ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

សេដ្ឋកិច្ច និង កសិកម្ម

រោងចក្រ​ផលិត​សម្បក​កង់រថយន្ត តម្លៃ​ជាង​ ៣០០​លានដុល្លារ កំពុង​សង់​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2022/05/27 09:30:36 pm        475
ព្រះសីហនុ៖ គម្រោងរោងចក្រផលិតសំបកកង់ដែលវិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTDកំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះ​ក្រោមទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក។ស្ថានទូតចិនប្រចាំនៅកម្ពុជា លើកឡើងកាលពីពេលថ្មីៗនេះ ថា គម្រោងរោងចក្រផលិតសំបកកង់​ដែល​វិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTD គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ ​ក្រោយពីសាងសង់រួចនឹង​អាច​បង្កើត​ជាឱកាសការងារក្នុងតំបន់សរុប១៦០០កន្លែង។គម្រោងនេះ ​ឆ្លុះបញ្ចាំង​ពី​ការកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងតែជំរុញ​ប្រកបដោយ​ភាព​លំនឹង។លោក Chen Jiangang ​អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ថា ​ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១ ​ត្រូវ​បាន​បញ្ចប់ ហើយការ​សាងសង់​តំបន់​ទ្រទ្រង់ទីក្រុង និងសួនឧស្សាហកម្មដំណាក់កាលទី២ ​ក៏កំពុងតែជំរុញជាបន្តបន្ទាប់។ លោក លើកឡើងថា បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំង បានជួយ​ដោះស្រាយ​ប​ញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។លោក Chen Jiangang បញ្ជាក់ថា នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមាន​សហគ្រាស​តាំង​ទីតាំង​កើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺន​ដល់​១០ម៉ឺននាក់។សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមាន​លក្ខណៈសម្គាល់​នៃ​គំនិត​ផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលកសាងរួមគ្នា​ដោយចិននិងកម្ពុជា។ យោងតាមទិន្នន័យ​គយ​ក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូលនិងនាំ​ចេញ​សរុបរបស់សហគ្រាសក្នុងតំបន់ខាងលើនេះ​កើនដល់ ២២៣៤លានដុល្លារអាមេរិក កើនឡើង ៤២.៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ក្នុងត្រីមាសទី១ ឆ្នាំ ២០២២នេះ តម្លៃការនាំចូលនិងនាំចេញសរុបកើនដល់ ​៧១០ លាន​ដុល្លារអាមេរិក ​កើនឡើង៥០.៧៤% បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ លោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា​សំរាប់​ស្រាវជ្រាវផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍ទី២១ (Cambodia 21st Century Maritime Silk Road Research Center) បានបង្ហាញថា តាមរយៈការអនុវត្ត​ស្ថិរភាព​នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​ក្នុងតំបន់ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន លំហូរទំនិញរវាងប្រទេសទាំងពីរនឹងមានសភាពកាន់​តែងាយស្រួល​និងមានប្រសិទ្ធភាពខ្ពស់ ហើយ​កិច្ចសហប្រតិបត្តិការវិនិយោគរវាងភាគីទាំងពីរក៏​នឹងស្វាគមន៍​ជាមួយ​ការអភិវឌ្ឍកាន់តែច្រើនផងដែរ៕អត្ថបទ៖ វណ្ណៈ 

អាវនិងស្ទីកគ័រគណបក្សប្រជាជនកម្ពុជាលក់ដាច់ខ្លាំងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

2022/05/27 06:57:44 pm        382
ភ្នំពេញ៖ ចាប់ផ្ដើមពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី ២១ខែ ឧសភា មកទល់ពេលនេះ អាវ មួក ក៏ដូចជាស្ទីកគ័រគណបក្សប្រជាជនកម្ពុជា កំពុងលក់ដាច់ខ្លាំង រហូតដល់រាប់ម៉ឺនអាវ។ នេះជាការបញ្ជាក់របស់បណ្ដាហាងបោះពុម្ពអាវនៅបណ្ដោយផ្លូវ ក្បែរវិមានឯករាជ្យ។រដូវការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ការលក់អាវ មួក ស្ទីកគរ គណបក្សប្រជាជនកម្ពុជា កំពុងលក់ដាច់ខ្លាំង រហូតដល់រាប់ម៉ឺនអាវ ខណៈដែលការឃោសនានឹងបន្តរហូតដល់ថ្ងៃទី ៣ ខែមិថុនាខាងមុខ។ នេះជាការលើកឡើងរបស់ បណ្ដាហាងបោះពុម្ពអាវនៅបណ្ដោយផ្លូវ ក្បែរវិមានឯករាជ្យ។លោកស្រី រតនា ជាម្ចាស់ហាងបោះពុម្ពវឌ្ឍនៈ លើកឡើងថា អាជីវកម្មមានភាពមមាញឹកខ្លាំងចាប់តាំងពីដើមខែ ឧសភា មកម្លេះសម្រាប់អាវយឺត ចំណែកឯស្ទីកគរ ចាប់ផ្ដើមលក់ដាច់នាពេលថ្មីៗនេះ។ លោកស្រីបញ្ជាក់ដែរថា គឺមានតែសមាជិកគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះដែលបានមកទិញអាវ និងស្ទីរគ័រ សម្រាប់បិទឡាន ដោយមានទាំងការទិញសម្រាប់ក្រុមការងារបក្ស និងការទិញជាលក្ខណៈគ្រួសារផងដែរ។លើកឡើងដូចគ្នាផងដែរ សម្រាប់ហាងបោះពុម្ព ផ្កាយប្រាំ ក៏លក់បានអាវយឺតគណបក្សប្រជាជនកម្ពុជា រហូតដល់ ៥ទៅ ៦ម៉ឺនអាវផងដែរ ក្នុងរដូវការឃោសនាបោះឆ្នោត។ នេះជាការបញ្ជាក់របស់អ្នកចាត់ការទូទៅរបស់ហាង។នាព្រឹកនេះ លោក ម៉ែន មករា ជាសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ក៏បានមកទិញ ស្ទីកគរបិទរថយន្ត និងស្ទីកគរមួយចំនួន សម្រាប់ចែកជូនសមាជិកគណបក្សរបស់ខ្លួន ក្នុងការចូលរួមហែគណបក្សនៅថ្ងៃទី ២៩ ខែឧសភា នៅភូមិសាស្រ្តឃុំមួយកន្លែង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្ដើមនៅថ្ងៃទី ២១ ខែឧសភា និងបន្តរហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោត គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ដោយមានគណបក្សចូលរួមសរុបចំនួន ១៧ គណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានបេក្ខភាពឈរឈ្មោះគ្រប់ឃុំសង្កាត់ទាំងអស់ទូទាំងប្រទេស៕អត្ថបទ៖ គឹមហុក  

ADB សាទរចំពោះភាពជោគជ័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឈានបើកប្រទេសពេញលេញឡើងវិញ

2022/05/27 06:44:21 pm        229
ភ្នំពេញ៖ នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី ថ្លែងនូវការអបអរសាទរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងអាចបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យឡើងវិញ។គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម Tony McDonald នាយកប្រតិបត្តិប្រចាំប្រទេសចំនួន១៣ នៅអាស៊ីអាគ្នេយ៍ ថ្លែងលើកឡើងនៅក្នុងជំនួបពិភក្សា​ការងារ​ជាមួយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ នេះថា បានថ្លែងនូវការសាទរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលប្រទេសនៅលើពិភពលោកមួយចំនួនធំ នៅកំពុងជួបបញ្ហានៃការរីករាលជំងឺកូវីដ ១៩ នៅឡើយ។កម្ពុជា មិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គម បានល្អប្រសើរឡើងវិញ​ជា​បណ្តើរៗ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសាកលនេះប៉ុណ្ណោះទេ តែថែមទាំងអាចបើកដំណើរការ​ប្រទេសពេញលេញឡើងវិញ​លើគ្រប់វិស័យកាលពីពេលថ្មីៗមក។គណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងកម្រិតនៃការអភិវឌ្ឍប្រទេសរបស់ កម្ពុជានាពេលនេះ ធៀបទៅនឹងរយៈកាលកន្លងទៅផងដែរ។ក្នុងជំនួបនេះ, ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា កម្ពុជាគឺជាប្រទេសទទួលបាននូវវិបុលភាព តាមរយៈការបើកចំហរសេដ្ឋកិច្ច ​នៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សូមប្រឆាំងនឹងការគាំពារ​និយម ហើយបន្តគាំទ្រនូវនិន្នាការនៃសកលភាវូបនីយកម្ម និងយន្តការពហុ ភាគីនិយម ក្នុងការគ្រប់គ្រង​កិច្ចការពិភពលោក ។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជា ក៏ដូចជាអាស៊ាន នឹងរីករាយក្នុងការចូលរួមក្របខណ្ឌនៃកិច្ច​សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទាំងអស់​ ឱ្យតែក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងនោះ ធានា​បាននូវសន្តិភាព ​និងកិច្ចអភិវឌ្ឍក្នុងតំបន់, ​ការលើកកម្ពស់កិច្ចសហប្រតិ បត្តិការ និង​មជ្ឈភាព​របស់អាស៊ាន៕អត្ថបទ៖ សុន រ៉ាឌី

សភាពាណិជ្ជកម្មកម្ពុជា នឹងបើកដំណើរការការិយាល័យតំណាងក្នុងប្រទេសកាណាដា សប្តាហ៍នេះ

2022/05/25 09:36:36 pm        729
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងបើកដំណើរការការិយាល័យតំណាងការិយាល័យ សភាពាណិជ្ជកម្មនៅក្រៅប្រទេសរបស់ខ្លួន ជាលើកដំបូង ស្ថិតនៅក្នុងប្រទេសកាដាណា នាសប្តាហ៍នេះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនទំហំពាណិជ្ជកម្ម។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការិយាល័យតំណាង​ការិយា​ល័យ សភាពាណិជ្ជកម្មដំបូងនេះ ​នឹងបើកដំណើរការក្នុងទីក្រុងតូរ៉ង់តូ​ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដែលនេះជាលើកទីមួយ ​ដែលសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាង​ការិយាល័យ​សភាពាណិជ្ជកម្ម នៅក្រៅប្រទេស។ឧកញ៉ា លើកឡើងថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ​នៅប្រទេសកាណាដា នឹង​ជំរុញការ​នាំ​ចេញទំនិញពីកម្ពុជា ​កាន់តែកើនឡើងថែមទៀត ខណៈការដោះដូរពាណិជ្ជកម្មរវាង​កម្ពុជា និងកាណាដា​ នាពេលបច្ចុប្បន្ននេះ ​បានរីកចម្រើនជាបន្តបន្ទាប់ ហើយទំនិញដែល​កម្ពុជា​នាំ​ចេញទៅកាណាដាក៏មានទំហំធំផងដែរ។ក្រៅពីកាណាដា សភាពាណិជ្ជកម្មកម្ពុជា គ្រោងបើកការិយាល័យតំណាងរបស់ខ្លួននៅប្រទេសជប៉ុន​នាពេលខាងមុខ ហើយនឹងបន្តទៅប្រទេសដទៃទៀត ​ដើម្បីផ្សព្វផ្សាយ ហើយទាក់ទាញវិនិយោគ​ចូល​មកកម្ពុជា។របាយការណ៍ពីអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានលើកឡើងថា កាណាដា​គឺជា​ប្រទេសឈរនៅ​លេខរៀងទី៤ ដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ។ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ​កម្ពុជាបាននាំចេញទំនិញទៅប្រទេសនេះ​ ក្នុងតម្លៃជាង ៣៤០លានដុល្លារអាមេរិក កើនឡើង ២២.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ដោយឡែក​ ក្នុងខែមេសាកន្លងទៅ ​ការនាំចេញទំនិញទៅកាណាដាមានតម្លៃជាង៥៣លានដុល្លារ កើនឡើង៨៤.៣%៕អត្ថបទ៖ វណ្ណៈ 

កម្ពុជានាំចេញ​ម្រេច ​ក្នុង​រយៈពេល៤ខែកើន ៨០ភាគរយ

2022/05/25 08:50:41 pm        547
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ការនាំចេញម្រេចមានចំនួន ៣,៨៣៤.៦៧តោន បានកើនឡើងចំនួន ៧៩.៣ភាគរយ។ការនាំចេញទៅប្រទេសវៀតណាម ចំនួន៣ ៥៤០​ តោន, ប្រទេសអាល្លឺម៉ង់ចំនួន ២៥៥ តោន ប្រទេសម៉ាឡេស៊ីចំនួន ១៣តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៨.៨តោន ប្រទេសបារាំងចំនួន ៨.៦តោន, ឆេកចំនួន២.៣តោន, ប្រទេសជប៉ុនចំនួន ២តោន, និងប្រទេសកាណាដាចំនួន ១តោន។កម្ពុជាក៏បាននាំចេញម្រេចទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក អង់គ្លេសចំនួន ប្រទេសស៊ុយអ៊ែត ប្រទេសកាហ្សាក់ស្ថាន និងប្រទេសអូស្ត្រាលី ក្នុងបរិមាណ សរុបជាង៥តោនផងដែរ។លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និង​គ្រឿងទេសកម្ពុជា បានថ្លែងថា ​ការកើន​ឡើងនាំចេញ​ម្រេច​នេះ គឺដោយសារ ការដឹកជញ្ជូនមានប្រភាពប្រសើរឡើង​ ក្រោយប្រទេស​បើក​ដំណើរ​ការ​ឡើងវិញ និង​វិធាន​មួយ​ចំនួន​ត្រូវ​បាន​សម្រួល និងដកចេញ។លោកប្រធានសមាគម ​សាទរទៅនឹងបរិមាណនៃការនាំចេញកើនឡើង ​បើទោះបីជាតម្លៃជាទូទៅ បាន​ធ្លាក់ក៏ដោយ ​ធ្លាក់ចុះពីប្រមាន ​១៦លានរៀល ឬ ៤ ០០០ ដុល្លារ​ ក្នុងមួយតោន ​មកត្រឹមតែ ១៣ លានរៀល ​ក្នុងមួយតោន ​ក្នុងពេលបច្ចុប្បន្ន។បច្ចុប្បន្ន ម្រេចធម្មតា ​ត្រូវបាន​នាំចេញទៅប្រទេសវៀតណាម ​ដែលជាទីផ្សារធំជាងគេរបស់​ម្រេច​កម្ពុជា។ ប៉ុន្តែសមាគម ​និងក្រសួងពាក់ព័ន្ធ ​កំពុងធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងទៀត ដើម្បី​ជំរុញបរិមាណនាំចេញផលិតផលម្រេចកម្ពុជា កើនឡើង ជាពិសេស​នឹងជួយ​រក្សា​ស្ថិរភាពថ្លៃម្រេច។ប្រធាន​សមាគម​ម្រេច​កំពត ​លោក ងួន ឡាយ បានលើកឡើងកាលពីពេលថ្មីៗនេះ​ថា ​ម្រេច​កំពត ជា​ផលិតផលសំគាល់ភូមិសាស្រ្ត GI ​នៅសហគមន៍អឺរ៉ុប ​កំពុង​តែ​ប្រមូល​ផល ​និង​បាន​នាំចេញ​បណ្តើរៗ​បាន​ជាង ១០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ប្រចាំឆ្នាំ​ប្រមាណ​ ១២០​ តោន​។លោក ប្រធានសមាគម ​បញ្ជាក់ថា ក្រុមហ៊ុននាំចេញ ​ដែលជាដៃគូរបស់សមាគម បាន​កំពុង​ចុះកុងត្រា​ជាមួយកសិករដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ​ជាពិសេសសហគមន៍អឺរ៉ុប៕ អត្ថបទ៖ វណ្ណៈ

រោងចក្រផ្គុំដំឡើងយានយន្តអគ្គិសនីតម្លៃជាង ២០លានដុល្លារ សម្ពោធជាផ្លូវការនៅខេត្តកណ្តាល

2022/05/25 08:40:02 pm        384
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានសម្ពោធជាផ្លូវការ រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម ទា​ ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីអ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ សិង្ហបុរី និងអន្តរជាតិ ដៃគូពាណិជ្ជកម្មក្នុង និងក្រៅស្រុក និងពីសំណាក់ដៃគូសហការរបស់ក្រុមហ៊ុនប្រមាណ ៤០០នាក់។ លោក ខេ វូ (Kay Woo) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី បានមាន​ប្រសាសន៍​ថា ​នេះជាការវិនិយោគដ៏ល្អមួយ ក្នុងការកសាង​ហេដ្ឋា​រដ្ឋា​សម្ព័ន្ធសម្រាប់​យានយន្ត​អគ្គិសនី ​ដើម្បីឈានទៅ​រក​អភិវឌ្ឍន៍​បៃតងដោយគ្មានផ្សែង​បំពុល​ ក្នុង​តំបន់អាស៊ីអាគ្នេយ៍​ និង​ពិភពលោក។លោកឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងរៀបចំផ្តល់​សេវា​កម្ម​នៃយាន​ជំនិះ​អគ្គិសនី​ទាំងមូល រាប់​ចាប់​តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយ​សំខាន់ៗ​ផងដែរ គ្រាដែលបច្ចុប្បន្ន ក្រុមហ៊ុន កំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈាន​ដល់ការពង្រីក​យាន​ជំនិះ​ជារថយន្តប្រើដោយ​ថាមពលអគ្គិសនី។លោក បានបញ្ជាក់ថា ​អនៀន ម៉ូប៊ីលីធី ​ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និង​ត្រីចក្រយានយន្តអគ្គិសនី ​ដែលអាចបង្កើនចង្វាក់ផលិតកម្មកាន់​តែច្រើន និង​ផ្តល់​ឱកាសការងារ​ជាង ៥០០កន្លែង ក្នុងផែនការឆ្នាំ២០២៥ ហើយបច្ចុប្បន្នក៏បានបើកដំណើរ​ការស្ថានីយមេហ្គា​របស់​ខ្លួនចំនួន ១កន្លែង និងអនុស្ថានីយប្តូរអាគុយចំនួន ៣កន្លែង និងអនុស្ថានីយដៃគូចំនួន​ ៦កន្លែង ដែល​បច្ចុប្បន្នសរុបរួមមានដល់ ១០ស្ថានីយ ​និងបន្តពង្រីកជាបន្តបន្ទាប់​តាមផែន​ការរបស់​ក្រុមហ៊ុន នៅទី​ក្រុងភ្នំពេញ ​និងតាមបណ្តាខេត្តផ្សេងៗជុំវិញ​ប្រទេសកម្ពុជា។សូមជម្រាបជូនទៀតថា ​ក្នុងពិធីសម្ពោធនេះដែរ ​ក្រុមហ៊ុន MVL Energy Investment Company នៃ​ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ​បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន​ Central ស្តីអំពី​គម្រោង​ផលិតយានជំនិះដឹកទំនិញខ្នាតតូច​ដែលប្រើថាមពលអគ្គិសនី ដើម្បីជម្រុញឲ្យមានការលើក​កម្ពស់​ការប្រើប្រាស់​យានយន្តអគ្គិសនីឲ្យកាន់តែច្រើនឡើងបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

អង្ករកម្ពុជា នឹងកើនតម្លៃពី១០ទៅ១៥ ភាគរយក្នុងរយៈពេល២ខែខាងមុខ

2022/05/25 08:18:52 pm        1114
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា បានព្យាករណ៍ថា ក្នុងរយៈពេល២ខែខាងមុខ ពោលចាប់ខែកក្កដា និងសីហា តម្លៃស្រូវនៅកម្ពុជា នឹងអាចឡើងថ្លៃយ៉ាងហោចណាស់ពី ១០ ទៅ១៥% ដោយសារតម្លៃអង្ករលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃ។លោក លន់ យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា​កន្លងទៅ មានប្រសាសន៍ប្រាប់ប៊ីធីវីថា វិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានធ្វើឱ្យពិភពលោក​ខ្វះ​ស្បៀងអាហារ ព្រោះប្រទេសទាំង២នេះ ផលិតស្រូវសាលីសម្រាប់នាំចេញទៅអឺរ៉ុបច្រើនជាងគេ និងប្រទេសមួយចំនួនទៀតនៅអាហ្រ្វិក ដែលបណ្តាលឱ្យស្រូវសាលីកើនឡើងខ្លាំង​រហូត​ដល់​៣០%។ ក្នុងពេលពិភពលោកកំពុងខ្វះស្បៀងអាហារនេះ ក៏ជាឱកាសល្អសម្រាប់​អង្ករកម្ពុជា​ផងដែរ​។ លោក បានបន្ថែមថា ​ប៉ុន្តែយ៉ាងណាមិញ ​លោកមានការព្រួយបារម្ភពីការឡើង​ថ្លៃជី នឹង​ធ្វើ​ឲ្យប្រជាកសិករមួយចំនួនកាត់បន្ថយការដាំស្រូវវិញ។តាមការលើកឡើងរបស់មន្រ្តីអង្គការសហប្រជាជាតិ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ​តម្លៃអាហារបានកើនឡើងថ្លៃយ៉ាងគំហុក​ ហើយប្រសិនបើកំពង់ផែ Odesa របស់​អ៊ុយក្រែន មិនត្រូវបានបើកនោះទេ ​នឹងធ្វើឱ្យមានបញ្ហាកាន់តែខ្លាំង ខណៈមានមនុស្សប្រមាណ ៤៩លាននាក់​ នៅក្នុងប្រទេសចំនួន៤៣ ​ដែលកំពុងជួបគ្រោះទុរភិក្ស ហើយពិភព​លោក​នឹង​ប្រឈមមុខ ​អស្ថិរភាព និងការធ្វើចំណាកស្រុកដ៏ធំប្រសិនបើមិនដោះស្រាយ។យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការនាំចេញ​អង្ករកម្ពុជាទៅ​កាន់ទីផ្សារអន្តរជាតិ ​មានចំនួនជាង ​២២ម៉ឺនតោន ដោយទទួល​បាន​ចំណូលជាង ១៣៩លានដុល្លារអាមេរិក។ ​ដោយឡែក​ការនាំចេញស្រូវក្នុងរយៈពេល៤ខែដូចគ្នានេះ​ តាមរយៈការឆ្លងកាត់ព្រំដែន​ជាមួយ​ប្រទេសវៀតណាម ​មានចំនួន ១.៦លានតោន ​ទទួល​បាន​ទឹកប្រាក់​ប្រមាណជាង ៣៧០លានដុល្លារ៕អត្ថបទ៖ បូរ៉ាវី

កម្ពុជាជំរុញយន្តការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់

2022/05/24 07:40:11 pm        551
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃម្សិលមិញ បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ "ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្មដើម្បីការងើបឡើងវិញ" ដែលត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។ក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់​អំពី​សារៈសំខាន់ ​និងភាពចាំបាច់នៃការលុបបំបាត់​ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈយន្ដការ​នៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងពិភពលោក ដែលជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស។ឯកឧត្ដម​ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងផែនការ​សកម្មភាព​ដែលផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវ ​ការតភ្ជាប់សេដ្ឋកិច្ច និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់​ពិភពលោក ដែលទាំងនេះ គឺជាផ្នែកនៃអាទិភាពអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ២០២២ ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together)។ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីសកម្មភាពរបស់កម្ពុជា ​ក្នុងការសម្រួលពាណិជ្ជកម្ម ដូចជា ក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី​សម្រាប់ឆ្នាំ២០២១-២០២២, វេទិកាវេទិការដ្ឋាភិបាល ​និងវិស័យឯកជន, ប្រព័ន្ធ ASYCUDA, ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ​និងកំណែទម្រង់មួយចំនួន ដែលជួយ​ពន្លឿនដល់ការបញ្ចេញទំនិញតាមព្រំដែនសម្រាប់ទំនិញទូទៅ ក៏ដូចជាទំនិញនិង​សម្ភារៈពេទ្យ​សំខាន់ៗ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។បន្ថែមពីនេះទៀត ឯកឧត្តមបានបន្ដថា កម្ពុជានៅតែបន្ដធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទាំងនេះ និង​បាន​លើកឡើងអំពី គម្រោង SeT4SME ជាមួយ Global Alliance ដើម្បីកិច្ចសម្រួលពាណិជ្ជកម្ម​ដើម្បី​បង្កើត Electronic Advance Data ដ៏ពេញលេញមួយ តាមរយៈការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និងប្រព័ន្ធប្រកាសពន្ធគយ​ នៃប្រៃសណីយ៍កម្ពុជា។ឯកឧត្តម បានស្នើឱ្យមានការចាប់អារម្មណ៍លើបញ្ហាសម្រាប់ប្រទេសអភិវឌ្ឍន៍​តិចតួច ពាក់ព័ន្ធ​នឹង​អនុលោមភាពនៃឯកសារតម្រូវសម្រាប់ការនាំចេញ ដូចជា "proof of non-manipulation" ឬ វិញ្ញាបនបត្រ​បញ្ជាប់ប្រភពដើម ​ដែលឯកសារតម្រូវទាំងនេះ ធ្វើឱ្យការចំណាយកើនឡើង​សម្រាប់​អ្នក​នាំចេញទំនិញ ដូច្នេះឯកសារតម្រូវទាំងនេះគួរត្រូវបានលុបចោល ​និងជំនួសវិញដោយ ការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification)៕អត្ថបទ៖ ឈិត បូរ៉ាវី

ចំណូលពន្ធកើនឡើង ឆ្លុះបញ្ចាំង​ពីសកម្មភាពសេដ្ឋកិច្ចល្អប្រសើរ បន្ទាប់ពីការបើកប្រទេសឡើងវិញ

2022/05/24 07:28:21 pm        584
ភ្នំពេញ៖ ចំណូលប្រភេទពន្ធសំខាន់ៗចំនួន ៦ បានរក្សាកំណើនខ្ពស់ ធ្វើឲ្យការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ ប្រមូលបានចំណូលកើនឡើងខ្ពស់ ហើយលទ្ធផលអនុវត្តបានល្អប្រសើរនេះ គឺជាបច្ច័យនៃសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីការបើកប្រទេសឡើងវិញ ការ​ឆ្លុះបញ្ចាំង​អំពីជោគជ័យ​នៃកិច្ចខិតខំប្រឹងប្រែង ការអនុវត្តកំណែទម្រង់ស្ថាប័ន និងការធ្វើទំនើបកម្មពន្ធដារជាដើម។អគ្គនាយកដ្ឋានអនុវត្តបានចំនួនប្រមាណជិត ៩៦១ ប៊ីលានរៀល ត្រូវជាង ២៣៧ លានដុល្លារ ស្មើនឹង ៨,៤២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បើប្រៀបធៀបនឹង​ចំណូលពន្ធ-អាករ ប្រចាំខែមេសា ឆ្នាំ២០២១ ឃើញថាកើនឡើងជាង ៤៤៨ ប៊ីលានរៀល ត្រូវជាង ១១០លានដុល្លារ ស្មើនឹង ២៩,៣៦%។បើសរុបរយៈពេល ៤ខែ ឆ្នាំ២០២២នេះវិញ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល​បានជាក់ស្ដែង ​តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួនជាង ៦ ០៨២ប៊ីលានរៀល ត្រូវជិត ១៥០២ លានដុល្លារ ស្មើនឹង ៥៣,២៧% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូល​ពន្ធអាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ បានកើនឡើង ១ ៣៧៩ ប៊ីលានរៀល ត្រូវជាង ៣៤០​លានដុល្លារ ស្មើនឹង២៩,៣៦%។ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើង​នៅក្នុងប្រជុំបូកសរុបលទ្ធផលប្រមូល​ចំណូល​ពន្ធប្រចាំ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ នេះ ថា លទ្ធផលនៃកំណើនចំណូលនេះ គឺជាបច្ច័យ​នៃសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីការបើកប្រទេសឡើងវិញ ​ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយ​លទ្ធផលនេះ ​ក៏ពិតជាបាន​ឆ្លុះបញ្ចាំង​អំពីជោគជ័យ​ និង​កិច្ចខិតខំប្រឹងប្រែងនៃការអនុវត្តនូវ កំណែ​ទម្រង់ស្ថាប័ន ​និងទំនើបកម្មពន្ធដារ ​ព្រមទាំងការអនុវត្ត​ ក្នុងស្មារតីសកម្ម និងបុរេសកម្មរាល់​វិធាន​ពន្ធដារនានា។ឯកឧត្តម លើកឡើងបន្តថា​ ជុំវិញការប្រមូលចំណូលនេះ ​នៅក្នុងខែមេសា ឆ្នាំ២០២២​ ចំណូល​ពន្ធប្រភេទពន្ធសំខាន់ៗចំនួន ៤ បានរក្សាកំណើនកើនឡើងគួរឱ្យកត់សម្គាល់ ធៀបនឹងខែ មេសា ក្នុងឆ្នាំ២០២១ គឺក្នុងរង្វង់ប្រមាណ ៨០% ទៅ ៩០% ក្នុងនោះពន្ធលើប្រាក់ចំណូលជិត ៨២%, អាករលើតម្លៃបន្ថែមជាង ៨៤%, ពន្ធលើប្រាក់បៀវត្សជាង ៨៨%, និងពន្ធប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្ម​សិទ្ធិអចលនទ្រព្យជាង ៧៧% ខណៈដែលកំណើនខ្ពស់​សម្រាប់​ចំណូល​អាករពិសេស​បាន​កើនឡើងជាង ១១០% ​និងពន្ធលើឈ្នួលផ្ទះ​ និងដីជាង ១១៤%៕ អត្ថបទ៖ សុន រ៉ាឌី

យុវជនម្នាក់នៅកំពង់ឆ្នាំង កំពុងទទួលជោគជ័យលើការចិញ្ចឹមមាន់ស្រែ ក្រោយបញ្ចប់ការសិក្សា

2022/05/24 06:49:53 pm        744
កំពង់ឆ្នាំង៖ កសិករវ័យក្មេងម្នាក់ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញផ្នែកពេទ្យសត្វ បានចាប់យកមុខរបរចិញ្ចឹមមាន់ស្រែយកសាច់លក់ កំពុងទទួលបានជោគជ័យ ដោយមាន់ត្រូវបានគេបញ្ជាទិញរាល់ថ្ងៃ ខណៈតម្រូវការទីផ្សារកាន់តែកើនឡើងជាបន្តបន្ទាប់ ។កសិករឈ្មោះ ណក់ ផល្លី ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែ នៅក្នុងភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គាត់បានចាប់យកមុខរបរចិញ្ចឹមមាន់ស្រែយកសាច់លក់ រយៈពេលជាច្រើនឆ្នាំហើយ ដោយមាន ទ្រុងមាន់ធំៗទំហំ១០ម៉ែត្រ គុណ៦០ម៉ែត្រ ចំនួន២ខ្នង និងមានមាន់ស្រែកំពុងចិញ្ចឹមរាប់ពាន់ក្បាល បានលក់ចេញ និងរកចំណូលជួយបង្កើនជីវភាពគ្រួសារជារៀងរាល់ថ្ងៃ ។យុវជនរូបនេះបន្តថា មាន់ស្រែនេះដំបូងទិញកូន ដែលមានអាយុ៣អាទិត្យ ពីអ្នកស្រុកនៅ​តាមមូលដ្ឋាន​ និងតាមសហគមន៍ ក្នុង១ក្បាល តម្លៃ៤ ៥០០រៀល យកមកចិញ្ចឹមថែបំប៉នក្នុងទ្រុង ឲ្យចំណីគ្រាប់ៗទិញពីទីផ្សារ ឲ្យវាស៊ីតិចតួចតែប៉ុណ្ណោះ ដែលភាគច្រើផលិតចំណីធម្មជាតិ​ដោយ​ខ្លួនឯង ​ឲ្យមាន់ស៊ីទើបវាឆាប់ធំធាត់ ហើយការចិញ្ចឹមត្រឹមរយៈពេល ៣ខែ ទទួលផលបានមាន់ ដែលមានសុខភាពល្អ ស្របតាមស្តង់ដា និងមានអ្នកមកបញ្ជាទិញច្រើន ហើយគាត់ក៏កំពុង​ពង្រីក​មុខ​របរនេះបន្ថែម ។លោក ណក់ ផល្លី បានបន្ថែមថា សម្រាប់ចំណីធម្មជាតិដែលផលិតខ្លួនឯងនោះ មានពោត សណ្តែកសៀង ម្សៅត្រី ​កាល់ស្យូម បាស់ស្មិច​ យក​មកកិន​លាយ​ជាមួយកន្ទក់ ឲ្យស៊ីរយៈពេល​៣ខែនឹងធំធាត់ ​ដែលមាន់ ១ក្បាលៗ មានទម្ងន់ចាប់ពីជាង ១គីឡូកន្លះ ឬជិត២គីឡូក្រាម ​ហើយ លក់ក្នុង ១គីឡូក្រាម តម្លៃពី ១៦ ០០០រៀល ទៅ១៧០០០រៀល ​ ដែលអតិថិជន មានអ្នកលក់​បន្តនៅផ្សារ និ​ងម៉ូយធ្វើម្ហូបបុណ្យការ ​មកទិញដល់កសិដ្ឋាន ។កសិករដដែល បានបញ្ជាក់ថា ការចិញ្ចឹមមាន់មិនងាយស្រួលប៉ុន្មានឡើយ ដោយត្រូវ​មាន​ដើមទុនច្រើន ​ត្រូវរៀនបច្ចេកទេសចិញ្ចឹម ត្រូវចេះផលិតចំណីធម្មជាតិ និងមានអ្នកថែទាំឲ្យ​ចំណី​ទឹកជាប្រចាំ ​ត្រូវចាក់វ៉ាក់សាំងឲ្យតាមដំណាក់កាលវាធំ ​និងនៅពេលវាមានជំងឺជាដើម គឺគ្មាន​ពេលទំនេរឡើយ​ មិនតែប៉ុណ្ណោះក៏ត្រូវការជួលកម្មករ៣ទៅ៤នាក់ ​ឲ្យជួយធ្វើការ​នេះផងដែរ ទើប​អាចចិញ្ចឹមវាបាន ៕អត្ថបទ៖ ហុង វាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM