ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ
ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ
ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ
ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

សេដ្ឋកិច្ច និង កសិកម្ម

សហគមន៍ដាំដុះបន្លែ និងចិញ្ចឹមសត្វក្នុងខេត្តកំពង់ធំ ចុះកុងត្រាផ្គត់ផ្គង់បន្លែដើម្បីបំពេញតម្រូវការទីផ្សារ

2022/10/20 02:19:32 pm        163
កំពង់ធំ៖ សហគមន៍ផលិតបន្លែ នៅឃុំត្រពាំងឬស្សី និងឃុំកំពង់ស្វាយ ចុះកិច្ចសន្យាផ្គត់ផ្គង់​បន្លែធម្មជាតិ ចំនួន៤០មុខ ​និងសាច់សត្វស្រស់ (មាន់) ជាមួយក្រុមហ៊ុនផ្សារឯកជន ក្រោមការ​សម្របសម្រួលដោយ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ​ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងបង្កើនការដាំដុះឡើងវិញក្នុងរដូវទឹកសម្រក។នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២, មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ​សម្របសម្រួលកិច្ចចុះកុងត្រា រវាងកសិករក្នុគម្រោង​ជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា “អេម” (AIMS) ជាមួយក្រុមហ៊ុន ផ្សារស្នាដៃម៉ែ។ ក្នុងឱកាសនោះដែរ លោក សៀ ឡុងធារ័ត្ន អនុប្រធានមន្ទីរពាណ្ជកម្មខេត្តកំពង់ធំ លើកឡើងថា ភាពចាំបាច់របស់ប្រជាកសិករគ្រប់រូបដែលផលិតបន្លែក្តី ឬសាច់សត្វក្តី គឺផ្តោសំខាន់លើការរក្សា បានស្ថេរភាពតម្លៃសមរម្យ​ ផ្តល់ប្រាក់ចំណេញក្នុងការផ្គត់ផ្គង់ជីវភាព។ នេះគឺជាភាពចាំបាច់​មួយតម្រូវមាន ការចុះកុងត្រាទិញលក់រវាងក្រុមអ្នកផលិត​ និងអាជីវករ។ក្នុងនោះគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្ម ខ្នាតតូចហៅកាត់ថា “អេម” (AIMS) ស្ថិតក្រោមការ​សម្របសម្រួល​របស់មន្ទីរពាណិជ្ជកម្មរាជធានីខេត្ត ​ដែលជាសេនាធិការឲ្យក្រសួងពាណិជ្ជកម្ម កំពុង​ដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកទីផ្សារបន្ថែមជូនកសិករ ដើម្បីទទួលបាននូវទីផ្សារមួយ​ច្បាស់លាស់ ​លើគ្រប់រដូវកាលនៃការដាំដុះ។ លោក បន្ថែមថា ការអនុវត្តន៍នូវ កិច្ចសន្យាទិញលក់របស់អាជីវករ ​និងក្រុមកសិករផលិត នៅពេលនេះ​មានចំនួនបីក្រុមធំ​ ដែលមានកសិករ ​ផលិតសរុបចំនួន៨០គ្រួសារ ក្នុងនោះ​ក្រុមអ្នកផលិតសាច់សត្វ (មាន់) ចំនួន២៥គ្រួសារ​ និងក្រុមអ្នកផលិត​ បន្លែ ស្លឹក​ មើម​ ផ្លែ និង​គ្រឿងទេស​ សរុបចំនួន៥៥គ្រួសារ ​ដែលសម្រេចផ្គត់ផ្គង់សរុបចំនួន ​៤០មុខ។ ហើយ នឹង​ចាប់ផ្តើមផ្គត់ផ្គង់​ ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ​ស្របពេលដែលទឹកជំនន់កំពុងស្រកចុះ អំណោយផលដល់ការដាំដុះបន្លែឡើងវិញ។ លោកបន្ថែមថា តាមរយៈការបង្កើនការដាំដុះ ​ស្វែងរកទីផ្សារជូនអ្នកផលិត គឺជាផែនការ​នៃការកាត់បន្ថយចំណាកស្រុក ​និងបំពេញតម្រូវការទីផ្សារក្នុងស្រុក​ កាត់បន្ថយការនាំចូលបន្លែ សាច់សត្វ ​គ្មានប្រភពច្បាស់លាស់​ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ គ្រប់រូបផងដែរ។ ដូចន្នេះ ក្រុមកសិករទាំងអស់ នៅក្នុងក្រុមនីមួយៗ​ ត្រូវធ្វើការពិភាពក្សាគ្នា កំណត់ប្រភេទ​បន្លែផ្សេងៗគ្នា ក្នុងការដាំដុះ ប្រចាំរដូវ ​ដើម្បីឲ្យការផ្គត់ផ្គង់ ​លើកិច្ចទទួលបានភាពជោគជ័យ ក្នុងគោលដៅ​បង្កើនជីវភាព ​និងពង្រីកទីផ្សារ របស់ខ្លួនផងដែរ។ លោកស្រី សៀង ខៃ ប្រធានក្រុមប្រមូលបន្លែនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ​ស្រុកកំពង់ស្វាយ លើកឡើងថា ក្រុមផលិតរបស់លោកស្រី ​មានកសិកសរុបចំនួន៣៥​ គ្រួសារ ​ដែលបច្ចុប្បន្ន បាន និង​កំពុងដាំដុះបន្លែមួយចំនួនរួចរាល់ហើយ ​ទាំងបន្លែស្លឹក មើម ផ្លែ និងគ្រឿងទេសផងដែរ។ នៅសល់ប្រភេទបន្លែខ្លះ ​ដែលមិនទាន់មានការដាំដុះ ក្រុមកសិករ នឹងបន្តជម្រុញការដាំដុះ ទៅ​ការផ្តល់បច្ចេកទេស​ ដោយភាគីខាងផ្សារ រួមជាមួយការចុះផ្តល់ប្រឹក្សា ដោយភ្នាក់ងារ​គម្រោង​ផងដែរ៕ អត្ថបទ៖ លី សាង​ស៊ីន

ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបការយល់ដឹងអំពីវិធានការផ្លូវច្បាប់លើផ្តល់ឥណទានខុសច្បាប់

2022/10/19 02:18:47 pm        370
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបការយល់ដឹងបន្ថែមដល់ភាគីពាក់ព័ន្ធ អំពីវិធានការផ្លូវច្បាប់ចំ​ពោះការ​ផ្សព្វផ្សាយ ​និងផ្តល់ឥណទានខុសច្បាប់, ​ដាក់ចេញនូវវិធានការអប់រំ ឬណែនាំ​ដល់​ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីសេវា​ធនាគារផ្លូវការ​ និងចាត់វិធានការតាមផ្លូវច្បាប់​ចំពោះអ្នកផ្តល់​សេវា​ធនាគារមិនមានច្បាប់អនុញ្ញាត។ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២២ នេះ ​រួមសហការជាមួយក្រសួង​យុត្តិធម៌, អគ្គស្នងការដ្ឋាននគរបាលជាតិ ​និងអង្គភាពពាក់ព័ន្ធ ​បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិធានការនិង​ការបង្ក្រាបសកម្មភាពផ្សព្វផ្សាយ ​និងផ្តល់ឥណទានដោយខុសច្បាប់​ ដោយកន្លងមកនេះ ធនាគារជាតិ​នៃកម្ពុជា ​បានសង្កេតឃើញថា មានជនខិលខូចមួយចំនួន​នៅតែបន្តធ្វើការ​ផ្សព្វផ្សាយ​យ៉ាងបើកចំហ ​ស្តីពីការផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗ​ជាច្រើនដូចជា ប្រព័ន្ធអនឡាញ, បណ្តាញ សង្គម, ការផ្សព្វផ្សាយតាម​ខិត្តប័ណ្ណ និងការបិតផ្សាយ​តាម​ទីកន្លែងសាធារណៈនានាជាដើម។ ការផ្តល់សេវាឥណទានដោយគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា គឺខុសនឹងមាត្រា ៩ នៃច្បាប់ ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ​ការផ្តល់ឥណទានខុសច្បាប់នេះ ​ក៏ផ្តល់ផលប៉ះពាល់ដល់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ និងអាចបង្កឱ្យមានបំណុលច្រើនលើសលុប តាមរយៈការយក​អត្រាការ​ប្រាក់ខ្ពស់ហួសហេតុ ​និងម្យ៉ាងវិញទៀត បញ្ហាកង្វះក្រមសីលធម៌ ​និងយន្តការការពារ​អតិថិជន ​អាចជំរុញឱ្យមានអំពើហិង្សា​ ការបាត់បង់ទ្រព្យធានា ​និងអាចកើតមាននូវអសន្តិសុខសង្គម (ចោរកម្ម) ផងដែរ, ហើយក៏ជះឥទ្ធិពលអវិជ្ជមានដល់គ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ ដែលកំពុងផ្តល់សេវាធនាគារផ្លូវការផងដែរ។ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី “ការផ្សព្វផ្សាយនិងផ្តល់ឥណទាន​ដោយ​ខុសច្បាប់” ដើម្បីផ្តល់សារបន្ថែម ដល់សាធារណជន អំពីគ្រឹះស្ថានស្របច្បាប់និងផ្លូវការ ដែលផ្តល់សេវាឥណទាន​ និងសេវាពាក់ព័ន្ធផ្សេងទៀត ព្រមទាំងស្នើបង្កើនការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត​ចំពោះអ្នកផ្តល់សេវាឥណទានខុសច្បាប់ និងក្រៅផ្លូវការ។ ជាទិសដៅបន្ទាប់ ធនាគារជាតិនៃកម្ពុជា ​អគ្គស្នងការដ្ឋាននគរបាលជាតិ ​និងក្រសួងយុត្តិធម៌ នឹង​រៀបចំ​ចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា ​អំពីលទ្ធផលនៃសិក្ខាសាលា ក៏ដូចជាជំហរនៃកិច្ច​សហការគ្នា​ទៅវិញទៅមក ក្នុងការចាត់វិធានការឱ្យទាន់ពេលវេលាសំដៅបង្ការ ​ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ​ និងផ្តល់ឥណទានខុសច្បាប់៕

ដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់មានជាង ២០ម៉ឺនហិកតា

2022/10/18 01:22:07 pm        451
ភ្នំពេញ៖ ដោយសារទឹកជំនន់ក្នុងឆ្នាំ២០២២នេះ មានរយៈពេលអូសបន្លាយយូរជាងឆ្នាំកន្លងទៅ បានបង្ករផលប៉ះពាល់យ៉ាងច្រើនដល់ដំណាំដាំដុះ ក្នុងនោះ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់​សរុបមានចំនួនជាង ២០ម៉ឺន ៦ពាន់ហិកតា, ផ្ទៃដីដំណាំស្រូវ ​ដែលបានខូចខាតមានចំនួនជាង ៨ម៉ឺន ៥ពាន់ហិកតា។លើកឡើងក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀល​ថ្ងៃទី១៧ តុលា ឆ្នាំ២០២២កន្លងទៅ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ បានមានប្រសាសន៍ថា វិស័យកសិកម្មកំពុងតែទទួល​រងផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេស។ ឯកឧត្តម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែតុលា ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបមាន​ចំនួនជាង ២០ ម៉ឺន ៦ពាន់ហិកតា, ផ្ទៃដីដំណាំ ស្រូវដែលបានខូចខាត​មានចំនួនជាង ៨ម៉ឺន ៥ពាន់​ហិកតា និងផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញ ​មានចំនួនជាង ៤ម៉ឺន ៨ពាន់ហិកតា។ ពាក់ព័ន្ធនឹងផលខូចខាតដំណាំដោយសារគ្រោះទឹកជំនន់ខាងលើនេះ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានណែនាំឲ្យរដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រី​រាជការ​គ្រប់លំដាប់ថ្នាក់ នៃក្រសួង ត្រូវរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ និងអនុវត្តឱ្យបានល្អ​ប្រសើរ​នូវវិធានការដែលទទួលបាន​ការឯកភាពដ៏ខ្ពង់ខ្ពស់​ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវ​បន្ត​ចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងការខូចខាតជាក់ស្ដែងដោយសារជំនន់ទឹកភ្លៀង​លើ​ដំណាំ​កសិកម្ម, សត្វពាហនៈ និងវារីវប្បកម្ម​ ជាពិសេសកំណត់ឱ្យច្បាស់លាស់​នូវទីតាំងខូចខាត ទំហំផ្ទៃដី និងចំនួនគ្រួសារកសិករដែលរងគ្រោះ ​ដោយសហការជាមួយក្រសួង ស្ថាប័ន ជាពិសេសរដ្ឋបាល​រាជធានី ខេត្តពាក់ព័ន្ធឲ្យមានប្រសិទ្ធិភាពខ្ពស់ ​និងផ្តល់ការសហការជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការប្រមូលទិន្នន័យអំពីតម្រូវការពូជ, ផ្ទៃដីស្តារឡើងវិញ, អត្តសញ្ញាណជនរងគ្រោះ និងព័ត៌មាន​ដទៃទៀត ដើម្បីដាក់ចេញនូវវិធានការស្តារ និងផ្តល់ជំនួយសង្គមផ្សេងៗទៀតប្រកបដោយ​ប្រសិទ្ធភាព។ល។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ នៅក្នុងសន្និសីទ​សារព័ត៌មាន ក្រោយចប់ពិធីផ្ទេរតំណែង ​បានលើកឡើងថា​ សម្រាប់ការងារខាងលើនេះ ឯកឧត្តម នឹងបើកការប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង​ដើម្បីរៀបចំផែនការចុះតាមបណ្តាខេត្ត បណ្តាទីតាំង​ដែល​មានប្រជាពលរដ្ឋរងគ្រោះ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញ នូវការខូចខាតទាំងនេះ។ ឯកឧត្តម បន្ថែមទៀតថា យើងក៏នៅមានកិច្ចការបន្ទាន់មួយចំនួនទៀតដែលត្រូវបន្តអនុវត្ត ក្នុងគោលដៅ​ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ជាអទិភាព ក្នុងគោលដៅបន្តជំរុញ​ ប្រែក្លាយកសិកម្ម ​ឱ្យទៅជាកសិកម្មកាន់តែទំនើ​ឆ្លាតវៃប្រកប​ដោយបរយាបន្ន និងមាននិរន្តភាពធន នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់​ប្រជាជន ​និងលើកកម្ពស់ជីវភាពរបស់កសិករ៕ អត្ថបទ ឈិត បូរ៉ាវី

សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនឡើងវិញប្រមាណ ៦ភាគរយ នៅឆ្នាំ២០២៣

2022/10/18 01:10:16 pm        831
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា រំពឹងទុកថា កំណើនសេដ្ឋកិច្ចកម្ពុជា​ នឹងសម្រេចបានក្នុងអត្រា ប្រមាណ ៦​% នៅឆ្នាំ២០២៣ ខាងមុខ ខណៈឆ្នាំ២០២២នេះ រំពឹងថាសម្រេចបានក្នុងអត្រា​កំណើន​ប្រមាណ ៥% ជាមួយការដាក់ចេញ ​និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្រ្ត ​និងកម្មវិធីស្តារ និង​ជំរុញកំណើន​សេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​នៅក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ កាល​ពីរសៀលថ្ងៃទី១៧​ ខែតុលាកន្លងទៅ បានមានប្រសាសន៍ថា ​ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយ​ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ​កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ​ប្រមាណ ៧% ក្នុងចន្លោះឆ្នាំ២០១០ ២០១៩។ ឯកឧត្តម បន្តទៀតថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់ -៣,១% ក្នុងឆ្នាំ២០២០ ​ការដាក់ចេញ ​និងអនុវត្តនូវវិធានការរដ្ឋបាល ​និងសុខាភិបាលប្រកបដោយ​ភាព​ម៉ឺងម៉ាត់ និងប្រសិទ្ធភាពគួបផ្សំ​នឹងការអនុវត្តដោយ​ជោគជ័យ​នូវយុទ្ធនា​ការចាក់វ៉ាក់សាំង​ទូទាំង​ប្រទេស ​ដែលធ្វើឱ្យកម្ពុជាសម្រេចបានភាពស៊ាំសហគមន៍កម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជា​បើក​សកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ​មុនប្រទេសជាច្រើននៅក្នុងតំបន់ ​និងលើសកលលោក ចាប់តាំងពីចុងឆ្នាំ ២០២១មក។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា​ ការដាក់ចេញ ​និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់ឆ្នាំ២០២១-២០២៣ ​បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ​ងើបឡើងវិញក្នុអាត្រាប្រមាណ ៣% នៅឆ្នាំ២០២១ និង រំពឹងថាស​ម្រេចបាន ក្នុងអត្រាកំណើនប្រមាណជាង ៥,០% ក្នុងឆ្នាំ ២០២២ និងប្រមាណ ៦,០% ក្នុងឆ្នាំ ២០២៣ខាងមុខ ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បន្ទប់ស្នាក់តាមសណ្ឋាគារ ផ្ទះសំណាក់ជាង៦០ភាគរយ ត្រូវបានភ្ញៀវកក់អំឡុងថ្ងៃបុណ្យអុំទូកខាងមុខ

2022/10/18 01:02:58 pm        354
ភ្នំពេញ៖ តាមការឲ្យដឹងពីមន្ត្រីជំនាញក្រសួងទេសចរណ៍ បានលើកឡើងថា រហូតមកដល់ពេលនេះ បន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ជាង៦០ ភាគរយត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ កក់ទុកដើម្បីត្រៀមទៅស្នាក់នៅដើរកម្សាន្តនៅក្នុងឱកាសថ្ងៃឈប់សំរាកបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃ៧ ដល់ថ្ងៃទី៩ខែវិច្ឆិកា ខាងមុខនេះ។ក្នុងចំណោមបន្ទប់ស្នាក់តាមសណ្ឋាគារ និងផ្ទះសំណាក់​ដែលត្រូវបានភ្ញៀវកក់ទុកប្រមាណ ៦០% នោះ គឺគោលដៅទេសចរណ៍ទៅកាន់ខេត្តព្រះសីហនុ ទទួលបានកក់បន្ទប់ទុកច្រើនជាងគេ ខណៈគោល​ដៅទេសចរណ៍កាន់ខេត្តសៀមរាប កែប កំពត និងខេត្តមណ្ឌលគិរីជាដើម មិនទាន់មានគំហុក នៃកក់កើនឡើងច្រើននោះទេ។លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV ​នៅថ្ងៃទី១៨ ខែតុលានេះថា មូលហេតុ ​ដែលគោលដៅខេត្តព្រះសីហនុ ទទួលបានភ្ញៀវទៅកក់បន្ទប់ស្នាក់នៅច្រើន គឺដោយ​សារខេត្តព្រះសីហនុបច្ចុប្បន្នមានផ្លូវល្បឿនលឿនស្រួលធ្វើដំណើរ ហើយគោលដៅនោះត្រូវ​បាន​អភិវឌ្ឍន៍ និងមានកន្លែងលេងកម្សាន្តច្រើន។លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិចPATA ប្រចាំនៅកម្ពុជា ថ្លែងថា នៅGអំឡុងពេលឈប់សំរាកបុណ្យអុំទូកនោះ​ ខេត្តព្រះសីហនុ នឹងមានភ្ញៀវទេសចរទៅ​ទស្សនា​ខេត្តព្រះសីហនុ ពី៣០ទៅ៤០ម៉ឺននាក់ ​ដោយសារនៅថ្ងៃបុណ្យអុំទូកនោះ ក៏មានព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ទំនិញ និងអាហារ ប្រមាណ ៧០០តង់ ដែលមានក្រុមហ៊ុនចូលរួមចំនួន ៧៥ក្រុមហ៊ុន មកពី​បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន​ និងមកពីឥណ្ឌា តួគី ចិន ជប៉ុន ​កូរ៉េជាដើមផងដែរ​។បើតាមលោក តាំង សុចិត្រគ្រឹស្នា ​ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ​ថ្លែងថា ​សណ្ឋាគារ និង​ផ្ទះសំណាក់មកដល់ពេលនេះមិនទាន់បានបើកវិញទាំងស្រុងនោះទេ ​ហើយសម្រាប់សណ្ឋាគារ ផ្ទះ​សំណាក់ដែលបានបើកនៅទូទាំងខេត្តព្រះសីហនុ បច្ចុប្បន្ន គឺអាចទ្រទ្រង់ភ្ញៀវ​ទេសចរជាតិ​អន្តរជាតិ​ចូលស្នាក់ប្រមាណពី ៤ម៉ឺនទៅ ៥ម៉ឺននាក់​ ហើយសម្រាប់ភ្ញៀវទៅលេងកម្សាន្តគ្មានបន្ទប់ស្នាក់ គឺគេ​អាចបោះតង់ស្នាក់នៅកម្សាន្តបាននៅតាមដងឆ្នេរ ខណៈខេត្តក៏បានរៀបចំបន្ទប់ទឹកនៅតំបន់ឆ្នេរ​នោះច្រើន​កន្លែងបានផងដែរ៕ អត្ថបទ ស៊ុម សុខជា

ក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ក្នុងខេត្តពោធិ៍សាត់

2022/10/17 01:26:39 pm        726
ពោធិ៍សាត់៖ ក្រសួងពាណិជ្ជកម្ម បានបើកយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ នៅខេត្តពោធិ៍សាត់ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃ គណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ ​នៅសួនច្បារផ្លូវលេខ១០១ ជាប់មាត់ស្ទឹងពោធិ៍សាត់​ បានអញ្ជើញបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញ​ផលិត​ផលខ្មែររដូវកាលទី៧ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។សូមបញ្ជាក់ថា ក្នុងពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ អគ្គនាយកដ្ឋាន ក.ប.ប បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ចរបស់ខ្លួន ​បង្ហាញអំពីច្បាប់ដែល ក.ប.ប​ កំពុងធ្វើការអនុវត្ត រួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព ​សុវត្ថិភាព ​លើផលិតផលទំនិញ និងសេវា ​ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ​ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពី​សុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុង​គោល​បំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប ក្នុងករណីមានបទល្មើសកើតឡើង៕អត្ថបទ៖ ពៅ ភិរុណ

ខេត្ត​កំពង់ធំ​មាន​កសិករ​ជាង​ ១​ម៉ឺន​គ្រួសារ​ចាប់ផ្ដើម​ទទួល​ពូជស្រូវ​សម្រាប់​ស្តារ ក្រោយ​ទឹកជំនន់​ស្រក

2022/10/16 10:50:28 am        685
​កំពង់ធំ​៖ បន្ទាប់ពី​ទឹកជំនន់​ស្រក​ចុះ​បន្តិច ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ចាប់ផ្ដើម​អញ្ជើញ​ចុះ​ចែក​ពូជស្រូវ​ដល់​ប្រជាកសិករ​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់​។ ​តប​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២២ នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អញ្ជើញ​ចុះ​ចែក​ពូជស្រូវ​ជូន​ប្រជាកសិករ​ជាង ​១​ពាន់​គ្រួសារ​ស្មើនឹង​ជិត ​១០០​តោន ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ដើម្បី​ស្តារ​ឡើង​វិញ​ក្រោយ​ទឹកជំនន់​ស្រក ខណៈ​កំពង់ធំ​ជា​ខេត្ត​ដំបូង​គេ​ទទួល​បាន​ពូជស្រូវ​។ ​ក្នុង​ឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​មានប្រសាសន៍​ពាំនាំ​នូវ​ការ​សាក​សួរ​សុខទុក្ខ អាណិត​ស្រលាញ់​ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ពេលនេះ ហើយ​ទោះជា​ទឹក​បន្ត​ស្រក​ទៅវិញ​ជា​បណ្តើរ​ៗ ក៏​សម្តេច​ទាំងពីរ​នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទុក្ខ​លំបាក​របស់​បងប្អូន​ជានិច្ច​។​​ជាក់​ស្តែង​ការ​ផ្តល់​ពូជស្រូវ​នា​ពេល​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី​បញ្ជាក់​ថា តប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពី​ការ​ត្រួត​ពិនិត្យ​លើ​ផល​ប៉ះពាល់​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​គឺ​ចាំបាច់​ត្រូវ​ព​ន្លឿ​ន និង​ជំរុញ​នៃ​ការ​បង្ក​បង្កើន​ផល​របស់​ប្រជា​កសិករ​ក្នុង​គ្រួសារ​នីមួយៗ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថ្លែង​ថា បេសកកម្ម​ចាប់ផ្តើម​ផ្តល់​ពូជស្រូវ​ក្នុង​ពេលនេះ បាន​ផ្តោត​សំខាន់​លើ​ចំណុច​សំខាន់​ពីរ​រួមមាន៖ ទី​១​ ត្រូវ​ធានា​ថា ​ប្រជាកសិករ​ដែល​មាន​ស្រូវ​ខូចខាត​ត្រូវ​បាន​ពូជស្រូវ និង​ទី​២ ធានា​លទ្ធភាព​លើ​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ ​ដែល​អាច​បង្ក​បង្កើន​ផល​អាស្រ័យ​ទៅតាម​ភូមិសាស្ត្រ​ដី និង​ប្រភព​ទឹក​ធានា​ដល់​ការស្រោចស្រព​។​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថ្លែង​ថា ការ​ផ្តល់​ពូជស្រូវ​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ជាមួយ​ប្រជាកសិករ ដើម្បី​ឱ្យ​ពួកគាត់​ឆាប់​បាន​ស្តា​រី​ជីវភាព​ដែល​ជួបប្រទះ​នឹង​បញ្ហា​ទឹកជំនន់​។ ​ទន្ទឹមគ្នានេះ ប្រជាកសិករ​ដែល​ទទួល​បាន​ពូជស្រូវ​បាន​បង្ហាញ​ក្តី​រីករាយ និង​ការយកចិត្តទុកដាក់រ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​រំលែក​ការ​លំបាក​របស់​ពួកគាត់ ដោយសារ​ដំណាំ​ស្រូវ​ខូចខាត​ដោយសារ​ទឹកជំនន់​។ គួរ​បញ្ជាក់​ថា ខេត្ត​កំពង់ធំ​មាន​ស្រូវ​ខូចខាត​ជាង ​១​ម៉ឺន​ហិកតា ខណៈ​ប្រជា​កសិករ​ត្រូវ​ទទួល​ពូជស្រូវ​ដែល​មាន​លទ្ធភាព​ស្តារ​បាន​ជាង ​១​ម៉ឺន​គ្រួសារ​ស្មើនឹង​ជាង​ ៩០០​តោន​។​ ​អត្ថបទ៖ សេក ឧ​ត្ត​ម

ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរណ៍សរុប២៨០,៥២២នាក់ កើនឡើង១៧១,៥១ភាគរយ ក្នុងរយៈពេល៩ខែ​ឆ្នាំ២០២២នេះ

2022/10/14 04:06:25 pm        532
ព្រះវិហារ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍សរុបមាន​ចំនួន ២៨០,៥២២នាក់ កើនឡើង ១៧១,៥១​ភាគរយ​ភ្ញៀវជាតិ មានចំនួន ២៧៤,៦៨០នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ៥៨៤២នាក់ កើនឡើង ៦៦៦,០៦% ។នេះបើយោងរបាការណ៍មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានលើកឡើងក្នុងទិវាទេសចរណ៍​ពិភព​លោក​ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទំនប់ទឹក៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងទៀតថា ជាការកត់សម្គាល់ភ្ញៀវដែល ស្នាក់នៅទស្សនាកំសាន្តតាមរម្មណីយ៍ដ្ឋានផ្សេងៗមានប្រមាណជា ២០,១១% និងភ្ញៀវទេសចរណ៍​ដែលមកកំសាន្តហើយវិលត្រលប់ទៅវិញប្រមាណជា​ ៧៩,០៩% និងមានបុគ្គលិកបម្រើការ​ងារ​ក្នុង​មូលដ្ឋានអាជីវកម្ម និងសេវាកម្មចំនួន ៧២២នាក់ ស្រី៤៥២នាក់។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាន​ផ្តល់​អនុសាសន៍ មួយចំនួន​សម្រាប់​វិស័យទេសចរណ៍កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំ ដំបូង ស្ថិត​ក្នុង​ដំណាក់កាល​នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ​ឈរលើទស្សនៈ “អនាគតទេស​ចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ” មានដូចជា ជំរុញការអភិវឌ្ឍ និងគោដៅទេសចរណ៍ ប្រកបដោយ​គុណភាព សុវត្ថិភាព ភាពទាក់ទាញ ​និងគំនិតច្នៃប្រឌិត​ ជំរុញការកសាងផែនការរួម គ្នា ការ​ប្រើប្រាស់​រួមគ្នាគ្រប់​ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ​ពិសេសអនុញ្ញាតឲ្យ អាជីកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ។ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជីករទាំងអស់ ​ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូល មកលេងកំសាន្ត យើងត្រូវ​គិតអំពីអេកូទេសចរណ៍គឺ ​ទេសចរណ៍បែបធម្មជាតិ ​ត្រូវចេះកែច្នៃ តំបន់ទេសចរណ៍ដែល​មានស្រាប់​សំអាតបរិស្ថានឲ្យមានល្អនិងត្រូវមានបន្ទុប់ទឹកឲ្យបានសមរម្យ។សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរទេសចរណ៍ខេត្ត បាន​រៀបចំទិវាទេសចរណ៍​ពិភព​លោកឆ្នាំ២០២២ ក្រោម​ប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍​” មានការចូលរួមលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំងបី​ យុវជនសហភាពសហ ព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ ​សិស្សានុសិស្ស​ និងជាប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ៕ អត្ថបទ៖ សាវី

ក្រុមហ៊ុនជប៉ុនចំនួន២សហការជួយបណ្តុះបណ្តាលសិស្សផ្នែកព័ត៌មានវិទ្យានៅកម្រិតបឋមសិក្សា

2022/10/14 01:01:00 pm        655
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនចំនួន២ រួមមានគ្រឹស្ថានមីក្រូហិរញ្ញវត្ថុActive People និងក្រុមហ៊ុន ស៊ីងស៊ីង បានសហការគ្នាជួយបណ្តុះបណ្តាលកុមារនៅសាលាបឋមសិក្សានរោត្តម រាជធានីភ្នំពេញ លើផ្នែកព័ត៌មានវិទ្យា និងការសរសេរកម្មវិធីនានាលើប្រព័ន្ធកុំព្យូទ័រ។បើតាមប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People លោក កូរីហារា តាសឹហ៊ីរូ ថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែតុលានេះថា សាលាបឋមសិក្សានរោត្តមគឺជាសាលាដំបូងគេនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតដាក់អនុវត្តការបំពាក់គ្រឿងបច្ចេកវិទ្យា ផ្តល់ការបណ្តុះបណ្តាល​ព័ត៌មានវិទ្យា ​ជាពិសេសផ្តល់ការបណ្តុះបណ្តាលសរសេរកម្មវិធី ​Programming ជូនកុមារាកុមារី និង​ជាពិសេសជម្រុញពួកគេចេះបង្កើតភាពច្នៃប្រឌិតនានា ​លើនៅប្រព័ន្ធកុំព្យូទ័រ ហើយពេល​បន្ទាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ធីវ ភីភល (Active People ) ​នឹងបន្តជួយសាលានានាទៀត។លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យា​ និងព័ត៌មានវិទ្យា​ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា គឺមានបំណងចង់អោយបណ្តាសាលារៀនគឺមាន​បំពាក់​គ្រឿងបចេ្ចកវិទ្យាព័ត៌មាន​ និងផ្តល់ការបណ្តុះបណ្តាល ​លើកម្មវិធីនានានៅសាលារៀន តែដោយ​ក្រសួង​មានកម្រិតថវិកា ទើបធ្វើឲ្យយើងត្រូវស្វែងរកដៃគូមកពីវិស័យ​ឯកជនដើម្បីអភិវឌ្ឍន៍​សាលា​លើវិស័យ​បច្ចេកវិទ្យាព័ត៌មាននេះ។លោក សុខ ថា បន្តថា បច្ចុប្បន្នយើងពិនិត្យឃើញថា ​សាលាបឋមនរោត្តម គឺជាសាលាឈានមុខគេ ដែលបានកៀងគរ វិស័យឯកជនចូលរួមសហការរហូតឈានដល់​ការបណ្តុះបណ្តាល​កុមារាកុមារីលើផ្នែក​ សរសេរកម្មវិធី ​ការសរសេរកូដឌីញ ការបង្កើតគំនិតច្នៃប្រឌិត​រូប​តុក្កតានានាមានចលនាជាដើម៕ អត្ថបទ ស៊ុម សុខជា

កម្ពុជាជំរុញសហគ្រិនស្ត្រីកសាង និងពង្រឹងសមត្ថភាពនិងពង្រីកអាជីវកម្មក្នុងប្រទេសនិងតំបន់

2022/10/14 12:49:29 pm        553
ភ្នំពេញ៖ អាស៊ានបាន និងកំពុងចូលរួមលើកកម្ពស់ស្រ្តីជាសហគ្រិនក្នុងស្រុក និងអាស៊ាន ជម្រុញបង្កើននូវភាពអង់អាចពង្រឹងសមត្ថភាព ​និងពង្រីកអាជីវកម្ម ​ដើម្បីជីវភាពគ្រួសារ ជាពិសេស​ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ​តាមរយៈការប្រកួតប្រជែងស្នាដៃផលិតផលសម្រាប់ ទីផ្សារក្នុងស្រុក និងតំបន់ជាដើម។លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ថ្លែងថា លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន ​ក្នុងព្រឹត្តិការណ៍ផ្តល់ពានរង្វាន់ ​សហគ្រិនស្រ្តីអាស៊ាន អមនៃកិច្ច​ប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ​ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីក្នុងអាស៊ាន» ​ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ នេះថា ​សមាគមសហគ្រិនស្រ្តីកម្ពុជា ​បានសហការគ្នា រៀបចំបណ្តាញសហគ្រិនស្ត្រីកម្ពុជា និងអាស៊ាន ​នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន​ និងជ្រើសរើសស្រ្តីឆ្នើម ដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់។ កម្មវិធីនេះ បានបង្ហាញឲ្យឃើញថា ស្រ្តីជាសហគ្រិន ​មានឱកាសកាន់តែច្រើន ក្នុងការបង្កើន​នូវភាព​អង់អាច​ ពង្រឹងសមត្ថភាព ​និងពង្រីកអាជីវកម្ម ​ដើម្បីជីវភាពរស់នៅ ​និងការចូលរួមជាមួយសង្គម។លោកជំទាវ បញ្ជាក់ថា ​កម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ គឺបានជម្រុញលើកទឹកចិត្តដល់​សហគ្រិនស្រ្តី ​ពិភាក្សា ​និងផ្លាស់ប្តូរ​បទពិសោធន៍គ្នាទៅវិញទីមក ជាពិសេសការជម្រុញ​លើក​ទឹកចិត្តដល់ការប្រកួតប្រជែងទីផ្សារក្នុងស្រុក​ ក៏ដូចជាទីផ្សារអាស៊ានផងដែរ។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ​បានលើកឡើងថា ក្នុងនាមកម្ពុជា​ជាម្ចាស់ផ្ទះ ​ក្រសួងកិច្ចការនារី ​បានរៀបចំកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ ដោយផ្តោត​លើ​ប្រធាន​ប​ទសហគ្រិនស្រ្តីអាស៊ាន ​ដូចនេះ​ពានរង្វាន់ពិសេសនេះ គឺជាការធ្វើឱ្យមានកំណត់ត្រា​ប្រវត្តិសាស្រ្តរបស់អាស៊ាន។ បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានជ្រើសរើស​ចំនួន ៣៨រូប ទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ, ព្រឹត្តិការណ៍នេះផងដែរ ក៏មានចូលរួម​ពី​បណ្តាតំណាងកិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចការនារីអាស៊ាន, ​គណៈកម្មាធិការអាស៊ានស្តីពីស្រ្តី បណ្តាញ​សហគ្រិនស្រ្តីអាស៊ាន, ក្លឹបសហគ្រិនស្រ្តីវ័យក្មេងវ័យក្មេងអាស៊ាន, ​តំណាងស្ថានទូតកាណាដា, និង​បណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា វិស័យឯកជន​ និងដៃគូអភិវឌ្ឍន៍ ​ចំនួនប្រមាណ២០០រូប ​ចូលរួមដោយផ្ទាល់នៅភ្នំពេញ និង​ប្រមាណ៥០រូប​ តាមប្រព័ន្ធវីដេអូអនឡាញ ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក៖ អាម៉េរិកកំពុងស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា
02/20/2026 09:02 PM
អាមេរិកកំពុងចរចាជាមួយឥណ្ឌា រឿងនាំចេញប្រេងវេណេស៊ុយអេឡាទៅកាន់ទីនោះ
02/20/2026 08:02 PM
ការរកឃើញផ្លូវរូងក្រោមដីសម្ងាត់ផ្តល់ពន្លឺពីទីផ្សារប្រេងងងឹងរបស់ម៉ិកស៊ិក
02/20/2026 08:02 PM
វិចិត្រករខ្មែរនិងបរទេសគូរផ្ទាំងគំនូរបង្ហាញពីសោកនាដកម្មដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ
02/20/2026 08:02 PM
ទីក្រុងគីវ៖ គម្រោងផែនការសម្លាប់មន្ត្រីជាន់ខ្ពស់រៀបចំដោយរុស្ស៊ី ត្រូវបានបំផ្លាញ
02/20/2026 07:02 PM
លោក Trumpបញ្ជាឲ្យទីភ្នាក់ងារកំណត់អត្តសញ្ញាណ និងបញ្ចេញឯកសាររដ្ឋាភិបាលស្តីពីមនុស្សពិភពផ្កាយ
02/20/2026 07:02 PM
រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងជួបលោក Rubio អំឡុងភាពតានតឹង ជុំវិញមូលដ្ឋានទ័ពអាកាសរួមគ្នា
02/20/2026 07:02 PM
មនុស្ស ៨នាក់ ត្រូវបានបារម្ភថា ស្លាប់ ក្រោយរថយន្តក្រុងដឹកអ្នកទេសចរចិនលិចក្នុងបឹង នៅរុស្ស៊ី
02/20/2026 07:02 PM
UNលម្អិតករណីប្រហារជីវិតស្រ្តីនៅស៊ូដង់ និងជំរុញឲ្យមានវិធានការបន្ទាន់
02/20/2026 07:02 PM
UNលម្អិតករណីប្រហារជីវិតស្រ្តីនៅស៊ូដង់ និងជំរុញឲ្យមានវិធានការបន្ទាន់
02/20/2026 07:02 PM