រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

សេដ្ឋកិច្ច និង កសិកម្ម

ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ នឹងជ្រោងកំណើនសេដ្ឋកិច្ចខ្ពស់ឡើង

2021/11/02 01:11:42 pm        315
ភ្នំពេញ ៖ វិស័យឯកជន ថ្លែងនូវការសាទរ និងរីករាយបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេស ជាពិសេសធ្វើឲ្យអាជីវកម្ម និងអាជីវករគ្រប់វិស័យ រួមជាមួយប្រជាពលរដ្ឋមានចំណូលឡើងវិញ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញផងដែរ។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា បន្ទាប់ពី​ពិភព​លោក​ផ្ទុះ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ មក ប្រមុខរាជរដ្ឋាភិបាល ​ដែលមានសម្តេចតេជោ ​នាយករដ្ឋមន្រ្តី សម្តេច​បានខិតខំប្រឹង​ប្រែងនូវគ្រប់​ឧបសគ្គ ប្រយុទ្ធប្រឆាំង ​និងបង្ការទប់ស្កាត់ ជាពិសេស​សម្តេច​បានជម្រុញការចាក់វ៉ាក់បង្ការជម្ងឺកូវីដ ១៩ ​បានលើសផែន​ការ​រំពឹងទុក ​ពោលគឺរាជរដ្ឋាភិបាល បាន​គិតគូរយ៉ាងខ្លាំងដល់​សុខុមាលភាព ​និង​ការរស់រាន្តរបស់ប្រជាពលរដ្ឋ។លោកឧកញ៉ា ថ្លែងនូវការសាទរ និងសម្តែងនូវការរីករាយ​ ដោយលើកឡើងថា វិស័យ​ឯកជនជាច្រើន បាន​កំពុង​ទន្ទឹងរង់ចាំ ​ជាពិសេសវិស័យឧស្សាហកម្ម ​អាជីវកម្ម រោងចក្រ សហគ្រាស ​និងអាជីវករនៅគ្រប់វិស័យ​ នឹង​អាច​បើក​ដំណើរ​ការ​អាជីវកម្មឡើងវិញ ដែលធ្វើ​ឱ្យប្រជាពលរដ្ឋ ​មានចំណូលកាន់តែច្រើន ​នឹងជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើប​ឡើង​វិញ ។ចំណែក លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងតំណាង​ឲ្យ​សមាជិក​សមាគម​អ្នក​ផលិត​ចំណីអាហារទាំងអស់ ​ក៏បានថ្លែងនូវការសាទរយ៉ាង​ពេញទំហឹង ចំពោះការ​ប្រកាស​បើកប្រទេសឡើងវិញ​របស់​រាជ​រដ្ឋា​ភិបាល ​ដែលនឹងធ្វើឲ្យវិស័យក្នុងស្រុកងើបឡើងវិញ ជា​ពិសេសវិស័យផលិតចំណីអាហារ។ សូមរំលឹកថា នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ០៦ឆ្នាំ និង​បើកយុទ្ធនា​ការ​ចាក់​វ៉ាក់​សាំងដល់កុមារអាយុ ​៥ ឆ្នាំ នាព្រឹកថ្ងៃទី០១ ​ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, សម្តេចតេជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា បានប្រកាសបើក​ដំណើរការ​ប្រទេស​ឡើងវិញ​គ្រប់វិស័យ ​និងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងថ្មី ដោយ​អនុ​វត្ត ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។ ​ការប្រកាសបើកសង្គម-សេដ្ឋកិច្ចពេញលេញនេះ​ គឺបន្ទាប់ពីការ​អាក់​ខាន​ដោយ​សារ​​ការឆ្លង​ រីករាលដាលនៃជំងឺកូវីដ-១៩​ ក្នុងរយៈពេល ប្រមាណជិត ​០២ឆ្នាំ ​ដែលជាការឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជា ​ក្នុងការទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​ នាំចេញកសិផលបានជាង៦លានតោន មានតម្លៃជាង៤ពាន់លានដុល្លារ រយៈពេល១០ខែ

2021/11/01 12:30:33 pm        343
ភ្នំពេញ ៖ កម្ពុជា នាំចេញកសិផលបានជាង ៦,៣លានតោន ទៅកាន់៦៨ប្រទេស ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ នារយៈពេល១០ខែ ឆ្នាំ២០២១នេះ កើនឡើង ៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។របាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុង​រយៈពេល១០ខែ ឆ្នាំ​២០២១ កម្ពុជានាំចេញកសិផលបានចំនួន ៦,៣លានតោន ទៅ៦៨ប្រទេស។ ឯកឧត្តម មន្ត្រីក្រសួងកសិកម្ម បាន​បញ្ជាក់​ថា កសិផលសរុបដែលនាំចេញ គឺមាន​តម្លៃ​ប្រមាណ​៤ពាន់លានដុល្លារអាម៉េរិក។យោងតាមរបាយការណ៍ដដែល ក្នុងចំណោមចំណូល ជាង៤ពាន់លានដុល្លារនេះ គឺមាន ៣៩២,៩ លានដុល្លារ បានពីការនាំចេញអង្ករ, ៤៦៥,៤ លានដុល្លារ ​បានពីការនាំចេញស្រូវ។ ចំណែក​ទឹកប្រាក់ ៣៧៩,៣លានដុល្លារ ទៀតបានពីការនាំចេញកៅស៊ូ ​ខណៈការនាំចេញ​កសិផល​ផ្សេងៗ​មាន​ជាង ២ ៨០០ លានដុល្លារ។ប្រទេសគោលដៅដែលនាំចូលកសិផលពីកម្ពុជា មានវៀតណាម, ថៃ, ចិន, សហភាពអឺរ៉ុប, តំបន់អាស៊ាន, អ៊ីតាលី, ហូឡង់, ឥណ្ឌា, ជប៉ុន សាធារណរដ្ឋកូរ៉េ, អារ៉ាប់, បង់ក្លាដែស, ស្វីស និងប្រទេសតូហ្គោជាដើម។ចំណែក​ការ​នាំចេញអង្ករ ​ទៅកាន់​ទីផ្សារអន្តរជាតិ ក្នុងរយៈពេល១០ខែ​ ឆ្នាំនេះ មានចំនួន ៤៦០ ១៦៩ តោន មាន​ការ​ថយ​ចុះចំនួន -១៤,២០% ។ ការថយចុះ​ត្រូវបាន ឯកឧត្តម វេង សាខុន ពន្យល់ថា​ ដោយសារ តម្លៃនៃការដឹក​ជញ្ជូន​ទៅ​កាន់​គោល​ដៅមានការកើនឡើងទ្វេដង និង​ជួបប្រទះបញ្ហានឹងកង្វះទូរកុងតឺន័រ ទំហំ២០ហ្វិត សម្រាប់​ផ្ទុកអង្ករ នាំចេញ។ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ​៣២៧ ០៣២ តោន ស្មើនឹង ៧១,០៧% អង្ករស គ្រប់ប្រភេទមាន​ចំនួន ១២៤ ៧១៤ តោន ស្មើនឹង ២៧,១០% និង​អង្ករចំហុយមានចំនួន ៨ ៤២៣ តោន ស្មើនឹង ១,៨៣% ៕អត្ថបទ ៖​ វណ្ណៈ 

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់ជិត៨ ពាន់លានដុល្លារ កើន៣៨ ភាគរយ

2021/11/01 10:55:36 am        146
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន រយៈពេល ៩ខែ ដើមឆ្នាំ២០២១ សរុបការមានទំហំទឹកប្រាក់ប្រមាណជិត ៨ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៣៨ ភាគរយ។របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំក្នុង២០២១ កម្ពុជា បាននាំចេញ​ទី​កាន់​ទីផ្សារចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក កើនប្រមាណ៥២ ភាគរយ។ ដោយឡែក កម្ពុជា​នាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ប្រមាណជាង ៦ ៨០០ លានដុល្លារ​អាមេរិក កើន​ឡើង​ប្រមាណ ៣៦ ភាគរយ។ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ សម្រេចបាន ៧ ៩០០ លានដុល្លារអាមេរិក ​កើនឡើង ៣៨ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២០ ។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា ទំហំពាណិជ្ជកម្មទ្វេ​ភាគី​កម្ពុជា-ចិន នឹង​មាន​កំណើន​ងើបឡើងកាន់តែល្អថែមទៀត ការនាំចេញផលិតផលរបស់​កម្ពុជា​ទៅ​កាន់ទីផ្សារចិនកាន់តែច្រើន​ ជាពិសេស​បន្ទាប់​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាន ។លោកឧកញ៉ា ថា កម្ពុជា អាចនឹងក្លាយទៅជាមជ្ឈមណ្ឌលចែកចាយ​ ឬបោះដុំទំនិញរបស់ចិន នៅ​ក្នុងទីផ្សារ​អាស៊ាន ព្រោះតាមរយៈនៃកិច្ចព្រមព្រៀងនេះ ​ប្រភេទទំនិញជាច្រើននិងរួចពន្ធ ដែល​អាចឲ្យយើងលក់តម្លៃធូរថ្លៃនៅក្នុង ទីផ្សារ​អាស៊ានបាន។ទាក់ទងការធ្វើពាណិជ្ជកម្មអន្តរជាតិ, ថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម ថ្លែងលើកឡើង ទីផ្សារនាំចេញផលិតផល ជាពិសេស​ទីផ្សារ​នាំចេញ​កសិផលរបស់កម្ពុជា បានជ្រៀត​ចូល​អន្តរជាតិជាបណ្តើរៗ ជាក់ស្តែងការនាំចេញអង្ករទៅ​កាន់​ទីផ្សារ​ប្រទេសចិន គឺបានកំពុងពេញនិយម ​និងមានការ​គាំទ្រ​យ៉ាង​ខ្លាំង៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម និងហាវេស រៀបចំពិព័រណ៍ផលិតផលកែច្នៃកសិកម្ម​បញ្ជ្រាប​ក្នុង​ផ្សារទំនើប និង​ទីផ្សារអន្តរជាតិ

2021/10/30 01:09:53 pm        367
ភ្នំពេញ ៖ ក្នុងគោលណងធំ ជួយលើកស្ទួយផលិតផលក្នុងស្រុកក្រសួងពាណិជ្ជកម្ម និងគម្រោងកម្ពុជាហាវេស២ បានរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយផលិតផលកែច្នៃ ពីផលកសិកម្មមួយចំនួន ដើម្បីបញ្ជ្រាបទៅក្នុងផ្សារទំនើបទូទាំងប្រទេស រួមទាំងឈានដល់ចាប់យកទីផ្សារអន្តរជាតិ នាពេលខាងមុខ ។ក្នុងពេលរៀបចំធ្វើពិព័រណ៍នៅផ្សាម៉ាក្រូ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លោក ជុំ ប៊ុនលី អ្នក​សម្របសម្រួល​ផ្នែកទីផ្សារ នៃគម្រោងកម្ពុជាហាវេស២ ​បានលើកឡើងថា ​ពិព័រណ៍នេះ ធ្វើឡើង ដើម្បីលើកស្ទួយផលិតផលខ្មែរ ឲ្យមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ហើយ​ក៏បានបង្ហាញនូវអ្វីដែលខ្មែរអាចធ្វើបាន​ មិនចាញ់ផលិតផលរបស់បរទេស​ ខណៈហាវេស បានជួយពួកគាត់មានទាំងការដាំដុះ បច្ចេកទេសកែច្នៃ រហូតដល់ការរៀបចំទីផ្សារនេះ ។លោក បានបន្តថា សម្រាប់ផលិតផលកសិកម្ម ត្រូវបានយកមកតាំងពិព័រណ៍នេះ មានដូចជា ដំណាប់ ធ្វើពីស្វាយ ម្នាស់ ល្ហុងជាដើម, ភេសជ្ជៈ ឱសថ ម្រេច គ្រាប់ស្វាយចន្ទី ផ្លែឈើកំប៉ុង ធ្វើពីផ្លែមៀនប៉ៃលិន ផ្លែឈើស្រស់​ រួមទាំងរបស់មួយចំនួនទៀត ​ដែលពួកគាត់យកទៅកែច្នៃ ។សម្រាប់តំណាងសិប្បកម្ម និងរោងចក្រកែច្នៃផលិតនីមួយៗ បានលើកឡើងថា ការរៀបចំ​ពិព័រណ៍នេះ គឺល្អណាស់សម្រាប់ពួកគេ ​ដើម្បីបានផ្សព្វផ្សាយផលិតផលក្នុងស្រុក ទៅកាន់​ប្រជាពលរដ្ឋ ឬភ្ញៀវបរទេស នូវស្នាដៃថ្មីៗ​ ដែលយើងចាប់ផ្ដើមមាន ដើម្បីបង្ហាញទៅ​កាន់​ទីផ្សារអន្តរជាតិ ខណៈទាំងគុណភាព ​ការវេចខ្ចប់ជាដើម សុទ្ធសឹងតែអនុវត្តទៅតាមស្ដង់ដារ ។ពួកគេ បានបន្តថា សម្រាប់ផលិតផល ដែលយកមកតាំងពិព័រណ៍ មួយចំនួនគឺពលរដ្ឋបានស្គាល់ និង​គាំទ្រច្រើន ហើយផលិតផលទាំងអស់នេះ ​ក៏មានលក់នៅតាមផ្សារធម្មតា ផ្សារទំនើប និង​មាននាំទៅទីផ្សារសឹង្ហបុរី និងជប៉ុនជាដើម​ តែគោលដៅបន្ត គឺការនាំទៅទីផ្សារអន្តរជាតិ ឲ្យបាន​គ្រប់មុខទំនិញ ​នៅពេលទទួលបានជោគជ័យ​ វាក៏បានបង្កើតការងារជាច្រើនដល់ពលរដ្ឋ ។ គួរបញ្ជាក់ថា ពិព័រណ៍នេះ បានចាប់ផ្ដើមបើកពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ៕ អត្ថបទ បាន សុខរិទ្ធិ

កសិករខេត្តឧត្តរមានជ័យ ចាប់ផ្តើមប្រមូលផលស្រូវរដូវប្រាំងបណ្ដើរៗហើយ

2021/10/30 12:59:59 pm        424
ឧត្តរមានជ័យ ៖​ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ទទួលបានទិន្នល្អប្រសើរ នឹងចាប់ផ្តើមប្រមូលផលច្រូតកាត់បណ្តើរៗខ្លះហើយ នៅតាមតំបន់មួយចំនួន។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យលោក សូត្រ ស៊ីសុខឃាង បាន​បន្ដ​ទៀតថា ផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្ត ក្រុងស្រុកទាំង​ប្រាំ​​របស់ខេត្តឧត្តរមានជ័យ សំរាប់ឆ្នាំ២០២១នេះ នឹងទទួលបានទិន្នល្អប្រសើរច្រើន​ជាង​បណ្តា​ឆ្នាំមុន​ ដោយសារតែឆ្នាំនេះ ដំណាំស្រូវរបស់ប្រជាកសិករ​មានប្រភពទឹកភ្លៀង​ដែល​បង្ករឲ្យមាន​ជំនន់​ទឹកចូលស្រែរបស់កសិករបានគ្រប់គ្រាន់​នៅចុងឆ្នាំ មិនបង្ករឲ្យមានមានខូចខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀងនោះឡើយ ផ្ទុយទៅវិញពេលទឹកបានស្រកបែរហុចផ្លែផ្កា​ឲ្យដំណាំស្រូវមាន​ការ​ដុះបែកគុម្ព​ល្អប្រសើរ។លោកបន្តទៀតថា សំរាប់ការងារកសិកម្ម ចុងឆ្នាំ២០២១នេះ​ប្រជាកសិករអនុវត្ត​បានលើផ្ទៃដី​គ្រប់​ដណ្តប់លើវិស័យកសិកម្មស្រូវរដូវវស្សាសរុបចំនួន ៩៧,២២០ហិកតា។ក្នុងនោះ រួមមាន​ប្រភេទ​ស្រូវស្រាល​ ២៧៥៥ហិកតា ស្រូវកណ្តាល៨៨៦៩៥ ហិកតាស្រូវធ្ងន់ ៥៥៧០ ហិកតាស្រូវចំការ ២៦០ ហិកតា​។ ភាគច្រើនកសិករអាចផលិត​ស្រូវ​ក្នុងមួយឆ្នាំបានរហូត​ទៅដល់២ដងប្រសិន​បើ​ភូមិសាស្រ្តទីតាំងកន្លែងរបស់គាត់នៅជិតប្រព័ន្ធប្រឡាយធារាសាស្រ្តនោះ។យ៉ាងណាម៉ិញចំពោះតម្លៃស្រូវវិញនោះ គឺមានតម្លៃថេរ​សមរម្យ​កសិករអាចទទួលយក​បានដោយ​សារ​តែ​កសិករមួយចំនួន​បានចង់ក្រង​ជាមួយសហគមន៍​ស្រូវអង្ករស្រូវ​ជាមួយ​ក្រុមហ៊ុន​ដោយ​តម្លៃស្រូវ​ចាប់ឆាយ ​កសិករ​អាច​លក់បានតម្លៃលើទីផ្សារក្នុង១គីឡូ​ប្រមាណ៨០០រៀល រីឯស្រូវល្អ​អាច​លក់​បាន​លើ​តម្លៃជាង១០០០រៀល ​ផងដែរ៕អត្ថបទ ៖ ឃិនសារិទ្ធ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយដល់វិស័យកាត់ដេរ វិស័យទេសចរណ៍ និងអាកាសចរណ៍​ ៣ខែបន្ថែមទៀត

2021/10/29 01:33:19 pm        451
ភ្នំពេញ ៖​​ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយដល់វិស័យកាត់ដេរ វិស័យទេសចរណ៍ និងអាកាសចរណ៍ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ធ្នូឆ្នាំ២០២១ ដើម្បីជួយឲ្យមានការស្តារឡើងវិញនៃសេដ្ឋកិច្ច ។ប្រាក់ឧបត្ថម្ភ នឹងផ្តល់ដល់កម្មករ និយោជិត ដែលបានព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យកាត់ដេរ និងការអនុគ្រោះផ្នែកពន្ធសម្រាប់វិស័យទេសចរណ៍ បន្តលើកលែងការបង់ពន្ធអប្បបរមា សម្រាប់​រយៈពេល ៣ខែបន្ថែមទៀត ដល់ក្រុមហ៊ុនអាកាសចរណ៍ចុះបញ្ជីនៅកម្ពុជា។សេចក្ដីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី១០) របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែតុលានេះ​ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ជួយ​ដល់វិស័យទាំង២ ដូចខាងក្រោម បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ​ក្នុងមួយខែ សម្រាប់​កម្មករ-និយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ​ស្បែកជើង, ផលិតផល​ធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ ខែបន្ថែមទៀត​ ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ​ ត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត១ នាក់ (ជាសរុបកម្មករ-និយោជិត១នាក់ ទទួលបាន៧០ដុល្លារអាមេរិក ក្នុងមួយខែ)។ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញការងារ​ ក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៣ខែបន្ថែម​ទៀត ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ នឹងទទួលប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក។ ចំណែក សហគ្រាស ​និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ​ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និង​តាម​លទ្ធភាពជាក់ស្តែង ​បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។បន្ថែមពីលើនេះ រាជរដ្ឋាភិបាល សម្រេចលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះ​សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍​ ដែលបានចុះបញ្ជី ជាមួយ​អគ្គនាយកដ្ឋានពន្ធដារ ​និងមានសកម្មភាពអាជីវកម្ម ​នៅក្នុងរាជធានីភ្នំពេញ, ​ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ​ពីខែ​តុលា​ ដល់ខែធ្នូ ឆ្នាំ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ ​និង ប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT)​ ជារៀងរាល់ខែ ក្នុងអំឡុងពេល​នៃ​ការ​លើក​លែងនេះ។រដ្ឋាភិបាលកម្ពុជា បាន​ប្រកាសបន្តលើកលែងការបង់​ពន្ធអប្បបរមា សម្រាប់រយៈពេល ៣ខែ​បន្ថែមទៀត ​ជូនដល់ក្រុមហ៊ុនអាកាសចរណ៍​ ដែលបានចុះបញ្ជីនៅកម្ពុជា ខណៈដែល​វិស័យនេះ​បាន​នឹង​កំពុងរងគ្រោះ​ ដោយ​សារ​ការ​រីករាលដាល ​នៃជំងឺកូវីដ១៩ អស់រយៈជិត២ឆ្នាំ៕អត្ថបទ ៖ វណ្ណៈ

កម្ពុជាបានបញ្ជូនឯកសារពាក់ព័ន្ធបន្ថែមលើពាក្យបណ្តឹង ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ

2021/10/29 12:49:53 pm        436
ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល បានកំពុងពន្លឿន និងបានរៀបចំឯកសារលិខិតស្នាមពាក់ព័ន្ធផ្សេងៗ លើពាក្យបណ្តឹង បញ្ជូនទៅតុលាការឥណ្ឌូនេស៊ីបន្ថែម ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ លើករណីការលួចប្រេងឆៅរបស់កម្ពុជា នាកាលកន្លងមកនេះ។ពាក់ព័ន្ធករណីការលួចប្រេងឆៅរបស់កម្ពុជា កាលពីខែ មិថុនា ឆ្នាំ២០២១ កន្លងមកនេះ បន្ទាប់ពីអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានឃាត់កប៉ាល់ និងនាវិកដែលដឹកប្រេងកាលពីថ្ងៃទី ២៥ ខែសីហានោះ រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាអន្តរក្រសួងរួមមាន ៖ ក្រសួងរ៉ែ និងថាមពល ក្រសួងយុត្តិធម៌ និងក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គឺបានពន្លឿនការចរចរ​ជាមួយអាជ្ញាធរកណ្តាលប្រទេសឥណ្ឌូនេស៊ី ដើម្បីស្នើរសុំបញ្ជូនទាំងប្រេង នាវា និងនាវិកទាំងនោះ​មកកាន់កម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះទៅតាមផ្លូវច្បាប់។ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានរៀបចំលិខិតស្នាម និងឯកសារពាក់ព័ន្ធផ្សេងៗ​នៅលើ​សុំណុំរឿងបណ្តឹង បញ្ជូនទៅតុលាការប្រទេសឥណ្ឌូនេស៊ីបន្ថែមទៀត តបតាមការសំណើរសុំ​នៃភាគីប្រទេសឥណ្ឌូនេស៊ី ​ដើម្បីទាមទារយកប្រេងឆៅរបស់កម្ពុជាត្រឡប់មកវិញ ។ចំណែកពាក់ព័ន្ធក្រុមហ៊ុន KrisEnergy វិញ, នាពេលកន្លងមកនេះ ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជា​អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងថា ​ក្រសួងរ៉ែ និងថាមពល បានចេញ​លិខិត​ព្រមានដល់ក្រុមហ៊ុន KrisEnergy រួចហើយ ក្នុងករណីធ្វេសប្រហែស ដែលបណ្តោយឲ្យក្រុម​នាវិក​ទាំងនោះ​លួចទាំងប្រេង​ និងកប៉ាល់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ​ក្រសួង​ក៏បានស្នើរឲ្យក្រុមហ៊ុនមេ របស់ក្រុមហ៊ុន KrisEnergy ចេញមុខធ្វើការទូទាត់សំណង ដូចជា ​ប្រេង និងបំណុល​ហិរញ្ញវត្ថុ​មួយចំនួន ​ដែលក្រុមហ៊ុន​បានជំពាក់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​លើកឡើងថា ​ក្រុមហ៊ុន KrisEnergy បាន​ប្រកាស​ក្ស័យធុន​លើការធ្វើអាជីវកម្មរបស់ខ្លួន​ ប៉ុន្តែក្រុមហ៊ុន KrisEnergy គឺមិនទាន់បាន​ដោះ​ស្រាយចប់សព្វគ្រប់នៅឡើយ ​។ ​បើយោងតាមផ្លូវច្បាប់ ​ក្រសួង នឹងដកអាជ្ញារបណ្ណ​ពី​ក្រុមហ៊ុននោះ​មកវិញ ​ដើម្បីស្វែងរកអ្នកវិនិយោគថ្មីជាបន្ត ៕អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិកម្ពុជា បង្ហាញវឌ្ឍនភាពការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើបសម្រួលការទូទាត់ទាំងក្នុងស្រុក និងក្នុងតំបន់

2021/10/28 12:08:08 pm        136
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានគាំទ្រការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ចេញប្រព័ន្ធ​ទូទាត់បាគង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបាន (interoperability) ដើម្បីសម្រួលការទូទាត់ទាំង ក្នុងស្រុក និង​សមាហរណកម្ម​ទៅក្នុងតំបន់។ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងបែបនេះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានចូលរួមវេទិកា ប្រចាំឆ្នាំរបស់ធនាគារពិភពលោក ស្តីពី ភាពជាដៃគូនៃការ​គ្រប់គ្រង និងប្រឹក្សាលើទុនបម្រុងអន្តរជាតិ (RAMP) ដែលបានចូលរួមដោយថ្នាក់ដឹកនាំ​ធនាគារ​កណ្ដាល នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងមន្ត្រីជំនាញ គ្រប់គ្រង​ទុន​បម្រុង​អន្តរជាតិ។ គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីផ្តល់ជាឱកាសពិភាក្សាលើស្ថានភាព​សេដ្ឋកិច្ចពិភព​លោក បទពិសោធន៍​នៃ​ការ​គ្រប់គ្រង​ទុនបម្រុងអន្តរជាតិ និងទស្សនវិស័យនាពេលខាងមុខ។ វេទិកានេះ បានលើកយកបទពិភាក្សានូវប្រធានបទបច្ចុប្បន្នភាពសំខាន់ៗ រួមមាន ៖ ការកើនឡើង​នៃអត្រា អតិផរណា​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ​ការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ ការកើនឡើង​កម្រិត​បំណុល ការប្រែប្រួល អាកាសធាតុ​ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ អត្រាអតិផរណានៅ​សហរដ្ឋអាមេរិក​ បានកើនឡើងខ្ពស់ក្នុងរយៈពេល ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ។ កិច្ចពិភាក្សា ក៏បានលើកឡើងពីសារៈសំខាន់នៃការបញ្ចូលបញ្ហាផ្លាស់​ប្តូរ​អាកាសធាតុ​ទៅ​ក្នុង​នយោបាយ​រូបិយវត្ថុ​ និងការ​គ្រប់គ្រង​ទុន​បម្រុង ដែលនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់​នឹងការប្រែប្រួលអាកាសធាតុ ​ដែលអាចនាំ​ឱ្យ​ប៉ះ​ពាល់​ដល់​កំណើន​ និងការអភិវឌ្ឍ។ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សាបានលើកឡើងពីការ​កើន​ឡើង​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជំរុញឱ្យមានការបង្កើត​នូវរូបិយប័ណ្ណអេឡិចត្រូនិក ជាពិសេសផ្អែក​លើ​បច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និងរូបិយវត្ថុអេឡិចត្រូនិករបស់ធនាគារកណ្ដាល (CBDC) ដែលកំពុង​ក្លាយ​ជា​ជំហាន​ថ្មី​នៃការវិវត្តនៃរូបិយប័ណ្ណ។គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក ដែលក្នុងនោះ មាន​ការ​គ្រប់គ្រង​ទុនបម្រុងអន្តរជាតិផងដែរ ​ហើយធនាគារពិភពលោក បានផ្តល់​ជំនួយ​បច្ចេកទេស និង​កសាង​សមត្ថភាព​ជំនាញ​ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា។ បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមាន​ចំនួនប្រមាណ ២១ ប៊ីលាន​ដុល្លារ​អាមេរិក ដែល​ជា​កម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ ធនាគារជាតិ​នៃ​កម្ពុជា​ ក៏បាន​យកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ​ដោយ​បាន​វិនិយោគទុន​បម្រុង​មួយ​ផ្នែក​លើ​វិស័យ​ដែល​គិត​គូរ​ពី​បរិស្ថាន សង្គម​ និងអភិបាលកិច្ច (ESG) និងបានបញ្ចូល ESG ទៅក្នុងការណែនាំនៃការវិនិយោគ៕អត្ថបទ៖ យ៉ាម៉ង់

កម្ពុជានាំចេញកសិផលទៅទីផ្សារកូរ៉េខាងត្បូងជាងមួយពាន់តោន ក្នុងរយៈពេលបីត្រីមាសឆ្នាំនេះ

2021/10/27 12:36:14 pm        328
ភ្នំពេញ ៖ ក្រៅពីផលិតឧស្សាហកម្ម មានសំលៀកបំពាក់ និងគ្រឿងបង្គុំអគ្គិសនី កម្ពុជាបាននាំចេញផលិតផលកសិកម្មក្នុងបរិមាណ ១ ២០០ តោន ទៅទីផ្សារប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ៩ខែឆ្នាំ២០២១នេះ ។ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍​លទ្ធផល​នៃ​ការ​នាំចេញកសិផលទៅកាន់សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ ឆ្នាំ២០២០ និង ៩ខែឆ្នាំ២០២១។សម្រាប់ការនាំចេញក្នុងរយៈពេល៩ខែ ឆ្នាំ២០២១​ បរិមាណផលិតផលកសិកម្ម​ទៅទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង កើនឡើង ប្រមាណ ១០៦ភាគរយ ធៀបនឹងរយពេលដូចគ្នា​កាលពីឆ្នាំមុន។​ផលិតផលកសិកម្ម​ដែលនាំមុខគេ ទៅទីផ្សារប្រទេសកូរ៉េខាងត្បូង គឺជ័រកៅស៊ូ និងស្វាយស្រស់ ដែល​មាន​បរិមាណ ៩៥០តោន និង១២៩តោន។ ផលិតផលកសិកម្មដទៃទៀត មានដូចជា ស្ករត្នោត គ្រាប់ស្វាយចន្ទី ពោត ដំណាប់ស្វាយ ជាដើម។ដោយឡែក​សម្រាប់ការនាំចេញសរុប នៃផលិតផលកសិកម្ម កាលពីឆ្នាំ២០២០កន្លងទៅ សម្រេច​បានប្រមាណតែជា៥០០តោនប៉ុណ្ណោះ ធ្លាក់ចុះពីបរិមាណនៃការនាំចេញសរុប កាលពីឆ្នាំ២០១៩ ដែល​មាន​សម្រេច​បាន ជាង៦ពាន់តោន។ទាំង​រាជរដ្ឋាភិបាល និងវិស័យឯកជន បានដាក់ក្តីរំពឹងថា បរិមាណនៃនាំការនាំចេញរបស់កម្ពុជា នឹងកើន​ឡើង ដោយសារកម្ពុជានិងប្រទេសកូរ៉េខាងត្បូង ទើបតែបានចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េ មាន​ចំនួន​ទឹក​ប្រាក់ជាង ៥៧៨ លានដុល្លារអាមេរិក កើនឡើងជាង១១ភាគរយ ក្នុងនោះទីផ្សារនាំចេញរបស់កម្ពុជាមាន​ចំនួនជិត ១៤៤ លានដុល្លារអាមេរិក កើនឡើងជិត ៤ ភាគរយ ខណៈការនាំចូលមានចំនួនជាង ៤៣៤ លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយ បើរយៈពេលដូចគ្នាឆ្នាំ ២០២០ ៕អត្ថបទ៖ វណ្ណៈ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅដើមឆ្នាំ២០២២

2021/10/26 11:27:35 am        127
ភ្នំពេញ ៖ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅព្រឹក ថ្ងៃទី២៦ ខែតុលានេះ។ គិតចាប់ពីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ គ្រោងនឹងចូលជាធរ​មាន នៅដើមឆ្នាំ២០២២ខាងមុខ ពោលគឺរយៈពេល៦០ថ្ងៃ ដែលភាគីទាំងពីរត្រូវ បញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា កូរ៉េខាងត្បូង ត្រូវបានធ្វើឡើងតាម ប្រព័​ន្ធ​អន​ឡាញ ដោយភាគីកម្ពុជា តំណាងដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម ថាមពល តំណាងសាធារណរដ្ឋកូរ៉េ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា កិច្ចព្រមព្រៀងនេះ មានចំនួន ១០ជំពូក និង ១៣១មាត្រា រួមទាំងបុព្វកថា និង​ឧបសម្ព័ន្ធ​ដែល​គ្រប​ដណ្តប់​លើ ពាណិជ្ជកម្មទំនិញ រួមមានស្តង់ដារ បទប្បញ្ញត្តិ​បច្ចេកទេស ​និងនីតិវិធីវាយ ​តម្លៃភាពអនុលោម វិធាន​ការ​អនាម័យ ​និងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ច សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះ ស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និង​អវសាន​ប្បញ្ញត្តិ។ឯកឧត្តមបានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះដែរ នឹងជំរុញកំណើននៃការនាំចេញ កំណើន​ផលទុន សរុប​ក្នុង​​ស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញ​នូវសេដ្ឋកិច្ច​របស់ប្រទេសទាំងពីរ បានឆាប់រហ័ស ដែល​ទទួល​រង​ផលប៉ះពាល់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តមអំពាវនាវដល់វិស័យឯកជន និងធុរកិច្ចជន ឲ្យខិតខំធ្វើយ៉ាងណាពង្រឹង​សមត្ថភាពនូវការ ផលិត ជាពិសេសគុណភាពទំនិញ ពីព្រោះយើងនឹង អាចឈានទៅរកគុណភាព​ជាលក្ខណៈអន្តរជាតិនាពេល អនាគត។សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាព​ជា​ដៃគូ​សេដ្ឋកិច្ច និង​ពង្រីក ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែទំលំទូលាយ ដោយ​ផ្ដល់​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅ បង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-កូរ៉េ សម្រេចបាន​ចំនួន​ប្រមាណជាង ៥១៤លា​នដុល្លារ កើនឡើងជាង ១១% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅ​ឆ្នាំ២០២០ ដោយក្នុងនោះទំនិញ ដែល​នាំ​ចេញ​ពី​កម្ពុជា មានដូចជា ភេសជ្ជៈ ឱសថ រថយន្តដឹកទំនិញ គ្រឿង​អេឡិកត្រូនិក គ្រឿងសំអាង គ្រឿងម៉ាស៊ីន និង​ផលិត​ផល​ប្លាស្ទិកជាដើម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរ របស់​ប្រទេស​កម្ពុជា​ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយនឹងសាធារណរដ្ឋ​ប្រជាមានិតចិន​ ដែលទើបតែត្រូវបានផ្តល់ ​សច្ចាប័ន​កាលពីពេលថ្មីៗនេះ៕ អត្ថបទ ៖ ​ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM