សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​

សេដ្ឋកិច្ច និង កសិកម្ម

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយ​ទទួលបានពីប្រជានេសាទ

2026/01/19 10:38:43 pm        286
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានធ្វើការលែង ត្រីរាជ ទម្ងន់ ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ វិញ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន ដោយ​ប្រើ​ប្រាស់​ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្ត​កំពង់ចាម។បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមករ ឆ្នាំ២០២៦ ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទឈ្មោះ ឆាយ សេងឃុន ដែល​នេសាទបាន ត្រីរាជ ទម្ងន់ប្រហែល ៧០គីឡូជាង ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅ​ចំណុច​តាម​ដងទន្លេមេគង្គ ភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់​មក​ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនង​ផ្តល់​ព័ត៌មាន​ជូន​វិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាព នៃ​ទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងមានវិធានការបន្ត ក្រុមការងារ​បច្ចេក​ទេស​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល​បាន​កំណត់​ទិន្នន័យ​ដូច​ខាង​ក្រោម​៖ត្រីរាជ ភេទ ញី ប្រវែង ១៨៧ សង់ទីម៉ែត្រ ទម្ងន់សរុប ៧៨ គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខ​កូដ ៣១៦ ។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ​មាន​អាជ្ញាធរ​ស្រុក​កង​មាស​ មន្ត្រីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារ​គម្រោង​អច្ឆរិ​យ​ភាព​នៃទន្លេមេគង្គ និងប្រជានេសាទ បានលែងត្រីរាជនោះចូលក្នុងទន្លេមេគង្គវិញ។ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូម​អំពាវ​នាវ​ដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅ​ពេ​លនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បី​លែង​ចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទត្រីកម្រទាំងនេះឱ្យបានគង់វង្ស តទៅ៕

អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹងនៃការដាក់លិខិតប្រកាសពន្ធប្រាក់ចំណូល ឆ្នាំជាប់ពន្ធ ២០២៥

2026/01/19 05:47:48 pm        241
អគ្គនាយកដ្ឋានពន្ធដារ ជម្រាបជូនដំណឹងដល់លោក-លោកសី ជាអភិបាល បណ្ណាធិការ ឬ​កម្ម​សិទ្ធិ​ករ​របស់សហគ្រាស ជាអ្នក ជាប់ពន្ធ តាមរបបស្វ័យប្រកាសទាំងអស់ ការដាក់​លិខិតប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធ ២០២៥។អគ្គនាយកដ្ឋានពន្ធដារ សេចក្តីជូនដំណឹង ស្តីពីការដាក់លិខិតប្រកាសពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​ជាប់​ពន្ធ២០២៥ ដល់អ្នកពាក់ព័ន្ធបាន​ជ្រាប អំពីកាតព្វកិច្ចដាក់លិខិតប្រកាស និង​បង់​ពន្ធ​លើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ រួមមាន៖ សហគ្រាសត្រូវ ដាក់លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំតាមប្រព័ន្ធអនឡាញ (Tax on Income- ToI e-Filing) តាមរយៈ​តំ​ណ​ភ្ជាប់​ www.tax.gov.kh/km/e-service ដោយត្រូវដាក់លិខិតប្រកាស និង​បង់ប្រាក់​ពន្ធ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។សហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់​លិខិត​ប្រកាស ​និងបង់ពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតក្នុងរយៈពេល ៣ខែ ក្រោយ​ពី​ដំណាច់​ឆ្នាំ​ជាប់ពន្ធ។ សហគ្រាសដែលមានសាខា ត្រូវដាក់លិខិតប្រកាស ពន្ធលើប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ជាមួយគ្នា ដោយសរុបលទ្ធផលរបស់គ្រឹះស្ថានជាគោលដើម និងគ្រប់សាខាទាំងអស់។ សហ​គ្រាស​ត្រូវ ប្រកាសនូវបញ្ជីឈ្មោះនៃគណនីចំណូល និងចំណាយ និងតារាងទ្រព្យ​សកម្ម​រយៈ​ពេល​វែង​របស់សាខានីមួយៗ ដោយវាយបញ្ចូល ទៅក្នុងប្រព័ន្ធត្រង់ផ្នែក “សាខាសហ​គ្រាស​ក្នុង​ស្រុក​។ចំពោះបុគ្គលិក ឬភ្នាក់ងារសេវាកម្មពន្ធដារ ដែល​ទទួល​បន្ទុ​ក​ការងារដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំ​ខែ​ប្រចាំឆ្នាំជំនួសមុខឱ្យអ្នក ជាប់ពន្ធ ត្រូវភ្ជាប់ (Upload) ចូលទៅ​ក្នុង​ប្រព័ន្ធ​នូវ​ប័ណ្ណ​សម្គាល់​ខ្លួន​បុគ្គលិក ចំពោះបុគ្គលិកសហគ្រាស ឬលិខិតប្រគល់សិទ្ធិជា លាយលក្ខណ៍អក្សរ ពីអ្នក​ជាប់​ពន្ធ​ចំពោះ​ភ្នាក់​ងារសេវាកម្មពន្ធដារ។ គ្រប់សហគ្រាសទាំងអស់ ដែលមានកាតព្វ​កិច្ច​ដាក់​លិខិត​ប្រកាស ​និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំត្រូវភ្ជាប់ (Upload) ចូលទៅក្នុង​ប្រព័ន្ធ​នូវ​តារាង​តុល្យ​ការ គណនីលទ្ធផល និងព័ត៌មានបន្ថែម (ប្រសិនបើមាន)៕ អត្ថបទ៖ សុន រ៉ាឌី

អ៊ែរអេស៊ា ខេមបូឌា សហការជាមួយរោងភាពយន្ត លេជេន ដើម្បីពង្រីក​វិសាលភាព​ទីផ្សារ​ក្នុង​ស្រុក

2026/01/17 08:05:59 pm        336
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជា​ផ្លូវ​ការជាមួយ រោងភាពយន្ត លេជេន ដែលជាខ្សែសង្វាក់រោងភាពយន្តឈានមុខរបស់កម្ពុជា។ នេះ​គឺជាកិច្ចសហការយុទ្ធសាស្ត្ររវាងម៉ាកយីហោល្បីៗចំនួនពីរក្នុងវិស័យអាកាសចរណ៍ និងការ​កម្សាន្ត​។ ភាពជាដៃគូរនេះ ផ្តោតសំខាន់លើការបន្តពង្រឹងសម្ព័ន្ធភាពពាណិជ្ជកម្មក្នុងស្រុក និង​ការ​រួប​រួម​រវាង​ក្រុម​ហ៊ុន​ទាំង​ពីរ តាមរយៈ គំនិតផ្តួចផ្តើមទីផ្សាររួមគ្នា និងការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ផ្លាស់​ប្តូរ​គំនិត​គ្នា​ទៅ​វិញ​ទៅមក។ ដោយផ្អែកលើវិសាលភាពនៃក្រុមហ៊ុនទាំងពីរ កិច្ចសហការនេះ មានគោ​ល​បំណង​បង្កើតឱ្យមានការចូលរួមយ៉ាងស្អិតរមួត ជាមួយអតិថិជន និងភ្ញៀវជាតិ-អន្តរជាតិ នៅ​ទូទាំង​ប្រទេសកម្ពុជា។រយៈពេល​មួយឆ្នាំនៃភាពជាដៃគូ ក្រុមហ៊ុនទាំងពីរនឹងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បី​បង្កើន​យុទ្ធនាការកម្សាន្ត បែបចម្រុះ និងការធ្វើដំណើរដ៏សម្បូរបែប ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ទស្សនា និងអ្នកធ្វើដំណើរ ព្រមទាំងរួម ចំណែកគាំទ្រដល់វិស័យ​ពាណិជ្ជកម្ម នៃ​ប្រទេស​កម្ពុជា​ផងដែរ។លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានសម្តែងការ​សាទរ និងមានប្រសាសន៍ថា “អ៊ែរអេស៊ា ខេមបូឌា បានផ្សារភ្ជាប់​ទំនាក់​ទំនង​ប្រជាជាតិ​ទៅ​កាន់​ពិភព​លោក​ រីឯរោងភាពយន្ត លេជេន បានតភ្ជាប់ទំនាក់ ទំនងសាធារណជន​ទៅ​កាន់​ការ​កម្សាន្ត​ដែល​មាន​គុណភាព។ ភាពជាដៃគូនេះ គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យ អ៊ែរអេស៊ា កាន់​តែ​មាន​ភាពលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការពង្រីក​វិសាលភាព​ទីផ្សារ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​”។ លោក Tan Twu Yang អគ្គនាយកផ្នែកទំនាក់ទំនងទីផ្សារ និងផ្នែកលក់ តំណាងរោងភាពយន្ត លេជេន បានបង្ហាញពីទស្សនៈសំខាន់នៃភាពជាដៃគូថា “នេះគឺជាកិត្តិយស​ដ៏​ធំធេង​សម្រាប់​រោង​ភាព​យន្ត​លេជេន ក្នុងការសហការជាមួយក្រុមហ៊ុនដែលមានសេវាកម្មល្អ និងការទុកចិត្តពី​អន្តរជាតិ​។ ​កិច្ចសហការនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏វិសេស វិសាលជូនដល់​អតិថិជន​រាប់​លាន​នាក់​ ទាំងការកម្សាន្តក្នុងរោងភាពយន្ត និងការធ្វើដំណើរតាមផ្លូវអាកាស។ កិច្ច​សហការនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការគាំទ្រ​ដល់​វិស័យ​អាកាស​ចរណ៍ និងការកម្សាន្តនៅកម្ពុជា។ តាមរយៈការរួមបញ្ចូលការធ្វើដំណើរដែលមានតម្លៃសមរម្យ ជាមួយនឹងការកម្សាន្ត​ដែល​មាន​គុណ​ភាព​ អ៊ែរអេស៊ា ខេមបូឌា និងរោងភាពយន្ត លេជេន ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​រួម​ចំណែក​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ និងការកម្សាន្តក្នុងស្រុក តាមរយៈគំនិតផ្តួច​ផ្តើម​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ មានទំហំទឹកប្រាក់ ៥២៤ លានដុល្លារ

2026/01/17 07:33:30 pm        270
រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០២៦នេះ គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២ ១១៤ ប៊ីលានរៀល សមមូលនឹង ប្រមាណ ៥២៤ លានដុល្លារអាម៉េរិក ដើម្បី​ផ្តល់​ចំណូល​ដោយ​ត្រង់​មក​រាជ​រដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និងចីរភាព នៃការគ្រប់គ្រងបំណុល និង​ថវិកាជាតិ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង នៃផែនការ​បោះផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ឆ្នាំ២០២៦ ដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ, អនុ​លោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ និងក្រប​ខ័ណ្ឌ​គោល​នយោបាយ​ស្តីពី​ការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ ២០២៦នេះ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈ​ការ​ដេញ​ថ្លៃ​លើ​ថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំទឹក ប្រាក់ ២ ១១៤ ប៊ីលានរៀល ស្មើ​ប្រមាណ ៥២៤លានដុល្លារអាម៉េរិក។ជុំវិញព័ត៌មាននៃការបោះផ្សាយលក់មូលបត្របានកំណត់ដូចជា៖ ប្រភេទ​ឥណ​ប្រតិទាន​បាន​កំណត់ ​១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំ ជារូបិយប័ណ្ណរៀល និងដុល្លារអាម៉េរិក។ តម្លៃ​ចារឹក​ក្នុង​មួយប័ណ្ណ ១ លានរៀល និង ១ ពាន់ដុល្លារ។ ការទូទាត់ គូប៉ុងរៀងរាល់ ៦ខែម្តង និង​ការ​សង​ប្រាក់​ដើម ទូទាត់សងនៅចុងឥណប្រតិទាន។ ចំពោះទំហំគ្រោងបោះផ្សាយរួមមាន ឥណ​ប្រតិទាន ១ឆ្នាំ ត្រូវបានគ្រោងក្នុងទំហំ ២១០ ទៅ ៣០០ ប៊ីលានរៀល, ២ឆ្នំា ពី ៤២០ ទៅ ៦០០ ប៊ីលានរៀល, ៣ឆ្នាំ ពី ៨៥០ ទៅ ១០០០ ប៊ីលានរៀល, និងឥណប្រតិទាន ៥ឆ្នាំ ១០ឆ្នាំ និង​១៥ឆ្នាំ ត្រូវបានគ្រោងក្នុងទំហំ ២១០ ទៅ ៣០០ ប៊ីលានរៀលដូចៗគ្នា។ក្រៅពី​ការបោះផ្សាយលក់មូលបត្រខាងលើ ក្នុងឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាល​គម្រោង​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ និងដៃគូ អភិវឌ្ឍមានចំនួន ២,២៥ ប៊ីលានអេសដេអ៊ែ សមមូលប្រមាណ ៣,១ ប៊ីលាន​ដុល្លារអាម៉េរិក កើនចំនួន ២៥០ លានអេសដេអ៊ែ ធៀប និងឆ្នាំ២០២៥ ដោយផ្អែកលើ​ទំហំ​នៃ​តម្រូវ​ការ​វិនិយោគសាធារណៈដែលកម្ពុជាមានភាពចាំបាច់ ក្នុងការកៀរគរធនធាន​បន្ថែម​ឱ្យ​បាន​ច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ទាក់ទិន​ការ​បោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសខាងលើនេះ រាជរដ្ឋាភិបាលបាន​បង្ហាញ​ឱ្យ​ដឹង​ថា សម្រាប់គម្រោង ទាំងពីរនេះនឹងមិន​បង្កើត​ជា​បន្ទុក​បំណុល​វណ្ឌ​ក​ដល់​កម្ពុជា​នោះ​ទេ ​ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈ កម្ពុជា នៅតែត្រូវ​បាន​វាយ​តម្លៃ​ថា ​មានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់​សូច​នាករ​បំណុល​គន្លឹះ​ៗ​របស់​កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមបណ្តាញកសិករតេជោ មានគោលដៅជំរុញប្រែក្លាយវិស័យកសិកម្មឱ្យកាន់តែខ្លាំងក្លា

2026/01/16 10:35:05 pm        359
សមាគមបណ្តាញកសិករតេជោ មានគោលដៅជំរុញ​ប្រែក្លាយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា ​តាមរយៈការសម្រប សម្រួល លើកកម្ពស់កសិករ ការគៀងគរកសិ-ពាណិជ្ជករ សេវាករ​ធ្វើ​ការ​រួម​គ្នា ការជំរុញធ្វើកសិកម្មតាមបែបទំនើប លើកកម្ពស់ផលិតភាព កសិកម្ម និង​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​អាជីវកម្មជាដើម។ លោកជេត ភិរម្យ អនុប្រធានសមាគមបណ្តាញកសិករតេជោ លើក​ឡើង​ក្នុង​ការ​ចូល​រួម​ជា​វា​គ្មិន​កិត្តិយស លើការចែករំលែក គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម នេះ​ថា សមាគមបណ្តាញកសិករតេជោ បានដាក់ចេញនូវគោលដៅ យ៉ាង​ច្បាស់​លាស់​លើកា​រ​អភិវឌ្ឍ​វិស័យ​កសិកម្ម និងសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនផលិភាព និងធ្វើពិពិធកម្មកសិកម្ម កសិ-ពាណិជ្ជ​កម្ម តាមរយៈការផ្តល់នូវបច្ចេកទេស និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម។លោកលើកឡើងបន្ថែមថា កសិកម្មគឺជាឆ្នាំងបាយនៃប្រទេសជាតិ និង​ជា​ឆ្នាំង​បាយ​របស់​ពិភព​លោក ​ហើយយើងមាន មោទនភាពក្លាយជាកសិករ ចំណែកសមាគមក៏បានមោទនភាពផងដែរ ដែល​បាន​ធ្វើការជាមួយកសិករ បម្រើកសិករ។ ជុំវិញកសិករ នេះឃើញថា បច្ចុប្បន្នមាន​ការ​នៅ​រាយ​ប៉ាយ ដែលជាចំណុចធ្វើឱ្យកសិករមិនខ្លាំង ដែលតាមរយៈនេះ, សមាគមបណ្តាញ​កសិករ​តេជោ ​ដើរតួជាអ្នកសម្របសម្រួល និងការកសាងជាក្រុមខ្សែច្រវាក់ផលិតកម្មនីមួយៗ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែងពីដៃគូធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកកម្ម។ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងថា ជុំវិញ​វិស័យ​កសិកម្ម​នេះ កម្ពុជាបាន និងកំពុងដើរទៅមុខ ប៉ុន្តែដើម្បីជំរុញឱ្យ​កសិកម្ម​កាន់​តែ​ដើរ​លឿន​បន្ថែម​ទៀត ​ការធ្វើកសិកម្មត្រូវផ្សាភ្ជាប់និងបច្ចេកវិទ្យា ដើម្បីពង្រឹង គុណភាពផលិតផល និង​ការ​ធ្វើ​ឱ្យ​ថ្លៃ​ដើមប្រសើរឡើងជាងមុន។ បញ្ហានេះ ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រផ្សេងៗ ការ​ចាប់​យក​បញ្ញាសិប្បនិម្មិត Ai ក៏ជារឿងសំខាន់មួយផងដែរ សម្រាប់ជាជំនួយស្មារតីបន្ថែម ទាំង​លើ​ការ​ដាំដុះ និងការធ្វើអាជីវកម្មជាដើម។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២៦នេះ, បើយោងតាមក្របខ័ណ្ឌច្បាប់ ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៦ រាជរដ្ឋាភិបាលគ្រោងចំណាយចរន្តវិស័យសេដ្ឋកិច្ច ប្រមាណ ១ ៨៥៨ ប៊ីលានរៀល ដែលថវិកានៃវិស័យនេះបានផ្ដល់ការគាំទ្រទៅលើ កម្មវិធី និង​សកម្ម​ភាព​ការ​ងារ​ជាអាទិភាពរួមមាន៖ ការលើកកម្ពស់ផលិតភាពកសិកម្ម និងការជួយគ្រួសារកសិករ ក្នុង​ការ​លើក​ស្ទួយ ផលិតផលកសិកម្ម តាមរយៈការរៀបចំឱ្យមានសហគមន៍កសិកម្មទំនើប និងការ​ពង្រាយ​មន្រ្តី​បច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ ទូទាំងប្រទេស។ ការ​លើក​កម្ពស់​ផលិត​ភាព​ស្រប​តាម​ស្តង់ដា និងតម្រូវការទីផ្សារ តាមរយៈការផលិតគ្រាប់ពូជស្រូវ ដំណាំ ផលិតកម្ម បន្លែ ផលិត​កម្ម​កៅស៊ូ និងការពង្រឹងយន្តការទីផ្សារ ព្រមទាំងការជំរុញខ្សែច្រវាក់ផលិតកម្មដំណាំដូចជា បន្លែ​សុវត្ថិភាព ម្រេច និង ដំណាំ ស្វាយជាដើម ដើម្បីជំរុញការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជ​បនីយ​កម្ម​។ ក្រៅពីវិស័យកសិកម្ម គម្រោងថវិកាខាងលើនេះ ក៏ត្រូវបាន​យក​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេង​ៗមួយចំនួនទៀត ដែលគាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន ៩ គម្រោង មានទុនវិនិយោគ ៦៧លានដុល្លារ

2026/01/14 11:19:15 pm        362
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩ គម្រោង វិនិយោគលើវិស័យឧស្សាហកម្ម ដោយមានទុនវិនិយោគសរុបប្រមាណ ៦៧ លានដុល្លារ អាម៉េរិក។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំនួន ៩ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦៧ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះនិងអាចបង្កើតការងារបានចំនួនប្រមាណ ៣ ពាន់ កន្លែង បន្ថែមលើកម្លាំងពលកម្មដែលមានស្រាប់។ជុំវិញគម្រោងដែលបានស្នើចុះបញ្ជីខាងលើនេះ គឺបានដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្មរួមមាន៖ ខារអំបោះ និងជ្រលក់ ពណ៌, ផលិតម្សៅកាល់ស្យូមធុនធ្ងន់ ម្សៅកាល់ស្យូមអ៊ីដ្រុកស៊ីតនិងម្សៅបៀកជញ្ជាំង, ផលិតត្រីខកំប៉ុង និងទឹកត្រី, ផលិតវ៉ែនតា និងសម្ភារៈបន្ទាប់បន្សំវ៉ែនតាគ្រប់ប្រភេទ, រោងចក្រផលិតគ្រឿងតុបតែងសក់, ផលិតអំពូលភ្លើង បរិក្ខារអគ្គិសនី និងម៉ាស៊ីនបូមធូលី, ផលិតសំបកកំប៉ុង និងគម្របកំប៉ុង, ផលិតដើមណូអែល គ្រឿងលម្អដើមណូអែល និងគ្រឿងបន្លាស់ដើមណូអែល, និងរោងចក្រផលិត អំពូលភ្លើង អំពូលភ្លើងលម្អគ្រប់ប្រភេទ និងសម្ភារៈបន្ទាប់បន្សំអំពូលភ្លើង។ សូមបញ្ជាក់ថា ទាក់ទិនការខាងលើនេះ ក្រុមហ៊ុនបានជ្រើសរើសយកទីតាំងវិនិយោគនៅតំបន់ផ្សេងៗគ្នារួមមាន៖ គម្រោងវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងខេត្តបាត់ដំបង៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យការងារដាំដុះដំណាំបន្លែ ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ នៅចម្ការកសិករ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

2026/01/14 07:05:41 pm        363
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ក់ សម័យសុនីតិ អមដំណើរដោយលោក ហាន សុភក្ដ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោកប្រធាន លោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្មឃុំ សង្កាត់ បានអញ្ជើញចុះពិនិត្យការងារដាំដុះដំណាំបន្លែ មានដូចជាស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ នៅចម្ការកសិករ គល់ រ៉េន នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ។ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ និងឯកឧត្ដមអនុរដ្ឋលេខាធិការ បានចុះពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប (UCDC) ដែលមានការដាំដុះដំណាំពូជដំឡូងបារាំង (hydroponics) និងស្ពៃក្ដោប នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យផងដែរ។ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានណែនាំដល់កសិករឱ្យបន្តយកចិត្តទុកដាក់ក្នុងការដាំដុះ ដោយមានការរៀបចំផែនការច្បាស់លាស់ សមស្របទៅតាមតម្រូវការទីផ្សារ និងដើម្បីជៀសពីផលប៉ះពាល់ ឬខូចខាតដោយគ្រោះធម្មជាតិផ្សេងៗ៕ 

ផលិតកម្មសត្វក្នុងស្រុករបស់កម្ពុជា កំពុងរីកចម្រើន ឆ្លើយតបទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​បាន​គ្រប់​គ្រាន់

2026/01/14 06:39:22 pm        293
ផលិតកម្មសត្វនៅកម្ពុជា បាននិងកំពុងវិវត្តន៍រីកច្រើនយ៉ាងខ្លាំង ស្រប​ពេល​ការ​ចិញ្ចឹម​សត្វ​បាន​កំពុង​កើត​ឡើង​យ៉ាង​ផុល​ផុស ជាលក្ខណៈគ្រួសារ និងការចិញ្ចឹមបែបឧស្សាហកម្មទំទើប ដោយ​បាន​ឆ្លើយ​តប​ទៅតាមតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ជំនួសការនាំចូលស្ទើរ ទាំងស្រុង ជា​ពិសេស​សាច់​ជ្រូក មាន់ និងទាជាដើម។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែង​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់​ងារ​អ្នកយកព័ត៌មាន BTV ស្តីពីការចិញ្ចឹមសត្វ ផលិតកម្មសត្វ និងការផ្គត់ផ្គង់​សាច់​សម្រាប់​តម្រូវ​ការក្នុងស្រុកនេះថា ទាក់ទិនការចិញ្ចឹមសត្វក្នុងស្រុកឃើញថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រារដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ធានា​ដល់ការគ្រប់គ្រង ការអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ ការ​ធានា​និរន្តរ​ភាព​នៃ​ការ​ផ្គត់​ផ្គ​ង់, ផលិតកម្មសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ ទីផ្សារក្នុងស្រុក និង​ការ​នាំ​ចេញ​ជា​ដើម​។លោកលើកឡើងបន្ថែមថា ជាក់ស្តែងនៅក្នុងបញ្ហាប្រឈមនៃការអូសបន្លាយជម្លោះព្រំដែន ដែល​បង្ក​ដោយ​ប្រទេសជិតខាងនេះ ផលិតកម្មសត្វនៅកម្ពុជា បាននិងកំពុងវិវត្តន៍រីកច្រើនយ៉ាងខ្លាំង និង​បាន​កំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមសត្វ ជាពិសេសសត្វជ្រូក គឺការ ចិញ្ចឹមជា​លក្ខណៈ​គ្រួសារ​ទៅ​ជា​កសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប, ដោយ​ការ​ចិញ្ចឹម​បែប​នេះ គឺមានគុណភាព និងស្របតាមស្តង់ដារខ្ពស់ និងបានកំពុង​កើត​ឡើង​ជា​បន្ត​បន្ទាប់​។ នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា ក្នុងការជំរុញ ផ្គត់ផ្គង់​តម្រូវ​ការ​សាច់​ក្នុង​ស្រុក​ឱ្យ​មាន​និរន្តរភាព ជំនួសនៃការពឹងផ្អែកទីផ្សារខាងក្រៅ និងដើម្បីឈានទៅប្រកួតប្រជែង ជំរុញ​ដល់​ផលិត​កម្ម សត្វ និងផលិតកម្មដ៏ទៃទៀតនៅក្នុងវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។ជុំវិញផលិតកម្មក្នុងវិស័យកសិកម្ម, នាពេលកន្លងមក ឯកឧត្តម ឃឹម ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកឡើងថា ទាក់ទិនផលិតកម្មក្នុងស្រុកបច្ចុប្បន្ន​មាន​អតិរេក​នៅ​ក្នុងផលិតកម្មស្ទើរតែគ្រប់មុខ ក្នុងនោះកសិផលជាច្រើន ក្រៅពីផ្គត់ផ្គង់នៅលើ ទីផ្សារក្នុងស្រុក បាន​​និងកំពុងហៀរទៅកាន់ទីផ្សារក្រៅស្រុកជាច្រើនផងដែរ។ ចំណែកផលិតកម្មសត្វវិញ កម្ពុជា​កំពុង​មាន​ការរីកចម្រើន និង កំពុងមានការចិញ្ចឹមយ៉ាងផុលផុស ដោយបានគាំទ្រ​ដល់​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ស្រុក។សូមបញ្ជាក់ថា ជុំវិញការនាំចេញវិញ, បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ កម្ពុជា បាននាំចេញស្បែកជាប់រោម ស្បែកសិប្បនិម្មិត និង​ផលិត​ផល​ធ្វើពីស្បែក មានទឹកប្រាក់ប្រមាណជាង ២៧៨ លានដុល្លារសហរដ្ឋអាម៉េរិក នឹងរំពឹងថា នៅ​ពេលអនាគត កម្ពុជានឹងជំរុញដល់ទីផ្សារនាំចេញកាន់តែខ្លាំងក្លា ខណៈបច្ចុប្បន្ន​កម្ពុជា​កំពុង​ស្រូប​យក​ឱកាសវិនិយោគលើ វិស័យចិញ្ចឹមសត្វជាបន្តបន្ទាប់៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារ ARDB នឹងបន្តផ្តល់ហិរញ្ញប្បទានជូនកសិករ និង​សហគ្រិន​សំដៅ​រក្សា​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក

2026/01/14 06:20:33 pm        326
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ដែលជាធនាគារគោលនយោបាយ នឹងបន្ត​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ជូនកសិករដាំដុះ និង សហគ្រិនកែកែច្នៃផលិតផលកសិកម្ម សំដៅរក្សា​សន្តិសុខ​ស្បៀង នៅក្នុងកាលៈទេសៈដ៏លំបាក នៃការឈ្លានពានពីប្រទេសជិតខាង បាន ដាក់សម្ពាធ​មក​លើ​សង្គម និងសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​ក​ធនាគារ​អភិវឌ្ឍន៍​ជន​បទ និងកសិកកម្ម លើកឡើង នៅក្នុងវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹម​សត្វ​ឆ្នាំ​២០២៦ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញការរៀចំវេទិកា នេះឡើង គឺដើម្បីផ្តល់​ឱកា​ស​សម្រាប់កិច្ចពិភាក្សា ពីលទ្ធភាពទទួលបានហិរញ្ញប្បទានពិសេស គាំទ្រវិស័យកសិកម្ម ក៏​ដូចជាគោល នយោបាយនានារបស់រាជរដ្ឋាភិបាល ចំពេល​ដែល​សេដ្ឋកិច្ច​សកល​មាន​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើង វិញ និងបានបង្ហាញឱ្យឃើញ​អំពី​សារៈ​សំខាន់​នៃ​វិស័យសហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គម-សេដ្ឋកិច្ច, ការបង្កើតឱកាសការងារថ្មី, និងការ​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ផលិតផលក្នុងស្រុក។ឯកឧត្តមបណ្ឌិត បន្តថា ក្នុងកាលៈទេសៈដ៏លំបាកនៃការឈ្លានពានពីប្រទេសជិតខាង បានកំពុង​នឹង​ដាក់​សម្ពាធបន្ថែមមក លើស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា ដោយបានបំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល, បង្កគ្រោះថ្នាក់ដល់ជនស៊ីវិល, បំផ្លាញសម្បត្តិ បេតិកភ័ណ្ឌរបស់កម្ពុជា, បង្អាក់​ការ​អប់រំ​របស់កុមារ, និងជាពិសេសបង្កឱ្យមានជនភៀសសឹកជាដើម។ ក្នុងន័យនេះ និង​ឈរ​លើ​ស្មារតី​ បម្លែងបញ្ហាប្រឈម ឱ្យទៅជាឱកាសសម្រាប់កម្ពុជា, ធនាគារ ARDB ដែលជាធនាគារ​គោល​នយោបាយ នឹងនៅតែបន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកាន់តែស្វាហាប់ និងបុរសកម្មជា​ង​មុន​ ជាពិសេសបន្តផ្តល់ហិរញ្ញប្បទានជូនប្រជាកសិករដាំដុះ និងសហគ្រាសកែច្នៃ ផលិត​ផល​កសិកម្ម សំដៅរក្សាសន្តិសុខស្បៀងជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ក៏ដូចជា​សន្តិសុខ​ស្បៀង​សម្រាប់​កម្ពុជា។ ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ CEO លើកឡើងថា នៅក្នុងបរិបថនេះ ការរួមរួមរវាងស្ថាប័នរាជរដ្ឋាភិបាល ពីថ្នាក់ ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ជាពិសេសកសិករដែលជាអ្នកដំាដុះ និងសហគ្រិនដែលជាអ្នកផលិត និងកែច្នៃផលិតផលកសិកម្ម ពិតជាមានសារៈសំខាន់បំផុតក្នុងការរួមគ្នាដោះស្រាយបញ្ហា ដើម្បីប្រែក្លាយការប្រឈមឱ្យទៅជាកាលា- នុវត្តន៍សម្រាប់ឱកាសនៅកម្ពុជា។លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន ស៊ីអ៊ីអូ លើកឡើងផងដែរថា ចំពោះស្ថានភាពដែលបង្កដោយប្រទេស ជិតខាង ក្នុងនាមវិស័យឯកជន, យើងត្រូវមានស្មារតីប្រុងប្រយ័ត្នទាំងអស់គ្នា ក្នុងការរៀបចំខ្លួនអភិវឌ្ឍន៍អាជីវកម្មឱ្យដំណើរការទៅមុខ ខណៈដែលយើងប្រៀបដូចជាទ័ពជួរក្រោយ គឺត្រូវតែខ្លាំងលើការអភិវឌ្ឍ ដើម្បីចូលរួមក្នុងវិស័យសេដ្ឋកិច្ច។ លោក សង្កត់ធ្ងន់ថា ប្រទេសតូចតែមិនត្រូវឱ្យគេមើលងាយ ឬជិះជាន់ស្រេចតែអំពើចិត្តនោះឡើយ តែបញ្ហានេះ គឺវាស្រ័យទៅលើភាពខ្លាំងរបស់យើងទំាំង អស់។ ដូច្នេះការចូលរួមរបស់សហគ្រិន គឺជាកំលាំងចលករដ៏សំខាន់ ក្នុងការជំរុញបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូលនៅក្នុង សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែខ្លាំងក្លា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច ដើម្បីលើកកម្ពស់ដល់ការវិនិយោគនៅកម្ពុជា

2026/01/13 06:34:46 pm        268
កម្ពុជា-ជប៉ុន ប្រកាសដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុង ប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែលកំពុងពិចារណាវិនិយោគ ទទួល​បាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយ តែមួយកន្លែង ដើម្បីលើក​កម្ពស់​ដល់​ការ​វិនិយោគនៅកម្ពុជា។ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើកា​រក្រុមសហបង្កើត ធុរកិច្ច (BCT) នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះថា ការ​បង្កើត BCT គឺជាលទ្ធផលដ៏សំខាន់បំផុត ខណៈដែលសម្តេចមហា បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់​ប្រទេស​ជប៉ុន​ ក្នុងនាមជានាយករដ្ឋមន្ត្រី នៅក្នុងខែឧសភា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនោះ កិច្ចប្រ​ជុំកំពូលត្រូវបានធ្វើឡើងជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន (នាពេល​នោះ​)។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងលើការដាក់ចេញកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ហើយបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំកំពូល។ កញ្ចប់​នេះ​មាន​គោល​បំណងសម្របសម្រួលកិច្ច សហប្រតិបត្តិការ​លើ​ការ​ធ្វើពិ​ពិធ​កម្ម​ដៃ​គូរ​ធុរកិច្ច​របស់​កម្ពុជា ​និងពង្រឹងប្រព័ន្ធនានាដែលអាចទាក់ទាញ និងគាំទ្រការវិនិយោគបន្ថែម ពីប្រទេសជប៉ុន។ឯកឧត្តមឯកអគ្គរាជទូត បន្ថែមថា ការបង្កើត BCT នេះ នឹងជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំង​ក្រុម​ហ៊ុន​ដែល​កំពុងប្រតិបត្តិការនៅ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន​ដែល​កំពុង​ពិចារណា​លើ​ការ​វិនិយោគ ​អាចទទួលបាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះ ស្រាយតែមួយកន្លែង។ យន្តការនេះត្រូវបានបង្កើតឡើង ឆ្លើយតបនឹងសំណើរបស់សមាគមធុរកិច្ចជប៉ុនកម្ពុជា (JBAC) ដែលជាសមាគមនៃក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ ក្រុម BCT នឹងកាន់​តួនាទី​របស់​ការិយាល័យទំនាក់ទំនងជប៉ុន (Japan Desk) ដែលមានស្រាប់​នៅ​ក្រុ​ម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តាមរបៀបដែលត្រូវបានអភិវឌ្ឍជាមូលដ្ឋាន។ ក្រុម BCT ត្រូវបានបង្កើតឡើង ជា​ក្រុម​អន្តរ​ក្រសួង ហើយនឹងផ្ដល់ព័ត៌មានដ៏ទូលំទូលាយ និងដំណោះស្រាយតែមួយដល់វិនិយោគិនជប៉ុន ដែល​កំពុងពិចារណា វិនិយោគនៅកម្ពុជា និងក្រុមហ៊ុនជប៉ុន​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ថា ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើ​ការ​ងារគ្រប់​គ្រង​ការ​វិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងបន្ត ខិតខំជំរុញ​ការ​កែ​លម្អ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ។ ចំណែកទាក់ទងនិងការវិនិយោគ, ជប៉ុនគឺជាដៃគូ​ដ៏​សំខាន់​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ហើយជប៉ុនក៏បានគាំទ្រដល់ទីផ្សារ នាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM