ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

សេដ្ឋកិច្ច និង កសិកម្ម

សហគមន៍កសិកម្មក្នុងស្រុក គ្រោងនាំបន្លែទៅកាន់ទីផ្សារសឹង្ហបុរីក្នុងពេលឆាប់ៗខាងមុខ

2021/12/20 08:55:02 pm        807
ភ្នំពេញ៖ សហគមន៍កសិកម្មតាសីសាមគ្គី នឹងនាំចេញបន្លែទៅប្រទេសសឹង្ហបុរីកក្នុងពេលឆាប់ៗ និងពង្រីកកានាំចេញទៅកាន់ ប្រទេសផ្សេងៗទៀត ខណៈសហគមន៍មួយនេះកំពុងជម្រុញផលិតកម្មប្រកបដោយសក្តានុពល គុណភាព និងអនាម័យខ្ពស់។លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង់ បានថ្លែងប្រាប់ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការជម្រុញនាំចេញផលិតផលសិកម្ម នៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០២១នេះថា ទាក់ទងនឹងការដាំដុះបន្លែ សុវត្ថិភាព សមាជិកសហគមន៍​ទាំង​អស់កំពុងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាង២០មុខរួមមាន, ស្ពៃខៀវ ស្ពៃបូកគោ ស្ពៃក្ដោប ស្ពៃក្រញាញ់ខ្មែរ ស្ពៃហាង ស្ពៃតឿ ស្ពៃក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃចង្កឹះ ខាត់ណាដើម ខាត់ណាផ្កា ត្រសក់ ត្រឡាច ជីរណា និងប៉េងបោះជាដើម។នៅក្នុងឆ្នាំ២០២១នេះ ការដាំដុះកើនឡើង និងបានផ្គត់ផ្គង់ទៅកាន់ទីផ្សារ រាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗ២ទៅ ៣តោន គិតជាមធ្យមក្នុងមួយខែៗ បាននាំចេញប្រមាណជាង ៧០តោន ខណៈការនាំចេញនៅក្នុងឆ្នាំ ២០២០ ក្នុងមួយខែៗបានត្រឹម ៣០ ឬជាង ៣០តោនប៉ុណ្ណោះ។ជុំវិញទីផ្សារបន្លែនេះដែរ, លោក ណុប នុន បានថ្លែងឲ្យដឹងថា ដោយសារសហគមន៍​មានការ​ដាំ​ដុះកើនឡើង ​ជាផលិតផល​ ប្រកបដោយគុណភាព និងមានអនាម័យខ្ពស់។បច្ចុប្បន្នអង្គកាហាវេស២ បានកំពុងសម្របសម្រួលរវាងសហគមន៍ ​និងក្រុមហ៊ុននាំចេញ ផលិត​កសិកម្ម ​តាមរយៈនេះសហគមន៍​សង្ឃឹមថា ​បន្លែត្រកួនរបស់កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារ​សឹង្ហបុរី​ក្នុងពេលឆាប់ៗ ​និងពង្រីកទៅកាន់ទីផ្សារប្រទេសផ្សេងទៀត។សហគមន៍កសិកម្មតាសីសាមគ្គី បានចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅឆ្នាំ២០១៧ បច្ចុប្បន្ន​សមាជិក​កើនឡើង​រហូតដល់ទៅ ១២៩ គ្រួសារ (ស្រ្តី៣៥នាក់) ​មានផ្ទៃដីដាំដុះបន្លែ ​៣៧ហត ​មាន​ភាគហ៊ុន ចំនួន ៩០១ ហ៊ុនទុនកើន ឡើងដល់ទៅ ៥២ លានរៀល ។សូមបញ្ជាក់ថា៖ ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២១ នេះ កម្ពុជាបានចេញបន្លែចម្រុះមានចំនួនជាង ៩៣ តោន ថយចុះជាង -៥%៕អត្ថបទ៖ សុន រ៉ាឌី

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បានឡើងជាង១ម៉ឺនលានដុល្លារហើយ

2021/12/19 10:01:52 pm        830
ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញថា រយៈពេល ១០ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន បានកើនឡើងដល់ ១០ ៩៨០លានដុល្លារអាមេរិក មានកំណើន ៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត ១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣។中柬双边贸易额已突破100亿美元12月17日,据中国商务部发布数据显示,今年前10个月,中柬双边贸易总额达109.8亿美元,同比增长45.9%,已提前实现两国领导人制定的2023年贸易额100亿美元的目标。

អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលការចុះចតយន្តហោះដឹកភ្ញៀវទេសចរដំបូង នៅថ្ងៃស្អែក

2021/12/16 11:19:38 pm        623
សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលការចុះចតយន្តហោះដឹកភ្ញៀវទេសចរជើងដំបូងនៅថ្ងៃស្អែក បន្ទាប់ពីការអាក់ខានអស់រយៈពេលប្រមាណពីរឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការ បញ្ជាក់ឱ្យដឹងពីសំណាក់ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប។អគ្គកុងស៊ុល-ស្ថានកុងស៊ុលបរទេសប្រចាំខេត្តសៀមរាប អបអរដោយទំនុកចិត្តជាមួយនឹងការត្រៀម បើកទំព័រកំណត់ត្រាជាថ្មី នៃចំនួនភ្ញៀវទេសចរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និង ទទួលទេសចរវ៉ាក់សាំងពេញលេញ។ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប​ បានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាល​កម្ពុជា ​បានបើកប្រទេសឡើងវិញ ​និងប្រកាសទទួលភ្ញៀវទេសចរបរទេស​ ដែលបានចាក់វ៉ាក់សាំង ពេញ​លេញនោះ ​មានក្រុមហ៊ុន​អាកាស​ចរណ៍ចំនួនពីរ បានប្រកាសចាប់ផ្តើមហោះហើរ​មក​កាន់​ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ទី១ គឺក្រមហ៊ុនអាកាសចរណ៍​សាំងហ្គាពួអែរឡាញ ​នឹងធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និង​ពី​ខេត្តសៀមរាប ទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និងទី២ គឺក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ី អែរឡាញ (Lamei Airlines) ​នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកក មកសៀមរាបវិញ ​ដោយឆ្លងកាត់ភ្នំពេញ ​ក្នុងមួយសប្តាហ៍ពីរជើង។ឯកឧត្តម បានបង្ហាញឲ្យដឹងផងដែរនូវកិច្ចសហការរវាងប្រតិបត្តិករព្រលានយន្តហោះ ​ជាមួយ សមត្ថកិច្ច ​និងក្រុមជំនាញ ​ហើយអ្វីដែលជាការទទួលខុសត្រូវនោះ ​គឺ​ការផ្សព្វផ្សាយជូនភ្ញៀវ អំពី​នីតិវិធីប្រតិបត្តិស្តង់ដាSOP​ នៅពេលយន្តហោះត្រូវ​ចុះចត​ដល់គោលដៅនោះ។ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខណៈពេលដែលគណៈប្រតិភូកុងស៊ុល នៃបណ្តាប្រទេសជាមិត្ត មួយ​ចំនួន​ប្រចាំខេត្តសៀមរាប ​នៃព្រះរាជាណាចក្រកម្ពុជា​ កំពុងបំពេញទស្សនកិច្ចស្វែងយល់អំពី​ការរៀបចំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំង​ពេញ​លេញ​នោះ គឺនៅមានគម្លាតមិនលើសពី២៤ម៉ោងនោះទេ ​ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងត្រូវមាន​កំណត់ ត្រាជាថ្មី ​នៃការចុះចតជើងយន្តហោះដឹកអ្នកទេសចរមកពីប្រទេសសិង្ហបូរី។ គួរបញ្ជាក់ដែរថា ក្នុង​ដំណើរ​ទស្សនកិច្ចនេះ ​រដ្ឋបាលខេត្ត​បាន​អញ្ជើញ​ចូលរួម ​អគ្គកុង​ស៊ុលសា ធារណរដ្ឋសង្គមនិយមវៀតណាម​ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រធានការិយាល័យកុងស៊ុល នៃសាធារណរដ្ឋប្រជាមានិតចិន​ ការិយាល័យកុងស៊ុលជប៉ុន ​និងប្រធានស្ថានកុងស៊ុល នៃព្រះរាជាណាចក្រហូឡង់ប្រចាំខេត្តសៀមរាប។លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាខេត្តសៀមរាប និងក្រុមការងារ​អនុវត្តនីតិប្រតិបត្តិ​ស្តង់ដារ ​SOP បានបង្ហាញឲ្យដឹងដែរថា ​ការត្រួតពិនិត្យនឹងត្រូវបានធ្វើឡើង​ដោយ​ហ្មត់ចត់​បំផុត ទី១ ភ្ញៀវដែលត្រូវឆ្លងកាត់អាកាសយានដ្ឋាន ​ត្រូវតែ​មាន​ប័ណ្ណចាក់វ៉ាក់សាំង​ពេញលេញ ទី២- ត្រូវមានប័ណ្ណបញ្ជាក់ថា បានធ្វើ PCR ៧២ម៉ោង មុនមកដល់គោលដៅ ​និងប័ណ្ណប្រកាសសុខភាព។ ភ្ញៀវទេសចរអន្តរជាតិ​ ដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ​ត្រូវ​តែទទួលការធ្វើ តេស្ត​រហ័សពីក្រុមការងារ ​បើអវិជ្ជមាន ​គឺអាចធ្វើដំណើរកំសាន្តបាន ​បើស្ថិតក្នុងករណីអវិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល ​តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់​បានរបស់ភ្ញៀវ តែ​បើ​លទ្ធផលវិជ្ជមាន ពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័ក​នៅក្នុងបន្ទប់ដាច់ដោយឡែក នៃ​សណ្ឋាគារស្នាក់នៅនោះតែម្តង៕

វិស័យអចលនទ្រព្យ រំពឹងមានកំណើនល្អឡើងវិញ នៅឆ្នាំ២០២២ខាងមុខ

2021/12/16 09:08:54 pm        585
ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ ហើយការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ឃើញមានការអន់ថយ វិស័យអចលនទ្រព្យត្រូវបានអ្នកជំនាញ រំពឹងទុកថា នឹងមានកំណើនឡើងវិញ នៅឆ្នាំ២០២២ខាងមុខនេះ ។លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា សម្រាប់ឆ្នាំ២០២២ ត្រូវបាន​គេមើលឃើញថា ​ការបើកប្រទេសត្រូវបានបើកទូលាយឡើងវិញ ជំរុញការធ្វើដំណើរក្នុងស្រុក​ឡើងវិញ ​ជាពិសេសនៅរាជធានីភ្នំពេញតែម្តង ​ខណៈវិនិយោគបរទេស អាចធ្វើដំណើរត្រង់​មក​កម្ពុជា។លោកបន្ថែមថា បច្ចុប្បន្ន បើទោះជាការទិញលក់អចលនវត្ថុមានមានសកម្មយឺត ប៉ុន្តែតម្លៃមិនទាន់​រងផល​ប៉ះពាល់ខ្លាំងទេ។ ក្នុងនោះ តម្លៃដីឡូតិ៍ និងលំនៅដ្ឋានតម្លៃទាប និងមធ្យម ក៏មិនមានការ​ប្រែប្រួល​ខ្លាំងដែរ ​ដោយសារទីផ្សារនេះផ្ដោតលើប្រជាជនក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។ចំណែក លោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន ​បានឲ្យទូរទស្សន៍ព័ត៌មាន ​ប៊ីធីវី ដឹងដែរថា នៅ​ឆ្នាំខាងមុខនេះ លោកគ្រោងពង្រីកនូវគម្រោងរបស់លោកចំនួន ៣បន្ថែមទៀត ដូចជា​នៅ​ភូមិផ្កាត្រកួន, គម្រោងបុរីក្នុងខេត្តព្រៃវែង ​និងគម្រោងសួនឧស្សាហកម្មនៅក្រវ៉ាត់ក្រុង៣ ដើម្បី​បំពេញ​តម្រូវតំរូវការ។លោក បានបញ្ជាក់ទៀតថា ​កត្តាដែលនាំឲ្យលោកហ៊ានសម្រេចចិត្តក្នុងការអនុវត្តផែនការ​ដែល​គ្រោង​ទុកនេះ​ ដោយសារលោកជឿ និងទុកចិត្តលើថ្នាក់ដឹកនាំ ជាពិសេសសម្តេចនាយករដ្ឋ​មន្រ្តី​តេជោ ហ៊ុន សែន គោលនយោបាយសេដ្ឋកិច្ច, ការបរទេសនិងភាពនឹងធឹងជាដើម។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែធ្នូ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លើកឡើងថា ​វិស័យអចលនទ្រព្យ បានក្លាយជាវីស័យជំរុញកំណើន​សេដ្ឋកិច្ច​មួយ ក្នុងឆ្នាំ២០២១ ​ក្នុងចំណោមវិស័យជំរុញកំណើនផ្សេងទៀត​ មានដូចជា​ វិស័យកាត់ដេរ វិស័យមិនមែនកាត់ដេរ​ និង​វិស័យកសិកម្ម​ ខណៈវិស័យសេវាកម្ម រំពឹងថា នឹងងើបឡើងវិញ៕អត្ថបទ៖ បូរ៉ាវី

ចំណូលគយ និងរដ្ឋាករសម្រេចបានជាង ២ប៊ីលានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/16 02:04:04 pm        605
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ២ ០៦៥លានដុល្លារ រយៈពេល១១ខែ ឆ្នាំ២០២១នេះ​ ខណៈនិន្នាការចំណូលកើនឡើងវិញ ក្រោយបើកប្រទេសពេញលេញ។ឯកឧត្តម គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមូលចំណូល អាចសម្រេចបាន ៩៧ភាគរយនៃផែនការ ដែលស្មើនឹងទឹកប្រាក់ ២ ៣០០លានដុល្លារ ខណៈ ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវប្រមូលចំណូលឲ្យបានចំនួន ២ ៣៦៣លានដុល្លារ។ឯកឧត្តម គុណ ញឹម បានអះអាងពីនិន្នាការកើនឡើងវិញនៃចំណូលពន្ធគយ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ ហើយតម្រូវការនាំចូលទំនិញក៏មាន​ការ​កើនឡើងផងដែរ។រដ្ឋមន្ត្រីប្រតិភូសង្ឃឹមថា នៅខែធ្នូ ឆ្នាំ២០២១នេះ ចំណូលគយនឹងកើនឡើងខ្ពស់ ដោយសារ​ហេតុផល​សំខាន់ៗ៣ គឺទី១៖ ការប្រមូលចំណូលពន្ធ លើរថយន្តជ្រកក្រោមស្លាកលេខផ្សេង រំពឹង​ចូល​មកបង់ពន្ធច្រើន ព្រោះដល់ឱសានវាទនៃការអនុគ្រោះពន្ធ១០ភាគរយ, ទី២ ដោយសារបើក​សកម្មភាពសេដ្ឋកិច្ច​ឡើងវិញ ធ្វើឲ្យតម្រូវការទំនិញ នឹងមានសន្ទុះកើនឡើង ការនាំចូលក៏កើនឡើង​ផងដែរ និងទី៣ ក្នុងឱកាសចុងឆ្នាំ ពាណិជ្ជករតែងតែមានតម្រូវការនាំចូលច្រើន តាមរយៈកម្មវិធី​ក្រុមហ៊ុន​លក់លាងឃ្លាំង​ ដែលធ្វើឲ្យទំនិញមានតម្លៃថោក ​ជាឱកាសរបស់ពាណិជ្ជកម្មខ្មែរ ប្រមូលទិញនិងនាំចូលមកកម្ពុជា។ដោយឡែកនៅរយៈពេល១១ ខែឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រមូលចំណូលបាន ២ ៥៦០.១២លានដុល្លារ កើនលើសផែនការ១៤ភាគរយ។​សរុបចំណូលទាំងពន្ធគយ​ និងពន្ធដារ​ កម្ពុជាទទួលបានចំណូលពន្ធ ៤ ៦២៥លានដុល្លារ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី ១៥ខែធ្នូ បានថ្លែងថា បន្ទាប់ពីបើកប្រទេសឡើងវិញ ប្រាក់ចំណូលពន្ធដារ និងពន្ធគយ បានងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ក្នុងរយៈពេលនៃវិបត្តិកូវីដ១៩។សម្តេច បានលើកឡើងថា មុនពេលវិបត្តិកូវី រាជរដ្ឋាភិបាល អាចប្រមូលចំណូលក្នុងមួយខែៗ បានក្នុងរង្វង់៥០០ ​លានដុល្លារ ទៅ៧០០លានដុល្លារ។ ​ចំណូលនេះបានធ្លាក់ចុះ​ បន្ទាប់ពីកូវីដ-១៩មកដល់ ​មកនៅលើ៤០០លានដុល្លារ​ ហើយបន្ដធ្លាក់ចុះ ​មកនៅក្រោយ៤០០លានដុល្លារ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ចំណូលសារពើពន្ធនេះ បានងើបឡើងវិញ៕អត្ថបទ៖ ឈិត បូរ៉ាវី

គោលនយោបាយវិស័យកាត់ដេរ កាបូប និងស្បែកជើង នឹងធានានិរន្តភាពផលិតកម្ម និងទីផ្សារ

2021/12/16 08:04:28 pm        691
ភ្នំពេញ៖ វិស័យឯកជន គាំទ្រដល់ការបង្កើតយុទ្ធសាស្រ្ត ឬគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យកាត់ដេរ កាបូប និងស្បែកជើង ព្រោះគោលនយោបាយ វាគឺជាផែនទីបង្ហាញផ្លូវ ដើម្បី​ជម្រុញការអភិវឌ្ឍវិស័យទាំងនេះប្រកបដោយសក្តានុពល សម្រាប់ការផលិត និង​បម្រើ​ទីផ្សារនាំចេញ ។លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC លើកឡើងក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ អ្នកយកព័ត៌មាន ​ស្តីពីការបង្កើតយុទ្ធសាស្រ្តរបស់អភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះថា ជុំវិញនិងការបង្កើតឲ្យ​មាន​គោល​នយោបាយនេះ ​កន្លងមកវិស័យឯកជន​ក៏បានចូលរួមពិគ្រោះយោបល់​ច្រើនលើកច្រើន​សារផងដែរ​ ដោយក្នុងច្បាប់នោះ ​បានរៀបចំយ៉ាងច្បាស់លាស់ស្តីអំពីការបង្កើតធនធានមនុស្ស ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ​របស់កម្មករនិយោជិត​ និងលើកកម្ពស់ការវិនិយោគក្នុងស្រុក និង​ការផលិត ទៅរកផលិតផលដែលមានតម្លៃខ្ពស់ជាដើម។លោក កាំង ម៉ូនីកា បានថ្លែងនូវការគាំទ្រពេញទំហឹង ព្រោះយុទ្ធសាស្រ្ត ឬគោលនយោបាយ នេះ គឺមានសារៈសំខាន់ណាស់ និងចាត់ទុកជាផែនទីចង្អុលផ្លូវ​​សម្រាប់ការដើរ​ឆ្ពោះ​ទៅ​រកភាពរីកចម្រើន​ក្នុង​វិស័យឧស្សាហកម្ម ​ជា​ពិសេសការ​ជម្រុញ​ប្រកួតប្រជែង​របស់កម្ពុជា, ហើយបញ្ហានេះ លោកបានស្នើរសុំដល់រាជរដ្ឋាភិបាល​ ជម្រុញ​ធ្វើយ៉ាង​ណាឲ្យគោលនយោបាយនេះ បាន​ដាក់​ចេញប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ​ ដើម្បីបម្រើក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា។ចំណែកលោកឧកញ៉ា ណាង សុធី អនុប្រធានសហព័ន្ធនិយោជកកម្ពុជា លើកឡើងថា ការបង្កើត​គោលនយោបាយនេះដែរ, លោកញ៉ាសង្ឃឹមថា​ ច្បាប់យុទ្ធសាស្រ្តថ្មីរបស់រាជរដ្ឋាភិបាល និង មានភាពប្រទាក់ក្រឡា ​និងគ្រប់ជ្រុងជ្រោយ​ ដើម្បីជួយលើកកម្ពស់ដល់វិស័យទាំងនេះ ឲ្យ​រក្សា​នូវស្ថិរភាពនៃការផលិត​ និងការនាំចេញផងដែរ។ពាក់ព័ន្ធការដាក់ចេញយុទ្ធសាស្រ្តនេះ,ឯកឧត្តមកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បានលើកឡើងថា ជុំវិញវិស័យកាត់ដេរ កាបូប និងស្បែកជើង វិស័យនេះ​បានអភិវឌ្ឍន៍នៅកម្ពុជា ដោយបានកើតឡើងជាច្រើនឆ្នាំមកហើយ​ ដោយមិនទាន់មានយុទ្ធសាស្ត្រ ឬក្របខណ្ឌគោលនយោបាយអ្វីឱ្យពិតប្រាកដមួយសម្រាប់ជម្រុញវិស័យទាំងនេះឡើយ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ​កំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ​កាបូប និងស្បែកជើង ហើយ​យុទ្ធសាស្ត្រនេះ នឹងដាក់ចេញក្នុងពេលឆាប់ៗនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ លក់សញ្ញាបណ្ណ៣០លានដុល្លារ ដល់ធនាគារABA

2021/12/15 08:05:03 pm        1130
កណ្ដាល៖ នៅថ្ងៃទី១៤ ខែធ្នូនេះ ធនាគារធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ABA បានចុះហត្ថលេខាព្រមព្រៀងវិនិយោគទិញសញ្ញាប័ណ្ណ មានបុគ្គលធានារបស់ក្រុមហ៊ុន CAIC មានទំហំទឹកប្រាក់ ៣០លានដុល្លារអាមេរិក ដើម្បីគាំទ្រគម្រោងសាងសង់អាកាសយាន្តដ្ឋានតេជោ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ការចុះហត្ថលេខានេះ បានធ្វើឡើងរវាង លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងនៃក្រុមហ៊ុន Cambodia Airport Investment (CAIC)និងលោក Askhat Azhikhanov ​នាយកប្រតិបត្តិនៃធនាគារ ABA ក្រោមវត្តមា​នអ្នក​ឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)និង CAIC។តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ការវិនិយោគរបស់ធនាគារABA លើមូលបត្របំណុល របស់CAIC នៅ​ក្នុង​ទំហំទឹកប្រាក់ ៣០លានដុល្លាអាមេរិចនេះ គឺមានការផ្តល់អត្រាការប្រាក់ (Coupon rate) 5.5% ក្នុងមួយឆ្នាំ​ជាមួយនឹងរយះពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ តាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា ទឹកប្រាក់វិនិយោគ​ដែលទទួលបាន​ពី​សញ្ញាប័ណ្ណនេះ នឹង​ត្រូវយកទៅប្រើប្រាស់សម្រាប់ការសាងសង់ ​និងការអភិវឌ្ឍ គម្រោងសាងសង់​អាកាស​យាន្តដ្ឋាន​អន្តរជាតិតេជោ នៅខេត្តកណ្តាល ខណៈការសាងសង់អាកាសយាន្តដ្ឋាន​អន្តរជាតិតេជោថ្មីនេះ​ មកដល់បច្ចុប្បន្នបានដំណើរសាងសង់​សម្រេច​បាន ២៨% បាន​ចំណាយ​អស់​ទឹកប្រាក់សាងសរុប ៣៧៥លានដុល្លារអាមេរិច ដោយ​មិន​រាប់​បញ្ចូល​ថ្លៃ​ដី​ដែល​វិនិយោគ​រួច​ដោយ CAIC។សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាង​គេក្នុងប្រទេសកម្ពុជា ដែល​ជំនាញនៅ​ក្នុង​ការ​អភិវឌ្ឍ​លើវិស័យហេដ្ឋា​រចនាសម្ព័ន្ធ​ អចលនទ្រព្យ សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ ​ការអប់រំ វេជ្ជសាស្ត្រ ​ផ្សារ​ទំនើប ​សណ្ឋាគារ​ រោងម៉ាស៊ីនកិនស្រូវ និង​សង្វាក់ផលិត​កម្ម​ជាដើម ជាមួយនឹងគម្រោងសំខាន់ៗ​ជាច្រើនដូចជា ​អាកាស​យាន្តដ្ឋាន​អន្តរជាតិតេជោ ទីក្រុង​កោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។ដោយឡែកក្រុមហ៊ុន CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែល​តំណាង​ដោយ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុង​ការ​កាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើ​ហិរញ្ញប្បទាន ​និងគ្រប់គ្រងប្រតិបត្តិការគម្រោង ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​តេជោ។សម្រាប់ ធនាគារABA គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ឯកជនឈានមុខគេ ដែលត្រូវបានបង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៦។ ABA គិតត្រឹមថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ទ្រព្យ​សម្បត្តិ​សរុបរបស់ធនាគារមានទំហំ ៧,៧ ពាន់​លានដុល្លារអាមេរិក។ ជាមួយ​សាខា​ទាំងអស់ ៨០​និងម៉ាស៊ីនសេវាធនាគារស្វ័យប្រវត្តិជាង ៧៨០គ្រឿងនៅទូទាំងប្រទេស ជាមួយ​ប្រព័ន្ធធនាគារ online ​ដ៏ទំនើប​បាន​ជម្រុញឲ្យធនាគារ ABA អាចផ្តល់សេវាហិរញ្ញវត្ថុប្រកប​ដោយ​ភាព​ងាយ​ស្រួល​ ទំនើប​ទាន់​សម័យ ដល់​អតិថិជន​យ៉ាងទូលំទូលាយ ៕អត្ថបទ៖ ស៊ុម សុខជា

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន ៧ភាគរយ នៅឆ្នាំ២០២៤

2021/12/15 07:44:25 pm        650
ភ្នំពេញ៖ យុទ្ធសាស្រ្តស្តារ និងជំរុញសេដ្ឋកិច្ចថ្មី ដែលមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច ត្រឡប់ទៅដូចដើមវិញ នៅត្រឹមឆ្នាំ ២០២៤ ។ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លើកឡើងនៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពីយុទ្ធ សាស្រ្តស្តារ និងជម្រុញ​កំណើនសេដ្ឋកិច្ច ​តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា នាពេលកន្លងមកនេះ​ រាជរដ្ឋាភិបាល​បានចាត់វិធានការចំនួន ១០ ជុំមក​ហើយ​ ដើម្បី​ជួយទប់​លំនឹង​សេដ្ឋកិច្ច ​ក្នុងនោះចាប់ពីឆ្នាំ ២០២២ តទៅ រាជរដ្ឋាភិបាល​លែង​អនុវត្តតាមវិធាន​ការ​បង្វិល​ជុំទៀតហើយ ​ដោយ​កញ្ចប់​ថវិកា​ទាំងអស់ត្រូវដាក់ចូលក្នុង​យុទ្ធសាស្រ្តស្តារ និងជម្រុញកំណើនឡើងវិញ​ ដែលយុទ្ធសាស្រ្តនេះ គឺជា​យុទ្ធសាស្រ្ត​មានលក្ខណៈប្រទាក់ក្រឡា ​និងគ្រប់ជ្រុងជ្រោយ។ឯកឧត្តម បន្តថា តាមរយៈនៃការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺជាការជម្រុញ​ដោះស្រាយ​លើ​គ្រប់​វិស័យ​នូវ​រាល់​បញ្ហាប្រឈម​នីមួយៗ ជាពិសេសវិស័យ​ដែល​ជាកំណើន​សេដ្ឋកិច្ចធំៗ, ក្នុងនោះ​ដើម្បី​អនុវត្តយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យ ​រាជរដ្ឋាភិបាល​នឹង ដាក់ចេញ​ជា​ផែនការ​សកម្មភាព​លម្អិត​ទៅលើក្រសួងស្ថាប័នពាក់ព័ន្ធ ​ដើម្បី​ជម្រុញឲ្យសម្រេចនូវកំណើន​ដូចដើមវិញ ក្នុង​រង្វង់ប្រមាណ ៧ភាគរយ នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ។ឯកឧត្តម ផាន់ ផល្លា បន្តថា ជុំវិញផែនការស្តារ និងអភិវឌ្ឍន៍សម្រាប់គម្រោងឆ្នាំ២០២២, ក្រៅពី​គម្រោងបោះផ្សាយលក់មូលបត្ររបស់រដ្ឋរាជរដ្ឋាភិបាលនឹងបន្តខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១ ៦០០ លាន SDR ដែលកើនឡើង ១០០ លាន SDR បើធៀបឆ្នាំ ២០២១​ ដើម្បីយកថវិកានេះ​ទៅ​អនុវត្ត​ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗ​ ដែលជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចបន្ថែម។ ពាក់ព័ន្ធបំណុលនេះ ឯកឧត្តម បញ្ជាក់ថា ​បើតាមការវាយតម្លៃពី IMF, ធនាគារពិភពលោក និងស្ថាប័នវាយតម្លៃធំៗផ្សេងទៀត មកដល់ពេលនេះបំណុល ដែលរាជរដ្ឋាភិបាលខ្ចី បើធៀបទៅនឹងប្រទេសផ្សេងៗ គឺកម្ពុជាស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ៕អត្ថបទ៖ សុន រ៉ាឌី

ត្រីប្រហុកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឆ្នាំនេះទទួលផលច្រើន និងតម្លៃទាបជាងឆ្នាំមុន

2021/12/15 06:52:28 pm        643
ភ្នំពេញ៖ រយៈពេលប្រមាណ ៣ថ្ងៃមកនេះ ការនេសាទត្រីប្រហុកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងទទួលបានទិន្នផលល្អប្រសើរ ធៀបទៅនឹងការនេសាទត្រីប្រហុកឆ្នាំមុន។ ចំណែកឯតម្លៃត្រីប្រហុក ក្នុងឆ្នាំនេះ ក៏ស្ថិតក្នុងតម្លៃថោកជាងឆ្នាំមុនផងដែរ។នេះជាការលើកឡើងរបស់លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ ក្នុងឱកាសលោកចុះត្រួតពិនិត្យការប្រមូលត្រីប្រហុក ក្នុងភូមិសាស្រ្ត ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ។ពាក់ព័ន្ធនឹងការនេសាទត្រីប្រហុកនេះ លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ បានលើកឡើង​ក្នុងការចុះត្រួតពិនិត្យការប្រមូលផលត្រីប្រហុកថ្ងៃនេះថា​ ទិន្នផលត្រី​ប្រហុក ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ អាចមានចំនួនតិចជាងទិន្នផលត្រីប្រហុកនៅខេត្តកណ្ដាល ដែល​នៅខាងលើ។យ៉ាង​ណាមិញលោកបញ្ជាក់ថា សម្រាប់ការប្រមូលត្រីប្រហុកនៅភូមិសាស្រ្តរាជធានីភ្នំពេញឆ្នាំនេះ គឺទទួល​បានផលល្អប្រសើរជាងឆ្នាំមុន។ លោកថា ការនេសាទត្រីប្រហុក ក្នុងមួយគន្លងដៃ អាច​ប្រមូល​បានផលប្រមាណ៤០០គីឡូ ក្នុងរយៈ​ពេល​មួយ​ម៉ោង​ រីគន្លងខ្លះអាចទទួល​បាន​ផល​លើស​ពីនេះទៅទៀត។ លោក បញ្ជាក់ដែរថា​ ទិន្នផលត្រីប្រហុកនេះ ​អាចបន្ត​ត្រូវ​ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃខាង​មុខទៀត រួច​ទិន្នផល​នឹង​មាន​ការ​ធ្លាក់​ចុះ​ទៅ​វិញ។អ្នកស្រី ស្មាន ម៉ីសំ ជាអ្នកប្រមូលផលត្រីប្រហុកដើម្បីលក់តជូនប្រជាពលរដ្ឋនៅតំបន់ច្រាំងចម្រេះ បាន​លើកឡើងថា តម្លៃត្រីមាន​ធូថ្លៃ​ជាង​ឆ្នាំ​មុន​ច្រើន ​ហើយប៉ុន្មានថ្ងៃមកនេះ ក៏ពុំទាន់​ឃើញ​មាន​ប្រជាពលរដ្ឋសម្រុកមកទិញច្រើននោះទេ។​ តម្លៃត្រីប្រហុក​ដែល​លោក​ស្រី​លក់ ​គឺ​មានតម្លៃប្រមាណ ២៥០០ ក្នុង១គីឡូ សម្រាប់ត្រីមិនទាន់ធ្វើ ​និងមាន​មានតម្លៃប្រមាណ ៥០០០ទៅ ៦០០០​រៀលក្នុង១គីឡូ សម្រាប់ត្រីដែលធ្វើរួច។ចំពោះប្រជាពលរដ្ឋដែលបានមកទិញ ត្រីប្រហុកនៅថ្ងៃនេះ ក៏សប្បាយចិត្តពេល​តម្លៃត្រីមាន​ភាព​ធូរ​ថ្លៃផងដែរ។ តាម​ការសាកសួរ​ ពួកគាត់ទិញត្រីប្រហុក​ សម្រាប់​ការប្រើប្រាស់ក្នុងគ្រួសារ ​ចែកកូនចៅ ដោយទិញប្រមាណ ១០០គីឡូ សម្រាប់រ​យៈពេលមួយឆ្នាំនេះ។ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ​សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចនេសាទត្រី​បាន​ច្រើន​ចាប់​ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែធ្នូ បើ​សិន​ជា​មេឃ​ស្រឡះល្អ ​គ្មានភ្លៀងកក់ខែ​ ឬទទួលរងឥទ្ធិពលព្យុះ៕ អត្ថបទ៖ គឹមហុក  

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធជាង ២៥៦០លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/14 10:31:35 pm        484
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ បានចំនួនជាង ១០ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៥៦០ លានដុល្លារអាមេរិក ស្មើនឹង ១១៤,១៣% នៃផែនការច្បាប់ ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និង​សម្រាប់​រយៈពេល១១ខែ ឆ្នាំ២០២១នេះថា ការអនុវត្តប្រមូលចំណូលពន្ធសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មាន ចំនួនជាង ១០ ៣៦៨ប៊ីលានរៀល ត្រូវជាង ២ ៥៦០លានដុល្លារអាមេរិក ស្មើនឹង ១១៤,១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយក ដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញ​របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួនជាង ៩៩០ប៊ីលានរៀល ត្រូវប្រមាណជាង ២៤៤ លានដុល្លារអាមេរិក ស្មើនឹងជិត ១១% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ ការគ្រប់គ្រងឆ្នាំ២០២១ ប្រៀបធៀប​នឹងចំណូលពន្ធអាករ ប្រចាំខែវិច្ឆិកាទៅនឹងឆ្នាំ២០២០ ឃើញថា​ ការប្រមូលពន្ធបាន កើនឡើង​ជាង ៤៩ប៊ីលានរៀល ស្មើរជាង ១២លានដុល្លារអាមេរិក ត្រូវប្រមាណ ៥,២៤%។ ឯកឧត្តម គង់ វិបុល បញ្ជាក់ថា លទ្ធផលប្រមូលចំណូលពន្ធ កើនឡើង ក្នុងខែវិច្ឆិកា និងឈាន​ទៅ​សម្រេច​លើសផែនការឆ្នាំ២០២១ រហូតដល់ ១៤,១៣% ក្នុងរយៈពេលត្រឹមតែ១១ខែ ឆ្នាំ២០២១ នេះ បានកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាម​រយៈចាត់វិធានការជា យុទ្ធសាស្រ្ត ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា​ប្រកបដោយ​ស្មារតី​បុរេសកម្ម ​និងទាន់ពេលវេលា ដែលអាចកសាង ភាពធន់របស់សហគមន៍ទៅ​នឹង​ជំងឺ​រាតត្បាតនេះ ហើយឈានទៅបើក ប្រទេសជាតិឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រៅពីគោលការណ៍​ខាងលើ អគ្គនាយកដ្ឋាន ​បានរៀបចំអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ​តាំងពីមុន ការ​រីករាលដាលនៃជំងឺកូវីដ-១៩ ការគ្រប់គ្រងប្រមូលចំណូល ពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបាន​ដាក់ឱ្យអនុវត្ត និងប្រព័ន្ធទទួលលិខិត ប្រកាសពន្ធពាក្យស្នើសុំលិខិតរដ្ឋបាល និង​ឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក ព្រមទាំងការស្នើសុំវិញ្ញាបនបត្រ/លិខិត អនុញ្ញាតនានា តាមប្រព័ន្ធអនឡាញសាធារណៈជនទូទៅ អាចប្រើប្រាស់ GDT Taxpayer App ដែលអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងពន្ធអចលនទ្រព្យ តាមរយៈទូរស័ព្ទដៃដោយចំណេញពេលវេលាងាយស្រួល​និងចៀសផុតពីហានីភ័យ​នៃការឆ្លងជំងឺ​រាតត្បាតកូវីដ-១៩ កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារផ្តល់ លទ្ធភាពជូនអ្នកជាប់​ពន្ធ​ទទួលបានភាពងាយស្រួល និងចំណេញពេលវេលាក្នុងការបង់ពន្ធបានពីគ្រប់ទីកន្លែង ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM