្នកគ្រូពេទ្យ ក្នុង​មណ្ឌលសុខភាពស្ទឹងមានជ័យ​ មានចំនួន ១៤នាក់ មមាញឹកក្នុងការចាក់វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ១៩ ជូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ​និងផ្តល់សេវាសុខាភិបាលផ្សេងៗ​ជូនប្រជាពលរដ្ឋ ក្រៅ​ពីការចាក់វ៉ាក់សាំង ​ដូចជាការពិនិត្យជំងឺទូទៅ​ ពិនិត្យផ្ទៃពោះ​ ពន្យាកំណើត និង​សម្រាលកូនតាម​ធម្មជាតិ​ និងចាក់វ៉ាក់សាំងជូនកុមារទើបនឹងកំណើតអាយុចាប់ពី១ខែកន្លះ ​រហូតដល់១៨ខែផងដែរ៕ អត្ថបទ រដ្ឋា

ACU ទទួលពាក្យបណ្តឹងពីពលរដ្ឋចំនួន៤៦ បណ្ដឹង នៅក្នុងខែកុម្ភៈ

2022/03/01 06:35:11 pm        527
ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា នៅក្នុងខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយACU បានទទួលពាក្យប្តឹងសរុបចំនួន ៤៦ បណ្ដឹង ក្នុងនោះបណ្តឹងពីជនអនាមិកចំនួន ២៣ បណ្ដឹង។ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៩ អាណត្តិទី៣ បានដំណើរការ​ក្រោម​អធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។នៅក្នុងកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានរាយការណ៍ថា នៅក្នុងខែកុម្ភៈនេះ ក្រុមអ្នកច្បាប់របស់ACU បានប្រជុំពិនិត្យ វិភាគ និងមាន​ចំណាត់​ការ​លើ​ពាក្យប្តឹង ​ជារៀងរាល់ព្រឹក ​នៃថ្ងៃ​បន្ទាប់​ដែល​ទទួល​បាន​ពាក្យបណ្តឹង។នៅកិច្ចប្រជុំក្រុម​ប្រឹក្សា​ភិបាលនេះដែរ ​ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏បានរាយការណ៍​ដែរថា​ គិតត្រឹមខែកុម្ភៈនេះ​ ដើម្បីបញ្ជាក់​ពីភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល​នៅ​ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធមួយចំនួន បានដាក់ឯកសារប្រកាស​ទ្រព្យ​សម្បត្តិ និងបំណុលតាមរបប២ឆ្នាំម្តង ឆ្នាំ២០២២នៅអង្គភាពប្រឆាំងអំពើពុករលួយចំនួន ​១៥ ០៤៨ រូប ស្មើនឹង ៩៩.៩៩% នៃចំនួនត្រូវប្រកាសសរុប ១៥ ០៥០ រូប។នៅក្នុងដំណើរការប្រកាសឯកសារប្រកាសទ្រព្យសម្បត្តិ ​និងបំណុលនេះដែរ មានមន្ត្រី​សាធារណៈតែងតាំង​ថ្មី ១៥៥ រូប - លាឈប់រួចប់អាណត្តិពីការងារ ៤២ រូប ​ចូលនិវត្តន៍ ៦៦ រូប និងបាន​បញ្ឈប់ពីការងារ ​១១រូប ខណៈអង្គភាពប្រឆាំងអំពើពុករលួយ បានបើកស្រោមសំបុត្រ​ពិនិត្យ​ទ្រព្យ​សម្បត្តិ និងបំណុលដែលជាប់ការសង្ស័យចំនួន ​១៦នាក់ និងបើកតាមសំណូមពរ​ក្រុម​អ្នកស៊ើបអង្កេតចំនួន ៧ ករណី។ក្នុងដំណើរការប្រឆាំងអំពើពុករលួយនៅកម្ពុជានេះដែរ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ​ឱម យិនទៀង បាន​ពិនិត្យឃើញថា ​មហាជនបានទទួលស្គាល់ច្បាស់ថា ACU ​ជាអង្គភាពស្អាត៕អត្ថបទ ស៊ុម សុខជា

មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្គត់ផ្គង់ឈាមឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន

2022/03/01 12:17:43 am        809
ភ្នំពេញ៖ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមថា ស្ថានភាពនៃការផ្គត់ផ្គង់ឈាម ទៅដល់មន្ទីរពេទ្យនានាទូទាំងប្រទេស ក្នុងការជួយសង្គ្រោះជីវិតមនុស្ស អាចទប់ទល់នឹងស្ថានភាពតម្រូវការបច្ចុប្បន្នបាន ខណៈការបរិច្ចាកឈាមពីសប្បុរសជន នៅបន្តចូលរួមបរិច្ចាកជាធម្មតា ទោះបីស្ថានភាពនៃជំងឺកូវីដ-១៩ នៅបន្តក៏ដោយ។លោកវេជ្ជបណ្ឌិត លី សាវិត្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងនៅក្នុង​កម្មវិធី​បរិច្ឆាកឈាម​ របស់ក្រសួងរ៉ែ និងថាមពល ​នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា បច្ចុប្បន្នការ​ផ្គត់ផ្គង់ឈាម​ នៅតែមានតម្រូវយ៉ាងខ្លាំង​ ជាក់ស្តែងក្នុងមួយថ្ងៃៗ ​តម្រូវការនៃការ​ផ្គត់ផ្គង់​ មានចាប់ពី ១៥០ ទៅ ៣០០ប្លោក បើធៀបទៅនឹងការបរិច្ចាកឈាម ដែលទទួលបានពីការចូលរួមបរិច្ចាកឈាម​ពីសប្បុរសជន​ នៅតាមក្រសួង មន្ទីរ ស្ថាប័ន ​ទាំងវិស័យរដ្ឋ និងឯកជន គឺមានលក្ខណៈប្រហាក់​ប្រហែល​គ្នា ។លោកវេជ្ជបណ្ឌិត បន្តថា ជុំវិញការបរិច្ចាកឈាម ទោះបីនៅក្នុងស្ថានភាពនៃវិបត្តិជម្ងឺកូវីដ ១៩ បានបង្ករឡើងយ៉ាង​ណាក៏ដោយ ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅតែទទួលបានការចូលរួមពី​សប្បុរសជន​ជា​បន្តបន្ទាប់ ​ដែលធ្វើឲ្យការផ្គត់ផ្គង់ឈាម​ អាចឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នបាន ក្នុងនោះដើម្បីបន្តនិរន្តភាពនៃការផ្គត់ផ្គង់ ​លោកវេជ្ជបណ្ឌិត ​បានអំពាវនាវដល់សប្បុរសជនទាំងអស់ ជួយគាំទ្រ ​និងផ្តល់ការ​បច្ចាកឈាម​ជាបន្តបន្ទាប់ទៀត ​ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។នៅក្នុងការបរិច្ចាកឈាមនេះដែរ ឯកឧត្តម ស៊ុយ ឌីម៉ង់​ រដ្ឋលេខាធិការក្រសួងរ៉ែ​ និងថាមពល បាន​ថ្លែងនូវការកោត​សរសើរ ​ចំពោះមន្រ្តីរបស់ក្រសួង​ ដែលបានចំណាយ​ពេលវេលា ​ជាពិសេស​ការ​បរិច្ឆាកឈាម​របស់ខ្លួន ​ចូលរួមជាមួយសង្គម ​និងជួយដល់ជនកំពុងរងគ្រោះ ដែលកំពុងត្រូវការ​ឈាម ​ក្នុងនោះ​ដើម្បីចូលរួមចំណែកតាមរយៈនៃការបរិច្ចាកឈាមនេះ​ ឯកឧត្តម បានអំពាវដល់​មន្រ្តី​ទាំងអស់​ បន្តវប្បធម៌នៃការចូលរួម​ជាមួយ​សកម្មភាព​បរិច្ចាក​ឈាម​លើកក្រោយៗទៀត ដើម្បី​ធ្វើការ​បរិច្ចាកឈាម ​ជូនទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ​ដែលកំពុងមានតម្រូវការ ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាប្រកាសខេត្តកែប ជាខេត្តទី១អស់មីន

2022/03/01 12:07:00 am        830
កែប៖ កម្ពុជាបានប្រកាសខេត្តកែប ជាខេត្តទី១អស់មីន ហើយគ្រោងនឹងប្រកាសរាជធានី-ខេត្តចំនួន០៧ទៀត អស់មីនជាបន្តបន្ទាប់ ក្នុងឆ្នាំនេះ រួមមាន រាជធានីភ្នំពេញ ខេត្តព្រៃវែង កណ្តាល កំពង់ចាម ព្រះសីហនុ រតនគិរី និងខេត្តតាកែវ។ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីអបអរសាទរការប្រកាសខេត្តកែប ជាខេត្តទី១ អស់មីន នៅថ្ងៃទី២៨ ខែកុម្ភៈនេះ នៅខេត្តកែប បានលើកឡើងថា ក្នុងឆ្នាំ២០២១ ដោយ​បាន​ទទួលនូវការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ​សម្រេចជ្រើសរើសយកខេត្តកែប ដែល​មាន​ផលប៉ះពាល់តិចតួច ​ធ្វើការបោសសម្អាត​ និងរៀបចំប្រកាសជាខេត្តអស់មីនដំបូងគេបង្អស់ ក្រោម​ការ​ចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុប្រទេសន័រវេស្ស និងប្រទេសហុងគ្រី ដោយជ្រើសរើស​យក​មជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីនកម្ពុជា ​(CMAC) ​ជាអ្នកបោសសម្អាត។ឯកឧត្តម បានបញ្ជាក់ថា “កម្ពុជា បាន​ទទួលរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៦០ ​មានទាំងបញ្ហាមីន​ និងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ​ហើយថា ភូមិអស់មីន ​ឬខេត្តអស់មីន មិនមែនជាភូមិ ​ឬជាខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ​មានដូចជា គ្រាប់បែក​ទម្លាក់​ពីលើយន្តហោះ ​គ្រាប់បែកចង្កោម ​និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាដើមនោះទេ។ ខេត្តកែប អស់មីន តែមិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ ​ដូច្នេះប្រជាពលរដ្ឋ ត្រូវតែ​បន្តប្រុងប្រយ័ត្ន ​និងរួមគ្នាបន្តចាត់វិធានការដោះស្រាយ​ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់”។ឯកឧត្តម បានបញ្ជាក់ថា ​ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅ​សម្រេច​បាននូវចក្ខុវិស័យ “កម្ពុជាមួយ ​គ្មានមីនឆ្នាំ២០២៥” ​អាជ្ញាធរមីន បានរៀបចំនូវគោល​ការណ៍​ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ​ដែលនឹងធានាថា ​រាល់​ចម្ការ​មីនទាំង​អស់ ដែលមាន​នៅ​ក្នុងភូមិ​ ត្រូវបានបោសសម្អាត ​ក្នុងគោលដៅជួយពន្លឿន​ដល់ការបោសសម្អាតមីន និង​ទាក់ទាញ​នូវការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗ​ និងវិស័យឯកជនបន្ថែមទៀត។ គិតត្រឹមឆ្នាំ២០២១ កម្ពុជា នៅ​សល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន២០១៧គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដី​មានមីន ៧៨៨គីឡូម៉ែត្រក្រឡា ​ដែលកម្ពុជា​ ត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ កំពុង​នៅ​សល់ក្នុងរាជធានី-ខេត្តចំនួន២៣ ទៀត។លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ​បានឱ្យដឹងថា ​ខេត្តកែប ​ជាតំបន់សមរភូមិ ដែល​មាន​ការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាល​ និងកងទ័ពខ្មែរក្រហម ​ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយ ​ក្នុងចំណោមតំបន់ក្តៅទាំងឡាយ ​នៃប្រទេសកម្ពុជា។ក្រោយពីសង្គ្រាមត្រូវបាន​បញ្ចប់ ​តំបន់មួយចំនួន ​បានបន្សល់ទុកនូវគ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ​បណ្តាលឲ្យមានអ្នកគ្រោះថ្នាក់​ដោយសារមីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម ​ដែលគិតត្រឹមឆ្នាំ២០២១​ ចំនួន២២១នាក់​ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ ​និងក្រុងកែប មាន២៣នាក់ ៕អត្ថបទ៖ អន សារឹម

ពលរដ្ឋក្នុងឃុំព្រះរំកឹល លែងប្រឈមនឹងការពិបាកធ្វើដំណើរទៀតហើយ​បន្ទាប់​ពី​ទទួល​បាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម​១ខ្សែ

2022/02/28 11:51:11 pm        594
ស្ទឹងត្រែង៖ ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ត្រូវបានកសាងរួចរាល់ជាស្ថាបពរ ជូនដល់ប្រជាពលរដ្ឋនៅក្នុងព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីបញ្ចប់ភាពលំបាកនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ។ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត កាលពីម្សិលមិញ បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យមើលផ្លូវមួយខ្សែ ដែលបានស្ថាបនាឡើង​ដោយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្នុងឃុំព្រះរំកឹល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ជា​ប្រភេទផ្លូវក្រាលគ្រួសក្រហម ​មានទទឹង៦ម៉ែត្រ ប្រវែង១២ពាន់ម៉ែត្រ ដែលជាគម្រោងសាងសង់​ដោយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ​ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំព្រះរំកឹល និងអ្នកដំណើរឆ្លងកាត់។លោកបានបញ្ជាក់ថា ពីមុនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ​មានការលំបាកក្នុងកាធ្វើដំណើរ ដឹកកសិផលទៅកាន់ទីផ្សារ ​ពីព្រោះគ្មានផ្លូវឆ្លងកាត់ឡើយ ​តែពេលនេះ ​មន្ទីអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវខ្សែនេះរួចរាល់ហើយ។ក្នុងឱកាសចុះពិនិត្យផ្លូវ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានកោតសរសើដល់មន្ទីរអភិវឌ្ឍន៍​ជនបទ និងក្រុមការងារស្ថាបនាផ្លូវ ​ដែលបានខិតខំប្រឹងប្រែងក្នុងការស្ថាបនាផ្លូវ១ខ្សែនេះ ឲ្យ​បាន​រួចរាល់ ​ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ​ហើយនេះជាផ្នែកមួយ ក្នុងការជួយ​ដោះស្រាយ​បញ្ហាទុក្ខលំបាក​របស់ប្រជាពលរដ្ឋ ។ឯកឧត្តម បានស្នើដល់ប្រជាពលរដ្ឋ ​ដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ ​មេត្តាចូលរួមថែរក្សាផ្លូវនេះឲ្យ ល្អ​ ដើម្បីប្រើប្រាស់បានយូរអង្វែង ​និងសម្រាប់បម្រើជាផលប្រយោជន៍សាធារណៈផងដែរ៕អត្ថបទ៖ មាស ផល្លា

រដ្ឋមន្ត្រីការងារ បញ្ជាក់ថា ម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញនៅកម្ពុជា ៦១ភាគរយជាស្រ្តី

2022/02/28 11:36:00 pm        631
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) បានក្លាយជាជន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ ក្នុងនោះ សម្រាប់ស្រ្តីមានប្រមាណ ៦១% ដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” កាលពីព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាមការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញថា ​ការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរង​ផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ​ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និង​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ។ ឯកឧត្តម បានបន្ត ក្នុងបរិការនេះ រដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវវិធានការនានា​ដែល​បាន​ឆ្លើយ​តប ​និងផ្តល់នូវអត្ថប្រយោជន៍ ​ដោយផ្ទាល់ដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ពិសេស​តាម​រយៈគោល​នយោបាយគាំពារសង្គម ​ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយ​សង្គម ការ​បង្កើន​មូលធន ថវិកា “សាច់ប្រាក់ពលកម្ម” ដើម្បីជួយកម្មករនិយោជិត​ដែលបានព្យួរការងារ កម្មវិធីជំនួយ​សង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច ​និងមធ្យម​ជាដើម។ សូមបញ្ជាក់ថា ​យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា​ គឺជាព្រឹត្តការណ៍ជាសកល ដែលមហា​សន្និបាត​អង្គការ​សហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី​និង​សន្តិភាព​ពិភពលោក​នាឆ្នាំ១៩៧៧។​ជារៀងរាល់ឆ្នាំ កម្ពុជាបានរៀបចំទិវានេះ ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និង​ឆ្លុះបញ្ចាំង​អំពីវឌ្ឍនភាព សមិទ្ធផល​ បញ្ហាប្រឈម ​ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការ​លើក​កម្ពស់សមភាពយេនឌ័រ ​និងបង្កើនភាពអង់អាចដល់ស្រ្តី ​និងក្មេងស្រីគ្រប់រូប។ ដោយឡែកសម្រាប់ឆ្នាំនេះ ​ពិធីអបអរសាទរទិវាអន្តរជាតិនារី ​៨ មីនា គឺប្រារព្ធឡើងក្នុងគោលបំណង​បញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី ​និងបុរស​សម្រាប់ការអភិវឌ្ឍ​គ្រប់វិស័យ និង​ជម្រុញឲ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ ​កម្មវិធី និង​សកម្មភាព​ជាក់​លាក់នានា ​ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ​និងបង្កើនភាពអង់អាចដល់ស្រ្តី នៅ​ក្នុង​របៀប​វារៈស្តារសេដ្ឋកិច្ច ​សង្គមក្រោយវិបត្តិកូវីដ-១៩ ​និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជា​ការកសាងភាពរឹងមាំ​ និងការអភិវឌ្ឍប្រកបដោយចីរភាព៕អត្ថបទ៖ ឈិត បូរ៉ាវី

ទិវាជាតិទីក្រុងស្អាត ២៨-កុម្ភៈ ជំរុញអាជ្ញាធរ និងពលរដ្ឋចូលរួមសំអាត និងអនាម័យសហគមន៍

2022/02/28 08:59:58 pm        652
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ “ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ជារៀងរាល់ឆ្នាំកម្ពុជាតែងតែងរួមគ្នាប្រារព្វទិវាជាតិទីក្រុងស្អាតនេះ នៅថ្ងៃទី២៨ខែកុម្ភៈ ដើម្បីបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ឱ្យបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ការអភិវឌ្ឍបៃតង រួមចំណែកដល់ការអភិវឌ្ឍវិស័យ​ទេសចរណ៍ ​និងការរីកចម្រើន​នៃសង្គមជាតិយើង។ទិវាជាតិទីក្រុងស្អាតលើកទី១០ឆ្នាំ២០២២នេះ ​បានប្រារព្វក្នុងគោលបំណង​បង្ហាញពីសារៈសំខាន់​នៃ“ភាពស្អាត” សំដៅដល់ “ស្អាតដោយមានទេសភាពស្រស់ត្រកាល, ស្អាតដោយភាពប្រណិត, ស្អាតដោយមានបរិស្ថានល្អប្រសើរ, ស្អាតដោយមានអនាម័យ, ស្អាតដោយមានសុវត្ថិភាព, ស្អាតដោយ​មានគុណភាព ​និងស្អាតដោយមានឱជារសឆ្ងាញ់ពិសារ”។តាមរយៈទិវាជាតិទីក្រុងស្អាត ឆ្នាំនេះដែរ បណ្តាអាជ្ញាធរមូលដ្ឋាន ​និងប្រជាពលរដ្ឋ ថ្លែងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ​ប្រារព្ធ​កីឡាស៊ីហ្គេមឆ្នាំ២០២២៣ និងប្រារព្វព្រឹត្តិការណ៍​អន្តរជាតិនានា​ជា​ច្រើនទៀត ​ហើយនឹងមានភ្ញៀវទេសចរអន្តរជាតិ​ជាច្រើនមកទស្សនាកម្ពុជា។ ដើម្បីទទួលភ្ញៀវអន្តរជាតិ ​ប្រកបដោយភាពកក់ក្តៅ​មានសុវត្ថិភាព និងដើម្បីមុខមាត់កិត្តិយស​ប្រទេស​ជាតិ ពលរដ្ឋទាំង​អស់គួរត្រូវនាំគ្នារួមគ្នាសំអាតបរិស្ថាន សហគមន៍គ្មានសំរាម និងមាន​អនាម័យ​ស្អាត​ អនុវត្តវិធាន៣កុំ៣ការពារគ្មានការរាតត្បាតកូវីដ១៩ ។តាមរយៈសារលិខិតរបស់ សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស​នៃ​គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ​នៅថ្ងៃនេះដែរ បានស្នើ គ្រប់ក្រសួងស្ថាប័នរដ្ឋឯកជនគ្រប់​លំដាប់​ថ្នាក់ អង្គការសង្គមស៊ីវិល ​ដៃគូអភិវឌ្ឍន៍​ សិស្សានុសិស្សប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​គ្រប់រូប ​ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅ​តាមគន្លងប្រក្រតីភាពថ្មី ​ពិសេសទម្លាប់នៃការរស់នៅជាមួយ “ភាពស្អាត ​និងអនាម័យ“ រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានា​របស់​រាជ​រដ្ឋាភិបាល ​ដើម្បីចូលរួមទប់ស្កាត់ការចម្លង​ជំងឺកូវីដ-១៩ ​និងស្នើមេត្តាបន្តផ្តល់ការគាំទ្រ និង​ចូលរួម​អនុវត្តឱ្យបាន​ផុលផុស​ប្រកប​ដោយស្មារតីទទួលខុស​ត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត ​សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជា​ក្លាយជាគោល​ដៅ​ទេសចរណ៍​ប្រកប​ដោយគុណភាព ​និរន្តរភាព ​និងសុវត្ថិភាព សម្រាប់ការបើក​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិឡើងវិញ៕អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានថ្មីៗ ឆ្លើយតបការវិវត្តសេដ្ឋកិច្ចតំបន់និងសកល
08/26/2026 09:08 PM
រដ្ឋមន្ត្រី ចក្រភពអង់គ្លេសអញ្ជើញចុះជួបក្រុមការងារដែលកំពុងអនុវត្តសកម្មភាពកំចាត់មីន ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអង់គ្លេស
08/26/2026 08:08 PM
​រាជរដ្ឋាភិបាលជំរុញអ្នករៀបចំពិព័រណ៍នានាបង្កេីនយន្តការជំនួបពាណិជ្ជកម្មដេីម្បីពង្រីកទីផ្សារកាន់តែខ្លាំងក្នុងតំបន់
08/26/2026 08:08 PM
កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន នៃសន្និសីទប្រធានសភា នៃអន្តរសភា
08/26/2026 08:08 PM
សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
08/26/2026 08:08 PM
ប្រភព៖ ប៉ាគីស្ថានស្នើពេលវេលាកំណត់ថ្មី ៦០ថ្ងៃ ដើម្បីឲ្យអាមេរិក និងអ៊ីរ៉ង់ចាប់ផ្ដើម​ការចរចា​ផ្ទាល់ឡើងវិញ
08/26/2026 08:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.)
08/26/2026 08:08 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ «សហរដ្ឋអាមេរិកនឹងមិនសម្រេចបានអ្វីឡើយ​» ជាមួយនឹងសម្ពាធសេដ្ឋកិច្ច
08/26/2026 07:08 PM
មនុស្សយ៉ាងហោច ២២នាក់ស្លាប់ និង ៣៨៤នាក់ បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហក់នៅនេប៉ាល់
08/26/2026 07:08 PM
លោក Netanyahu ប្ដេជ្ញាបង្កើន​ការតាំងទីលំនៅបន្ថែម នៅ West Bank ដោយផ្គើន​នឹង​សម្ពាធអន្តរជាតិ
08/26/2026 07:08 PM