ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

សេដ្ឋកិច្ច និង កសិកម្ម

ជប៉ុនសន្យាបង្កើនឥណទានសម្បទានទ្វេដង ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍនៅកម្ពុជា

2022/07/22 07:22:59 pm        375
ភ្នំពេញ៖ ជប៉ុនសន្យាបង្កើនឥណទានសម្បទានទ្វេដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ​របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។ឯកឧត្តម HATAEDA Mikio, អគ្គនាយក ទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកទីស្នាក់ ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន នៅក្នុងជំនួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំង​ទៅនឹងនៃជំងឺកូវីដ-១៩ ។ក្នុងជំនួបនេះឯកឧត្តម សន្យាបង្កើនឥណទានសម្បទានទ្វេដង ​សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ​និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បី​ជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាង​កក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចការងាររបស់​ ឯកឧត្តម HATAEDA Mikio មកកម្ពុជា។ ក្នុងជំនួបនេះ ​ឧបនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិនៃប្រទេសជប៉ុន (JICA), ​បានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការ​ផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌ​ហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការ​អនុវត្តគោល​នយោបាយ និង​យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់​កាលដែល រាជរដ្ឋាភិបាល ដាក់ចេញ​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ​និងសង្គមកម្ពុជា ។ជាក់ស្តែងស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាង​សកម្មឥតឈប់ឈរ ដើម្បី​សម្រេចបាន នូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់​ទិសឆ្ពោះ​ទៅចក្ខុវិស័យ​ក្លាយ​ជាប្រទេសមានចំណូល ​មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់មិត្តជប៉ុន ​ជាធាតុចូលមួយយ៉ាងសំខាន់ ​ដែលបាន​ ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗ​នានារបស់រាជរដ្ឋាភិបាលកម្ពុជា, ​ជាក់ស្តែងតាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ​ជាពិសេសនៅក្នុងក្រប ខ័ណ្ឌអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្តរួមមាន​ កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ​ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង ​រោងចក្រផលិតទឹកស្អាតជាដើម ​ដែលសកម្មភាពទាំងនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ថា ប្រទេសជប៉ុន ​នៅតែជា​មិត្តភ័ក្ដិ​ដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍​ដ៏សំខាន់​មួយសម្រាប់ប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញរបស់កម្ពុជា នៅបន្តកើនឡើង ទៅទីផ្សារអាមេរិក

2022/07/22 06:59:26 pm        328
ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីកម្ពុជាមិនទាន់ទទួលបានការបន្តប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីអាមេរិក បានស្ថិតដល់កម្រិតខ្ពស់ ដោយសបញ្ជាក់ឲ្យឃើញពីសមត្ថភាព ការផលិត និងទីផ្សារផ្គត់ផ្គង់ទំនិញរបស់កម្ពុជា។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទ​ព័ត៌មានស្តីពីសមិទ្ធិផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ថា ចំពោះប្រទេសដែលមានការអភិវឌ្ឍតិចតួច សហរដ្ឋអាមេរិកបានផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ ការផ្តល់ភាពអនុគ្រោះពន្ធនេះមិនមែនផ្តល់ជូនគ្រប់មុខទំនិញ នឹងគ្រប់ប្រទេស​នៃចេញ​ទៅ​កាន់ទីផ្សារសហរដ្ឋអាមេរិកនោះផងដែរ។ឯកឧត្តម បន្តថា ជុំវិញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកវិញ ទោះបីសហរដ្ឋអាមេរិកមិនបានផ្តល់​អាជ្ញាប័ណ្ណ​នៃប្រព័ន្ធអនុគ្រោះពន្ធ តាំងពីខែ មករា ដើមឆ្នាំ ២០២១ មក, ក្នុងកាលៈទេសៈនេះ កម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិកដោយបង់ពន្ធ ក្នុងនោះសម្រាប់ការនាំចេញផលិតផល​សំលៀកបំពាក់​របស់កម្ពុជា​ មិនទទួលបាន GSP នោះទេ ដោយកម្ពុជា​បានបង់ពន្ធលើផលិតផលនេះ ក្នុងរង្វង់ប្រមាណពី ១២ ទៅ ១៩% ។ ចំណែកការទទួលបាន GSP មានតែផលិតផលកាបូប​ធ្វើ​ដំណើរ​ប៉ុណ្ណោះ តែទោះបីសហរដ្ឋអាមេរិកមិនទាន់អនុម័តប្រព័ន្ធ​អនុគ្រោះពន្ធ ​ក៏ដោយ ការនាំចេញ​មុខទំនិញទៅកាន់សហរដ្ឋអាមេរិកមានកំណើនគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះប្រសិន​សហរដ្ឋ​អាមេរិក​បានអនុម័តប្រព័ន្ធអនុគ្រោះពន្ធ នេះ យើងក៏ទទួលបានពន្ធដែលបានបង់នាពេលកន្លងមក មកវិញផងដែរ ​ហើយទំហំនៃការនាំចេញរបស់កម្ពុជាអាចនឹងកើនឡើងបន្ថែមទៀត។ សូមបញ្ជាក់ថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ នេះ ​ការធ្វើពាណិជ្ជកម្មអន្តរជាតិ មានទំហំទឹកប្រាក់​សរុប ជាង ២៧ ពាន់លានដុល្លារអាមេរិក ​ក្នុងនោះសម្រាប់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មាន​ទំហំទឹក​ប្រាក់ប្រមាណ ៤ ៨១៧ លានដុល្លារអាមេរិក គឺកម្ពុជាបាននាំចេញ មានទឹកប្រាក់ ៤ ៦៤៨ លានដុល្លារអាមេរិក ​ខណៈការនំាចូលពីសហរដ្ឋអាមេរិក​ មានចំនួនទឹកប្រាក់ ១៦៨ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឥណ្ឌា ឯកភាពគ្នាជំរុញកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ

2022/07/21 09:17:42 pm        437
ភ្នំពេញ៖ ប្រទេសកម្ពុជា និងឥណ្ឌា បានឯកភាពគ្នា​លើការបន្តកិច្ចសហការសម្របសម្រួល និងជំរុញ​សកម្មភាពធុរកិច្ចនិងវិនិយោគ ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម​ រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Karthik Tallam កុងស៊ុល​កិត្តិយស កម្ពុជាប្រចាំទីក្រុង​ Bangalore ​នៃសាធារណរដ្ឋឥណ្ឌា បានពិភាក្សាលើកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងជំនួបកាលពីថ្ងៃទី២០​ ខែកក្កដាកន្លងទៅ នៅក្រសួងពាណិជ្ជកម្ម។ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ​គណៈប្រតិភូឥណ្ឌា​មកកាន់ប្រទេសកម្ពុជា​ និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្ម ព្រមទាំង​បានថ្លែងថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្រ្តជាយូរណាស់មកហើយ ជាពិសេសឆ្នាំ២០២២នេះ ជាខួបគម្រប់៧០ឆ្នាំនៃ ​ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋឥណ្ឌាផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថាក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយស្ថានទូត​ឥណ្ឌាប្រចាំកម្ពុជា និងសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ​ក្នុងការរៀបចំព្រឹត្តិការណ៍នានា ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ​ លើវិស័យពាណិជ្ជកម្ម​ និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។ជាមួយគ្នានេះ ឯកឧត្តម Karthik Tallam បានជម្រាប អំពីគោលបំណងនៃគណៈប្រតិភូឥណ្ឌាមកកាន់​ក្រសួងពាណិជ្ជកម្មថា ​គឺដើម្បីស្វែងរកការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្ម​ក្នុង​ការរៀបចំកម្មវិធី​ Business Excellence Awards 2022 ដែលរៀបចំដោយសភាពពាណិជ្ជកម្ម​ឥណ្ឌា​ប្រចាំ​កម្ពុជា ក្នុងគោលបំណងអបអរសាទរខួបគម្រប់៧០ឆ្នាំ នៃចំណងការទូតកម្ពុជា-ឥណ្ឌា ដែល​ព្រឹត្តិការណ៍​នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ​ នៅរាជធានីភ្នំពេញ ដោយមានការ ចូលរួមពីស្ថាប័នរដ្ឋរបស់កម្ពុជា ព្រមទាំងវិស័យឯកជនឥណ្ឌាជាង២០០​ក្រុមហ៊ុន​ផងដែរ។ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច​និងវិនិយោគ ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម ​រវាងប្រទេសទាំង២ ឱ្យកាន់តែរីក​ចម្រើនបន្ថែមទៀត។គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា មានទំហំទឹកប្រាក់ជាង ៣១១លាន​ដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌាក្នុងទំហំទឹកប្រាក់ជាង ១២៦​លានដុល្លារអាមេរិក ​និងឥណ្ឌានាំចេញមកកម្ពុជា​ ក្នុងទំហំទឹកប្រាក់ជាង ​១៨៥លានដុល្លារអាមេរិក៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា-ថៃពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម

2022/07/21 08:03:12 pm        644
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះអនុស្សារណៈយោគយល់ដើម្បីបង្កើនចំណង​មិត្តភាព​ឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹង​សមត្ថភាព​ស្ថាប័ន​ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។អនុស្សារណៈយោគយល់ ​ត្រូវបានចុះហត្ថលេខារវាង ​គណៈប្រតិភូក្រសួងសាធារណការ និងដឹក​ជញ្ជូនកម្ពុជា ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រថៃ កាលពីថ្មីៗនេះ នៅទីក្រុងបាងកក។ យោងតាមក្រសួងសាធារណការ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ ធ្វើឡើងដោយ​ការស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ និងការគាំទ្រលើវិសាលភាព និង កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ​ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន ​យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការ​អនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ។តាមរយៈអនុស្សារណៈនេះ ភាគីទាំងពីរ មានគោលបំណងសម្តៅ សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យ​ភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើន​ផលិតផលក្នុងស្រុកសរុប និង​សន្ទស្សន៍​ប្រតិបត្តិការភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និង​សមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។ថ្លែងក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនភាគីថៃអំពីការយកចិត្តទុកដាក់ និង​កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការតាក់តែងសេចក្តីព្រាងផែនការមេ​ស្តីពី​ការតភ្ជាប់ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ និងភស្តុភារកម្មនៅកម្ពុជា។លោកជំទាវ បានបញ្ជាក់ថា ផែនការមេនេះ​ មានបញ្ចូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែករឹង និងផ្នែកទន់ ​ដែលរួមមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ ​ផ្លូវដែក​ ផ្លូវល្បឿនលឿន ផ្លូវទឹក ​ផ្លូវសមុទ្រ កំពង់ផែ អាកាសយានដ្ឋាន ​និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដែលត្រូវការទឹក​ប្រាក់​ប្រមាណ ៥០ពាន់លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល១០ឆ្នាំ៕ អត្ថបទ៖ វណ្ណៈ

NBCនឹងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់ ដើម្បីរក្សាតម្លៃប្រាក់រៀល

2022/07/21 07:52:03 pm        600
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ខណៈការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក អាចនឹងធ្វើឱ្យមានសម្ពាធអត្រាប្តូរប្រាក់រៀល ប្រឈមនឹងសម្ពាធនៃការធ្លាក់ថ្លៃ។ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងក្នុងពិធីបិទសន្និបាត​បូក​សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិ​នៃកម្ពុជា នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២២ ថា ស្ថានភាពអត្រាអតិផរណា​មានភាពមិនប្រាកដ​ប្រជាខ្ពស់ ដោយអាស្រ័យជាចម្បង ​លើឥទ្ធិពលនៃការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេង ​និងការអនុវត្តវិធានបិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់កា​រ​រាលដាល​នៃជំងឺកូវីដ-១៩ ក្នុងនោះបើតាមការរំពឹងទុក ​ថ្លៃប្រេងនឹងថយចុះ ​អតិផរណាក៏ត្រូវបាន​ព្យាករណ៍ថា ​ថយចុះផងដែរ ​នៅឆមាសទី២នេះ។ ការដំឡើងអត្រាការប្រាក់គោល​របស់​ធនាគារកណ្តាលអាមេរិក មិនមានឥទ្ធិពលដោយផ្ទាល់​លើ​អត្រាការ​ប្រាក់នៅកម្ពុជា ​ប៉ុន្តែអាចធ្វើឱ្យមានសម្ពាធលើអត្រាប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់​ដុល្លារ​អាមេរិក​នៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តម ស្នើរដល់មន្រ្តីធនាគារទាំងអស់​ បន្តអនុវត្តការងារឲ្យបានផុលផុសរួមមាន៖ ការបន្តរក្សា​ស្ថិរភាព​អត្រាប្តូរប្រាក់៖ ដោយសារប្រាក់ដុល្លារអាមេរិក ​មាននិន្នាការឡើងថ្លៃ​នៅលើទីផ្សារអន្តរជាតិ ប្រាក់រៀលនឹងបន្តប្រឈមនឹងសម្ពាធធ្លាក់ថ្លៃ។ធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សា​តម្លៃ​ប្រាក់​រៀលឱ្យមានស្ថិរភាព ​ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ​ក៏ដូចជាប្រាក់ចំណូល របស់ប្រជាពលរដ្ឋងាយរងគ្រោះ។ក្នុងទិសដៅនេះ ការបន្តជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងវិស័យ​សាធារណៈ វិស័យ​ឯកជន​ និងប្រជាពលរដ្ឋទូទៅពិតជាមានសារៈសំខាន់​ណាស់ ក្នុងការ​លើក​កម្ពស់តម្លៃប្រាក់រៀលដោយផ្ទាល់ ​និងពង្រឹងប្រសិទ្ធភាព ឧបករណ៍នយោបាយរូបិយវត្ថុជារួម៕ អត្ថបទ៖ សុន រ៉ាឌី

ការលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជាតាមដងទន្លេមេគង្គ ចាប់ផ្តើមកើនឡើងវិញ

2022/07/21 07:25:42 pm        695
ភ្នំពេញ៖ ក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា និងក្រុមហ៊ុននាវាទេសចរណ៍អន្តរជាតិនានាទៀត បាននាំគ្នាបើកដំណើរការអាជីវកម្មនាវាទេសចរណ៍ឡើងវិញ ដើម្បីដឹកទេសចរជាតិអន្តរជាតិ ទស្សនាកម្ពុជា វៀតណាម នៅតាមផ្លូវទឹកតាមទន្លេមេគង្គ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​បើកប្រទេស ​និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញមក។លោក ផាន សុបិន តំណាងក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា ​បានថ្លែងប្រាប់BTVនៅថ្ងៃទី២១ ខែកក្តដានេះថា ​ក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា បានចាប់ផ្តើមបើកដំណើរការដឹកភ្ញៀវទេសចរជាតិ​អន្តរជាតិទស្សនាកម្ពុជា វៀតណាម តាមដងទន្លេមេគង្គ នៅដើមខែកក្តដានេះ ហើយនៅក្នុង​ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនលោក បើកដំណើរការចំនួន២នាវា ឆ្លងដែនចេញចូលកម្ពុជា​ វៀតណាម ហើយដោយសារនៅក្នុងអំឡុងពេលនេះមានភ្ញៀវទេសចរអន្តរជាតិ​កក់ទិញ​កញ្ចប់​ទេសចរណ៍ទស្សនាកម្ពុជាតាមផ្លូវទឹកនេះ​បន្តមានកំណើនច្រើន លោកនឹងបង្កើនការបើក​ចំនួនប្រាំ​នាវា​បន្ថែមទៀត។ លោក ផាន សុបិន បានថ្លែងថា នៅមុនបរិបទកូវីដ១៩មិនទាន់រាតត្បាត មានក្រុមហ៊ុន​នាវា​ទេសចរណ៍ជាតិអន្តរជាតិចំនួន ៥ក្រុមហ៊ុន ​ក្នុងនោះមានក្រុមហ៊ុនជាតិចំនួន២ បើកដំណើរការដឹក​ជញ្ជូនភ្ញៀវទេសចរជាតិអន្តរជាតិទស្សនាកម្ពុជា ​វៀតណាម តាមដងទន្លេមេគង្គយ៉ាងសកម្ម ហើយក្នុងអំឡុងមានការរាតត្បាត​កូវីដ១៩ ជាង២ឆ្នាំនេះ​ អាជីវកម្មនាវាទេសចរណ៍ដឹកទេសចរឆ្លង​ដែន​ចេញចូលកម្ពុជាវៀតណាមនេះបានផ្អាក ​ហើយទើបតែរហូតមកដល់ពេលនេះទេ គឺមាន​តែក្រុមហ៊ុនលោក​ដែលជាក្រុមហ៊ុនក្នុងស្រុកបានសម្រេចចិត្តបើកមុនគេ។ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការបើកអាជីវកម្មដឹកទេសចរ​ជាតិអន្តរជាតិ ឆ្លងដែនតាមច្រកព្រំដែនផ្លូវទឹក ​មកទស្សនាកម្ពុជា នឹងជម្រុញកំណើនភ្ញៀវ​ទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា​ កើនលើស ១លាននាក់នៅដំណាច់ឆ្នាំ២០២២នេះ ខណៈក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានជាង៥០ម៉ឺននាក់។ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ហោ សារុន ក៏បានស្នើឲ្យបណ្តាក្រុមហ៊ុននាវា​ទេសចរណ៍សូម​កុំ​ដំឡើងថ្លៃ​កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជាតាមផ្លូវទឹក និងត្រូវបង្កើនការផ្តល់សេវាប្រកប​ដោយ​គុណភាព បដិសណ្ឋារកិច្ចល្អ ដើម្បីបង្កើតភាពទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា​កាន់តែ​ច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា

ហាងឆេងមាសនៅបន្តធ្លាក់ចុះ ដោយសារការដំឡើងអត្រាប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក

2022/07/21 07:16:47 pm        1010
ភ្នំពេញ៖ អ្នកជំនាញអាជីវកម្មមាសថា តម្លៃហាងឆេងមាសនឹងធ្លាក់ចុះបន្ថែមទៀត ដោយសារ​ធនាគារ​កណ្តាលសហរដ្ឋអាមេរិក នឹងបន្តឡើងថ្លៃអត្រាការប្រាក់ដុល្លារ ចំណែកចំពោះ​អតិថិជន និង​អាជីករដែលវិនិយោគនៅលើតម្លៃហាងឆេងមាស​ គួររង់ចាំក្នុងរយៈពេលខ្លីខាងមុខនេះ ។លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities លើកឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ នេះថា បច្ចុប្បន្នកំពុងមានការប្រែប្រួល ដោយសារពាក់ព័ន្ធនឹងតម្រូវការរបស់ហាង​ឆេងមាស​ផ្ទាល់ និងកត្តាមួយទៀត ​ពាក់ព័ន្ធនឹងបម្រែបម្រួលតម្លៃលុយដុល្លារសហរដ្ឋអាមេរិក ព្រោះ​តម្លៃ​ហាងឆេងមាស គឺធ្វើការប្តូរផ្លាស់ជាមួយលុយដុល្លារសហរដ្ឋអាមេរិក។ជាក់ស្តែងនាប៉ុន្មានខែចុងក្រោយនេះ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ២ ០៧០ ដុល្លារក្នុង​មួយ​អោន ហើយក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះវិញ​ តម្លៃហាងឆេងមាសបន្តធ្លាក់ដល់ ១ ៧០០ ដុល្លារ ក្នុងមួយអោន ដែលការធ្លាក់ចុះ ដោយសារតែតម្លៃហាងឆេងមាសបានចាប់ផ្តើម​បាត់បង់​តម្រូវការដោយសារបច្ចុប្បន្ន​ធនាគារ​កណ្តាលនៃសហរដ្ឋអាមេរិក កំពុងរៀបចំគោលនយោបាយ​ក្នុងការ​ដំឡើង​អត្រាប្រាក់ ដើម្បីឲ្យប្រាក់ដុល្លាឡើងថ្លៃ។សូមបញ្ជាក់ថា ជុំវិញការនាំចូលមាសនេះ យោងតាមរបាយការណ៍​អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចូលមាស មានតម្លៃ ១ ២៨១ លានដុល្លារ​អាមេរិក ថយចុះជាង ៤៧% ​បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២១។ ​នៅក្នុងរយៈពេលនេះដែរ កម្ពុជា​ក៏​បាននាំចេញមាស ​មានទំហំទឹកប្រាក់ប្រមានជាង ​៨៤លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

ដំណឹងល្អ..! ពីថ្ងៃទី២១-៣១ ខែកក្កដា ឆ្នាំ២០២២ តម្លៃប្រេងឥន្ធនៈបានបន្តធ្លាក់បន្ថែមទៀត ធៀបនឹងសន្ទស្សន៍ចាស់

2022/07/21 06:09:34 pm        856
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី២១-៣១ ខែកក្កដា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៨០០រៀល/លីត្រ(ចុះ ៤៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ(ចុះ ៣០០រៀល)។

ប្រាក់ឈ្នួលអប្បរមា សម្រាប់វិស័យកាត់ដេរ និងវាយនភណ្ឌ រំពឹងកើនដល់ជាង ២០០ដុល្លារ

2022/07/20 09:28:47 pm        747
ភ្នំពេញ៖ កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា ចង់ឃើញការតម្លើងប្រាក់ឈ្នួលកើនឡើង​បន្ថែមទៀត ប្រមាណជាង ២០០ដុល្លារ ដើម្បីឲ្យសមាមាត្រទៅនឹងការចំណាយប្រចាំថ្ងៃក្នុងការ​រស់នៅ និងសេដ្ឋកិច្ចបច្ចុប្បន្ន ខណៈការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ បានឈាន​មកដល់ចាប់ពីខែកក្កដានេះតទៅ។ជួបសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ កម្មការនី ឆ ហុងមួយ និងកម្មករ សាំង សុធា បច្ចុប្បន្នបម្រើការងារក្នុងរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅ​តំបន់វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​បាននិយាយថា ប្រាក់ឈ្នួលត្រូវបាន​ដំឡើង​ជាបន្តបន្ទាប់រហូត ១៩៤ដុល្លារ ក្នុង១ខែៗ ​ប៉ុន្តែការចំណាយក៏កើនដូចគ្នា ​ដូចជាថ្លៃបន្ទប់ជួល និងថ្លៃអាហារហូបចុកជាដើម។លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា ​(GMAC) បាន​លើក​ឡើងថា ការចចារប្រាក់ឈ្នួល​អប្បបរមា ​ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៧ ដែលមាន​លក្ខណៈវិទ្យាសាស្រ្ត​ជាក់ស្តែង ​និងត្រូវពឹងផ្អែកលើតួលេខផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីយកមកធ្វើជាមូលដ្ឋាន។ លោកបន្ថែមថា ចំពោះមុខ សូមឲ្យកម្មករនិយោជិត​ទាំងអស់ ព្យាយាមសហការជាមួយភាគី​និយោជក ​ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាពការងារ ព្រោះ ​មានតែផលិតភាពការងារទេ ដែលជួយ​ធ្វើឲ្យកម្រិតប្រាក់ចំណូលរបស់សហគ្រាស រោងចក្រកើនឡើង។ឯកឧត្តម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានបញ្ជាក់ថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ ​នៅខែកក្កដានេះ​ ជាការចាប់ផ្តើមពិភាក្សា ជា​លក្ខណៈផ្ទៃ​ក្នុង​របស់ភាគីនីមួយៗ ​ហើយនៅខែសីហា ​ជាការចាប់ផ្តើមពិភាក្សា ​ជាលក្ខណៈទ្វេភាគី​ និងត្រីភាគី។ នៅខែកញ្ញា ក្រសួងនឹងបើកកិច្ចប្រជុំរួម ​ដើម្បីសម្រេច និងបញ្ចប់ផ្លូវការ៕ អត្ថបទ៖ ឈិត បូរ៉ាវី

មៀនប៉ៃលិនរបស់កម្ពុជា នឹងនាំចេញទៅទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ

2022/07/20 09:20:34 pm        787
ភ្នំពេញ៖ មន្រ្តីជំនាញ រំពឹងថា មៀនប៉ៃលិនស្រស់របស់កម្ពុជា នឹងនាំចេញទៅទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗ ដ៏ខ្លីខាងមុខនេះ ខណៈក្រុមហ៊ុននាំចេញក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត បានចុះកុងត្រាលើតម្លៃបញ្ជាទិញមៀន ជាមួយសហគមន៍មៀនប៉ៃលិនទាំង ៤ ខេត្ត​ រួមមាន៖ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅអង្គភាពអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះថា ជុំវិញកសិកផលមៀនប៉ៃលិន អគ្គ​នាយករដ្ឋបាលគយចិន បានធ្វើការសន្និដ្ឋានហើយថា ផ្លែមៀនប៉ៃលិនរបស់កម្ពុជា មានគុណភាព​ល្អជាងគេ ​នៅក្នុងអាស៊ីអាគ្នេយ៍, ចំណែកពាក់ព័ន្ធទៅនឹងសមាសភាពចង្រៃ តាមការពិនិត្យ​​អនាម័យ គឺមិនមានសមាសភាពចង្រៃលើមៀនប៉ៃលិនផងដែរ ក្នុងនោះសម្រាប់ការវាយតម្លៃនៅតាមចម្ការវិញ កម្ពុជាមានការដាំដុះល្អ រៀបជាជួរបានស្អាត និងអនុវត្តតាមស្តង់ដារបានត្រឹមត្រូវផងដែរ។ឯកឧត្តម លើកឡើងបន្តថា តាមរយៈនៃការវាយតម្លៃរបស់ក្រុមមន្រ្តីជំនាញចិនរួមជាមួយ​មន្រ្តីជំនាញ​របស់កម្ពុជាខាងលើ ​និងការវាយតម្លៃដំណាក់កាលចុងក្រោយ​ គឺបានបង្ហាញនូវលទ្ធផលជាផ្លែផ្កា ដោយ​ឯកឧត្តម រំពឹងថា ផ្លែមៀនស្រស់របស់កម្ពុជា ​នឹងអាចនាំចេញទៅកាន់ទីផ្សារចិន​ដ៏ឆាប់ៗ​ខាងមុខនេះ។ចំណែកលោក ស្រេង ស្រៀង ប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន ថ្លែងថា ប្រជាកសិករ​នៅក្រៅ និងក្នុងសហគមន៍​ បានយកចិត្តទុកដាក់ខ្ពស់នៅលើការដាំដុះ ដែលបច្ចុប្បន្នកសិករ​ទាំង​នោះកំពុងអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ និង​អង្គការ​ដៃគូ​ផ្សេងៗទៀត​ លើគម្រោងការដាំដុះកសិកម្មល្អ ឲ្យក្លាយជាដំណាំមានសក្តានុពល​មួយទៀត​របស់​កម្ពុជា ដើម្បីជម្រុញការនាំចេញផ្លែមៀនប៉ៃលិននេះប្រកបដោយសត្តានុពលខ្ពស់។ក្រសួងពាណិជ្ជកម្ម​ បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធីប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិន ​ទាំង ៤ ខេត្ត រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង ​បន្ទាយមានជ័យ ​និងពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែកក្កដា។ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បញ្ជាក់ថា ​តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នានេះ​ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផតអិចផត បានចុះកិច្ចសន្យាទិញមៀនប៉ៃលិន ជាមួយ​សហគមន៍​មៀន​ប៉ៃលិន ​នៅក្នុងតម្លៃជាក់​លាក់​ពីចាប់ពី ៣ ៣០០ ទៅ ៤ ៥០០រៀល/គក្រ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM