រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនប្រទេសឆែក គ្រោងនាំម្រេចកំពត ៣៥តោនទៅទីផ្សារអន្តរជាតិ

2022/03/12 01:15:41 pm        1132
កំពត៖ ក្រុមហ៊ុនឯកជនមួយមកពីសាធារណរដ្ឋឆែក នៅឆ្នាំ២០២២នេះបានចុះកិច្ចសន្យា ទិញម្រេចកំពត ចំនួនប្រមាណ ៣៥តោនពីប្រជាកសិករចំនួន ២០៣គ្រួសារ ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត កាលពីរសៀលថ្ងៃទី១១ ខែមីនាកន្លងទៅ បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថាថា ក្រុមហ៊ុន អ៊ីយូលែន អេន ផេបភើរ អ៊ីនវេសមិន (Eu land and pepper investment co ltd) ដែលជាក្រុមហ៊ុនឯកជនមួយមកពីសាធារណរដ្ឋឆែក ពេលដំបូងគិតចាប់ពីឆ្នាំ២០១៨ បានចុះកុងត្រាផ្ទាល់ជាមួយកសិករចំនួនតែ ២៨០គីឡូ បន្ទាប់មកចំនួន ១៩-២០តោន និងកើនឡើងបន្តបន្ទាប់រហូតដល់ចំនួន ៣៥តោន នៅឆ្នាំ២០២២នេះ។ លោកឲ្យដឹងទៀតថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុនបានទិញម្រេចពីសមាគម ប៉ុន្តែមិនមានការ​ចុះ​កុងត្រា​ដោយផ្ទាល់ទេ​ ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុន បានអះអាងថា នឹងធ្វើកុងត្រាជាមួយ​កសិករ​ដោយផ្ទាល់រៀងរាល់​ ១ឆ្នាំម្តង​ ដើម្បីប្រមូលទិញម្រេចទាំងអស់។ ទាក់ទិននឹងតម្លៃរបស់ម្រេចកំពត លោក ងួន ឡាយ បានឲ្យដឹងថា សម្រាប់ម្រេចក្រហមមានតម្លៃ ២៥ដុល្លារ, ម្រេចខ្មៅ ១៥ដុល្លារ និងម្រេចស ២៨ដុល្លារ ក្នុង១គីឡូក្រាម។ ​ដោយឡែកផ្ទៃដីដាំម្រេច​នៅក្នុងខេត្តកំពត​ ក្នុងពេលបច្ចុប្បន្នទំហំ ២៤០ហិកតា និងមានសមាជិកជាផលិតករចំនួន​ប្រមាណ​ជាង ៤១០គ្រួសារ សមាជិកជាក្រុមហ៊ុនចំនួន ៣០ក្រុមហ៊ុន។កាលពីឆ្នាំ២០២១កន្លងទៅ ​ការនាំចេញម្រេចរបស់កម្ពុជា ​មានចំនួនប្រមាណជាង​ ២ម៉ឺន ៨ពាន់តោន កើនឡើងជាង ៤៥០ភាគរយ ​ទាំងម្រេចកំពត​ ដែលជាផលិតផលសម្គាល់​ទីតាំង​ភូមិសាស្ត្រ និង​ម្រេចធម្មតា​មិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។​ ក្នុងនោះ​ នាំចេញទៅកាន់ប្រទេសវៀតណាម អាល្លឺម៉ង់ បារាំង តៃវ៉ាន់ ​សាធារណរដ្ឋឆែក ប៉ូឡូញ កូរ៉េ ជប៉ុន រុស្ស៊ី សិង្ហបុរី និង​បណ្តាប្រទេស​មួយ​ចំនួនទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

ទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប មានតម្លៃ ៤,៩៨ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១

2022/03/11 12:45:07 pm        991
ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ៤,៥ ពាន់លានអឺរ៉ូ សមាមូលនឹង ៤,៩៨ ប៊ីលានដុល្លារ ខណៈស្របភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគ។តួលេខពាណិជ្ជកម្មនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប​លើកទី១១ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធ​វីដេអូ​ផង នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា ​និងលោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​នៃមន្ទីរកិច្ចការបរទេស​សហភាពអឺរ៉ុប​។កិច្ចប្រជុំអនុក្រុមស្តីពីពាណិជ្ជកម្ម ​និងការវិនិយោគ បានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្ម​ទេ្វភាគី​កម្ពុជា-សហភាពអឺរ៉ុប ​និងបរិយាកាសវិនិយោគនៅកម្ពុជា។ ​ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្ម​ទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ​៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុង​ឆ្នាំនីមួយៗ​។ផលិតផលសំខាន់ៗ​ដែលកម្ពុជានាំចេញទៅសហភាពអឺរ៉ុប​ គឺជាផលិតផលកសិកម្ម ​រួមមាន​អង្ករ វាយនភណ្ឌ ស្បែកជើង ​ទំនិញ​ធ្វើដំណើរ​ និងកង់ ​ខណៈដែលទំនិញសំខាន់ៗ​ដែល​ព្រះរាជាណាចក្រ​នាំចូល​ពីសហភាពអឺរ៉ុបរួមមាន៖ សម្ភារៈសំណង់ អាហារ និងភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និង​ឱសថជាដើម។កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគទ្វេភាគី រួមទាំង​ការដកជាបណ្តោះអាសន្ន​នូវផ្នែកខ្លះនៃការ​អនុគ្រោះពន្ធ​ពាណិជ្ជកម្មរបស់​សហភាពអឺរ៉ុប​ក្រោមគម្រោងគ្រប់យ៉ាងលើកលែង​តែសញ្វអាវុធ (EBA) កិច្ចសហប្រតិបត្តិការ​បច្ចេក​ទេស ​បញ្ហា​នៃការចូលទៅកាន់ទីផ្សារ ​ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យកាន់តែ​ប្រសើរ​ឡើង​ថែមទៀតនូវបរិយាកាសធុរកិច្ច ​រួមទាំងច្បាប់វិនិយោគថ្មី ​និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីលើនេះ ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ​ដើម្បីធានា​ថា​បរិយាកាស​វិនិយោគរបស់កម្ពុជានៅតែបើកចំហ​ មាន​ការ​សម្របសម្រួល​យ៉ាងល្អ ​មាន​លក្ខណៈប្រកួត។ ប្រជែង និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភា ក្នុង​អំឡុងពេលកិច្ចប្រជុំអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគី​ទាំងពីរ​បាន​កត់សម្គាល់ អំពី​វឌ្ឍនភាពសម្រេចបានពាក់ព័ន្ធនឹងការបន្តគាំទ្រ​របស់សហភាពអឺរ៉ុប​ដល់ការអភិវឌ្ឍរបស់កម្ពុជា៕ អត្ថបទ៖ វណ្ណៈ

រដ្ឋាភិបាលពន្យារការអនុវត្តពន្ធលើចំណេញមូលធន ២ឆ្នាំបន្ថែម​ដើម្បី​ជួយវិស័យ​ឯកជន​ស្តារ​អាជីវកម្ម​ឡើងវិញ

2022/03/11 11:08:10 am        852
ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចពន្យារកាលបរិច្ឆេទ នៃការអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំបន្ថែមទៀត ដើម្បីទុកពេលវេលាឲ្យក្រុមហ៊ុន ឬសហគ្រាសដែលជាប់ពន្ធលើចំណេញមូលធន មានឱកាសស្តារអាជីវកម្មឡើងវិញ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ ក្នុងគោលដៅចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។ជុំវិញការពន្យាអនុវត្តពន្ធលើចំណេញមូលធននេះ, លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 បាន​ថ្លែង​នូវការសាទរ ដែលនេះគឺជាការ​គិតគូរ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ប្រមុខរាជរដ្ឋាភិបាល ដើម្បី​ទុកឱកាសឲ្យក្រុមហ៊ុន ​ឬសហគ្រាស​ដែលជាប់ពន្ធលើចំណេញ​មូលធន ជាពិសេស​ក្រុមហ៊ុន​ដែលរកស៊ី​ទទួលទានក្នុងវិស័យអចលទ្រព្យ ​ដែល​រងផលប៉ះពាល់​នៃ​ជម្ងឺកូវីដ ១៩ នេះ អាចស្តារអាជីវកម្មឡើងវិញ។ ចំណែក ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញ​ថា វិស័យអចលនទ្រព្យនៅកម្ពុជា​កើនឡើង​យឺត ​និងការរំពឹងទុក​នៃចំណូល​បាន​មក​ពីវិស័យ​អចលន​ទ្រព្យនេះនៅមានកម្រិត ​ប៉ុន្តែការរពន្យាពេលនេះ ជាការលើកទឹកចិត្តឲ្យចលនា​សេដ្ឋកិច្ចដំណើរ​ឡើងវិញ។សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២០ កន្លងមកនេះ ក្រសួងសេដ្ឋកិច្ច ​និងហិរវត្ថុ ចេញប្រកាសស្តីពីពន្ធ​លើចំណេញមូលធន ​ដោយមានគោលបំណងដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន ដោយ​មានវិសាលភាព​អនុវត្តចំពោះអ្នកជាប់ពន្ធ ​ដែលទទួល​បាន​ចំណេញមូលធនដូចជា៖ វិស័យ​អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេសជាដើម ក្នុងអត្រាថេរ ២០ភាគរយ ចំពោះពន្ធចំណេញមូលធន៕អត្ថបទ៖ សុន រ៉ាឌី 

សមាគមត្រចៀកកាំសង្ឃឹមថា ការនាំចេញនឹងកាន់តែប្រសើរក្រោយរដ្ឋទទួលស្គាល់ផ្លូវការ

2022/03/10 01:19:39 pm        1346
​​ភ្នំពេញ៖ ខណៈដែលសមាគមត្រចៀកកាំខ្មែរ ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ ដើម្បីអភិវឌ្ឍន៍ក្នុងការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុកនិងក្រៅ។ ជាមួយគ្នានេះ លោកតំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំ សង្ឃឹមថា នឹងជំរុញការនាំចេញឲ្យកាន់តែល្អប្រសើរជាមុន ជាពិសេសទីផ្សារប្រទេសចិន។ក្នុងកិច្ចសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី៩ មីនា ឆ្នាំ២០២២នេះ លោក ស៊ុយ កុកធាន តំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំ បានឲ្យដឹងថា គោលបំណងបង្កើត​សមាគម​ត្រចៀកកាំនេះឡើង ដើម្បីជំរុញ និងលើកទឹកចិត្តចំពោះការវិនិយោគ​លើការចិញ្ចឹម ​និង​អភិវឌ្ឍន៍​ផ្ទះត្រចៀកកាំ ​ក៏ដូចជាការពង្រឹងគុណភាពផលិតផលពីទឹកមាត់ត្រចៀកកាំ និង​ផ្តល់ការ​សិក្សា​ស្វែងយល់ ដំណោះស្រាយ ចែករំលែកបទពិសោធន៍ និងការស្វះស្វែងរកទីផ្សារនាំចេញ​ទឹកមាត់​ត្រចៀក​កាំទៅទីផ្សារក្រៅប្រទេស ​និងជាពិសេសប្រទេសចិនតែម្តង ដោយសារកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​នឹងចូលជាធរមាននៅឆ្នាំនេះហើយ ហេតុនេះ​ឱកាសសម្រាប់ការ​នាំចេញ នឹងមានសង្ឃឹមខ្ពស់។លោក បានបន្ថែមថា យើងសង្ឃឹមថា សមាគមនឹងអាចធ្វើការទូលំទូលាយបានច្រើនជាង ថែមទាំង​ផ្តល់ជំនឿ​ដល់ប្រជាកសិករ ​មានន័យថា​ ការបង្កើត​សមាគមមិនមែនបម្រើផល​ប្រយោជន៍​ឲ្យបុគ្គល​ណា​មួយនោះទេ គឺយើងជំរុញឲ្យមានការផ្សព្វផ្សាយបច្ចេកទេស​ទូទៅ​ក្នុងការថែទាំ​ឲ្យបានលទ្ធផល​ល្អ ​ហើយធ្វើយ៉ាងណាយើងផលិតសំបុក ​ឲ្យក្លាយជាសំបុកស្តង់ដារ ព្រោះការ​សិក្សាថ្មីៗនេះ នៅអាស៊ីប៉ាស៊ីហ្វិក ​គឺគេរកឃើញថា សំបុកត្រចៀកកាំ​នៅស្រុកខ្មែរ​យើងគឺមានគុណភាព​ល្អជាងគេ។លោក ស៊ុយ កុកធាន បានឲ្យដឹងថា តាមការស្រាវជ្រាវកន្លងមក ក្នុង១ឆ្នាំៗ ប្រទេសចិនមានតម្រូវ​ការ​ផលិតផល​សំបុក​ត្រចៀកកាំរាប់ពាន់តោន ​ខណៈការផ្គត់ផ្គង់​នៅខ្វះជាង ១ពាន់តោន​ជារៀងរាល់ឆ្នាំ។ ​ទាក់ទិន​និងតម្លៃវិញ ​លោក បានបញ្ជាក់ថា បច្ចុប្បន្នសំបុកត្រចៀកកាំនៅកម្ពុជា មិនទាន់សម្អាត ​គិតជាមធ្យមមានតម្លៃចន្លោះពី ៦៥០ទៅ៧០០ដុល្លារ ក្នុង ១គីឡូក្រាម និង​សម្អាតហើយ​មានតម្លៃចន្លោះពី ១ ៦០០ ទៅជាង ២ ០០០ដុល្លារ ​ខណៈដែលនៅប្រទេសម៉ាឡេស៊ី ផលិតផលសំបុកត្រចៀកកាំមិនទាន់សម្អាត​ មានតម្លៃចន្លោះពី ​៨០០ទៅ១ ០០០ ដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី

ពន្ធដារ គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យនាពេលខាងមុខ

2022/03/08 12:26:25 pm        563
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដ សម្គាល់អចលនទ្រព្យនាពេលខាងមុខ។ តាមរយៈប្រព័ន្ធនេះ គឺមានគោលបំណងដើម្បីឲ្យមានតម្លាភាពសម្រាប់អ្នកបង់ពន្ធ។ ចំពោះក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង បើមិនបង់ពន្ធ មិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានឡើយ។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី៨ មីនា ឆ្នាំ២០២២កន្លងទៅ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមាន​ប្រសាសន៍​ថា ប្រទេសកាន់តែរីកចម្រើន ​ការស្វែងរកលំនៅឋានឲ្យមានភាពងាយស្រួល ត្រូវតែ​មាន​ប្រព័ន្ធគ្រប់គ្រងទិន្នន័យឲ្យល្អនិងត្រឹមត្រូវ ​ព្រោះថា​បណ្តាប្រទេសផ្សេងៗទៀត គេមានរួចអស់​ទៅហើយ។លោកបន្តថា ជាទូទៅម្ចាស់បុរីភាគច្រើន គាត់បាន​គោរព​តាមគោលនយោបាយបង់ពន្ធទៅ​តាមការ​កំណត់​យ៉ាងល្អប្រសើរ ​ជាពិសេសតាមប្រព័ន្ធ​ទិន្នន័យ​សព្វថ្ងៃនេះ ដែល​រដ្ឋាភិបាល​បានដាក់​ឲ្យ​ប្រើប្រាស់​រួចហើយ ​តាមរយៈ ឃ្យូអរកូដ (QR Code) នៃប្លង់។ដោយឡែកលោកតំណាងឲ្យបុរីសុខសាន្តភ្នំពេញ ​បានឱ្យដឹងថា ​គិតចាប់ពីដំណើរការសាងសង់ផ្ទះ​សម្រាប់​លក់រហូតមកទល់បច្ចុប្បន្ននេះ ​សម្រេច​បានចំនួនប្រមាណជាង ​៣ពាន់ខ្នងផ្ទះហើយ ដោយ​មានការ​បង់ពន្ធយ៉ាង​ត្រឹមត្រូវ​តាមការកំណត់របស់រដ្ឋ ព្រោះថា នេះជាកាតព្វកិច្ចទាំង​អស់គ្នាត្រូវ​តែ​គោរពតាម​ ដើម្បីរួមចំណែកក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឲ្យកាន់តែរីកចម្រើនថែមទៀត។សូមជម្រាបជូនថា ​នៅក្នុងខែឧសភា ​ឆ្នាំ២០២២ខាងមុខនេះ ​អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ​នៅ​ពេលដែលក្រុមហ៊ុន ​សហគ្រាស ដែល​សាងសង់ជាបុរី ​ឬសាងសង់ជាផ្ទះ ​បើថា​អត់បានមកបង់ពន្ធ ​ហើយអត់មានលេខ ​Tax QR ​កូដទេ មានន័យថា​ មកកាត់ឈ្មោះលក់អត់ចេញទេ។ដើម្បីមានភាពស្មើគ្នា អគ្គនាយកដ្ឋានពន្ធដារ ​បានរៀបចំកម្មវិធីខាងលើនេះ ​ដោយមាន​ ឃ្យូអរ កូដ រាល់ផ្ទះនីមួយៗ ដែលអភិវឌ្ឍន៍ទៅចេញជាប្រព័ន្ធ ដើម្បីឲ្យដឹងថា ​អ្នកនឹងមកទិញផ្ទះពីម្ចាស់បុរី មានអី ឃ្យូអរ កូដហើយ ​បើអ្នកណាទិញដោយគ្មាន ឃ្យូអរ កូដនេះ ​មានន័យថា ​ម្ចាស់បុរីអត់បង់ពន្ធ និង​អត់បានចុះបញ្ជីនោះទេ៕អត្ថបទ៖ ឈិត បូរ៉ាវី

ការនាំអង្ករកម្ពុជាទៅរុស្ស៊ី អាចរងផលប៉ះពាល់ពីវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ក្នុងកម្រិត​តិចតួច

2022/03/04 01:40:28 pm        936
ភ្នំពេញ៖ ការនាំអង្ករកម្ពុជាទៅកាន់ប្រទេសរុស្ស៊ី អាចនឹងរងផលប៉ះពាល់ដោយសារវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែផលប៉ះពាល់នេះ មានកម្រិតតិចតួច ដោយសារទីផ្សារប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាទីផ្សារតូចប៉ុណ្ណោះ សម្រាប់អង្ករកម្ពុជា។ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២១ ប្រទេសកម្ពុជា បាននាំអង្ករចេញ ទៅកាន់​ប្រទេសរុស្សី បានចំនួន ១៧ ៥១២តោន។ បរិមាណនាំចេញនេះ មានតិចតួចប៉ុណ្ណោះ ទៅកាន់ប្រទេសរុស្ស៊ីដែលជាប្រទេសធំ ធៀបនឹងប្រទេសអឺរ៉ុប និងទីផ្សារប្រទេសដទៃទៀត។របាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹង​ទៀតថា សម្រាប់ឆ្នាំ២០២១ បរិមាណអង្ករកម្ពុជាដែលបានលក់​ ទៅកាន់ប្រទេសរុស្សីមាន ចំនួន ២,២២៣តោន ដែលគិតជាទឹកប្រាក់មានចំនួន ១ ៩៦៣ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។របាយការណ៍ បានបន្ថែមទៀតថា សម្រាប់ខែមករា និងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករ​ដែល​បាន​នាំចេញ ទៅកាន់ប្រទេសរុស្សី ​មានចំនួនត្រឹមតែ២០០តោន ដែលគិតជាទឹកប្រាក់មាន​ចំនួន ២០០ ៦៤០ដុល្លារសហរដ្ឋអាមេរិក។ដោយឡែកការនាំអង្ករចេញ​ ទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោន​តែប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំ។បើតាមយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ​សង្គ្រាមរវាងរុស្ស៉ី ​និងអ៊ុយក្រែន អាចមានបញ្ហាទៅ​លើអង្ករកម្ពុជា បើសិនជាមានទណ្ឌកម្មច្រើន ទៅលើប្រទេសរុស្ស៉ី ពិសេសទណ្ឌកម្មលើប្រព័ន្ធ​ធនាគារ​ដែល​ពិបាកធ្វើការទូទាត់។ទោះបីជាយ៉ាងនេះក្ដី​ ដោយសារតែទីផ្សារអង្កររបស់កម្ពុជា​ ទៅប្រទេសរុស្សី ​មានបរិមាណតិចតួច ដែល​មានត្រឹមប្រមាណជាង ២ពាន់តោន ក្នុងមួយឆ្នាំប៉ុណ្ណោះ ​ការប៉ះពាល់ស្ថិតក្នុងរង្វង់តិចតួច៕ អត្ថបទ៖ វណ្ណៈ

ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា មានទំហំទឹកប្រាក់កើនដល់ជាង ១ម៉ឺនលានដុល្លារ

2022/03/04 12:52:51 pm        509
ភ្នំពេញ៖ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២១ កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួនប្រមាណជាង ១ម៉ឺន១ពាន់លាន ដុល្លារអាម៉េរិក (១១,៣៨៩.៦លានដុល្លារ) កើនឡើងប្រមាណ ១ ៥០០ លានដុល្លារ ស្មើនឹងប្រមាណជាង ១៥ភាគរយ។ក្នុងជំនួបការងារកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ​បានជម្រាបជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជ្រាបថា ក្នុងចំណោមការនាំចេញ​ផលិតផល​កាត់ដេរទាំងនោះ ​សម្រាប់ផលិត​សំលៀកបំពាក់​មាន​ចំនួនជាង ៨ពាន់លាន, ស្បែកជើង​ចំនួនជាង ១ ៣០០លានដុល្លារ ​និងផលិតផលធ្វើដំណើរចំនួនជាង ១ ៤០០លានដុល្លារ ក្រៅពីនេះ គឺជា​ផលិតផល​វាយនភណ្ឌ​ផ្សេងៗទៀត។បច្ចុប្បន្នសមាគមមានសមាជិកជារោងចក្រកាត់ដេរ​សំលៀកបំពាក់​ចំនួន ៤៦២ ផលិតស្បែកជើង​ចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២។ លោក បានបន្តថា តាំងពីដើមរហូតមកនេះ ក្រសួងការងារនៅតែជាក្រសួងពាក់ព័ន្ធសំខាន់ទីមួយ សម្រាប់​វិស័យកាត់ដេរ ​ដែល​ជាវិស័យ​អតិពលកម្ម។បើវិស័យការងារមានភាព​ច្របូកច្របល់​ហើយនោះ ​វិស័យនេះ ​នឹងមិនមាន​និរន្តរភាព និងកំណើន​បានឡើយ ​ទោះបីជាផ្នែកផ្សេងទៀតល្អយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ការ​សម្របសម្រួល​បង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយ​ដែលល្អប្រសើរ និង​មានភាពចាស់ទុំ ​នាំមកនូវស្ថេរភាពផលិតកម្ម។​ ក្នុងអំឡុងពេលកូវីដនេះ គោលនយោបាយ​ចាក់វ៉ាក់សាំង​ដ៏ត្រឹមត្រូវរបស់សម្តេច​នាយក​រដ្ឋមន្រ្តី រួម​នឹង​ការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​ក្រសួង​ការងារ ​បានធានាដល់ស្ថេរភាព​ផលិតកម្ម ​និង​កំណើននៃការនាំចេញ។ លើកឡើងក្នុងជំនួបនោះ ​ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសាទរចំពោះសមាគមដែល​សម្រេច​បាន​ល្អប្រសើរ ​អាចបង្កើននូវប្រសិទ្ធភាពការងារបន្តទៀត​សម្រាប់​សមាគម ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច ​និងការនាំចេញ។​ ដោយសារតែមានករណីកើនឡើង​នូវជំងឺ​បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដូច្នេះ​ទាមទារ​ឲ្យខាងសមាជិករបស់​សមាគម ​ដែលមានរោងចក្រ សហគ្រាសកំពុងដំណើរការ​អាជីវកម្ម​សព្វថ្ងៃនេះ​អនុវត្តឲ្យបានល្អនូវគោលការណ៍​ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួង​ឲ្យបានខ្ជាប់ខ្ជួន ក្នុងការរក្សាបាននូវដំណើរការចង្វាក់ផលិតកម្ម ព្រមទាំងរក្សាការងារជូនកម្មករ​និយោជិត​របស់យើង ​ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ជំរុញឲ្យមានសហគមន៍​សុខសាន្ត​នៅតាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន តាមរយៈបង្កើនទំនាក់ទំនងល្អ ​យោគយល់គ្នារវាងថៅកែ និងកម្មករនិយោជិត​ ដើម្បីជាផលប្រយោជន៍រួម។ ឯកឧត្តម លើកឡើងបន្តថា ​តាមរយៈកិច្ចពិភាក្សា ​និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នា​ភាព​ជា​ដៃគូ​រវាងក្រសួងការងារ ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ ជាមួយ​សមាគមរោងចក្រកាត់ដេរ​នៅ​កម្ពុជា ដែលអាចដោះស្រាយនូវបញ្ហានានាបន្តទៀត ជាពិសេសនៅក្នុងបរិបទកំណើន​នៃ​ការ​បញ្ជាទិញ​គឺកើនឡើងខ្ពស់ ​បណ្តា​ឲ្យខ្វះខាតនូវកម្លាំងពលកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី 

វិស័យទេសចរណ៍កម្ពុជា អាចរងផលប៉ះពាល់បើវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បន្តរយៈពេលវែង

2022/03/04 11:48:31 am        466
ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យទេសចរណ៍ អះអាងថា វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនទាន់បង្កើនបន្ទុក ឬប៉ះពាលដល់វិស័យទេសចរណ៍កម្ពុជានោះទេ។ ប៉ុន្តែបើសង្គ្រាមនៅតែបន្តអូសបន្លាយយូរ និងរាលដាលទៅបណ្តាប្រទេសនានាទៀតនៅអឺរ៉ុប នោះវានឹងបង្កការប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា មកពីប៉ែកខាងអឺរ៉ុប។តំណាងសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិចPATA ប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន បានថ្លែង​ប្រាប់BTVនៅថ្ងៃទី៤ ខែមីនានេះថា ខណៈដែលវិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី បាននិងកំពុងកើត​ឡើង ​បច្ចុប្បន្ន​នេះ មិនទាន់បង្កការប៉ះពាលខ្លាំងបន្ថែមទៀត​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ។លោក ថ្លែងថា បើសង្គ្រាមនេះ បន្តការអូសបន្លាយយូរ និងរាលដាលដល់បណ្តាប្រទេសនៅប៉ែក​ខាងអឺរ៉ុបទៀតនោះ ​វាពិតណាស់ ​នឹងបង្កប៉ះពាលដល់វិស័យទេសចរណ៍កម្ពុជាធ្ងន់ធ្ងរ ខណៈកម្ពុជា​បច្ចុប្បន្នក៏មានតម្រូវការភ្ញៀវមកពីអឺរ៉ុបច្រើនហើយបច្ចុប្បន្នបណ្តាការីទេសចរណ៍នៅកម្ពុជា ក៏បាននិងកំពុង ចងក្រងទំនាក់ទំនាក់ពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍​ជាមួយបណ្តា​ប្រទេស​នៅអឺរ៉ុបឡើងវិញ ​បន្ទាប់​ពីរង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពីរាតត្បាតកូវិដ១៩។លោក ធួន ស៊ីណាន បន្តថា តាមការគត់សំគាល់ ​នៅកម្ពុជា​ ពុំសូវមានជនជាតិរុស្ស៊ី និងអ៊ុយក្រែន​មក​ប្រកបអាជីវកម្មទេសចរណ៍នៅកម្ពុជាទេ ប៉ុន្តែកន្លងមក​កម្ពុជា​ក៏​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្លះជាជនជាតិរុស្ស៊ីខ្លះៗដែរ តែពុំមានធ្វើអាជ្ញាប័ណ្ណប្រកបអាជីវកម្មនោះទេ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា យល់ឃើញ​ស្រដៀងគ្នានេះ។ ទេសចរ​ជាសកល ​មិនទាន់ធ្វើដំណើរច្រើនដោយសារកូវីដ ហើយទេសចរមកពី​អឺរ៉ុប​ក៏មិនទាន់មានច្រើន ខណៈបច្ចុប្បន្នកម្ពុជា​កំពុងមានតែភ្ញៀវទេសចរ​នៅក្នុងតំបន់ និង​នៅ​តំបន់អាស៊ីប៉ាស៊ីភិចច្រើនមកទស្សនាកម្ពុជា។ដោយឡែកបើតាមឯកឧត្តម ជា អូន អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងថា សង្គ្រាមរុស្ស៊ី​ និងអ៊ុយក្រែន​ មិនបង្កការប៉ះពាល់​ជើងហោះហើរដឹកអ្នកដំណើរ​អន្តរជាតិមកកម្ពុជា ដោយសារបច្ចុប្បន្នកម្ពុជា ​មិន​មានជើង​ហោះហើរ​ត្រង់​មក​ពីអឺរ៉ុប​ស្រាប់​ទៅ​ហើយ ហើយ​ទេសចរ​និងអ្នកដំណើរមកពីអឺរ៉ុប​ និងរុស្ស៊ី ​ភាគច្រើនគឺបន្តដំណើរមក​ពី​សឹង្ហបូរី​ ម៉ាឡេស៊ី និង​ប្រទេសថៃ​ជាដើម ក្នុងនោះក៏មានភ្ញៀវទេសចររុស្សីមួយៗ​មកទស្សនា​ទៅ​ខេត្តសៀមរាបផងដែរ៕ អត្ថបទ ស៊ុម សុខជា 

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួន ៩.៥៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

2022/03/03 01:20:03 pm        720
ភ្នំពេញ៖ ជញ្ជីងពាណិជ្ជកម្មនៃប្រទេសកម្ពុជា​ និងវៀតណាម មានប្រមាណ ៩.៥៣ ពាន់លានដុល្លារ ទោះបីមានវិបត្តិកូវីដ១៩ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ង្វៀង ហ៊ុយ តាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ មានប្រសាសន៍ថា ជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទោះបីមានវិបត្តិកូវីដ១៩ ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។ជាក់ស្តែង នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានប្រមាណ ៥.៣ពាន់លានដុល្លារ​អាមេរិក និងឆ្នាំ២០២១ មានចំនួន ៩.៥៣ពាន់លានដុល្លារ យើងសង្ឃឹមថា ​នៅឆ្នាំ២០២២នេះ នឹង​មានការកើនឡើង​ថែមទៀត ។ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា វៀតណាម បានផ្តោតការយកចិត្តទុកដាក់ ទៅលើការពង្រឹង​ពង្រីក​ទំនាក់ទំនង​ និងកិច្ចសហប្រតិតបត្តិការលេវិស័យ ​ឧស្សាហកម្ម វិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា រវាងកម្ពុជា-វៀតណាម ។ជាការឆ្លើយតប ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ នៃ​ទំនាក់ទំនង​ដ៏ល្អរវាង​ប្រទេសទាំងពីរ និងគាំទ្រចំពោះសំណើរលើកឡើងរបស់ភាគីវៀតណាម​ខាងលើ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ​ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ​របស់កម្ពុជា​ បច្ចុប្បន្ន ​ត្រូវ​ធ្វើការងារ​ជាមួយ​សមភាគីវៀតណាម​ចំនួនពីស្ថាប័ន គឺ​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម និងក្រសួង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម៕អត្ថបទ៖ វណ្ណៈ

កម្ពុជា និងអូម៉ង់ឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ

2022/03/03 11:29:24 am        750
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេស អូម៉ង់ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅបន្តលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនាពេលខាងមុខ។លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ មីនា ឆ្នាំ២០២២នេះ បានទទួលជួបឯកឧត្តម សាឡិច ម៉ូហាម៉េត អាម៉េតអាយស៊ូគ្រី (Saleh Mohamed Ahmed Al Suqri) ឯកអគ្គរាជទូតតែង​តាំង​ថ្មី​ នៃប្រទេសអូម៉ង់ ប្រចំាកម្ពុជា។ក្នុងជំនួបនេះ លោកជំទាវ តឹករ៉េត កំរង បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈ​បេសកកម្មការ​ទូត​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ​ កម្ពុជា និងអូម៉ង់នឹងមានលទ្ធភាព​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការឱ្យកាន់​តែខ្ពស់​មួយកម្រិតទៀត។ ទន្ទឹមនេះលោកជំទាវ បានជម្រាបជូនពីកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ បទដ្ឋានគតិយុត្ត និង​គោលនយោបាយ​នានា​ ដែល​ទ្រទ្រង់​ដល់​ធុរជន ​និង​វិនិយោគិន​គ្រប់ទី​មជ្ឈដ្ឋាន ជាក់ស្តែង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ​ដែលសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង​ក្របខណ្ឌអាស៊ានបូកដៃគូ ​និងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ លោកជំទាវ បានលើកទឹកចិត្តវិនិយោគិនអូម៉ង់ចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាម​រយៈការ​បង្កើត​ផលិតកម្ម ​ការ​ចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ​និងការវិនិយោគលើផលិតផល​សក្តានុពល​របស់កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ចេក ស្វាយ គ្រឿងអេឡិចត្រូនិច ទំនិញសម្រាប់ការធ្វើដំណើរ និងវាយនភ័ណ្ឌ។-ល-។ជាការ​ឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់​ពីការប្តេជ្ញាខ្ពស់របស់ភាគីអូម៉ង់ ដើម្បី​លើក​ស្ទួយ​ទំនាក់ទំនង​ទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជា​ពិសេស​ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ​កំពង់ផែ​អន្តរជាតិ​ និងសភាពាណិជ្ជកម្ម។ គិតក្នុងឆ្នាំ២០២០​ និង២០២១​ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូម៉ង់​ សម្រេចបានប្រមាណ ៥,៥លាន​ដុល្លារអាម៉េរិក​។ បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប្រទេសទាំងពីរមានសក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មគួរឱ្យកត់សម្គាល់​ ដែលអាចបំពេញ​ឱ្យគ្នាទៅវិញ​ទៅមក និងផ្តល់នូវ​កាលានុវត្តភាព​ក្នុងការ​ជំរុញទំហំពាណិជ្ជកម្ម ​និង​វិនិយោគទ្វេភាគី​ឱ្យកាន់តែប្រសើរ​ឡើង​នាពេលអនាគត៕អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM