នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

ដំណើរសេដ្ឋកិច្ចនៅកម្ពុជាមានសភាពជាប្រក្រតី នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/05 10:37:07 am        641
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកឡើងថា លំហូររូបិយវត្ថុ ការវិនិយោគ ក៏ដូចជាធ្វើពាណិជ្ជកម្ម មានដំណើរការធម្មតា អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ដែលប្រការទាំងនេះបង្ហាញឲ្យឃើញនូវមោទនភាព អំពីស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញនៃប្រទេសកម្ពុជាទាំងមូល។លោកជំទាវ ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានលើកឡើង នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣នេះថា ប្រសិនមានព្រឹត្តិការណ៍អ្វីកើតឡើង ទោះបីមិនមានការប៉ះពាល់ដល់រូបិយវត្ថុ​ក៏ដោយ អ្នកវិនិយោគ ជាពិសេសប្រជាពលរដ្ឋដែលដាក់ប្រាក់បញ្ញើរ តែងតែមានសភាពជ្រួលជ្រាល ដើម្បីដកប្រាក់យកទៅទុកផ្ទាល់ខ្លួន។ បើតាមការសង្កេតមើលឃើញជាក់ស្តែង ជាពិសេសនៅ​ពេលមានការបោះឆ្នោតនៅអណត្តិមុនៗ បញ្ហានេះតែងតែកើតឡើង ប៉ុន្តែនៅក្នុងប៉ុន្មានអាណត្តិ​ចុងក្រោយនេះ ​គឺកិច្ចដំណើរសេដ្ឋកិច្ចនៅកម្ពុជាមានសភាពជាប្រក្រតី ក្នុងនោះលំហូរសាច់នៅក្នុង​សេដ្ឋកិច្ច មានចរន្តជាធម្មតាផងដែរ។លោកជំទាវ ថ្លែងបន្តថា ជាក់ស្តែងនៅក្នុងអាណត្តិនេះជាដើម បរិយាប័ន្នរូបិយវត្ថុ ​ការវិនិយោគ និង​ការធ្វើពាណិជ្ជកម្មផ្សេងៗ មានលំហូរសាច់ប្រាក់ចេញ-ចូលជាធម្មតា ដែលប្រការទាំងនេះបាន​បង្ហាញឲ្យឃើញនូវមោទនភាព​ សុខសុវត្ថិភាព ​ស្ថិរភាពនយោបាយរបស់កម្ពុជា ដែលបញ្ហាទាំងនេះ បានផ្តល់​នូវបរិយាកាសវិនិយោគ ការរកស៊ីទទួលទានផ្សេងៗ​បាន​ដំណើរការទៅដោយរលូន ពោល​គឺមិនមានប៉ះពាល់ដល់លំហូររូបិយវត្ថុ ឬចរន្តនៃសេដ្ឋកិច្ចនោះឡើយ។ទាក់ទិនបញ្ហានេះដែរ,លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃរាជបណ្ឌិតសភាកម្ពុជា ​មើលឃើញថា ជុំវិញព្រឹត្តិការណ៍ចេញឃោសនារកសំឡេងឆ្នោត របស់​បក្សនយោបាយក្នុងអណត្តិនេះនៅកម្ពុជា​ ក្នុងនោះពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការនាំចេញ-ចូលជាដើម មានសភាពប្រក្រតីជាធម្មតា, ពោលគឺជុំវិញ​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍នេះ​ ពួកគេសម្លឹងមើលអំពីស្ថានភាពយោបាយ និងការអភិវឌ្ឍ​នៅកម្ពុជារួចជាស្រាច់ ទើបពួកគេហ៊ានចេញ-ចូល ជាក់ស្តែងដូចនៅក្នុងពេល​នេះជាដើម​ វិនិយោគិនបានបន្តវិនិយោគបណ្តាក់ទុនរកស៊ីទទួលទានជាធម្មតា៕អត្ថបទ៖ សុន រ៉ាឌី

NBCដាក់ឲ្យដំណើរការ ប្រព័ន្ធខេមបូឌានស៊ែស្វីច សម្រាប់ប្រតិបត្តិការសាច់ប្រាក់

2023/07/04 01:49:07 pm        308
ភ្នំពេញ៖​ធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច ហៅកាត់ថា CSS ជាប្រព័ន្ធទូទាត់យ៉ាងសំខាន់ ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈផ្តល់នូវការទូទាត់ប្រកបដោយប្រសិទ្ធភាព សម្រាប់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់ជាដើម។ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច នៅថ្ងៃទី ៤ ខែកក្តដា ឆ្នាំ ២០២៣ នេះ ដោយប្រព័ន្ធ CSS នេះ បានដំណើរការទូទាត់លើឧបករណ៍ទូទាត់ប័ណ្ណឥណពន្ធ ក្នុងនោះប្រតិបត្តិការផ្ទេរមូលនិធិនៃឧបករណ៍នេះ កើតឡើងដោយប្រើប្រាស់ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) និងម៉ាស៊ីន POS ជាភ្នាក់ងារប្រតិបត្តិការ។ ប្រព័ន្ធខេមបូឌានស៊ែស្វីច CSS បានដំណើរការទូទាត់លើប្រតិបត្តិការចំនួន ៣ ប្រភេទធំៗគឺ៖ ប្រតិបត្តិការផ្ទេរប្រាក់ (ATM) ប្រតិបត្តិការដកប្រាក់ (ATM និង POS) ប្រតិបត្តិការទិញទំនិញ (POS) និងមានប្រតិបត្តិការមិនមែនហិរញ្ញវត្ថុចំនួន ៣ ផ្សេងទៀតដូចជា៖ ប្រតិបត្តិការពិនិត្យសមតុល្យ ប្រតិបត្តិការរបាយការណ៍សង្ខេប និងប្រតិបត្តិការប្ដូរលេខសម្ងាត់ ។សូមបញ្ជាក់ថា ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) គឺជាប្រព័ន្ធមួយសម្រាប់ជួយសម្រួលដល់​សាធារណជន ក្នុងការដកប្រាក់ឆ្លងធនាគារបានដោយមិនអស់សេវា។​ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ​ជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ​ផ្តល់ភាពងាយស្រួល និងសុវត្ថិភាព​ដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ​ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និង​អន្តរជាតិ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថល ប្រកបដោយបរិយាបន្ន និងស្ថិរភាព៕អត្ថបទ៖ សុន រ៉ាឌី

ការចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សនយោបាយ ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច

2023/07/03 11:18:02 am        238
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា នៅក្នុងយុទ្ធនាការឃោសនារកសំឡេងនេះ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់​ ដែលត្រូវបានចំណាយដោយគណបក្សនយោបាយ បានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច និងសង្គម ជាពិសេសបានជួយដល់អាជីវកម្ម សិប្បកម្ម​មួយចំនួន ដែល​ផលិត ឬវេចខ្ចប់សម្ភារៈផ្សេងៗ​សម្រាប់បម្រើដល់យុទ្ធនាការនេះ។លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភា​កម្ពុជាលើកឡើងក្នុងកិច្ចសម្ភាសន៍ជាភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីកិច្ចដំណើរការសេដ្ឋកិច្ច និងសង្គម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី ៣ខែកក្កដា ឆ្នាំ២០២៣នេះថា ព្រឹត្តិការណ៍​ឃោសនារកសំឡេងឆ្នោត ​របស់បក្សនយោបាយក្នុងនីតិកាលទី ៧​ ឆ្នាំ ២០២៣​ នេះ គណបក្ស​នយោបាយ ត្រូវការជាចាំបាច់នូវឧបករណ៍ ឬសម្ភារៈផ្សេងៗ ដើម្បីចេញឃោសនារកសំឡេងគាំទ្រ ដែលតាមរយៈនេះ ថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ បានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច និងសង្គម ដោយបានជួយជ្រោមជ្រែងដល់អាជីវកម្ម សិប្បកម្ម សេវាកម្ម អ្នកផលិត និងវេចខ្ចប់នានា ក៏ដូចជាអ្នកលក់ដូរនូវមុខទំនិញមួយចំនួន ដោយអាចរកចំណូលបានសមរម្យផងដែរ។លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់បន្ថែមថា ទាក់ទិននិងសកម្មភាពសេដ្ឋកិច្ចនេះ នៅក្នុងការចេញ​ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នារយៈពេលប៉ុន្មានថ្ងៃមកនេះ គឺមិនមានប៉ះពាល់ ការបង្កើតចលាចល ឬភាពអសកម្មណាមួយដល់ដំណើរអភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះឡើយ ទាំងការធ្វើអាជីវកម្មក្នុងស្រុក ក៏ដូចជាការវិនិយោគផងដែរ ពោលគឺសកម្មភាពក្នុង​សេដ្ឋកិច្ច និងសង្គម បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយបរិយាកាសល្អប្រសើរ។ចំណែក ឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងថា ស្ថិតក្នុងការ​ឃោសនា​រកសំឡេងនេះ ចំពោះសកម្មភាពនៃកិច្ចដំណើរការអភិវឌ្ឍ​របស់រោងចក្រ សហគ្រាស បានដំណើរជាធម្មតា​ ហើយចំណែកការធ្វើពាណិជ្ជកម្ម និងការវិនិយោគ បានប្រាស្រ័យ​ទាក់ទងគ្នាជាធម្មតា ។ ឧកញ៉ា លឹម ហេងបន្តថា ក្រៅពីនេះ ផ្នែកសេវាកម្មក៏បានប្រព្រឹត្តទៅដោយរលូនផងដែរ ដែល​កត្តាទាំងនេះ បង្ហាញឲ្យឃើញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីលទ្ធិប្រជាធិបតេយ្យ ដែលកំពុងជ្រកក្រោមដំបូលនៃសន្តិភាព៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិ ពង្រីកប្រព័ន្ធទូទាត់បន្ថែមជាមួយប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា

2023/06/30 02:37:45 pm        170
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុង ពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ជាមួយប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុកជំនួស​ឱ្យប្រាក់ដុល្លារអាមេរិក ​នៅក្នុងពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុនិងប្រព័ន្ធបាគង” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកសន្ទុក ខេត្តកំពង់ធំ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ​លើកឡើងថា ​កម្ពុជា ​បាន​តភ្ជាប់ជាមួយប្រទេសថៃ ​និងម៉ាឡេស៊ី ដោយ​ប្រជាជនកម្ពុជា​អាចស្កេនទូទាត់​នៅប្រទេសថៃ ​ចេញពីគណនីលុយរៀលរបស់ខ្លួន​នៅ​កម្ពុជា​បាន ហើយប្រជាជនថៃ ក៏អាចស្កេនទូទាត់ជាប្រាក់រៀលនៅកម្ពុជាផងដែរ។ ទេសាភិបាលរង បន្តថា យន្តការនេះ តម្រូវឱ្យ​អ្នក​ទិញនិងអ្នកលក់​ជាប្រជាជន​កម្ពុជា​មាន​គណនីជាប្រាក់រៀល​ ជាកត្តាជំរុញការប្រើប្រាស់​ប្រាក់រៀល​នៅកម្ពុជា។ បន្ថែមពីលើនេះ​ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា ធនាគារជាតិនៃកម្ពុជា ​ក៏បាននិងកំពុង សហការជាមួយ​ប្រទេសជាច្រើនទៀត ​ទាំងក្នុងតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន ​និងអឺរ៉ុប ដើម្បី​បង្កើន​វិសាលភាពក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ​ចំណាយទាប ​និង​ទទួល​បានប្រាក់ឆាប់រហ័ស​ សំដៅគាំទ្រនិងជំរុញវិស័យទេសចរណ៍ ​ការវិនិយោគ ​ពាណិជ្ជកម្ម និង​ការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ​ជាពិសេសពលករដែលកំពុងបម្រើការនៅក្រៅប្រទេស។ ទាក់ទងនឹងការលើកកម្ពស់ប្រាក់រៀលវិញ ​លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា តម្រូវការ​ប្រាក់រៀល បានកើនឡើងជាលំដាប់​ ដែល​ឆ្លុះបញ្ចាំង​តាម​រយៈកំណើន​ប្រាក់រៀល​ក្នុង​ចរាចរណ៍ ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦% ពី​ប្រមាណ ​៣៥៦ប៊ីលានរៀល នៅឆ្នាំ១៩៩៨ រហូតដល់១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២៕ អត្ថបទ៖ ជា វណ្ណៈ 

ក្រសួងពាណិជ្ជកម្ម ចង់លុបបំបាត់ការប្រកួតប្រជែងដែលមិនស្មោះត្រង់

2023/06/30 01:03:05 pm        261
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានស្នើសុំដល់សមាជិក សមាជិកា ចូលរួមពិនិត្យ និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ​ស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ។ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី និងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្ដសិទ្ធិកម្មសិទ្ធិបញ្ញា កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការស្នើសុំឲ្យ​ចូលរួម​ការងារ​ខាងលើនេះ ដើម្បីធានាបានកិច្ចការពារឱ្យមានប្រសិទ្ធភាព នៃសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិបញ្ញា ព្រមទាំងការពារផលប្រយោជន៍អ្នកប្រើប្រាស់ប្រឆាំងនឹងការធ្វើចរាចរនៃផលិតផលក្លែងក្លាយ ជាពិសេសការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ​ដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដោយជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាចំណោមសាធារណៈទូទៅ បង្កើនជំនឿទុកចិត្ត​ពីអតិថិជន ពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ។ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាជិក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិ​គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត រហូតទទួលបាន​លទ្ធផល​ការងារគួរជាទីមោទន ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព​ទាំងនៅកម្ពុជា និងបណ្តាប្រទេសសំខាន់ៗ , ការចូលជាសមាជិកនៃកិច្ចព្រមព្រៀងអនុសញ្ញា និង​សន្ធិសញ្ញាអន្តរជាតិ និងទទួលជោគជ័យក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញា ដែលមានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ជាដើម។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កម្ពុជាសម្រេចបាននូវលទ្ធផលគួរជាទីមោទនលើ​វិស័យ​កម្មសិទ្ធិបញ្ញា ដោយឆ្នាំកន្លងទៅក្រុមការងារចរចាជំពូកកម្មសិទ្ធិបញ្ញា បានចូលរួមយ៉ាង​សកម្មនៅក្នុងកិច្ចចរចា​ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលទើបនឹងចូលជាធរមានកាលពីឆ្នាំ២០២២ និងកិច្ចចរចាកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចាប់ផ្តើមចរចាក្នុងឆ្នាំ២០២២ និងទើបបាន​ចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅថ្មីនេះផងដែរ៕

គិតត្រឹមខែឧសភា ការលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យមានទឹកប្រាក់ ជិត២លានដុល្លារ

2023/06/29 03:29:48 pm        212
ភ្នំពេញ៖ គិតមកដល់ខែឧសភា ឆ្នាំ ២០២៣ បានលើកលែងពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនជាង១ ពាន់ឯកសារ ​គិតជាប្រាក់ពន្ធសរុបជិត ៨ ប៊ីលានរៀល ត្រូវប្រមាណជិត ២ លានដុល្លារ។អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនៅក្នុងព្រឹត្តិបត្រព័ត៌មាន​ប្រចាំសប្តាហ៍​ ដែលបានចុះផ្សាយ នៅថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៣ បាន​ឲ្យដឹងថា គិតចាប់ពី​ការសម្រេចផ្តល់គោលការណ៍លើកលែងពន្ធប្រថាប់ត្រា ​ចំពោះអចលនទ្រព្យដែលមាន ​តម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ ដោយរាជរដ្ឋាភិបាលកម្ពុជា ​គិតពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ខែ ឧសភា ឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ការលើកលែងពន្ធប្រថាប់ត្រា​លើការផ្ទេរកម្មសិទ្ធិ ​ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ​មានចំនួនជា ១ ០២២ ឯកសារ ដែលមាន​ប្រាក់ពន្ធសរុបចំនួន ៧,៩៩ ប៊ីលានរៀល​ គិតជាប្រាក់ដុល្លារត្រូវប្រមាណជិត ​២ លានដុល្លារ។រាជរដ្ឋាភិបាល ​បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់​អចលនទ្រព្យ សម្រាប់លំនៅឋានគ្រប់ប្រភេទ​ ដែលមាន តម្លៃក្រោម ​ឬស្មើ ៧ ម៉ឺនដុល្លារ រហូត​ដល់ដំណាច់ឆ្នាំ ២០២៤ ​ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ​ឲ្យមានលំនៅឋានរស់នៅសមរម្យ។ សូមបញ្ជាក់ថា ចំពោះការទិញ-លក់ លំនៅឋានគ្រប់ប្រភេទ ដែលទទួលបានការលើកលែងនេះ អនុវត្តស្របតាមលក្ខខណ្ឌនានាកំណត់ ​របស់ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុរួមមាន៖ ​ការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ​ដែលមានតម្លៃ ក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ តាមតម្លៃទីផ្សារ​ជាក់ស្ដែង ដែលមានចែងក្នុងកិច្ចសន្យាទិញ-លក់, ​ការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់​អចលន ទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជី​នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។និយ័តករអាជីវកម្មអចលនវត្ថុ ​និងបញ្ចាំ​ ឬនៅតាមមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ, ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ច ​សន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារ​ជាក់ស្ដែង។ ​ក្នុងករណីចាំបាច់អគ្គនាយកដ្ឋានពន្ធដារ ​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការត្រួត​ពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែល ឆ្លៀតឱកាស​បន្ថយតម្លៃទិញ-លក់ខុសពីតម្លៃ ទីផ្សារជាក់ស្តែង៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនរថយន្ត Volkswagen បញ្ឈប់ខ្សែសង្វាក់ផលិតកម្មនៅប្រេស៊ីល ដោយសារការស្ទះទីផ្សារ

2023/06/29 02:38:14 pm        133
ប្រេស៊ីល៖  ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen និយាយថា ពួកគេនឹងបញ្ឈប់ខ្សែសង្វាក់ផលិតកម្មរថយន្តនៅតាមរោងចក្រ ៣កន្លែង នៅក្នុងប្រទេសប្រេស៊ីល ដោយសារតែការស្ទះទីផ្សារ ។  ការផ្អាកខ្សែសង្វាក់ផលិតកម្មនេះ នឹងធ្វើឡើងនៅតាមរោងច្រ Sao Jose dos Pinhais, Taubate និងរោងចក្រ Sao Bernardo do Campo ។  នៅរោងចក្រ Sao Jose dos Pinhais និងរោងចក្រ Tabaute វេនខ្លះត្រូវបានអាក់ខានអំឡុងម៉ោងការងារ ។ ខណៈពេលនោះដែរ នៅរោងចក្រ Sao Bernardo do Campoក្រុមហ៊ុន Volkswagenបានអនុញ្ញាតឲ្យឈប់សម្រាករួមរយៈពេល ១០ថ្ងៃសម្រាប់ខ្សែសង្វាក់ផលិតកម្ម ២វេនរបស់ខ្លួន ចាប់ពីថ្ងៃទី ១០ ខែកក្កដាខាងមុខនេះតទៅ ។  ក្រុមហ៊ុន បាននិយាយបន្តទៀតថា សម្ភារៈទាំងអស់ នឹងត្រូវបានផ្តល់ជូននៅក្នុងកិច្ចព្រមព្រៀងរួម ដែលបានចុះហត្ថលេខាដោយសហជីពកម្មករ និងនិយោជិកក្រុមហ៊ុន Volkswagen ៕

ក្រសួងពាណិជ្ជកម្ម ជំរុញសហគ្រិនអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាកផលិតផល ដើម្បីទាញចំណែកទីផ្សារកាន់តែធំ

2023/06/29 02:07:39 pm        165
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញអ្នកផលិតអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាកផលិតផលឱ្យមានការទទួល​ស្គាល់​ពីអ្នកប្រើប្រាស់ ​និងមានភាពល្បីល្បាញ ដើម្បីទាញយកចំណែកទីផ្សារឱ្យបានកាន់តែធំ។ឯកឧត្តម សួន វិជ្ជា​ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិកាជាតិ​គ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានលើកឡើងក្នុង ពិធីបើក​សិក្ខាសាលាស្តីពី “ការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់​សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល” ដែលត្រូវរៀបចំឡើងនៅខេត្តសៀមរាប ថ្ងៃទី២៨ ខែមិថុនា ។ ឯកឧត្តម សួន វិជ្ជា លើកឡើងថា ក្នុងបរិការណ៍នៃការប្រកួតប្រជែងនៅលើទីផ្សាមានលក្ខណៈខ្លាំង​ក្លាផងដែរ តម្រូវឱ្យសហគ្រិនគ្រប់រូបមិនត្រឹមតែ​ មានភាពច្នៃប្រឌិត​ក្នុងការអភិវឌ្ឍ​ផលិតផលទំនិញ និងសេវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាក​ផលិតផលឱ្យមានការ​ទទួលស្គាល់ពីអ្នកប្រើប្រាស់ និងមានភាពល្បីល្បាញដើម្បីទាញយកចំណែកទីផ្សារឱ្យ​បានកាន់តែធំ។ ឯកឧត្តម សួន វិជ្ជា បន្តថា ម៉ាកសម្គាល់ផលិតផល​ជាសញ្ញាមួយដែលភ្ជាប់​ទំនាក់ទង​រវាងផលិតផល​ជាមួយអ្នកប្រើប្រាស់ឱ្យសម្គាល់បាននូវ គុណភាព ស្តង់ដារ​ ប្រភពផលិតផល និងព័ត៌មានផ្សេងៗ​ដែល​ជួយ​​ដល់​ការសម្រេចចិត្តនៅពេលជ្រើសរើសផលិតផលមកប្រើប្រាស់។ ជាពិសេស ស្ថិតនៅ​ក្នុង​សម័យ​កាល​នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដូច្នេះ ​ការបំពាក់ម៉ាកផលិតផល​ឱ្យបានត្រឹមត្រូវ​ និងការរៀបចំយុទ្ធសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាក ជាផ្នែកមួយមិនអាចខ្វះបាន​នៅក្នុងការឈាន​ចូលទៅកាន់ទីផ្សារ។ ការកំណត់យកប្រធានបទសិក្ខាសាលា ដោយផ្តោតលើ “ការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់​កម្ម​សិទ្ធិបញ្ញា​សម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និង​ការអភិវឌ្ឍ​ផលិតផល” នាពេលនេះ​នឹងរួមចំណែកជំរុញសហគ្រិនស្ត្រីក្នុងគ្រប់វិស័យឱ្យ​យល់ដឹងពីកម្មសិទ្ធិបញ្ញា ទាំងក្នុង​ក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងធ្វើការការរៀបចំយុទ្ធសាស្ត្រកសាងម៉ាកផលិតផលរបស់ខ្លួន​ឱ្យមានភាពប្រកួតប្រជែងលើទីផ្សារ។ក្រោមជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍ នាយកដ្ឋានបានគាំទ្រដល់សមាគមក្នុងការ ចុះបញ្ជីម៉ាក​សម្គាល់​ភូមិសាស្ត្រទំនិញបន្ថែមចំនួន៤ ដូចជា “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលកំពតកែប” “បង្កងតាកែវ” និង“ទឹកត្រីកំពតកែប និងបានចុះបញ្ជីម៉ាកសមូហភាពបន្ថែមចំនួន៤ “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” “នំបញ្ចុកសៀមរាប” “ដូងខ្ទិះបាត់ដំបងដែលសមិទ្ធផលទាំងអស់ខាងលើនេះ បានរួមចំណែក យ៉ាងសំខាន់ដល់ការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលខ្មែរ​ ថែរក្សាវប្បធម៌ និង​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្ម និង​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ៕ អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ៖ ការងើបឡើងវិញវិស័យសេវាកម្ម និងឧស្សាហកម្ម ជាក្បាលម៉ាស៊ីនរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា

2023/06/28 03:14:42 pm        183
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា ការងើបឡើងវិញ​នៃវិស័យ​សេវាកម្ម ​និងកំណើនខ្ពស់នៃវិស័យឧស្សាហកម្ម ជាក្បាលម៉ាស៊ីនរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា។ក្នុងពិធីសំណេះសំណាល​ជាមួយកម្មករនិយោជិតតាមរោងចក្រ ​សហគ្រាសនានា​ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា សម្តេចតេជោ ​ហ៊ុន សែន ​មានប្រសាសន៍ថា កំណើន​នៃចំនួនទេសចរបរទេស​ នឹងជំរុញឱ្យវិស័យសេវាកម្ម​ងើបឡើងវិញ បន្ទាប់ពីរងផល​ប៉ះពាល់នៅក្នុងអំឡុងវិបត្តិកូវីដ១៩។ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធទាំងផ្នែករឹង​ និងទន់ ​ដើម្បីបម្រើដល់ការ​ទាក់ទាញ​វិនិយោគមក​កាន់​ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា ​មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់៕

សម្តេចតេជោ៖ កំពង់ស្ពឺ នឹងមានរោងចក្រស៊ីម៉ង់ត៍មានសមត្ថភាព ២លានតោន ក្នុងមួយឆ្នាំ

2023/06/27 05:10:14 pm        278
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា ​រោងចក្រស៊ីម៉ង់ត៍ មានសមត្ថភាពផលិត ​ប្រមាណ២លានតោន ក្នុងមួយឆ្នាំ​ នឹងបើកដំណើរការនាពេលខាងមុខ ក្នុងខេត្តកំពង់ស្ពឺ ​ដែលនឹងធ្វើឱ្យខេត្តនេះ ​ក្លាយជាខេត្តផ្គត់ផ្គង់​ស៊ីម៉ង់ត៍​មួយក្នុងប្រទេស។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត រោចក្រសហគ្រាស​នៅក្រុងច្បារមន ​ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ ខេត្តកំពង់ស្ពឹ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់គម្រោងវិនិយោគ​ រោងចក្រសហគ្រាស​ ក្នុងវិស័យកាត់ដេរ ​និងឧស្សាហកម្មធុនធ្ងន់​​។រោងចក្រផលិតស៊ីម៉ង់ត៍ខាងលើនេះ វិនិយោគដោយ ក្រុមហ៊ុនមកពីប្រទេសចិន Conch KT Cement ដែលកំពុងវិនិយោគរោងចក្រផលិតស៊ីម៉ងត៍​ ក្នុងខេត្តបាត់ដំបង​ ក្រោមទុនវិនិយោគប្រមាណ ២៦៣ លានដុល្លារ។ ​នេះបើយោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ។សូមជម្រាបជូនថា បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ង់ត៍ ៥ កំពុងដំណើរការ រួមមាន ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន កំពតស៊ីមេន, ក្រុមហ៊ុន ស៊ីម៉ង់ត៍ចក្រីទីង, ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន និង ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM