អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ
កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ
វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើរអង្គភាពពន្ធដារបង្កើនប្រសិទ្ធភាពការប្រមូលចំណូលពន្ធតាមផែនការច្បាប់

2023/02/01 03:08:10 pm        291
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើរដល់អគ្គនាយកដ្ឋានស្នូល ទទួលបន្ទុក​លើ​កិច្ចការ​គ្រប់គ្រងប្រមូលចំណូល បន្តការយកចិត្តទុកដាក់ និងបន្តរៀបចំគោលនយោបាយកៀរគរចំណូល ការពង្រឹងគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមគោលដៅ​ ដែលបានដាក់ចេញក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ ធ្នូ និងប្រចាំឆ្នាំ ២០២២ របស់អគ្គនាយករដ្ឋានពន្ធដារ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣ នេះថា ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ដោយសម្រេចបានលើសផែនការ ។ តែទោះបីយ៉ាងណា សភាពការណ៍ថ្មីៗនៃសេដ្ឋកិច្ចសកល ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងវិបត្តិនានា បានអាចជះឥទ្ធិពលជាអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា ក្នុងនោះវិស័យមួយចំនួន​អាចនៅទ្រឹង និងបន្តថមថយ។ ប៉ុន្តែវិស័យខ្លះទៀតអាចរំពឹងថា នឹងមានកំណើន។ ជាទិសដៅក្នុងការអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៣ អគ្គនាយករដ្ឋានពន្ធដារ ត្រូវបន្តរៀបចំគោល​នយោបាយ​កៀរគរចំណូល ​សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៧, ព្រោះអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ជាអគ្គនាយកដ្ឋានស្នូល ទទួលបន្ទុកលើកិច្ចការ​គ្រប់គ្រងប្រមូលចំណូល។ ត្រូវរៀបចំឱ្យបានទាន់ពេលវេលានូវគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងដាក់ឱ្យអនុវត្តឱ្យបាន​មុនដំណាច់ឆ្នាំ ២០២៣ ដើម្បីអភិវឌ្ឍន៍​ និងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានកាន់តែរីកធំធាត់ ក្នុងក្របខ័ណ្ឌប្រព័ន្ធគ្រប់គ្រងមួយដែលមានប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។សូមបញ្ជាក់ថា សម្រាប់រយៈពេល ១២ ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ​ មានចំនួន ១៣ ៩៩៣ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៤៥៥ លានដុល្លារ ស្មើជាង ១២២ ភាគរយ នៃផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនជាង ២ ៧០២ ប៊ីលានរៀល ត្រូវជា ៦៦៧ លានដុល្លារ ជិតប្រមាណ ២៤ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

UN ប្រចាំកម្ពុជា នឹងរៀបចំវេទិការជាមួយរដ្ឋាភិបាល កំណត់យកវិស័យអាទិភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

2023/01/31 02:11:24 pm        734
ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងរៀបចំវេទិការពិភាក្សាប្រចាំឆ្នាំជាមួយរដ្ឋាភិបាល នៅខែមីនា ​ឆ្នាំ២០២៣ ខាងមុខនេះ ​ដើម្បីកំណត់យកវិស័យអាទិភាពដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ឱ្យកាន់តែប្រសើរ។លោក ចូសែហ្វ សូយ័រ អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) លើកឡើង​ក្នុងជំនួបជាមួយ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ​ធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី៣០ ខែមករា ​ឆ្នាំ២០២៣​ ក្នុងគោលជួបសម្តែងការគួរសម ​និងណែនាំខ្លួន ​ដោយ​មាន​ការអមដំណើរ​ដោយ​ទីភ្នាក់ងារ​របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។ក្នុងជំនួបនេះលោក ចូសែហ្វ សូយ័រ បានលើកឡើងពីកិច្ចសហការល្អរវាង ​ធនាគារជាតិនៃកម្ពុជា និង​អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ នាពេលកន្លងមក ក្នុងនោះទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ប្រចាំកម្ពុជាដូចជា UNCDF ​បានជួយពង្រឹងការងារទាក់ទងនឹងការធ្វើអង្កេតពីបរិយាបន្នហិរញ្ញវត្ថុ UNDP ជួយរួមចំណែកសិក្សាពីមូលបត្ររដ្ឋ សហការរៀបចំសន្និសិទ្ធម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​ជួយសិក្សាស្រាវជ្រាវពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងឧស្សាហកម្មកាត់ដេរ និងវិស័យមីក្រូហិរញ្ញវត្ថុជាដើម។ ចំណែកឯ UNESCAP បានជួយផ្តល់ការបណ្តុះបណ្តាល​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​ ដល់ប្រជាជនកម្ពុជា​ជាពិសេសសម្រាប់ស្រ្តី និងជួយលើកកម្ពស់​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ។ លោក ចូសែហ្វ សូយ័រ បានសម្តែងនូវការពេញចិត្តចំពោះកិច្ច​សហប្រតិបត្តិការដ៏ល្អ ដែលកំពុង​កើត​មាននាពេលបច្ចុប្បន្ន និងបានបង្ហាញការតាំងចិត្ត​បន្តរួមចំណែកអភិវឌ្ឍន៍​កម្ពុជាឱ្យបានកាន់​តែ​ល្អថែមទៀត។ ក្នុងជំនួបនោះដែរ ឯកឧត្តមទេសាភិបាល ​បានបង្ហាញការស្វាគមន៍ចំពោះវត្តមានជាលើកទីពីររបស់​លោក ចូសែហ្វ សូយ័រ នៅកម្ពុជា បន្ទាប់ពីលោក​បានបំពេញតួនាទីជានាយក​​អង្គការ​​កម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ ​(UNDP) ប្រចាំ​កម្ពុជា ពីឆ្នាំ ២០០៧ ដល់ ២០១០ និងបានវាយតម្លៃខ្ពស់ចំពោះការរួម​ចំណែកយ៉ាងសកម្មរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។ ឯកឧត្តមទេសាភិបាល ក៏បានស្នើដល់​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា ​ឱ្យជួយការងារអាទិភាព​ក្នុងវិស័យហិរញ្ញវត្ថុបន្តទៀត ​ជាពិសេសការលើកកម្ពស់​បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ ​និងការសិក្សាស្រាវជ្រាវ៕

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីក្រុមហ៊ុន សហគ្រាសថ្មីជាង១ម៉ឺនក្រុមហ៊ុន ក្នុងឆ្នាំ២០២២

2023/01/31 01:10:52 pm        390
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនសហគ្រាសថ្មី ចំនួន ១០ ៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍​ពី​ក្រសួងពាណិជ្ជកម្មបង្ហាញ នៅថ្ងៃទី៣០ ខែមករានេះ​។ក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃច័ន្ទ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ករណីស្នើសុំលុប​ឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ ក្រុមហ៊ុន កើន៣៨ភាគរយធៀបនឹង ៦៤៣​ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។​ ករណីស្នើសុំលិខិតអនុញ្ញា​ត ឬអាជ្ញាបណ្ណតាម​ប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុន។ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣ ០០០ ក្រុមហ៊ុន។ថ្លែងក្នុងពិធីបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួង​ពាណិជ្ជកម្មបានបន្តធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធស្វ័យប្រវត្តិកម្មលើការចុំបញ្ជីពាណិជ្ជកម្ម ដោយ​ការ​អភិវឌ្ឍប្រព័ន្ធផ្តល់លិខិតអនុញ្ញាត​ និងអាជ្ញាបណ្ណអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីតភ្ជាប់​ក្នុងប្រព័ន្ធចុះបញ្ជីតាមថ្នាល់បច្ចេកវិទ្យាដំណាក់កាលទី៣ ​និងកំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីកែប្រែ។ឯកឧត្តមបន្ថែមទៀតថា ក្នុងនោះ ក្រសួងក៏បានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញ​សម្រាប់​កិច្ចការចុះបញ្ជីម៉ាក ​និងការបង់កម្រៃសេវាសាធារណៈតាមប្រព័ន្ធអនឡាញ ​បានរៀបចំប្រព័ន្ធ Cloud សម្រាប់​គ្រប់គ្រងទិន្នន័យ និងឯកសារនៃការចុះបញ្ជីម៉ាកផងដែរ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ​ការចុះបញ្ជីបង្កើតក្រុមហ៊ុន សហគ្រាសមានការកើនឡើង​ ជាសញ្ញាមួយល្អសម្រាប់សេដ្ឋកិច្ចជាតិ ដោយសារការចាក់វ៉ាកស៊ាំង​ប្រឆាំងកូវីដ១៩ ​បានជោគជ័យ ​នាំឱ្យបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ​ជាពិសេសកម្ពុជា បាន​អនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងRCEP ​ធ្វើឱ្យក្រុមហ៊ុនជាច្រើន ចាប់អារម្មណ៍មក​វិនិយោគ​នៅកម្ពុជា៕អត្ថបទ ឈិត បូរ៉ាវី 

ខេត្តក្រចេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន កំពុងវិនិយោគលើវិស័យកសិកម្ម

2023/01/31 09:55:06 am        290
ក្រចេះ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងបន្ថែមថា ខេត្តក្រចេះមានក្រុមហ៊ុនមកវិនិយោគ សម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ ក្រុមហ៊ុន លើផ្ទៃដី ១៩៨ ៩៧០ ហិកតា។ ដាំដុះកៅស៊ូចំនួន ៥៤.៤៤៥ ហិកតា (កៅស៊ូអវិនិយោគ ៤.៤០៦ហិកតា) ដំឡូងមីចំនួន ១,០០០ ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតាស្វាយចន្ទីចំនួន ៣.៤៩៧ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។ ចំណែក ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារចំនួន ២៧.៥២៣ ហិកតា ស្វាយចន្ទីចំនួន ៦១.៤១៩ ហិកតា ដំឡូងមី ៧២.៩៩៨ ហិកតា និងដំណាំរួមផ្សំជាច្រើនពាន់ហិកតាថែមទៀត។ឯកឧត្ដម វ៉ា ថន បញ្ជាក់ថាបែបនេះ ក្នុង សន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងឱ្យដឹងទៀតថា ក្នុងខេត្តក្រចេះ ដាំដុះដំណាំស្រូវប្រាំង និងស្រូវវស្សាក្នុងឆ្នាំ២០២២ អនុវត្តបានចំនួន ៥៤.៦៨២ ហិកតា ស្មើនឹង ១០១,២៦% នៃផែនការ ៥៤០០០ ហិកតា ទទួលបានបរិមាណផលស្រូវសរុប ១៧៨.៨៣៨ តោន ផ្គត់ផ្គង់​តម្រូវការ​គ្រប់គ្រាន់​ក្នុងខេត្ត និងសល់ស្រូវនាំចេញចំនួន ៥៧.៥៨០ តោន។ឯកឧត្ដម វ៉ា ថន បានលើកឡើងបន្ដថា ការដាំដុះដំណាំកៅស៊ូ ក្នុងខេត្ត សរុបចំនួន ៨៦ ៣៧៤ ហិកតា។ ដំឡូងមីចំនួន ៧៣,៩៨៩ ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿង​ចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា៕

កសិករដាំម្រេច ខិតខំបង្កើនបច្ចេកទេសដាំដុះ ឆ្លើយតបតម្រូវការទីផ្សារនាំចេញទៅប្រទេសចិន

2023/01/30 04:08:34 pm        539
ភ្នំពេញ៖ ក្រុមកសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ បានលើកសំណើរទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយបណ្ដុះបណ្ដាល ក៏ដូចជាបង្ហាញនូវបច្ចេកទេសនានាក្នុងការដាំដុះ និងថែទាំ​ម្រេចឲ្យបានត្រឹមត្រូវ ​ដើម្បីអាចពង្រីកទីផ្សារនាំចេញ ​ជាពិសេសទៅកាន់ប្រទេសចិន។ក្នុងឱកាសបានជួបសំណេះសំណាលជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ ​កាលពីសប្តាហ៍កន្លងទៅនេះ ប្រជាកសិករសមាគមអ្នកដាំម្រេចសរីរាង្គមក​ពីស្រុកផ្សេងៗគ្នា​ក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រសិនបើម្រេច អាចនាំចេញទៅចិនជាផ្លូវការ​នាពេលខាងមុខ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ពួកគាត់ ដែលជាការទទួលបានទីផ្សារថ្មីមួយ​ទៀត ក្រៅពីទីផ្សារដែលមានស្រាប់។លោក ទ្រីអូន តំណាងសហគមន៍កសិកម្មម្រេចសិរីរាង្គត្រមូង ស្រុកមេមត់ និងលោក ព្រំ ឆន ប្រធាន​សហគមន៍​ធម្មជាតិទ្រៀក មេមត់ បានដឹងថា ទីផ្សារម្រេចឆ្នាំ២០២២កន្លងទៅមិនសូវល្អនោះទេ ដោយ​សារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកល​ ធ្វើឱ្យការនាំចេញម្រេចធ្លាក់ចុះ និងបណ្តាលឱ្យតម្លៃក៏ធ្លាក់​ចុះត្រឹម ១ម៉ឺនរៀល​ ក្នុងមួយគីឡូ ខុសពីមុនវិបត្តិកូវីដមានតម្លៃរង្វង់ ​១៤ ០០០ ទៅ ១៥ ០០០រៀល ក្នុងមួយគីឡូ។សូមបញ្ជាក់ថា ​ក្នុងដំណើរទស្សនកិច្ចខ្សែច្រវ៉ាក់ផលិតកម្មម្រេចរបស់ក្រុមហ៊ុន​ Sela Pepper នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ​កាលពីរសៀលថ្ងៃទី២៧ ​ខែមករាកន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករឲ្យធ្វើការ​ដាំ​ម្រេចតាមលក្ខណៈបច្ចេកទេស ​ដើម្បីទទួលគុណភាពស្តង់ដាល្អ ​ឆ្លើយតបនឹងតម្រូវទីផ្សារ និងមានតម្លៃខ្ពស់។ ឯកឧត្តមក៏បានណែនាំកសិករ អ្នកផលិតម្រេច ត្រូវធ្វើការពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍​ឲ្យត្រឹម​ត្រូវមុនធ្វើការនាំចេញផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ​មន្ទីរខេត្ត​ត្បូងឃ្មុំ ឲ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ​ដើម្បីឲ្យពួកគាត់អាច​ទទួល​បានវិញ្ញាបនបត្រការអនុវត្ត​កសិកម្មល្អ GAP នាពេលខាងមុខផងដែរ។បើតាមកញ្ញា ស៊ឹង សុផា តំណាងក្រុមហ៊ុននាំចេញម្រេចនៅខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ម្រេច​ត្រូវបាន​ស្គាល់ជាផលិតផលម្រេចដែលមានគុណភាពល្អដាច់គេលើទីផ្សារពិភពលោក ហើយ​កម្ពុជាត្រូវបានចាត់ចូលជាប្រទេសដែលមានចំណាត់ថ្នាក់ទី៥ ​លើពិភពលោក ដែលផលិតម្រេច​ចំនួន​ច្រើនរហូតដល់ ២៥ ០០០តោន ក្នុងមួយឆ្នាំ៕អត្ថបទ៖ឈិត បូរ៉ាវី 

កម្ពុជា រំពឹងទទួលបានលំហូរវិនិយោគពីប្រទេសចិនកាន់តែច្រើន ក្រោយចិនប្រកាសបើកប្រទេសឡើងវិញ

2023/01/30 03:45:45 pm        476
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកជំនាញសេដ្ឋកិច្ច មើលឃើញ កម្ពុជា​រំពឹងទទួលបានរំហូរវិនិយោគពីប្រទេសចិន ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងប្រកាស​បើក​ប្រទេសឡើងវិញ ដោយសារចិនជាប្រភពសំខាន់នៃវិនិយោគពីបរទេស (FDI)នៅកម្ពុជា។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ​ការទទួលបានឱកាសវិនិយោគចិន បន្ទាប់ពីចិនបើកប្រទេស​ឡើងវិញ​នាពេលកន្លងមកថា ដោយសារវិបត្តិផ្ទួនៗ ​នៃការរីករាលដាលជំងឺកូវីដ១៩ ផង និងបញ្ហា​សង្រ្គាមរុស្សី អ៊ុយក្រែនផងដែរនោះ ​បានធ្វើឲ្យសេដ្ឋកិច្ចសកលោកបានថមថយចុះ ជាពិសេស​ការអន្តាគមន៍វិស័យសេដ្ឋកិច្ចដូចជា សហគមន៍អឺរ៉ុប និងអាមេរិក លើការដំឡើងអត្រាការប្រាក់​ជាដើម បានធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន ក្នុងឆ្នាំ ២០២២ ថមថយចុះនៅត្រឹម ២ ភាគរយ ខណៈនៅឆ្នាំ ២០២១ កំណើននេះឡើងខ្ពស់រហូតដល់ ៦,៥ ភាគរយ។ជុំវិញស្ថានភាពនេះ ឯកឧត្តម អាចវាយតម្លៃបានថា ស្របពេលដែលប្រទេសចិនមានកំណើន​ថមថយ ​អាចធ្វើឲ្យវិនិយោគិនចិនមានការរុញរា ឬនៅទ្រឹងមួយរយៈ ​ដូច្នេះនៅក្នុងឆ្នាំ២០២៣ នេះ លំហូរនៃវិនិយោគិនពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗ ​ជាពិសេសកម្ពុជា មិនទាន់មានចំនួន​ច្រើន​ជា​គំហុកខ្លាំងនោះទេ ប៉ុន្តែចាប់ពីឆ្នាំ ២០២៤ ​និងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងអាចទទួល​បាន​លំហូរនៃវិនិយោគិនចិន ​ចូលមករកស៊ីបណ្តាក់ទុនច្រើនលើសការគ្រោងទុក។ចំណែក ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងថា​ ជុំវិញប្រទេសចិនលុបចោលសេរ៉ូកូវីដនេះ វាអាចជួយអូស​ទាញ​កំណើនសេដ្ឋកិច្ចពិភពលោកឲ្យងើបឡើងវិញ ជាពិសេសការអន្តរាគមន៍​អតិផរណា​ឲ្យស្ថិត​នៅក្នុងកម្រិតមួយទាប។ ចិនគឺជាប្រទេសមួយដែលមានរំហូរវិនិយោគពីក្រៅប្រទេសនៅកម្ពុជា ​តំណាងប្រមាណ ៤២ ភាគរយ ​នៃវិនិយោគទុនសរុបកាលពីឆ្នាំ២០២២កន្លងទៅ។​ ដូច្នេះជុំវិញការវិនិយោគនេះ ចិននៅ​តែដើរតួសំខាន់សម្រាប់កម្ពុជា ​ក្នុងនោះចំពោះចិនបើកប្រទេសឡើងវិញនេះ គឺជាឱកាសមួយ​នៃលំហូរទុនពីចិនមកកម្ពុជា ​ហើយវិនិយោគមួយចំនួន ដែលមានគោលដៅនាំចេញទៅទីផ្សារ​អន្តរជាតិ ​ក៏អាចផ្ទេរការវិនិយោគពីចិនមកកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំនេះកម្ពុជារំពឹងថា អ្នកធ្វើដំណើរចំនួន ៤,៦លាននាក់ នឹងធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា

2023/01/26 03:37:50 pm        705
ភ្នំពេញ៖ ជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើសកលលោក សម្រាប់កម្ពុជា បានរំពឹងថា នៅឆ្នាំ២០២៣នេះ ចំនួនអ្នកទេសចរណ៍នឹងមានចំនួនប្រមាណ ៤,៦លាននាក់ បើធៀបនឹងក្នុងឆ្នាំ២០២២កន្លងមក មានត្រឹមចំនួន២,២លាននាក់ ។នេះបើយោងតាមរយៈការព្យាករអ្នកដំណើរ របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA នៅក្នុងកិច្ច​ប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យ​លើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។របាការណ៍ក្នុងប្រជុំ បានបន្ថែមថា ឆ្នាំ២០២២កន្លងមក គណៈកម្មការក៏បានជំរុញក្រុមហ៊ុនសម្បទាន​ព្រលាន​យន្តហោះ SCA​ ក្នុងការវិនិយោគផ្សេងៗ ដើម្បីត្រៀមលក្ខណៈរួចរាល់​របស់​អាកាស​យានដ្ឋាន​ទាំងបី ​សំដៅធានាបាន​នូវ​សុវត្ថិភាព ​សន្តិសុខ​ និង​សេវា​កម្មប្រកបដោយផាសុខភាព​ក្នុងការ​បម្រើដល់អ្នកទេសចរ ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ៕ 

កម្ពុជាមានសុទិដ្ឋិនិយម សម្រេចបានគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

2023/01/26 03:12:57 pm        724
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បីតម្រង់ទិសឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ​និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺនៅតែជាគោលដៅនៃការឈានឡើងរបស់កម្ពុជា ​ទោះបីស្ថានភាពទៅមុខពិបាក និង​មាន​បរិយាកាស​ស្មុគស្មាញ​ក៏ដោយ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ឋ ​និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ ​ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និង​ច្បាប់ថវិកាឆ្នាំ ​២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះថា ​កម្ពុជាកំពុងអនុវត្តក្របខណ្ឌ​យុទ្ធសាស្ត្រ ​និងកម្មវិធីស្តារ​ និងជំរុញកំណើនសេដ្ឋកិច្ច ​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លង​ប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលមានសរសស្តម្ភចំនួន៣គឺ៖ ការស្តារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់។ឯកឧត្តម បន្តថា ចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមាន​ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០ ​គឺនៅតែជា​គោលដៅ​របស់​កម្ពុជា​ ដើម្បីក្លាយជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់ ​ដែល​បញ្ហានេះគឺជាការងារពិបាក ​បច្ចុប្បន្ន​កាន់តែមានភាព​ស្មុគស្មាញ​ថែមទៀត ​ក្នុង​បរិយាកាស​ជារួម ​ទាំងពិភពលោក ​ទាំងក្នុងប្រទេស ដោយចោទជាបញ្ហា​ប្រឈម​ច្រើន​ដែលកម្ពុជាត្រូវតែពុះពារ ។ចំណែកនៅឆ្នាំ ២០៥០​ ក៏នៅតែជាគោលដៅនៃការប្រែក្លាយកម្ពុជា​ ទៅ​ជាប្រទេសមានចំណូលខ្ពស់ នេះជា​មហិច្ឆតា​របស់​កម្ពុជា​ ដែលត្រូវការចូលរួមទាំងអស់គ្នា ​ដើម្បីបង្ហាញឲ្យពិភពលោកស្គាល់​ពី​កម្ពុជាកាន់តែច្បាស់។ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ជុំវិញការគិតគូរនេះ ​ជាក់ស្តែងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង​ថវិកាឆ្នាំ ២០២២ ត្រូវបានពុះច្រៀក ​គិតគូរគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីដោះស្រាយរាល់​កង្វល់​អាទិភាព ​ក៏ដូចជាបញ្ហាប្រឈមដែលជួបប្រទះឆ្នាំ​ ២០២៣ នេះ ​ក៏ដូចជា​ក្នុងពេលមធ្យមទៅពេល​ខាងមុខ ​ធ្វើយ៉ាងណាឲ្យថវិកា ​និងក្របខ័ណ្ឌគោលនយោបាយ​ ឆ្លើយតបទៅនិងគោលដៅរបស់​កម្ពុជា​ គឺការធានារបាននូវម៉ាក្រូសេដ្ឋកិច្ច​ កំណើន​ ការបែងចែកកំណើន ការទ្រទ្រង់​ជីវភាព​របស់​មនុស្ស ​និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ នេះ៕អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញរបស់កម្ពុជាអឺរ៉ុប នៅបន្តកើនឡើង ទោះបីតំបន់ប្រទេសចាយលុយអឺរ៉ូមានកំណើនសេដ្ឋកិច្ចថមថយ

2023/01/26 01:59:05 pm        788
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា នាំចេញផលិតផលកាត់ដេរ និង​សំលៀកបំពាក់​របស់កម្ពុជា ​ទៅកាន់ទីផ្សារអឺរ៉ុប ​នៅតែបន្តកើន ​ទោះបីតំបន់ដែលចាយប្រាក់អឺរ៉ូ មានការថយថយកំណើនសេដ្ឋកិច្ចក៏ដោយ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ​ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និង​ច្បាប់ថវិកាឆ្នាំ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នេះថា សម្រាប់ការនាំចេញរបស់​កម្ពុជា​ទៅទីផ្សារអឺរ៉ុប ​គឺមានការប៉ះពាល់តិចទូច តែស្ថិតនៅក្នុងកម្រិតមួយដែលកម្ពុជា​អាចធ្វើការ​នាំ​ចេញបាន ប៉ុន្តែបើស្ថានភាពនៅអឺរ៉ុបដោះស្រាយថាមពលបានល្អវិញ វាក៏ជាកត្តាល្អ​សម្រាប់​កម្ពុជា​ដែរ​ ប៉ុន្តែជាទូទៅនាពេលកន្លងមកនេះ ​ការនាំចេញផលិតផលកាត់ដេរ និង​សំលៀកបំពាក់​គឺមានការថមថយគ្រប់ទីកន្លែងទាំងអស់ ​សូម្បីទីផ្សារនាំចេញទៅប្រទេសចិនក៏ថមថយដូចគ្នា។ឯកឧត្តម លើកឡើងថា ​ជុំវិញការអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ កាបូប និងស្បែកជើង កម្ពុជា​មានគោលនយោបាយសម្រាប់ដោះស្រាយរយៈពេល ១០ឆ្នាំ ​ដោយក្នុងគោលនយោបាយនោះគឺ ពង្រឹង​តម្លៃបន្ថែមខ្ពស់ និងការផលិតនូវទំនិញដែលមានគុណភាព​ និងជំនាញរបស់កម្មករដើម្បី​ទទួល​បានប្រាក់ខែកាន់តែច្រើន ​ការធ្វើទំនើបកម្មក្នុងវិស័យនេះឲ្យកាន់តែប្រសើរ ជាពិសេស​ការជំរុញលើកទឹកចិត្តឲ្យមានខ្មែរកាន់តែច្រើនចូលរួមក្នុងវិស័យនេះ។ទាក់ទងទីផ្សារផ្សេងៗវិញដូចជា ទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូង ក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង RCEP ជាដើម ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ទីផ្សារទាំងនេះ​មិនមានការនាំចេញផលិតផលកាត់ដេរ ​និង​សំលៀកបំពាក់​នោះទេ ​ដោយកម្ពុជាក៏មិនសង្ឃឹមថា ទីផ្សារ​ទាំងនេះ ជំនួសការចេញទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអឺរ៉ុបបានដែរ ​ប៉ុន្តែទីផ្សារទាំងនេះ កម្ពុជា​អាចជំនួសការនាំចេញនូវមុខទំនិញផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនល្អប្រសើរ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈរំពឹងថា នឹងបន្តមានកំណើនរង្វង់៥,៥ភាគរយនៅឆ្នាំក្រោយ

2023/01/25 10:04:44 am        526
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈដែលសេដ្ឋកិច្ចសកល ដូចជាប្រទេសធំ មានសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនយឺតគួរឱ្យកត់សម្គាល់។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកាសាធារណៈ ស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២៥ ខែមករា។ក្រសួងលើកឡើងថា វិស័យឧស្សាកម្មបម្រើការនាំចេញ រួមមាន វិស័យកាត់ដេរ និង​កម្មន្តសាល​មិនមែនកាត់ដេររក្សាបាននូវកំណើនរឹងមាំ​ ដោយសារ​និន្នាការ​ល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ បានកើនឡើងក្នុងអត្រា ១៤,៥ ភាគរយ និង ២៤,៧ ភាគរយ រៀងគ្នា ដែលទ្រទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើនក្នុងរង្វង់១០,៨ភាគរយ និង១២,២ភាគរយ រៀងគ្នា សម្រាប់ឆ្នាំ២០២២។ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ បានងើបឡើងវិញក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដោយ​សារការ​ងើបឡើងវិញនូវទំនុកចិត្តនៃការធ្វើដំណើរ និងការដកចេញនូវរបាំងធ្វើដំណើរ ស្របពេល​ដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តមានភាពស្រាកស្រាន្ត។សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន ថ្កោលទោសដំណើរមេដឹកនាំកោះតៃវ៉ាន់ Lai Ching-te ទៅប្រទេសអ៊ីស្វាទីនី ដោយប្រៀបធៀបលោកទៅនឹងសត្វកណ្ដុរ
05/04/2026 12:05 PM
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេស​បារាំង ជួបពិភាក្សាគ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ជាតិ​បញ្ញា​សិប្បនិមិ្មត និង​វិទ្យាសាស្រ្តទិន្នន័យ
05/04/2026 12:05 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាត និងមានចីរភាពនៅកម្ពុជា
05/04/2026 12:05 PM
Kimi Antonelli ឈ្នះការប្រណាំង F1 បីទីលានជាប់គ្នាក្រោយឈ្នះនៅ Miami
05/04/2026 12:05 PM
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
05/04/2026 11:05 AM
សហរដ្ឋអាមេរិក អនុម័តការលក់អាវុធក្នុងតម្លៃ ៨,៦ ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា
05/04/2026 11:05 AM
នាវាដឹកប្រេងអ៊ីរ៉ង់ទីពីរ បានចូលទៅក្នុងច្រកសមុទ្រ Lombok របស់ប្រទេសឥណ្ឌូនេស៊ី
05/04/2026 11:05 AM
ឆ្មាំល្បាតឆ្នេរស៊ុយអែត រឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិក្លែងក្លាយនៅសមុទ្របាល់ទិក
05/04/2026 11:05 AM
ជម្លោះនៅអ៊ីរ៉ង់ ជំរុញអតិផរណារបស់អាមេរិក និងទាញទម្លាក់ប្រជាប្រិយភាពលោក Trump នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ
05/04/2026 11:05 AM
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ
05/04/2026 11:05 AM