ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ
ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ
ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ
ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

សេដ្ឋកិច្ច និង កសិកម្ម

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់សរុបជាង ៣.៧ប៊ីលានដុល្លារ ក្នុងរយៈពេល៧ខែ

2022/08/23 11:55:09 am        676
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៣,៧៦ពាន់លានដុល្លារ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ​។ ទំហំនេះ បានកើនឡើងរហូតដល់ ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជា នាំចេញទំនិញសរុប ទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់ សរុប ១ ៣២៦ លានដុល្លារ កើនឡើង ៣.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុ​ជា។កម្ពុជា នាំចូលទំនិញពីប្រទេសវៀតណាម មានទឹកប្រាក់សរុប ២ ៤៣៩ លានដុល្លារ​ មានកំណើន ៣៥ ភាគរយ​ ធៀបនឹងរយៈ៧ខែឆ្នាំមុន។ក្នុងជំនួបជាមួយលោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទង​បរទេស​មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នាថ្ងៃទី ២២ សីហា នៅវិមានសន្តិភាព ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានជំរុញឱ្យភាគីវៀតណាម ជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែខ្លាំង​ថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីត​សង្គ្រាម​នៅតំបន់ព្រំដែន​ ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ។ ក្នុងជំនួបនេះ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនង​នយោបាយ»។គួបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជា ​នាំចេញទៅកាន់ប្រទេសវៀតណាម ភាគច្រើនជាផលិត​ផល​កសិកម្ម ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូជាដើម ​ខណៈនាំចូលពីវៀតណាម ដែកថែប ប្រេងឥន្ធនៈ ផលិតផលវាយនភណ្ឌជាដើម។កាលពីឆ្នាំ២០២១កន្លងទៅ ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ​និងវៀតណាម​ សម្រេចបាន ៩ប៊ីលានដុល្លារ។ រដ្ឋាភិបាលទាំងពីរ ​បានឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្មឱ្យកើនដល់ ១០ប៊ីលានដុល្លារ​ ក្នុងឆ្នាំ២០២២នេះ៕អត្ថបទ៖ វណ្ណៈ​ 

អង់គ្លេសបង្ហាញសេចក្តីលម្អិតលើកែលម្អប្រព័ន្ធអនុគ្រោះពន្ធទូទៅ

2022/08/22 01:43:04 pm        635
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ​បានបង្ហាញព័ត៌មានមួយថា រដ្ឋាភិបាល​អង់គ្លេស​បានចេញសេចក្តីលម្អិតជាងមុនមួយ​ អំពីសំណើកែលម្អប្រព័ន្ធ​អនុគ្រោះពន្ធទូទៅ(GSP)។ ប្រព័ន្ធកែលម្អនេះ មានលក្ខណៈធូរជាងមុនសម្រាប់ផលិតផលធ្វើដំណើរ​ ប៉ុន្តែ​សម្រាប់​ផលិតផល​សំលៀកបំពាក់​គឺរក្សានៅដដែល។សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ​កាលពីសប្តាហ៍កន្លងទៅនេះ​ បានលើកឡើងថា កម្ពុជា នៅតែ​ទទួលបាន​ប្រព័ន្ធអនុគ្រោះពន្ធទូលំទូលាយ ​ដោយគ្មានកំណត់កូតាសម្រាប់គ្រប់មុខទំនិញទាំងអស់ លើកលែងតែគ្រឿងសព្វាវុធសម្រាប់កម្ពុជា ​និង​រាល់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។បើតាមGMAC ប្រព័ន្ធអនុគ្រោះពន្ធទំលំទូលាយនេះ ស្ថិតក្នុងចំណោមប្រព័ន្ធអនុគ្រោះពន្ធ​ពីរ​ផ្សេង​​ទៀត ​ការអនុគ្រោះតាមស្តង់ដារ, ការអនុគ្រោះប្រសើរឡើង ដែលរដ្ឋាភិបាលអង់គ្លេស​បាន​កែលម្អ។ ប្រភពខាងលើ ​បានបន្ថែមថា ​ផលិតផលធ្វើដំណើរគឺរួចពន្ធក្រោមប្រព័ន្ធគ្រប់ថ្នាក់ទាំងបី ប៉ុន្តែ​សំលៀកបំពាក់​គឺរួចពន្ធតែក្រោមថ្នាក់ប្រសើរឡើង ​និងថ្នាក់ទូលំទូលាយ។ ឥឡូវនេះ ​លក្ខណៈវិនិច្ឆ័យសម្រាប់​ថ្នាក់ប្រសើរឡើង ​គឺជាលក្ខណៈវិនិច្ឆ័យភាពងាយរង​គ្រោះ​សេដ្ឋកិច្ច​សាមញ្ញ ដែលផ្ទុយពីលក្ខណៈវិនិច្ឆ័យសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធ​ GSP របស់អឺរ៉ុប។ មានន័យថា​ ស្ទើរតែរាល់ប្រទេសទាំងអស់ដែលមិនមែនជាប្រទេស​អភិវឌ្ឍន៍​តិចតួចបំផុត ពេលនេះ​គឺ​ជា​ផ្នែកនៃថ្នាក់ប្រសើរឡើង។ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និងចក្រភពអង់គ្លេស ​សម្រេចបាន​ ៥៨១លានដុល្លារ​ ក្នុងរយៈពេល​ប្រាំពីរ​ខែដំបូងនៃឆ្នាំ ​២០២២ ​បានកើនឡើង ៤៥.៥ ភាគរយធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន។ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសរួមមាន ​សំលៀកបំពាក់ ស្បែកជើង កាបូប កង់​ និងផលិតផលកសិកម្ម ​ខណៈដែលការនាំចូលសំខាន់ៗពី​អង់គ្លេសវិញ​ រួមមាន យានជំនិះ ​គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ​និងសម្ភារសំណង់៕ អត្ថបទ៖ ឈិត បូរ៉ាវី

រយៈពេល៧ខែឆ្នាំ២០២២ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានកំណើន៥៦០%

2022/08/20 01:17:13 pm        662
ភ្នំពេញ៖ ក្នុងរយៈពេល ០៧ ខែដើម ឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានប្រមាណជាង ៧៤ ម៉ឺននាក់ កើនឡើង ៥៦០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ គន្លងទៅ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បានថ្លែងឲ្យដឹងនៅឯខេត្តសៀមរាប នាល្ងាចថ្ងៃ​ទី១៩ ខែសីហានេះថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនា​នៅក្នុងអំឡុង​ពេលនេះ ​ជាភាគច្រើនភ្ញៀវការទូត ​ភ្ញៀវមកបំរើការងារ ​ភ្ញៀវអ្នកវិនិយោគទុន និងភ្ញៀវទេស​ចរ​បរទេស​នានាទៀត ​ដែលមកស្វែងការបណ្តាក់ទុនវិនិយោគទុននៅកម្ពុជា នៅក្រោយបរិបទកូវីដ​ធូរ​ស្រាល ឯភ្ញៀវអន្តរជាតិដែលអញ្ជើញមកដើរទស្សនា​កម្ពុជា​សុទ្ធ​តែម្តងគឺហាក់នៅមាន​កម្រិត​តិចតួច។ ឯកឧត្តម ថោង ខុន បន្តថា ការបើកដំណើរការសេដ្ឋកិច្ច ​សង្គមឡើងវិញនេះ បានជំរុញឱ្យមានការ​កម្សាន្ត​ទេសចរណ៍នៅ​តាមគោលដៅទេសចរណ៍សំខាន់ៗ​ ដូចជាក្នុងខេត្តសៀមរាប និង​រាជ​ធានី​ភ្នំពេញ ​ក៏ដូចជាខេត្តព្រះសីហនុ ​និងគោលដៅទេសចរណ៍មួយចំនួនទៀត មាន​សកម្មភាព​ទេសចរណ៍​ជាច្រើនឡើងវិញ។ឯកឧត្តម ថោង ខុន បន្តថា បច្ចុប្បន្នសម្រាប់តែខេត្តសៀមរាប​មួយវិញ​ សំគាល់ឃើញថា រយៈពេល​៧​ខែ​ឆ្នាំ២០២២នេះ ​ខេត្តសៀមរាប​ទាំងមូល​ទទួល​បានភ្ញៀវទេសចរសរុប​ចំនួន​១លាន២សែននាក់ ក្នុង​ទេសចរអន្តរជាតិចំនួន៨ម៉ឺន៤០០០នាក់ ​ហើយមានជើងហោះហើរពីក្រៅប្រទេសចូលទៅ​កាន់​ខេត្តសៀមរាប​មានចំនួន៥៥០ជើង និងមានអ្នកដំណើរអន្តរជាតិជិត៥ម៉ឺននាក់ ហើយក្រៅពី​ភ្ញៀវបរទេស​ជា​ភ្ញៀវទៅទស្សនាខេត្តសៀមរាបផ្លូវគោគ និងផ្លូវទឹក។ឯកឧត្តម ​ក្នុងបរិការណ៍នៃការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ​ក្រសួងទេសចរណ៍​ បាន​គិតគូរ និង​យកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាព​ជូនភ្ញៀវ​ទេសចរ តាមគន្លងថ្មី ​និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ទាំង​ទេសចរណ៍​អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ​ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែន​ការស្តារ និងអភិវឌ្ឍន៍​វិស័យទេស​ចរណ៍​ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕ អត្ថបទ ស៊ុម សុខជា

កំពង់ផែកម្ពុជាផ្លាស់ប្តូរទៅជាប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិច សម្រួលដល់ការនាំចេញ-នាំចូល

2022/08/18 03:19:44 pm        736
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិកកំពង់ផែ​ (Port EDI) ​នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័ត​ភ្នំពេញ ​ដើម្បីសម្រួលផ្នែកឯកជន ពេលនាវាចេញ-ចូលនៅកម្ពុជា កាត់​បន្ថយភាព​ស្មុគស្មាញ កាត់បន្ថយការប្រើក្រដាស ​ពេលវេលាយូរក្នុងការស្នើសុំនាវាចេញចូល។ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់​សាកល្បង​ជា​ផ្លូវការ​កាលពីថ្ងៃទី១៧ ខែសីហា ​ក្រោម​អធិបតីភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ ​និងដឹកជញ្ជូន។ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា Port EDI បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្រសួង​​​​សាធារណការ និងស្ថាប័នពាក់ព័ន្ធ រួបរួម​គ្នាធ្វើឱ្យចេញនូវប្រព័ន្ធ Port EDI នេះ ដើម្បី​ជួយ​សម្រួល​ដល់ផ្នែកឯកជន ​ពេលនាវាចេញ-ចូលនៅកម្ពុជា ​កាត់បន្ថយភាព​ស្មុគស្មាញ កាត់​បន្ថយការប្រើក្រដាស ពេលវេលាយូរក្នុងការស្នើសុំ​នាវា​ចេញចូលមកកម្ពុជា។ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួត​ពិនិត្យនាវាចរណ៍ចេញ-ចូល​នៅ​កម្ពុជា ​ដោយប្តូរការធ្វើការដោយដៃ ​មកធ្វើការលើប្រព័ន្ធ​អនឡាញវិញ ក្រោមជំនួយ​របស់​អង្គការចៃកា (JICA)។ដោយមានជំនួយពី JICA ក្រសួងបានរៀបចំប្រព័ន្ធផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូ​និកនៅកំពង់ផែ ដូច្នេះ​នៅពេលដែលកប៉ាល់មកដល់កម្ពុជាដំបូង ​ទម្រង់អនឡាញត្រូវបានប្រើប្រាស់ជំនួសវិញ។ មន្ត្រី​មានសមត្ថកិច្ចអាចពិនិត្យ​ឯកសារទាំងអស់ និងធ្វើការបានភ្លាមៗ​នៅពេលដែលកប៉ាល់មាន ។បច្ចុប្បន្ននេះ ​កម្ពុជាមានកំពង់ផែអន្តរជាតិធំៗចំនួនពីរ ​គឺកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ។ កំពង់ផែទាំងនេះ ផ្តល់សេវាកម្មដឹកជញ្ជូនក្នុងស្រុក ​និង​ក្នុងស្រុក ដែលកំពង់ផែទាំងពីរនេះដំណើរការនីតិវិធីដឹកជញ្ជូនដោយក្រដាស។ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកថ្មីនេះ​ កំពុងត្រូវបានអនុវត្តនៅកំពង់ផែ ខណៈពេលដែលការ​រំពឹង​ទុកនៃចំនួនកប៉ាល់​ និងទំនិញកើនឡើងយ៉ាងខ្លាំងឆ្លងកាត់កំពង់នាពេលអនាគត៕ អត្ថបទ៖វណ្ណៈ 

កម្ពុជានាំចេញទំនិញទៅអាម៉េរិក សម្រេចបានប្រមាណ៥ពាន់លានដុល្លារក្នុងរយៈពេល៧ខែ

2022/08/18 02:04:32 pm        454
ភ្នំពេញ៖ ការនាំចេញទំនិញកម្ពុជាទៅអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេច បាន​ប្រមាណ៥ពាន់លានដុល្លារ កើនឡើងចំនួន ៤៧.៣ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នាំ២០២១ ដែលមានប្រមាណ ៣ពាន់លានដុល្លារ។ទីផ្សារអាម៉េរិក នៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា​ ដែល​តំណាង ប្រមាណ ៤១ភាគនៃតម្លៃនាំចេញសរុប ១៣ ៧៦៩លានដុល្លារ ក្នុងរយៈពេលចាប់ពីខែមករា​ដល់ខែកក្កដា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា។របាយការណ៍ បានបង្ហាញថា ការនាំចេញមុខទំនិញកម្ពុជាទៅអាម៉េរិក ​ក្នុងរយៈពេល៧ខែ ឆ្នាំ​២០២២នេះ សម្រេចបានក្នុង​ ទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន ៤៧.៣ភាគរយ ចំពោះការនាំ​ចូលពី អាម៉េរិក​មកកម្ពុជាវិញ ​មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើង​ចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ ​មានទឹកប្រាក់១៩០លានដុល្លារ។មុខទំនិញ ដែលកម្ពុជានាំចេញភាគច្រើនមានដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង ​និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញមានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿង​អេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម។ប្រទេសដែលកម្ពុជានាំចេញច្រើន​ បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម ​មានចំនួន ១ ៣២៦លានដុល្លារ, ប្រទេសចិន ​មានចំនួន ៧០១លានដុល្លារ, ​ប្រទេសកាណាដា មានចំនួន ៦៩០លានដុល្លារ, ប្រទេសជប៉ុន ​មានចំនួន ៦៦៧លានដុល្លារ ​និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ។គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ទំនាក់ទំនងពាណិជ្ជកម្ម ​កម្ពុជា-អាម៉េរិក មាន​កំណើនគួរឱ្យកត់សម្គាល់ ​ដោយក្នុងឆ្នាំ២០២១ ​ទំហំពាណិជ្ជកម្ម កម្ពុជា-អាម៉េរិក​ មានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន​ ៧ ៤៩០លានដុល្លារអាម៉េរិក ​ខណៈអាម៉េរិក នាំចូល​មកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ

ភ្ញៀវទេសចរណ៍អន្តរជាតិ កក់សំបុត្រចូលមកកម្ពុជាមានចំនួនកើនឡើងជាបណ្តើរៗ

2022/08/18 01:11:42 pm        612
​ភ្នំពេញ៖ កម្ពុជាបានទទួលការកក់សំបុត្រសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសភ្ញៀវ​ទេសចរណ៍​មកពីសហគមន៍អឺរ៉ុប មានចំនួនល្អប្រសើរ ​បានកើនឡើងជាបណ្តើរៗវិញហើយ សម្រាប់វិសម្សកាល ​នៅក្នុងរដូវកាល​ High Season ដែលនឹងឈានចូលមកដល់ក្នុង​ពេលខាង​មុខនេះ។លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ​លើកឡើង​នៅថ្ងៃ ១៨ ខែសីហា ឆ្នាំ២០២២នេះថា ​ស្របពេលដែលកម្ពុជាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ ១៩ បាន​ល្អប្រសើរ ​និងស្របពេល​ពិភព​លោក​មានភាព​ស្ងប់ស្ងាត់​ជាងមុន​ នៅ​ក្នុងរដូវកាលហៃស៊ីសិន (High Season) ដែល​នឹងឈានមកដល់ចាប់ពីខែចុងខែ​ កញ្ញាខាងមុខ​ ដែលភ្ញៀវទេសចរណ៍អន្តរជាតិ ជា​ពិសេសភ្ញៀវទេសចរណ៍មកពីអឺរ៉ុបជាដើម តែង​តែ​បញ្ជាកក់សំបុត្រ ប្រទេសដែលជាគោលដៅ​ទេសចរណ៍​របស់ពួកគេ, ក្នុងនោះ​សម្រាប់កម្ពុជា​ដែលជាប្រទេសគោលដៅ​ដ៏​ល្អប្រសើរប្រកប​ដោយភាព​ទាក់ទាញ នៅក្នុងដំណាក់កាលនេះ ​សង្កេតឃើញថា ភ្ញៀវទេសចរណ៍​បរទេស បានចាប់​ផ្តើមកក់សំបុត្រចូលមកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ​ជាបណ្តើរៗហើយ ដោយមាន​ចំនួនកើនឡើងល្អប្រសើរ ស្របពេលជើងហោះហើរ ​ក៏មានចំនួនកើនឡើងបន្តិចម្តងៗ ដែល​ធ្វើឲ្យកម្ពុជា ចាប់ផ្តើមស្រូបយកចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ​កាន់តែច្រើនឡើងៗ ។គួររំលឹកថា ​សម្រាប់ឆមាសទី១ ឆ្នាំ២០២២ នេះ ​កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួន​ប្រមាណ​ជាង ៥០ ម៉ឺននាក់ ​កើនទ្បើងជាង ៣៩៤% ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈភ្ញៀវទេសចរណ៍​ផ្ទៃក្នុង​ ក៏មានការកើនឡើង​ប្រមាណជិត ៤០០%។ក្រសួងទេសចរណ៍ ក៏បានខិតខំផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់ភាព​កក់ក្ដៅ» ចូលរួមរៀបចំពិព័រណ៍វប្បធម៌ទេសចរណ៍ រៀបចំដំណើរទស្សនកិច្ចរបស់ប្រតិភូអន្តរជាតិ បង្កើត​ព្រឹត្តិការណ៍​កីឡាទេសចរណ៍​ ទេសចរណ៍ការ៉ាវ៉ាន់ (Caravan Tour) ផ្សព្វផ្សាយផ្លូវទស្សនា​កម្ពុជា (Cambodia Road Show)។ក្រៅពីការសិក្សាពីការរៀបចំកញ្ចប់​ទស្សនកិច្ចពិសេស​នៅ​ខេត្តសៀមរាបនេះ ​ក្រសួងទេសចរណ៍ក៏ត្រៀមរៀបចំព្រឹត្តិការណ៍​ទេសចរណ៍ផ្សេងទៀតដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អាជីវកម្មទេសចរណ៍ផ្តល់សេវាគ្មានគុណភាព នឹងមិនត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើយ

2022/08/17 12:39:50 pm        512
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន ថ្លែងថា គ្រប់អាជីវកម្មទេសចរណ៍ដែលបើកផ្តល់សេវាគ្មានគុណភាព គឺក្រសួងមិនអនុញ្ញាតឲ្យបើកដំណើរការនោះទេ។ថ្លែងក្នុងពិធី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជំនាញការិយាល័យជួរមុខ, គេហកិច្ច, និង​សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ​អមដោយពិធីប្រកាសទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃ​សមត្ថភាព​អ្នកជំនាញទេសចរណ៍ នៅថ្ងៃទី១៧ខែសីហានេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ការបើកអាជីកម្មទេសចរណ៍ផ្តល់សេវាមិនមានគុណភាពល្អនេះ គឺវាបង្កការប៉ះពាល់​ខ្លាំង ទៅដល់គោលនយោបាយទាក់ទាញទេសចរខ្លាំងណាស់ ។ឯកឧត្តម ថោង ខុន បន្តថា យ៉ាងណាក៏ដោយនៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងជួបការរាតត្បាត​កូវីដ១៩ ក្រសួងទេសចរណ៍ ​និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ វីត និង​អង្គការ​ពាក់ព័ន្ធ បាន​ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុង​វិស័យទេសចរណ៍នេះច្រើនណាស់ នៅ​តាមប្រព័ន្ធអនឡាញផង និងការបណ្តុះបណ្តាលដោយផ្ទាល់ផង​ ដើម្បី​ធានា​ជំរុញ​ការ​ផ្គត់ផ្គង់​ធនធានមនុស្ស​និងការផ្តល់សេវារបស់អាជីវកម្មក្នុងវិស័យទេសចរណ៍​ប្រកបគុណភាព។ឯកឧត្តម បន្តថា នៅក្នុងអំឡុងពេលក្រសួងមិនទាន់​បានបូកសរុបលទ្ធផល​ការបើកអាជីវកម្ម​ទេសចរណ៍​ឡើងវិញ​នោះទេ ​ខណៈសម្រាប់​គោលដៅ​ទេសចរណ៍​នៅ​ខេត្តសៀមរាបមួយ ក្នុង​រយៈពេល​៧ខែចុងក្រោយក្នុងឆ្នាំ២០២២នេះ គឺមាន​អាជីវកម្មទេសចរណ៍​ប្រមាណ ៤៦% បាន​បើក​ដំណើរការវិញ​ ហើយបាន​និងកំពុងមានតម្រូវការបុគ្គលិក​ជំនាញជាច្រើន​ចូល​បំរើការងារ​វិញផងដែរ៕ អត្ថបទស៊ុម សុខជា

រដ្ឋមន្រ្តីពាណិជ្ជកម្ម បើកកិច្ចប្រជុំដើម្បីពិនិត្យ​និងត្រៀមការងារប្រជុំសេដ្ឋកិច្ច​អាស៊ាននា​ខែកញ្ញាខាងមុខ

2022/08/17 12:30:25 pm        526
ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់ឆ្នាំ២០២២ ​និងកិច្ចប្រជុំពាក់ព័ន្ធ បានបើកកិច្ចប្រជុំត្រៀមលើកទី៣ ​កាលពីថ្ងៃទី១៦ ដើម្បី​តាមដានវឌ្ឍនភាពក្នុងការរៀបចំត្រៀមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ ​និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកញ្ញាខាងមុខ។ក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី១៦ ខែសីហាកន្លងទៅ បានឲ្យដឹងថា កិច្ចប្រជុំនេះ មាន​ការ​អញ្ជើញចូលរួមពីសមាជិកអនុគណៈកម្មការ និងក្រុមការងារលេខាធិការដ្ឋាន មន្រ្តីជំនាញ​ពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដានវឌ្ឍនភាពក្នុងការ​រៀបចំត្រៀម​កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗ រួមមាន៖ របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មការទាំងអស់ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ, អនុសាសន៍ណែនាំដោះស្រាយបញ្ហាប្រឈម និងទិសដៅ​ការងារបន្តជូនដល់គណៈកម្មការនិងអនុគណៈកម្មការនីមួយៗ​ និងបញ្ហាផ្សេងៗ។នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ជាទិសដៅការងារ​បន្ទាប់ ជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ដូចជា រៀបចំកន្លែង​ប្រជុំនិងសិល្បៈ, ទីតាំងរៀបចំកិច្ចប្រជុំ, ​សណ្ឋាគារស្នាក់នៅ សន្តិសុខ, ទីតាំងធ្វើតេស្តយកសំណាក និងតាមដានបញ្ជីជើងហោះហើររបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំ។ល។ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអង្គប្រជុំ ដែលបានខិតខំយកចិត្តទុកដាក់​បំពេញកាតព្វកិច្ច និងតួនាទី ក្នុងស្មារតីបុរេសកម្ម​ និងទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកិច្ចប្រជុំ​នានា​ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផល​ជូន​ជាតិយ៉ាងល្អប្រសើរ៕អត្ថបទ៖ឈិត បូរ៉ាវី 

កម្ពុជាកំពុងស្រូបយកឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរកាន់តែច្រើន ចូលរួមជំរុញកំណើនសេដ្ឋកិច្ច

2022/08/17 12:23:30 pm        527
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង ទាក់ទាញឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរកាន់តែច្រើន ដែលផលិតកម្មប្រភេទនេះ បានបង្កើតនូវតម្លៃបន្ថែមខ្ពស់ ដើម្បីជួយរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ​ថ្លែងលើកឡើង ក្នុង​កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃ ១៧ខែសីហា ឆ្នាំ២០២២ នេះថា ការ​ខិតខំ​ប្រឹងប្រែង​គៀងគររកអ្នកវិនិយោគរបស់រាជរដ្ឋាភិបាល ​មកដល់បច្ចុប្បន្នកម្ពុជាទទួលរោងចក្រ សហគ្រាស ជាពិសេសការអភិវឌ្ឍលើវិស័យកម្មន្តសាលមិនមែនកាត់ដេរបានកាន់តែច្រើន និង​បានកំពុងដំណើការ​នៅក្នុងប្រទេស ​ដែលវិស័យនេះបានកំពុងពង្រីកខ្លួនកាន់ធំនៅក្នុងសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិត បន្តថា ​កម្ពុជាពិតជាត្រូវការខ្សែច្រវ៉ាក់ផលិតកម្មប្រភេទនេះ ព្រោះកម្ពុជា​មិន​អាច​ពឹងផ្អែកលើវិស័យឧស្សាហកម្មកាត់ដេរ ​និងវិស័យកសិកម្មតែប៉ុណ្ណោះនោះឡើយ ខណៈដែលវិស័យ​ឧស្សាហកម្ម ​កម្មន្តសាលមិនមែនកាត់ដេរ ​បានកំពុងស្រូបយកធនធានជំនាញ និងបច្ចេកវិទ្យា ជា​ពិសេសបាន​ផ្តល់នូវតម្លៃបន្ថែមខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជួយរុញ​កំណើន​សេដ្ឋកិច្ច។សូមបញ្ជាក់ថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ ក្នុងនោះកម្ពុជា​បាននាំចេញដូចជា៖ គ្រឿងបំណែកអេឡិចត្រូនិក កង់ ​ផលិតផលពីឈើ ផលិតផល​ប្លាស្ទិច គ្រឿងបន្លាស់រថយន្ត ​និងផលិតផលឧស្សាហកម្មផ្សេងៗទៀត ​មានចំនួនជាង ២ ៦៥៩ លានដុល្លារអាមេរិក ​កើនឡើងប្រមាណជាង ៧៥៩ ​លានដុល្លារអាមេរិក ​ស្មើនឹង ៤០%, បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ២០២១។ចំណែកវិស័យកាត់​ដេរវិញ រាជរដ្ឋាភិបាល បានប៉ាន់ស្មានថា វិស័យនេះ នឹងរក្សាបានកំណើន ក្នុងអត្រា ១២,២% ក្នុងឆ្នាំ២០២២ ​ដែលគាំទ្រដោយភាពរឹងមាំនៃតម្រូវការខាងក្រៅ, ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលបញ្ចេញឥណទានគាំទ្រគម្រោងស្រូវអង្ករមានទំហំទឹកប្រាក់ ៨០ លានដុល្លារ

2022/08/16 01:00:32 pm        696
ភ្នំពេញ៖ រាជរដ្ឋាភិបាលបាន​បញ្ចេញឥណទាន ​គាំទ្រគម្រោងស្រូវអង្ករនៅកម្ពុជា គិតមកដល់​ពេល​នេះ មានទំហំទឹកប្រាក់ជាង ៨០ ដុល្លារអាមេរិក ​ដោយរាជរដ្ឋាភិបាល នឹងពិចារណាផ្តល់​ឥណទាន​បន្ថែម ​ដើម្បីជម្រុញផលិតកម្មស្រូវអង្ករ និង​ចូលរួមចំណែក​ដល់កំណើនសេដ្ឋកិច្ច​ក្រោយ​ពីវិបត្តិកូវីដ ១៩ នេះ។ឯកឧត្តម ចាន់ សីហា អគ្គនាយករង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម (ARDB) នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុង​កិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ នេះថា ចំពោះគម្រោងពិសេស​របស់​រាជរដ្ឋាភិបាល ដែលធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម បាន​អនុវត្តកន្លងមករួមមានគម្រោង​គាំទ្រ​ដល់វិស័យស្រូវ​អង្ករ​សម្រាប់ការ​នាំចេញ ​និងគម្រោងគំាទ្រដល់សហគ្រាសធុនតូច ​និងធម្យម ​ដែលពាក់ព័ន្ធវិស័យកសិកម្ម ដែលមាន​ទំហំទឹកប្រាក់សរុប ១០០ លានដុល្លារ។ឯកឧត្តម បន្តថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុវត្តគម្រោងនេះចាប់តាំងពីឆ្នាំ ២០១៦ ។ មកដល់ពេលនេះ ARDB បាន​បញ្ចេញ​ថវិកា​ប្រមាណជា ៨០ ​លានដុល្លារអាមេរិករួចហើយ គឺការ​គាំទ្រ​វិស័យស្រូវអង្ករតែមួយមុខគត់ ។ ​ចំណែកជំហានបន្តបន្ទាប់ទៀត ឯកឧត្តម រំពឹងថា រាជ​រដ្ឋាភិបាល នឹងពិចារណាផ្តល់ឥណទាន​បន្ថែម​ សម្រាប់គម្រោងទាំងនេះ ដើម្បីជម្រុញ​កំណើន​សេដ្ឋកិច្ច នៅក្រោយពីវិបត្តិជំងឺកូវីដ-១៩ នេះ។ទាក់ទងគម្រោងគាំទ្រស្រូវអង្ករ,លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​នឹងផ្តល់កញ្ចប់ថវិកាពិសេស ​ដើម្បីគាំទ្រដល់ស្រូវអង្ករកម្ពុជា ជាពិសេស​ការផ្តល់ឥណទានជាទុនបង្វែល សម្រាប់ការ​ប្រមូល​ទឹកស្រូវរបស់​ម្ចាស់សហគ្រាស​រោងម៉ាស៊ីន​ពី​កសិករ, គម្រោងពង្រីករោងម៉ាស៊ីនកិនស្រូវ និងគម្រោងសម្រាប់បង្កើតឡសម្ងួតជាដើម ។ ឯកឧត្តម ចាន់ សីហា បញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បាន​ចូលរួម​ចំណែកយ៉ាងខ្លាំង ​ជាពិសេសក្នុងការរីក​រាលដាល​ជម្ងឺកូវីដ ១៩ ​ដើម្បីលើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាជន ​និងសម្រាប់​ស្តុកស្បៀង​ក្នុងវិបត្តិដែលកំពុងកើតឡើងជាដើម, ជាក់ស្តែងការគាំទ្រ​សម្រាប់ការនាំចេញស្រូវអង្ករ ​តាមរយៈការផ្តល់ឥណទាន​មានការប្រាក់ទាបនេះ គឺជាការចូលរួម​ចំណែក​កាត់​នូវបន្ថយថ្លៃដើមដល់ម្ចាស់អាជីវកម្មជាច្រើនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកព្រឹទ្ធសភាហ្វីលីពីនអំពាវនាវឲ្យពង្រឹងសម្ព័ន្ធភាពការពារជាតិ អំឡុងទស្សនកិច្ចនៅតំបន់កោះមានជម្លោះជាមួយចិន
02/21/2026 05:02 PM
លោក Macron៖ សេចក្តីសម្រេចពីពន្ធរបស់តុលាការកំពូលអាមេរិក បង្ហាញពីតុល្យភាពអំណាច ក្នុងប្រទេសប្រជាធិបតេយ្យ
02/21/2026 05:02 PM
ក្រុមប្រដាប់អាវុធ សម្លាប់មនុស្សយ៉ាងតិច ៥០នាក់ ហើយចាប់ពង្រត់ស្ត្រី និងកុមារ នៅនីហ្សេរីយ៉ា
02/21/2026 04:02 PM
ស៊ែប៊ីជំរុញឲ្យពលរដ្ឋចាកចេញពីអ៊ីរ៉ង់ «ឲ្យបានឆាប់តាមដែលអាច» ក្រោយលោក Trump គំរាមប្រតិបត្តិការយោធា
02/21/2026 04:02 PM
លោកស្រី Takaichi សន្យាបញ្ចប់ការរឹតត្បិត និងពង្រឹងសន្តិសុខ នៅក្នុងសុន្ទរកថាគោលនយោបាយ
02/21/2026 04:02 PM
លោក Zelenskyy៖ អ៊ុយក្រែនរំដោះបានដែនដី ៣០០គីឡូម៉ែត្រការ៉េ អំឡុងការវាយបកនៅភាគខាងត្បូង
02/21/2026 04:02 PM
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
02/21/2026 03:02 PM
លោក Trump ជំរុញសហរដ្ឋអាមេរិកឲ្យធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈទីប្រឹក្សាឲ្យផ្តោតលើសេដ្ឋកិច្ច
02/21/2026 03:02 PM
សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង
02/21/2026 03:02 PM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លក់ទឹកបោះដុំឲ្យប្រតិបត្តិករឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច
02/21/2026 03:02 PM