រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

សេដ្ឋកិច្ច និង កសិកម្ម

ភ្ញៀវទេសចរចាប់ផ្តើមកក់កញ្ចប់ទេសចរណ៍ ត្រៀមដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

2022/03/22 02:03:52 pm        882
ភ្នំពេញ៖ បើតាមមន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ ក៏ដូចបណ្តាក្រុមហ៊ុនការីទេសចរណ៍ បានឱ្យដឹងថា នៅក្នុងអំឡុងពេលនេះ មានភ្ញៀវទេសចរនៅក្នុងស្រុក ចាប់ផ្តើមនាំគ្នាទៅកក់ទិញកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេស ពីតាមក្រុមហ៊ុនការីទេសចរណ៍ ដើម្បីត្រៀមដើរកម្សាន្តនៅក្នុងអំឡុងថ្ងៃសំរាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២២ ខែមីនានេះថា នៅក្នុងអំឡុងពេល​ប្រេង​សាំង​កំពុងឡើងថ្លៃ​ដោយ​សារវិបត្តិសង្គ្រាម អ៊ុយក្រែន និងរ៉ុស្ស៊ី ចលនាភ្ញៀវទេសចរ​ក្នុងស្រុកចេញ​ដើរ​កម្សាន្ត​ហាក់​មិនមាន​ការ​ថមថយ​ខ្លាំងនោះទេ ហើយនៅក្នុងអំឡុងថ្ងៃឈប់សំរាក​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅពាក់​កណ្តាល​ខែមេសានេះ យើងរំពឹងថា ចលនា​ទេសចរក្នុងស្រុកនឹងមានកំណើន​ឡើង​ខ្ពស់ ខណៈបច្ចុប្បន្ននេះ មានកន្លែងធ្វើការងារមួយចំនួននិងគ្រួសារខ្លះទៀត​ដែលមាន​សមាជិក​ច្រើន គឺបានទៅកក់ទិញកញ្ចប់​ទេសចរណ៍​តំលៃ​ពិសេស​ដើម្បី​ដើរ​កម្សាន្តថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខនេះ។លោក បានបន្តថា តាមរយៈការបើកដំណើរការទិដ្ឋាការVisa on Arrival​ ឡើងវិញនេះដែរ យើង​រឹតតែ​រំពឹងថា ភ្ញៀវទេសចរអន្តរជាតិនឹងចូល​មក​ទស្សនា​កម្ពុជា​ថែមទៀត ខណៈតាមច្រកព្រំដែន​ក៏​មានការ​លើកលែង​ការធ្វើចត្តាឡីស័ក ​មិនធ្វើតេស្តតាមដានកូវីដ ៧២ម៉ោងមុនជាដើម។បើតាមកត់សំគាល់ពី លោក ធួន ស៊ីណាន​ ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅ​កម្ពុជាថា នៅក្នុងអំឡុងពេលនេះ ​ក្រុមហ៊ុនការីទេសចរណ៍នានា ចាប់ផ្តើមទទួលបានការកក់​កញ្ចប់​ទេសចរណ៍ជាបណ្តើរៗ​ ដើម្បីត្រៀមដើរកម្សាន្តក្នុងស្រុក ​ ប៉ុន្តែមិនទាន់មានច្រើននៅឡើយទេ និង​មានបើកអោយភ្ញៀវមកកក់ជាបន្តបន្ទាប់រហូតថ្ងៃឈប់សំរាក​បុណ្យចូលឆ្នាំថ្មី។លោក ហូ វណ្ឌី អ្នកជំនាញទេសចរណ៍ ក៏បានអំពាវនាវ​ទេសចរ​ក្នុងស្រុកគួររួមគ្នាលើកវិស័យ​ទេសចរណ៍​ ដើរកម្សាន្តតាមកញ្ចប់ទេសចរណ៍​ ដើម្បីទទួល​បាន​អត្ថប្រយោជន៍ និង​ការ​ស្គាល់ភូមិសាស្ត្រទឹកដីកម្ពុជាយើង​បានច្បាស់។បើតាមការឱ្យដឹងពីក្រសួងទេសចរណ៍​ នៅពេលនេះ រដ្ឋបាលរាជធានី-ខេត្តបាន​នឹង​កំពុងរៀបចំផែន​ការក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដូចជាការរៀបចំ​ព្រឹត្តិការណ៍ ​ការ​តុបតែង​លម្អ​ ទន្ទឹមគ្នានឹងការពង្រឹងការអនុវត្តវិធានការ ​៣កុំ ​និង៣ការពារ ការ​អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងការគ្រប់គ្រងចរន្តភ្ញៀវនៅតាម​គោលដៅ​ដែល​អាចមាន​ការប្រមូលផ្តុំច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា

ធុរកិច្ចជន និងវិនិយោគិន រំពឹងខ្ពស់ពីទំនាក់ទំងរវាងកម្ពុជា និងជប៉ុនក្នុងវិស័យពាណិជ្ជកម្ម

2022/03/22 01:20:05 pm        457
ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុនកាន់តែមានភាពល្អប្រសើរច្រើន ខណៈថ្នាក់ដឹកនាំប្រទេសទាំងពីរបង្ហាញថា ជាដៃគូល្អបំផុត ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី២១ មីនា ឆ្នាំ២០២២នេះថា​ នាយករដ្ឋមន្រ្តីជប៉ុន ​អញ្ញើញមកទស្សនកិច្ចនៅកម្ពុជា​កាលពីថ្មីៗ​កន្លងទៅនេះ ជាសញ្ញាលើកទឹកចិត្តឲ្យអ្នកវិនិយោគ​ ទាំងប្រទេសជប៉ុន ក៏ដូចជា​អន្តរជាតិមើលឃើញពីការទុកចិត្ត ​ក្នុងការវិនិយោគនៅកម្ពុជា។ ឧកញ៉ា លឹម ហេង សង្ឃឹមថា ភាគីជប៉ុន នឹងបើកឲ្យមានការហោះហើរត្រង់មកកាន់​កម្ពុជា​ឲ្យ​បានឆាប់ ​ជាពិសេសក្រោយវិបត្តិនៃជំងឺឆ្លងកូវីដ១៩។លោក មាស ហូលី ប្រធានផ្នែកលក់ នៃក្រុមហ៊ុន គិរីរម្យហ្វូត ប្រូដាក់សិន បានឲ្យ ប៊ីធីវី ដឹងដែរថា គិតមកដល់ពេលនេះ ការនាំដំណាប់ស្វាយចេញទៅទីផ្សារជប៉ុន នៅតែមានភាពល្អប្រសើរដដែល ទោះបីជួបវិបត្តិនៃការាតត្បាតជំងឺកូវីដ១៩ យ៉ាងណាក្តី ​ក៏មិនជាបញ្ហាដែរ។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា ​គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ​សម្រេចបានក្នុងទឹកប្រាក់សរុបជាង ​១ ៧០០ ​លានដុល្លារ កើនឡើង ០,៤៩ភាគរយ ​បើធៀបទៅនឹងឆ្នាំ២០២០ ​ដែលមានចំនួនជាង ​១ ៦០០លានដុល្លារ។ ក្នុងនោះ ​ការនាំចេញរបស់កម្ពុជាទៅកាន់ជប៉ុន​ មានទឹកប្រាក់សរុបជាង ​១ ០០០លានដុល្លារ កើនឡើង ​៣,៦១ ភាគរយ ខណៈការនាំចូលពីជប៉ុនមានទឹកប្រាក់ជាង​ ៦០០លានដុល្លារ ថយចុះ ៤,៦៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕ អត្ថបទ៖ ឈិត បូរ៉ាវី

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ចូលរួមលើកកម្ពស់ និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ច

2022/03/22 05:33:42 am        517
ភ្នំពេញ៖ ការដាក់ឲ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងការបូប គឺសំដៅផ្លាស់ប្តូរឧស្សាហកម្មមួយ ដែលមានចីរភាពបរិស្ថាន មានភាពធន់មានតម្លៃបន្ថែមខ្ពស់ ជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចឲ្យបានមុនឆ្នាំ ២០២៧ ដើម្បីឈានទៅសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លើកឡើងនៅក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្តជាផ្លូវការ​នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍​វិស័យកាត់​ដេរផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧ នៅថ្ងៃទី២១ ​ខែ មីនា ឆ្នាំ២០២២ នេះថា ​បច្ចុប្បន្នកម្ពុជា​បាន​ឈាន​ចូល​ដល់ដំណាក់កាលថ្មី ​នៃការផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ ​ដែល​ទាមទារ​ឲ្យយុទ្ធសាស្រ្តថ្មីនេះ សំដៅប្រែក្លាយ​ និងពង្រីកមូលដ្ឋានកំណើនពីការពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ទៅ​ជា​ឧស្សាហកម្មផ្អែក​លើជំនាញ ​មាន​ផលិតភាព ​និងតម្លៃបន្ថែមខ្ពស់ ដើម្បីបន្តរក្សាបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរយៈពេលវែង។តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង ​និងការបូបកម្ពុជា ២០២២-២០២ ៧ នេះ គឺជាការ​សំដៅផ្លាស់ប្តូរ​នៃឧស្សាហកម្មទាំងនេះ ឲ្យទៅជាឧស្សាហកម្មមួយ ជាមូលដ្ឋានគាំទ្រដល់​ពិពិធកម្ម​សេដ្ឋកិច្ច ​ឲ្យបានមុនឆ្នាំ ២០២៧ និងដើម្បីឈានទៅសម្រេចបាននៃក្តីប្រាថ្នា​របស់​រាជ​រដ្ឋាភិបាល​ ក្នុងការប្រែក្លាយ​តាមចក្ខុវិស័យ​ប្រទេសមានចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ ​២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ការដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យកាត់ដេរ ស្បែកជើង និងការបូប​ គឺជាការធ្វើបច្ចុប្បន្នភាពឡើងវិញ​លើផល​ប៉ះពាល់ និង​ការរីកចម្រើន, ការគិតគូរទាន់ពេលវេលា ​ដើម្បីជម្រុញ​ការអភិវឌ្ឍ ​ឲ្យរត់ទាន់សភាពការ នៃការប្រកួតប្រជែង​នៅលើទីផ្សារអន្តរជាតិ។ចំណែក ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញថា ​វិស័យកាត់ដេរ​ ជួយទ្រទ្រង់ក្នុងវិបត្តិកូវីដ និងបង្កើតការងារ ស្រពលេប្រទេសផ្សេងៗ​កំពុង​ជួបវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩ ​ខណៈដែលកម្ពុជាគ្រប់គ្រងវិបត្តិនេះបាន។ ប៉ុន្តែវិស័យកាត់ដេរ ​ស្បែកជើង និងការបូបនេះ អាចមានភាពផុយស្រួយ នៅពេលប្រទេសដ៍ទៃបាន​ចាប់ផ្តើមឡើងវិញ ​។ ចំណែកកម្រិតនៃការប្រកួតប្រជែងនៅកម្ពុជាក៏ទាបជាងគេដែរ។ចាប់តាំងពីចុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ​រហូតដល់ឆ្នាំ ២០០៨, វិស័យកាត់ដេរបានរួមចំណែកប្រមាណ ៩៥% ​និងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ​២០០៩ ​មកដល់បច្ចុប្បន្ន, វិស័យនេះ​នៅ​បន្តឈរ​នៅ​លំដាប់ទីមួយ​ ពោលគឺ​ រួមចំណែកជាមធ្យមជាង ៧០% នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលជម្រុញនិងអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ ដើម្បីចាប់យកនូវកាលានុវត្តថ្មីៗ

2022/03/21 05:01:43 pm        697
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការឆ្លើយតបទៅ និងចរន្តនៃការវិវត្តន៍ថ្មីៗ ការកើនឡើងនៃតម្រូវការទីផ្សារ និងការចាប់យកកាលានុវត្តភាពវិស័យនេះ ឲ្យកាន់តែប្រសើរ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​នៅ​ក្នុងពិធី​ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិត​ស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ ​នេះថា ស្ថិតនៅក្នុង​ស្ថាន​ភាពបច្ចុប្បន្ន ​ការវិវឌ្ឍថ្មីៗ ទាំងកម្រិតសកលតំបន់ និងក្នុងស្រុក អាចនឹងមានបច្ច័យ​ដល់​សេដ្ឋកិច្ចជាតិ ​និងវិស័យកាត់ដេររបស់​កម្ពុជា​ដូចជា៖ ​បន្ទាប់ពីកម្ពុជា​សម្រេច​បាននូវអត្រាការ​ចាក់វ៉ាក់​សាំងខ្ពស់​ ដែលបាន​បង្កើត​បាន​នូវ​ភាព​ស៊ាំ​សហគមន៍​រឹងមាំ​ ក៏ដូចជាការបើកប្រទេស និង​ការបើក​សង្គម​សេដ្ឋកិច្ចក្នុងស្រុកពេញលេញឡើងវិញ វិស័យ​កាត់ដេរ បាន​បង្ហាញ​នូវ​សញ្ញាវិជ្ជមាន​នៃ​កំណើនឡើងវិញ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា បើតាមកាតវាយតម្លៃចុង​ក្រោយរបស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិស័យកាត់ដេរ សម្រេចបានកំណើនល្អក្នុងអត្រា ៨% ក្នុងឆ្នាំ ២០២១ ធៀបនិងកំណើន​ធ្លាក់​ចុះក្នុងអត្រា -៦,៤% ក្នុងឆ្នាំ ២០២០ ​និងរំពឹងថា ​នឹងសម្រេច​កំណើន ៨% ក្នុងឆ្នាំ ២០២២ បន្តទៀត ​ដែល​ឆ្លុះបញ្ចាំង​តាម​រយៈការកើនឡើង ​នៃតម្រូវការខាងក្រៅ ​ពិសេសទីផ្សារសហរដ្ឋ​អាមេរិក ​គូបផ្សំនិង​ការ​ទទួល​បាន​នៃការបញ្ជាទិញពីប្រទេសជិត​ខាង​ក្នុងពេលចំពោះមុខ។ចំណែក លោកឧកញ៉ា គង់ សាង ​ប្រធានសមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា ​GMAC ថ្លែងថា ខណៈ​ដែល​ជម្ងឺ​កូវីដ ១៩ នៅកំពុងបន្ត ​និងការផ្ទុះឡើងបញ្ហាសង្គ្រាម ​រុស្សី-អ៊ុយក្រែន ដែលកំពុង​កើតឡើង ​គឺបន្តឲ្យស្ថានភាព ​ពិភពលោកមានភាព​មិនច្បាស់លាស់ ​ក្នុង​នោះចំពោះការដាក់ចេញ​នូវយុទ្ធ​អភិវឌ្ឍន៍​វិស័យកាត់ដេរ ​ផលិតស្បែកជើង​ និងកាបូបរបស់រាជរដ្ឋាភិបាល ​លោកឧកញ៉ា បាន​គាំទ្រពេញ​ទំហឹង ​ចំពោះ​ការ​ជម្រុញ​ដាក់ចេញនូវ​ យុទ្ធសាស្រ្តនេះ ព្រោះវាជាផែនការបង្ហាញ​ផ្លូវ​ដ៏ច្បាស់លាស់មួយ​ ដែល​ផ្តល់​នូវ​ក្តីរំពឹងនៃការរីកលូតលាស់ក្នុង​ វិស័យ៉ស្សាហកម្ម ​ទាំងវិនិយោគិន និងកម្មករនិយោជិត។ជុំវិញវិស័យឧស្សាហកម្មនេះ, ផ្អែកលើកត្តាសុខសន្តិភាព ​និងស្ថិរភាពនយោបាយ ​ប្រាក់ឈ្នួល និង​ថ្លៃ​ផលិតកម្ម ប្រកួតប្រជែង ​ប្រព័ន្ធ​អនុគ្រោះផ្នែក​ពាណិជ្ជកម្ម ​និង​បរិយាកាសវិនិយោគ​អំណោយផល ដែល​ជា​​ឧត្តមភាព​ប្រកួតប្រជែង​ដ៏រឹងមាំរបស់កម្ពុជា, វិស័យកាត់ដេរ ​ផលិតស្បែកជើង និងកាបូប​បាន​រីក​ចម្រើន​គួរ​ឱ្យកត់សម្គាល់​ និងបាន​ក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។ ចាប់​តាំង​ពីចុងទសវត្សរ៍ឆ្នាំ ​១៩៩០ រហូតដល់ឆ្នាំ ​២០០៨, ការនាំចេញនៃវិស័យនេះ ​បានរួម​ចំណែក​ក្នុងទំហំប្រមាណជាង ​៩៥% នៃការនាំចេញ​សរុបរបស់កម្ពុជា​ និងនៅតែរក្សាបានក្នុង​កម្រិតខ្ពស់ ពោល​គឺ​ជា​មធ្យម​ជាង ៧០% ​នៅក្រោយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ​២០០៨ ​មកទល់នឹងបច្ចុប្បន្ន ខណៈដែល​កម្ពុជា​បាន​និង​កំពុងធ្វើ ​ពិពិធកម្មការនាំចេញផលិតផល​ផ្សេងទៀត​ ដូចជា កង់ គ្រឿង​បន្លាស់រថយន្ត និងគ្រឿង  បង្គុំ​អេឡិចត្រូនិក​ជាដើម៕អត្ថបទ៖ សុន រ៉ាឌី 

ធនាគារជាតិនៃកម្ពុជា កំពុងបន្តតាមដាន និងគ្រប់គ្រងអតិផរណា ខណៈតម្លៃប្រេងកំពុងហក់ឡើង

2022/03/21 01:18:25 pm        892
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កំពុងបន្តតាមដានគ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់ដុល្លារ និងប្រាក់រៀល និងកំពុងបន្តសហការជាមួយស្ថាប័នជំនាញ ដើម្បីប្រមូលយកទិន្នន័យលើការគ្រប់គ្រង់អតិផរណា ខណៈថ្លៃប្រេងឥន្ធនៈបានកំពុងហក់ឡើង ដោយសារសង្រ្គាម រុស្សី-អ៊ុយក្រែន ដែលជាបច្ច័យនៃការប្រែប្រួលដល់ការផ្គត់ផ្គង់ទំនិញ ។លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​នៅក្នុងខួបអនុស្សាវរីយលើកទី ៤២ ​នៃការដាក់ឲ្យចរាចរ​ប្រាក់រៀលឡើងវិញ ​ដែលប្រារព្វធ្វើនៅផ្សារទំនើបជីបម៉ុង សែនសុខ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២នេះថា ការផ្ទុះសង្គ្រាមរវាងរុស្សី អ៊ុយក្រែន ​ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ វា​កំពុង​ធ្វើ​​ឲ្យស្ថានភាពពិភពលោកមានការប្រែប្រួល ​នឹង​បានកំពុងជះឥទ្ធិពល​ដល់កម្ពុជាផងដែរ។លោកជំទាវ បន្តថា ចំពោះការឡើងថ្លៃប្រេងឥន្ធនៈនេះ ​នឹងមានការប្រែប្រួលដល់ថ្លៃសេវា និង​មុខ​ទំនិញ​មុខផ្សេងៗ​នៅតាមទីផ្សារ​ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អតិផរណា។​ ចំពោះបញ្ហានេះ ធនាគារជាតិនៃកម្ពុជា ​នឹងសហការជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​និងវិទ្យាស្ថានស្ថិតិជាតិ នៃ​ក្រសួងផែនការ ​ដើម្បីប្រមូល​យក​ទិន្នន័យ​លើការ​គ្រប់គ្រង់​អតិផរណា​ឲ្យបាន​ជាក់លាក់ ខណៈដែល​ឥទ្ធិពលសង្រ្គាម រុស្សី-អ៊ុយក្រែន​ បានកំពុងបន្ត ​ធ្វើឲ្យតម្លៃប្រេងសាំងកើនឡើង ដែលជា​បច្ច័យ​ប្រែប្រួល​ដល់ការផ្គត់ផ្គង់ទំនិញ ​និងគូបផ្សំភាពមិនច្បាស់​នៃការរីករាលដាលជម្ងឺកូវីដ ​១៩ ផងដែរ ។ សូមបញ្ជាក់ថា៖ ​ពាក់ព័ន្ធអតិផរណានេះ ក្នុងឆ្នាំ ២០២២​ ធនាគារជាតិនៃកម្ពុជា ​បានព្យាករថា នឹង​មានអត្រា ២,៦% ទាបជាងឆ្នាំ ២០២១ ​ដែលមានក្នុងរង្វង់ ២,៩% ,ចំណែកអត្រាប្តូរប្រាក់រៀល ធៀប​និងប្រាក់ដុល្លារអាមេរិក ​អាចនឹងប្រែប្រួល ១% ក្នុងអត្រាប្តូរប្រាក់​មានកម្រិតជាមធ្យម ​៤ ០៩៩ រៀល ក្នុង​មួយដុល្លារអាមេរិក ​ក្នុងនោះប្រាក់រៀលអាចថយចុះ ​បន្តិច ០,១% បើធៀបនឹងឆ្នាំ ២០២១ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា ជំរុញនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសជប៉ុន

2022/03/21 12:53:37 pm        1252
ភ្នំពេញ៖ កម្ពុជាបាននិងកំពុងជំរុញការផ្សព្វផ្សាយពីសក្តានុពលម្រេចកម្ពុជា និងបង្កើនបរិមាណនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ខណៈឆ្នាំ២០២១កន្លងទៅ ម្រេចកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារប្រទេសជប៉ុន មានតម្លៃជាង ១៥ម៉ឺនដុល្លារ។ក្រសួងពាណិជ្ជកម្មសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សមាគមម្រេចជប៉ុន និង​មជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន បានបើកសិក្ខាសាលាកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ​ ស្តីពី “ការជំរុញនាំចេញ​ម្រេច​កម្ពុជា​ទៅកាន់ទីផ្សារប្រទេសជប៉ុន”។សិក្ខាសាលានេះ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីលក្ខណៈពិសេសរបស់​ម្រេច​កម្ពុជា​ដែលមានស្រាប់​ តម្រូវការទីផ្សារម្រេចនៅក្នុងប្រទេសជប៉ុន ​និងពង្រឺងសមត្ថភាពផលិតបន្ថែមទៀត​សម្រាប់​ការនាំចេញ​ ជាពិសេស​សម្រាប់​ការ​នាំចេញទៅ​កាន់ប្រទេសជប៉ុន។សិក្ខាសាលាខាងលើនេះ ​បានផ្តល់ព័ត៌មានដល់ផលិតករម្រេចកម្ពុជា អំពីឱកាសនាំចេញទៅ​ប្រទេស​ជប៉ុន ព្រមទាំង​ផ្សព្វផ្សាយ​ម្រេចកម្ពុជា​ ដល់ផលិតប្រជាជនជប៉ុន បង្កើនកិច្ច​សហប្រតិបត្តិការ​ជិតស្និត ​និងភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនកម្ពុជា ​ជាមួយនឹងក្រុមហ៊ុនជប៉ុន ដើម្បីបញ្ជូលម្រេចកម្ពុជា​ចូលក្នុងផលិតផលដែលមានស្រាប់​នៅប្រទេសជប៉ុន។លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច ​និងគ្រឿងទេសកម្ពុជា ​លើកឡើងថា តាមរយៈសិក្ខាសាលា​នេះ ប្រជាជនជប៉ុន ​នឹងស្គាល់​ពីម្រេចកម្ពុជា​កាន់តែច្រើន​ ដែលធ្វើឱ្យការបញ្ជារទិញ និង​នាំចេញ​កើនឡើង។ក្នុងឆ្នាំ២០២១ កម្ពុជា នាំចេញម្រេចទៅប្រទេសជប៉ុនមានចំនួន ១០តោន គិតជាទឹកប្រាក់​ប្រមាណជាង ១៧ម៉ឺនដុល្លារ។ក្រសួងពាណិជ្ជកម្ម ​បានសហការជាមួយមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន រៀបចំសៀវភៅទាក់ទង​នឹង​ការសិក្សាម្រេចកម្ពុជា​ ដែលបានបោះពុម្ភជាភាសាជប៉ុន​ និងភាសាអង់គ្លេស។​​ ក្រសួងលើកឡើងថា សៀវភៅនេះ ​នឹងជួយបង្ហាញនិងណែនាំបន្ថែមទៀត​ពីការធ្វើអាជីវកម្មម្រេច និងការនាំចេញ​ម្រេចទៅកាន់ទីផ្សារជប៉ុន៕​អត្ថបទ៖ វណ្ណៈ

ផលិតកម្មបន្លែក្នុងស្រុក នឹងមានការកើនឡើង ចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស

2022/03/19 02:54:55 pm        1650
ភ្នំពេញ៖ ការផ្គត់ផ្គង់បន្លែស្រស់នៅក្នុងទីផ្សារកម្ពុជា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ នឹងមានការកើនឡើង ហើយអាចជំនួសការនាំចូលមកពីបរទេសបានច្រើន ខណៈកម្ពុជាបានកំពុងជម្រុញការដាំដុះបន្លែតាមប្រព័ន្ធ Cam-Cap នៃស្តង់ដារអនុវត្តកសិកម្មល្អកម្ពុជា។ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាំដុះបន្លែ និងការ​ផ្គត់ផ្គង់​បន្លែនៅតាមទីផ្សារ នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២ថា ជុំវិញ​ការផ្គត់ផ្គង់​បន្លែនៅ​តាមទីផ្សារ ​តាមការសិក្សាស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ​សហការជាមួយ CPF ដែលជា​ក្រុម​ជំនាញឯករាជ្យ បានបង្ហាញថា ​ការផ្គត់ផ្គង់​បន្លែនៅប្រទេសកម្ពុជា, ជាមធ្យមមាន​ចំនួន​ប្រមាណជា ៧០% ​ដោយអាស្រ័យ​ទៅតាមរដូវដូចជា នៅរដូវភ្លៀងខ្លាំង​ជោគជាំ ​ឬខែក្តៅខ្លាំង យើងផលិតបន្លែបានតិច ​ដែលអាច​ផ្គង់ផ្គង់​បានចន្លោះ ​៥៥ ទៅ ៦០% ​ប៉ុន្តែនៅរដូវរំហើយ ចន្លោះខែ ១១ ខែ ១២ ​និងនៅខែ ១ កសិករអាច​ផ្គត់ផ្គង់​បន្លែរហូតដល់ប្រហែលជា ៨០% ។ឯកឧត្តម បន្តថា ជាយុទ្ធសាស្រ្តក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានតម្រង់ទិស​យ៉ាង​ច្បាស់ គឺកម្ពុជាត្រូវអនុវត្តដាំដុះបន្លែសុវត្ថិភាព ​ដោយយើងត្រូវអនុវត្ត​ទំនើបកម្មកសិកម្ម គឺជម្រុញ​ការ​ដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ​ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក ​ឬប្រព័ន្ធសាចទឹក, ។ បច្ចុប្បន្ន​ក្រសួងបានកំពុងជម្រុញយកចិត្តទុកដាក់បំផុត ​ដោយយើងរំពឹងថា ​នៅចុងឆ្នាំនេះ ​ឬដើមឆ្នាំក្រោយ ការ​ផ្គត់ផ្គង់​បន្លែ​នៅក្នុងទីផ្សារកម្ពុជា ​នឹង​មាន​ការកើនឡើង ហើយអាចជំនួសការ​នាំចូលមកពី​បរទេស​បាន​ជាអតិបរមា។ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ឲ្យដឹងថា ​ជុំវិញការដំាដុះបន្លែសុវត្ថិភាពនេះ បច្ចុប្បន្នកសិករបាន​ប្រើប្រាស់​ផ្ទះសំណាញ់ក្នុងការដាំដុះ ​មានចំនួនជិត ២ ០០០ ផ្ទះសំណាញ់ ក្នុងនោះក្រសួងបាន​បង្កើត​បណ្តុំ​កសិករ​ក៏បានច្រើន ​និង​សហគមន៍អ្នកផលិត​ក៏បានច្រើន ដែលកសិករអាចធ្វើការ​ដាំដុះ​ក្នុងរដូវភ្លៀង និងរដូវក្តៅ ​ដែលអាចទទួលផលបានដូចគ្នា ​ព្រោះការប្រើប្រាស់ផ្ទះសំណាញ់បាន​កាត់​បន្ថយប៉ះពាល់ដល់ការដាំដុះ ​ជាពិសេសសម្រាប់ការដាំក្នុងផ្ទះសំណាញ់នោះ គឺយើងមិនប្រើប្រាស់​សាធាតុគីមីពុល ​ដោយយើងអាច​យកម​ក​ពិសារ​មិន​ប៉ះពាល់​ដល់​បញ្ហា​សុខភាពផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអប់រំចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តការក្នុងវិស័យអប់រំ

2022/03/19 01:17:25 pm        770
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ តាមរយៈអនុស្សារណៈយោគយល់នេះ គឺនឹងមានសុពលភាពរហូតដល់ខែសីហា ឆ្នាំ២០២៥ខាងមុខ។ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ”។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ​អង្គការ​មូលនិធិអាស៊ីផងដែរ។ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ” គឺដើម្បីលើក​កម្ពស់ភាពជាអ្នកដឹកនាំរបស់ក្រសួងអប់រំ យុវជន ​និងកីឡា ​និងកុមារ ​យុវជន តាមរយៈគម្រោង​មួយចំនួន​ ក៏ដូចជា ​ការ​អនុវត្តកម្មវិធីបំប៉ន​ជំនាញ​បច្ចេកវិទ្យា​ ការផ្ដល់ជូនអាហាររូបករណ៍​ដល់​និស្សិត​កម្ពុជា ​និង​ការអភិវឌ្ឍក្នុងវិស័យ STEM ផងដែរ។ ការផ្ដល់​អាហារូបករណ៍នេះ​ គឺផ្តោតសំខាន់លើការផ្តល់អាហារូបករណ៍ផ្នែកបច្ចេកវិទ្យា និងផ្តោត​សំខាន់​លើការផ្ដល់អាហារូបករណ៍​ដល់សិស្សនិស្សិតស្រី ​ដើម្បីឱ្យពួកគាត់មានឱកាស អាច​បន្តការ​សិក្សាថ្នាក់​ឧត្តមសិក្សានៅរាជធានីភ្នំពេញ។ បន្ថែមពីនេះ អង្គការមូលនិធិអាស៊ី នឹង​បន្ដ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ​យុវជន និងកីឡាឱ្យកាន់តែប្រសើរផងដែរ។ នេះជាការលើកឡើងរបស់លោក លោក David D. Arnold ​ប្រធានអង្គការមូលនិធិអាស៊ី។ក្នុងឱកាសចុះអនុស្សារណៈនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់​អង្គការមូលនិធិអាស៊ី ​ដែលបានចូលរួមចំណែកគាំទ្រ​ក្នុង​ការអភិវឌ្ឍវិស័យ​អប់រំនៅកម្ពុជា។ កន្លងមកក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការទៅលើ ការអភិវឌ្ឍវិស័យអប់រំបែប​ឌីជីថល​នៅ​គ្រប់លំដាប់ថ្នាក់​ ដូចជាការបង្កើតវីដេអូសម្រាប់សិស្ស ​ការ​បណ្ដុះ​បណ្ដាល​គ្រូបង្រៀ​ន​ក្នុងការ​បង្រៀន​អនឡាញ​ និងកិច្ចសហប្រតិបត្ដិការជាមួយក្រុមហ៊ុនអ៊ីនធឺណេត​នៅតាមសាលារៀន ដើម្បី​សម្រួល​ដល់ការសិក្សាតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ គឹមហុក

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ១៩៥លានដុល្លារ ក្នុងរយៈពេលពីរខែឆ្នាំ២០២២

2022/03/18 02:21:52 pm        688
ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង បន្តកើនឡើង ដោយក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ មានកំណើនប្រមាណ ២៣ភាគរយ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រំពឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខ។យោងតាមរបាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ចេញផ្សាយ​កាល​ពីពេលថ្មីៗនេះ ចាប់ពីខែមករាដល់ខែកុម្ភៈ ​កម្ពុជានាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង មាន​ទឹកប្រាក់ប្រមាណ ជាង៦៤លានដុល្លារ​ ធ្លាក់ចុះ ០,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាល​ពី​ឆ្នាំមុន។ដោយឡែកកម្ពុជា នាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងមកវិញ ​មានតម្លៃប្រមាណ ១៣០លាន​ដុល្លារ កើនឡើង ៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ​កាលពីឆ្នាំមុន។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង​ ដែលប្រទេសទាំងពីរ បានចុះហត្ថ​លេខា​កាលពីចុងឆ្នាំ២០២១ ​ត្រូវបានរំពឹងថា ​នឹងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ​ខាងមុខ ​ដោយកម្ពុជា បានផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងនេះ ​កាលពីមករាកន្លងទៅ។កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញ​ បង្កើនផលិតផលក្នុងស្រុកសរុប ​បង្កើនឱកាសការងារ និងជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងពីរដែលរងផលប៉ះពាល់ដោយ Covid-19 ។ ប្រទេសទាំងពីរ​ ក៏អាចពង្រីកទីផ្សារសេរីភាវូបនីយកម្មពាណិជ្ជកម្មបន្ថែម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-កូរ៉េ ​និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ទំនិញសំខាន់ៗកម្ពុជា​នាំចេញទៅប្រទេសកូរ៉េខាងត្បូង ​មានដូចជាផលិតផលស្បែកជើង និង​សំលៀកបំពាក់​ជាចម្បង​ ផលិតផលធ្វើដំណើរ ភេសជ្ជៈ​ គ្រឿង​បន្លាស់អគ្គិសនី ​និងអេឡិចត្រូនិក កៅស៊ូ ឱសថ ​និងផលិតផលកសិកម្ម។កាលពីឆ្នាំ២០២១ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ៩៦៥​លានដុល្លារ ​កើនពី​ ៨៥៥លានដុល្លារ ក្នុងឆ្នាំ២០២០។ ​ក្នុងនោះ ​កម្ពុជានាំចេញទៅកាន់កូរ៉េខាងត្បូង មានទឹកប្រាក់​សរុបប្រមាណ ​៣៤១លានដុល្លារ ​មានកំណើនប្រមាណជាង៧ភាគរយ៕ អត្ថបទ៖ វណ្ណៈ

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូប នឹងត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ

2022/03/18 01:40:36 pm        463
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ នៅថ្ងៃទី ២១ ខែមីនាខាងមុខ ដើម្បីប្រែក្លាយឧស្សាហកម្មនេះឲ្យមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់​ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ខែ មីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, សមាគមធុរកិច្ច និងវិស័យឯកជន។ជុំវិញនឹងវិស័យនេះ, រាជរដ្ឋាភិបាលកម្ពុជា ​បានពិនិត្យឃើញពីសារៈសំខាន់ ​និងភាពចាំបាច់ ក្នុងការ​រៀបចំ និងដាក់ឱ្យអនុវត្តនូវ ​យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង ​និងកាបូបកម្ពុជា ២០២២-២០២៧ ​សំដៅកំណត់នូវចក្ខុវិស័យរួម ​គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹង​ និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះ ស្របតាមបរិការណ៍កម្ពុជា​ដែលស្ថិតក្នុង​ស្ថានភាព​ទ្វេទិស មានទាំងបញ្ហាប្រឈម​ និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័សនៃនិម្មាបនកម្មតំបន់ ​និងពិភពលោក។ចក្ខុវិស័យនៃយុទ្ធសាស្ត្រនេះ គឺការអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ​និងកាបូបកម្ពុជា ឱ្យទៅ​ជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន ​មានភាពធន់​ មានតម្លៃបន្ថែមខ្ពស់ ដោយ​ផ្ដោតលើផលិតផលថ្លៃខ្ពស់ ​និងមានលក្ខណៈពិសេស​ មានភាពប្រកួតប្រជែងខ្ពស់ និង​ជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM