ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

សេដ្ឋកិច្ច និង កសិកម្ម

វិនិយោគបង្កើតកំពង់ផែ​ និងមណ្ឌល​ភស្តុភារកម្ម ​នឹង​ជួយ​លើក​កម្ពស់​និងប្រសិទ្ធិភាពនាំចេញ-នាំចូល

2022/01/21 06:08:46 pm        321
ភ្នំពេញ៖ ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យបង្កើតមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងទឹកដីខេត្តកំពត កាលពីពេលថ្មីៗនេះ។ វត្តមាននៃគម្រោងនេះ នឹងជួយលើកកម្ពស់ និងប្រសិទ្ធិភាពសកម្មភាពនាំចេញ និងនាំចូលរបស់កម្ពុជា។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុញ្ញាតឱ្យ ក្រុមហ៊ុនKAMPOT LOGISTICS AND PORT COMPANY LIMITED វិនិយោគលើការអភិវឌ្ឍមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ក្នុងទំហំទឹកប្រាក់ ១៣០០លានដុល្លារ។ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងថា គម្រោង​អភិវឌ្ឍលើវិស័យដឹក​ជញ្ជូន​របស់​ក្រុមហ៊ុនខាងលើនេះ​ គឺជាការរួមចំណែកមួយយ៉ាងធំ ក្នុងការសម្រួលដល់ថ្លៃ និងល្បឿន​នៃការដឹកជញ្ជូនរបស់កម្ពុជា ទាំងក្នុងនិងក្រៅស្រុក។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ ​នឹងត្រូវបានតភ្ជាប់យ៉ាងល្អប្រសើរ សម្រាប់កម្ពុជាក្នុងការជំរុញការនាំ​ចេញ​ទំនិញ​នានា ​ជាពិសេសផលិតផលកសិកម្ម។ស្រដៀងគ្នានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានលើកឡើងថា មណ្ឌល​ភស្តុភារកម្ម​ និងកំពង់ផែពហុបំណង​នៅខេត្តកំពតនេះ​ នឹង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជាទៅ​ទីផ្សារបរទេស​បាន​កាន់តែច្រើន​ជាពិសេសគឺទីផ្សារប្រទេសចិន។ឧកញ៉ា​ លឹម ហេង បន្តថា ប្រសិនបើមានការវិនិយោគលើផ្នែកដឹកជញ្ជូននេះនៅកម្ពុជាច្រើន នោះវា​ធ្វើឱ្យថ្លៃ តម្លៃប្រកួតប្រជែងទំនិញក្នុងនិងក្រៅប្រទេសគឺកាន់តែទាប៕អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុនថៃជាច្រើន ត្រៀមខ្លួនចាប់យកឱកាសវិនិយោគនៅកម្ពុជា

2022/01/20 08:36:47 pm        322
ភ្នំពេញ៖ ក្រុមវិនិយោគិនថៃធំៗជាច្រើន ភាគច្រើនមានបំណងវិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យម និងវិស័យឧស្សាហកម្ម បានពន្យាពេលនៃការចុះសិក្សាគម្រោងវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈមេរោគបំលែងថ្មី អូមីក្រុងបានផ្ទុះឡើង ។លោក សម្បត្តិ សុធា ប្រធានសមាគមក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ថ្លែងលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២០ ខែ មករា នេះថា តាមរយៈ ក្រុមប្រឹក្សា ធុរកិច្ចកម្ពុជា គឺមានសមាគមធំៗរបស់ថៃចំនួនពីរ បានត្រៀមខ្លួន​ដើម្បី​ចុះមកសិក្សាគម្រោងវិនិយោគនៅកម្ពុជា ​ដែលគ្រោង នឹងចុះមក ​នៅក្នុងខែមករា ឆ្នាំ ២០២២ នេះ ប៉ុន្តែដោយសារការផ្ទុះឡើងនៃមេរោគបំលែងខ្លួន ​(អូមីក្រុង) ក្រុមធុរកិច្ច ​ទាំងនោះត្រូវបានពន្យា ពេលទៅវិញ ។លោក បន្តថា ក្រុមធុរកិច្ចថៃទាំងនោះ នៅតែរង់ចាំពេលវេលាចុះមកកម្ពុជា ដើម្បីសិក្សាអំពីគម្រោង​វិនិយោគ​របស់ខ្លួន ​ជាពិសេសការវិនិយោគលើវិស័យ​សហគ្រាសធុនតូច​ និង មធ្យម, វិស័យ​ឧស្សាហកម្ម និងការពង្រីកបន្ថែមលើអាជីវកម្មដែលមានស្រាប់ ដើម្បីជម្រុញលើកកម្ពស់កិច្ច​សហប្រតិបត្តិការ និងការពង្រីកបណ្តាញអាជីវកម្មរបស់គូភាគី, ការលើកស្ទួយឱកាសធុរកិច្ច ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យមានភាព ប្រសើរឡើងវិញ ។ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃវិញ, នាពេលកន្លងមកនេះ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងថា ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មាន​កំណើន​កើនឡើងគួរជាទីកត់សម្គាល់, ក្នុងនោះចំពោះលំហូរទំនិញ ​នៃប្រទេសទាំងពីរ បានកំពុងប្រព្រឹត្តទៅដោយរលូន។សូមបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ មាន​ទំហំទឹកប្រាក់ប្រមាណជាង៣ ៤០០ ​លានដុល្លារអាមេរិក ​កើនឡើងជាង ​៧ភាគរយ ដោយក្នុង​នោះ​កម្ពុជា បាននាំចេញ ​មានតម្លៃជាង ៣១៩​ លានដុល្លារ ​ថយចុះជាង ៤៨ភាគរយ ខណៈការនាំចូល​មានទំហំទឹកប្រាក់ជាង ៣ ០០០ លានដុល្លារ កើនឡើង ជាង ២០ភាគរយ បើធៀបរយពេលដូច​គ្នាឆ្នាំ២០២០៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រីជំនាញ រំពឹងថា វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី នឹងកាន់តែទាក់ទាញ​នៅ​ក្នុង​ឆ្នាំ២០២២​នេះ

2022/01/19 11:45:24 pm        782
មណ្ឌលគិរី៖ វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ត្រូវបានគេមើលឃើញថា កាន់តែមានភាពល្អប្រសើរខ្លាំងឡើង បន្ទាប់ពីមានអ្នកទេសចរខ្ទង់ជិត ១ម៉ឺននាក់ ឬ១ម៉ឺននាក់តែម្ដង ចូលមកលេងកម្សាន្តជារៀងរាល់សប្ដាហ៍ ហើយនាឱកាសបុណ្យទានដែលមានថ្ងៃឈប់សម្រាកច្រើនទៀតនោះ មណ្ឌលគិរីអាចទាក់ទាញអ្នកទេសចរច្រើនសន្ធឹកសន្ធាប់រហូតផ្ទះសំណាក់ សណ្ឋគារ រីសតពេញបន្ទប់អស់តែម្ដង ។ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានប្រាប់តាមទូរស័ព្ទថា នៅក្នុងឆ្នាំ​២០២២នេះ ​មណ្ឌលគិរី​នឹង​មានអ្នកទេសចរកាន់តែច្រើន​ចូល​មក​ទស្សនាកកម្សាន្ត ព្រោះជំងឺកូវីដ១៩ បានថមថយច្រើនខ្លាំងណាស់ ពិសេសនោះ​គឺក្រោមការដឹកនាំប្រកប​ដោយសុខ​សន្តិភាព​របស់​សម្ដេចតេជោ​ បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់​ដើរ​លេង​កម្សាន្ត គួបផ្សំ​ជាមួយខេត្តមណ្ឌលគិរី មានកន្លែងកម្សាន្តស្អាតៗជាច្រើន ​អាកាលធាតុត្រជាក់ និងជាតំបន់ប្រជុំភ្នំ ​ដែលទាក់ទាញខ្លាំងបំផុត ។លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បន្ថែមថា នៅក្នុងឆ្នាំ២០២២ខេត្តមណ្ឌលគិរី​ក៏មាន​ផែនការ​ពីថ្នាក់ក្រសួងឲ្យអភិឌ្ឍន៍លើវិស័យទេសចណ៍ឲ្យកាន់តែប្រសើរជាងនេះទៀត ប៉ុន្តែគោល​ដៅ​នឹងត្រូវអភិវឌ្ឍន៍តំបន់ណាមុនគេនោះមិនទាន់ដឹងច្បាស់នោះទេ ព្រោះរងចាំជជែកជាមួយដៃគូរ​វិនិយោគសិន ។ លោកបន្តថា ទោះជាបច្ចុប្បន្នជំងឺកូវីដ១៩បានធូរស្រាលហើយក្ដី ប៉ុន្តែមន្ត្រីជំនាញនៅតែមាន​ការ​បារម្ភ និងនៅតែពង្រឹងវិធានការ​ ៣កុំ ៣ការពារ ​យ៉ាងខ្ជាប់ខ្ជួនដដែល ។សូមរម្លឹកថា កាលពីឱកាសបុណ្យឆ្លងឆ្នាំសកលកន្លងទៅ ខេត្តមណ្ឌលគិរីមានអ្នកទេសចរមក​លេង​យ៉ាងច្រើន ក្នុងនោះនៅថ្ងៃទី៣១ធ្នូ២០២១ ទេសចរដែលបានមកទស្សនាកម្សាន្ត​តាមគោលដៅ​ទេស​ចរណ៍នានា ​សរុបប្រមាណ ១៨,៩៩៦នាក់ ​កើន៧៧,៣០% ​។ ចំណែកនៅថ្ងៃទី០១មករា២០២២ មាន​ទេសចរប្រមាណ ១៩,៦៤០នាក់ឯណ្ណោះ ។ គោលដៅទេសចរណ៍ដែលភ្ញៀវនិយមទៅកម្សាន្ត មានភ្នំអណ្ដូងស្នេហ៍ ​ទឹកធ្លាក់​លែងអងលែងឃិន ​ទឹកជ្រោះប៊ូស្រា ភ្នំណាមលៀ សមុទ្រឈើ ភ្នំដោះក្រមុំ ​និងតំបន់ទេសចរណ៍ជាច្រើនទៀត ៕ អ៊ិត ភីរុណ

កម្ពុជា រំពឹងការនាំចេញ​ផលិតផល​មិនមែន​កាត់ដេរ ​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​ឆ្នាំ២០២២

2022/01/18 06:57:28 pm        535
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងមានឱកាសច្រើនក្នុងការនាំចេញ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដោយសារការបន្តកើនឡើងនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសដៃគូពាណិជ្ជកម្ម ដែលជាផ្នែកមួយជួយដល់កម្ពុជា ក្នុងការជម្រុញផលិតកម្មក្នុងស្រុក និងជួយដល់កំណើនសេដ្ឋកិច្ចរឹងមាំ។លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង​ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃ១៨ ខែមករា ឆ្នាំ២០២២នេះថា នៅក្នុង​ស្ថានភាព​នៃវិបត្តិជំងឺកូវីដ១៩ ប្រទេសមួយចំនួននៅមិនទាន់អាចគ្រប់គ្រងបានល្អប្រសើរនៅឡើយ ចំណែកទីផ្សារនាំចេញគឺនៅមានកម្រិត។ ​នេះគឺជាឱកាសរបស់កម្ពុជា ក្នុងការជម្រុញខ្សែច្រវ៉ាក់ ផលិតកម្ម ​ដើម្បីបម្រើទីផ្សារនាំចេញ ស្របពេលកម្ពុជាបានទប់ស្កាត់ និងចាក់វ៉ាក់សាំង​បាន​យ៉ាងច្រើនលើសលប់ ធ្វើឲ្យស្ថិរភាពក្នុងស្រុកអាចគ្រប់គ្រងបាន។ចំណែកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ជុំវិញការ​ខិតខំ​ប្រឹងប្រែង​គៀងគរ​អ្នក​វិនិយោគ ​របស់​រាជរដ្ឋាភិបាល ​បច្ចុប្បន្ន​កម្ពុជា​ទទួល​រោងចក្រ សហគ្រាស អភិវឌ្ឍន៍​លើវិស័យ​កម្មន្តសាល​មិន​មែន​ការកាត់ដេរ​បានកំពុងដំណើរការ​យ៉ាង​ផុលផុស​នៅ​ក្នុងប្រទេស​ ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់ការ​អភិវឌ្ឍន៍ ហើយអនុវិស័យនេះ​នឹងអាច​ពង្រីក​ខ្លួនកាន់ធំ សម្រាប់ជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច។អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ រួមមាន៖ គ្រឿងសង្ហារិម, ស្បែកសត្វមានរោម, ក្តារកុងផ្លាកេ, ឈើមូល ឬឈើអារ និងឈើ veneer, វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, សូឡា, គ្រឿង​អេឡិចត្រូនិក និងភាគបំណែក, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, កៅស៊ូ, ចេក, ស្ករស, ដំឡូងមី, ស្វាយ និងកសិផលផ្សេងៗជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញវិស័យវាយនភណ្ឌរបស់កម្ពុជា ក្នុងឆ្នាំកន្លងទៅមានចំនួនជិត១០ពាន់លានដុល្លារ

2022/01/17 09:17:46 pm        594
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបមានចំនួនប្រមាណជិត ១០ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ ៦៣ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីសប្តាហ៍​កន្លងទៅនេះ នៅក្នុងសន្និបាតលើកទី១៥ របស់សមាគមរោងចក្រកាត់ដេរនៅ​កម្ពុជា(GMAC) បានមានប្រសាសន៍ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើ​ដំណើរ​និងកាបូប មានរោងចក្រ សហគ្រាស និងកម្មករ​និយោជិតតិចតួច នៅពេលកម្ពុជា​បានចាប់​ផ្តើម​បើកសេដ្ឋកិច្ច និងទទួលវិនិយោគចាប់ពីឆ្នាំ១៩៩៣ ​និងបានបន្តកើនឡើងជាបន្តបន្ទាប់រហូតមក ជាពិសេសចាប់ពីឆ្នាំដែលកម្ពុជាទទួលបានសន្តិភាពពេញលេញដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបន្ទាប់មកគឺនៅក្រោយឆ្នាំ១៩៩៩ ពេលដែលរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយបទដ្ឋានការងារអន្តរជាតិ។ឯកឧត្តម បានលើកឡើងបន្តថា ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ២០២០ និងបានងើប​ឡើងវិញ​យ៉ាងល្អក្នុងឆ្នាំ២០២១ ដោយការនាំចេញក្នុងរយៈពេល១០ខែដំបូងមានកំណើន​គួរ​ឲ្យកត់សម្គាល់ ក្នុងនោះការនំាចេញសម្លៀកបំពាក់មានទឹកប្រាក់ជាង ​៦ ៥០០លានដុល្លារ កើនឡើង​៦ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ ​ការនាំចេញផលិតស្បែកជើងមានទឹកប្រាក់ជាង ១ ១០០លានដុល្លារ កើនឡើង២០ភាគរយ ការនាំចេញផលិតផលធ្វើដំណើរមានទឹកប្រាក់ជាង ១.១០០លានដុល្លារ កើនឡើង៤៩ភាគរយ។ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២១ រោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការ​ក្នុងវិស័យនេះ​ បានកើនដល់ប្រមាណជាង ១ ២០០រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធ ដល់​កម្មករនិយោជិតប្រមាណជិត ១លាននាក់។ ​វិស័យមួយនេះ ​ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំ​ចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រយៈពេល ១០ឆ្នាំចុងក្រោយនេះ មានអត្រាប្រហែល១០ភាគរយ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងកសិកម្ម ជំរុញការវិនិយោគចិញ្ចឹមត្រីក្នុងលំហសមុទ្រ

2022/01/17 09:07:39 pm        729
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគចិញ្ចឹមត្រីក្នុងលំហសមុទ្រ ដែលអាចទាញប្រយោជន៍ជាសេដ្ឋកិច្ចបានយ៉ាងច្រើន ទាំងអ្នកវិនិយោគ និងប្រជាសហគមន៍នេសាទ។ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថាតាមរយៈ បទពិសោធន៍នៃបណ្តាប្រទេស​ មួយចំនួន​នៅ​ក្នុងតំបន់​ ការ​ចិញ្ចឹមត្រី​ក្នុងលំហសមុទ្រ ដែលអាច​ទាញ​អត្ថប្រយោជន៍ ​ជាសេដ្ឋកិច្ច ​បានយ៉ាងច្រើន ទាំងអ្នកវិនិយោគ​ និងប្រជាសហគមន៍នេសាទ តាមកំណើននៃត្រីធម្មជាតិដែលចូលមក ​រកចំណីពីតំបន់ចិញ្ចឹម ។កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី គាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្រ របស់​ក្រុមហ៊ុន ដែលផែន ការ​វិនិយោគ​វារីវប្បកម្ម​សមុទ្ររបស់ក្រុមហ៊ុន ​ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី។ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ​គឺពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផល​នៅ​កម្ពុជា និងជាពិសេស​ចូល​រួម​បង្កើត​ការងារជូនប្រជាពលរដ្ឋ ​បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និង​ផលត្រីចិញ្ចឹមសម្រាប់​ផ្គត់ផ្គង់ក្នុងស្រុក។តបឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុន​ឲ្យ​បញ្ជូន​ឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន ​និង​សង្គម​លើ​គម្រោង​វិនិយោគ​វារីវប្បកម្មសមុទ្រនេះ​មកក្រសួង និងជាពិសេស​ត្រូវ​ធ្វើការ​ស្នើសុំ និងមានការ​អនុម័តពីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាមុនសិន ​ទើបក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​អាចចុះកិច្ច​ព្រមព្រៀង​លើការ​អនុវត្ត​គម្រោង​នេះ ​ជាមួយ​ក្រុមហ៊ុនបាន។សូមបញ្ជាក់ថា ​ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី បានចុះហត្ថលេខាលើ​អនុស្សារណៈនៃការ​យោគ​យល់​គ្នា​រវាង​ក្រសួង ​និងក្រុមហ៊ុនកាលពីថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៧ ​និងបានធ្វើការពិនិត្យ សិក្សា និងពិភាក្សា ជាមួយក្រសួង​ពាក់​ព័ន្ធ ​ជាពិសេសលើការសិក្សាវាយតម្លៃលើ​ផលប៉ះពាល់ បរិស្ថាន ​និងសង្គម ទទួល​បានលទ្ធផល ​យ៉ាងល្អប្រសើរ​ ដោយ​ក្រសួង​ពាក់ព័ន្ធបាន​សម្រេច​កំណត់​យកតំបន់កោះថាស ​ជាតំបន់សាកសម ​និង​មានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុន​ធ្វើ​ការ​វិនិយោគ៕ អត្ថបទ៖ វណ្ណៈ 

កសិករ​មមាញឹក​និង​សប្បាយ​ចិត្ដ​ក្នុង​ការ​ប្រមូល​ផលដំឡូងមី ខណៈតម្លៃដំឡូងមីឆ្នាំនេះ​មាន​ទីផ្សារល្អ​

2022/01/14 06:12:58 pm        671
ព្រះវិហារ៖ ប្រជាកសិករក្នុងខេត្តព្រះវិហារ បានសប្បាយរីករាយនិងមមាញឹកក្នុងការប្រមូលផលដំណាំដំឡូងមី ខណៈដែលដំឡូងប្រភេទនេះ មានទិន្នផលល្អ និងមានទីផ្សារខ្ពស់ជាងឆ្នាំមុនគួរឱ្យកត់សំគាល់។លោក ឆែម អួត ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្ននេះ​ប្រជាសហគមន៍កសិកម្មរបស់លោក បាននិងកំពុងមមាញឹកខ្លាំង​ក្នុង​ការប្រមូលផលដំឡូងមីសរីរាង្គជាបណ្ដើរៗហើយ​ សម្រាប់​ផ្គត់ផ្គង់លក់​ជូនក្រុមហ៊ុន តាមរយៈការធ្វើ​កសិកម្មតាមកិច្ចសន្យា ​លើបរិមាណសរុបជាង​ ៩,១៨៧តោន។លោកបន្ដថា ការធ្វើកសិកម្មលើដំណាំដំឡូងនេះ​ មានសមាជិកផលិតសរុប២៩២គ្រួសារ លើផ្ទៃដីដាំដុះប្រមាណជាង ​៥១៨ហិកតា។លោកថា បងប្អូនប្រជាកសិករសហគមន៍មានភាពសប្បាយរីករាយយ៉ាងក្រៃលែង គ្រាដែលទិន្នផល​ឆ្នាំនេះ​មានការកើនឡើង​ រីឯតម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនទទួលទិញក៏មានតម្លៃខ្ពស់។.លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ​បានបញ្ជាក់ឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំដំឡូងមីនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ​ពីមួយឆ្នាំទៅមួយឆ្នាំ មាន​ការ​កើនឡើងគួរឱ្យកត់សម្គាល់ ​ដោយបច្ចុប្បន្នផ្ទៃដីដាំដុះនៅទូទាំងខេត្ត ​មានចំនួនប្រមាណជាង ២៩,៥៨៣ហិកតា ​បើធៀបកាលពីឆ្នាំ២០២០កន្លងទៅ ​ផ្ទៃដីដាំដុះមានប្រមាណជាង ២៥,០០០ហិកតាប៉ុណ្ណោះ។ លោកថា គិតមកត្រឹមជិតពាក់កណ្ដាលខែមករានេះ ការប្រមូលផលដំណាំដំឡូងមីរបស់កសិករ​នៅ​ទូទាំងខេត្ត សម្រេចបានប្រមាណជា ​២៥%ហើយ ​ហើយប្រជាសហគមន៍បាន និងកំពុង​សម្រុក​ប្រមូលផលលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនទៅតាមកិច្ចសន្យាក្នុងតម្លៃ ៣៧៥រៀល ក្នុងមួយគីឡូក្រាម។ប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់ថាក្នុងរដូវប្រមូលផលឆ្នាំ២០២១នេះ ​សម្រាប់ខេត្តព្រះវិហារ មាន​សហគមន៍ចំនួន០៩ ដែលមានសមាជិកសរុបជាង ​១៣០០គ្រួសារ ​បានចុះកិច្ចសន្យាផលិត និង​ផ្គត់ផ្គង់​ដំឡូងមីសរីរាង្គស្រស់លក់ទៅអោយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ដែល​មានក្រុមហ៊ុនថៃវ៉ាជាដៃគូរ ​លើបរិមាណសរុបជាង ​៣៤,០០០តោន។ជាមួយនេះលោកក៏បានផ្ដាំផ្ញើ ជម្រុញលើកទឹកចិត្តទៅដល់បងប្អូនប្រជាកសិករទាំងអស់ ឱ្យ​ចុះ​ឈ្មោះ​ចូល​ជាសមាជិកសហគមន៍ ដើម្បីងាយស្រួលក្នុងការលក់ផលិតផលកសិកម្ម​ដូចជា​ដំឡូងមី​ជាដើម ​ដោយក្នុងនោះកសិករ​មិនត្រឹមតែទទួល​បាននូវនិរន្ដរភាពទីផ្សារ បង្កើនប្រាក់ចំណូលដល់​សមាជិក និង​សហគមន៍ ​មិនមាន​ការកាត់ភាគរយ​ទម្ងន់ ​ដោយក្នុង១តោន ​ក្រុមហ៊ុនគិតលុយជូន ១០០០គីឡូពេញ ​ប៉ុន្ដែបើធៀបជាមួយកសិករខាងក្រៅ ​ក្រមឈ្មួញបាន​កាត់ចាប់ពី១០ ទៅ២០% ។បន្ថែមពីនេះ កសិករក៏អាចទទួលបានពូជ និងការបណ្ដុះបណ្ដាលពីក្រុមហ៊ុនលើជំនាញបច្ចេកទេសកសិកម្ម ​និងការអនុវត្តជាក់ស្តែង ដើម្បី​ឱ្យទិន្នផលរបស់កសិករមានការកើនឡើង​ ព្រមទាំងទទួល​បាន​ធនធាន ក្នុង​ការអភិវឌ្ឍ​សហគមន៍​របស់​ពួកគាត់ ​នៅនឹងកន្លែងផ្ទាល់ទៀតផង៕

កសិកររស់នៅស្រុកបន្ទាយអំពឹល កំពុងតែ​មមាញឹក​ក្នុងការ​ដាំដុះ​ដំណាំ​ដំឡូងមី​ដើម្បី​ផ្គត់ផ្គង់​ឲ្យទាន់ទីផ្សារ

2022/01/12 08:18:16 pm        731
ឧត្តរមានជ័យ៖ ប្រជាកសិករភាគច្រើនរស់នៅស្រុកបន្ទាយអំពឹល ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងតែមមាញឹកងាកមកក្នុងការបង្ករបង្កើនផលដាំដំណាំដំឡូងមី បន្ទាប់ពីធ្វើស្រែ ខណៈតម្លៃដំឡូមីបច្ចុប្បន្នមានតម្លៃហក់ឡើងខ្ពស់ នៅលើទីផ្សារ នឹងមានការប្រកួតប្រជែងខ្លាំងពីក្រុមឈ្មួញក្នុងស្រុកនឹងក្រៅស្រុក មកចាំទទួលទិញដល់ទីតាំង។កសិករម្នាក់ឈ្មោះ អ៊ុ ផល្លី វ័យជាង៦០ឆ្នាំ រស់នៅស្រុកបន្ទាយអំពឹល បានរៀបរាប់ឲ្យដឹងថា កន្លងមកក្រួសារគាត់ធ្លាប់តែធ្វើស្រែ ប៉ុន្តែបច្ចុប្បន្នតម្លៃស្រូវមានការធ្លាក់ចុះ​ធ្វើហើយពេលប្រមូល​ផល​ម្តងៗ មិនរួចខ្លួនរូបគាត់​សម្រេចចិត្តងាកមកបង្កើន​ការដាំដំណាំដំឡូងមី​បន្ថែមទៀត​ដោយ​សារ​តែ​តម្លៃដំឡូងមីក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំមកនេះ ក្រុមឈ្មួញ​ទាំង​ក្នុង​ស្រុកនឹងក្រៅស្រុកមកទទួលចាំទិញ ក្នុងតម្លៃខ្ពស់ហើយមានការប្រកួតប្រជែង​តម្លៃ​នៅ​លើទីផ្សារ​ផងដែរ។យ៉ាងណាម៉ិញលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ​ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះយើងសង្កេតឃើញថា ប្រជាកសិករមួយចំនួនធំងាកមកធ្វើការដាំដំណាំដំឡូងមីវិញ ច្រើនជាងការធ្វើស្រែ​ដោយសារតម្លៃ​ដំឡូងមី​នៅខេត្តជាប់ព្រំដែនមួយនេះ មានក្រុមឈ្មួញមកពីប្រទេសថៃ នឹងវៀតណាម មកទទួល​ទិញ​នឹងបានធ្វើការប្រកួតប្រជែងគ្នាឲ្យតម្លៃខ្ពស់ផងដែរ។កត្ដាទាំងអស់នេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ច​ក្នុងប្រទេសកម្ពុជា ទោះបីស្ថិតក្នុងស្ថាន​ភាព​កូវីដ-១៩​ យ៉ាង​ណាក្តីក៏​ផ្នែកដំណាំ​កសិកម្មផ្នែក​ដំណាំដំឡូងមី​នេះ​ ដូចជា​មិនសូវមានការ​ប្រឈម​អ្វីនោះទេ​ ៕អត្ថបទ៖ ឃិនសារិទ្ធ

កសិករដាំដំឡូងមី រីករាយក្នុងការប្រមូលផល ដោយសារការលក់ដូរបានតម្លៃថ្លៃ​ជាងឆ្នាំមុន

2022/01/07 06:57:28 pm        825
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានចាប់មុខរបរដាំណាំដំឡូងមី បានសំដែងនៅភាពសប្បាយរីករាយ ក្នុងការប្រផលទទួលបានផល ហើយលក់បានតម្លៃថ្លៃជាងឆ្នាំមុនៗ។លោក ញេប សាវ៉ន ប្រជាកសិករដាំដំឡូងនៅក្នុងចម្ការលើឃុំរដែងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យBTVដឹងថា ឆ្នាំនេះ ដំឡូងមីមានតម្លៃថ្លៃជាងឆ្នាំកន្លងមក ទាំង​ដំឡូង​ស្រស់​និងតំឡូងក្រៀម។លោក បន្តថា ប្រជាកសិករដាំដំណាំដំឡូងមី ​ទទួលបានផលល្អ ហើយលក់ដូរក៏មានតម្លៃខ្ពស់ ជាងឆ្នាំកន្លងទៅ ដំឡូងស្រស់លក់បានក្នុងតម្លៃ ៣៩០ទៅ៤០០រៀលក្នុង១គីឡូក្រាម ចំពោះដំឡូងក្រៀមលក់បានចាប់ពី ៧២០ទៅ៧៥០ក្នុង ១គីឡូក្រាម។ប្រជាពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់ជាង ៨០ភាគរយគឺប្រកបរបកសិកម្ម ហើយ​ប្រជាកសិករទាំងអស់​បានខិតខំដាំដុះនៅដំណាំគ្រប់ប្រភេទ ​ជាពិសេសដាំដំឡូងមី ព្រោះដំឡូងមីឆ្នាំនេះ មានហាងឆេងល្អ ។លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានទទួលស្គាល់ថា ​ឆ្នាំនេះ ដំឡូងមីមានទីផ្សារល្អ ហើយលោក​បានជម្រុញប្រជាកសិករ ​ឲ្យធ្វើការដាំដុះនៅដំណាំណាដែមានទីផ្សារល្អ ជៀសវាង​ការ​ដាំដុះ​បានផលហើយ ​លក់ដូរមិនមានតម្លៃធ្វើឲ្យមានការខាតបង់៕ អត្ថបទ៖ មាស ផល្លា

ពេញមួយឆ្នាំ២០២១​កម្ពុជានាំស្រូវទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់ខេត្តតាកែវ បាន​ចំនួនជាង ១លានតោន

2022/01/06 10:58:44 pm        547
តាកែវ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១នេះ កម្ពុជានាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ច្រកព្រំដែនចំនួន៣របស់ខេត្តតាកែវ បានចំនួនជាង ១លានតោន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានថ្លែងឲ្យដឹងថា គិតចាប់ពីខែថ្ងៃទី ១ខែមករា រហូតដល់ដើមខែមរា ​ឆ្នាំ ២០២២នេះ ស្រូវចំនួន ១លាន១៧ម៉ឺនតោន បានដឹកឆ្លងច្រកទ្វាព្រំដែនចំនួន ៣របស់ខេត្តតាកែវ គឺច្រកទ្វាបាក់ដៃ នៅក្នុងស្រុកអង្គបូរី ច្រកទ្វាកំពង់ក្រសាំង នៅស្រុកបូរីជលសារ និងតាមច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន របស់ស្រុកគីរីវង់ យកទៅលក់នៅប្រទេសវៀតណាម ​ហើយភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែ ដោយលក់ក្នុងតម្លៃ ១តោន​បានជាង ៨០ម៉ឺនរៀល។ លោកប្រធានមន្ទីរកសិកម្ម បានថ្លែងបន្តថា ​ស្រូវទាំងអស់នោះ ត្រូវបាន​នាំ​យកមកលក់តាមបណ្ដាល​ខេត្តមួយចំនួន​របស់​ប្រទេសកម្ពុជា​ជាពិសេសខេត្តកំពង់ស្ពឺ ​កណ្ដាល ពោធិ៍សាត់​និងកំពង់ឆ្នាំង​ជាដើម ​ហើយបើប្រៀបធៀប​ និងឆ្នាំ២០២០កន្លងមក ​ការនាំស្រូវ​យក​ទៅលក់នៅ​ប្រទេសវៀតណាម​ ក្នុងឆ្នាំ២០២១នេះ ​មាន​ការកើន​ឡើង​ប្រមាណជាង ៨០០ភាគរយ ពោលកាលពីឆ្នាំ២០២០កន្លងមក​ការ​នាំស្រូវ​យក​ទៅ​លក់នៅ​ប្រទេស​វៀតណាម ដោយឆ្លងកាត់ខេត្តតាកែវ​ គឺមានចំនួនជិត ២សែន​តោន​ តែប៉ុណ្ណោះ ហើយមូលហេតុដែលកានាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម​ក្នុង​ឆ្នាំ២០២១ កើនឡើងខ្លាំងដោយសារតែ ច្រកទ្វាព្រំដែន​បាន​បើកដំណើរការឡើងវិញ​ក្រោយពី​ស្ថានភាព​ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានធូស្រាល។លោក ញិប ស្រ៊ន បានថ្លែងបន្តថា ក្រៅពីស្រូវ​កម្ពុជាយើងក៏​បាននាំផ្លែស្វាយប្រមាណ ៤ម៉ឺនតោន​យក​ទៅ​លក់នៅប្រទេសវៀតណាមផងដែរ ​ចំពោះតម្លៃស្វាយ​វិញគឺក្រុម​ឈ្មួញវៀតណាម​ទិញក្នុង​តម្លៃ ១៧៥ដុល្លារ ឬ៧០ម៉ឺនរៀលក្នុងមួយតោន។ តម្លៃនេះ គឺប្រហាក់ប្រហែលគ្នា​នឹងតម្លៃលក់នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​របស់កម្ពុជាយើង៕ ដោយ៖ គុជ វិភាគ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM