កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីក្នុងត្រីមាសទី១ មានទឹកប្រាក់ ៣៥៨លានដុល្លារកើនជាង ២២%
ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ
ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ក្នុងខេត្តពោធិ៍សាត់

2022/10/17 01:26:39 pm        767
ពោធិ៍សាត់៖ ក្រសួងពាណិជ្ជកម្ម បានបើកយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ នៅខេត្តពោធិ៍សាត់ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃ គណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ ​នៅសួនច្បារផ្លូវលេខ១០១ ជាប់មាត់ស្ទឹងពោធិ៍សាត់​ បានអញ្ជើញបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញ​ផលិត​ផលខ្មែររដូវកាលទី៧ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។សូមបញ្ជាក់ថា ក្នុងពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ អគ្គនាយកដ្ឋាន ក.ប.ប បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ចរបស់ខ្លួន ​បង្ហាញអំពីច្បាប់ដែល ក.ប.ប​ កំពុងធ្វើការអនុវត្ត រួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព ​សុវត្ថិភាព ​លើផលិតផលទំនិញ និងសេវា ​ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ​ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពី​សុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុង​គោល​បំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប ក្នុងករណីមានបទល្មើសកើតឡើង៕អត្ថបទ៖ ពៅ ភិរុណ

ខេត្ត​កំពង់ធំ​មាន​កសិករ​ជាង​ ១​ម៉ឺន​គ្រួសារ​ចាប់ផ្ដើម​ទទួល​ពូជស្រូវ​សម្រាប់​ស្តារ ក្រោយ​ទឹកជំនន់​ស្រក

2022/10/16 10:50:28 am        728
​កំពង់ធំ​៖ បន្ទាប់ពី​ទឹកជំនន់​ស្រក​ចុះ​បន្តិច ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ចាប់ផ្ដើម​អញ្ជើញ​ចុះ​ចែក​ពូជស្រូវ​ដល់​ប្រជាកសិករ​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់​។ ​តប​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២២ នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អញ្ជើញ​ចុះ​ចែក​ពូជស្រូវ​ជូន​ប្រជាកសិករ​ជាង ​១​ពាន់​គ្រួសារ​ស្មើនឹង​ជិត ​១០០​តោន ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ដើម្បី​ស្តារ​ឡើង​វិញ​ក្រោយ​ទឹកជំនន់​ស្រក ខណៈ​កំពង់ធំ​ជា​ខេត្ត​ដំបូង​គេ​ទទួល​បាន​ពូជស្រូវ​។ ​ក្នុង​ឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​មានប្រសាសន៍​ពាំនាំ​នូវ​ការ​សាក​សួរ​សុខទុក្ខ អាណិត​ស្រលាញ់​ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ពេលនេះ ហើយ​ទោះជា​ទឹក​បន្ត​ស្រក​ទៅវិញ​ជា​បណ្តើរ​ៗ ក៏​សម្តេច​ទាំងពីរ​នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទុក្ខ​លំបាក​របស់​បងប្អូន​ជានិច្ច​។​​ជាក់​ស្តែង​ការ​ផ្តល់​ពូជស្រូវ​នា​ពេល​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី​បញ្ជាក់​ថា តប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពី​ការ​ត្រួត​ពិនិត្យ​លើ​ផល​ប៉ះពាល់​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​គឺ​ចាំបាច់​ត្រូវ​ព​ន្លឿ​ន និង​ជំរុញ​នៃ​ការ​បង្ក​បង្កើន​ផល​របស់​ប្រជា​កសិករ​ក្នុង​គ្រួសារ​នីមួយៗ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថ្លែង​ថា បេសកកម្ម​ចាប់ផ្តើម​ផ្តល់​ពូជស្រូវ​ក្នុង​ពេលនេះ បាន​ផ្តោត​សំខាន់​លើ​ចំណុច​សំខាន់​ពីរ​រួមមាន៖ ទី​១​ ត្រូវ​ធានា​ថា ​ប្រជាកសិករ​ដែល​មាន​ស្រូវ​ខូចខាត​ត្រូវ​បាន​ពូជស្រូវ និង​ទី​២ ធានា​លទ្ធភាព​លើ​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ ​ដែល​អាច​បង្ក​បង្កើន​ផល​អាស្រ័យ​ទៅតាម​ភូមិសាស្ត្រ​ដី និង​ប្រភព​ទឹក​ធានា​ដល់​ការស្រោចស្រព​។​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថ្លែង​ថា ការ​ផ្តល់​ពូជស្រូវ​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ជាមួយ​ប្រជាកសិករ ដើម្បី​ឱ្យ​ពួកគាត់​ឆាប់​បាន​ស្តា​រី​ជីវភាព​ដែល​ជួបប្រទះ​នឹង​បញ្ហា​ទឹកជំនន់​។ ​ទន្ទឹមគ្នានេះ ប្រជាកសិករ​ដែល​ទទួល​បាន​ពូជស្រូវ​បាន​បង្ហាញ​ក្តី​រីករាយ និង​ការយកចិត្តទុកដាក់រ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​រំលែក​ការ​លំបាក​របស់​ពួកគាត់ ដោយសារ​ដំណាំ​ស្រូវ​ខូចខាត​ដោយសារ​ទឹកជំនន់​។ គួរ​បញ្ជាក់​ថា ខេត្ត​កំពង់ធំ​មាន​ស្រូវ​ខូចខាត​ជាង ​១​ម៉ឺន​ហិកតា ខណៈ​ប្រជា​កសិករ​ត្រូវ​ទទួល​ពូជស្រូវ​ដែល​មាន​លទ្ធភាព​ស្តារ​បាន​ជាង ​១​ម៉ឺន​គ្រួសារ​ស្មើនឹង​ជាង​ ៩០០​តោន​។​ ​អត្ថបទ៖ សេក ឧ​ត្ត​ម

ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរណ៍សរុប២៨០,៥២២នាក់ កើនឡើង១៧១,៥១ភាគរយ ក្នុងរយៈពេល៩ខែ​ឆ្នាំ២០២២នេះ

2022/10/14 04:06:25 pm        557
ព្រះវិហារ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍សរុបមាន​ចំនួន ២៨០,៥២២នាក់ កើនឡើង ១៧១,៥១​ភាគរយ​ភ្ញៀវជាតិ មានចំនួន ២៧៤,៦៨០នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ៥៨៤២នាក់ កើនឡើង ៦៦៦,០៦% ។នេះបើយោងរបាការណ៍មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានលើកឡើងក្នុងទិវាទេសចរណ៍​ពិភព​លោក​ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទំនប់ទឹក៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងទៀតថា ជាការកត់សម្គាល់ភ្ញៀវដែល ស្នាក់នៅទស្សនាកំសាន្តតាមរម្មណីយ៍ដ្ឋានផ្សេងៗមានប្រមាណជា ២០,១១% និងភ្ញៀវទេសចរណ៍​ដែលមកកំសាន្តហើយវិលត្រលប់ទៅវិញប្រមាណជា​ ៧៩,០៩% និងមានបុគ្គលិកបម្រើការ​ងារ​ក្នុង​មូលដ្ឋានអាជីវកម្ម និងសេវាកម្មចំនួន ៧២២នាក់ ស្រី៤៥២នាក់។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាន​ផ្តល់​អនុសាសន៍ មួយចំនួន​សម្រាប់​វិស័យទេសចរណ៍កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំ ដំបូង ស្ថិត​ក្នុង​ដំណាក់កាល​នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ​ឈរលើទស្សនៈ “អនាគតទេស​ចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ” មានដូចជា ជំរុញការអភិវឌ្ឍ និងគោដៅទេសចរណ៍ ប្រកបដោយ​គុណភាព សុវត្ថិភាព ភាពទាក់ទាញ ​និងគំនិតច្នៃប្រឌិត​ ជំរុញការកសាងផែនការរួម គ្នា ការ​ប្រើប្រាស់​រួមគ្នាគ្រប់​ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ​ពិសេសអនុញ្ញាតឲ្យ អាជីកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ។ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជីករទាំងអស់ ​ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូល មកលេងកំសាន្ត យើងត្រូវ​គិតអំពីអេកូទេសចរណ៍គឺ ​ទេសចរណ៍បែបធម្មជាតិ ​ត្រូវចេះកែច្នៃ តំបន់ទេសចរណ៍ដែល​មានស្រាប់​សំអាតបរិស្ថានឲ្យមានល្អនិងត្រូវមានបន្ទុប់ទឹកឲ្យបានសមរម្យ។សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរទេសចរណ៍ខេត្ត បាន​រៀបចំទិវាទេសចរណ៍​ពិភព​លោកឆ្នាំ២០២២ ក្រោម​ប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍​” មានការចូលរួមលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំងបី​ យុវជនសហភាពសហ ព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ ​សិស្សានុសិស្ស​ និងជាប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ៕ អត្ថបទ៖ សាវី

ក្រុមហ៊ុនជប៉ុនចំនួន២សហការជួយបណ្តុះបណ្តាលសិស្សផ្នែកព័ត៌មានវិទ្យានៅកម្រិតបឋមសិក្សា

2022/10/14 01:01:00 pm        716
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនចំនួន២ រួមមានគ្រឹស្ថានមីក្រូហិរញ្ញវត្ថុActive People និងក្រុមហ៊ុន ស៊ីងស៊ីង បានសហការគ្នាជួយបណ្តុះបណ្តាលកុមារនៅសាលាបឋមសិក្សានរោត្តម រាជធានីភ្នំពេញ លើផ្នែកព័ត៌មានវិទ្យា និងការសរសេរកម្មវិធីនានាលើប្រព័ន្ធកុំព្យូទ័រ។បើតាមប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People លោក កូរីហារា តាសឹហ៊ីរូ ថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែតុលានេះថា សាលាបឋមសិក្សានរោត្តមគឺជាសាលាដំបូងគេនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតដាក់អនុវត្តការបំពាក់គ្រឿងបច្ចេកវិទ្យា ផ្តល់ការបណ្តុះបណ្តាល​ព័ត៌មានវិទ្យា ​ជាពិសេសផ្តល់ការបណ្តុះបណ្តាលសរសេរកម្មវិធី ​Programming ជូនកុមារាកុមារី និង​ជាពិសេសជម្រុញពួកគេចេះបង្កើតភាពច្នៃប្រឌិតនានា ​លើនៅប្រព័ន្ធកុំព្យូទ័រ ហើយពេល​បន្ទាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ធីវ ភីភល (Active People ) ​នឹងបន្តជួយសាលានានាទៀត។លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យា​ និងព័ត៌មានវិទ្យា​ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា គឺមានបំណងចង់អោយបណ្តាសាលារៀនគឺមាន​បំពាក់​គ្រឿងបចេ្ចកវិទ្យាព័ត៌មាន​ និងផ្តល់ការបណ្តុះបណ្តាល ​លើកម្មវិធីនានានៅសាលារៀន តែដោយ​ក្រសួង​មានកម្រិតថវិកា ទើបធ្វើឲ្យយើងត្រូវស្វែងរកដៃគូមកពីវិស័យ​ឯកជនដើម្បីអភិវឌ្ឍន៍​សាលា​លើវិស័យ​បច្ចេកវិទ្យាព័ត៌មាននេះ។លោក សុខ ថា បន្តថា បច្ចុប្បន្នយើងពិនិត្យឃើញថា ​សាលាបឋមនរោត្តម គឺជាសាលាឈានមុខគេ ដែលបានកៀងគរ វិស័យឯកជនចូលរួមសហការរហូតឈានដល់​ការបណ្តុះបណ្តាល​កុមារាកុមារីលើផ្នែក​ សរសេរកម្មវិធី ​ការសរសេរកូដឌីញ ការបង្កើតគំនិតច្នៃប្រឌិត​រូប​តុក្កតានានាមានចលនាជាដើម៕ អត្ថបទ ស៊ុម សុខជា

កម្ពុជាជំរុញសហគ្រិនស្ត្រីកសាង និងពង្រឹងសមត្ថភាពនិងពង្រីកអាជីវកម្មក្នុងប្រទេសនិងតំបន់

2022/10/14 12:49:29 pm        584
ភ្នំពេញ៖ អាស៊ានបាន និងកំពុងចូលរួមលើកកម្ពស់ស្រ្តីជាសហគ្រិនក្នុងស្រុក និងអាស៊ាន ជម្រុញបង្កើននូវភាពអង់អាចពង្រឹងសមត្ថភាព ​និងពង្រីកអាជីវកម្ម ​ដើម្បីជីវភាពគ្រួសារ ជាពិសេស​ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ​តាមរយៈការប្រកួតប្រជែងស្នាដៃផលិតផលសម្រាប់ ទីផ្សារក្នុងស្រុក និងតំបន់ជាដើម។លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ថ្លែងថា លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន ​ក្នុងព្រឹត្តិការណ៍ផ្តល់ពានរង្វាន់ ​សហគ្រិនស្រ្តីអាស៊ាន អមនៃកិច្ច​ប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ​ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីក្នុងអាស៊ាន» ​ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ នេះថា ​សមាគមសហគ្រិនស្រ្តីកម្ពុជា ​បានសហការគ្នា រៀបចំបណ្តាញសហគ្រិនស្ត្រីកម្ពុជា និងអាស៊ាន ​នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន​ និងជ្រើសរើសស្រ្តីឆ្នើម ដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់។ កម្មវិធីនេះ បានបង្ហាញឲ្យឃើញថា ស្រ្តីជាសហគ្រិន ​មានឱកាសកាន់តែច្រើន ក្នុងការបង្កើន​នូវភាព​អង់អាច​ ពង្រឹងសមត្ថភាព ​និងពង្រីកអាជីវកម្ម ​ដើម្បីជីវភាពរស់នៅ ​និងការចូលរួមជាមួយសង្គម។លោកជំទាវ បញ្ជាក់ថា ​កម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ គឺបានជម្រុញលើកទឹកចិត្តដល់​សហគ្រិនស្រ្តី ​ពិភាក្សា ​និងផ្លាស់ប្តូរ​បទពិសោធន៍គ្នាទៅវិញទីមក ជាពិសេសការជម្រុញ​លើក​ទឹកចិត្តដល់ការប្រកួតប្រជែងទីផ្សារក្នុងស្រុក​ ក៏ដូចជាទីផ្សារអាស៊ានផងដែរ។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ​បានលើកឡើងថា ក្នុងនាមកម្ពុជា​ជាម្ចាស់ផ្ទះ ​ក្រសួងកិច្ចការនារី ​បានរៀបចំកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ ដោយផ្តោត​លើ​ប្រធាន​ប​ទសហគ្រិនស្រ្តីអាស៊ាន ​ដូចនេះ​ពានរង្វាន់ពិសេសនេះ គឺជាការធ្វើឱ្យមានកំណត់ត្រា​ប្រវត្តិសាស្រ្តរបស់អាស៊ាន។ បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានជ្រើសរើស​ចំនួន ៣៨រូប ទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ, ព្រឹត្តិការណ៍នេះផងដែរ ក៏មានចូលរួម​ពី​បណ្តាតំណាងកិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចការនារីអាស៊ាន, ​គណៈកម្មាធិការអាស៊ានស្តីពីស្រ្តី បណ្តាញ​សហគ្រិនស្រ្តីអាស៊ាន, ក្លឹបសហគ្រិនស្រ្តីវ័យក្មេងវ័យក្មេងអាស៊ាន, ​តំណាងស្ថានទូតកាណាដា, និង​បណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា វិស័យឯកជន​ និងដៃគូអភិវឌ្ឍន៍ ​ចំនួនប្រមាណ២០០រូប ​ចូលរួមដោយផ្ទាល់នៅភ្នំពេញ និង​ប្រមាណ៥០រូប​ តាមប្រព័ន្ធវីដេអូអនឡាញ ៕អត្ថបទ៖ សុន រ៉ាឌី

គយពន្យាពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដល់ចុងខែធ្នូ

2022/10/14 12:39:24 pm        475
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានពន្យារពេលបង់ពន្ធ និងអាករលើរថយន្ត​ចង្កូតស្ដាំគ្មាន​ពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច​​មកបំពេញកាតព្វកិច្ចពន្ធ​និងអាករ​រហូតដល់ ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ក្នុងសេចក្តីជូនដំណឹងចេញផ្សាយកាលថ្ងៃទី១៣​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើក​ឡើងថា ដោយពិនិត្យឃើញពីស្ថានភាពលំបាកក្នុងរដូវវស្សាដែលប៉ះពាល់ដល់​អាជីវកម្មរបស់ម្ចាស់​រថយន្ត​ចង្កូត​ស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស​ដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាល​បាន​ផ្ដល់ការអនុញ្ញាតពន្យារពេលជូនដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់​ក្នុងប្រទេសដែល​បាន​ចុះបញ្ជីរួចមកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ រំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំ​ដែលបានចុះបញ្ជីរួច ប៉ុន្តែនៅ​មិនទាន់​បានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ​ឱ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធ និងអាករនៅតាម​បណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបាន​តាមការ​កំណត់ដូចបានជម្រាបជូនខាងលើជាកំហិត ​ដើម្បីចៀសផុតពីការបង្កាបដោយមន្ត្រីគយ​និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ​ ការដ្ឋាន អាជីវកម្មដ្ឋាននិងតាមទីកន្លែង​សាធារណៈជាយថាហេតុ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំ​បាន​ដែលពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករ ​គឺ​ជាមុខសញ្ញា​នៃការបង្ក្រាបរឹបអូស ដោះជាគ្រឿង​បន្លាស់ ឬកំទេចចោលតាមច្បាប់ ​និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បច្ចុប្បន្ន​ គឺនៅសេសសល់​រថយន្តចង្កូតស្តាំ​ចុះបញ្ជី​ប្រមាណ ៤០០០គ្រឿងទៀត ​ដែលមិនទាន់បង់ពន្ធ។​សូមរំឭកថា រាជរដ្ឋាភិបាល ​សម្រេច​ឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់​ក្នុងប្រទេស ទាំងប្រភេទ រួមទាំងរថយន្តគ្មាន​ពន្ធជ្រក​ក្រោមផ្លាកលេខផ្សេងៗ​ ចាប់ពីខែកញ្ញា ឆ្នាំ​២០២១ ដល់ថ្ងៃថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២។ ​ប៉ុន្តែ​ការបង់ពន្ធនេះ ​រដ្ឋក៏សម្រេចពន្យារឱ្យពលរដ្ឋ ដល់ថ្ងៃទី៨តុលា ​ឆ្នាំ២០២២ ​ដើម្បីបំពេញកាតព្វកិច្ចពន្ធ ​និងអាករ៕អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចេញផលិតផលកាត់ដេរ​មានតម្លៃ ១០.២៥ ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ

2022/10/13 04:11:03 pm        571
ភ្នំពេញ៖ ការនាំចេញផលិតផលកាត់ដេរ មានតម្លៃសរុប ១០.២៥ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ​ មាន​កំណើន ២៤.៥ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។យោង​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករ ​ការនាំចេញផលិតផលកាត់ដេរ រួមមាន៖ សំលៀកបំពាក់ ស្បែកជើង​ និងផលិតផលធ្វើដំណើរ រួមចំណែក ​៥៩ភាគរយ នៃការនាំ​ចេញេ​សរុប ១៧.២៥ពាន់លានដុល្លារ​ក្នុងរយៈពេល ​ចាប់ពីខែមករា​ ដល់ខែកញ្ញា​ឆ្នាំនេះ។របាយការណ៍ដដែល​ បង្ហាញថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿង​បំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត ​អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ​ស្បែកសត្វកែច្នៃ ​និងផលិតផលផ្សេងៗទៀត)​ មានចំនួន ៤ ១៨៧,៥ លានដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៨០៨,២ លានដុល្លារអាមេរិក ស្មើនឹង ២៣,៩%។ដោយឡែក ការនាំចេញ​កសិផលមានចំនួន ២ ២២៧,៥ ​លានដុល្លារអាមេរិក ​កើនឡើងប្រមាណ ១២២,៣ ​លានដុល្លារអាមេរិក ស្មើនឹង ៥,៨% ដែលក្នុងនោះ ​ស្រូវនាំចេញមានតម្លៃ ៥០៣,៦ លាន​ដុល្លារអាមេរិក ការនាំចេញអង្ករមានតម្លៃ ​២៩១,៥ លាន​ដុល្លារអាមេរិក ​កៅស៊ូនាំចេញ​​មានតម្លៃ ២៧២,៨ លាន​ដុល្លារអាមេរិក ​និងកសិផល​ផ្សេងទៀតមានតម្លៃ ១ ១៥៩,៧ លានដុល្លារអាមេរិក ។សូមបញ្ជាក់ថា ​ទំហំនៃការនាំចេញក្នុងរយៈពេល ​៩ខែ ឆ្នាំ​២០២២ ​សម្រេចបាន ១៧.២៥ ពាន់លាន​ដុល្លារ កើនឡើង ២២.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុង​ ឆ្នាំ​២០២១។របាយការណ៍ នាំចេញនេះ ត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារគយនិងរដ្ឋាករ​រយៈពេល ៩ខែ ឆ្នាំ២០២២​ ក្រោមអធិបតីភាពរបស់ ​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម​នាយក​រដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ​កាលពីថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២២ ​នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ អត្ថបទ៖ វណ្ណៈ 

រដ្ឋាភិបាលកម្ពុជា ត្រៀមអន្តរាគមន៍ជួយកម្មករនិយោជិតក្នុងករណីបិទរោងចក្រ ឬព្យួរការងារ

2022/10/13 03:15:22 pm        390
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​លើកឡើងថា ​រាជរដ្ឋាភិបាល ត្រៀមធ្វើការ​អន្តរគមន៍ ជួយកម្មករកម្មការិនី ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ប្រសិនបើមានការបិទរោងចក្រ ឬព្យួរការងារ ​ដោយសារវិបត្តិពីខាងក្រៅ​ គឺសង្គ្រាមនៅអ៊ុយក្រែន ។នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២២កន្លងទៅ​ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ថា ដោយសារវិបត្តិ​សង្គ្រាមនៅរវាងរុស្ស៉ី និងអ៊ុយក្រែន ​បានធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ដោយ​នៅត្រីមាសទី៤នេះ ​ការនាំចេញវិស័យកាត់ដេរមានការថយចុះ​ ហើយបើធៀបឆ្នាំនិងឆ្នាំ អាចថយ​ចុះប្រហែល ១០ភាគរយ។ឯកឧត្តម លើកឡើងថា វិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ធ្វើឱ្យមានការកាត់បន្ថយការ​ប្រើប្រាស់​សំលៀកបំពាក់ ​និង​ប៉ះពាល់ដល់ការបញ្ជាទិញផងដែរ​នៅកម្ពុជា​ ព្រោះវិបត្តិនេះ ធ្វើឲ្យមាន​អត្រា​អតិផរណាកើនឡើង​នៅអាមេរិក ​​និងអឺរ៉ុប ​ដូច្នេះការចំណាយរបស់ពលរដ្ឋ ផ្តោតសំខាន់ទៅ​លើ​ប្រេងឥន្ធនៈ ថាមពល​ និងអគ្គិសនី។ឯកឧត្តម បានអះអាងថា ​គិតមកដល់ពេលនេះ​ ករណីការបិទរោងចក្រ ​ឬព្យួរ មានតិចតួចបំផុត។ បើសិនមានការបិទ​ ឬព្យួរការងារ ​ខាងក្រសួងនឹងត្រៀមដោះស្រាយជូនកម្មករតាមភាពជាក់ស្តែង និងយោងទៅតាមច្បាប់ការងារ​ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរបស់បងប្អូនកម្មករ។គិតត្រឹមខែកក្កដា ​ឆ្នាំ២០២២នេះ កម្ពុជាមានរោងចក្រកាត់ដេរប្រមាណ​ ១ ២៩១រោងចក្រ កំពុង​ដំណើរការនិងបានបង្កើតការងារដោយផ្ទាល់ជាង​ ៨៣ម៉ឺននាក់ ​និងដោយប្រយោលជិត ១លាននាក់។ សូមបញ្ជាក់ថា ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ​ដែលមានការបិទរោងចក្រ រាជរដ្ឋាភិបាល​បានផ្តល់ប្រាក់ជំនួយដល់កម្មករនិយោជិតវិស័យកាត់ដេរចំនួន​ ៤០ដុល្លារក្នុងមួយខែ និងភាគី​និយោជករោងចក្រ ក៏បានផ្តល់ចំនួន ​៤០ដុល្លារ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគាត់​ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ជើងហោះហើរជាច្រើន បាននិងកំពុងតភ្ជាប់មកកាន់កម្ពុជាឡើងវិញ ខណៈចំនួនអ្នកធ្វើដំណើរហក់ឡើងខ្ពស់

2022/10/13 01:21:05 pm        867
ភ្នំពេញ៖ ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ បានហក់កើនឡើងជាងបណ្តើរៗ ស្របពេល​ជើងហោះហើរ​ក៏បានកំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នា ជើងហោះហើរមួយចំនួន​ផ្សេង​ទៀតបានកំពុងតភ្ជាប់ជើងហោះហើរឡើងវិញជាបណ្តើរៗផងដែរ។ឯកឧត្តម ស៊ិន ចាន់សេរីវុធថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើកឡើង​ក្នុងសិក្ខាសាលាកាលពីថ្ងៃទី ​១២ ដល់ថ្ងៃទី ១៤ខែតុលា នេះថា ​បន្ទាប់ពីរាជរដ្ឋាភិបាល បាន​ខិតខំប្រឹងប្រែងទប់ស្កាត់នៃវិបត្តិនេះ ​ជាពិសេសបន្ទាប់ពីមានការបើកប្រទេសឡើងវិញ ជើងហោះហើរបានចាប់ផ្តើមភ្ជាប់ឡើងវិញជាបណ្តើរៗ ​ដោយមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន​មួយចំនួន បាននិងកំពុងតភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញផងដែរ។ឯកឧត្តម បន្តឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ ​បានកើនឡើងជាលំដាប់ ជាក់ស្តែង​នៅក្នុងខែតុលា បើធៀបនឹងខែកញ្ញា ឆ្នាំ២០២២ នេះ ​ចំនួនអ្នកធ្វើដំណើរតាមយន្តហោះ បាន​កើនឡើងជិត ៣០ ភាគរយ។ ចំណែកចំនួនជើងយន្តហោះ​ បានកើនឡើងក្នុងមួយខែៗ ចន្លោះ ៣០ ទៅ ៣៥ ភាគរយ។ បន្ទាប់ពីរាជរដ្ឋាភិបាលដកចេញនូវវិធានការ ដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ ​និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ពេលមកកម្ពុជា ​ឯកឧត្តម រំពឹងថា ចំនួនអ្នក​ដំណើរតាម​ជើងយន្តហោះ​ និងការតភ្ជាប់ជើងហោះហើរ ​នឹងកើនឡើងកាន់តែច្រើន។ឯកឧត្តម ថ្លែងថា ជុំវិញការបើកជើងហោះហើរនេះ រាជរដ្ឋាភិបាលក្រោមចក្ខុវិស័យរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​សម្តេចតេជោ​ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែង​ព្រលានយន្តហោះ ​ដែលទើបកើតឡើងចំនួន ២ គឺជាសមិទ្ធផលថ្មី ប្រកបដោយ​ស្តង់ដារខ្ពស់​ដែលអាចធ្វើឲ្យជើងយន្តហោះធំៗចុះចតបាន ​ដែលតាមរយៈនេះ ឯកឧត្តម រំពឹងថា នៅ​ថ្ងៃខាងមុខ ​បន្ទាប់ពីបើកឲ្យដំណើរព្រលានទាំងពីរនេះ កម្ពុជានឹងទទួលបានជើងហោះថ្មីៗ​បន្ថែម​ទៀត៕អត្ថបទ៖ សុន រ៉ាឌី

គយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ

2022/10/13 12:54:54 pm        706
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់​ដោយច្បាប់​ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។របាយការណ៍ចំណូលពន្ធគយត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និង​រដ្ឋាករ​រយៈពេល ៩ខែឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី ​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។កិច្ចប្រជុំនេះ មានការចូលរួមរបស់លោក-លោកស្រីអគ្គនាយករង​ លោកនាយកសាលាជាតិគយ ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានអង្គភាពគយនិងរដ្ឋាករក្រោមឱវាទ និង​មន្ត្រី​ជំនាញ​មួយចំនួន។ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះគយនិងរដ្ឋាករប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការ​កំណត់​​ដោយ​ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ​លទ្ធផលចំណូលនេះកើនឡើង ​១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០%។ ផ្អែកតាម​ចំណូលតាម​ប្រភេទ​ពន្ធនិង​អាករ ចំណូល​អាករពិសេស រួមចំណែក ៣៨,១% នៃចំណូលសរុប) ​ចំណូលអាករលើ​តម្លៃ​បន្ថែម ​ ៣៧,៦% នៃចំណូលសរុប) ​និងចំណូលពន្ធគយ១៨,៩% នៃចំណូលសរុប)។ចំពោះចំណូល​តាមក្រុមទំនិញ ឃើញថា ​យានយន្តនិងគ្រឿងចក្រមានចំនួន ៣ ៨៨៩,៦ ប៊ីលានរៀល (ត្រូវជា ៤៧,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦,៩ ប៊ីលានរៀល (ត្រូវជា ២៦,៧% នៃចំណូល​សរុប), ​ផលិតផលតេលសិលាមានចំនួន ​១ ៦៨៣,៦ ប៊ីលានរៀល (ត្រូវជា ២០,៤% នៃចំណូលសរុប), ​និងសម្ភារ​សំណង់​និងកម្រៃផ្សេងៗ​មានចំនួន ​៤៧៨,៥ ប៊ីលានរៀល (ត្រូវជា ៥,៨% នៃចំណូលសរុប)៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហេតុការណ៍យន្តហោះខ្នាតតូចធ្លាក់បុកអគារនៅប្រេស៊ីល បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់
05/05/2026 06:05 PM
WHO កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីជម្លៀសអ្នកដំណើរឆ្លងវីរុស Hanta ២នាក់ ចេញពីនាវាទេសចរណ៍
05/05/2026 06:05 PM
កូរ៉េខាងត្បូងនឹងស៊ើបអង្កេតអគ្គិភ័យលើនាវានៅច្រកសមុទ្រ Hormuz ខណៈលោក Trump បន្ទោសអ៊ីរ៉ង់
05/05/2026 06:05 PM
អ៊ុយក្រែនរិះគន់ «ភាពមិនស្មោះត្រង់»របស់រុស្ស៊ី មុនពេលមានបទឈប់បាញ់ដាច់ដោយឡែកពីគ្នា
05/05/2026 06:05 PM
ឯកអគ្គរដ្ឋទូត៖ ប្រមុខការទូតអាមេរិក លោក RUBBIO នឹងធ្វើការសន្ទនា «ដោយស្មោះត្រង់» ជាមួយសម្តេចប៉ាប LEO
05/05/2026 06:05 PM
លោក Trump និយាយពីកំណើនការនាំចេញប្រេងវែណេស៊ុយអេឡាថា ប្រេងរាប់រយលានបារ៉ែល កំពុងហូរចេញ
05/05/2026 06:05 PM
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
05/05/2026 06:05 PM
កងទ័ពអាល្លឺម៉ង់ស្នើដល់យុវជនជិត ២០០.០០០ នាក់ ឲ្យចូលរួមបំពេញកាតព្វកិច្ចយោធា
05/05/2026 06:05 PM
ពលរដ្ឋប៉េរូ ៣នាក់ វិលត្រឡប់ពីរុស្ស៊ីវិញ ខណៈគ្រួសារចោទប្រកាន់ពីការជួញដូរមនុស្សឲ្យចូលធ្វើសង្រ្គាម
05/05/2026 06:05 PM
ប្រមុខការពារជាតិជប៉ុនទៅទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងចំណងមិត្តភាពសន្តិសុខ និងធ្វើជាសាក្សីនៃសមយុទ្ធប្រយុទ្ធ
05/05/2026 06:05 PM